Home / Post

Anlong Veng Peace & Human Rights Study Tour. Students of Lumtong Secondary School. November 18, 2026

ទស្សនកិច្ចសិក្សាស្ដីពី «សន្តិភាព និងសិទ្ធិមនុស្ស» ទៅកាន់ទីតាំងប្រវត្តិសាស្ត្រអន្លង់វែង
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងបានរៀបចំដំណើរទស្សនកិច្ចសិក្សាស្ដីពី «សន្តិភាព និងសិទ្ធិមនុស្ស» ជាមួយសិស្សានុសិស្សនៃអនុវិទ្យាល័យ​លំទង​ចំនួន៥នាក់ ក្នុងគោលបំណងលើកកម្ពស់ការចងចាំអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧) ការកសាងសន្ដិភាព និងសិទ្ធិមនុស្ស។ ដំណើរទស្សនកិច្ចនេះផ្ដោតទៅលើគោលដៅទីតាំងប្រវត្ដិសាស្រ្ដចំនួនពីរ គឺ ទីតាំងបូជាសព ប៉ុល ពត និងមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង (អតីតផ្ទះប្រជុំតាម៉ុកលើភ្នំដងរែក)ដែលស្ថិតក្នុងចំណោមទីតាំងប្រវត្ដិសាស្រ្ដទាំង១៤កន្លែងនៅក្នុងស្រុកអន្លង់វែង ដើម្បីជំរុញឲ្យយុវជនផ្សាភ្ជាប់ខ្លួនទៅនឹងព្រឹត្តិការណ៍ប្រវត្ដិសាស្រ្ដ និងការរស់រានមានជីវិត ជាពិសេស គឺការកសាងសង្គមមួយក្រោយជម្លោះ និងអំពើប្រល័យពូជសាសន៍ពីខ្មែរក្រហម។ ក្នុងនោះ ព្រឹត្ដិការណ៍ជម្លោះប្រដាប់អាវុធតាមព្រំដែនរវាងកម្ពុជា-ថៃ ត្រូវបានរំលេច ដែលមកទល់ពេលនេះ កន្លងផុតទៅរយៈពេល១១ខែមកហើយ គឺចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់២៨ ខែធ្នូ ឆ្នាំ២០២៤)។

តាមរយៈការចុះទស្សនកិច្ចសិក្សានៅតាមទីតាំងប្រវត្តិសាស្ត្រទាំងពីរ និងការពិភាក្សាលើប្រធានបទខាងលើ សិស្សានុសិស្សទទួលបាននូវបទពិសោធន៍ និងចំណេះដឹងយ៉ាងជ្រាលជ្រៅ ជាពិសេស គឺការស្វែងយល់ពីប្រវត្តិសាស្ត្រអតីតកាល និងផលប៉ះពាល់នៃជម្លោះព្រំដែន បានបំផុសគំនិតឱ្យខ្លួនយល់អំពីសារៈសំខាន់នៃការការពារសន្តិភាព ការគោរពសិទ្ធិមនុស្ស កិច្ចសន្ទនា ឬដំណោះស្រាយដោយសន្តិវិធី និងការរួមរស់ជាមួយគ្នាដោយអត់ឱន ដើម្បីធានាថាសង្គមមួយរក្សាបាននូវសន្ដិភាព ស្ថិរភាព និងភាពសុខុដុមរមនាជានិរន្តរ៍។

ទស្សនកិច្ចបែបនេះ ជំរុញឲ្យមានវត្ដមានយុវជនឆ្លងកាត់ភូមិសាស្រ្ដតាមព្រំដែនឲ្យបានច្រើន ដើម្បីរៀនសូត្រពីប្រវត្ដិសាស្រ្ដនៅក្នុងតំបន់អន្លង់វែង ដែលជាកម្លាំងជំរុញឲ្យតំបន់នេះប្រែមុខមាត់ថ្មីពីតំបន់អតីត សង្គ្រាម ទៅជាតំបន់ដែលមានការអភិវឌ្ឍន៍ និងសិក្សាស្រាវជ្រាវប្រភពសាច់រឿងមិនចេះរីងស្ងួត។ ប្រភពធនធាន ឬកេរដំណែលដែលមានស្រាប់នេះ គឺសម្រាប់បម្រើដល់ការសិក្សាស្រាវជ្រាវ ការអប់រំ និងទប់ស្កាត់ អំពើប្រល័យពូជសាសន៍នាពេលអនាគត។

