Home / Post

Prey Veng Documentation Center: A Visit of Group of Students from Aknuvoath Secondary School

របាយការណ៍ដោយ៖ ថុន ស្រីពេជ្រ

នៅវេលា ម៉ោង១ និង ៤៥នាទី រសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ សិស្សានុសិស្សថ្នាក់ទី៧ នៃអនុវិទ្យាល័យ អនុវត្ត ចំនួន៥នាក់(ប្រុសទាំង៥) បានអញ្ជើញមកកាន់ការិយាល័យមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តព្រៃវែង ក្នុងគោលបំណងទស្សនារូបភាពពិព័រណ៍អចិន្ត្រៃយ៍ អានសៀវភៅ និង ទស្សនាខ្សែភាពយន្ត «មុនដំបូង ខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» ដើម្បីមកសិក្សាអំពីប្រវត្តិសាស្ត្រខ្មែរក្រហម មួយចំនួនដែលខ្លួន ពុំធ្លាប់ដឹងពីមុនមក។

ការទស្សនាផ្ទាំងរូបភាពពិព័រណ៍អចិន្ត្រៃយ៍

បន្ទាប់ពីសិស្សានុសិស្ស ទាំង៥នាក់ បានចុះឈ្មោះ វត្តមានរួច សិស្សានុសិស្ស បានដើរទស្សនាផ្ទាំងរូបភាពពិរណ៍អចិន្ត្រៃយ៍ និង បានមកជ្រើសរើសសៀវភៅ ដើម្បីអាន ដោយសិស្សខ្លះបានអានសៀវភៅទស្សនាវដ្តីស្វែងរកការពិតលេខពិសេស ឆ្នាំ២០២៥, សិស្សខ្លះបានអានសៀវភៅសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល៖ ព្រះរាជដំណើរជីវិតពោរពេញទៅដោយព្រឹត្តិការណ៍ និង សិស្សខ្លះទៀត បានអាន និង មើលរូបភាពនៅក្នុងសៀវភៅ WAR REMNANTS OF THE KHMER ROUGE។
ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តព្រៃវែង បានពន្យល់អំពីរូបភាពនៅក្នុងសៀវភៅមួយចំនួនដែលសិស្សានុសិស្សបានអាន ជាពិសេសទាក់ទងនឹងលលាក្បាល រណ្តៅសាកសសព ព្រមទាំងទីកន្លែងដែលខ្មែរក្រហម បានសម្លាប់មនុស្សច្រើនជាងគេ។ ក្នុងនោះ ក្រុមការងារបានសួរមួយសំណួរទៅកាន់សិស្សានុសិស្សថា៖ តើទីតាំងកន្លែងណា ដែលខ្មែរក្រហបានយកមនុស្សទៅសម្លាប់ច្រើនជាងគេ?សិស្សានុសិស្សបានឆ្លើយយ៉ាងត្រឹមត្រូវ ថាទីតាំងនោះ គឺជាគុកទួលស្លែង នៅរាជធានីភ្នំពេញ។ នៅចំណុចដែលសិស្សានុសិស្សបានចាប់អារម្មណ៍បន្តមកទៀត នោះគឺ សិស្សានុសិស្ស បានឃើញរូបភាពអ្នកដែលឆ្លងកាត់សម័យខ្មែរក្រហម និង ឆ្លងកាត់សង្គ្រាម បានត្រូវរបួសជាមួយគ្រាប់ផ្លោង ឬ គ្រាប់បែក នាំឱ្យមានរបួស និង ពិការដៃជើង៖ មកដល់ត្រឹមនេះ សិស្សានុសិស្សចំនួន៣នាក់ បាននិយាយចែករំលែកថា៖

