[English below]
សំឡេងនៃការជម្លៀស៖ ការរស់រានមានជីវិតរបស់ ធន់ ណុន ក្រោមរបបខ្មែរក្រហម និងដំណើរវិលត្រឡប់មកស្រុកកំណើតវិញ
រឿងរ៉ាវជូរចត់ និងការចងចាំឥតភ្លេចនៃបទពិសោធន៍ឆ្លងកាត់របបខ្មែរក្រហម ត្រូវបានរំឭកឡើងវិញតាមរយៈការរៀបរាប់របស់អ៊ុំស្រី ធន់ ណុន ដែលជាអ្នករស់រានមានជីវិតម្នាក់ បច្ចុប្បន្នរស់នៅក្នុងភូមិត្រពាំងស្រែ ឃុំព្រៃគុយ ស្រុកមេសាង ខេត្តព្រៃវែង ក្នុងកិច្ចសម្ភាសន៍ជាមួយលោក ប៉ុត ម៉ាក់ គ្រូបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យានៃវិទ្យាល័យ មេសាង កាលពីដើមខែសីហា ឆ្នាំ ២០២៦។
ថ្វីត្បិតតែបច្ចុប្បន្នអ៊ុំស្រីមានអាយុ ៧៨ ឆ្នាំហើយក្តី ប៉ុន្តែគាត់នៅតែមានសុខភាពមាំមួន និងអាចចងចាំយ៉ាងច្បាស់នូវព្រឹត្តិការណ៍ជីវិតកាលពី ៤៨ ឆ្នាំមុន។ ខ្សែជីវិតដ៏ជូរចត់របស់អ៊ុំស្រី បានចាប់ផ្តើមនៅឆ្នាំ ១៩៧៨ នៅពេលដែលរូបគាត់ និងសមាជិកគ្រួសារសរុបជាង ២០ នាក់ ត្រូវខ្មែរក្រហមបង្ខំឱ្យចាកចេញពីស្រុកកំណើតឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់។ ដំណើរជម្លៀសដំបូងត្រូវធ្វើឡើងដោយថ្មើរជើង ឆ្លងកាត់វត្តឃ្លាំង និងភ្នំឈើកាច់ រហូតដល់ត្រើយខាងកើតអ្នកលឿង។ បន្ទាប់មក គ្រួសារអ៊ុំស្រីត្រូវអង្គការខ្មែរក្រហមដឹកតាមកប៉ាល់មកកាន់ភ្នំពេញ រួចបន្តដំណើរជិះរថភ្លើងទាំងយប់ ឆ្ពោះទៅដល់ស្ថានីយរថភ្លើងខេត្តពោធិ៍សាត់នៅវេលាម៉ោង ៤ ព្រឹក។ ភ្លាមៗបន្ទាប់ពីទៅដល់ គ្រួសារអ៊ុំស្រី និងអ្នកជម្លៀសទាំងអស់ត្រូវខ្មែរក្រហមនាំទៅរោងបាយរួមដើម្បីហូបបាយ និងបន្តទៅប្រជុំបែងចែកកម្លាំងពលកម្មនៅវត្តកំពង់ក្រសាំង ភូមិកំពង់ក្រសាំងលើ ឃុំកណ្តៀង ស្រុកកណ្តៀង។ នៅទីនោះ គ្រួសាររបស់អ៊ុំស្រីត្រូវបានបំបែកឱ្យធ្វើការដាច់ដោយឡែកពីគ្នា ដោយប្តីត្រូវទៅនៅក្នុងកងយុវជនមានតួនាទីរែកដីនៅក្បែរច្រាំងទន្លេ រីឯអ៊ុំស្រីត្រូវចូលក្នុងកងនារីមានតួនាទីច្រូតស្រូវ និងបោកកណ្តាប់ស្រូវទាំងយប់ទាំងថ្ងៃ ហើយម្តាយត្រូវបានចាត់បញ្ចូលក្នុងកងមើលថែកុមារតូចៗ។ អ៊ុំស្រីបានរៀបរាប់ថា ការរស់នៅកាលនោះពោរពេញដោយភាពភ័យខ្លាច ការតាមដានគ្នា និងភាពអត់ឃ្លាន។ អ៊ុំស្រីធ្លាប់បានមើលឃើញផ្ទាល់ភ្នែកនូវអំពើទារុណកម្ម និងការសម្លាប់ប្រជាជនយ៉ាងព្រៃផ្សៃ។
