របាយការណ៍
ស្តីពីប្រវត្តិ និងការចងចាំនៅទីតាំងទួលកកោះ និងវត្តកកោះជ្រុំ
ដែលជាអតីត មន្ទីរសន្តិសុខ និងវាលពិឃាតខ្មែរក្រហម
មានទីតាំងស្ថិតនៅភូមិស្ពឺកើត ឃុំស្ពឺ «ក» ស្រុកបាភ្នំ
សេចក្តីផ្តើម និងទីតាំងភូមិសាស្ត្រ
មុនរបបខ្មែរក្រហម ទីតាំងវត្តទួលកកោះជ្រុំគឺជាទីទួលតូចមួយដែលប្រជាជនហៅថា «ទួលកកោះ» ដោយមានផ្ទះតូចៗពីរបីខ្នងក្បែរនោះ និងហ៊ុមព័ទ្ធដោយបឹង ស្រះ និងវាលស្រែ។ នៅជុំវិញទួលកកោះ មានទីតាំងសម្លាប់មនុស្សផ្សេងៗទៀតរួមមាន ទួលអ៊ូងលូង ទួលតាប្រុញ និង បឹងស្ពឺ។ បច្ចុប្បន្ន ទីតាំងនេះគឺជាបរិវេណ វត្តកកោះជ្រុំ ដែលស្ថិតនៅភូមិស្ពឺកើត ឃុំស្ពឺ «ក» ស្រុកបាភ្នំ ខេត្តព្រៃវែង។
លំដាប់កាលបរិច្ឆេទ និងព្រឹត្តិការណ៍សំខាន់ៗ
• ឆ្នាំ ១៩៧២ (មុនរបបខ្មែរក្រហម)៖ ទួលកកោះត្រូវបានប្រើជា«មន្ទីរអប់រំកែប្រែ»សម្រាប់ឃុំឃាំងអ្នកទោសជាប្រជាជនមូលដ្ឋានដែលមិនទាន់លះបង់និន្នាការចាស់ ប៉ុន្តែពុំទាន់មានការកាប់សម្លាប់ទ្រង់ទ្រាយធំឡើយ។ អ្នកគ្រប់គ្រងនៅទីនោះមានឈ្មោះ ឈឺន និង ស៊ុំ អៀន។
• ១៧ មេសា ១៩៧៥ ដល់ចុងឆ្នាំ ១៩៧៧ (របបខ្មែរក្រហម)៖ ទួលកកោះ បានប្រែក្លាយទៅជា មន្ទីរសន្តិសុខបណ្តោះអាសន្ន កន្លែងសួរចម្លើយ និងទីតាំងសម្លាប់មនុស្សយ៉ាងលាក់កំបាំង។ អ្នកទោសត្រូវបានឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់នៅក្នុងរណ្តៅនៅទួលកកោះ ទួលអ៊ូងលូង ទួលតាប្រុញ និងបឹងស្ពឺ។
o ក្រោយថ្ងៃ ១៧ មេសា ១៩៧៥៖ ប្រជាជនជម្លៀសជាច្រើនត្រូវបានបញ្ជូនមកទីនេះ ហើយស្ទើរតែទាំងអស់ត្រូវបានសម្លាប់។
o ដល់ចុងឆ្នាំ ១៩៧៧៖ អ្នកទោសភាគច្រើនជាអតីតកម្មាភិបាលខ្មែរក្រហមភូមិភាគបូព៌ាដែលមានឋានៈជា គណៈសហករណ៍ គណៈឃុំ គណៈស្រុក និងប្រធានកងឈ្លប។ ឈឺន និង ស៊ុំ អៀន ក៏ត្រូវបានសម្លាប់ក្នុងអំឡុងពេលនេះដែរ។
• ខែមករា ឆ្នាំ ១៩៧៩ (ការដួលរលំនៃរបបខ្មែរក្រហម)៖ របបខ្មែរក្រហមបានដួលរលំ បន្សល់ទុកនូវរណ្តៅសាកសពនៅទួលកកោះ ទួលអ៊ូងលូង ទួលតាប្រុញ និងបឹងស្ពឺ។
