Stung Treng Documentation Center: Report on the Monthly Meeting on accomplishment and progress of Borei O’Svay Sen Chey district and Book Donation to the Physical Legacy of the Sangkum Reastr Niyum King Father-Queen Mother (Borei O’Svay-Sen Chey) of the Queen Mother Library.
របាយការណ៍អំពីកិច្ចប្រជុំស្ដីពីវឌ្ឍន៍ភាពស្រុកបុរីអូរស្វាយ សែនជ័យ
ប្រចាំខែមីនា ឆ្នាំ២០២៥
ដោយ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តស្ទឹងត្រែង
នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ រៀបចំកិច្ចប្រជុំស្ដីពីវឌ្ឍន៍ភាពនៃស្រុកបុរីអូរស្វាយ សែនជ័យ ប្រចាំខែមីនា ដោយមានការអញ្ជើញចូលរួមរបស់ លោក លី មីណា អភិបាលនៃគណៈអភិបាលស្រុកបុរីអូរស្វាយ សែនជ័យ, មន្ត្រីរដ្ឋបាលស្រុក, មន្ត្រីរដ្ឋបាលឃុំ និងភូមិ និងតំណាងមជ្ឃមណ្ឌលឯកសារកម្ពុជា ដែលជាអង្គការដៃគូអភិវឌ្ឍន៍ស្រុក។ កិច្ចប្រជុំស្ដីពីវឌ្ឍន៍ភាពនៃស្រុកបុរីអូរស្វាយ សែនជ័យ ប្រព្រឹត្តិឡើងជាប្រចាំខែក្នុងគោលបំណង ដើម្បីពិនិត្យវឌ្ឍន៍ភាពការងារប្រចាំខែនីមួយៗ និងលើកទិសដៅការងារនៅខែបន្ទាប់។
លោក លី មីណា អភិបាលនៃគណៈអភិបាលស្រុកបុរីអូរស្វាយ សែយជ័យ បានអាន និងស្ដាប់របាយការណ៍បូកសរុបលទ្ធផល និងវឌ្ឍន៍ភាពនៃស្រុកបុរីអូរស្វាយ សែនជ័យ ប្រចាំខែមីនា របស់មន្រ្តីពាក់ព័ន្ធ និងផ្ដល់ជាអនុសាសន៍តម្រង់ទិសក្នុងការអនុវត្តន៍ទិសដៅការងារនៅខែបន្ទាប់។ ចំណុចខាងក្រោមនេះ គឺជាសេចក្ដីប្រកាសតែងតាំង និងអនុសាសន៍ណែនាំ ព្រមទាំងការថ្លែងអំណរគុណដល់អង្គការដៃគូអភិវឌ្ឍន៍ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ស្រុក៖
ទី១) ការតែងតាំងមន្រ្តីរដ្ឋបាលស្រុក៖
លោក ព្រាប សារ៉េត ត្រូវបានតែងតាំងជានាយករដ្ឋបាលស្ដីទីនៃរដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ ក្នុងអំឡុងពេលដែលនាយករដ្ឋបាលស្ដីទីនាពេលបច្ចុប្បន្ននឹងគ្រោងបន្តការសិក្សានៅទីក្រុងភ្នំពេញ។ ការតែងតាំងលោក ព្រាប សារ៉េត ជានាយករដ្ឋបាលស្ដីទីនៃរដ្ឋបាលស្រុក ធ្វើឡើងដើម្បីធានាកិច្ចការងាររដ្ឋបាលស្រុកឲ្យមានប្រសិទ្ធភាព និងកាន់តែប្រសើរឡើង។
ទី២) ការត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផល និងវឌ្ឍន៍ភាព នៃស្រុកបុរីអូរស្វាយ សែនជ័យ ប្រចាំខែមីនា៖
លោកអភិបាលនៃគណៈអភិបាលស្រុក, សមាជិកក្រុមប្រឹក្សាស្រុកនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ពិនិត្យផ្ទៀងផ្ទាត់ និងរង្វាយតម្លៃទៅលើការងារប្រចាំខែ ដែលមានដូចជា ការចុះអនុវត្តការងារមូលដ្ឋាន, ការអភិវឌ្ឍន៍សហគមន៍ និង ការអនុវត្តសេវាសាធារណៈផ្សេងៗ។