លុះដល់ឆ្នាំ ១៩៧៩ ក្រោយពេលរបបខ្មែរក្រហមដួលរលំភ្លាម អ៊ុំស្រី ណុន និងគ្រួសារបានធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ ដោយត្រូវដើរផង និងសុំឡានគេជិះផង ព្រមទាំងប្រឈមមុខនឹងជំងឺកញ្ជ្រិល និងការខ្វះខាតអាហារតាមផ្លូវ។ ទោះជាយ៉ាងណា ក្នុងចំណោមសមាជិកជាង ២០ នាក់នៃគ្រួសារទាំង ៣ ដែលបានជម្លៀសចេញទៅជាមួយគ្នា មានតែគ្រួសាររបស់អ៊ុំស្រីមួយប៉ុណ្ណោះដែលមានវាសនារស់រានមានជីវិត។ ឯគ្រួសារបងស្រី និងប្អូនប្រុសបានបាត់ដំណឹងសូន្យឈឹងរហូតមកទល់សព្វថ្ងៃ។ អ៊ុំស្រី ធន់ ណុន នៅតែបន្តរង់ចាំ និងប្រកាសស្វែងរកដំណឹងសាច់ញាតិដែលបានបាត់ខ្លួន ព្រមទាំងបួងសួងសុំកុំឱ្យរបបដ៏ព្រៃផ្សៃបែបនេះកើតមានឡើងសារជាថ្មីនៅលើទឹកដីកម្ពុជាទៀតឡើយ។
សូមអានការដកស្រង់សម្តីចេញពីកិច្ចសម្ភាសរបស់អ៊ុំស្រី ធន់ ណុន ដូចខាងក្រោម៖
«ខ្ញុំឈ្មោះ ធន់ ណុន អាយុ ៧៨ឆ្នាំ រស់នៅភូមិត្រពាំងស្រែ ឃុំព្រៃគុយ ស្រុកមេសាង ខេត្តព្រៃវែង។ នៅឆ្នាំ ១៩៧៨ ខ្ញុំត្រូវគេជម្លៀសចេញពីស្រុកកំណើត។ ដំណើរជម្លៀសនោះ ខ្ញុំបានទៅដេក (សម្រាក) នៅវត្តឃ្លាំងមួយយប់ បន្តទៅដេកនៅភ្នំឈើកាច់មួយយប់ និងនៅត្រើយខាងកើតអ្នកលឿងមួយយប់ទៀត ទើបបានជិះកប៉ាល់ចេញពីអ្នកលឿង ទៅដល់ច្រាំងបាក់ (ភ្នំពេញ) នាវេលាម៉ោងប្រហែល ៨ យប់។ ទៅដល់មិនទាន់បានហូបបាយស្រួលបួលផង គេហៅឈ្មោះឱ្យឡើងជិះរថភ្លើងបន្តទៅខេត្តពោធិ៍សាត់ ហើយពួកយើងបានទៅដល់ស្ថានីយរថភ្លើងខេត្តពោធិ៍សាត់នាវេលាម៉ោង ៤ ភ្លឺ។
ពេលចុះពីរថភ្លើង យើងត្រូវធ្វើដំណើរដោយថ្មើរជើង។ លុះទៅដល់មាត់ទន្លេ ពួកយើងបានឈប់សម្រាកដើម្បីដាំបាយហូប ប៉ុន្តែដាំមិនទាន់ពុះផង ស្រាប់តែមានអ្នកស្រុកនៅទីនោះមកនាំពួកខ្ញុំទៅមុខទៀត ដោយប្រាប់ថា «មិនបាច់ដាំទេ ទៅដល់ឥឡូវហើយ»។ កាលណោះ ខ្ញុំមានកូនខ្ចីនៅក្នុងដៃផង។ លុះទៅដល់រោងបាយមួយកន្លែងនៅពាក់កណ្តាលផ្លូវ ខ្ញុំឃើញគេដួសបាយមួយវែកៗក្នុងចានរៀបលើតុវែង ហើយមានសាច់ជ្រូកដាក់ក្នុងចាននៅចន្លោះចានបាយដែលបានរៀបជាជួរសងខាងតុបាយ។ កំពុងតែហូបបានបន្តិច ស្រាប់តែកម្មាភិបាលស្រែកថា «បានហើយ! ហូបប៉ុណ្ណឹងបានហើយ! ទៅមុខទៀត នៅខាងមុខមានគេរៀបបាយឱ្យហូបទៀតហើយ»។
ពេលទៅដល់ទីនោះ កម្មាភិបាលបានបំបែកពួកយើងដែលមកពីព្រៃវែង។ គេឱ្យអ្នកខ្លះទៅរោងបាយទីពីរ ចំណែកខ្ញុំគេឱ្យទៅរោងបាយមួយទៀតរំលងរោងបាយទីបី ប៉ុន្តែពេលទៅដល់គឺគ្មានបាយហូបឡើយ គឺគេប្រមូលយើងឱ្យទៅប្រជុំនៅវត្តកំពង់ក្រសាំង ភូមិកំពង់ក្រសាំង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ គេឱ្យពួកយើងតម្រង់ជួរ រួចចាត់តាំងអ្នកឈរមុខគេឱ្យធ្វើជាប្រធានក្រុម អ្នកឈរបន្ទាប់ជាអនុក្រុម ហើយអ្នកឈរបន្តបន្ទាប់មកទៀតជាសមាជិកក្រុម។ ខ្ញុំ និងស្ត្រីដែលមានកូនតូចៗគឺជាសមាជិក ស្ថិតក្រោមការគ្រប់គ្រងរបស់ តាសារ៉ន ដោយមាននាទីច្រូតស្រូវ ជជុះចំបើងឱ្យបានពីរបីរយកណ្តាប់ក្នុងមួយថ្ងៃ និងបោកកណ្តាប់នៅពេលយប់។ ចំណែកប្តីខ្ញុំ និងបុរសៗដែលឈរជួរម្ខាងទៀត ត្រូវគេបង្ខំឱ្យទៅរែកដីនៅក្បែរច្រាំងទន្លេ។ រាល់ថ្ងៃ ខ្ញុំត្រូវជជុះកណ្តាប់បណ្តើរ និងរត់មកឱ្យកូនបៅបណ្តើរ។ ឯកងនារីផ្សេងទៀត ត្រូវដើរចល័តធ្វើស្រែនៅច្រើនកន្លែងក្នុងខេត្ត។
