[សប្តាហ៍ទី៣ ខែកក្កដា ឆ្នាំ២០២៦]
អត្ថបទខាងក្រោម គឺជាការដកស្រង់យ៉ាងសង្ខេបចេញពីកិច្ចសម្ភាសរបស់យុវជនស្ម័គ្រចិត្តកម្ពុជាក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» របស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ គួររំឮកថា ក្នុងរយៈពេល ៦ ខែចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២៥ យុវជនស្ម័គ្រចិត្តកម្ពុជាចំនួន ៨៥ នាក់ ដែលបានស្ម័គ្រចិត្តនៅក្នុងគម្រោងខាងលើ បានជួបសម្ភាស និងសំណេះសំណាលជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមស្ថិតនៅក្នុងភូមិឃុំរបស់ខ្លួនចំនួនជាង ៥០០ នាក់។ គោលបំណងនៃការងារនេះ គឺដើម្បីចងក្រងបទពិសោធន៍ជូរចត់ដែលមិនអាចបំភ្លេចបានរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គម្រោងនេះ ក៏ផ្តល់ឱកាសដល់យុវជនវ័យក្មេងនូវការសិក្សាពីលទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ចល្អ ភាពជាអ្នកដឹកនាំ ការធ្វើទំនាក់ទំនង និងការអភិវឌ្ឍសហគមន៍។
សូមអានព័ត៌មាននានាអំពីគម្រោង តាមគេហទំព័រនេះ៖ https://www.dccam.org/homepage/education/promoting-democracy-and-good-governance-through-youth-leadership-in-volunteer-civil-action/
[WEEK3- JULY 2026]
The text below is a brief excerpt from interviews conducted by Cambodian youth volunteers under the project “Promoting Democracy and Good Governance through Youth Volunteers Leadership in Social Action” of the Documentation Center of Cambodia. It is worth recalling that over a 6-month period since mid-2025, 85 Cambodian youth volunteers who volunteered in the above project met, interviewed, and conversed with more than 500 survivors of the Khmer Rouge regime residing within their own villages and communes. The purpose of this work is to document the bitter and unforgettable experiences of Khmer Rouge survivors. This project also provides young people with opportunities to study democracy, good governance, leadership, communication, and community development.
Please read more information about the project on this website: https://www.dccam.org/homepage/education/promoting-democracy-and-good-governance-through-youth-leadership-in-volunteer-civil-action/
[ENGLISH BELOW]
មូល ស៊ុ៖ ខ្មែរក្រហមសម្លាប់ពូរបស់ខ្ញុំ
ខ្ញុំឈ្មោះ មូល ស៊ុ អាយុ ៨០ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិជំនីកខាងជើង ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ និងប្រកបមុខរបរជាកសិករ។ ប្រពន្ធខ្ញុំឈ្មោះ អ៊ូច ពត អាយុ ៨០ ឆ្នាំដូចគ្នា។ ពួកយើងមានកូនបង្កើតចំនួន ៥ នាក់ (ប្រុស ២ នាក់ និងស្រី ៣ នាក់) ដែលបច្ចុប្បន្នពួកគេប្រកបមុខរបរជាកសិករ ធ្វើសំណង់ និងលក់ដូរ។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំត្រូវបានអង្គការបង្ខំឱ្យធ្វើការងារធ្ងន់ៗដូចជា រែកដី និងជីកព្រែក ហើយការហូបចុកវិញ គឺខ្វះខាតខ្លាំងណាស់ មិនដែលបានហូបឆ្អែតម្តងណាឡើយ។
ក្រៅពីការរងទុក្ខវេទនាដោយសារការងារ និងការបង្អត់អាហារ ព្រឹត្តិការណ៍ដ៏ខ្លោចផ្សាដែលខ្ញុំចងចាំមិនដែលភ្លេច គឺការបាត់បង់ពូបង្កើតចំនួន ៣ នាក់ គឺពូថា ពូប្រាក់ និងពូសាន ដែលត្រូវខ្មែរក្រហមយកទៅសម្លាប់ចោល។ ថ្វីដ្បិតតែខ្ញុំមិនបានឃើញសកម្មភាពសម្លាប់នោះផ្ទាល់ភ្នែក ប៉ុន្តែខ្ញុំដឹងច្បាស់ថា អង្គការបានចាប់ខ្លួនពូរបស់ខ្ញុំ នៅក្នុងអំឡុងពេលដែលគាត់កំពុងភ្ជួរដី និងរកស្មៅគោនៅក្នុងចម្ការពោត។ មូលហេតុដែលខ្មែរក្រហមយកពួកគាត់ទៅសម្លាប់ គឺក្រោមការចោទប្រកាន់ថា បានលួចហូប និងលាក់ទុកផ្លែពោតរបស់សមូហភាព ព្រមទាំងមានកំហុសឆ្គងសីលធម៌។
ទោះបីជាខ្ញុំត្រូវបាត់បង់ពូបង្កើតទាំង ៣ នាក់យ៉ាងអយុត្តិធម៌នាសម័យនោះក៏ដោយ ប៉ុន្តែបច្ចុប្បន្ននេះ ខ្ញុំមានចិត្តអត់ឱននិងអធ្យាស្រ័យឱ្យពួកខ្មែរក្រហមទៅចុះ ព្រោះខ្ញុំយល់ថារឿងរ៉ាវដ៏ជូរចត់ទាំងនោះ បានកើតឡើងនិងកន្លងហួសជាច្រើនទសវត្សរ៍មកហើយ។ ទោះជាយ៉ាងណា ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយបានសិក្សារៀនសូត្រ និងស្វែងយល់ពីប្រវត្តិសាស្ត្រនៃទុក្ខលំបាកនានាដែលប្រជាជនកម្ពុជាបានឆ្លងកាត់នៅក្នុងរបបខ្មែរក្រហមនោះ។
Moul Su: The Khmer Rouge Killed My Uncles
I am Moul Su, 80 years old. Currently, I live in Chumnik Khang Cheung village, Kampong Reab commune, Prey Kabbas district, Takeo province, and work as a farmer. My wife is Ouch Pot, who is also 80 years old. We have 5 children (2 sons and 3 daughters) who currently work as farmers, construction workers, and vendors. During the Khmer Rouge regime, I was forced by Angkar to perform heavy labor, such as carrying soil and digging canals. As for food, it was extremely scarce, and we were never once allowed to eat until we were full.
Apart from the suffering caused by hard labor and starvation, the tragic event that I can never forget is the loss of my 3 uncles—Tha, Prak, and San—who were taken away by the Khmer Rouge to be killed. Although I did not witness the executions with my own eyes, I know for certain that Angkar arrested my uncles while they were plowing the land and gathering grass for cows in a cornfield. The reason the Khmer Rouge took them to be killed was under the accusation of stealing and hiding corn from the collective, as well as having moral misconduct.
Even though I lost my 3 uncles unjustly during that era, nowadays, I have a heart of tolerance and forgiveness toward the Khmer Rouge, as I understand that those bitter events occurred and passed many decades ago. However, I want the younger generation to study and understand the history of the various hardships that the Cambodian people went through during the Khmer Rouge regime.
