[សប្តាហ៍ទី២ ខែមិថុនា ឆ្នាំ២០២៦]
អត្ថបទខាងក្រោម ជាសំណេររបស់យុវជនស្ម័គ្រចិត្តកម្ពុជា បន្ទាប់ពីអ្នកទាំងនោះបានជួបសម្ភាស និងសំណេះសំណាលជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលស្ថិតនៅក្នុងភូមិឃុំរបស់ខ្លួនរួច ហើយត្រូវបានកែសម្រួលអក្ខរាវិរុទ្ធ និងឃ្លោងឃ្លាដោយ ដារ៉ារដ្ឋ មេត្តា, ថុន ស្រីពេជ្រ, ជីម សុខគា និង ធឹប ស្រីនិច្ច។ ស្នាដៃទាំងនេះ គឺជាលទ្ធផលសកម្មភាពមួយនៃគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម»។
អត្ថបទខ្លីៗទាំំងនេះ ពុំមែនជាអត្ថបទដែលរៀបរាប់គ្រប់ជ្រុងជ្រោយពីជីវប្រវត្តិ និងបទពិសោធន៍ពេញលេញរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឡើយ ប៉ុន្តែវាគ្រាន់តែជាអត្ថបទរៀបរាប់ដោយសង្ខេបពី «រឿងរ៉ាវជីវិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលចងចាំជាងគេ និងមិនអាចបំភ្លេចបានក្នុងឆាកជីវិតរបស់គាត់»។
អត្ថបទទាំងនេះ ត្រូវបានផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់មជ្ឈមណ្ឌលឯកសារកម្ពុជា មានឈ្មោះជាភាសាអង់គ្លេស Genocide Education in cambodia ជារៀងរាល់ថ្ងៃនៅលើទំព័រហ្វេសប៊ុក គេហទំព័រ និងបណ្តាញព័ត៌មានរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដូចជាទស្សនាវដ្តីស្វែងរកការពិត និងសារព័ត៌មាន ឌីញូ។
WEEK2- JUNE 2026
The following texts were written by Cambodian youth volunteers after they interviewed and interacted with Khmer Rouge survivors living in their local villages and communes. The writings were edited for spelling and phrasing by Dararoth Meta, Thon Sreypich, Chim Sokhea, and Thib Sreynich. These works are the result of an activity under the project on “Promoting Democracy and Good Governance through Youth Volunteer Leadership in Social Activities”.
These short pieces of writing do not provide a comprehensive biography or a full account of the survivors’ experiences under the Khmer Rouge regime. Instead, they are brief narratives of the “stories from the lives of Khmer Rouge survivors that they remember most vividly and can never forget.”
These articles are published daily via the Documentation Center of Cambodia’s (DC-Cam) Facebook page, titled “Genocide Education in Cambodia,” as well as on its website and other media outlets, including Searching for the Truth magazine and The D-news.
ជា សេន៖ អង្គការមិនសម្លាប់ខ្ញុំចោល ដោយសារគេយោគយល់ថាខ្ញុំគឺជាប្រជាជនមូលដ្ឋាន