ការរស់នៅទីនោះ គឺខ្ញុំជួបការពិបាកវេទនា និងភ័យខ្លាចជាខ្លាំង។ ពេលប្តីខ្ញុំត្រឡប់ពីរែកដីវិញនាពេលព្រលប់ គាត់បានមកខ្សឹបប្រាប់ខ្ញុំថា៖ «ម៉ែវាកុំមាត់អី! គេទើបតែលូនចេញពីក្រោមផ្ទះយើងមិញនេះទេ។ បើយើងនិយាយអីមិនស្រួល គេនឹងនាំយកយើងទៅបាត់ហើយ»។ ខ្ញុំភ្ញាក់ខ្លួនព្រើត ព្រោះកាលពីពេលថ្ងៃ មានស្ត្រីជាប្រជាជនជម្លៀស ១៧ មេសា ម្នាក់បានខ្សឹបប្រាប់ខ្ញុំថា ប្តីគាត់ត្រូវគេនាំយកទៅសម្លាប់បាត់ហើយ ដោយគ្រាន់តែឈឺបន្តិចបន្តួច។ នាងបានផ្តាំខ្ញុំថា កុំឱ្យនិយាយអ្វីផ្តេសផ្តាសឱ្យសោះ ព្រោះកន្លែងដែលខ្ញុំស្នាក់នៅនេះជាកន្លែងលត់ដំ ហើយរោងបាយនៅជិតនោះ ក្នុងមួយពេលគេដាំបបរអង្ករតែ ៣ កំប៉ុងឱ្យហូបសម្រាប់មនុស្ស ២០ នាក់ប៉ុណ្ណោះ ហើយបើមានអ្នកឈឺល្មមៗ គេនឹងដឹកតាមរទេះយកទៅកប់ទាំងរស់។ នៅថ្ងៃមួយ ខ្ញុំបានឃើញបុរសជនជាតិចិនម្នាក់ ត្រូវកម្មាភិបាលធ្វើទារុណកម្មដោយញាត់បារីកំពុងឆេះចូលមាត់ ហ៊យនៅប៉ុន្មានថ្ងៃក្រោយមក គាត់បានចងកសម្លាប់ខ្លួននៅខាងត្បូងផ្ទះខ្ញុំស្នាក់នៅ។
ចំពោះរបបអាហារវិញ ដោយសារខ្លាចទាស់ ខ្ញុំសុំតែអំបិលមកហូបជាមួយបបររាវ ព្រោះចុងភៅជាជនជាតិចាមក្បាលត្រងោលៗ ស្លអ្វីក៏ដាក់ដូងដែរ ដូចជាសម្លដើមចេក ព្រលិត និងត្រកួន ខណៈដែលពួកកម្មាភិបាលហូបសុទ្ធតែសាច់ជ្រូក និងសាច់មាន់។ ដល់ពេលយប់ ឮសំឡេងឆ្កែចចកលូក្នុងព្រៃ ខ្ញុំភ័យខ្លាចណាស់ និងបានត្រឹមលើកដៃសំពះបន់ស្រន់ម្ចាស់ទឹកម្ចាស់ដី សុំតែសេចក្តីសុខរស់រានមានជីវិត បានជួបជុំបងប្អូន និងបានវិលត្រឡប់ទៅស្រុកកំណើតវិញ។
ខ្ញុំរស់នៅខេត្តពោធិ៍សាត់បានប្រហែល ៧ ខែ ទើបរបបខ្មែរក្រហមដួលរលំ ហើយខ្ញុំបានវិលត្រឡប់មកស្រុកកំណើតវិញប្រហែលក្នុងខែជេស ឬខែអាសាធ ឆ្នាំ ១៩៧៩។ ប្រជាជនជាច្រើនបានចាកចេញយ៉ាងប្រសេកប្រសាចពេញផ្លូវ ខ្លះទូល ខ្លះរែក និងខ្លះពរកូន។ គ្រួសារខ្ញុំបានធ្វើដំណើរចេញមកជាមួយនឹងគេដែរ។ នៅតាមផ្លូវ ខ្ញុំបានជួបជាមួយនាង សួរ (កូន តាហ៊ុយ) ព្រមទាំងបានជួបអ្នកស្រុកជាមួយគ្នាជាច្រើនទៀត ប៉ុន្តែគ្មាននរណាម្នាក់ធ្វើស្គាល់គ្នា ឬហៅគ្នាហូបបាយឡើយ។ ពួកយើងដើរដេកតាមផ្លូវពីរបីយប់ ទើបមកដេកនៅបាកានមួយយប់ រួចបន្តមកដល់ខេត្តពោធិ៍សាត់។ ខ្ញុំបានប្រគល់អង្ករកន្លះតៅឱ្យនាង សួរ ដើម្បីជិះឡានទៅស្រុកមុន ហើយពួកខ្ញុំបន្តដើរមកដេកនៅក្រគរ ផ្សារពង្រ (ស្រុកបរិបូរណ៍) និងទីរួមខេត្តកំពង់ឆ្នាំងអស់រយៈពេលពីរបីយប់ទៀត។ បន្ទាប់មក ខ្ញុំបានសុំឡានគេជិះរហូតមកដល់ព្រែកក្តាម ទើបចាប់ផ្តើមដើរតទៅទៀត។ តាមផ្លូវ ខ្ញុំសុំអង្ករគេបានយ៉ាងច្រើនរហូតទូល និងរែកលែងរួច ព្រោះត្រូវពរកូនផង រែកកូនផង និងមានសម្ភារច្រើនផង។ ពេលកំពុងដើរតាមផ្លូវ ខ្ញុំឃើញគេដាក់លក់ដែកកេះ។ ខ្ញុំក៏សម្រេចចិត្តយកអង្ករខ្លះទៅដូរយកដែកកេះមកទុកប្រើប្រាស់ពេលធ្វើដំណើរ។ កំពុងតែដូរ ប្តីខ្ញុំដែលរែកកូន ឆ្នាំង និងអង្ករ បានដើរលឿនទៅមុខបាត់ ព្រោះគាត់ចង់ស្រូតឱ្យទាន់ឡើងជិះឡានជាមួយគេ ប៉ុន្តែយើងនៅតែមិនអាចជិះឡានបាន។ យើងធ្វើដំណើរបន្តទៀត ហើយបានជួបជាមួយ តាថាំ (ប្តីយាយនៅ) នៅគីឡូម៉ែត្រលេខ ៦។ យើងបានធ្វើដំណើរជាមួយគ្នាមកស្រុក។ ជួនកាល ខ្ញុំបានពឹងពាក់គាត់ឱ្យជួយបីកូនខ្ញុំខ្លះ ព្រោះកូនកើតជំងឺកញ្ជ្រិលដើរមិនរួច។ នៅគីឡូម៉ែត្រលេខ ៦ ដោយសារឃ្លានពេក ខ្ញុំបានដាច់ចិត្តទៅសុំជើងគោស្ងោរគេហូប ហើយគេក៏បានចែកឱ្យប៉ុន្មានដុំ។ យើងបានបន្តធ្វើដំណើរមកទៀត ដោយបានសុំអង្ករគេមកដាំហូប និងសុំត្រីងៀតពីអ្នកភូមិខ្លះមកអាំងហូបជាមួយបាយនៅតាមផ្លូវរហូតមកដល់ត្រើយខាងកើតអ្នកលឿង។ ពេលនោះ ខ្ញុំក៏ឆ្លងជំងឺកញ្ជ្រិលពីកូនដែរ ហើយយើងពិតជាមិនចង់ឱ្យត្រូវទឹកភ្លៀងទេ។ ប៉ុន្តែចៃដន្យនៅពេលនោះ មេឃរៀបនឹងភ្លៀងធ្លាក់ទាំងយើងពុំមានអ្វីជ្រកឡើយ។ ប៉ុន្តែសំណាងល្អ បងផាន (បងប្អូនជីដូនមួយ) បានបររទេះមកដល់ល្មម ហើយបានលាតង់គ្របឱ្យជ្រកភ្លៀង។ ពេលមកជិតដល់ស្រុក ឪពុកក្មេក និងម្តាយក្មេកខ្ញុំបានធ្វើដំណើរមកទទួលពួកខ្ញុំដល់ភ្នំឈើកាច់ ធ្វើឱ្យខ្ញុំមានសេចក្តីរំភើបឥតឧបមា ហើយយើងបានធ្វើដំណើរទៅកាន់ស្រុកកំណើតទាំងអស់គ្នា។
នៅពេលទៅដល់ស្រុកកំណើត ខ្ញុំពុំឃើញគ្រួសារបងស្រីបង្កើតខ្ញុំឈ្មោះ ធន់ ភួង មានប្តីឈ្មោះ ឌី និងគ្រួសារប្អូនប្រុសបង្កើតខ្ញុំឈ្មោះ ធន់ អាន មានប្រពន្ធឈ្មោះ ជា លាភ វិលត្រឡប់មកវិញសោះ។ គ្រួសារទាំងពីរដែលបាត់ដំណឹងនេះមានសមាជិកជិត ២០ នាក់។ កាលពីជម្លៀសចេញនៅឆ្នាំ ១៩៧៨ គ្រួសារពួកយើងទាំង ៣ គ្រួសារ បានចាកចេញទៅជាមួយគ្នា ប៉ុន្តែពេលត្រឡប់មកវិញ មានតែគ្រួសារខ្ញុំមួយប៉ុណ្ណោះដែលមានវាសនារស់រានមានជីវិត។ រហូតមកដល់សព្វថ្ងៃនេះ ខ្ញុំនៅតែទន្ទឹងរង់ចាំដំណឹងពីគ្រួសារបងស្រី និងប្អូនប្រុសខ្ញុំជានិច្ច ហើយខ្ញុំសូមប្រកាសស្វែងរកពួកគាត់តាមរយៈការផ្សព្វផ្សាយនេះដែរ។