• ដើមទសវត្សរ៍ឆ្នាំ ១៩៨០៖ មេឃុំបានបញ្ជាឱ្យអតីតកងឈ្លបខ្មែរក្រហមដែលនៅរស់រានមានជីវិត គាស់រណ្តៅសាកសពនៅទួលកកោះ វាលតាប្រុញ និងទួលអ៊ូងលូង ដើម្បីយកអដ្ឋិធាតុទៅតម្កល់នៅ វត្តកំរ៉ែង (បច្ចុប្បន្ន វត្តកំរ៉ែងរតនារាម នៅភូមិស្វាយពក ឃុំស្ពឺ «ក» ស្រុកបាភ្នំ ចម្ងាយប្រហែល ២ គីឡូម៉ែត្រពីទួលកកោះ)។ អដ្ឋិធាតុនៅវត្តកំរ៉ែងមិនគង់វង់ល្អទេ ដោយសារការបំផ្លាញ និងការមកស៊ីឆ្អឹងរបស់គោក្របី។ ទន្ទឹមនឹងនេះ ទួលកកោះត្រូវបានអាជ្ញាធរកំណត់ធ្វើជាទីតាំងសាលារៀនសម្រាប់ក្មេងៗ។
• ឆ្នាំ ១៩៨៩៖ វត្តកកោះជ្រុំ ត្រូវបានកសាងឡើងនៅលើទីតាំងទួលកកោះ តាមការព្រមព្រៀងរវាងប្រជាជន និងអាជ្ញាធរមូលដ្ឋាន ដែលបានឯកភាពគ្នាដាក់ឈ្មោះថា «វត្តកកោះជ្រុំ» រហូតមកដល់សព្វថ្ងៃ។ ព្រះវិហារសព្វថ្ងៃត្រូវបានសាងសង់លើអតីតរណ្តៅសាកសព ខណៈកុដិ និងសាលាឆាន់សាងសង់លើដីចាក់បន្ថែម ដើម្បីពង្រីកបរិវេណវត្ត និងសាលារៀន។
• ឆ្នាំ ២០១៦៖ ព្រះតេជគុណ សៀវ សុខឃួន (ដែលធ្លាប់បួសមួយវស្សានៅទីនោះកាលពីវ័យជំទង់ រួចសឹកវិញនៅឆ្នាំ ១៩៩៥ ដើម្បីចូលបម្រើការងារនៅអង្គភាពកងរាជអាវុធហត្ថស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយបានមកបួសម្តងទៀតនៅឆ្នាំ ២០១៦ បន្ទាប់ពីចូលនិវត្តន៍រួច រហូតដល់មានងារជាព្រះចៅអធិការវត្តកកោះជ្រុំ) បានប្រមូលអដ្ឋិធាតុដែលនៅសេសសល់ពីការបំផ្លាញ និងរៀបចំឯកសាររដ្ឋបាលនានា ដើម្បីដឹកជញ្ជូនចេញពីវត្តកំរ៉ែង មកដាក់តម្កល់ក្នុងបូជនីយដ្ឋានដែលត្រៀមកសាងថ្មីនៅក្នុងបរិវេណវត្តកកោះជ្រុំ។
• ចុងឆ្នាំ ២០១៨៖ អដ្ឋិធាតុដែលនៅសេសសល់ត្រូវបានផ្ទេរ និងដាក់តម្កល់យ៉ាងគត់មត់ក្នុងចេតីយ៍បេតុងរឹងមាំនៅវត្តកកោះជ្រុំ ដោយមានការចូលរួមពីប្រជាជនក្នុងឃុំទាំង ៩ ក្នុងស្រុក ប្រមាណ ៧០០ នាក់ និងកិច្ចសហការពីអាជ្ញាធរស្រុកបាភ្នំ និងលោកអាចារ្យធំវត្ត (ដែលបានជួយកៀងគរកម្លាំង ធ្វើពិធីប្រពៃណី និងស្រង់ឈ្មោះជនរងគ្រោះ)។ នៅក្បែរចេតីយ៍ មានផ្ទាំងស៊ីម៉ងត៍ពីរធំៗចារឈ្មោះអ្នកកសាង និងជនរងគ្រោះប្រមាណ ១,៥០០ នាក់ ដែលស្លាប់នៅជុំវិញបរិវេណវត្តកកោះជ្រុំ ខណៈអដ្ឋិធាតុដែលប្រមូលបានជាក់ស្តែងមានប្រមាណ ៣០ លលាដ៏ក្បាល រួមទាំងឆ្អឹងស្មងដៃស្មងជើងខ្លះ។
