វេទិកាថ្នាក់រៀន ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦
ទីតាំងមជ្ឈមណ្ឌលឯកសារខេត្ត តាកែវ
របាយការណ៍វេទិកាថ្នាក់រៀន និងរូបថតដោយ៖ ជីម សុខគា
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ មជ្ឈមណ្ឌលឯកសារកម្ពុជាខេត្ត តាកែវ បានរៀបចំវេទិកាថ្នាក់រៀនមួយ ជាមួយសិស្សថ្នាក់ទី១២ ចំនួន ៧នាក់ ស្រី ៣នាក់ និងប្រុស ៤នាក់ មកពីវិទ្យាល័យជាស៊ីមតាកែវ។ វេទិកានេះរៀបចំឡើងក្នុងគោលបំណង ផ្ដល់ការពិភាក្សាអំពីមេរៀនប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ដោយផ្ដោតសំខាន់លើមេរៀនមួយនៅក្នុងជំពូកទី៨ «ជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបកម្ពុជាប្រជាធិបតេយ្យ» នៃសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។
ការផ្តើមបង្រៀន៖
មុនដំបូង សុខគា ចាប់ផ្ដើមណែនាំខ្លួនទៅកាន់សិស្ស។ បន្ទាប់មក សុខគា បានចាប់ផ្តើមការបង្រៀនជំពូកទី ៨ ដោយពន្យល់ពីអត្ថន័យនៃចំណងជើងមេរៀន និងពន្យល់ពាក្យគន្លឹះមួយចំនួនដូចជា៖ ការបង្ខំឱ្យធ្វើការហួសកម្លាំង, ការបង្កើតសហករណ៍, ការធ្វើបន្សុទ្ធកម្ម និងការសម្លាប់រង្គាល។ បន្ទាប់មកទៀត សុខគា បានសួរសំណួរទៅកាន់សិស្សថា៖ «តើប្អូនៗបានដឹងអ្វីខ្លះពីជីវិតរស់នៅប្រចាំថ្ងៃនៅក្នុងរបបខ្មែរក្រហម?» និងបានទុករយៈពេល ៥នាទីដល់សិស្សសម្រាប់ឆ្លើយសំណួរនេះ។ ក្នុងចំណោមសិស្សទាំង៧នាក់ មានសិស្ស ២នាក់បានឆ្លើយនឹងសំណួរនេះ។ សិស្សម្នាក់បានឆ្លើយថា ខ្លួនបានដឹងតាមរយៈលោកយាយដែលគាត់ស្ថិតក្នុងរបបខ្មែរក្រហមថា ការរស់របស់គាត់នៅក្នុងរបបខ្មែរក្រហម គឺលំបាកវេទនាណាស់ ខ្មែរក្រហមបានប្រើគាត់ឱ្យធ្វើការហួសកម្លាំង និងបង្អត់អាហារឱ្យហូបតែបបររាវៗប៉ុណ្ណោះ។ រីឯសិស្សម្នាក់ទៀត បានឆ្លើយថាខ្លួន បានដឹងតាមរយៈការអានសៀវភៅ បានដឹងពីការជម្លៀសប្រជាជនក្នុងរបបខ្មែរក្រហម និងការបង្ខំឱ្យប្រជាជនធ្វើការទាំងហួសកម្លាំង។