ដំបូងសិស្សានុសិស្សធ្វើដំណើរទៅកាន់ទីតាំងបូជាសព ប៉ុល ពត ដែលជាមេដឹកនាំកំពូល ឬបងធំទីមួយក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយស្ថិតនៅលើខ្នងភ្នំដងរែក នៃស្រុកអន្លង់វែង នៅជិតច្រកអន្ដរជាតិជាំ-សាង៉ាំ។ សិស្សានុសិស្សបានធ្វើដំណើរនៅលើដងផ្លូវអមទៅដោយវាលស្រែពណ៌លឿងទុំពីទីប្រជុំជនអន្លង់វែង ទៅលើភ្នំដងរែក ដែលកសិករកំពុងច្រូតកាត់យ៉ាងមមាញឹក និងបរិយាកាសស្រស់ស្រាយក្នុងតំបន់ជាយដែន។ ខ្យល់ជំនោរកត្ដិកបានបក់មករំភើយៗពីទិសខាងជើងធ្វើឲ្យត្រជាក់ដល់ចុងដៃចុងជើង។ ស្ថានភាពតាមបណ្ដោយផ្លូវឆ្ពោះទៅច្រកព្រំដែនអន្ដរជាតិជាំ-សាង៉ាំ មានសភាពស្ងប់ស្ងាត់ជាងមុនឆ្ងាយណាស់បន្ទាប់ពីមានជម្លោះព្រំដែន។ អគារកាស៊ីណូ អូតែល ក្លឹបកំសាន្ដ និងផ្ទះអាជីវកម្មភាគច្រើនដែលទើបនឹងលូតលាស់ថ្មីៗ និងជាច្រើនឆ្នាំមកហើយនោះ ត្រូវបានបិទទ្វារចោល និងចំណាកស្រុកទៅរកកការងារនៅតំបន់ប្រជុំជនដទៃទៀត។ អគារមួយចំនួនមិនទាន់ស្ដារការខូចខាតដោយស្លាកស្នាមគ្រាប់កាំភ្លើងក្នុងជម្លោះនៅឡើយទេ។ ទោះជាយ៉ាងណា ការខិតខំស្ដារឡើងវិញរបស់ប្រជាជនពីភាពក្រៀមក្រំ និងការគំរាមកំហែងនៅតាមខ្សែបន្ទាត់ព្រំដែន កំពុងតែបន្ដឥតឈប់ឈរ។ ទីតាំងអាជីវកម្មមួយចំនួនត្រូវបានជំនួស និងបើកឲ្យដំណើរការដើម្បីបំពេញសេចក្ដីត្រូវការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនដែលនៅសេសសល់។ ភាពមិនបាក់ស្បាតនេះ កំពុងតែទប់ទល់ក្នុងគ្រាលំបាក ស្របពេលដែលប្រជាជនជនភៀសសឹកប្រមាណជាង២ម៉ឺននាក់កំពុងតែបន្ដស្ថិតក្នុង «ភូមិរង់ចាំ» ដោយមិនទាន់អាចវិលត្រឡប់ទៅភូមិឋានដែលទទួលរងការបំផ្លិចបំផ្លាញរបស់ខ្លួនវិញនៅឡើយទេ។ នៅទីនោះ ហ៊ុមព័ទ្ធទៅដោយព្រៃឈើធំៗដែលត្រូវបានអភិរក្ស និងមានដំបូលស័ង្កសីថ្លា និងគ្រោងដែកថែបធំៗ ប្រក់ពីលើផ្នូរចំណាស់មួយ។ ដំបូលថ្មីនោះមានរាងដូចទៅនឹងមឈូស ដែលត្រូវបានពិពណ៌នាថា គឺតំណាងឲ្យភាពស្លាប់ជារៀងរហូតនៃរបបខ្មែរក្រហម។