ជាចុងក្រោយ ខ្ញុំសូមបួងសួងកុំឱ្យរបបដ៏ព្រៃផ្សៃបែបនេះកើតឡើងសារជាថ្មីម្ដងទៀតឡើយ ហើយសុំឱ្យមានតែសេចក្តីសុខសាន្ត និងការជួបជុំក្រុមគ្រួសាររហូតតទៅ។»
________________________________
Echoes of Evacuation: Thun Non’s Survival Under the Khmer Rouge and Her Journey Home
The painful memories and unforgettable experiences of surviving the Khmer Rouge regime were recalled through the narrative of Thun Non, a KR survivor currently residing in Trapeang Sre village, Prey Kuy commune, Mesang district, Prey Veng province. The account was recorded during an interview with Pot Makk, a history teacher at Mesang High School, in early August 2026.
Despite being 78 years old, she remains in good health and vividly recalls the events of her life from 48 years ago. Her agonizing journey began in 1978 when she and her family (more than 20 family members) were forced by the Khmer Rouge to leave their homeland for Pursat province. The initial evacuation took place on foot, passing Wat Khleang and Chheu Kach Mountain to the eastern bank of Neak Loeung. Her family was then transported by boat to Phnom Penh by Angkar, followed by an overnight train ride that arrived at Pursat Railway Station at 4:00 AM.
Immediately upon arrival, Non’s family and all evacuees were led to a communal dining hall to eat, then taken to a meeting to assign labor forces at Wat Kampong Kra-saing in Kampong Kra-saing Leu village, Kandieng commune, Kandieng district. There, her family was separated into different work units: her husband was assigned to a youth mobile unit carrying soil near the riverbank, she joined a women’s unit harvesting and threshing rice day and night, and her mother was placed in a childcare unit for small children. She recounted that life then was plagued by fear, surveillance, and starvation. She witnessed torture and brutal killings firsthand.
