Home / Post

Stung Treng Documentation Center: Oral History – Listening to a Story of Khmer Rouge Survivor

ជា ចាន់ធឿន រំឭកអំពីការមករស់នៅបុរីអូរស្វាយ ជានិគមន៍ជន និងបទពិសោធន៍ក្នុងរបបខ្មែរក្រហម
ដោយ ហូ លីនីត, អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តស្ទឹងត្រែង​

ខ្ញុំឈ្មោះ ជា ចាន់ធឿន អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងបច្ចុប្បន្ននេះ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមានកូនចំនួន៤នាក់។ នៅវ័យកុមារ ខ្ញុំរៀនសូត្របានត្រឹមថ្នាក់ទី១០។ ឪពុករបស់ខ្ញុំមានឈ្មោះ ជា ពេញ និងម្តាយរបស់ខ្ញុំឈ្មោះ អុង កាយ ហើយអ្នកមានគុណទាំង២បានទទួលមរណភាពអស់ទៅហើយ។ ខ្ញុំមានបងប្អូនប្រុសស្រីចំនួន៤នាក់។

គ្រួសាររបស់ខ្ញុំបានផ្លាស់ប្តូរមករស់នៅបុរីអូរស្វាយតាំងពីឆ្នាំ១៩៦៥។ នៅពេលដែលមកដល់ទីនេះ ខ្ញុំឃើញមានប្រជាជនរស់នៅប្រមាណតែ៧០ទៅ៨០គ្រួសារប៉ុណ្ណោះ។ នៅពេលនោះ បុរីអូរស្វាយនៅជាតំបន់ដែលព័ទ្ធជុំវិញដោយព្រៃក្រាស់ និងទន្លេមេគង្គ។ ទោះជាយ៉ាងណា ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលសំខាន់ៗមួយចំនួនត្រូវបានកសាងរួចជាស្រេច ដើម្បីបម្រើដល់ការរស់នៅរបស់ប្រជាជន ដូចជា ផ្សារសហគមន៍ សាលាឆទាន វត្ត បន្ទាយទាហាន មន្ទីរពេទ្យ រោងតម្បាញ និងរោងចក្រផលិតស្ករ។ ប៉ុន្តែសម្រាប់អ្នកដែលទើបមករស់នៅថ្មីៗ បុរីអូរស្វាយនៅពេលនោះនៅតែជាតំបន់ដែលពោរពេញដោយធម្មជាតិព្រៃស្ងាត់ និងគួរឱ្យខ្លាច។ នៅពេលល្ងាច ខ្ញុំតែងតែឮសំឡេងសត្វស្វា និងសត្វខ្លាពេញព្រៃ ដែលធ្វើឲ្យអ្នករស់នៅមានអារម្មណ៍ភ័យខ្លាច ជាពិសេសនៅពេលយប់តែម្ដង។ នៅពេលដែលមកដល់បុរីអូរស្វាយដំបូង គ្រួសាររបស់ខ្ញុំទទួលបានផ្ទះកាឡុងមួយខ្នង និងដីមួយកន្លែងដែលមានទទឹង៤០ម៉ែត្រ និងបណ្តោយ៥០ម៉ែត្រ សម្រាប់រស់នៅ និងប្រកបរបរចិញ្ចឹមជីវិត។ បើទោះបីជាមានសមិទ្ធផលមួយចំនួនត្រូវបានកសាងរួចហើយក៏ដោយ ការរស់នៅរបស់ប្រជាជននៅបុរីអូរស្វាយនៅពេលនោះនៅតែមានការលំបាក។ បញ្ហាដ៏ធំបំផុតមួយគឺជំងឺគ្រុនចាញ់ ដោយសារតែតំបន់នេះសម្បូរទៅដោយមូស។ ជំងឺគ្រុនចាញ់នេះបានបណ្តាលឲ្យមានប្រជាជនស្លាប់ជាច្រើន។ ទោះបីជាការរស់នៅមានការលំបាក និងប្រឈមនឹងជំងឺដ៏គួរឲ្យភ័យខ្លាចក៏ដោយ ប្រជាជននៅតែបន្តតស៊ូ និងកសាងជីវិតនៅលើទឹកដីថ្មី បុរីអូរស្វាយនេះ។ ឪពុកម្តាយ និងខ្ញុំ គឺជាផ្នែកមួយនៃក្រុមប្រជាជន ដែលបានតស៊ូរស់នៅបុរីអូរស្វាយ រហូតមកដល់សព្វថ្ងៃនេះ។ ដូច្នេះ បទពិសោធន៍ និងការចងចាំអំពីការមកតាំងទីលំនៅ នៅឆ្នាំ១៩៦៥ មិនត្រឹមតែជាការចងចាំអំពីការចាប់ផ្តើមជីវិតនៅក្នុងតំបន់ថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចងចាំអំពីការតស៊ូ និងការអត់ធ្មត់របស់ប្រជាជននិគមន៍ជនដែលបានចូលរួមការកកើតសហគមន៍បុរីអូរស្វាយឡើងមក។