បន្ទាប់មក សិស្សានុសិស្សបានបន្ដដំណើរទៅកាន់ការិយាល័យមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង (អតីតផ្ទះប្រជុំតាម៉ុកនៅលើភ្នំដងរែក) ដែលការិយាល័យប្រែក្លាយពីទីបញ្ជាការប្រជុំពីយុទ្ធសាស្រ្ដសឹកសង្គ្រាម ទៅជាទីកន្លែងអប់រំយុវជនអំពីសន្ដិភាព និងការផ្សះផ្សាទាំងក្នុង និងក្រៅតំបន់។ លុះទៅដល់បរិវេណជុំវិញមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ទេសភាពបៃតងនៃកូនឈើដែលសិស្សានុសិស្ស និស្សិត និងគរុសិស្សបានដាំតាំងពីឆ្នាំ២០១៤បានលូតលាស់ជាម្លប់ខ្ពង់ខ្ពស់ ធ្វើឲ្យសិស្សានុសិស្សមានអារម្មណ៍រំភើប និងត្រេកត្រអាលនឹងការថតរូបយ៉ាងសប្បាយរីករាយ។ ជាពិសេស សិស្សានុសិស្សបានថតរូបនៅពើយតាម៉ុក ទុកជាអនុស្សាវរីយ៍ និងផ្សព្វផ្សាយលើបណ្ដាញសង្គម។ នៅពីក្រោយភាពស្រស់ស្អាតនៃធម្មជាតិ គឺជារឿងរ៉ាវប្រវត្ដិសាស្រ្ដដែលត្រូវការការពិពណ៌នាមិនចេះរីងស្ងួត។ បន្ទាប់មក សិស្សានុសិស្សបានធ្វើដំណើរថ្មើរជើងចូលទៅខាងក្នុងមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ដើម្បីរៀនសូត្រ និងពិភាក្សាអំពីមេរៀនប្រវត្ដិសាស្រ្ដក្នុងថ្ងៃនេះ។ ក្នុងបរិយាកាសនៃការបង្រៀន និងពិភាក្សា អគារមជ្ឈមណ្ឌល ភ្ជាប់ទៅដោយពិព័រណ៍រូបថតនៅអំឡុងរបបខ្មែរក្រហម និងសមាហរណកម្មបញ្ចប់សង្គ្រាមនៅអន្លង់វែង។ នៅពេលនោះ កងទ័ពខ្មែរក្រហមបានទម្លាក់អាវុធចុះ ហើយចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ១៩៩៨ ដែលធ្វើឲ្យតំបន់អន្លង់វែង ក្លាយជាទីកន្លែងបញ្ចប់សង្គ្រាមចុងក្រោយបង្អស់នៅកម្ពុជា ហើយប្រសូតផ្លែផ្កានៃសន្ដិភាពរហូតដល់ពេលបច្ចុប្បន្ននេះ។ ទោះជាយ៉ាងណា សន្ដិភាព នៅកម្ពុជាត្រូវបានសាកល្បងឲ្យបរាជ័យជាច្រើនលើកច្រើនសារ ដោយសារជម្លោះតាមព្រំដែន។

នៅក្នុងមេរៀនប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ គឺបានពិភាក្សាទៅលើ សាច់រឿងរបស់អ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម និងការបែងចែកជាក្រុមពិភាក្សា។ រឿងរ៉ាវរបស់ «ឈឿត សម៖ ខ្ញុំបររទេះគោដឹកសពរហូតដល់លែងមានអារម្មណ៍ខ្លាចខ្មោច» ត្រូវបានជ្រើសរើសជាមេរៀននៃការពិភាក្សា ដែលមានខ្លឹមសារដូចខាងក្រោម៖
« ខ្ញុំឈ្មោះ ឈឿត សម ភេទស្រី អាយុ ៧១ឆ្នាំ និង មានទីកន្លែងកំណើតនៅឃុំស្រះស្រង់ ខេត្តសៀមរាប។ ខ្ញុំមិនបានរៀនសូត្រទេ តាំងពីវ័យកុមារមកម្ល៉េះ ដោយសារតែជីវភាពគ្រួសារក្រីក្រ។ គ្រួសារខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់។ ខ្ញុំរស់នៅផ្ទះ និងជួយធ្វើការងារស្រែចម្ការឪពុកម្ដាយព្រមទាំងជួយមើលថែប្អូនៗរបស់ខ្ញុំ។