ការបង្រៀន៖
បន្ទាប់ពីសិស្សឆ្លើយសំណួរចប់ សុខគា បានណែនាំសិស្សឱ្យអានមេរៀន តាមរបៀប «ការអានជាលក្ខណៈបុគ្គលម្នាក់ៗ ដោយស្ងៀមស្ងាត់» លើចំណងជើងរងនីមួយៗនៃជំពូកមេរៀន។ សុខគា បានកំណត់ការអានរបស់សិស្ស ដោយផ្តល់ពេលវេលា ៣០ នាទី សម្រាប់សិស្សក្នុងការអានចំណងជើងនៅក្នុងមេរៀនតាំងពីដើមរហូតដល់ចប់។ មុននឹងចាប់ផ្តើមអាន សុខគា បានណែនាំសិស្សឱ្យកត់ត្រាចំណុចសំខាន់ៗ កត់ត្រាពាក្យពិបាកៗដែលសិស្សពុំទាន់យល់ និងកត់ត្រាពីចំណេះដឹងថ្មីចេញពីមេរៀន។ សិស្សទាំងអស់បានអានមេរៀននៅក្នុងជំពូកទី៨ គ្រប់ៗគ្នារហូតចប់មេរៀនក្នុងជំពូកនោះ។ សិស្សទាំងអស់បានចំណាយពេល ៣០នាទីសម្រាប់អានសៀវភៅ និងសង្ខេបពីចំនុចដែលខ្លួនរៀនសូត្របាន។ អំឡុងពេលអានសៀវភៅ សិស្សបានសួរសំណួរពីរ។ សំណួរទាំងនោះរួមមានដូចតទៅនេះ៖
១. តើការបោះឆ្នោតនៅក្នុងរបបខ្មែរក្រហមរៀបចំឡើងនៅ ថ្ងៃ ខែ ឆ្នាំណា?
២. តើជនបញ្ញើក្អែកមានន័យយ៉ាងដូចម្ដេច?
សុខគា បានឆ្លើយតបនឹងសំណួររបស់សិស្ស ហើយពន្យល់មួយៗ ដើម្បីឱ្យសិស្សងាយយល់ និងកាន់តែច្បាស់ជាងមុន។ ដើម្បីវាស់ស្ទង់ចំណេះដឹងរបស់សិស្ស សុខគា បានដាក់សំណួរឱ្យសិស្សឆ្លើយចំនួន ៥សំណួរ ដែលរួមមានដូចខាងក្រោម៖
១) តើសហករណ៍មានន័យយ៉ាងដូចម្ដេច?
២) ហេតុអ្វីបានខ្មែរក្រហម បង្កើតសហករណ៍?
៣) តើការងារមួយថ្ងៃក្នុងរបបខ្មែរក្រហមមានរយៈពេលប៉ុន្មានម៉ោង ហើយប៉ុន្មានថ្ងៃក្នុងមួយសប្ដាហ៍?
៤) ហេតុអ្វីបានជាខ្មែរក្រហមប្រើប្រាស់ពិធីមង្គលការរួម?
៥) បន្ទាប់ពីការប្រយុទ្ធគ្នាជាមួយវៀតណាមនៅឆ្នាំ១៩៧៧ និង១៩៧៨ តើខ្មែរក្រហមបានប្រព្រឹត្តអំពើទៅលើប្រជាជនក្នុងភូមិភាគបូព៌ាយ៉ាងដូម្ដេច?