លុះដល់សម័យ លន់ នល់ ចូលមកដល់ ខ្ញុំរៀនបានត្រឹមថ្នាក់ទី១០ ប៉ុណ្ណោះ ក៏ត្រូវខកខានឈប់រៀនដោយសារតែប្រទេសជាតិធ្លាក់ចូលក្នុងសង្គ្រាម។ ពេលនោះ នៅភូមិអូរស្វាយទាំងមូល ត្រូវរងការទម្លាក់គ្រាប់បែកតាមយន្តហោះពីកងទ័ពអាមេរិកាំង ធ្វើឱ្យគ្រួសារខ្ញុំត្រូវជម្លៀសខ្លួនទៅរស់នៅ និងលាក់ខ្លួននៅក្នុងព្រៃ រួចបន្តរត់ទៅភូមិអូររុន និងអូរកុំ។ នៅពេលត្រឡប់មកជ្រកកោនក្នុងរណ្ដៅត្រង់សេជាមួយលោកតាហុកវិញ យន្តហោះបានទម្លាក់គ្រាប់បែកចំស្ពានអូរសាយ រួចបន្តមកទម្លាក់នៅកន្លែងផ្សារទៀត ធ្វើឱ្យពួកយើងត្រូវជម្លៀសខ្លួនទៅភូមិអូររុនសារជាថ្មី។ កាលនោះលំបាកខ្លាំងណាស់ ហើយហេដ្ឋារចនាសម្ព័ន្ធស្ទើរតែទាំងអស់ ដូចជាស្ពាន រោងតម្បាញ សាលាឆទាន មន្ទីរពេទ្យ និងផ្ទះកសិកម្ម ត្រូវបានបំផ្លិចបំផ្លាញស្ទើរទាំងស្រុង។