• រៀងរាល់ថ្ងៃទី ២០ ឧសភា ជារៀងរាល់ឆ្នាំ (លើកលែងតែពេលមានជំងឺកូវីដ-១៩)៖ អាជ្ញាធរស្រុកបាភ្នំតែងតែប្រារព្ធពិធីបុណ្យរំឭកការចងចាំ និងឧទ្ទិសកុសលដល់ជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅក្នុងបរិវេណវត្តកកោះជ្រុំ។
សម្តី និងការរៀបរាប់របស់សាក្សី
សម្តីរបស់លោកស្រី ឈឿន ដានី (អាយុ ៦១ ឆ្នាំ រស់នៅភូមិស្នួល ឃុំស្ពឺ «ក» ស្រុកបាភ្នំ)
• អំពីការបាត់ខ្លួន និងការសម្លាប់ឪពុករបស់គាត់៖
«ឪពុកខ្ញុំស្លាប់នៅទីនេះដែរ ប៉ុន្តែខ្ញុំមិនដឹងថាសពគាត់ស្ថិតនៅត្រង់ណាឱ្យប្រាកដទេ គ្រាន់តែដឹងថា គាត់ត្រូវគេយកមកសម្លាប់នៅទួលកកោះ។ ឪពុកខ្ញុំ ធ្លាប់ធ្វើជាមេឃុំកាលពីជំនាន់មុន ប៉ុល ពត។ ពេលខ្មែរក្រហមចូលមកដល់ គេប្រើឪពុកខ្ញុំឱ្យទៅរែកដីធ្វើប្រឡាយនៅវាលតាប្រុញ។ លុះដល់ម៉ោង ១ ឬម៉ោង ២រសៀល ក៏មានគេមកប្រាប់ឪពុកខ្ញុំថា ត្រូវទៅប្រជុំនៅមន្ទីរតំបន់។ គាត់ត្រូវគេបណ្តើរមកដល់ផ្ទះដើម្បីផ្លាស់ប្តូរខោអាវមុនចេញទៅប្រជុំ។ ឪពុកខ្ញុំបានស្លៀកសារ៉ុងសូត ពាក់នាឡិកាដៃ ពាក់ជញ្ជៀនត្រា និងពាក់អាវស្អាតបាត រួចចេញទៅប្រជុំជាមួយគេនោះ។ តាំងពីពេលនោះមក ឪពុកខ្ញុំបានបាត់រហូតតែម្តង។ មានពេលមួយនោះ ប្រជាជនម្នាក់ដែលបានដឹងរឿង បានមកប្រាប់ខ្ញុំថា ឪពុកខ្ញុំត្រូវគេសម្លាប់ចោលហើយ គឺសម្លាប់នៅទួលកកោះ ដោយសារគាត់ជាអ្នកមានទ្រព្យសម្បត្តិនៅក្នុងភូមិ។»
• អំពីបទពិសោធន៍កុមារភាព និងចម្រៀងឃោសនា៖
«នៅក្នុងរបប ប៉ុល ពត ខ្ញុំនៅកុមារនៅឡើយ។ កាលនោះ គេឱ្យពួកខ្ញុំច្រៀងចំរៀងរាល់ថ្ងៃ។ ខ្ញុំនៅចាំខ្លះៗ៖ “ក្រោកឡើងអស់ពួកអ្នកខ្ញុំគេទាំងប៉ុន្មាន! ក្រោកឡើងអ្នកគ្រប់ប្រាណគ្រាម្តងនេះស្លាប់រស់ក៏មិនស្តាយ! របបចាស់យើងបំផ្លាញឱ្យឆាប់អស់! អស់អ្នកខ្ញុំគេត្រូវក្រោកឈរឡើងទៅ……….” មែន! ដល់ចឹងទៅគេសម្លាប់ទាំងអស់មែន! អ្នកខ្ញុំគេហ្នឹង ចេញមកសម្លាប់អ្នកមានក្នុងភូមិទាំងអស់។»
សង្ឃដីការបស់ព្រះចៅអធិការវត្តកកោះជ្រុំ ព្រះនាម សៀវ សុខឃួន (ព្រះជន្ម ៦៣ វស្សា)