________________________________
ដោយ ឆាង សម្ភស្ស យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តតាកែវ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ ភូមិជំនីកខាងជើង ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ សម្ភាសនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។
By Chang Samphors, a Cambodian youth volunteer from Takeo province, under the project “Promoting Democracy and Good Governance through Youth Volunteers Leadership in Social Action” of the Documentation Center of Cambodia. Chumnik Khang Cheung village, Kampong Reab commune, Prey Kabbas district, Takeo province. Interviewed on November 1, 2025. Pheng Pong-Rasy reviewed and edited the phrasing and spelling of this short article.
[ENGLISH BELOW]
ជុំ តុន ៖ កងទ័ពខ្មែរក្រហម
ខ្ញុំឈ្មោះ ជុំ តុន អាយុ ៦៨ ឆ្នាំ រស់នៅភូមិព្រៃភ្ញី ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ មានប្រកបមុខរបរធ្វើស្រែ។ ខ្ញុំជាបុរសពោះម៉ាយ ដោយប្រពន្ធរបស់ខ្ញុំឈ្មោះ តុប យ៉េន បានទទួលមរណភាពដោយសារជំងឺក្នុងអាយុ ៦៥ ឆ្នាំ។ ខ្ញុំមានបងប្អូនបង្កើតចំនួន ៩ នាក់ និងមានកូនចំនួន ៥ នាក់ (ប្រុស ២ នាក់ និងស្រី ៣ នាក់) ដែលបច្ចុប្បន្នពួកគេជាកម្មកររោងចក្រ។ សព្វថ្ងៃ ដោយសារវ័យកាន់តែចាស់ ខ្ញុំមានជំងឺប្រចាំកាយគឺរលាកសន្លាក់ និងទឹកនោមផ្អែម ដែលកំពុងព្យាបាលដោយប្រើប្រាស់ថ្នាំពេទ្យជាប្រចាំ។
នៅក្នុងរបបខ្មែរក្រហម រឿងរ៉ាវដែលខ្ញុំចងចាំមិនអាចបំភ្លេចបាន គឺការដែលអង្គការបានបង្ខំឱ្យខ្ញុំទៅធ្វើជាទាហាននៅតាមព្រំដែន ដើម្បីប្រយុទ្ធជាមួយកងទ័ពវៀតណាម។ កាលនោះ ខ្ញុំត្រូវទទួលបញ្ជាឱ្យឈរជើង និងត្រៀមប្រយុទ្ធជានិច្ចនៅតាមខ្សែត្រៀមជួរមុខ។ ចំណែកឯបងៗរបស់ខ្ញុំវិញ ត្រូវគេបញ្ជូនឱ្យទៅធ្វើការនៅក្នុងកងចល័តទាំងអស់ ដោយក្នុងនោះមានបងម្នាក់ត្រូវបានអង្គការរៀបចំផ្សំផ្គុំឱ្យមានគ្រួសារនៅក្នុងកងចល័តផងដែរ។ ពួកយើងបងប្អូនមិនដែលបានជួបជុំគ្នាឡើយ ចំណែកឪពុកម្តាយរបស់ខ្ញុំ ត្រូវបានចាត់តាំងឱ្យធ្វើជាចុងភៅនៅក្នុងសហករណ៍ ដោយម្តាយមានភារកិច្ចបន្ថែមខាងបេះបន្លែ។
លុះក្រោយឆ្នាំ១៩៧៩ របបនេះត្រូវបានដួលរលំ ខ្ញុំក៏បានឈប់ធ្វើជាទាហាន ហើយបានវិលត្រឡប់មករស់នៅស្រុកកំណើតវិញ។ ចំពោះរឿងរ៉ាវអតីតកាលទាំងនេះ ខ្ញុំពុំចង់ឱ្យក្មេងៗជំនាន់ក្រោយបានដឹង ឬត្រូវឆ្លងកាត់ការឈឺចាប់ និងទុក្ខវេទនាដូចជំនាន់ខ្ញុំឡើយ។
————————
Chum Ton: A Khmer Rouge Soldier
I am Chum Ton, 68 years old, living in Prey Phnhy village, Prey Phdao commune, Prey Kabbas district, Takeo province, and work as a farmer. I am a widower, as my wife, Top Yen, passed away from an illness at the age of 65. I have 9 siblings and 5 children (2 sons and 3 daughters) who are currently factory workers. Today, due to my old age, I suffer from chronic illnesses, namely arthritis and diabetes, which are being treated with regular medication.
During the Khmer Rouge regime, the experience I can never forget is when the Angkar forced me to become a soldier at the border to fight against Vietnamese troops. At that time, I was ordered to station and always remain ready for fighting along the frontlines. As for my older siblings, they were all sent to work in mobile units, during which one of my older brothers was arranged by the Angkar to be married within the mobile unit. We, siblings, never got to meet each other, while my parents were assigned to work as cooks in the cooperative, with my mother having the additional duty of picking vegetables.
After 1979, when this regime collapsed, I stopped serving as a soldier and returned to live in my hometown. Regarding these past events, I do not want the younger generation to experience or have to go through the pain and suffering like my generation did.
_____________________________________
សម្ភាសដោយ ឆុល គឹមឆែ យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តតាកែវ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅភូមិព្រៃភ្ញី ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។
Interviewed by Chhol Kimchhe, a Cambodian youth volunteer from Takeo province, under the project “Promoting Democracy and Good Governance through Youth Volunteers Leadership in Social Action” of the Documentation Center of Cambodia, in Prey Phnhy village, Prey Phdao commune, Prey Kabbas district, Takeo province, on November 25, 2025.
Pheng Pong-Rasy reviewed and edited the phrasing and spelling of this short article.