ខ្ញុំឈ្មោះ ជា សេន អាយុ៨៣ឆ្នាំ រស់នៅភូមិដំណាក់ត្របែក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ បច្ចុប្បន្ន ខ្ញុំពុំមានមុខរបរអ្វីឡើយដោយសារវ័យចាស់ជរា។ កាលពីមុនរបបខ្មែរក្រហម ខ្ញុំមានមុខរបរធ្វើស្រែ ចំណែកនៅក្នុងរបបនោះ ខ្ញុំត្រូវធ្វើការផ្នែកសេដ្ឋកិច្ច (ដាំដំណាំ)។ ប្រពន្ធរបស់ខ្ញុំឈ្មោះ ស ឡុង អាយុ៧៥ឆ្នាំ គាត់ក៏ពុំមានមុខរបរអ្វីដែរ ដោយសារចាស់ជរាដូចគ្នា។ យើងមានកូនចំនួន៣នាក់ (ស្រីម្នាក់ និងប្រុស២នាក់)។
រឿងរ៉ាវក្នុងរបបខ្មែរក្រហមដែលខ្ញុំចងចាំបំផុតមិនអាចបំភ្លេចបាន គឺការដែលអង្គការចាត់តាំងខ្ញុំឱ្យធ្វើការនៅក្នុងកងសេដ្ឋកិច្ចខាងដាំដំណាំ នៅភូមិខ្នាច ឃុំបឹងក្រាញ់ ស្រុកសំរោង ខេត្ដតាកែវ។ នៅក្នុងរបបនោះ ខ្ញុំធ្លាប់កើតជំងឺហើមពោះនិងដៃជើង ដោយសារតែការខ្វះខាតចំណីអាហារជាទម្ងន់។ អាការៈនាសម័យនោះ គឺរាងកាយខ្ញុំហើមរហូតដើរមិនរួច ប៉ុន្តែខ្ញុំត្រូវបង្ខំចិត្តវារទៅធ្វើការ ព្រោះតែខ្លាចអង្គការកាត់របបអាហារ។ មានថ្ងៃមួយ ដោយសារតែទ្រាំនឹងការអត់ឃ្លានមិនបាន ខ្ញុំបានលបទៅលួចគាស់ដំឡូងយកមកហូប ក៏ត្រូវឈ្មោះ ថូង ដែលជាប្រធានភូមិ (បច្ចុប្បន្នស្លាប់ហើយ) ចាប់បាន ហើយត្រូវចោទប្រកាន់ពីបទលួចផលដំណាំរបស់សហករណ៍។ ជាសំណាងល្អ អង្គការមិនបានយកខ្ញុំទៅសម្លាប់ចោលឡើយ ដោយសារគេយោគយល់ថាខ្ញុំជាប្រជាជនមូលដ្ឋាន និងធ្លាប់បានដាំដំណាំផ្តល់ផលជា រឿយៗសម្រាប់អង្គការ។ ទោសកំហុសរបស់ខ្ញុំនាពេលនោះ គឺត្រូវបានបង្ខំឱ្យធ្វើការទ្វេដង និងកាប់ដីក្នុងរយៈពេលយូរជាងអ្នកដទៃ។ លុះដល់ថ្ងៃបន្ទាប់ ឃើញខ្ញុំខំប្រឹងធ្វើការបានល្អ ខ្មែរក្រហមក៏បានដោះលែងខ្ញុំឱ្យមកធ្វើការនៅកន្លែងធម្មតាវិញ ព្រមទាំងព្រមានមិនឱ្យមានការលួចបន្លំទៀតឡើយ។ នៅក្នុងរបបនោះដែរ ខ្ញុំបានបាត់បង់បងប្រុសម្នាក់ឈ្មោះ ជា សឹម អាយុ៥៥ឆ្នាំ ដោយសារតែគាត់ធ្លាក់ខ្លួនឈឺ ហើយអង្គការគ្មានថ្នាំសង្កូវអ្វីសម្រាប់ព្យាបាលឡើយ។
ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយចងចាំពីរឿងរ៉ាវដែលបានកើតឡើងក្នុងសម័យខ្មែរក្រហម ហើយរួមគ្នាការពារកុំឱ្យរបបដ៏ឃោរឃៅបែបនេះកើតមានសារជាថ្មី។ ម្យ៉ាងទៀត ទោះបីជាខ្ញុំពុំមានកូនចៅណាម្នាក់ចូលបម្រើក្នុងជួរកងទ័ពក៏ដោយ ប៉ុន្តែខ្ញុំតែងតែមានក្តីបារម្ភ និងអាណិតស្រឡាញ់ដល់វីរកងទ័ពជួរមុខយ៉ាងខ្លាំង ជាពិសេសរាល់ពេលមានការប្រយុទ្ធគ្នារវាងទាហានខ្មែរ និងថៃ ដែលប៉ះពាល់ដល់អារម្មណ៍របស់ខ្ញុំយ៉ាងខ្លាំង។ ខ្ញុំតែងតែបន់ស្រន់ដល់វត្ថុស័ក្តិសិទ្ធិ និងទេវតា សូមជួយតាមបីបាច់ថែរក្សាដល់វីរកងទ័ពរបស់យើងទាំងអស់ ឱ្យជួបតែសេចក្តីសុខ និងចៀសផុតពីគ្រោះថ្នាក់ទាំងពួង។
សម្ភាសដោយ សេង ចាន់រតនា យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តកណ្ដាល ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ រស់នៅភូមិដំណាក់ត្របែក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។
ប៉ិត ឡេង៖ ខ្ញុំឃើញខ្មែរក្រហមវាយបំផ្លាញព្រះពុទ្ធរូបនៅក្នុងវត្តចោល