រយៈពេល ៣០នាទីនៃការឆ្លើយសំណួររបស់សិស្សត្រូវបានបញ្ចប់។ សុខគា បានណែនាំសិស្សឱ្យអង្គុយជារង្វង់ ហើយចែករំលែកពីចម្លើយដែលខ្លួនបានកត់ត្រាទុកម្នាក់ម្ដងៗ ក្នុងម្នាក់មានរយៈពេលវេលា៥នាទី សម្រាប់ការធ្វើបទបង្ហាញពីចម្លើយផ្ទាល់ខ្លួន។ នៅពេលបញ្ចប់ការធ្វើបទបង្ហាញរបស់សិស្សហើយ សុខគា បានបូកសរុបព្រឹត្តិការណ៍ និងពន្យល់ពាក្យពិបាកៗនៃអត្ថបទមេរៀន ហើយសិស្សឯទៀតដែលអង្គុយស្តាប់ បានកត់ត្រាចំណេះដឹងថ្មីចេញពីមេរៀន។
សំយោគ៖
សុខគា បានសរុបឡើងវិញអំពីមេរៀននៅក្នុងថ្ងៃនេះ ដោយដើរតាមវិធីសាស្ត្របង្រៀន ខេ-ដាប៊ែលយូ-អិល (KWL) (ចំណេះដឹងពីមុនរបស់សិស្ស ចំណុចដែលសិស្សចង់រៀនបន្ថែម និង ចំណេះដឹងថ្មីៗរបស់សិស្សចេញពីមេរៀនក្នុងថ្ងៃនេះ)។ ចុងបញ្ចប់នៃការបង្រៀនរយៈពេលមួយព្រឹកនេះ សុខគា បានផ្តាំផ្ញើឱ្យសិស្សបន្តអាន និងស្រាវជ្រាវឯកសារបន្ថែមតាមរយៈ ការអានសៀវភៅ ទស្សនាវដ្ដី និងតាមរយៈការសួរនាំពីបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលជាសាច់ញាតិ ឬជាអ្នកដែលរស់នៅក្នុងភូមិឃុំជាមួយគ្នា ដើម្បីទុកជាការរៀនសូត្ររបស់ខ្លួនពេលបច្ចុប្បន្ន។
ខាងក្រោមនេះ គឺជាការចម្លើយរបស់សិស្សម្នាក់ៗ៖
សៅ សារិទ្ធ អាយុ១៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២ មកពីវិទ្យាល័យជាស៊ីមតាកែវ។
១) ពាក្យ សហករណ៍ មានន័យថា ប្រជាជនរស់នៅរួមគ្នា ការធ្វើការរួមគ្នា ការហូបចុករួមគ្នា និងការចែករំលែកការកម្សាន្ដជាសមូហភាព។
២) បានជាខ្មែរក្រហមបង្កើតសហករណ៍ គឺជាផ្នែកមួយនៃដំណើររបស់ខ្លួន ដើម្បីលុបបំបាត់កម្មសិទ្ធិឯកជន របបមូលធននិយម និងពង្រឹងវណ្ណៈកម្មករ ឬកសិករ។
៣) ខ្មែរក្រហមបានប្រើឱ្យប្រជាជនធ្វើការ ១២ម៉ោងក្នុងមួយថ្ងៃ។
៤) បានជាខ្មែរក្រហមប្រើប្រាស់មង្គលការរួម ដោយសារតែការរៀបការបែបនេះ ធ្វើឡើងដោយចំណាយពេលវេលាតិច ហើយពេលវេលាដែលនៅសេសសល់ គឺត្រូវចំណាយទៅលើការងារសហករណ៍ ឬអ្វីដែលខ្មែរក្រហមបានហៅថា «បដិវត្តន៍មហាលោតផ្លោះ មហាអស្ចារ្យ» ដែលពាក្យស្លោកនេះចម្លងចេញពីកុម្មុយនិស្ដចិន។