ម៉េង លីហេង៖ លោកតា របស់ខ្ញុំ ធ្លាប់ធ្វើទាហាន លន់ នល់ នៅខេត្តកំពង់ចាម។ នៅពេលដែលគាត់ត្រូវគ្រាប់ត្រង់ជើង គាត់បានធ្វើដំណើរមកព្រៃវែង ហើយបានឱ្យលោកយាយរបស់ខ្ញុំ ជូនគាត់ទៅមន្ទីរពេទ្យនៅឯ ភ្នំពេញ ដើម្បីវះយកគ្រាប់ចេញ។ ពីមុនមក ខ្ញុំមិនធ្លាប់ដឹងថា ប្រទេសយើងធ្លាប់មានសង្គ្រាមទេ។ ខ្ញុំទើបតែដឹង នៅពេលដែលលោកយាយរបស់ខ្ញុំបានប្រាប់ខ្ញុំនេះ។ នៅពេលដែលខ្ញុំបានដឹងរឿងនេះហើយ ខ្ញុំពិតជាអាណិតគាត់ណាស់។

វិន តារាវិទូ៖ លោកយាយ របស់ខ្ញុំ ប្រុងនឹងត្រូវខ្មែរក្រហម យកទៅសម្លាប់ហើយ ដោយសារតែគាត់ឃ្លានពេក ហើយគាត់បានលួចដំឡូងហូប។ ប៉ុន្តែពេលនោះ ដោយមានទាហានម្នាក់បាននិយាយថា រង់ចាំ២ ទៅ៣ ថ្ងៃទៀត ចាំយកគាត់ទៅប្រហារជីវិត។ លុះក្រោយមកទៀត ខ្មែរក្រហម បានមករកចាប់លោកយាយខ្ញុំ ចេញទៅ ប៉ុន្តែជាសំណាងល្អ មានគេជួយលាក់បាំងគាត់ ទើបគាត់បានរួចជីវិត។ ពេលនោះបើសិនជាខ្មែរក្រហម រកឃើញ ហើយចាប់ខ្លួនគាត់បាន ខ្មែរក្រហម នឹងយកគាត់ទៅសម្លាប់ហើយ។ បន្ទាប់ពីបានស្តាប់សាច់រឿងរបស់លោកយាយខ្ញុំហើយ ខ្ញុំមានអារម្មណ៍ក្តុកក្តួលណាស់។

ឆែ សៀនប៉ាវ៖ លោកតារបស់ខ្ញុំ ក៏ធ្លាប់ឆ្លងកាត់សង្គ្រាមផ្ទាល់ដែរ។ បច្ចុប្បន្ន លោកតារបស់ខ្ញុំ មានអាយុ៨០ឆ្នាំជាងហើយ។ គាត់បានពិកាដៃខាងឆ្វេងម្ខាង ដោយសារតែគាត់ធ្វើទាហាន លន់ នល់ ហើយត្រូវគ្រាប់ចំដៃឆ្វេងអំឡុងពេលធ្វើសង្គ្រាម។ ឥឡូវគាត់រស់នៅ ខេត្តកំពង់ស្ពឺ។ រយៈពេលយូរបន្តិចទើបគាត់មកលេងខ្ញុំម្តង។ ចំណែកឯប្រវត្តិសាស្ត្រខ្មែរក្រហមវិញ គឺខ្ញុំពុំធ្លាប់ឮពីមុនមកទេ។

ការទស្សនាខ្សែភាពយន្តឯកសារ «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ»

សិស្សានុសិស្សបានចូលមកកាន់បន្ទប់បញ្ចាំងកុន ហើយ ក្រុមការងារ បាននិយាយដោយសង្ខេប ពីដំណើររឿង«មុនដំបូង ខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» ត្រួសៗ ដើម្បីជាចំណេះដឹងទាក់ទងនឹងសាច់រឿង រួចចាប់ផ្តើម ចាក់បញ្ចាំងខ្សែវីដេអូ ដើម្បីសិស្សានុសិស្ស បានទស្សនា។ សិស្សានុសិស្សបានទស្សនានូវខ្សែភាពយន្តនេះដោយយកចិត្តទុកដាក់ និង ទស្សនាខ្សែភាពនេះរហូតដល់ចប់ នៅវេលាម៉ោង៤ និង ២០នាទី ល្ងាច ថ្ងៃដដែល។ សិស្សានុសិស្សទទួលបានសៀវភៅទស្សនាវដ្តីស្វែងរកការពិតលេខពិសេស ឆ្នាំ២០២៥ ម្នាក់១ច្បាប់ ដើម្បីយកទៅអាននៅផ្ទះបន្ថែម។