ក្រោយពីមានរដ្ឋប្រហារលន់ នល់ ទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ, បុរីអូរស្វាយ ប្រែក្លាយទៅជាសមរភូមិរវាងកងទ័ពខ្មែរក្រហម និងទាហានលន់ នល់។ សមិទ្ធផលកសាងនៅសម័យសង្គមរាស្រ្ត ត្រូវបានបំផ្លិចបំផ្លាញ ហើយប្រជាជនត្រូវជាប់គាំងក្នុងភ្នក់ភ្លើងសង្រ្គាម ដោយមិនអាចចាកចេញទៅទីកន្លែងណាបាននោះឡើយ ពីព្រោះភូមិសាស្រ្តបុរីអូរស្វាយ មានភូមិសាស្រ្តជាតំបន់ព្រៃក្រាស់ និងទឹកទន្លេមេគង្គ។ រហូតដល់របបខ្មែរក្រហម, ខ្ញុំទើបតែមានអាយុ១៨ឆ្នាំ។ នៅពេលនោះ ខ្មែរក្រហមបានចាត់តាំងខ្ញុំឲ្យទៅរស់នៅ និងធ្វើការនៅចម្ការកៅស៊ូ ក្នុងខេត្តរតនគិរី ដោយត្រូវបែកចេញពីឪពុកម្តាយ។ ដោយសារតែកិច្ចខិតខំប្រឹងប្រែងធ្វើការងាររបស់ខ្ញុំ ខ្មែរក្រហមបានដាក់ការងារឲ្យខ្ញុំធ្វើជាប្រធានក្តាប់រួមនារីសហជីព នៅចម្ការកៅស៊ូ ខេត្តរតនគិរី។ ក្នុងតួនាទីនេះ ខ្ញុំមានភារកិច្ចគ្រប់គ្រងសហជីពចំនួន១០ដែលមានប្រជាជនមកពីជនជាតិផ្សេងៗរស់នៅ និងធ្វើការជាមួយគ្នា។ ក្នុងអំឡុងពេលដឹកនាំ ខ្ញុំបានព្យាយាមសម្របសម្រួល និងយកចិត្តទុកដាក់មើលថែប្រជាជននៅក្នុងអង្គភាពរបស់ខ្ញុំ ដោយខិតខំធ្វើយ៉ាងណាកុំឲ្យមានអ្នកណាម្នាក់បាត់បង់ជីវិត។ បើទោះបីជាស្ថានភាពនៅពេលនោះ មានការលំបាកយ៉ាងណាក៏ដោយ ខ្ញុំនៅតែព្យាយាមអប់រំ និងណែនាំប្រជាជន ដើម្បីកុំឥឲ្យមានការចាប់ខ្លួន និងការយកទៅសម្លាប់ ក្នុងការចោទប្រកាន់របស់អង្គការ។ ប្រសិនបើមាននរណាម្នាក់ប្រព្រឹត្តកំហុស ឬលួចរបស់របរ ខ្ញុំតែងតែហៅអ្នកនោះមកអប់រំ និងណែនាំដោយស្ងាត់ៗនៅពេលយប់។ ចំពោះការងារប្រចាំថ្ងៃ កម្មករទាំងអស់ត្រូវបានចាត់តាំងឲ្យចាក់ជ័រកៅស៊ូឲ្យបាន៧០០ដើមក្នុងមួយថ្ងៃ។ ក្នុងមួយក្រុម មានសមាជិក២០នាក់។ ប្រសិនបើមានមិត្តណាម្នាក់ធ្វើការងារមិនទាន់គោលដៅ, ខ្ញុំតែងតែប្រាប់ឲ្យជួយគ្នាទៅវិញទៅមក ពីព្រោះប្រសិនបើធ្វើមិនបានតាមការកំណត់ អ្នកនោះអាចត្រូវអង្គការយកទៅសម្លាប់។ ក្នុងការងារនៅចម្ការកៅស៊ូ មិនមានការបែងចែកការងារយ៉ាងច្បាស់រវាងបុរស និងស្ត្រីទេ។ បុរស និងស្ត្រីត្រូវធ្វើការដូចគ្នា ដូចជាចាក់ជ័រកៅស៊ូ និងដាំបន្លែ។ នៅក្នុងអង្គភាពរបស់ខ្ញុំ មានមន្ទីរពេទ្យមួយឈ្មោះ «មន្ទីរពេទ្យពោរ២» សម្រាប់ឲ្យស្ត្រីមានផ្ទៃពោះទៅសម្រាលកូន។ នៅពេលដែលស្ត្រីមានបញ្ហាសុខភាព ឬមានរដូវ ខ្ញុំក្នុងនាមជាអ្នកដឹកនាំស្ត្រី បានព្យាយាមយល់ពីតម្រូវការរបស់គាត់ និងជួយតាមលទ្ធភាពដែលមាន។ ខ្ញុំតែងតែរកសម្ភារៈ និងថ្នាំសង្កូវមួយចំនួនជូនគាត់ប្រើប្រាស់ បើទោះបីជារបស់ទាំងនោះមានចំនួនតិច និងមិនសម្បូរបែបក៏ដោយ។ ចំពោះស្ត្រីដែលទើបសម្រាលកូន ខ្ញុំអោយម្ដាយសម្រាករហូតដល់កូនរឹងដៃរឹងជើង ទើបបញ្ជូនទៅត្រឡប់មកធ្វើការវិញ។ របបអាហារ នៅពេលនោះ មានការខ្វះខាត និងមិនសូវគ្រប់គ្រាន់ឡើយ។ មិនថាជាអ្នកចេះដឹង ឬអ្នកមិនសូវមានការអប់រំទេ ប្រជាជបត្រូវចូលរួមធ្វើការងារដូចគ្នា ដូចជា ការធ្វើស្រែចម្ការ, ការលើកភ្លឺទំនប់ និងការចាក់ជ័រកៅស៊ូ។ ជីវិតប្រចាំថ្ងៃពោរពេញទៅដោយការធ្វើការងារជាទម្ងន់, ការបង្អត់អហារ និងការភ័យខ្លាច។

នៅពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា កំពុងតែចូលមកដល់, ខ្ញុំត្រូវបានជម្លៀសទៅកាន់ខេត្តព្រះវិហារ ជិតព្រំដែនថៃ។ នៅពេលនោះ ខ្ញុំ និងមិត្តផ្សេងទៀត ត្រូវឡើងទៅលើភ្នំដងរែកដោយតោងវល្លិ៍។ ដោយសារតែខ្ញុំមិនអាចឡើងភ្នំបាន ខ្ញុំបានសម្រេចចិត្តវិលត្រឡប់មកភូមិវិញ ដោយបានគិតថា «ទោះបីជាស្លាប់ ក៏ស្លាប់ចុះ»។ ក្នុងដំណើរវិលត្រឡប់មកវិញ ខ្ញុំបានសុំជិះឡានគេជិះមកកាន់ខេត្តស្ទឹងត្រែង និងបានរស់នៅទីរួមខេត្តអស់រយៈពេល១ឆ្នាំ។ ក្រោយមក ខ្ញុំបានផ្លាស់មករស់នៅបុរីអូរស្វាយវិញ ហើយបន្តរស់នៅទីនេះរហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន ខ្ញុំមានជំងឺប្រចាំកាយ ដូចជា ជំងឺលើសសម្ពាធឈាម និងជំងឺបេះដូង។ កាលពីប៉ុន្មានថ្ងៃមុន ចង្វាក់បេះដូងរបស់ខ្ញុំបានកើនឡើងដល់១៧០ដងក្នុងមួយនាទី ហើយខ្ញុំត្រូវបានបញ្ជូនទៅសង្គ្រោះ និងព្យាបាលនៅមណ្ឌលសុខភាព «ព្រះនរោត្តមសីហនុរាជា និងសម្ដេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ» នៅអូរស្វាយ អស់មួយរយៈពេល ទើបអាការៈបានធូរស្រាល និងអាចវិលត្រឡប់មកផ្ទះវិញបាន។

From Settlement to Survival: The Life Story of Chea Chan Thoeun
By Hor Linith, Stung Treng Documentation Center

My name is Chea Chan Thoeun, and I am 68 years old. I was born in Ta Mao Village, Prek Prasap District, Kratie Province, and I currently live in O’Svay Village, O’Svay Commune, Borei O’Svay Sen Chey District, Stung Treng Province. I have four children. During my childhood, I attended school up to Grade 10. My father was named Chea Penh, and my mother was named Oung Kay. Both of my parents have passed away. I have four siblings, both brothers and sisters.

My family moved to live in O’Svay in 1965. When we first arrived, I saw that only about 70 to 80 families were living there. At that time, O’Svay was surrounded by dense forests and the Mekong River. Nevertheless, several important facilities and infrastructure had already been built to serve the community, including a community market, a sala chhaton, a pagoda, a military barracks, a hospital, a weaving workshop, and a sugar factory.

For newcomers, however, O’Svay was still a quiet and heavily forested area that could be frightening. In the evenings, I often heard the sounds of monkeys and tigers throughout the forest, which made the residents feel afraid, especially at night. When my family first arrived in O’Svay, we were given a traditional wooden house and a plot of land measuring 40 meters wide and 50 meters long for living and making a livelihood.

Although several facilities had already been established, life in O’Svay at that time remained very difficult. One of the biggest problems was malaria, as the area was heavily infested with mosquitoes. Malaria caused many people to die. Despite these hardships and the threat of disease, people continued to struggle and build their lives on this new land in O’Svay. My parents and I were among those who persevered and continued living in O’Svay until today.

