Home / Post

Anlong Veng Peace Center: Students at Ta Mok’s Former House or Museum. August 27, 2026

សិស្សា​នុសិស្ស​ចំនួន៣នាក់ ទស្សនកិច្ចសារមន្ទីរតាម៉ុក ក្នុងស្រុកអន្លង់វែង
សិស្សា​នុសិស្ស​ចំនួន៣នាក់ បានធ្វើទស្សនកិច្ចនៅសារមន្ទីរតាម៉ុក ដែលជាកេរដំណែលប្រវត្ដិសាស្ដ្រសេសសល់ពីចលនាខ្មែរក្រហម ដែលស្ថិតនៅក្នុងទីរួមស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណង និងឆន្ទៈចង់ចេះ ចង់ដឹងពីប្រវត្តិសាស្ត្រខ្មែរក្រហម និងសង្គ្រាមស៊ីវិលនៅកម្ពុជាចន្លោះពីឆ្នាំ១៩៧០ ដល់១៩៧៩ និងក្រោយឆ្នាំ១៩៧៩។ ដំណើរទស្សនកិច្ចនេះ ផ្ដោតសំខាន់ទៅលើការទស្សនាសំណង់អគារដ៏អស្ចារ្យសង់អំពីឈើប្រណីត និងមានមុខកាត់ធំបង្ហាញពីធនធានធម្មជាតិដែលមាននៅអន្លង់វែងកាលពីអតីតកាល អមជាមួយពិព័រណ៍រូបថតដែលត្រូវបានបំពាក់ដោយមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង សហការជាមួយមន្ទីរទេសចរណ៍ខេត្ដឧត្ដរមានជ័យ បង្ហាញពីទិដ្ឋភាពសង្គ្រាមស៊ីវិលនៅកម្ពុជា ដែលមានការប្រយុទ្ធគ្នារបស់កងទ័ពខ្មែរក្រហមនឹងទាហាន លន់ នល់ នៅបរិវេណប្រាសាទអង្គរវត្ដ ដែលជាបេតិកភណ្ឌពិភពលោក។ រូបថតសខ្មៅជាច្រើនសន្លឹកបានបង្ហាញពីសោកនាដកម្មនៃសង្គ្រាមស៊ីវិល ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ ការទម្លាក់គ្រាប់បែកពីលើយន្ដហោះដោយទាហាន លន់ នល់ គាំទ្រដោយសហរដ្ឋអាមេរិក ការប្រេះស្រាំផ្ទៃក្នុងជាតិ និងសង្គ្រាមដ៏រ៉ាំរ៉ៃជិត៣០ឆ្នាំកន្លងមក។ យុវជនទាំងអស់បានផ្ចង់អារម្មណ៍ និងសម្តែងនូវភាពក្ដុកក្ដួលយ៉ាងខ្លាំងនៅពេលឃើញរូបភាពទាំងអស់នោះ ជាពិសេសគឺទិដ្ឋភាពប្រជាជនកម្ពុជារត់ភៀសខ្លួនទៅកាន់ទីកន្លែងសុវត្ថិភាព និងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បណ្ដាលឲ្យមានការបាត់បង់អាយុជីវិតជាបន្ដបន្ទាប់។

ចំណែកឯពិព័រណ៍ជាច្រើនផ្សេងទៀត បានបង្ហាញអំពីការផ្លាស់ប្តូររបបនយោបាយ និងសង្គ្រាមអស់រយៈកាលយ៉ាងយូរជាបន្តរវាងកងទ័ពរដ្ឋាភិបាលកម្ពុជា និងកងទ័ពខ្មែរក្រហមនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃដែរ។ រហូតដល់ការបញ្ចប់សង្គ្រាមទាំងស្រុង តំបន់អន្លង់វែងត្រូវបានមើលឃើញថា ជាទីប្រសូតនូវសន្ដិភាពចាប់ពីចុងឆ្នាំ១៩៩៨។ យុវនារីទាំង៣នាក់ យល់ឃើញព្រមគ្នាថា ការសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្ររបស់ខ្លួន មិនមែនជាចងកំហឹង ឬគុំគួនគ្នាឡើយ ប៉ុន្ដែ គឺជាដំណើរការរៀនសូត្រអំពីកំហុសអតីតរបស់ខ្លួនកាលពីអតីតកាល ការកសាង និងថែរក្សាសន្តិភាព ការបង្រួបបង្រួមជាតិ ដែលយុវជនជំនាន់ក្រោយត្រូវតែរួមគ្នា តាមរយៈការចូលរួមក្នុងការផ្សព្វផ្សាយ ចែករំលែកចំណេះដឹងរវាងគ្នាទៅវិញទៅមកទៅកាន់មិត្តភក្តិ និងសហគមន៍ ដែលខ្លួនទទួលបានពីការទស្សនា និងរៀនសូត្រផ្ទាល់ពីសារមន្ទីរតាម៉ុក ឬការអប់រំពីប្រភពដទៃទៀត។
សារមន្ទីរតាម៉ុក គឺជាទីតាំងប្រវត្តិសាស្ត្រមួយ ក្នុងចំណោម១៤ទីតាំងនៅក្នុងស្រុកអន្លង់វែង ហើយមានភាពជ្រាលជ្រៅបំផុតសម្រាប់ការអប់រំពីរឿងរ៉ាវអតីតកាលដែលបានកើតឡើង ដល់មនុស្សជំនាន់ក្រោយៗទៀតទាំងក្នុង និងក្រៅតំបន់៕

https://photos.app.goo.gl/497LM7bKP1gZ3CoT6