[ENGLISH BELOW]
ឆេង ចក់ ៖ ខ្ញុំធ្លាប់លួចរត់មកជួបឪពុកម្ដាយ ប៉ុន្តែត្រូវប្រធានកងចាប់ខ្លួនយកទៅធ្វើទារុណកម្មយ៉ាងទារុណ
ខ្ញុំឈ្មោះ ឆេង ចក់ អាយុ ៥៨ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្រពាំងស្វាយ ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ប្រកបមុខរបរជាជាងសំណង់។ ប្រពន្ធរបស់ខ្ញុំឈ្មោះ ទឹម សុខា អាយុ ៥៥ ឆ្នាំ មានមុខរបរត្បាញហូល។ ពួកយើងមានកូន ៣ នាក់ (ប្រុស ២ នាក់ និងស្រីម្នាក់)។
នៅក្នុងរបបខ្មែរក្រហម ទោះបីជាខ្ញុំនៅក្មេងនៅឡើយ ប៉ុន្តែត្រូវអង្គការបង្ខំឱ្យរស់នៅក្នុងកងកុមារ។ ខ្ញុំមិនដែលបានរស់នៅជួបជុំជាមួយឪពុកម្ដាយ និងបងប្អូនឡើយ ព្រោះខ្មែរក្រហមបានប្រើខ្ញុំ និងកុមារដទៃទៀតឱ្យធ្វើការគ្មានពេលសម្រាក ដូចជា រែកសំណាប កាប់ដើមទន្ទ្រានខែត្រ រើសអាចម៍គោ និងដេញចាបកុំឱ្យស៊ីស្រូវ នៅភូមិជំរះពេន ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។ ការហូបចុកប្រចាំថ្ងៃមានភាពខ្វះខាតខ្លាំងណាស់។ ក្នុងមួយថ្ងៃ ខ្ញុំទទួលបានត្រឹមតែបបររាវពីរពេលប៉ុណ្ណោះ។ ចំណែកឯការរស់នៅវិញក៏លំបាកវេទនារកស្រដីមិនត្រូវ សូម្បីតែសម្លៀកបំពាក់សម្រាប់ផ្លាស់ប្តូរក៏គ្មានដែរ។ ដោយសារតែនឹកផ្ទះខ្លាំង ខ្ញុំធ្លាប់បានលួចរត់មកជួបឪពុកម្ដាយ ប៉ុន្តែត្រូវប្រធានកងចាប់ខ្លួនយកទៅធ្វើទារុណកម្មយ៉ាងទារុណ។ មានពេលខ្លះ ខ្ញុំមិនទាន់ទាំងបានជួបមុខឪពុកម្ដាយផង ក៏ត្រូវប្រធានកងចាប់បញ្ជូនត្រឡប់មកវិញបាត់ទៅហើយ។
ខ្ញុំនៅតែចងចាំរឿងរ៉ាវទាំងនេះមិនដែលភ្លេចឡើយ។ ឱ្យតែនឹកឃើញម្តងៗ ខ្ញុំតែងតែមានអារម្មណ៍តក់ស្លុត និងភ័យខ្លាចរបបនោះជាខ្លាំង។ ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយចងចាំ និងដឹងពីប្រវត្តិសាស្ត្រដ៏ឈឺចាប់ដែលបានកើតឡើងក្នុងសម័យខ្មែរក្រហម ហើយក៏មិនចង់ឱ្យរបបដ៏ខ្មៅងងឹតបែបនេះកើតឡើងសារជាថ្មីម្តងទៀតឡើយ។
—————————-
Cheng Chork: I Once Secretly Ran Away to See My Parents, But Was Caught and Severely Tortured by the Unit Chief
I am Cheng Chork, 58 years old. Currently, I live in Trapeang Svay village, Kdanh commune, Prey Kabbas district, Takeo province, and work as a construction worker. My wife is Tim Sokha, 55 years old, whose occupation is weaving Hool (traditional Khmer silk). We have 3 children (2 sons and 1 daughter).
During the Khmer Rouge regime, even though I was still young, the Angkar forced me to live in a children’s unit. I never lived together with my parents and siblings because the Khmer Rouge used me and other children to work without rest, performing tasks such as carrying rice seedlings, cutting Siam weeds (Chromolaena odorata), collecting cow dung, and chasing away sparrows to prevent them from eating rice in Chumreah Pen village, Chumreah Pen commune, Samraong district, Takeo province. Daily food was extremely scarce. In a day, I received only thin rice gruel twice. As for living conditions, they were unimaginably difficult and miserable; we did not even have clothes to change into. Because of being extremely homesick, I once secretly ran away to see my parents, but was caught by the unit chief and severely tortured. Sometimes, before I could even see my parents’ faces, I was caught and sent back by the unit chief.
I still remember these stories and can never forget them. Whenever I recall them, I always feel deeply shocked and terrified of that regime. I want the younger generation to remember and know about the painful history that occurred during the Khmer Rouge era, and I also do not want such a dark regime to ever happen again.
________________________________
សម្ភាសដោយ ឆុល គឹមឆែ យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តតាកែវ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅភូមិត្រពាំងស្វាយ ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។ ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។
Interviewed by Chhol Kimchhe, a Cambodian youth volunteer from Takeo province, under the project “Promoting Democracy and Good Governance through Youth Volunteers Leadership in Social Action” of the Documentation Center of Cambodia, in Trapeang Svay village, Kdanh commune, Prey Kabbas district, Takeo province, on November 26, 2025. Dararoth Meta and Pheng Pong-Rasy reviewed and edited the phrasing and spelling of this short article.
ងី ស្រឹង ៖ រឿងរ៉ាវដែលខ្ញុំមិនអាចបំភ្លេចបាន គឺការបាត់បង់ប្តីក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ងី ស្រឹង អាយុ ៨០ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសម្ដេចពាន់ ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ សព្វថ្ងៃ ខ្ញុំជាស្រ្តីមេម៉ាយចាប់តាំងពីប្ដីរបស់ខ្ញុំឈ្មោះ ហេង ណាំ បានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម។ ដោយសារវ័យជរា ឥឡូវនេះខ្ញុំមិនអាចធ្វើការងារធ្ងន់ៗបានទៀតទេ គឺរស់នៅផ្ទះជួយមើលថែទាំចៅៗបន្តិចបន្តួចប៉ុណ្ណោះ។ កាលពីមុនរបបខ្មែរក្រហម ខ្ញុំប្រកបមុខរបរជាជាងកាត់ដេរនៅទីក្រុងភ្នំពេញ ប៉ុន្តែនៅក្នុងរបបនោះ ខ្ញុំត្រូវបានគេចាត់តាំងឱ្យធ្វើការនៅក្នុងកងយុវជន។ ខ្ញុំមានកូនចំនួន ២ នាក់ (ប្រុសម្នាក់ និងស្រីម្នាក់)។ នៅក្នុងរបបខ្មែរក្រហម រឿងរ៉ាវដ៏ខ្លោចផ្សាដែលខ្ញុំចងចាំមិនអាចបំភ្លេចបាន គឺការបាត់បង់ប្តី និងការឃើញកូនបង្កើតត្រូវគេធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ។