ទី៣) សុខភាពសាធារណៈ ស្ដីពីចំណីអាហារដែលប៉ះពាល់ដល់សុខភាពសិស្សានុសិស្ស៖
រដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ រកឃើញថា មានការកើតមានឡើងនូវបញ្ហាសុខភាពសាធារណៈសម្រាប់សិស្សានុសិស្សនៅឃុំកោះស្នែង ដែលមានចំណីអាហារខ្លះប៉ះពាល់ទៅដល់សុខភាពសិស្ស។ អាស្រ័យហេតុនេះ លោកអភិបាលនៃគណៈអភិបាលស្រុក បានចេញគោលការណ៍ឲ្យគណៈគ្រប់គ្រងសាលាបឋមសិក្សា និងអាជ្ញាធរមូលដ្ឋានត្រូវចូលរួមដោះស្រាយជាបន្ទាន់ និងយ៉ាងច្បាស់លាស់ ដើម្បីធានាឲ្យបាននូវសុវត្ថិភាពអាហារសម្រាប់សិស្សានុសិស្ស។
ទី៤) ការកាប់ដើមឈើនៅ «សាលាបឋមសិក្សាឬទ្ធីសែនជ័យ២»៖
សាលាបឋមសិក្សាឬទ្ធីសែនជ័យ២ បានធ្វើសកម្មភាពកាប់ដើមឈើមួយចំនួន ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ។ លោកអភិបាលនៃគណៈអភិបាលស្រុក បានចេញគោលការណ៍ឲ្យមានការស៊ើបអង្កេតអំពីហេតុផលនៃការកាប់ដើមឈើទាំងនេះ និងពន្យល់អំពីសារៈសំខាន់នៃការអភិរក្សបរិស្ថាន។
ទី៥) ការព្យួរការបង្រៀនរបស់អ្នកគ្រូដែលមានផ្ទៃពោះ៖
អ្នកគ្រូង្រៀនជាប់កិច្ចសន្យាចំនួន២នាក់ កំពុងតែមានផ្ទៃពោះ និងត្រូវបានអនុញ្ញាតឲ្យព្យួរការបង្រៀនជាបណ្តោះអាសន្ន។ លោកអភិបាលនៃគណៈអភិបាលស្រុក ក៏បានផ្ដល់អនុសាសន៍ណែនាំឲ្យអជ្ញាធរពាក់ព័ន្ធរកវិធីសាស្រ្តបន្ថែមទៀតដើម្បីគាំទ្រដល់អ្នកគ្រូបង្រៀនទាំង២នាក់ ក្នុងអំឡុងពេលដែលមានផ្ទៃពោះ។ ការអនុញ្ញាតព្យួរការងារបង្រៀន និងការស្វែររកគោលការណ៍គាំទ្រអ្នកគ្រូបង្រៀនទាំង២នាក់ គឺជាការគិតគូរអំពីសុវត្ថិភាព និងការលើកកម្ពស់សិទ្ធនារី។
ទី៦) ការបើកប្រាក់បៀវត្សសម្រាប់គ្រូបង្រៀនជាប់កិច្ចសន្យ មុនពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៖
លោកអភិបាលនៃគណៈអភិបាលស្រុក ផ្ដល់គោលការណ៍ឲ្យសម្រេចបើកប្រាក់បៀវត្ស សម្រាប់គ្រូបង្រៀន ជាប់កិច្ចសន្យ មុនពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដើម្បីធានាបាននូវជីវភាពល្អសម្រាប់ការចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលដ៏ខ្លីខាងមុខនេះ។
ទី៧) ការថ្លែងអំណរគុណដល់មជ្ឃមណ្ឌលឯកសារកម្ពុជា៖
លោកអភិបាលនៃគណៈអភិបាលស្រុក សូមថ្លែងអំណរគុណចំពោះមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានចូលរួមផ្សព្វផ្សាយសកម្មភាពអប់រំ និងអភិវឌ្ឍន៍សហគមន៍យ៉ាងសកម្ម។
ទី៨) បទបង្ហាញអំពីប្រវត្តិសស្រ្តសហគមន៍សម្រាប់ភ្ញៀវទេសចរ៖
លោកអភិបាលនៃគណៈអភិបាលស្រុក បានថ្លែងអំណរគុណដល់ លោក បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តស្ទឹងត្រែង ដែលបានចូលរួមចំណែកក្នុងការធ្វើបទបង្ហាញអំពីតំបន់ប្រវត្តិសាស្រ្តនេះទៅដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដើម្បីជួយបង្កើនការយល់ដឹង និងលើកស្ទួយវិស័យទេសចរណ៍ផងដែរ។