នៅក្នុងឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ពីតំណែង។ ប្រជាជនម្នាក់ៗតែងមានការព្រួយបារម្មណ៍ និងភ័យខ្លាចថាប្រទេសជាតិនឹងកើតមានសង្គ្រាម។ ក្នុងវ័យ១៧ឆ្នាំ(គិតមកត្រឹមឆ្នាំ១៩៧០) ខ្ញុំត្រូវបានជ្រើសរើសចូលក្នុងកងសិល្បៈនៃរបបសាធារណរដ្ឋខ្មែរ។ មួយរយៈក្រោយមក ខ្ញុំត្រូវបានជ្រើសរើសឲ្យចូលក្នុងកងកម្ម៉ង់ដូ។ «កងកម្ម៉ង់ដូ» គឺជាកងកម្លាំងពិសេស ដែលត្រូវបានបង្កើតឡើង និងទទួលការហ្វឹកហាត់យ៉ាងហ្មត់ចត់ ដើម្បីធ្វើប្រតិបត្តិការសឹក ឬបំពេញបេសកកម្មពិសេសៗនិងលំបាកៗ តទល់នឹងកងទ័ពវៀតកុងនិងខ្មែរក្រហម។ បន្ទាប់ពីការហ្វឹកហាត់បានមួយរយៈ ថ្នាក់លើបានចាត់បញ្ជូនខ្ញុំទៅខាងកងចល័តសែងអ្នករបួសនៅក្នុងសមរភូមិវិញ។ គោលដៅរបស់ខ្ញុំរាប់ចាប់ពីភូមិគោកដូងទៅដល់ត្រង់ម្តុំប្រាសាទនាគព័ន្ធ។ ប៉ុន្តែ ជួនកាល យើងសែងអ្នករបួសពីប្រាសាទអង្គរវត្ត ទៅកាន់ប្រាសាទនាគព័ន្ធដែរ។
សមរភូមិយ៉ាងក្តៅគគុកបានបណ្តាលឲ្យស្លាប់ច្រើនពេក រហូតដល់ថ្នាក់លើបានបញ្ជាឲ្យក្រុមខ្ញុំ សែងសពទៅកាន់វិមាននៅឯស្រះស្រង់។ ក្នុងគ្រានោះ អ្នករបួសចំនួន៥ស្នែងបានស្លាប់ទាំង៥ស្នែង ដោយសារយើងមិនអាចយកទៅព្យាបាលទាន់ពេល។ ថ្ងៃខ្លះ អ្នករបួសដែលយើងកំពុងសែង ត្រូវបានទុកចោលមួយភ្លែតសិននៅតាមផ្លូវ ហើយរត់ចូលលេណដ្ឋានកងទ័ព ដើម្បីលាក់ខ្លួនពីការបាញ់ប្រហារ។ ការសែងអ្នករបួស និងសាកសព ជួបបញ្ហាប្រឈមណាស់ ដោយសារតែការបាញ់ប្រហារគ្នាទៅវិញទៅមករវាងកងទ័ពលន់ នល់ និងកងទ័ពខ្មែរក្រហម។ ខ្ញុំត្រូវបានផ្លាស់ប្ដូរឲ្យទៅនៅក្រុមកប់សពនៅស្រះស្រង់វិញម្តង ដោយក្រុមខ្ញុំមានគ្នាចំនួន៥ទៅ៦នាក់។ ពីមួយថ្ងៃទៅមួយថ្ងៃ សពមានចំនួនកើនឡើងខ្លាំង។ ថ្ងៃខ្លះ យើងត្រូវកប់ទាំងយប់ទាំងថ្ងៃដោយមិនបានសម្រាកឡើយ។

អាស្រ័យហេតុនេះហើយ ថ្នាក់លើបានប្រកាសស្វែងរកនារីណា ដែលចេះបររទេះគោ។ ដោយសារតែស្វែងរកមិនបានសោះ ទើបថ្នាក់លើហៅខ្ញុំនិងគ្នីគ្នាខ្ញុំម្នាក់ទៀតឲ្យទៅបររទេះគោដឹកសព។ នៅពាក់កណ្ដាលផ្លូវត្រឡប់មកវិញ រទេះគោបានរអិលធ្លាក់ផ្លូវ ដែលបណ្តាលឲ្យរមៀលសពទាំង៤ចេញពីរទេះទាំងអស់។ យើងភ័យខ្លាចណាស់ ហើយនាំគ្នាលើកសពទាំង៤ដាក់ក្នុងរទេះវិញ។ សពទាំងនោះមានសភាពត្រជាក់ណាស់។ ខ្ញុំមានអារម្មណ៍ព្រឺព្រួចយ៉ាងខ្លាំង។ ប៉ុន្តែ យើងមិនអាចទុកចោលបានទេ។ យើងបានបន្តដំណើរទៅមុខទៀត រហូតដល់ស្រះស្រង់។ ខ្ញុំរស់នៅធ្វើការងារនេះរហូតដល់លែងមានអារម្មណ៍ខ្លាចខ្មោច ឬភ័យខ្លាចនឹងបញ្ហាផ្សេងៗ។ ខ្ញុំមានអារម្មណ៍ស្និតជាមួយសាកសព ដោយបានចាត់ទុកក្លិនសាកសពដូចទៅនឹងក្លិនសត្វប្រចៀវ។