Therefore, my experiences and memories of settling in O’Svay in 1965 are not only memories of beginning a new life in a new area, but also memories of the perseverance and endurance of the early settlers who contributed to the formation and development of the O’Svay community.

When the Lon Nol period began, I had completed only Grade 10 and had to stop my education because the country had fallen into war. At that time, the entire O’Svay area was subjected to aerial bombardment by American forces. My family was forced to evacuate and hide in the forest, and later we fled to O’Run and O’Kom villages.

When we returned to seek shelter in a trench with my grandfather Hok, aircraft dropped bombs on the O’Svay Bridge and then continued bombing the market area. As a result, we had to evacuate to O’Run Village once again. Life was extremely difficult, and almost all of the infrastructure, including the bridge, weaving workshop, sala chhaton, hospital, and agricultural facilities, was almost completely destroyed.

Following the Lon Nol coup that overthrew His Royal Highness Prince Norodom Sihanouk, O’Svay became a battlefield between the Khmer Rouge forces and Lon Nol soldiers. The facilities that had been built during the Sangkum Reastr Niyum period were destroyed, and the people became trapped in the middle of the war. They had nowhere to go because of O’Svay’s geographical location, surrounded by dense forests and the Mekong River.

By the time the Khmer Rouge regime began, I was only 18 years old. The Khmer Rouge assigned me to live and work at a rubber plantation in Ratanakiri Province, forcing me to separate from my parents. Because of my hard work and dedication, the Khmer Rouge appointed me as the Head of the Women’s Union at the rubber plantation in Ratanakiri.

In this position, I was responsible for supervising ten unions, whose members came from different ethnic groups and lived and worked together. During my time as a leader, I tried to coordinate the work and take careful care of the people in my unit. I did my best to ensure that no one in my unit lost their life.

Although the situation was extremely difficult, I tried to educate and advise the people so that they would not be arrested or killed as a result of accusations made by the organization. If someone made a mistake or stole something, I would quietly call that person to speak with and advise them at night. I did this because I wanted to prevent them from making further mistakes that could put their lives at risk.

Regarding daily work, all workers were required to tap 700 rubber trees per day. Each group consisted of 20 members. If one of our colleagues could not meet the daily target, I would encourage everyone to help one another. We did this out of compassion, but also because we feared that anyone who failed to meet the quota could be taken away and killed by the organization.

At the rubber plantation, there was no clear division of labor between men and women. Men and women were required to perform the same types of work, including tapping rubber trees and growing vegetables.

There was also a hospital in our unit called Por 2 Hospital, where pregnant women could go to give birth. When women experienced health problems or menstruation, I tried, as a female leader, to understand their needs and provide whatever assistance was available. I would find some basic supplies and medicines for them to use, even though these resources were very limited. Women who had recently given birth were allowed to rest until their babies were strong enough before they were sent back to work.

Food was also scarce and generally insufficient. Regardless of whether someone was educated or had little education, everyone was required to perform the same kinds of work, including farming, building and raising dikes, and tapping rubber trees. Everyday life was filled with heavy labor, food shortages, and fear.

When the forces of the National United Front for the Salvation of Kampuchea began advancing, I was evacuated to Preah Vihear Province, near the Thai border. At that time, I and others were forced to climb the Dangrek Mountains by holding onto vines. Because I could not climb the mountain, I decided to turn back and return home, thinking, “Even if I die, then let me die.”

During my return journey, I managed to get a ride and eventually came to Stung Treng Province, where I lived in the provincial town for about one year. Later, I returned to live in O’Svay and have continued to live here ever since.

Today, I have several chronic health conditions, including high blood pressure and heart disease. A few days ago, my heart rate increased to 170 beats per minute, and I had to be taken for emergency treatment and care at the Preah Norodom Sihanouk and Her Majesty Queen Mother Norodom Monineath Sihanouk Health Center in O’Svay. After receiving treatment for some time, my condition improved, and I was able to return home.

My life has been shaped by periods of settlement, war, displacement, and survival. The memories I carry from these different periods remain an important part of my personal history and of the history of the O’Svay community.

August 27, 2026
Photo by Sreng Lyda
Documentation Center of Cambodia Archives

https://photos.app.goo.gl/TjMhGEq3JkNP1TmW6