ទី៩) ការសហការជាមួយមជ្ឃមណ្ឌលឯកសារកម្ពុជា៖
លោកអភិបាលនៃគណៈអភិបាលស្រុក សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចសហការណ៍រវាងរដ្ឋបាលស្រុក និង មជ្ឃមណ្ឌលឯកសារកម្ពុជា និងភាពជាដៃគូយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ស្រុក, ការអប់រំអំពីប្រវត្តិសាស្រ្ត និងការជម្រុញផ្សព្វផ្សាយអំពីទេសចរណ៍នៅភូមិសាស្រ្តស្រុកបុរីអូរស្វាយ សែនជ័យ។
ទី១០) ការស្វែងរកដៃគូវិនិយោគផ្គត់ផ្គង់ទឹកស្អាត៖
លោកអភិបាលនៃគណៈអភិបាលស្រុក បានខិតខំ និងកំពុងតែពិភាក្សាជាមួយដៃគូវិនិយោគផ្គត់ផ្គង់ទឹកស្អាត។ ការស្វែងរកដៃគូវិនិយោគផ្គត់ផ្គង់ទឹកស្អាត ធ្វើឡើងក្នុងគោលបំណងចំនួន២ រួមមាន ការលើកស្ទួយសុខភាពសាធារណៈ ដែលប្រជាពលរដ្ឋនៅស្រុកបុរីអូរស្វាយ សែនជ័យ អាចទទួលបានទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ និងការផ្ដល់ទីតាំងបច្ចុប្បន្ននៃទីតាំងផ្គត់ផ្គង់ទឹកស្អាត ជូនទៅកាន់ព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីអាចអនុវត្តគម្រោងកែប្រែសណ្ឋានដី នៅបរិវេណជុំវិញ «អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)» ឲ្យកាន់តែមានសោភណ្ឌភាព និងមានភាពស្រស់ស្អាត។
ទី១១) ប្រព័ន្ធធារាសាស្រ្ត (ប្រឡាយទឹកសម្រាប់ស្រោចស្រពដំណាំ)៖
លោកអភិបាលនៃគណៈអភិបាលស្រុក គូសបញ្ជាក់ផងដែរថា មានអ្នកវិនិយោគ ដែលបានចំណាប់អារម្មណ៍ក្នុងការអភិវឌ្ឍប្រព័ន្ធប្រឡាយទឹកសម្រាប់ស្រោចស្រពដំណាំ ដើម្បីលើកស្ទួយវិស័យកសិកម្ម និងបង្កើនជីវភាពរបស់ប្រជាកសិករឲ្យកាន់ប្រសើរឡើង។
បន្ទាប់ពីបញ្ចប់សេចក្ដីប្រកាសតែងតាំង និងអនុសាសន៍ណែនាំអនុវត្តទិសដៅការងារប្រចាំខែមេសា, លោកអភិបាលនៃគណៈអភិបាលស្រុក បានអនុញ្ញាតឲ្យលោក ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តស្ទឹងត្រែង ធ្វើរបាយការណ៍បូកសរុបអំពីសមិទ្ធផល និងវឌ្ឍនភាពនៃ «អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ សម្ដេចម៉ែ (បុរីអូរស្វាយ- សែនជ័យ)» នៃព្រះរាជបណ្ដាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ដូចខាងក្រោម៖
«ជាបឋម ខ្ញុំបាទគោពរជម្រាបសួរ លោកអភិបាលស្រុក និងថ្នាក់ដឹកនាំទាំងអស់ជាទីគោរព។ សូមអរគុណចំពោះផ្ដល់ការឱកាសឲ្យខ្ញុំបាទបង្ហាញរបាយការណ៍អំពីសមិទ្ធផល និងវឌ្ឍនភាពរបស់ «អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ សម្ដេចម៉ែ (បុរីអូរស្វាយ- សែនជ័យ)» របស់យើង ក្នុងខែមីនា ឆ្នាំ២០២៥ ដូចខាងក្រោមនេះ៖