រហូតដល់ឆ្នាំ១៩៧៥ ខ្មែរក្រហមទទួលបានជ័យជម្នះ ខ្ញុំបានវិលត្រឡប់ទៅផ្ទះវិញ។ មិនបានយូរប៉ុន្មានផង ខ្មែរក្រហមបានរៀបចំឲ្យប្រជាជនរស់នៅក្នុងសហករណ៍ ដែលត្រូវហូបរួម ធ្វើការរួម និងរស់នៅរួម។ គ្រួសារខ្ញុំត្រូវបានបញ្ជូនទៅរស់នៅក្នុងសហករណ៍ផ្សេងៗគ្នា តាមការចាត់តាំងរបស់អង្គការ។ ខ្ញុំត្រូវបានជ្រើសរើសឲ្យចូលក្នុងកងចល័ត។ ការងារខ្ញុំនៅពេលនោះ គឺធ្វើស្រែនៅត្រង់ម្តុំប្រាសាទភ្នំក្រោម។ ការងារមិនច្បាស់លាស់ទេ ដែលមានន័យថាយើងធ្វើការតាមរដូវកាល។ ខ្ញុំរស់នៅធ្វើស្រែ និងយាមស្រូវ នៅភ្នំក្រោម អស់រយៈពេលមួយឆ្នាំ មុននឹងត្រូវបានបញ្ជូនបន្តទៅធ្វើការនៅអូរអាគុក។ ការងារប្រចាំថ្ងៃគឺសែងឆ្នាំងបបរទៅឲ្យប្រជាជន ដែលធ្វើការនៅតាមការដ្ឋាន។ ថ្ងៃមួយ ខ្ញុំនិងមិត្តនារីម្នាក់ បានធ្វើដំណើរសែងឆ្នាំងបបរយកទៅឲ្យប្រជាជនតាមធម្មតា នៅតាមផ្លូវយើងបានជួបជាមួយសត្វខ្លាមួយក្បាល។ ខ្ញុំភ័យខ្លាចណាស់ព្រោះខ្លានោះបានដើរតាមពីក្រោយយើង។ប៉ុន្តែវាមិនបានធ្វើអ្វីយើងទេ។

នៅក្នុងឆ្នាំ១៩៧៧ ខ្ញុំត្រូវបញ្ជូនទៅធ្វើការនៅរលំជើងស្ពាន។ ការងារខ្ញុំគឺស្ទូងស្រូវ និងច្រូតស្រូវ។ ក្រៅពីនេះ ខ្ញុំបិទទំនប់ និងជីកប្រឡាយ។ ខ្ញុំបានបិទទំនប់ក្បាលរហាល។ ការហូបចុកនៅក្នុងអំឡុងពេលនោះវិញ គឺខ្វះខាត ដែលយើងត្រូវហូបបបរលាយកំពីញចេកលាយត្រកួន និងគល់ល្ហុងជាដើម។
ឆ្នាំ១៩៧៨គឺជាឆ្នាំដែលខ្ញុំមានវ័យ២៥ឆ្នាំ។ អង្គការបានបង្ខំឲ្យខ្ញុំរៀបការ។ ខ្ញុំមិនពេញចិត្តឡើយ ដោយសារយើងមិនបានស្រឡាញ់គ្នា ឬស្គាល់គ្នាពីមុនមកទេ។ ប៉ុន្តែ ខ្ញុំមិនហ៊ានប្រកែក ព្រោះខ្លាចការវាយធ្វើបាប។ បន្ទាប់ពីរៀបការ យើងមិនបានរស់នៅជាមួយគ្នាទេ។ យើងរស់នៅធ្វើការដាច់ដោយឡែកពីគ្នា។
រហូតដល់ឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ។ ខ្ញុំបានវិលត្រឡប់ទៅស្រុកកំណើតវិញ។ នៅពេលដែលខ្ញុំបានទៅដល់ផ្ទះ ទើបខ្ញុំបានដឹងថាឪពុកម្ដាយខ្ញុំបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺ ទៅហើយ។ ខ្ញុំនិងបងប្អូនបង្កើត បានក្លាយជាក្មេងកំព្រា ដែលត្រូវចិញ្ចឹមជីវិតដោយខ្លួនឯង។ នៅពេលឈានដល់វ័យមានគ្រួសារ យើងបានបំបែកគ្រួសារថ្មីរៀងៗខ្លួន។ មកដល់បច្ចុប្បន្ននេះ ខ្ញុំមានជីវភាពមធ្យម និងហូបគ្រប់គ្រាន់ដែលមិនខ្វះខាតដូចមុនៗឡើយ»៕