In 1979, immediately following the fall of the regime, Non and her remaining family journeyed back home, alternating between walking and hitchhiking while battling measles and food shortages along the way. Out of more than 20 members across three families who were evacuated together, only hers survived. Her sister’s and brother’s families disappeared without a trace. Thun Non continues to wait and search for news of her lost relatives, praying that such a brutal regime never returns to Cambodia.
Interview Transcript Excerpt:
“My name is Thun Non, 78 years old, living in Trapeang Sre village, Prey Kuy commune, Mesang district, Prey Veng province. In 1978, I was evacuated from my hometown. During that evacuation, I slept at Wat Khleang for one night, Chheu Kach Mountain for one night, and on the eastern bank of Neak Loeung River for another night before taking a boat from Neak Loeung to Phnom Penh (Chraing Bakk), arriving around 8:00 PM. Before we could even eat a proper meal, our names were called to board a train to Pursat province, arriving at the Pursat station at 4:00 AM.
When we got off the train, we had to walk. Upon reaching a river, we stopped cooking rice, but before it could boil, residents led us further, telling us, ‘Don’t cook; we’re almost there.’ At the time, I was carrying an infant in my arms. Reaching a communal dining hall along the way, I saw scoops of rice served in bowls on a long table, with pork dishes placed between them. Just as we began eating, cadres shouted, ‘Enough! That’s enough eating! Move forward; there is more food prepared ahead.’
When we arrived there, cadres separated us from Prey Veng. Some were sent to a second hall, while I was sent past a third hall, but there was no food when we arrived. Instead, we gathered for a meeting at Wat Kampong Kra-saing in Kampong Kra-saing village, Kandieng district, Pursat province. They lined us up and appointed the person at the front as unit leader, the next as deputy, and the rest as members.