• អំពីទីតាំងសន្តិសុខ ការសួរចម្លើយ និងការសម្លាប់៖ «ទីតាំងទួលកកោះនេះ មិនត្រឹមតែជាកន្លែងសម្លាប់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាទីតាំងមន្ទីរសន្តិសុខបណ្តោះអាសន្ន និងកន្លែងសួរចម្លើយដែរ។ មនុស្សទាំងអស់ដែលត្រូវបានបញ្ចូនមកកាន់ទីតាំងសម្លាប់ ទួលកកោះ សុទ្ធតែត្រូវបានឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់ជាក្រោយ។ … មន្ទីរសួរចម្លើយរបស់ខ្មែរក្រហម គឺស្ថិតនៅខាងជើងវត្តកកោះជ្រុំ ហើយមន្ទីរសន្តិសុខចំនួន ៣ រោងវែងៗ មានខ្នោះឃ្នាងជាច្រើនផង ស្ថិតនៅខាងលិចឆៀងខាងត្បូងព្រះវិហារសព្វថ្ងៃ។ … អ្នកទោសដែលសួរចម្លើយរួចរាល់ គឺត្រូវបញ្ជូនយកទៅសម្លាប់ចោលនៅក្នុងរណ្តៅដែលជីករួចស្រេចក្នុងបរិវេណទួលកកោះនេះ ទួលអ៊ូងលូង ទួលតាប្រុញ និងបឹងស្ពឺ។»
• អំពីការគាស់រណ្តៅ ការរក្សាអដ្ឋិធាតុ និងការកសាងចេតីយ៍៖ «ទីតាំងវត្តកកោះជ្រុំ គឺជាអតីតគុកខ្មែរក្រហម។ ដល់ក្រោយបែករបបខ្មែរក្រហម ប្រហែលជានៅឆ្នាំ ១៩៨០ មេឃុំបានបញ្ជាឱ្យអ្នកដែលធ្លាប់ធ្វើឈ្លបកាលពីជំនាន់ខ្មែរក្រហម មកគាស់រណ្តៅសាកសពនៅទួលកកោះ នៅវាលតាប្រុញ និងទួលអ៊ូងលូង។ ពេលគាស់រួច អដ្ឋិធាតុទាំងអស់ ត្រូវជញ្ជូនយកទៅដាក់តម្កល់នៅវត្តកំរ៉ែង។ ពេលនោះ អដ្ឋិធាតុនៅវត្តកំរ៉ែង គមិនស្ថិតនៅគង់វង់ទេ ព្រោះគោក្របីវាចេះតែមកស៊ីឆ្អឹងទាំងនោះ។ កាលនោះ អាត្មានៅតូច ហើយបានបួសមួយវស្សានៅទីនោះ។ ប៉ុន្តែក្រោយមក អាត្មាបានសឹកវិញ ហើយបានចូលធ្វើការនៅក្នុងអង្គភាពកងរាជអាវុធហត្ថនៅឆ្នាំ ១៩៩៥ នៅឯស្រុកបន្ទាយស្រី ខេត្តសៀមរាប។ រហូតដល់អាត្មាចូលនិវត្តន៍ពីការងារ អាត្មាបានមកបួសម្តងទៀតនៅឆ្នាំ ២០១៦ នៅវត្តកកោះជ្រុំនេះរហូតមកដល់សព្វថ្ងៃនេះ។ កាលនោះ អាត្មាបានប្រមូលឆ្អឹងទាំងនោះទុកម្តុំ បន្ទាប់មក អាត្មាបានស្នើសុំគោលការណ៍ពីចៅហ្វាយស្រុក ទេព ភិរុណ ដើម្បីយកឆ្អឹងដែលនៅសេសសល់បន្តិចបន្តួច គឺមានលលាដ៏ក្បាលប្រហែលជា ៣០លលាដ៏ប៉ុណ្ណោះ រួមទាំងឆ្អឹងស្មងដៃស្មងជើងខ្លះផង មកដាក់តម្កល់នៅវត្តកកោះជ្រុំវិញ ព្រោះថាមានប្រជាជនយើងខ្លះ បានលួចយកឆ្អឹងសាកសពទាំងនេះទៅឱ្យគោស៊ី។ បន្ទាប់មក អាត្មាបានសាងសង់ចេតីយ៍មួយសម្រាប់តម្កល់ឆ្អឹងទាំងនោះ ហើយក្នុងពេលជាមួយគ្នា លោកអាចារ្យធំនៅវត្តនេះ (បច្ចុប្បន្នគាត់ស្លាប់ ២ឆ្នាំហើយ) ជាអ្នកទទួលបន្ទុកកៀងគរកម្លាំងជញ្ជូនឆ្អឹង និងរៀបចំកម្មវិធីប្រពៃណី និងស្រង់ឈ្មោះជនរងគ្រោះដែលបានស្លាប់នៅលើទីតាំងទាំងប៉ុន្មាននេះ។ កាលនោះ មានប្រជាជនក្នុងឃុំទាំង ៩ ប្រហែល ៧០០ នាក់ និងមានការសហការពីចៅហ្វាយស្រុកបាភ្នំជំនាន់នោះផង បានធ្វើកម្មវិធីនេះបានល្អ និងចប់ចុងចប់ដើម នៅចុងឆ្នាំ ២០១៨។»