៥) បន្ទាប់ពីការប្រយុទ្ធគ្នាជាមួយវៀតណាមនៅឆ្នាំ១៩៧៧ -១៩៧៨ ខ្មែរក្រហមបានប្រព្រឹត្តអំពើទៅលើប្រជាជនក្នុងភូមិភាគបូព៌ា ដូចតទៅនេះ៖ បន្ទាប់ពី ប៉ុល ពត បានវិលត្រឡប់មកពីប្រទេសចិនវិញ កងទ័ពវៀតណាមបានវាយចូលភូមិភាគបូព៌ា។ បន្ទាប់មក ខ្មែរក្រហមបានចោទប្រកាន់ ប្រជាជន និងអតីតកម្មាភិបាលភូមិភាគបូព៌ា ថាបានចូលដៃចូលជើងជាមួយមួយវៀតណាម ហេតុការណ៍នេះ បានធ្វើឱ្យខ្មែរក្រហមចាប់ខ្លួនអ្នកទាំងនោះបញ្ជូនយកទៅសម្លាប់ជាច្រើននាក់។ ខ្មែរក្រហម ថែមទាំងសម្លាប់អ្នកដែលស្មោះត្រង់នឹងខ្លួន និងដៃគូនយោបាយជើងចាស់ ដូចជា សោភឹមទៀតផង។
គឹម គិរី អាយុ១៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២ មកពីវិទ្យាល័យជាស៊ីមតាកែវ។
១) ពាក្យ សហករណ៍ មានន័យថា ប្រជាជនរស់នៅរួមគ្នា ធ្វើការរួមគ្នា ហូបចុករួមគ្នា និងការចែករំលែកការកម្សាន្ដរួមគ្នាជាសមូហភាព។
២) បានជាខ្មែរក្រហម បង្កើតសហករណ៍ទាំងនេះឡើង ព្រោះជាផ្នែកមួយនៃដំណើររបស់ខ្លួនឆ្ពោះទៅរកការលុបបំបាត់កម្មសិទ្ធិឯកជន របបមូលធននិយម ហើយបង្កើតវណ្ណៈ កម្មករ និងកិសករ។
៣) ខ្មែរក្រហមបានប្រើមនុស្សឱ្យធ្វើការលើសកម្លាំងដែលមានរយៈពេល១២ម៉ោងក្នុងមួយថ្ងៃ ហើយធ្វើការ៧ថ្ងៃក្នុងមួយសប្ដាហ៍ ។
៤) បានជាខ្មែរក្រហម ប្រើប្រាស់ពិធីមង្គលការរួម ព្រោះការរៀបចំរើសគូស្រករខុសពីទំនៀមទម្លាប់ ប្រពៃណីខ្មែរយើង ដោយតម្រូវឱ្យកូនក្រមុំ កូនកំលោះ រៀបការរួមគ្នា ដែលមានសមាជិកចាប់ពី៣ ទៅដល់១០គូ ក្នុងពិធីតូច។ បើក្នុងពិធីរៀបការធំ មានចាប់ពី៣០ ទៅ៥០គូ ឬរហូតដល់១០០គូ។ នៅក្នុងពិធីរៀបការនេះ ជួនកាលខ្មែរក្រហមឱ្យហូបអាហារឆ្ងាញ់រួមគ្នាមួយពេលដែរ។
៥) បន្ទាប់ពីការ ប្រយុទ្ធគ្នាជាមួយវៀតណាមនៅឆ្នាំ ១៩៧៧ ដល់១៩៧៨ ខ្មែរក្រហមបានប្រព្រឹត្តអំពើទៅលើប្រជាជនដែលរស់នៅក្នុងភូមិភាគបូព៌ាយ៉ាងសាហាវយង់ឃ្នង។ ខ្មែរក្រហម កើតមានការសង្ស័យ ហើយលែងទុកចិត្តគ្នាឯង ហើយថែមទាំងសម្លាប់ មេដឹកធំៗរបស់ខ្លួនអស់មួយចំនួនទៀត។
ចាន់ ពិសា អាយុ១៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២ មកពីវិទ្យាល័យជាស៊ីមតាកែវ។
១) ពាក្យ សហករណ៍ មានន័យថា ប្រជាជនរស់នៅរួមគ្នា ធ្វើការរួមគ្នា ហូបចុករួមគ្នា និងចែករំលែកការកម្សាន្ដរួមគ្នា។