មុនឈានដល់ការបាត់បង់ប្តី អង្គការបានបង្ខំឱ្យក្រុមគ្រួសារខ្ញុំជម្លៀសទៅកាន់ស្រុកថ្មពួក ខេត្តបាត់ដំបង (បច្ចុប្បន្នជាខេត្តបន្ទាយមានជ័យ) ដើម្បីធ្វើការងារកសិកម្ម ដូចជា លើកទំនប់ ជីកប្រឡាយ និងធ្វើស្រែ។ ខ្ញុំខិតខំធ្វើការសឹងតែគ្មានពេលសម្រាក ប៉ុន្តែថ្នូរមកវិញ ខ្ញុំទទួលបានតែរបបអាហារដ៏អត់ឃ្លាន។ ខ្ញុំមិនដែលបានហូបបាយឡើយ គឺហូបតែបបររាវៗមានគ្រាប់អង្ករតិចតួច ឬពេលខ្លះអង្គការចែកពោត និងដំឡូងឱ្យហូបជំនួសវិញ។ ក្រោយមក អង្គការបានបំបែកប្ដីខ្ញុំឱ្យទៅធ្វើការងារនៅកន្លែងឆ្ងាយដាច់ដោយឡែក។ ដោយសារប្ដីខ្ញុំមានសុខភាពខ្សោយ មិនអាចធ្វើការងារទម្ងន់ទាន់តាមផែនការរបស់អង្គការ គាត់ក៏មិនសូវទទួលបានរបបអាហារគ្រប់គ្រាន់ដែរ។ មិនយូរប៉ុន្មាន គាត់ក៏បានធ្លាក់ខ្លួនឈឺធ្ងន់ រហូតស្លាប់បាត់បង់ជីវិត។ ពេលដឹងដំណឹងនេះ ខ្ញុំបានអង្វរករអង្គការសុំទៅមើលមុខប្ដីជាចុងក្រោយ តែពួកគេដាច់ចិត្តមិនឱ្យខ្ញុំទៅឡើយ។ ចាប់តាំងពីពេលនោះមក ខ្ញុំលែងបានឃើញមុខប្ដីជារៀងរហូត សូម្បីតែសាកសពរបស់គាត់ ក៏ខ្ញុំមិនដឹងថាគេយកទៅកប់ ឬបោះចោលនៅទីណាដែរ។
ក្រៅពីការបាត់បង់ប្ដី រឿងរ៉ាវមួយទៀតដែលធ្វើឱ្យខ្ញុំភ័យតក់ស្លុត និងឈឺចាប់បំផុត គឺនៅឆ្នាំ១៩៧៨ កងឈ្លបខ្មែរក្រហមបានធ្វើទារុណកម្មកូនខ្ញុំនៅចំពោះមុខ។ កាលនោះ ដោយសារតែការអត់ឃ្លានខ្លាំង ហើយកូននៅក្មេងវ័យផង គេបានទៅលួចបូតស្រូវទុំដែលទោមកលើភ្លឺស្រែដើម្បីហូបចំអែតក្រពះ។ ពេលកំពុងបូតស្រូវ កងឈ្លបឃើញទាន់ក៏ស្ទុះមកចាប់ខ្លួនកូនខ្ញុំ រួចចងផ្អោបភ្ជាប់ទៅនឹងដើមឈើ ដើម្បីឱ្យសត្វអង្រ្កងខាំទិចពាសពេញរាងកាយជំនួសឱ្យការវាយដំ។ ក្នុងនាមជាម្ដាយ ខ្ញុំអាណិតកូនខ្លាំងណាស់ ប៉ុន្តែបានត្រឹមតែឈរមើលកូនទាំងទឹកភ្នែកហូរ ដោយមិនអាចជួយកូនបានឡើយ។
រាល់ពេលនឹកឃើញដល់បទពិសោធន៍ដ៏ជូរចត់ និងអយុត្តិធម៌ទាំងនេះ ខ្ញុំតែងតែមានអារម្មណ៍ខឹងសម្បារនឹងរបបខ្មែរក្រហមជាខ្លាំង។ ទោះជាយ៉ាងណា ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយបានដឹង និងចងចាំនូវរបបឃោរឃៅមួយនេះ ដែលធ្លាប់បានធ្វើបាបប្រជាជនកម្ពុជាយ៉ាងធ្ងន់ធ្ងរ។
——————————-
Ngi Sring: The Story I Can Never Forget is the Loss of My Husband During the Khmer Rouge Regime
I am Ngi Sring, 80 years old. Currently, I live in Samdach Poan village, Kdanh commune, Prey Kabbas district, Takeo province. Today, I am a widow since my husband, Heng Nam, lost his life during the Khmer Rouge regime. Due to old age, I can no longer perform heavy labor now; I just stay at home and help take care of my grandchildren a little bit. Before the Khmer Rouge regime, I worked as a tailor in Phnom Penh, but during that regime, I was assigned to work in a youth unit. I have 2 children (one son and one daughter). During the Khmer Rouge regime, the tragic stories that I remember and can never forget are the loss of my husband and seeing my biological child being brutally tortured.
Before leading up to the loss of my husband, Angkar forced my family to evacuate to Thmar Pouk district, Battambang province (currently Banteay Meanchey province) to perform agricultural work, such as building dams, digging canals, and rice farming. I worked hard with almost no time to rest, but in return, I received only a starving food ration. I never ate rice; I ate only thin rice gruel with very few grains of rice, or sometimes Angkar distributed corn and potatoes to eat instead. Later, Angkar separated my husband to work at a separate, distant location. Because my husband had weak health and could not perform heavy labor in time according to Angkar’s plan, he did not receive sufficient food rations either. Not long after, he fell severely ill until he lost his life. Upon learning this news, I begged Angkar to go and see my husband’s face for the last time, but they heartlessly refused to let me go. Since then, I never saw my husband’s face ever again; as for his corpse, I do not even know where they took it to be buried or discarded.
Apart from the loss of my husband, another story that shocked and pained me the most was in 1978, when the Khmer Rouge militia tortured my child right in front of me. At that time, due to extreme starvation and being at a young age, my child went to secretly pluck ripe rice that was leaning over the rice paddy dike to satisfy the stomach. While plucking the rice, the militia caught sight of it, rushed over to arrest my child, and tied my child tightly to a tree so that weaver ants would bite and sting all over the body instead of beating. As a mother, I pitied my child immensely, but I could only stand there watching my child with flowing tears, unable to help my child at all.
Every time I recall these bitter and unjust experiences, I always feel extremely angry at the Khmer Rouge regime. However, I want the younger generation to know and remember this cruel regime that once severely mistreated the Cambodian people.
_______________________________
សម្ភាសដោយ ជិន សុធារ៉ា យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តតាកែវ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅភូមិសម្ដេចពាន់ ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។
Interviewed by Chin Sotheara, a Cambodian youth volunteer from Takeo province, under the project “Promoting Democracy and Good Governance through Youth Volunteers Leadership in Social Action” of the Documentation Center of Cambodia, in Samdach Poan village, Kdanh commune, Prey Kabbas district, Takeo province, on November 20, 2025. Dararoth Meta and Pheng Pong-Rasy reviewed and edited the phrasing and spelling of this short article.