ទី១) ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ និងការចូលរួមផ្សព្វផ្សាយ៖
នៅក្នុងខែមីនានេះ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ សរុបប្រមាណ៣០០នាក់ បានចូលទស្សនា «អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ សម្ដេចម៉ែ (បុរីអូរស្វាយ- សែនជ័យ)» ហើយជាមួយគ្នានេះផងដែរ ក្រុមការងារយើងខ្ញុំក៏បានផ្សព្វផ្សាយរាល់សកម្មភាពកើតមានឡើងក្នុងខែមីនានេះ នៅលើបណ្តាញសង្គម គឺ Official Facebook Pages: “The Queen Mother Library” និង “The Stung Treng Documentation Center” ដែលបានទាក់ទាញអ្នកចូលទស្សនារហូតដល់៣០០ ០០០នាក់។ សកម្មភាពសំខាន់ៗប្រចាំខែមីនានេះ មានដូចជា៖
– ថ្ងៃទី៧ ខែមីនា៖ ប្រតិភូរាជបណ្ឌិត្យសភាកម្ពុជាមកសិក្សាស្រាវជ្រាវអំពី «អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ សម្ដេចម៉ែ (បុរីអូរស្វាយ- សែនជ័យ)»
– ថ្ងៃទី៨ ខែមីនា៖ ក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិ ក្រុមការងារ “ខ្លឹមសារ-Khiemsa” បានធ្វើដំណើរទស្សនកិច្ចមកកាន់ «អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ
សម្ដេចម៉ែ (បុរីអូរស្វាយ- សែនជ័យ)»
– ថ្ងៃទី២០ខែមីនា៖ រដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ និងមជ្ឈមណ្ឌលឯកសារកម្ពុជា សហការក្នុងការអនុវត្តគម្រោងសណ្ឋានដី៖ «កែប្រែតំបន់សង្គ្រាម និងរបប
ប្រល័យពូជសាសន៍ ទៅជាសន្តិភាព និងការអភិវឌ្ឍ»
– ថ្ងៃទី២១ ខែមីនា: ប្រតិភូសាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) ធ្វើទស្សនកិច្ចមកកាន់«អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ សម្ដេចម៉ែ(បុរីអូរ
ស្វាយ- សែនជ័យ)» និងទៅទស្សនាតំបន់រ៉ាមសារតាមដងទន្លេមេគង្គ។
– ថ្ងៃទី២៦ ខែមីនា: ក្រុមការងារ និងបេក្ខនារី Miss Cosmo Cambodia ២០២៥ ធ្វើទស្សនកិច្ចមកកាន់«អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ សម្ដេចម៉ែ(បុរីអូរ
ស្វាយ- សែនជ័យ)» និងផ្ដិតយករូបថតដ៏ស្រស់ស្អាតនៅតំបន់រ៉ាមសារ នៃស្រុកបុរីអូរស្វាយ សែនជ័យ
ទី២) សមិទ្ធផលគម្រោងអភិវឌ្ឍន៍សហគមន៍
ទី១ គឺ «អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ សម្ដេចម៉ែ (បុរីអូរស្វាយ- សែនជ័យ)» ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរ
ទី២ គឺ ផែរង់ចាំ ចំនួន៤ ត្រូវបានបានធ្វើរួចរាល់ ហើយដំបូលផែចំនួន៣ត្រូវបានបាញ់ ឡូហ្គូ DC-Cam និង TİKA
ទី៣ គឺ ទូចម្លងសហគមន៍ ចំនួន៣ ត្រូវបានធ្វើរួចរាល់ ហើយទូកចម្លងសហគមន៍ខ្នាតធំចំនួន១ទៀត កំពង់តែធ្វើឡើង និងគ្រោងបញ្ចប់ឲ្យរួចរាល់ក្នុងពេលឆាប់ៗនេះ។