២) បានជាខ្មែរក្រហមបង្កើតសហករណ៍ឡើង ដែលជាផ្នែកមួយនៃដំណើររបស់ខ្លួនឆ្ពោះទៅរកការលុបបំបាត់កម្មសិទ្ធិឯកជន លុបបំបាត់របបមូលធននិយម ដើម្បីពង្រឹងវណ្ណៈកម្មករ និងកសិករ។
៣) ខ្មែរក្រហម បានប្រើប្រជាជនឱ្យធ្វើការ ១២ម៉ោង ក្នុងមួយថ្ងៃ ហើយ ៧ថ្ងៃ ក្នុងមួយសប្ដាហ៍។
៤) បានខ្មែរក្រហម ប្រើប្រាស់ពិធីមង្គលការរួម ដោយសារតែចំណាយពេលវេលាតិច ហើយពេលវេលាដែលនៅសេសសល់ត្រូវចំណាយលើការងារសហករណ៍ ឬអ្វីដែលខ្មែរក្រហមហៅថា បដិវត្តិន៍មហាលោតផ្លោះ មហាអស្ចារ្យ ដែលជាពាក្យស្លោក ចម្លងចេញពីកុម្មុយនិស្ដចិន។
៥) បន្ទាប់ពីការប្រយុទ្ធគ្នាជាមួយវៀតណាមនៅឆ្នាំ១៩៧៧ -១៩៧៨ ខ្មែរក្រហមបានចោទប្រកាន់ប្រជាជន និងអតីតកម្មាភិបាលនៅភូមិភាគបូព៌ា ថាបានសហការជាមួយវៀតណាម មូលហេតុនេះហើយឈានដល់ការចាប់ខ្លួន និងសម្លាប់អ្នកទាំងនោះអស់ជាច្រើននាក់។ ខ្មែរក្រហមថែមទាំងសម្លាប់ដៃគូនយោបាយដែលស្មោះត្រង់នឹងខ្លួនអស់ជាច្រើននាក់ទៀត។
រដ្ឋា លីជី អាយុ១៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២ មកពីវិទ្យាល័យជាស៊ីមតាកែវ។
១) ពាក្យថា សហករណ៍ មានន័យថាប្រជាជនរស់នៅរួមគ្នា ធ្វើការរួមគ្នា ហូបចុករួមគ្នា និងចែករំលែកការកម្សាន្ដជាសមូហភាព។
២) បានជាខ្មែរក្រហមបង្កើតសហករណ៍ឡើង ព្រោះជាផ្នែកមួយ នៃដំណើរឆ្ពោះទៅរកការលុបបំបាត់កម្មសិទ្ធិឯកជន លុបបំបាត់របបមូលធននិយម ហើយដើម្បីពង្រឹងវណ្ណៈ កម្មករ និងកសិករ។
៣) ការងារក្នុងរបបខ្មែរក្រហម មានរយៈពេល ១២ម៉ោងក្នុងមួយថ្ងៃ ហើយ៧ថ្ងៃ ក្នុងមួយសប្ដាហ៍។
៤) បានជាខ្មែរក្រហមប្រើប្រាស់មង្គលការរួម ព្រោះមង្គលការរួមចំណេញពេលវេលាតិច ហើយពេលវេលាដែលនៅសល់ត្រូវចំណាយលើការងារសហករណ៍។ ខ្មែរក្រហមបានហៅថា បដិវត្តន៍ «មហាលោតផ្លោះ មហាអស្ចារ្យ» ដែលពាក្យស្លោកនេះចម្លងចេញពីកម្មុយនិស្ដចិន។
៥) បន្ទាប់ពី ការប្រយុទ្ធគ្នាជាមួយវៀតណាមនៅឆ្នាំ១៩៧៧-១៩៧៨ ខ្មែរក្រហមបានចោទប្រកាន់ប្រជាជន និងអតីតកម្មាភិបាលនៅក្នុងភូមិភាគបូព៌ាថា បានសហការជាមួយវៀតណាមដែលឈានដល់ការចាប់ខ្លួន និងសម្លាប់អ្នកទាំងនោះអស់ជាច្រើននាក់។ ខ្មែរក្រហមថែមទាំងសម្លាប់ដៃគូស្មោះត្រង់របស់ខ្លួនអស់ជាច្រើននាក់ទៀត។