ប៉ែន ណាំង៖ ខ្ញុំទាស់សម្តីជាមួយមេកង
ខ្ញុំឈ្មោះ ប៉ែន ណាំង អាយុ ៨៤ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្រពាំងស្វាយ ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ប្រកបមុខរបរជាកសិករ តាំងពីមុនរបបខ្មែរក្រហមមកម្ល៉េះ។ ខ្ញុំពុំមានពិការភាពអ្វីឡើយ។ ប្រពន្ធរបស់ខ្ញុំឈ្មោះ ឡុង ជាង ប្រកបរបរកសិករ និងគ្មានពិការភាពដូចគ្នា។ ពួកយើងមានកូនបង្កើតទាំងអស់ចំនួន ៥ នាក់ ដោយបច្ចុប្បន្ននៅរស់រានមានជីវិតចំនួន ៣ នាក់ (ប្រុសម្នាក់ ស្រី ២ នាក់) និង ២ នាក់ទៀតបានស្លាប់បាត់បង់ជីវិតដោយសារជំងឺ។ សព្វថ្ងៃ ខ្ញុំមានជំងឺប្រចាំកាយគឺជំងឺរីកក្រពេញប្រូស្តាត ដែលបង្កឡើងដោយសារវ័យជរា ហើយកំពុងព្យាបាលដោយប្រើប្រាស់ថ្នាំពេទ្យជាប្រចាំ។
នៅក្នុងរបបខ្មែរក្រហម រឿងរ៉ាវដែលខ្ញុំចងចាំជាងគេ គឺការដកហូតសិទ្ធិសេរីភាព និងការបង្ខំឱ្យធ្វើការជាទម្ងន់ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ កាលនោះ ថ្វីដ្បិតតែខ្ញុំជាអ្នកស្រុកស្រែចំការពិតប្រាកដក៏ដោយ ក៏មេភូមិឈ្មោះ ទេព ភុន នៅតែចាត់ទុកខ្ញុំជាប្រជាជន ១៧ មេសា ដែរ។ ខ្ញុំត្រូវអង្គការបង្ខំឱ្យក្រោកតាំងពីម៉ោង ៤ ឬ ៥ ទៀបភ្លឺ ដើម្បីទៅធ្វើការជីកព្រែក ជីកប្រឡាយ និងធ្វើស្រែនៅស្រុកអង្គរបុរី ខេត្តតាកែវ។ ការហូបចុកមានភាពខ្វះខាតខ្លាំងណាស់ គឺបានហូបត្រឹមតែបបររាវៗ ដែលមួយខ្ទះធំមានអង្ករត្រឹមតែ ៥ ទៅ ១០ កំប៉ុងប៉ុណ្ណោះ ដោយអង្គការកំណត់ឱ្យហូបតែ ២ ពេលក្នុងមួយថ្ងៃ លើកលែងតែខែច្រូតកាត់ទើបបានហូបបាយ ៣ ពេល។
ប្រពន្ធរបស់ខ្ញុំឧស្សាហ៍ធ្លាក់ខ្លួនឈឺណាស់ ព្រោះគាត់មានជំងឺស្រឺតជាប់ខ្លួន ដែលជាហេតុធ្វើឱ្យគាត់មិនអាចធ្វើការងារធ្ងន់ៗបាន។ គាត់ត្រូវបានអង្គការចាត់តាំងឱ្យទៅធ្វើការងារស្រាលវិញ គឺនៅផ្នែកតម្បាញជាមួយស្ត្រីវ័យចំណាស់ៗនៅក្នុងភូមិ។ ចំណែករូបខ្ញុំ ត្រូវអង្គការចាត់តាំងឱ្យធ្វើជាជាងសាងសង់រោងការដ្ឋាន ដោយតម្រូវឱ្យធ្វើការងារដូចជាកាត់ដើមស្បូវ ដើមកក់ ឬដើមត្រែង នៅក្បែរភ្នំដា និងភ្នំអង្គរបុរី ដើម្បីយកមកក្រងជាកន្តប និងប្រក់ដំបូលរោង។ ក្រោយមក ដោយសារខ្វះខាតកម្លាំងពលកម្ម អង្គការបានបញ្ជូនខ្ញុំឱ្យទៅជីកប្រឡាយតភ្ជាប់មកខេត្តតាកែវវិញ។
នៅជិតសម័យកាលនោះដួលរលំ មានថ្ងៃមួយ គេបានប្រើខ្ញុំនិងមិត្តភក្តិម្នាក់ទៀតឱ្យទៅជីកគល់រាំង។ ក្រោយពីជីកបានប្រវែងប្រហែល ២០ ម៉ែត្រ ខ្ញុំក៏ឈប់អង្គុយសម្រាកយកកម្លាំង ស្រាប់តែប្រធានកងដើរមកសួរទាំងគំហកថា៖ «ឈប់ធ្វើអី?» ខ្ញុំក៏តបទៅវិញភ្លាមៗថា៖ «ធ្វើឱ្យទាន់ខ្ញុំសិនមក!» ពាក្យសម្តីនេះធ្វើឱ្យប្រធានកងខឹងសម្បារនឹងខ្ញុំជាខ្លាំង រហូតដល់ពេលល្ងាច គេបានហៅខ្ញុំទៅប្រជុំទាំងយប់។ ក្រោយចប់ការប្រជុំ ខ្ញុំបានសុំអនុញ្ញាតពីប្រធានកងវិលត្រឡប់ទៅស្រុកអង្គរបុរីវិញ ដើម្បីទៅមើលថែប្រពន្ធដែលកំពុងឈឺធ្ងន់ ប៉ុន្តែត្រូវបានខ្មែរក្រហមស្តីបន្ទោស និងបដិសេធថា៖ «មិត្តឯង មិនមែនជាគ្រូពេទ្យដែលត្រូវទៅមើលថែទេ!»។ បន្ទាប់មក គេបានបញ្ជូនខ្ញុំឱ្យទៅជីកព្រែកនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ អស់រយៈពេលមួយខែ ទើបទទួលបានការអនុញ្ញាតឱ្យត្រឡប់មកផ្ទះវិញ។ ប៉ុន្តែមកដល់ផ្ទះបានត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះ ក៏ត្រូវខ្មែរក្រហមបង្ខំឱ្យទៅជីកព្រែកនៅខាងត្បូងក្អែកទុំ និងខាងត្បូងភ្នំដាបន្តទៀត។ ក្នុងការងារជីកព្រែកនោះ អង្គការបានកំណត់ផែនការយ៉ាងតឹងរ៉ឹង គឺក្នុងមួយក្រុមមានគ្នា ៤ ទៅ ៥ នាក់ (មានប្រធានក្រុម ២ នាក់ចាំត្រួតពិនិត្យ) ត្រូវជីកដីផ្ទៃលើឱ្យបានទទឹង ៤ ម៉ែត្រ និងជម្រៅ ១ ម៉ែត្រ ឱ្យរួចរាល់ក្នុងរយៈពេលត្រឹមតែកន្លះថ្ងៃ។
រាល់ពេលនឹកឃើញដល់បទពិសោធន៍ដ៏ជូរចត់ និងការគៀបសង្កត់ទាំងនេះ ខ្ញុំតែងតែមានអារម្មណ៍ភ័យខ្លាច និងសោកសៅជាខ្លាំង សូម្បីតែក្នុងសុបិន ក៏ខ្ញុំឧស្សាហ៍យល់សប្ដិឃើញពីភាពលំបាកវេទនា និងភាពតក់ស្លុតដែលធ្លាប់បានឆ្លងកាត់នោះដែរ។ ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយបានសិក្សារៀនសូត្រពីរបបខ្មែរក្រហម ដើម្បីឱ្យពួកគេបានដឹង និងយល់ច្បាស់ពីទុក្ខលំបាកដ៏សែនរងកម្មរបស់ប្រជាជនកម្ពុជា។
—————————————
Pen Nang: I Had an Argument with the Unit Chief
I am Pen Nang, 84 years old. Currently, I live in Trapeang Svay village, Kdanh commune, Prey Kabbas district, Takeo province, and have been working as a farmer since long before the Khmer Rouge regime. I do not have any disabilities. My wife is Long Cheang, who also works as a farmer and has no disabilities as well. We had 5 children in total, 3 of whom are currently alive (one son and 2 daughters) and 2 others passed away from illnesses. Today, I suffer from a chronic illness, namely an enlarged prostate, which is caused by old age, and I am being treated with regular medication.
During the Khmer Rouge regime, the stories I remember the most are the deprivation of rights and freedoms and the forced heavy labor from 1975 to 1979. At that time, even though I was a genuine rural farmer, the village chief named Tep Phun still considered me a April 17 Person. I was forced by Angkar to wake up at 4 or 5 o’clock early in the morning to dig canals, dig ditches, and farm rice in Angkor Borei district, Takeo province. Food was extremely scarce; we were only given thin rice gruel, which contained only 5 to 10 cans of rice for a large pot, with Angkar rationing it to only 2 meals a day, except during the harvest months when we were allowed to eat rice 3 meals a day.