ទី៣) ព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា បន្តកិច្ចសហការណ៍យ៉ាងជិតស្និតជាមួយ រដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍សហគមន៍បុរីអូរស្វាយសែនជ័យ ដំណាក់កាលទី២ គឺគម្រោងសណ្ឋានដី៖ «កែប្រែសណ្ឋានដីបន្សល់ទុកពីសង្រ្គាម និងអំពើប្រល័យពូជសាសន៍ ទៅជាសណ្ឋានដីសន្តិភាព និងអភិវឌ្ឍន៍»
បន្ទាប់ពីដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍន៍ភាពនៃស្រុកបុរីអូរស្វាយ សែនជ័យ ប្រចាំខែមីនា និងលើកទិសដៅការងារនៅខែមេសា, លោកអភិបាលនៃគណៈអភិបាលស្រុកបុរីអូរស្វាយ សែនជ័យ និងមន្រ្តីរដ្ឋបាលស្រុក ធ្វើដំណើរទស្សនកិច្ចទៅកាន់ «អាគារមរតកសង្គមរាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)» ដែលជាសាខាមួយរបស់ព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ស្ថិតនៅស្រុកបុរីអូរ ស្វាយ សែនជ័យ, ខេត្តស្ទឹងត្រែង, ដើម្បីបរិច្ចាគសៀវភៅចំនួន៨ក្បាលសម្រាប់រក្សាទុកនៅបណ្ណាល័យដែលជាទីកន្លែងផ្តល់ធនធានចំណេះដឹងដ៏សម្បូរបែប។ បណ្ណាល័យនៃ«អាគារមរតកសង្គមរាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)» មានទម្កល់សៀវភៅជាច្រើន មានដូចជា៖ សៀវភៅប្រវត្តិសាស្រ្ត, សៀវភៅប្រលោមលោក, សៀវភៅទស្សនវិជ្ជា, សៀវភៅសម្រាប់កុមារ និងភូមិវិទ្យា ។ ការបរិច្ចាគសៀវភៅទាំងនេះ គឺជាការចូលរួមចំណែកគាំទ្រដល់បេសកកម្ម ក៏ដូចជាគោលបំណងរបស់«អាគារមរតកសង្គមរាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)» នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងការជម្រុញឲ្យមានការចូលអានសៀវភៅ និងបង្កើនចំណេះដឹងរបស់សិស្សានុសិស្ស, គ្រូបង្រៀន, អ្នកសិក្សាស្រាវជ្រាវ និងប្រជាពលរដ្ឋទូទៅនៅមូលដ្ឋានស្រុកបុរីអូរស្វាយ-សែនជ័យ និងខេត្តស្ទឹងត្រែង។ សៀវភៅដែលអភិបាលនៃគណៈអភិបាលស្រុកបានប្រគល់ជូន មានដូចជា៖
ទី១) សៀវភៅ៖ «សម្ដេច ហ៊ុន សែន៖ ៣យន្តការ ឈ្នះកូវីដ-១៩»
ទី២) សៀវភៅ៖ «អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី (ភាគ ១)»
ទី៣) សៀវភៅ៖ «កូនប្រុសច្បងដ៏មានឥទ្ធិពល»
ទី៤) សៀវភៅ៖ «សម្ដេចតេជោ ហ៊ុន សែន៖ អ្នកគូសវាសជោគវាសនាកម្ពុជា»
ក្នុងចំណោមសៀវភៅទាំងនោះ មានឯកសារសៀវភៅប្រវត្តិសាស្ត្រសំខាន់ៗ ដូចខាងក្រោម៖
ទី៥) សៀវភៅ៖ «NORODOM SIHANOUK PHOTOS-SOUVENIRS de mon CAMBODGE (ANNÉES 60)»
ទី៦) សៀវភៅ៖ «ពិធីថ្វាយគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់ឧត្តុង្គឧត្តម «មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន» ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៃព្រះរាជាណាចក្រកម្ពុជា (បានប្រព្រឹត្តឡើងនៅទីក្រុងប៉េកាំង ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០)»