• អំពីទំហំអយុត្តិធម៌នៃការសម្លាប់៖ «ទោះបីជាឆ្អឹងលលាដ៏ក្បាលមានចំនួនតិចក៏ដោយ ក៏ទំហំនៃការសម្លាប់មនុស្សកាលពីជំនាន់នោះ គឺជាការសម្លាប់រង្គាលដោយអយុត្តិធម៌ ដែលសង្គមមនុស្សពុំចង់ជួបប្រទះឡើយ។»
សេចក្តីសន្និដ្ឋាន
ពីអតីត «ទួលកកោះ» ដែលធ្លាប់ជាមន្ទីរអប់រំកែប្រែនៅឆ្នាំ ១៩៧២ រហូតក្លាយជាមន្ទីរសន្តិសុខ ការសួរចម្លើយ និងទីតាំងសម្លាប់ដ៏ឃោរឃៅក្នុងរបបខ្មែរក្រហម ទីតាំងនេះបានឆ្លងកាត់ការផ្លាស់ប្តូរជាបន្តបន្ទាប់ ពីការគាស់រណ្តៅសាកសពទៅវត្តកំរ៉ែង ការសាងសង់សាលារៀន និងវត្តកកោះជ្រុំនៅឆ្នាំ ១៩៨៩ រហូតដល់ការតម្កល់អដ្ឋិធាតុដែលនៅសេសសល់ក្នុងចេតីយ៍ថ្មីនៅចុងឆ្នាំ ២០១៨ និងការរៀបចំពិធីរំឭកការចងចាំប្រចាំឆ្នាំនៅថ្ងៃទី ២០ ឧសភា ដើម្បីរក្សាការចងចាំអំពីភាពអយុត្តិធម៌នៃអតីតកាលកុំឱ្យកើតឡើងសាជាថ្មី។ ហេតុការណ៍ទាំងនេះ គឺជាមេរៀនប្រវត្តិសាស្ត្រដ៏មានសារសំខាន់មួយសម្រាប់ក្មេងៗជំនាន់ក្រោយ រៀនសូត្រដើម្បីការចងចាំ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ដូចគ្នានេះ នាពេលអនាគត។
———————–
REPORT
On the History and Memory of the Tuol Kokoh Site and Wat Kokoh ChrumFormer Khmer Rouge Security Office and Killing FieldLocated in Speu Kaeut Village, Speu “Kor” Commune, Ba Phnum District
INTRODUCTION AND GEOGRAPHICAL LOCATION
Before the Khmer Rouge regime, the site of Wat Tuol Kokoh Chrum was a small mound called “Tuol Kokoh” by local residents, with a few small houses nearby and surrounded by lakes, ponds, and rice fields. Around Tuol Kokoh were other killing sites, including Tuol Oung Loung, Tuol Ta Proh, and Boeung Speu. Today, this site is the grounds of Wat Kokoh Chrum, located in Speu Kaeut Village, Speu “Kor” Commune, Ba Phnum District, Prey Veng Province.