My wife frequently fell ill because she suffered from chronic asthma, which prevented her from performing heavy labor. She was assigned by Angkar to perform lighter tasks instead, working in the weaving section with the elderly women in the village. As for myself, I was assigned by Angkar to work as a construction worker building workplace sheds, requiring me to perform tasks such as cutting thatch grass, papyrus, or reeds near Phnom Da and Phnom Angkor Borei to weave into mats and roofs for the sheds. Later, due to a shortage of labor, Angkar sent me to dig a canal connecting back to Takeo province.
Near the time that regime collapsed, one day, they ordered me and another friend to dig up the stump of a Barringtonia tree. After digging for about 20 meters, I stopped to sit down and rest to regain my strength, when suddenly the unit chief walked over and asked sharply: “Why did you stop working?” I immediately replied: “Catch up with me first!” These words made the unit chief extremely angry with me, to the point that in the evening, they called me to a meeting through the night. After the meeting ended, I asked for permission from the unit chief to return to Angkor Borei district to take care of my severely ill wife, but the Khmer Rouge reprimanded and rejected me, saying: “Comrade, you are not a doctor who needs to go and take care of her!” Afterward, they sent me to dig a canal in Borsedth district, Kompong Speu province, for a month before I received permission to return home. However, having arrived home for only 2 days, I was forced by the Khmer Rouge to go and dig canals to the south of K’ek Tum and to the south of Phnom Da further. In that canal digging labor, Angkar set strict targets: a group of 4 to 5 people (with 2 group leaders watching to inspect) had to dig the top soil to a width of 4 meters and a depth of 1 meter, completing it in just half a day.
Every time I recall these bitter experiences and oppression, I always feel deeply terrified and sorrowful. Even in my dreams, I frequently dream about the hardships, misery, and shock that I went through. I want the younger generation to study about the Khmer Rouge regime so that they can know and clearly understand the immense suffering and plight of the Cambodian people.
_____________________________________
សម្ភាសដោយ គ្រី សីហា យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តតាកែវ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅភូមិត្រពាំងស្វាយ ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។
Interviewed by Kry Seiha, a Cambodian youth volunteer from Takeo province, under the project “Promoting Democracy and Good Governance through Youth Volunteers Leadership in Social Action” of the Documentation Center of Cambodia, in Trapeang Svay village, Kdanh commune, Prey Kabbas district, Takeo province, on November 13, 2025.
Pheng Pong-Rasy reviewed and edited the phrasing and spelling of this short article.
ជ័យ ឆន ៖ ខ្ញុំធ្លាប់ឃើញគេនាំមនុស្ស ១៥ នាក់ទៅសម្លាប់ទម្លាក់ចូលរណ្ដៅ
ខ្ញុំឈ្មោះ ជ័យ ឆន អាយុ ៧៥ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្រពាំងធំ ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ប្រកបមុខរបរជាគ្រូចិនសែប្រចាំភូមិ។ ខ្ញុំជាបុរសពោះម៉ាយ ដោយប្រពន្ធរបស់ខ្ញុំឈ្មោះ យិន គឹមហ៊ាន បានទទួលមរណភាពដោយសារជំងឺ។ ខ្ញុំមានកូនបង្កើតទាំងអស់ចំនួន ៧ នាក់ ប៉ុន្តែ ៤ នាក់បានស្លាប់ដោយសារជំងឺតាំងពីមុនមកម្ល៉េះ។ បច្ចុប្បន្ន ខ្ញុំសល់កូនរស់នៅចំនួន ៣ នាក់ ដែលប្រកបមុខរបរជាកសិករ និងជាកម្មកររោងចក្រ។ សព្វថ្ងៃ ខ្ញុំមានជំងឺប្រចាំកាយគឺជំងឺបេះដូង និងឫសដូងបាត ដែលបង្កឡើងដោយសារវ័យជរា ហើយកំពុងព្យាបាលដោយប្រើប្រាស់ថ្នាំពេទ្យជាប្រចាំ។
កាលពីមុនរបបខ្មែរក្រហម ខ្ញុំមានមុខរបរជាអ្នកលក់ស្ករ។ លុះដល់សម័យខ្មែរក្រហម ខ្ញុំ ប្រពន្ធ និងកូន ត្រូវបានគេជម្លៀសចេញទៅកាន់កន្លែងជាច្រើន ដែលជាហេតុធ្វើឱ្យខ្ញុំត្រូវបាត់បង់កូនចំនួន ៣ នាក់អំឡុងពេលជម្លៀសនោះ។ នៅរដូវប្រាំង ខ្ញុំត្រូវអង្គការចាត់តាំងឱ្យធ្វើការងារជាទម្ងន់ ដោយកំណត់ឱ្យជីកព្រែកឱ្យបានប្រវែង ៣ ម៉ែត្រក្នុងមួយថ្ងៃ ចាប់ពីឃុំព្រៃល្វា រហូតដល់ស្ពានហូរឈាម។ លុះដល់រដូវវស្សា គេបានបញ្ជូនខ្ញុំឱ្យទៅធ្វើការនៅផ្នែកនេសាទ រកត្រីនៅស្រុកអង្គរបុរី ខេត្តតាកែវ។ ការរស់នៅ និងហូបចុកមានភាពខ្វះខាតខ្លាំងណាស់ គឺបានហូបត្រឹមតែបបររាវៗ ដែលក្នុងមួយខ្ទះធំមានអង្ករតែ ៣ កំប៉ុងប៉ុណ្ណោះ ដោយអង្គការកំណត់ឱ្យហូបតែ ២ ពេល (ថ្ងៃត្រង់ និងល្ងាច) លើកលែងតែខែច្រូតកាត់ទើបបានហូប ៣ ពេល។ ខ្ញុំនៅចាំថា មានថ្ងៃមួយខ្ញុំមានជំងឺគ្រុនក្ដៅខ្លាំង ប៉ុន្តែខ្មែរក្រហមមិនអនុញ្ញាតឱ្យឈប់សម្រាកឡើយ ហើយថ្នាំសង្កូវវិញ គឺមានតែថ្នាំអាចម៍ទន្សាយប៉ុណ្ណោះ។ ចំណែកឯប្រពន្ធខ្ញុំវិញ ដោយសារតែត្រូវបង្ខំឱ្យធ្វើការងារធ្ងន់ធ្ងរហួសកម្លាំងពេក គាត់ក៏បានរលូតកូនភ្លោះ ប៉ុន្តែសំណាងល្អ ខ្ញុំស្គាល់គ្រូពេទ្យនៅមន្ទីរពេទ្យព្រៃល្វា ទើបគាត់ទទួលបានការព្យាបាលរហូតបានធូរស្បើយឡើងវិញ។
ព្រឹត្តិការណ៍ដ៏រន្ធត់ដែលខ្ញុំមិនអាចបំភ្លេចបាន គឺអំឡុងពេលខ្ញុំកំពុងរកត្រីនៅកំពង់ចក ខ្ញុំបានឃើញខ្មែរក្រហមបណ្ដើរប្រជាជនទាំងហ្វូងៗ ចេញពីព្រៃផ្គាំ និងវត្តសេដ្ឋី យកទៅសម្លាប់យ៉ាងឃោរឃៅ ក្រោមការចោទប្រកាន់ថាជា «ខ្មែរស» ឬជាជនក្បត់ជាតិ។ សូម្បីតែប្រជាជនដែលលួចបាយយកទៅឱ្យកូនហូប ពេលខ្មែរក្រហមចាប់បាន ក៏ត្រូវនាំយកទៅសម្លាប់ចោលដែរ។ អ្នកទោសទាំងនោះត្រូវគេចងស្លាបសេក រួចធ្វើទារុណកម្មដោយចាក់នឹងដែកចំពុះទុង និងវាត់នឹងខ្សែភ្លើង ឮសូរតែសំឡេងស្រែកយំពេញព្រៃគួរឱ្យអាសូរ។ ចំណែកការសម្លាប់វិញ ពួកវាសម្លាប់មនុស្សដោយវាយនឹងបំពង់ទីប និងត្បូងចប រួចទម្លាក់ចូលរណ្ដៅ។ ខ្ញុំធ្លាប់ឃើញផ្ទាល់ភ្នែក គេនាំមនុស្ស ១៥ នាក់ទៅសម្លាប់ទម្លាក់ចូលរណ្ដៅ ដែលក្នុងរណ្ដៅនីមួយៗ មានសាកសពគរលើគ្នាចំនួនជាង ៣០ នាក់ រួចពួកគេក៏ចាក់ដីលុបពីលើ។