ចំណាប់អារម្មណ៍សិស្ស បន្ទាប់ពីទស្សនាខ្សែភាពយន្តឯកសាររួច

១) ខ្ញុំឈ្មោះ វិន តារាវិទូ ភេទប្រុស អាយុ១២ឆ្នាំ ជាសិស្សរៀននៅថ្នាក់ទី៧ នៃអនុវិទ្យាល័យអនុវត្ត។ ខ្ញុំធ្លាប់មកទីនេះម្តងរួចមកហើយ កន្លែងនេះ មានឈ្មោះថាមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តព្រៃវែង។ ចំពោះកម្មវិធីដែល មជ្ឈមណ្ឌលបាននាំភ្ញៀវដើរទស្សនារូបភាពពិព័រណ៍ ឬ មើលកុន ខ្ញុំមានអារម្មណ៍ពេញចិត្តនឹងកម្មវិធីនេះណាស់។ បន្ទាប់ពីខ្ញុំបានមកកាន់មជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តព្រៃវែង ខ្ញុំទទួលបាននូវចំណេះដឹងថ្មី ទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហម ពីការទស្សនាខ្សែភាពយន្តឯកសារ «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»។ តាមរយៈវីដេអូ ខ្ញុំបានឃើញខ្មែរក្រហម ធ្វើបាបប្រជាជនខ្មែរ ហើយក៏មានកងទ័ពវៀតណាមចូលមកជួយ។ លើសពីនេះ ខ្ញុំមានអារម្មណ៍អាណិតដល់ម្តាយ បងប្រុស និង បងស្រី របស់តួស្រីឈ្មោះ អ៊ឹង លឿង ព្រោះពួកគាត់ត្រូវខ្មែរក្រហមធ្វើបាប ហើយមិនឱ្យហូបចុកគ្រប់គ្រាន់។ បើខ្ញុំជាតួអង្គនៅក្នុងរឿងនេះ ខ្ញុំមិនអាចរស់បានទេ ព្រោះពិបាកខ្លាំងពេក។

២) ខ្ញុំឈ្មោះ ឆែ សៀនប៉ាវ ភេទប្រុស អាយុ១៣ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៧ នៃវិទ្យាល័យអនុវត្ត។ នេះជាលើកទី១ ដែលខ្ញុំបានមកស្គាល់ទីនេះ។ ខ្ញុំមានអារម្មណ៍សប្បាយចិត្ត។ ខ្ញុំចង់ឱ្យមានកម្មវិធី ដើរទស្សនាផ្ទាំងរូបភាពពិព័រណ៍ និង ចាក់បញ្ចាំងកុន បែបនេះរហូត និង ចង់ឱ្យមានសៀវភៅប្រវត្តិសាស្ត្រខ្មែរក្រហមឱ្យបានច្រើន។ ពេលខ្ញុំមកដល់ទីនេះ បានធ្វើឱ្យខ្ញុំស្គាល់អំពីប្រវត្តិសាស្ត្រខ្មែរក្រហមតាមរយៈការទស្សនាខ្សែភាពយន្តឯកសារ «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ»។ ចំពោះសាច់រឿងនេះ ខ្ញុំនៅចងចាំកន្លែងខ្មែរក្រហម យកឪពុករបស់តួស្រី ឈ្មោះ អ៊ឹង លឿង ទៅសម្លាប់។ បើសិនជាខ្ញុំជាតួអង្គនៅក្នុងរឿងនេះ ខ្ញុំនឹងខំតតាំងប្រឆាំងនឹងខ្មែរក្រហម ហើយខិតខំតស៊ូរស់ឱ្យបាន។ នៅពេលដែលខ្ញុំទំនេរ ខ្ញុំនឹងមកទីនេះម្តងទៀត ដើម្បីអានសៀវភៅ និង មើលកុនឯកសារ។