តាមរយៈសាច់រឿងខាងលើ សិស្សានុសិស្សបានបង្កើតនូវការពិភាក្សា និងបញ្ចេញនូវសកម្មភាពមួយចំនួនដូចជា ការរៀបការដោយបង្ខំ ការសម្លាប់ក្នុងភ្លើងសង្គ្រាម និងទុក្ខលំបាកវេទនាយ៉ាងអនេក។
មតិចំនួន៥
ថុន សុខាន ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៩ នៃអនុវិទ្យាល័យលំទង បានបង្ហាញចំណាប់អារម្មណ៍ និងការយល់ដឹងពីរបបខ្មែរក្រហម(១៩៧៥-១៩៧៩)ដូចតទៅ៖ «ខ្ញុំបានដឹងពីជីវភាពរស់នៅរបស់ប្រជាជននៅក្នុងរបបខ្មែរក្រហមមានការលំបាក ប្រជាជនត្រូវធ្វើការងារដោយបង្ខំ មានការកាប់សម្លាប់ និងមានការគៀបសង្កត់។ ខ្ញុំយល់ថាការអប់រំអំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងការបង្កើតទិវាចងចាំ មានសារៈសំខាន់យ៉ាងណាចំពោះការព្យាបាលរបួសផ្លូវចិត្តសង្គម និងការកសាងសន្តិភាពនៅកម្ពុជានាពេលបច្ចុប្បន្ន ពីព្រោះវាបានធ្វើឲ្យយើងយល់ដឹងពីប្រវត្តិសាស្រ្តខ្មែរក្រហម ទទួលបាននូវចំណេះដឹងជាប់ខ្លួនដែលជាមធ្យោបាយជួយសម្រួលដល់ការកសាងសន្តិភាពនៅក្នុងប្រទេស។ ក្នុងនាមខ្ញុំ ជាយុវជនជំនាន់ក្រោយដើម្បីទប់ស្កាត់កុំឱ្យសោកនាដកម្ម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍បែបនេះកើតឡើងជាថ្មីម្តងទៀត យើងត្រូវចូលរួមចំណែកយ៉ាងសកម្មតាមរយៈ ការសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រពិត ការរក្សាសន្តិភាព និង ការប្រឆាំងនឹងការរើសអើងគ្រប់ទម្រង់។ ការចងចាំអតីតកាលដ៏ឈឺចាប់ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុតក្នុងការការពារអនាគតកុំឱ្យដើរជាន់ដានចាស់»។

នឿន រក្សា ភេទប្រុស អាយុ១៥ឆ្នាំ បានលើកឡើងពីការយល់ដឹងរបស់ខ្លួនដូចតទៅ « ខ្ញុំបានដឹងថានៅតំបន់អន្លង់វែងមានទីតាំងប្រវត្តិសាស្រ្តចំនួន១៤ទីតាំង។ ខ្ញុំបានស្គាល់ទីតាំងសារមន្ទីរផ្ទះតាម៉ុក សាលារៀនតាម៉ុក ស្ពានអូរជីក(ហៅស្ពានតាម៉ុក) ផ្ទះប្រជុំតាម៉ុក(លើភ្នំដងរែក) ទីតាំងបូជាសព ប៉ុល ពត កន្លែងដុតសព សុន សេន និងគ្រួសារ..។ តាមមតិខ្ញុំគិតថា ការអភិរក្សទីតាំងប្រវត្តិសាស្ត្រទាំង១៤កន្លែង នៅអន្លង់វែង ពិតជាមានសារៈសំខាន់ណាស់ចំពោះការអប់រំយុវជនជំនាន់ក្រោយអំពីសោកនាដកម្មពីអតីតកាល ដោយសារវាគឺជាមធ្យោបាយដ៏សំខាន់បំផុតក្នុងការរក្សាភស្តុតាងរស់សម្រាប់អប់រំយុវជនជំនាន់ក្រោយ។ ម៉្យាងវិញទៀត បានធ្វើឲ្យយុវជនជំនាន់ក្រោយដឹងពីការឈឺចាប់របស់ប្រជាជនខ្មែរនៅជំនាន់ខ្មែរក្រហម។ ដូច្នេះ កូនខ្មែរជំនាន់ក្រោយអាចសិក្សារៀនសូត្រ ដោយផ្ទាល់តាមរយៈទីតាំងប្រវត្តិសាស្រ្តទាំង១៤កន្លែង។ ក្នុងចំណោមទីតាំងប្រវត្តិសាស្ត្រទាំង ១៤ កន្លែងនៅស្រុកអន្លង់វែងដែលអាចទាក់ទាញភ្ញៀវទេសចរទស្សនាច្រើន និងគួរជាទីចាប់អារម្មណ៍មានដូចជា សារមន្ទីរតាម៉ុក (ផ្ទះតាម៉ុក) កន្លែងបូជាសព ប៉ុល ពត ផ្ទះតាម៉ុកលើខ្នងភ្នំដងរែក និងផ្ទះ ប៉ុល ពត គឺជាទីតាំងដែលមានសក្តានុពលខ្លាំងជាងគេក្នុងការទាក់ទាញភ្ញៀវទេសចរ និងអ្នកស្រាវជ្រាវ។ ទីតាំងទាំងនេះមានលក្ខណៈពិសេសដោយសារវាផ្សារភ្ជាប់ទាំងប្រវត្តិសាស្ត្រចុងក្រោយនៃរបបខ្មែរក្រហម និងទេសភាពធម្មជាតិយ៉ាងស្រស់ស្អាតលើជួរភ្នំដងរែក»។