Other women with infants and I were put under the supervision of Ta Sarorn. My job was to harvest rice, thresh straw to produce a few hundred sheaves a day, and thresh rice at night. My husband and the men in the other line were forced to haul earth near the riverbank. Every day, I had to thresh rice while constantly running back to breastfeed my child. Other women’s units were moved around to farms in various locations across the province.
Living there was full of suffering and terrifying fear. When my husband returned from hauling earth at dusk, he whispered to me: ‘Don’t make a sound! Someone was just crawling under our shelter. If we say the wrong thing, they will take us away.’ I was terrified because earlier that day, a woman from the April 17 evacuee group whispered to me that her husband had been taken away and killed just for being slightly sick. She warned me never to speak recklessly because where we stayed was a re-education site. The nearby dining hall cooked only three small cans of rice porridge for 20 people per meal, and if anyone was moderately sick, they were carried away on carts and buried alive. One day, I saw a Chinese man tortured by cadres who stuffed burning cigarettes into his mouth; a few days later, he hanged himself south of the house where I stayed.
As for meals, fearing digestive illness, I only asked for salt to eat with thin porridge because the head chef—a Cham man with a shaven head—cooked everything with coconut, including banana stalk, water lily, and morning glory soups, while the cadres ate pure pork and chicken. At night, hearing wolves howling in the forest, I was terrified and could only raise my hands to pray to the local spirits for safety, survival, reunion with my relatives, and a return to my hometown.
I lived in Pursat for about seven months until the Khmer Rouge regime fell, returning home around June or July 1979. People were fleeing en masse along the roads, carrying loads on their heads, some carrying pole baskets, and others holding children. My family walked along with them. On the way, I met Suor (Ta Huy’s daughter) and many fellow villagers, but no one acknowledged each other or invited others to share food. We slept along the road for a few nights, slept in Bakan for one night, and then reached Pursat province. I gave half a tau (a local measure) of rice to Suor so she could take a car ahead, while we continued walking and slept in Krakor, Phongro Market (Boribo district), and Kampong Chhnang provincial town over several nights. Later, I hitchhiked on a truck to Prek Kdam before walking again.
Along the way, I begged for so much rice that I could no longer carry or balance it on a pole, as I had to carry my baby, carry my child on the pole, and transport our belongings. While walking, I saw people selling lighters. I decided to trade some rice for a lighter to use on our journey. While trading, my husband—who was carrying our child, pots, and rice—walked ahead to rush to catch a truck, but we still couldn’t get a ride. We continued traveling and met Ta Tham (Yay No’s husband) at Kilometer 6, traveling together toward our home district. At times, I asked him to help carry my child because the child contracted measles and couldn’t walk.
At Kilometer 6, out of sheer hunger, I worked up the courage to ask someone for boiled beef feet, and they gave us a few pieces. We continued traveling, begging for rice to cook and asking villagers for dried fish to grill along the way until we reached the eastern bank of Neak Loeung. By then, I had caught measles from my child, and we were desperately trying to avoid the rain. Unexpectedly, it was about to rain, and we had no shelter. Fortunately, Brother Phan (a cousin) arrived with an oxcart and spread a tarpaulin to shelter us from the rain. When we neared our home district, my parents-in-law came to meet us at Chheu Kach Mountain, filling me with immense joy, and we all traveled back to our hometown together.
When we arrived at our hometown, I saw no sign of my older sister Thun Phuong, her husband Dy, or my younger brother Thun An and his wife Chea Leap. The two missing families comprised nearly 20 members. When we were evacuated in 1978, our three families left together, but upon returning, only my family survived. To this day, I am still waiting for news of my sister’s and brother’s families, and I appeal for any information through this publication.
Finally, I pray that such a brutal regime will never happen again, and I wish for peace and family reunions forever.”
Video Interviewer: Pot Makk, History Teacher at Mesang High School, Mesang District
Interview Date: August 2026
Photos, Text, and Interview Transcript: Pheng Pong-Rasy
Source: Documentation Center of Cambodia Archives
https://photos.app.goo.gl/pvsLvxjriY6S2hK16