៣) ខ្ញុំឈ្មោះ ឯក ចាន់បណ្ឌិត ភេទប្រុស អាយុ១៣ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៧ នៃវិទ្យាល័យអនុវត្ត។ ខ្ញុំបានមកស្គាល់ការិយាល័យមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តព្រៃវែង តាមរយៈវិទូ។ វិទូ បានបបួលខ្ញុំមក ដើម្បីអានសៀវភៅ និង មើលកុនឯកសារ។ នៅពេលដែលខ្ញុំមកដល់ទីនេះដំបូង ខ្ញុំមានអារម្មណ៍ភ័យ ព្រោះខ្លាចបុគ្គលិករបស់មជ្ឈមណ្ឌល គិតលុយពីខ្ញុំ។ ប៉ុន្តែបន្ទាប់ពីខ្ញុំបានមកដល់ទីនេះ បងៗបានប្រាប់ខ្ញុំថា មិនបានគិតលុយគិតកាក់អ្វីទេ ហើយ នៅពេលដែលខ្ញុំឃើញមានសៀវភៅជាច្រើន ដែលបានដាក់តាំងបង្ហាញបែបនេះ ខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់។ ជាពិសេស បានទស្សនាកុនឯកសារទៀតផង។ នៅក្នុងរឿង«មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» គឺខ្ញុំចាប់អារម្មណ៍នៅត្រង់ការប្រយុទ្ធគ្នា រវាងកងទ័ពខ្មែរក្រហម និង កងទ័ពវៀតណាម។

៤) ខ្ញុំឈ្មោះ មេង លីហេង ភេទប្រុស អាយុ១៣ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៧ នៃវិទ្យាល័យអនុវត្ត។ នៅពេលដែលខ្ញុំមកដល់ទីនេះដំបូង ខ្ញុំចាប់អារម្មណ៍ជាងគេ គឺមានសៀវភៅច្រើន ដែលអាចឱ្យយើងអានបាន ហើយខ្ញុំចាប់អារម្មណ៍ទៅនឹងការមើលកុន រឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»។ នៅពេលដែលបានឃើញសកម្មភាពដូច្នេះ ខ្ញុំមានអារម្មណ៍សប្បាយចិត្ត។ ខ្ញុំចង់ឱ្យខាងមជ្ឈមណ្ឌលរៀបចំសៀវភៅប្រវត្តិសាស្ត្រឱ្យបានច្រើន និង មានរឿងកុនថ្មីៗបន្ថែមទៀត។ ចំណុចដែលខ្ញុំចាប់អារម្មណ៍នៅក្នុងរឿងកុននេះជាងគេ គឺ ខ្ញុំបានឃើញខ្មែរក្រហម បោកប្រជាជនខ្មែរឱ្យស្អប់វៀតណាម ប៉ុន្តែវៀតណាម បានមកជួយសង្គ្រោះយើងពីពួកខ្មែរក្រហម។

៥) ខ្ញុំឈ្មោះ កែវ ស៊ាងណាន ភេទប្រុស អាយុ១២ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៧ នៃវិទ្យាល័យអនុវត្ត។ ខ្ញុំបានមកកាន់មជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តព្រៃវែងនេះ គឺតាមរយៈ វិទូ គឺជាអ្នកដែលបបួលខ្ញុំ ឱ្យមកស្គាល់ទីនេះដូចគ្នា។ វិទូ បានប្រាប់ថា នៅកន្លែងនេះ មានសៀវភៅអានជាច្រើន ហើយ អាចមើលកុនឯកសារខ្មែរក្រហម បានទៀតផង។ នៅក្នុងរឿង «មុនដំបូង ខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» គឺខ្ញុំចាប់អារម្មណ៍នៅកន្លែងប្រយុទ្ធគ្នា រវាងកងទ័ពខ្មែរក្រហម និង កងទ័ពវៀតណាម។

Full report