ទី៧) សៀវភៅ៖ «ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ ៧០ យាងចូល ៧១ ព្រះវស្សា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ដែលបានប្រារព្ធឡើងក្នុងថ្ងៃសៅរ៍ ៩ រោច និងថ្ងៃអាទិត្យ ១០ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ (កាលពីថ្ងៃទី ១៣-១៤ ខែឧសភា ឆ្នាំ ២០២៣)»
ទី៨) សៀវភៅ៖ «ព្រះរាជពិធីបុណ្យខួប ១០០ ព្រះវស្សានៃការប្រសូត (១៩២២-២០២២) និងព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធខួបឆ្នាំទី ១០ នៃការយាងចូលព្រះទិវង្គត (២០១២-២០២២) ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ»
លោកអភិបាលនៃគណៈអភិបាលស្រុក មានប្រសាសន៍ថា៖ «ខ្ញុំមានសេចក្ដីសោមនស្សរីករាយ និងក្ដីរំភើបក្នុងការនាំយកសៀវភៅសរុបចំនួន៨ប្រភេទផ្សេងៗគ្នា ដែលសៀវភៅ៤ក្បាលខ្ញុំបានទទួលផ្ទាល់ព្រះហស្ថពីហ្លួងម៉ែ និងសៀវភៅ៤ក្បាលទៀត ខ្ញុំទទួលបានពីប្រធានសមាគមន៍អ្នកនិពន្ធខ្មែរ, មករក្សាទុកនៅ «អគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)» នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់សាធារណៈជនក្នុងការសិក្សាស្រាវជ្រាវបន្ត។»
ក្រុមការងារនៃ«អាគារមរតកសង្គមរាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)» សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំបោះលោកអភិបាលនៃគណៈអភិបាលស្រុក និងមន្រ្តីរដ្ឋបាលស្រុក ចំពោះទឹកចិត្តដ៏សប្បុរសក្នុងការបរិច្ចាគសៀវភៅ ដើម្បីលើកកម្ពស់ស្មារតីពលរដ្ឋក្នុងការអាន និងសិក្សាស្រាវជ្រាវ បង្កើនចំណេះដឹង និងបំផុសគំនិតចូលរួមការអភិវឌ្ឍន៍សហគមន៍។
———-
រូបភាពខាងក្រោម (កណ្ដាលពីមុខ)៖ លោកអភិបាលនៃគណៈអភិបាលស្រុក អានសៀវភៅរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះនៃរបបខ្មែរក្រហម (១៩៧៥-១៩៧៩) បោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជា នៅបណ្ណាល័យនៃ«អាគារមរតកសង្គមរាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)»។
Report on the Monthly Meeting on accomplishment and progress of Borei O’Svay Sen Chey district and Book Donation to the Physical Legacy of the Sangkum Reastr Niyum King Father-Queen Mother (Borei O’Svay-Sen Chey) of the Queen Mother Library/DC-Cam
Report & Photo by Sreng Lyda
April 1, 2025
Documentation Center of Cambodia Archives