កេង ស្រីណុច ភេទស្រី អាយុ១៥ឆ្នាំ នៃអនុវិទ្យាល័យលំទង បានសម្ដែងនូវការយល់ឃើញរបស់ខ្លួនដូចតទៅ៖ «ការផ្ទុះអាវុធទ្រង់ទ្រាយធំទាំងពីរលើកនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ (លើកទី១ នៅចន្លោះថ្ងៃទី២៤-២៨ ខែកក្កដា និងលើកទី២ នៅចន្លោះថ្ងៃទី៧-២៧ ខែធ្នូ) បានបង្កឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ ពលរដ្ឋរាប់ម៉ឺននាក់ត្រូវបង្ខំចិត្តភៀសសឹក និងបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយោធាយ៉ាងធ្ងន់ធ្ងរ។ ការប្រើប្រាស់អាវុធធុនធ្ងន់ កាំភ្លើងធំ ដ្រូន គ្រាប់បែកចង្កោម និងយន្តហោះចម្បាំង បានធ្វើឱ្យតំបន់ព្រំដែនរងនូវសោកនាដកម្ម និងការខូចខាតយ៉ាងដំណំ។ ខ្ញុំយល់ថា ការគោរពខ្សែបន្ទាត់ព្រំដែនដែលទទួលស្គាល់ដោយច្បាប់អន្តរជាតិ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់បំផុតក្នុងការបិទផ្លូវ និងដកហូតលេសនយោបាយរបស់ក្រុមជ្រុលនិយម ឬអ្នកនយោបាយដែលតែងតែយកបញ្ហាព្រំដែនមកកូរកម្ដៅ ដើម្បីកេងចំណេញប្រជាប្រិយភាព។ ការព្យាបាលផលវិបាកផ្នែកចិត្តសាស្ត្រសង្គម និងការកាត់បន្ថយការស្អប់ខ្ពើមគ្នារវាងប្រជាជនកម្ពុជា និងថៃ ក្រោយជម្លោះប្រដាប់អាវុធឆ្នាំ២០២៥ ទាមទារឱ្យមានការរួមបញ្ចូលគ្នារវាងការផ្តល់សេវាសុខភាពផ្លូវចិត្តដល់ជនរងគ្រោះ ការកែទម្រង់ការផ្សព្វផ្សាយព័ត៌មាន និងការស្តារទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌រវាងប្រជាជននិងប្រជាជនឡើងវិញ»។