លុះដល់ដើមឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូលមក ខ្មែរក្រហមបានបង្ខំចាត់តាំងខ្ញុំឱ្យធ្វើជាកងទ័ពវិញ ដោយកាលនោះ ខ្ញុំត្រូវធ្វើដំណើរទៅជាមួយមនុស្សប្រហែល ៤០០ នាក់ ក្រោមការបញ្ជាពីថ្នាក់ដឹកនាំឃុំឈ្មោះ ឈួន, ច្រាំង, និងសំបូរ។ ពួកវាបានបញ្ជូនខ្ញុំឱ្យទៅធ្វើសឹកសង្គ្រាមរហូតដល់ស្រុកបរសេដ្ឋ និងភ្នំកាច់ភ្លុក ហើយក្នុងចំណោមមនុស្ស ៤០០ នាក់នោះ មានអ្នកមានជីវិតរស់ត្រឡប់មកវិញប្រហែល ២០០ នាក់ប៉ុណ្ណោះ។
រាល់ពេលនឹកឃើញដល់អតីតកាលដ៏ជូរចត់ទាំងនេះ ខ្ញុំមានអារម្មណ៍ខឹង និងស្អប់ប្រធានភូមិសម័យនោះខ្លាំងណាស់ ដែលបានចាត់តាំងបញ្ជូនខ្ញុំឱ្យទៅធ្វើទ័ពខ្មែរក្រហម។ ខ្ញុំមិនចង់ឱ្យក្មេងៗជំនាន់ក្រោយចងចាំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហមនោះទេ ព្រោះវាជាសម័យកាលដ៏លំបាកវេទនាខ្លាំងណាស់។
———————————
Chey Chhorn: I Once Witnessed 15 People Being Led to Be Killed and Dropped into a Pit
I am Chey Chhorn, 75 years old. Currently, I live in Trapeang Thum village, Prey Phdau commune, Prey Kabbas district, Takeo province, and work as a village fortune teller/Chinese traditional doctor. I am a widower, as my wife, Yin Kimheang, passed away from an illness. I had 7 biological children in total, but 4 of them passed away from illnesses long ago. Currently, I have 3 remaining living children who work as farmers and factory workers. Today, I suffer from chronic illnesses, namely heart disease and hemorrhoids, which are caused by old age, and I am being treated with regular medication.
Before the Khmer Rouge regime, my occupation was selling sugar. When the Khmer Rouge era arrived, my wife, children, and I were evacuated to many places, which caused me to lose 3 children during those evacuations. In the dry season, I was assigned by Angkar to perform heavy labor, being mandated to dig 3 meters of a canal per day, starting from Prey Lvea commune all the way to the Ho Chheam (Bleeding) Bridge. When the rainy season arrived, they sent me to work in the fishing section, catching fish in Angkor Borei district, Takeo province. Living and eating were extremely scarce; we were only given thin rice gruel, which contained only 3 cans of rice for a large pot, with Angkar rationing it to only 2 meals (noon and evening), except during the harvest months when we were allowed to eat rice 3 meals a day. I still remember that one day I had a very high fever, but the Khmer Rouge did not allow me to rest, and as for medication, there were only rabbit-dropping pills (traditional makeshift medicine). As for my wife, because she was forced to perform heavy labor way beyond her strength, she miscarried twin babies; luckily, however, I knew a doctor at the Prey Lvea hospital, so she received treatment until she recovered.
The horrifying event that I can never forget happened while I was catching fish at Kompong Chork; I saw the Khmer Rouge marching crowds of people out of the Phgam forest and Sethei pagoda to be brutally killed under the accusation of being “White Khmer” or traitors to the nation. Even people who stole rice to give to their children to eat were taken away to be killed when caught by the Khmer Rouge. Those prisoners were tied behind their backs (Chong Slap Sek) and then tortured by being stabbed with iron heron-beaks and whipped with electric wires, with only the sounds of their crying and screaming echoing through the forest pitifully. As for the execution, they killed people by beating them with metal pipes and the back of hoes, and then dropped them into pits. I once witnessed with my own eyes 15 people being led to be killed and dropped into a pit, in each of which over 30 corpses were piled on top of one another, and they then poured dirt to cover them up.
By early 1979, when the Vietnamese troops attacked and entered, the Khmer Rouge forced and assigned me to become a soldier instead. At that time, I had to travel with about 400 people under the command of commune leaders named Chhuon, Chrang, and Sambour. They sent me to fight in the war all the way to Borsedth district and Phnom Karch Phluk, and among those 400 people, only about 200 returned alive.
Every time I recall this bitter past, I feel very angry and resentful toward the village chief of that era, who assigned and sent me to join the Khmer Rouge army. I do not want the younger generation to remember the stories of the Khmer Rouge regime because it was an era of extreme hardship and misery.
______________________________________
សម្ភាសដោយ ជ ចាន់ធឿន យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តតាកែវ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅភូមិត្រពាំងធំ ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។
Interviewed by Chey Chanthoen, a Cambodian youth volunteer from Takeo province, under the project “Promoting Democracy and Good Governance through Youth Volunteers Leadership in Social Action” of the Documentation Center of Cambodia, in Trapeang Thum village, Prey Phdau commune, Prey Kabbas district, Takeo province, on November 7, 2025.
Pheng Pong-Rasy reviewed and edited the phrasing and spelling of this short article.
