ក្រុមយុវជនសកម្មផ្សព្វផ្សាយបណ្ដាញសង្គម (KCY) ធ្វើទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារកម្ពុជា
សាខាខេត្តកំពង់ចាម
ដោយ លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ សមាជិកក្រុមយុវជនសកម្មផ្សព្វផ្សាយបណ្ដាញសង្គម (KCY) ចំនួន ៨ នាក់ ដឹកនាំដោយលោក បុល រក្សា ប្រធានក្រុម និងជាអតីតអ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៨ បានអញ្ជើញមកធ្វើទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម។
ក្នុងដំណើរទស្សនកិច្ចសិក្សានេះ គរុសិស្សទាំងអស់បានចូលរួមក្នុងកម្មវិធីសិក្សាសំខាន់ៗចំនួន ៣ រួមមាន៖
(១) បទបង្ហាញស្តីពីពិព័រណ៍ប្រវត្តិសាស្ត្រ៖ ស្វែងយល់អំពីប្រវត្តិមេដឹកនាំខ្មែរក្រហម, ព្រឹត្តិការណ៍ជម្លៀសប្រជាជនដោយបង្ខំ, ការប្រើកម្លាំងបាយនៅការដ្ឋានលើកទំនប់ និងដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហម។
(២) ការស្រាវជ្រាវឯកសារ៖ ការអានសៀវភៅ និងស្វែងយល់ពីប្រភពធនធានឯកសារនៅក្នុងបណ្ណាល័យ និងបន្ទប់បណ្ណសារខ្មែរក្រហម។
(៣) ការទស្សនាខ្សែភាពយន្តឯកសារ៖ ទស្សនារឿង «កុំស្មានបងភ្លេច៖ ខ្មែរបាត់បង់តន្ត្រីរ៉ក់» ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រកម្ពុជាតាំងពីសម័យអាណានិគម រហូតដល់សម័យសង្គ្រាមស៊ីវិល និងការស្តារប្រទេសជាតិឡើងវិញ។
ជាកិច្ចចាប់ផ្ដើម លោក ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌល បានទទួលស្វាគមន៍ និងធ្វើបទបង្ហាញអំពីពិព័រណ៍អចិន្ត្រៃយ៍ និងការដួលរលំនៃរបបខ្មែរក្រហមនៅដើមឆ្នាំ១៩៧៩។ បន្ទាប់មក គរុសិស្សបានបន្តទស្សនាពិព័រណ៍ «ក្ដីសង្ឃឹមកម្ពុជា» មុននឹងចំណាយពេលជិត ២ ម៉ោង ដើម្បីទទួលបានចំណេះដឹងពីខ្សែភាពយន្តឯកសារ។
ក្រោយពីបញ្ចប់ការចាក់បញ្ចាំង លោក ស៊ាង ចិន្តា នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម ក៏បានធ្វើបទបង្ហាញបន្ថែមអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ជូនដល់យុវជនយុវនារីចូលរួម ទាំងនោះផងដែរ។
ចំណាប់អារម្មណ៍របស់គរុសិស្ស៖
កៃ ស៊ីកៀត, សមាជិកក្រុមយុវជនសកម្មផ្សព្វផ្សាយបណ្ដាញសង្គម (KCY), បានលើកឡើងថា ៖ «នេះជាលើកទី១ ដែលខ្ញុំបានមកទីនេះ។ ភាពយន្តឯកសារ “កុំស្មានបងភ្លេច” ពិតជាជក់ចិត្ត និងមិនធ្វើឱ្យធុញទ្រាន់ឡើយ ព្រោះមានបញ្ចូលបទចម្រៀងសម័យដើមពីរោះៗ។ ខ្ញុំបានយល់ដឹងកាន់តែច្បាស់ពីលំដាប់លំដោយនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកម្ពុជាក្នុងសម័យកាលនីមួយៗ។»
អឿន សុខអ៊ួរ, សមាជិកក្រុមយុវជនសកម្មផ្សព្វផ្សាយបណ្ដាញសង្គម (KCY), បាននិយាយថា ៖ «ការទស្សនាផ្ទាំងពិព័រណ៍ និងការអានឯកសារនៅក្នុងមជ្ឈមណ្ឌល បានជួយឱ្យខ្ញុំរៀនសូត្របានច្រើនពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ។ ខ្សែភាពយន្តឯកសារ ក៏បានជួយពង្រីកការយល់ដឹងរបស់ខ្ញុំឱ្យកាន់តែស៊ីជម្រៅអំពីបរិបទប្រវត្តិសាស្ត្រខ្មែរសម័យទំនើប។»
February 11, 2026
Photo by Sang Chanthou
Documentation Center of Cambodia Archives