ហូវ ពិសី ភេទស្រី អាយុ១៤ឆ្នាំ បានសម្ដែងនូវការយល់ឃើញរបស់ខ្លួនដូចតទៅ៖ « ខ្ញុំគិតថាដើម្បីធានាថាតំបន់អតីតសមរភូមិមានសុវត្ថិភាពទាំងស្រុងពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ មុននឹងអនុញ្ញាតឱ្យជនភៀសសឹកវិលត្រឡប់ទៅរស់នៅវិញ អាជ្ញាធរមានសមត្ថកិច្ច ជាពិសេស អាជ្ញាធរមីន (CMAA) និងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) រួមជាមួយអង្គការដៃគូ ត្រូវអនុវត្តវិធានការសំខាន់ៗជាដំណាក់កាលយ៉ាងម៉ត់ចត់។ សកម្មភាពទាំងនេះ ផ្តោតសំខាន់លើការបោសសម្អាតសំណល់គ្រាប់បែកចង្កោម និងគ្រាប់ផ្លោងដែលនៅសេសសល់ក្នុងខេត្តជាប់ព្រំដែនដែលបានទទួលរងការប៉ះពាល់។ ពិតប្រាកដណាស់ នៅពេលគ្រួសារជនភៀសសឹកវិលត្រឡប់មកដល់ស្រុកកំណើតវិញភ្លាមៗ តម្រូវការចាំបាច់បំផុតចំពោះមុខរួមមាន ជម្រកស្នាក់នៅបណ្តោះអាសន្ន ស្បៀងអាហារសង្គ្រោះបន្ទាន់ ទឹកស្អាត និងអនាម័យ ព្រមទាំងសេវាសុខាភិបាល និងថ្នាំសង្កូវ។ ខ្ញុំគិតថា ដើម្បីធានាថាជនភៀសសឹកដែលវិលត្រឡប់មកស្រុកកំណើតវិញ ទទួលបានសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងដោយស្របច្បាប់ ព្រមទាំងជៀសវាងទំនាស់ជាមួយអ្នកដទៃ អាជ្ញាធរមានសមត្ថកិច្ចត្រូវអនុវត្តរួមបញ្ចូលគ្នារវាងការផ្ទៀងផ្ទាត់ភស្តុតាងកាន់កាប់ដីធ្លី ការពន្លឿនការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងការប្រើប្រាស់យន្តការសម្រុះសម្រួលវិវាទនៅថ្នាក់មូលដ្ឋាន។ វិធានការទាំងនេះមានសារៈសំខាន់ជាពិសេសសម្រាប់គ្រួសារដែលបានបាត់បង់ឯកសារកំឡុងពេលរត់ភៀសសឹក ឬគ្រួសារដែលធ្លាប់កាន់កាប់ដីដោយគ្មានប័ណ្ណកម្មសិទ្ធិផ្លូវការ»។

ហូយ រ៉ូសា ភេទស្រី អាយុ១៤ឆ្នាំ បានលើកឡើងថា៖ « ខ្ញុំធ្លាប់បានទៅទស្សនានៅសារមន្ទីរផ្ទះតាម៉ុក។ ចំពោះរូបថតទាំង ១០០ ផ្ទាំងដែលដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរផ្ទះតាម៉ុក (ផ្ទះទី៣) ឆ្លុះបញ្ចាំងពីដំណើរវិវត្តនៃប្រវត្តិសាស្ត្រខ្មែរក្រហមតាមដំណាក់កាល ចាប់តាំងពីសម័យសាធារណរដ្ឋខ្មែរ (លន់ នល់) របបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) រហូតដល់ការតស៊ូចុងក្រោយនៅអន្លង់វែង និងសមាហរណកម្មនៅឆ្នាំ ១៩៩៨។ ការទស្សនារូបថតប្រវត្តិសាស្ត្រទាំង ១០០ ផ្ទាំងនៅសារមន្ទីរផ្ទះតាម៉ុក គឺជាស្ពានចម្លងការពិតមានឥទ្ធិពលបំផុត ក្នុងការប្រែក្លាយរឿងរ៉ាវអតីតកាលទៅជាការយល់ដឹងជាក់ស្តែង ដើម្បីដាស់តឿនស្មារតីយុវជនជំនាន់ក្រោយឱ្យចេះការពារសន្តិភាព និងទប់ស្កាត់ការវិលត្រឡប់នៃអំពើប្រល័យពូជសាសន៍។ ក្នុងនាមជាសិស្សានុសិស្ស និងជាយុវជនជំនាន់ក្រោយ ការចូលរួមថែរក្សាសារមន្ទីរប្រវត្តិសាស្ត្រនៅអន្លង់វែងឱ្យបានគង់វង្សយូរអង្វែង អាចធ្វើឡើងតាមរយៈការប្រតិបត្តិវិន័យល្អពេលចូលទស្សនា ការផ្សព្វផ្សាយគុណតម្លៃប្រវត្តិសាស្ត្រតាមប្រព័ន្ធឌីជីថល ការចូលរួមការងារស្ម័គ្រចិត្ត និងការផ្តល់មតិកែលម្អដើម្បីអភិវឌ្ឍសារមន្ទីរឱ្យកាន់តែទាក់ទាញ។

https://photos.app.goo.gl/wriENPiWKmS71fkM9