សេង ហួយ៖ «បទពិសោធន៍ជាយុវនារីកងស្រួចខ្មែរក្រហម នៅខេត្តក្រចេះ»
ដោយ ទូច វណ្ណេត
ខ្ញុំឈ្មោះ សេង ហួយ អាយុ៦៩ឆ្នាំ មានភូមិកំណើត នៅភូមិម៉ឺននង់ ឃុំកោះពីរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ប៉ុន្តែបច្ចុប្បន្ននេះ ខ្ញុំរស់នៅភូមិបឹងកុក១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ខ្ញុំរៀបប្ដីឈ្មោះ អ៊ាម ទូច (ស្លាប់) និងមានកូនប្រុសស្រីសរុបចំនួន៦នាក់។ ឪពុកខ្ញុំឈ្មោះ ស៊ុន សេង និងម្ដាយឈ្មោះ ខេង សេន មានបងប្អូនចំនួន១០នាក់(ស្រី៦និងប្រុស៤នាក់)។ នៅពីក្មេង ខ្ញុំរៀនសូត្របានត្រឹមថ្នាក់ទី១០ (សង្គមចាស់) នៅសាលាបឋមសិក្សាកោះពីរ ហើយខ្ញុំឈប់រៀន បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ។ ខ្ញុំឃើញមានសភាពការប្រែប្រួល ពីព្រោះមិនយូរប៉ន្មានក្រោយពីមានរដ្ឋប្រហារលន់ នល់, សង្រ្គាមបានផ្ទុះឡើង។ ទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម ចាប់ផ្ដើមវាយប្រយុទ្ធគ្នា ទាំងផ្លូវគោក, ការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងគ្រាប់បែក ពីទីរួមខេត្តកំពង់ចាម ចូលទៅកាន់កោះត្រែង។ នៅពេលនោះ ខ្ញុំ និងឪពុម្ដាយ រួមទាំងបងប្អូន រត់គេចខ្លួនចូលទៅសង្ងំពួននៅរណ្ដៅត្រង់សេ ដើម្បីគេចផុតពីអំបែងគ្រាប់បែកដែលត្រូវបានទម្លាក់។ យើងបន្តរស់នៅក្នុងភាពភ័យខ្លាចនៃការទម្លាក់គ្រាប់បែក រហូតដល់ឆ្នាំ១៩៧៣ ទើបលែងមានការប្រយុទ្ធ និងវិលត្រឡប់មករស់នៅក្នុងភូមិវិញ។ រហូតដល់ឆ្នាំ១៩៧៥ គឺបន្ទាប់ពីកងទ័ពខ្មែរក្រហមវាយចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥, ខ្ញុំឃើញមានការមកដល់នៃគ្រួសារប្រជាជនថ្មី ហៅថាប្រជាជន១៧មេសា នៅក្នុងភូមិ ប៉ុន្តែក្រោយមកទៀត គ្រួសារប្រជាជនថ្មីទាំងអស់នោះ បានបាត់ខ្លួន ដោយមិនដឹងថាទៅដល់ទីកន្លែងណានោះទេ។ នៅពេលនោះ ខ្ញុំមានអាយុ១៥ឆ្នាំ ប៉ុន្តែខ្ញុំត្រូវបានខ្មែរក្រហមបំពាក់អាវុធ គឺកាំភ្លើងអាកាប៊ីនមួយដើម ដើម្បីទៅយាមនៅកំពង់ចម្លង។
នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានចល័តទៅវត្តសសរ១០០ ជាមួយប្រជាជនប្រមាណ៥២គ្រួសារផ្សេងទៀត។ នៅពេលទៅដល់, ខ្ញុំ និងបងប្អូនស្រីៗ ត្រូវបានជ្រើសរើសឲ្យទៅធ្វើការងារតាមកងចល័តនារីរៀងៗខ្លួន។ ខ្ញុំត្រូវបានដាក់ឲ្យធ្វើការងារនៅកងចល័តនារី (កងស្រួច) ដើម្បីធ្វើស្រែ ជីកប្រឡាយ លើកទំបន់ និងលើកភ្លឺស្រែ នៅតាមភូមិឃុំនានា នៅក្នុងខេត្តក្រចេះ។ ទាំងយុវជន ទាំងយុវនារី នៅកងស្រួច ប្រហែល៣០០នាក់ ត្រូវធ្វើការងារយ៉ាងសកម្ម នៅតំបន់បាតខ្ទះនៃស្រុកស្នួល។ យើងត្រូវធ្វើការងារ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១១ថ្ងៃត្រង់ ហើយក្រោយសម្រាកហូបបាយថ្ងៃត្រង់រួច យើងត្រូវបន្តធ្វើការងារទៀត រហូតដល់ពេលល្ងាចទើបឈប់។ ខ្ញុំត្រូវរែកទឹកស្រោចអំពៅក្នុង១ថ្ងៃ ២០០ទៅ៣០០អំរែក ត្រូវរែកបន្តគ្នា។ នៅពេលយប់ ខ្ញុំត្រូវធ្វើការបន្ថែមម៉ោង គឺការងារសង្គមនិយម ដែលត្រូវអង្គុយសម្លៀងកំាកាំបិទ ដេញកាំប្រម៉ា និងជ្រូកព្រៃកុំឲ្យស៊ីអំពៅ។ ក្នុងចំណោមបងប្អូនស្រីរបស់ខ្ញុំ គឺមានតែខ្ញុំនោះទេដែលស្ម័គ្រចិត្តចូលធ្វើការងារនៅកងស្រួច។ ក្រោយមកទៀត ខ្ញុំត្រូវបានផ្លាស់មកធ្វើការងារនៅកងសហជីព នៅចម្ការអំពៅស្នួល ដោយមានប្រធានសហជីពឈ្មោះ តា ស៊ុន និងមិត្ត នី។ ទីតាំងចំការអំពៅ ស្ថិតនៅក្បាលហោង ស្រុកស្នួល ខេត្តក្រចេះ ។ នៅចំការអំពៅ ខ្ញុំ និងមិត្តផ្សេងទៀត ត្រូវធ្វើការកាប់ឆ្ការព្រៃ ដើម្បីយកដីសម្រាប់ដាំអំពៅ ក្នុងផ្ទៃដីសរុបប្រហែល១០០ហិចតា។ គោលបំណងនៃការដាំអំពៅនោះគឺដើម្បីស្ងោររំងាស់ធ្វើជា ស្ករ។ នៅក្រចេះ ខ្ញុំទៅធ្វើការងារពីកន្លែងមួយទៅកន្លែងមួយ ពីស្រុកមួយទៅស្រុកមួយ ដើម្បីលើកទំនប់ និងស្ទូងស្រូវ។ តំបន់ដែលខ្ញុំបានទៅដល់គឺ ចំណោរ, ទួលទ្រាប, និងសណ្ដាយ ដែលជាតំបន់មានការសម្លាប់ប្រជាជនដែលធ្លាក់ខ្លួនឈឺ។ នៅទីនោះ ប្រសិនបើមានប្រជាជនឈឺ, ខ្មែរក្រហមប្រើប្រាស់ដំរីដើម្បីដឹកអ្នកជំងឺមកព្យាបាលនៅពេទ្យ។ នៅថ្ងៃមួយ ខ្ញុំធ្លាក់ខ្លួនឈឺជំងឺគ្រុនចាញ់។ ខ្ញុំត្រូវបានបញ្ចូនមកព្យាបាលជំងឺនៅពេទ្យទីរួមខេត្តក្រចេះ។ នៅគ្រែពេទ្យ ខ្ញុំឃើញមានសង្ងើចជាច្រើន។ ពេទ្យខ្មែរក្រហម បានឲ្យថ្នាំខ្ញុំមួយគ្រាប់លេប។ ថ្នាំនោះដូចជាថ្នាំអាចម៍ទន្យាយ។
នៅពេលដែលរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានចូលមកដល់ចំការអំពៅ, ខ្ញុំនិងអ្នកផ្សេងទៀត បាននាំគ្នារត់ចេញពីរោងចំការស្នាក់នៅ និងយកខ្ទះស្ករទៅលាក់ទុកនៅក្បែរត្រពាំងធំមួយ ពីព្រោះខ្លាចអំពីសុវត្ថិភាព។ ខ្ញុំបានរត់ចេញពីចំការអំពៅ ស្រុកស្រួល មកកាន់ភូមិកំណើតវិញ ហើយបានជួបជុំជាមួយបងប្អូនមួយចំនួន។ ក្រោយមកទៀត ខ្ញុំបានជួបជុំជាមួយឪពុកម្ដាយដែលបានបណ្ដែតទូកចេញពីកោះខ្ញែរមករកកូនៗវិញ។ ខ្ញុំនៅចងចាំបានថា ក្នុងរបបខ្មែរក្រហម ខ្ញុំរស់នៅ និងធ្វើការងារតែម្នាក់ឯង អស់រយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ ខ្ញុំមិនមានសង្ឃឹមជួបជុំជាមួយឪពុកម្ដាយ និងបងប្អូននោះទេ។ នៅឆ្នាំ១៩៨២ ខ្ញុំរៀបការប្ដីដែលធ្វើការងារជាប៉ូលីស នៅខេត្តកំពង់ចាម និងផ្លាស់លំនៅមករស់នៅទីនេះរហូតដល់ពេលបច្ចុប្បន្ន។
ទឺវ សំអុន៖ «ចុងភៅនៅរោងបាយរួម ក្នុងរបបខ្មែរក្រហម»
ដោយ លី ដេវីត
ខ្ញុំឈ្មោះ ទឺវ សំអុន អាយុ៦៧ ឆ្នាំ មានស្រុកកំណើតនៅភូមិថ្មី ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិព្រៃបុស ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្ដីឈ្មោះ ទួក តយ មានកូនចំនួន៦នាក់(ប្រុស៥និងស្រី១នាក់)។ ឪពុកខ្ញុំឈ្មោះ ទី អុល និងម្ដាយឈ្មោះ ញាន លឹម មានបងប្អូនចំនួន៧នាក់(ស្រី៣និងប្រុស៤នាក់)។ ខ្ញុំនៅពីក្មេងមិនបានរៀនទេ ដោយសារជំនាន់ហ្នុងរវល់តែរត់គេចពីការទម្លាក់គ្រាប់បែកយ៉ាងច្រើនរបស់ទាហានលន់ នល់ និងសហរដ្ឋអាមេរិក។ នៅពេលដែលទាហានលន់ នល់ និងសហរដ្ឋអាមេរិកធ្វើការទម្លាក់គ្រាប់បែកម្ដងៗ ខ្ញុំរត់ចូលរណ្ដៅត្រង់សេដើម្បីគេចពីអំបែងគ្រាប់បែក។ ខ្ញុំបានមករស់នៅភូមិមហាសៀក,មហាខ្ញូង,ទួលខ្សាច់ ការទម្លាក់គ្រាប់បែកនេះ មិនត្រឹមតែបំផ្លិចបំផ្លាញផ្ទះសំបែងអ្នកភូមិនោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យអ្នកភូមិខ្លះរងរបួស ឬស្លាប់។ ខ្ញុំទៅរៀនបានតិចដោយសារអាម៉ារីនមករត់ និងមានយន្ដហោះទម្លាក់គ្រាប់។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយចូលកាន់កាប់ទីក្រុងភ្នំពេញ ហើយបានជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានជម្លៀសមកនៅភូមិកំពង់លីងធ្វើការច្រូតស្រូវ បោកបែនស្រូវ ប្រធានកងឲ្យមកធ្វើចុងភៅវិញ នៅដាំបបរ ។ ខ្ញុំត្រូវបានខ្មែរក្រហមបានខ្មែរក្រហមចាត់ឲ្យខ្ញុំធ្វើការងារ រែកដី លើកដីជាមួយគេឯង ទូទាំងភូមិឃុំទាំងអស់គ្នា។ ខ្ញុំត្រូវបានបញ្ជូនទៅលើកទំនប់ជ្រោយចេកយូរបន្តិច ផ្លាស់ប្ដូរមកនៅកន្លែងចែកបាយឲ្យកងចល័តម្នាក់១ចានតូចនិងមានបាយក្ដាំង២ធ្នប់ដៃ។ អ្នក៧៥(ឆ្នាំ១៩៧៥) មកឃ្លានណាស់ ហូបមិនគ្រប់គ្រាន់ លួចយកអ្វីមកហូប កម្មាភិបាលខ្មែរក្រហមឃើញយកទៅសម្លាប់ចោល។ ខ្ញុំឃើញដោយសារត្រូវវេនខ្ញុំយាមលឺសំលេងស្រែកហៅជួយខ្ញុំផង។ ខ្ញុំមានការភ័យខ្លាច អ្នក៧៥ ជម្លៀសមកពីភ្នំពេញនិងកំពង់ចាមកម្មាភិបាលខ្មែរក្រហមយកទៅសម្លាប់ខ្លាំង។ នៅឆ្នាំ១៩៧៧ ខ្ញុំមកនៅភូមិព្រែកជីកធ្វើចុងភៅ មានមេសង្កាត់ឈ្មោះមិត្តផុន និងនិរសាហៅមិត្តនារីយកមាន់ធ្វើឲ្យខ្ញុំមួយ។ នៅពេលយប់ប្រហែលម៉ោង១០ ខ្ញុំកេសដែកកេះឃើញមានឈាមប្រលាក់មុខនិងខ្លួន សម្លាប់ចាមនៅព្រែកជីអែរ។ ខ្ញុំឃើញមានឈាមញ័រដៃ ប្រាប់មិត្តបងខ្ញុំមិនចេះធ្វើទេមាន់ មិត្តបងធ្វើខ្ញុំដាំទឹក ធ្វើមាន់រួចបោះមកខ្ញុំជ្រលក់ទឹកបាចរោមមាន់រួច ដាក់ស្ងោរឲ្យមិត្តផុននិងនិរសាហូប។ ខ្មែរក្រហមយកប្រធានកង ប្រធានក្រុមធ្វើការពីមុនទៅសម្លាប់ចោល។ ខ្ញុំធ្វើចុងភៅដោយសារចេះអែបអបជាមួយប្រធានកងឈ្មោះមិត្តសម្បត្តិ, មិត្តផុន និងមិត្តសាយ នៅព្រែកជីអែរសព្វថ្ងៃ។ ខ្ញុំត្រូវបានបញ្ជូនទៅលើកទំនប់តំបន់ដើរទៅអស់កម្លាំងដេកនៅក្រោមដើមត្នោតយកថ្មកោយជាខ្នើយ។ ខ្ញុំដើរទៅហេវខ្លាំងមើលឃើញត្រួយអំពិល និងផ្លែអំពិល ឡើងបេះគ្មានអំបិលចុចជាមួយទេ។ ខ្ញុំដើរទៅដល់តំបន់ព្រៃឈរឆ្ងាយ បើមានទឹកកន្លែងណាចុះមុជទាំងខោអាវ ផឹកទឹកឆ្អែតដើរមកវិញ ទៅណាមកណាត្រូវដើរមិនមានអ្វីជិះទេ។ នៅពេលខ្ញុំទៅលើកទំនប់តំបន់មួយក្រុមមានគ្នា១៨នាក់ តាមកម្មាភិបាលខ្មែរក្រហមរើសមានស្រីប្រុស។ ការស្នាក់នៅក្នុងរោងសហករណ៍មានរោងបាយ ធ្វើការដល់ម៉ោងសម្រាកឈប់ហូបបបរ។ ខ្ញុំធ្វើការលឺសំលេងផ្លុំកញ្ចែម៉ោង៣ទៀបភ្លឺទៅតម្រង់ជួរស្មើត្រង់ដូចបន្ទាត់មិនមានវៀចជួរទេ។ ពេលលឺសំលេងកញ្ចែ ត្រូវរត់ទៅឲ្យទាន់ប្រធានកងកសាងនិងទិទៀនលើកទី១ មិនកែ លើកទី២មិនធ្វើតាម យកទៅសម្លាប់ចោល។ ការហូបចុកមិនហ៊ានលួចហូបផ្ដេសផ្ដាស ខ្ញុំសូមមិត្តបងទៅបត់ជើង មិនមែនទៅបត់ជើងទេ ទៅរកបេះផ្លែថ្នឹងនិងជន្លះហូប។ ខ្ញុំលួចកហុកប្រធានកងបេះផ្លែឈើព្រៃហូបរួច ត្រឡប់មកវិញ។ ខ្ញុំមានពោតលីងយកទៅមិនហ៊ានហូបទេ យកភួយទទូរអង្គុយទំ ពារមិនឲ្យលឺសំលេង។ ពេលឃើញមនុស្សដើរមកសំងំស្ងៀម មើលខាងលិចខាងកើតទំពារទៀត បើកម្មាភិបាលខ្មែរក្រហមឃើញយកទៅសម្លាប់ចោល។ ការលំបាកនៅសម័យខ្មែរក្រហម ខ្ញុំឆ្អែតមានអ្នកតាមដានស្ដាប់នៅក្រោមផ្ទះ។ ខ្ញុំធ្វើកងចល័តប្រធានកងប្រាប់មិត្តនារីឲ្យកិនស្រូវនៅភូមិថ្មី អ៊ុំនិងរែងអង្ករយកចុងអង្ករចុកចូលអង្កាម ។ ដល់ពេលមិត្តយកអង្ករដាក់ក្នុងឃ្លាំងអស់ទៅ ខ្ញុំរែងចុងអង្ករដែលនៅក្នុងអង្កាមយកចុងអង្ករដាក់ក្នុងកំប៉ាវអាវម្ខាងប្រហែល២គីឡូក្រាម។ ឪពុកខ្ញុំភ្លឺឡើងក្រោកលួចដាំបាយដាក់ក្នុងកាមែលពង្រីកស្មើទឹកដាក់កប់ក្នុងដីដុតភ្លើងពីលើមិនឲ្យគេដឹងទេ មើលស្ងាត់យកឡើងលើផ្ទះពូតដុំចែកឲ្យកូនហូបឲ្យលឿន។ ការហូបចុកមិនគ្រប់គ្រាន់ទេ តែឲ្យធ្វើការច្រើនហូបបបររាវ ដើរបេះស្លឹកផ្ទី ត្រួយដំឡូងដាក់បន្ថែមដើម្បីឲ្យឆ្អែត។ យុវជននិងយុវនារីដេកមួយចំហៀងម្នាក់ដាក់ជើងទល់គ្នាមិនមានខុសសីលធម៌ទេ បើខុសយកទៅសម្លាប់ចោល។
ខ្ញុំនិង គ្រួសាររួចផុតពីទុកវេទនានឹងសេចក្ដីស្លាប់ នៅពេលដែលកងទ័ពខ្មែរក្រហមទទួលបរាជ័យដោយសារតែកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានវាយរំដោះប្រទេសនិងប្រជាជនពីរបបខ្មែរក្រហម។ ខ្ញុំបានវិលត្រឡប់មករស់នៅភូមិកំណើតវិញនៅឆ្នាំ១៩៨០ និងប្រកបរបរជាកសិកររហូតមកដល់សព្វថ្ងៃនេះ។
ទួក តយ រំឭកពីបទពិសោធន៍ធ្វើការងារនៅកងចល័តក្នុងរបបខ្មែរក្រហម
ដោយ សាំង ចាន់ធូ
ខ្ញុំឈ្មោះ ទួក តយ អាយុ៦៨ឆ្នាំ មានស្រុកកំណើតនៅភូមិថ្មី ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សព្វថ្ងៃខ្ញុំរស់នៅភូមិព្រៃបុស ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ទឺវ សំអុន មានកូនចំនួន៦នាក់(ស្រី១និងប្រុស៥នាក់)។ ឪពុកខ្ញុំឈ្មោះ សិន និងម្ដាយឈ្មោះ ល័ក្ខ មានបងប្អូនចំនួន៥នាក់(ប្រុស៤និងស្រី១នាក់) ខ្ញុំជាកូនពៅក្នុងគ្រួសារ។ បងប្រុសទី១ ឈ្មោះ ទួក អាក, បងប្រុសទី២ ឈ្មោះ ទួក ប៊ិន, បងស្រីទី៣ ឈ្មោះ ទួក អៀរ, បងប្រុសទី៤ ឈ្មោះ ទួក សយ និងទី៥ ខ្ញុំឈ្មោះ ទួក តយ។