សៅ សែនថារដ្ឋ អាយុ១៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២ មកពីវិទ្យាល័យជាស៊ីមតាកែវ។
១) ពាក្យ សហករណ៍ មានន័យថា ប្រជាជនរស់នៅរួមគ្នា ធ្វើការរួមគ្នា ហូបចុករួមគ្នា និងចែករំលែកការកម្សាន្ដជាសមូហភាព។
២) បានជាខ្មែរក្រហមបង្កើតសហករណ៍នេះឡើង ព្រោះជាផ្នែកមួយនៃដំណើររបស់ខ្លួន ឆ្ពោះទៅរកការលុបបំបាត់កម្មសិទ្ធិឯកជន លុបបំបាត់របប មូលធននិយម ហើយដើម្បីពង្រឹងវណ្ណៈ កម្មករ និងកសិករ។
៣) ខ្មែរក្រហមបានប្រើប្រជាជនឱ្យធ្វើការ១២ម៉ោង ក្នុងមួយថ្ងៃ ហើយ៧ថ្ងៃក្នុងមួយសប្ដាហ៍។ ខ្មែរក្រហមបានប្រើប្រជាជនឱ្យធ្វើការគ្មានពេលឈប់សម្រាក និងមិនឱ្យហូបចុកបានគ្រប់គ្រាន់ឡើយ។
៤) បានជាខ្មែរក្រហមបង្កើតមង្គលការរួមឡើង គឺដោយសារចំណាយពេលវេលាតិច ហើយពេលវេលាដែលនៅសល់ត្រូវចំណាយលើការងារសហករណ៍។ ខ្មែរក្រហមបានហៅថា បដិវត្តន៍ «មហាលោតផ្លោះ មហាអស្ចារ្យ» ដែលពាក្យស្លោកនេះចម្លងចេញពីកុម្មុយនិស្ដចិន។
៥) បន្ទាប់ពី ការប្រយុទ្ធគ្នាជាមួយវៀតណាមនៅក្នុងឆ្នាំ ១៩៧៧-១៩៧៨ ខ្មែរក្រហមបានចោទប្រកាន់ប្រជាជន និងអតីតកម្មាភិបាលភូមិបូព៌ា ថាបានចូលដៃចូលជើងជាមួយវៀតណាម។ រឿងរ៉ាវនេះ ឈានដល់ការចាប់ខ្លួន និងសម្លាប់អ្នកទាំងនោះយ៉ាងព្រៃផ្សៃបំផុត ហើយខ្មែរក្រហមថែមទាំងសម្លាប់ អ្នកដែលស្មោះត្រង់ជាមួយខ្លួនអស់ជាច្រើននាក់ទៀត។
ប៊ុន ស្រីពេជ្រ អាយុ១៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២ មកពីវិទ្យាល័យជាស៊ីមតាកែវ។
១) ពាក្យ សហករណ៍មានន័យថា ប្រជាជនរស់នៅរួមគ្នា ហូបចុករួមគ្នា ធ្វើការរួមគ្នា និងចែករំលែកការកម្សាន្ដជាសមូហភាព។
២) បានជាខ្មែរក្រហម បង្កើតសហករណ៍នេះឡើង ដើម្បីឱ្យមនុស្សចេះជួយខ្លួនឯង ដោយមិនពឹងផ្អែកលើអ្នកដ៏ទៃ។
៣) ចំពោះការធ្វើការងារក្នុងរបបខ្មែរក្រហម មានរយៈពេល១២ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្ដាហ៍។