CHRONOLOGY AND KEY EVENTS
– 1972 (Pre-Khmer Rouge Regime): Tuol Kokoh was used as a “Re-education Center” to detain local residents who had not yet abandoned tendencies from previous eras, though there were not yet large-scale killings. The administrators there were named Chhoeun and Som Ean.
– April 17, 1975, to Late 1977 (Khmer Rouge Regime): Tuol Kokoh was transformed into a temporary security office, interrogation site, and highly secretive killing site. Prisoners were detained, interrogated, tortured, and killed in pits at Tuol Kokoh, Tuol Oung Loung, Tuol Ta Proh, and Boeung Speu.
o After April 17, 1975: Many evacuees were sent here, and almost all of them were killed.
o By Late 1977: Most of the detainees held at this center were former Khmer Rouge cadres from the East Zone holding ranks such as cooperative committee members, commune committee members, district committee members, and militia chiefs (chhlop). Chhoeun and Som Ean were also killed during this period.
– January 1979 (Collapse of the Khmer Rouge Regime): The Khmer Rouge regime collapsed, leaving behind mass graves at Tuol Kokoh, Tuol Oung Loung, Tuol Ta Proh, and Boeung Speu.
– Early 1980s: The commune chief ordered surviving former Khmer Rouge security operatives (chhlop) to exhume the graves at Tuol Kokoh, Veal Ta Proh, and Tuol Oung Loung so the remains could be enshrined at Wat Komraeng (now Wat Komraeng Ratanaram, in Svay Pok Village, Speu “Kor” Commune, Ba Phnum District, about 2 kilometers from Tuol Kokoh). The remains at Wat Komraeng were not well preserved due to destruction and cattle and water buffalo eating the bones. At the same time, authorities designated Tuol Kokoh as a school site for children.
– 1989: Wat Kokoh Chrum was built on the Tuol Kokoh site by agreement between local residents and authorities, who unanimously named it “Wat Kokoh Chrum,” a name it still bears today. The present-day main sanctuary (vihear) was built over former Khmer Rouge mass graves, while monks’ quarters (kuti) and the communal hall (sala chhan) were built on newly filled land to expand the grounds of the pagoda and school.
– 2016: Venerable Siev Sokkhuon (who had ordained for one rainy season there in his youth, disrobed in 1995 to serve in the Military Police in Banteay Srei District, Siem Reap Province, and re-ordained in 2016 after retiring, eventually becoming the Abbot of Wat Kokoh Chrum) gathered the remains left over from the destruction and prepared administrative documents to transfer them from Wat Komraeng to be enshrined in a newly planned memorial stupa inside Wat Kokoh Chrum.
– Late 2018: The remaining remains were transferred and solemnly enshrined inside a sturdy concrete stupa at Wat Kokoh Chrum, with the participation of about 700 people from all 9 communes in the district and cooperation from the Ba Phnum District authorities and the pagoda’s head lay ritual master (achar thom), who helped mobilize labor, conduct traditional ceremonies, and compile the names of victims. Next to the stupa, two large cement tablets were built to inscribe the names of the builders and approximately 1,500 victims who died around the grounds of Wat Kokoh Chrum, while the actual remains collected amounted to roughly 30 skulls along with some arm and leg bones.
– May 20 Every Year (Except During the COVID-19 Pandemic): Ba Phnum District authorities regularly hold a remembrance ceremony and dedicate merit to the victims of the Pol Pot genocidal regime on the grounds of Wat Kokoh Chrum.