នៅជំនាន់ លន់ នល់ ឪពុកម្ដាយធ្វើស្រែចម្ការ បន្ទាប់មកមានរដ្ឋប្រហារទម្លាក់សម្ដេច សីហនុ និងមានសង្រ្គាមកើតឡើង។ បន្ទាប់មកទៀត មានការទម្លាប់គ្រាប់បែកនៅតាមភូមិថ្មី, កោះរកា,កោះប្រាក់ ខ្ញុំលឺសំលេងយន្ដហោះទម្លាក់គ្រាប់តាមមាត់ទន្លេ និងមានរណ្ដៅគ្រាប់២នៅវត្តក្នុងចាស់។ នៅពេលយន្ដហោះទាហានលន់ នល់ និងសហរដ្ឋអាមេរិកធ្វើការទម្លាក់គ្រាប់បែកម្ដងៗ ខ្ញុំរត់ចូលរណ្ដៅត្រង់សេដើម្បីគេចពីអំបែងគ្រាប់បែក។ ការទម្លាក់គ្រាប់បែកនេះ មិនត្រឹមតែបំផ្លិចបំផ្លាញផ្ទះសំបែងអ្នកភូមិនោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យអ្នកភូមិខ្លះរងរបួស ឬស្លាប់។ ខ្ញុំរត់គេចមករស់នៅទួលស្រែរយៈពេល២ ចាប់ផ្ដើមការទម្លាក់គ្រាប់។ នៅពេលយប់កងរំដោះបាញ់ផ្លោងគ្រាប់ដាក់បន្ទាយ លន់ នល់ នៅព្រែកជីអែរមានការបាញ់ផ្លោងដាក់គ្នាទៅវិញទៅមក។
នៅក្នុងអំឡុងពេលដែលមានសង្រ្គាមនៅឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧២ កងកម្លាំងខ្មែរក្រហមបានវាយរំដោះ និងគ្រប់គ្រងនៅតាមទីជនបទនៃប្រទេសកម្ពុជា។ គ្រួសារខ្ញុំរត់ទៅបារាយណ៍ខេត្តកំពង់ធំ រស់នៅជាមួយបងប្អូនឪពុកខ្ញុំ។ នៅពេលនោះម្ដាយខ្ញុំបានស្លាប់ដោយសារមានជំងឺ។ នៅតាមតំបន់រំដោះ, កងទ័ពខ្មែរក្រហមបានប្រកាសប្រាប់អ្នកភូមិឲ្យចូលរួមចលនាបដិវត្តន៍។ អ្នកភូមិភាគច្រើនចូលរួមជាមួយចលនាបដិវត្តន៍ប្រឆាំងទាហាន លន់ នល់។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយចូលកាន់កាប់ទីក្រុងភ្នំពេញ ហើយបានជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ។ ក្រុមគ្រួសារខ្ញុំ វិលត្រឡប់មកស្រុកកំណើតវិញ ត្រូវបានខ្មែរក្រហមចាត់ឲ្យខ្ញុំធ្វើការងារកងចល័ត រែកដី លើកទំនប់ កាប់ព្រៃជាមួយគេឯង ទូទាំងភូមិឃុំទាំងអស់គ្នា។ ខ្ញុំត្រូវបានបញ្ជួនមកលើកទំនប់ក្រោយភូមិកោះរកា និងទំនប់ខាងកើតភូមិអូរឈ្លើង(ទំនប់ថៃហុង)ឥឡូវលែងមានមនុស្សដើរ ទំនប់បាក់ខូចអស់។ ខ្ញុំត្រូវលើកទំនប់ពីព្រលឹមឡើងរហូតដល់ម៉ោង១១ថ្ងៃត្រង់បានឈប់សម្រាកហូបបបររួចនិងធ្វើការបន្តនៅម៉ោង១ ដល់ម៉ោង៥បានឈប់ នៅពេលយប់មានធ្វើការបន្ថែមទៀត។ ប្រធានកងវាស់ដីគិតជាម៉ែត្រឲ្យកងចល័តលើកមក្នុងម្នាក់១ម៉ែត្រគីប។ ខ្ញុំត្រូវបានប្រធានកងប្រើឲ្យមកច្រូតស្បូវនៅទួលស្រែ ក្រឡាប់រទេះគោបណ្ដាលឲ្យបាក់ជើងទាំង២។ នៅពេលនោះ ខ្ញុំរកគ្រូខ្មែរព្យាបាលក្នុងភូមិ បន្ទាប់មក ជើងខ្ញុំបានជាសះស្បើយប្រធានកងមិនឲ្យទៅធ្វើកងចល័តទេ ផ្លាស់ប្ដូរទៅធ្វើកងភ្ជួររាស់វិញ។ នៅពេលខ្ញុំភ្ជួរដីរួច ត្រឡប់មកវិញហូបចេកស្ងោ៣ដុំក៏មានដែរជំនួសបបរ ត្រូវធ្វើការទល់តែថ្ងៃត្រង់។ ឪពុកខ្ញុំទៅធ្វើកងចុងភៅនៅការដ្ឋានល្ពាក ចំណែកបងខ្ញុំទៅធ្វើការនៅកងចល័តតំបន់។ ការហូបចុកមិនគ្រប់គ្រាន់ទេបបរ១ខ្ទះដាក់អង្ករ២កំប៉ុង បបររាវអ្នកខ្លះបេះត្រួយផ្ទី ឈូសគល់ចេក,គល់ល្ហុងមកលាយជាបបរដើម្បីហូបឆ្អែត នៅក្នុងកងភ្ជួររាស់មានគ្នា១២នាក់។ ការស្លៀកពាក់ខោអាវពណ៌ខ្មៅ ខ្ញុំបានកម្មាភិបាលខ្មែរក្រហមចែកខោខ្លីនិងស្បែកជើងរបប។ ខ្ញុំនៅកងភ្ជួររាស់កាន់គោរហូត ភ្ជួរ មើលគោ ច្រូតស្មៅឲ្យគោស៊ី។ ខ្ញុំរស់នៅក្នុងភូមិដល់ឆ្នាំ១៩៧៩។ នៅពេលដែលកងទ័ពខ្មែរក្រហមទទួលបរាជ័យដោយសារតែកងទ័ពរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជាដែលបានវាយរំដោះប្រទេស និងប្រជាជនពីរបបខ្មែរក្រហម។ ខ្ញុំរៀបការ និងប្រកបមុខរបរធ្វើស្រែចម្ការ ដាំថ្នាំ និងរកលៀស ខ្ចៅ។
ចន្លោះពីថ្ងៃទី១ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានចុះជួប និងស្ដាប់សាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅស្រុកកំពង់សៀម និងក្រុងកំពង់ចាម។ តាមរយៈការស្ដាប់សាច់រឿងដែលចងចាំមិនអាចបំភ្លេចបាន, អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំង៣នាក់ បានលើកឡើងអំពីជីវិតប្រចាំថ្ងៃក្នុងអំឡុងពេលសង្រ្គាម និងរបបខ្មែរក្រហម រួមមាន៖ ការបែកចេញពីគ្រួសារ, ការអត់ឃ្លាន, ការបង្ខំឲ្យធ្វើការងារជាទម្ងន់ និងការបាត់បង់សមាជិកគ្រួសារដោយសារតែការចាប់យកទៅសម្លាប់របស់ខ្មែរក្រហម។ ខាងក្រោមនេះគឺជាអត្ថបទសង្ខេបរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម៖
Oral History – Listening to the story of the Khmer Rouge Survivors at home
Photo by Sang Chanthou
June 1-5, 2026
Documentation Center of Cambodia Archives
https://photos.app.goo.gl/SnbMw8CaY9t8oq9C9