៤) បានជាខ្មែរក្រហមប្រើប្រាស់ពិធីមង្គលការរួម ព្រោះបុរសនារីភាគច្រើនមិនត្រូវបានអនុញ្ញាតឱ្យរើសគូស្រករដោយខ្លួនឯងឡើយ។ ការរៀបចំគូស្រករនីមួយៗ ត្រូវបានចាត់តាំងឡើងដោយអង្គការ ដែលអះអាងថាជាឪពុកម្ដាយ ហើយការរៀបការពុំមានសាច់ញាតិណាម្នាក់បានចូលរួមឡើយ។ គូស្រករមួយចំនួនពុំដែលស្គាល់មុខអនាគត ប្ដី ឬប្រពន្ធខ្លួននោះទេ គឺស្គាល់នៅថ្ងៃដែលខ្មែរក្រហមរៀបចំឱ្យតែម្ដង។
៥) បន្ទាប់ពីការ ប្រយុទ្ធគ្នាជាមួយវៀតណាមនៅឆ្នាំ១៩៧៧-១៩៧៨ ខ្មែរក្រហមបានប្រព្រឹត្តអំពើទៅលើប្រជាជនក្នុងភូមិភាគបូព៌ាថា បានសហការជាមួយវៀតណាម ដែលឈានដល់ការចាប់ខ្លួន ហើយខ្មែរក្រហមបានសម្លាប់អ្នកទាំងនោះអស់ជាច្រើននាក់។ ខ្មែរក្រហមថែមទាំងសម្លាប់អ្នកដែលស្មោះត្រង់នឹងខ្លួនអស់ជាច្រើននាក់ដែរ។
ប៊ុន ស្រីនិច្ច អាយុ១៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២ មកពីវិទ្យាល័យជាស៊ីមតាកែវ។
១) ពាក្យ សហករណ៍មានន័យថា ប្រជាជនរស់នៅរួមគ្នា ធ្វើការរួមគ្នា ហូបចុករួមគ្នា និងចែករំលែកការកម្សាន្ដជាសមូហភាព។
២) បានជាខ្មែរក្រហម បង្កើតសហករណ៍ គឺដើម្បីសម្រួលដល់ដំណើរការលុបបំបាត់ចោលកម្មសិទ្ធិឯកជន និងមូលធននិយម។
៣) ការងារក្នុងរបបខ្មែរក្រហម ក្នុងមួយថ្ងៃ១២ម៉ោង និង៧ថ្ងៃ ក្នុងមួយសប្ដាហ៍។ ខ្មែរក្រហមប្រើប្រជាជនឱ្យធ្វើការគ្មានពេលឈប់សម្រាក និងមិនឱ្យអាហារហូបចុកគ្រប់គ្រាន់ឡើយ។
៤) ខ្មែរក្រហមយល់ថាការរៀបការក្នុងរបបខ្មែរក្រហម គឺជាការចំណាយពេលឥតប្រយោជន៍ និងមិនជួយដល់ការបង្កបង្កើនផលឡើយ។ ហេតុនេះហើយ បានជាខ្មែរក្រហម បង្កើតឱ្យមានមង្គលការួម ព្រោះត្រូវចំណាយពេលវេលាតិច ហើយមានពេលសេសសល់ សម្រាប់ធ្វើការងារផ្សេងទៀត។ គោលបំណងដែលខ្មែរក្រហមបង្កើតការរៀបការនេះឡើង គឺមិនមែនដើម្បីបង្កើតគ្រួសារទេ ប៉ុន្តែដើម្បីបង្កើតកូនក្មេងដែលអាចបម្រើបដិវត្តន៍បាន។
៥) បន្ទាប់ពីការ ប្រយុទ្ធគ្នាជាមួយវៀតណាមនៅឆ្នាំ១៩៧៧-១៩៧៨ ខ្មែរក្រហមបានប្រព្រឹត្តអំពើទៅលើប្រជាជន និងអតីតកម្មាភិបាលក្នុងភូមិភាគបូព៌ាថា បានសហការជាមួយវៀតណាម ដែលជាហេតុឈានដល់ការចាប់ខ្លួន ហើយខ្មែរក្រហមបានសម្លាប់អ្នកទាំងនោះអស់ជាច្រើននាក់។ ខ្មែរក្រហមថែមទាំងសម្លាប់អ្នកដែលស្មោះត្រង់នឹងខ្លួនអស់ជាច្រើននាក់ទៀត។