WITNESS STATEMENTS AND ACCOUNTS
Statement of Ms. Chhoeun Dani (Age 61, living in Snuol Village, Speu “Kor” Commune, Ba Phnum District)
– On the Disappearance and Killing of Her Father: “My father died here too, though I don’t know the exact spot where his body is—I only know he was brought to be killed at Tuol Kokoh. My father used to be a commune chief before Pol Pot. When the Khmer Rouge arrived, they made my father carry soil to dig a canal at Veal Ta Proh. Around 1:00 or 2:00 p.m., someone came to tell my father that he had to go to a meeting at the sector office. He was escorted home to change clothes before going to the meeting. My father wore a silk sarong, a wristwatch, a signet ring, and a neat shirt, and then went to the meeting with them. From that moment on, my father disappeared forever. Later, a villager who knew what happened came and told me that my father had been killed—killed at Tuol Kokoh—because he was a person of wealth in the village.”
– On Childhood Experiences and Propaganda Songs: “During the Pol Pot regime, I was still a child. Back then, they made us sing songs every day. I still remember some of it: ‘Rise up, all you who were servants to others! Rise up, all of you—this time, even if we live or die, we won’t regret it! Let us quickly destroy the old regime! All you who were servants to others must rise up…’ True enough! When it came to that, they really did kill them all! Those who used to be servants came out and killed all the wealthy people in the village.”
Remarks of the Abbot of Wat Kokoh Chrum, Venerable Siev Sokkhuon (Age 63)
– On the Security Site, Interrogation, and Killings: “This Tuol Kokoh site was not only a killing site, but also a temporary security center and interrogation place. Everyone sent to the Tuol Kokoh killing site was detained, interrogated, tortured, and subsequently killed. … The Khmer Rouge interrogation center was located north of Wat Kokoh Chrum, and three long security sheds, with many shackles and stocks, were located southwest of today’s sanctuary. … Prisoners who finished interrogation were sent to be killed in pits already dug within the grounds of Tuol Kokoh, Tuol Oung Loung, Tuol Ta Proh, and Boeung Speu.”
– On Exhuming Graves, Preserving Remains, and Building the Stupa: “The site of Wat Kokoh Chrum is a former Khmer Rouge prison. After the collapse of the Khmer Rouge regime, around 1980, the commune chief ordered those who had worked as chhlop during the Khmer Rouge era to exhume the graves at Tuol Kokoh, Veal Ta Proh, and Tuol Oung Loung. Once exhumed, all the remains were transported to be enshrined at Wat Komraeng. At that time, the remains at Wat Komraeng were not intact because cattle and water buffalo kept coming to eat the bones. Back then, I was young and ordained for one rainy season there. Later, I disrobed and went to work in the Military Police unit in 1995 in Banteay Srei District, Siem Reap Province. Until I retired from work, I came back to ordain again in 2016 at Wat Kokoh Chrum up to the present day. At that time, I gathered those bones together, and then I requested approval from District Governor Tep Phirom to bring the small amount of remaining bones—only about 30 skulls, along with some arm and leg bones—to be enshrined here at Wat Kokoh Chrum, because some of our villagers had secretly taken the bones of these corpses to feed to cattle. Afterward, I built a stupa to enshrine those bones, and at the same time, the head achar at this pagoda (who passed away two years ago) was responsible for mobilizing labor to transport the bones, organizing traditional ceremonies, and compiling the names of victims who died at all these sites. At that time, about 700 people from all 9 communes, together with the cooperation of the Ba Phnum District governor of that era, carried out this event well and completed it from start to finish at the end of 2018.”
– On the Scale of Injustice in the Killings: “Even though the number of skulls is small, the scale of the killings in that era was an unjust mass slaughter that human society never wants to experience.”
CONCLUSION
From the former “Tuol Kokoh,” which served as a re-education center in 1972 before becoming a security office, interrogation center, and brutal killing site under the Khmer Rouge regime, this place has undergone successive transformations—from the exhumation of graves to Wat Komraeng, the construction of a school and Wat Kokoh Chrum in 1989, to the enshrinement of remaining bones in a new stupa in late 2018 and the annual remembrance ceremony on May 20—in order to keep alive the memory of past injustices so they will never happen again. These events serve as an important historical lesson for younger generations to learn, remember, and prevent such genocide in the future.
https://photos.app.goo.gl/tdbPQCoXRYdkdo5Q7