ច្រឹង ណែត៖ ខ្មែរក្រហមសម្លាប់ពូ មីង និងក្រុមគ្រួសារគាត់ទាំងអស់ ក្រោមការចោទប្រកាន់ថាមាន «សែស្រឡាយវៀតណាម»
ខ្ញុំឈ្មោះ ច្រឹង ណែត អាយុ ៦៣ ឆ្នាំ រស់នៅភូមិ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំជាស្ត្រីមេម៉ាយ មិនមានរបរប្រចាំថ្ងៃអ្វីក្រៅពីមើលថែកូនចៅ និងផ្ទះសម្បែងនោះទេ ហើយខ្ញុំមានកូនស្រីតែម្នាក់ជាអ្នកលក់ដូរ។
រឿងរ៉ាវដ៏ឈឺចាប់ដែលខ្ញុំមិនអាចបំភ្លេចបាន គឺខ្មែរក្រហមបានសម្លាប់ពូ មីង និងក្រុមគ្រួសាររបស់គាត់ទាំងអស់ ក្រោមការចោទប្រកាន់ថាមាន «សែស្រឡាយវៀតណាម»។ កាលនោះ អង្គការបានស្រាវជ្រាវប្រវត្តិរូបមីងខ្ញុំ ដោយសារគាត់មានសម្បុរស រួចក៏ស្រាវជ្រាវរហូតដល់ពូខ្ញុំ (ប្ដីរបស់គាត់) ដែលមានឪពុកជាជនជាតិវៀតណាម និងម្ដាយជាជនជាតិខ្មែរ។
នៅព្រឹកថ្ងៃមួយ (ខ្ញុំមិនចាំថ្ងៃខែឆ្នាំទេ) ខណៈពូនិងមីងកំពុងធ្វើការនៅការដ្ឋាន ដោយមីងកំពុងរែកកណ្ដាប់ស្រូវយកទៅស្ទូង ហើយពូកំពុងលើកទំនប់នៅជិតនោះ ស្រាប់តែមានកងឈ្លបពីរនាក់ឈ្មោះ សាន និង ទឿន ស្ពាយកាំភ្លើងមកហៅពួកគាត់ចេញទៅ។ អ្នកទាំងពីរនេះ កាលពីសម័យសង្គមរាស្ត្រនិយម មានផ្ទះរស់នៅជិតខាងមីងខ្ញុំដែរ។ លុះដល់ពេលរសៀល ខ្ញុំឃើញពូនិងមីងត្រឡប់មកផ្ទះវិញ ប៉ុន្តែនៅពេលមេឃងងឹត ស្រាប់តែមានកងឈ្លបមកហៅពួកគាត់ចេញពីផ្ទះម្តងទៀត។ ពេលនោះ មីងបានពោលពាក្យបណ្តាំមកខ្ញុំថា៖ «ពួកអ្ហែងខំធ្វើការទៅ! អញទៅធ្វើការនៅសហករណ៍ថ្មីហើយ»។ ភ្លាមនោះ កងឈ្លបបានបញ្ជាឱ្យពូខ្ញុំប្រមូលកូនៗទាំងអស់ទៅជាមួយ រួចបង្ខំឱ្យឡើងឡានបើកសំដៅទៅខាងពោធិ៍ទន្លេ។ ឃើញទិដ្ឋភាពបែបនោះ ខ្ញុំខ្លោចចិត្ត និងឈឺចាប់ជាពន់ពេក ប៉ុន្តែសម័យនោះ គ្មានអ្នកណាហ៊ានហើបមាត់តវ៉ាឡើយ។
ជារៀងរាល់ថ្ងៃក្នុងរបបនោះ ខ្ញុំត្រូវបង្ខំឱ្យធ្វើការលើកទំនប់ទាំងឈឺទាំងជា នៅភូមិព្រែកស្ដី ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល ដោយគ្មានពេលសម្រាកគ្រប់គ្រាន់ឡើយ។ ឯរបបអាហារប្រចាំថ្ងៃវិញ មានតែសម្លម្ជូរព្រលឹតមួយមុខគត់។ ជួនកាល ដោយសារហូបសម្លនោះដដែលៗរាល់ថ្ងៃលែងចូល ខ្ញុំក៏ដាច់ចិត្តលួចបេះត្រប់យកមកហូបលាយជាមួយអំបិលបន្តិចបន្តួច ដែលលួចពីសហករណ៍។
រាល់ពេលនឹកឃើញដល់បទពិសោធន៍ជូរចត់ទាំងនេះ ខ្ញុំតែងតែមានអារម្មណ៍ខឹងសម្បារនឹងរបបខ្មែរក្រហមជាខ្លាំង។ ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយ ចងចាំ និងស្វែងយល់ពីប្រវត្តិសាស្ត្រនៃការរស់នៅរបស់ប្រជាជនកម្ពុជា ដែលធ្លាប់បានឆ្លងកាត់ភាពលំបាកវេទនាជាទីបំផុតក្នុងរបបនោះ។
———————————-
Chring Net: The Khmer Rouge Killed My Uncle, Aunt, and Their Entire Family Under the Accusation of Having “Vietnamese Lineage”
I am Chring Net, 63 years old, living in Village 3, Roka Knong sangkat, Doun Kaev krong, Takeo province. Currently, I am a widow and have no daily occupation other than taking care of my grandchildren and the house, and I have only one daughter who works as a vendor.
The painful story that I can never forget is that the Khmer Rouge killed my uncle, aunt, and their entire family under the accusation of having “Vietnamese lineage.” At that time, Angkar investigated my aunt’s biography because she had fair skin, and then kept investigating further until they reached my uncle (her husband), whose father was Vietnamese and whose mother was Cambodian.
On one morning (I do not remember the day, month, or year), while my uncle and aunt were working at a worksite—with my aunt carrying bundles of rice seedlings to be transplanted and my uncle building a dam nearby—suddenly two militiamen named San and Toeun came, carrying rifles, and called them out. During the Sangkum Reastr Niyum era, these two had houses located next to my aunt’s as neighbors. When the afternoon arrived, I saw my uncle and aunt return home, but when the sky turned dark, militiamen suddenly came to call them out of the house once again. At that moment, my aunt left a parting word to me: “You guys try hard to work! I am going to work at a new cooperative.” Immediately after, the militia ordered my uncle to gather all the children to go along, and then forced them onto a truck that drove toward Phum Pou Tonle. Seeing that sight, I was immensely heartbroken and pained, but during that era, no one dared to open their mouth to protest.
Every day during that regime, I was forced to work building dams whether I was sick or well, in Prek Sdei village, Prek Sdei commune, Kaoh Thum district, Kandal province, without sufficient time to rest. As for the daily food ration, there was only one dish: water lily sour soup. Sometimes, because I could no longer swallow that same soup every day, I decided to secretly pick eggplants to eat mixed with a little bit of salt stolen from the cooperative.
Every time I recall these bitter experiences, I always feel extremely angry at the Khmer Rouge regime. I want the younger generation to remember and study the history of the lives of the Cambodian people who once went through the ultimate hardship and misery during that regime.
____________________________________________
ដោយ អ៊ិត ស៊ីស្រ៊ាន យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តតាកែវ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅភូមិ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ សម្ភាសនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។
By Ith Sysrean, a Cambodian youth volunteer from Takeo province, under the project “Promoting Democracy and Good Governance through Youth Volunteers Leadership in Social Action” of the Documentation Center of Cambodia, in Village 3, Roka Knong sangkat, Doun Kaev krong, Takeo province. Interviewed on November 19, 2025. Dararath Meta and Pheng Pong-Rasy reviewed and edited the phrasing and spelling of this short article.
https://photos.app.goo.gl/HfTXZmeQpVijEhmh6