ខ្ញុំឈ្មោះ ប៉ិត ឡេង អាយុ៦៩ឆ្នាំ បច្ចុប្បន្នមានមុខរបរជាអ្នកត្បាញហូលលក់ រស់នៅភូមិសម្ដេចពាន់ ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ មុនរបបខ្មែរក្រហម ខ្ញុំមានមុខរបរធ្វើស្រែ ចំណែកនៅក្នុងរបបនោះ ខ្ញុំត្រូវបានចាត់តាំងឱ្យធ្វើការនៅក្នុងកងចល័តនារី។ សព្វថ្ងៃនេះ ខ្ញុំជាស្រ្តីមេម៉ាយ បន្ទាប់ពីប្តី របស់ខ្ញុំឈ្មោះ ព្រុយ ហុង បានស្លាប់បាត់បង់ជីវិតដោយសារជំងឺក្នុងជន្មាយុ ៦០ឆ្នាំ។ យើងមានកូនចំនួន៧នាក់ (ប្រុស៥នាក់ និងស្រី២នាក់)។
រឿងរ៉ាវដែលខ្ញុំនៅចងចាំបំផុតមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺការរស់នៅក្នុងកងចល័តនារី និងការបង្ខំឱ្យធ្វើការងារជាទម្ងន់។ នៅរដូវប្រាំង អង្គការចាត់តាំងខ្ញុំឱ្យទៅជីកព្រែក ជីកប្រឡាយ និងលើកទំនប់។ ចំណែកឯរដូវវស្សា ខ្ញុំត្រូវទៅធ្វើស្រែ ស្ទូង ដក និងដាំដំណាំផ្សេងៗ។ ខ្ញុំត្រូវធ្វើការតាំងពីព្រលឹមទល់ព្រលប់ ស្ទើរតែគ្មានពេលសម្រាកទាល់តែសោះ។ ចំពោះការហូបចុក គឺបានហូបបាយត្រឹមតែប៉ុន្មានខែដំបូងប៉ុណ្ណោះ ក្រោយមក អង្គការឱ្យហូបតែបបររាវៗសឹងតែមើលមិនឃើញគ្រាប់អង្ករ លាយជាមួយសម្លត្រកួន ឬសម្លព្រលឹត។ ទោះបីជាខ្ញុំមិនដែលរងការវាយដំធ្វើបាបផ្ទាល់ពីអង្គការ ប៉ុន្តែការបង្អត់អាហារឱ្យហូបមិនឆ្អែតបែបនេះ គឺអាចបណ្តាលឱ្យស្លាប់បាន ហើយនៅសម័យនោះ ឱ្យតែបានហូបអ្វីបន្តិចបន្តួច ក៏មានអារម្មណ៍ថាឆ្ងាញ់ខ្លាំងណាស់ដែរ។ ម្យ៉ាងទៀត ខ្ញុំធ្លាប់តែឮគេនិយាយតៗគ្នាថា ខ្មែរក្រហមនាំមនុស្សទៅសម្លាប់ចោលនៅពេលធ្វើខុស ប៉ុន្តែខ្ញុំមិនដែលបានឃើញផ្ទាល់ភ្នែកឡើយ។ អ្វីដែលខ្ញុំបានឃើញផ្ទាល់ គឺខ្មែរក្រហមវាយបំផ្លាញព្រះពុទ្ធរូបនៅក្នុងវត្តចោល ហាមឃាត់មិនឱ្យមានការគោរពបូជា និងលុបបំបាត់រាល់ពិធីបុណ្យទំនៀមទម្លាប់ប្រពៃណីទាំងអស់។
រាល់ពេលនឹកឃើញដល់បទពិសោធន៍ទាំងនេះ ខ្ញុំតែងមានអារម្មណ៍ភ័យខ្លាច និងសោកសៅជាពន់ពេក។ ជារឿយៗ ខ្ញុំតែងតែដេកយល់សប្តិឃើញសម័យខ្មែរក្រហម ដោយក្នុងយល់សប្តិដ៏តក់ស្លុតនោះ គឺខ្ញុំក្រោកទៅធ្វើការមិនទាន់ម៉ោង ហើយភ័យខ្លាចខ្មែរក្រហមយកទៅធ្វើបាបយ៉ាងខ្លាំង។ ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយចងចាំពីរឿងរ៉ាវដែលបានកើតឡើងក្នុងសម័យនោះ ដើម្បីឱ្យពួកគេបានស្គាល់ និងបានយល់ដឹងច្បាស់អំពីតថភាពនៃរបបខ្មែរក្រហម។
សម្ភាសដោយ សុង មួយហេង យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តតាកែវ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅភូមិសម្ដេចពាន់ ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។
ហាំ អៀង៖ ទោះជាប្រជាជនមូលដ្ឋាន ក៏ត្រូវធ្វើការងារធ្ងន់ធ្ងរដែរ
ខ្ញុំឈ្មោះ ហាំ អៀង អាយុ៧៨ឆ្នាំ បច្ចុប្បន្នជាកសិករ រស់នៅភូមិរលួស ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ កាលពីមុនរបបខ្មែរក្រហម ខ្ញុំក៏មានមុខរបរជាកសិករដែរ ចំណែកនៅក្នុងរបបនោះ ខ្ញុំត្រូវធ្វើការនៅក្នុងកងនារី។ សព្វថ្ងៃនេះ ខ្ញុំជាស្រ្តីមេម៉ាយ បន្ទាប់ពីប្តីរបស់ខ្ញុំឈ្មោះ សេ ហាក់ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺក្នុងជន្មាយុ ៧៦ឆ្នាំ។ យើងមានកូនចំនួន៥នាក់ (ប្រុស២នាក់ និងស្រី៣នាក់)។
រឿងរ៉ាវដែលខ្ញុំចងចាំបំផុតមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺការបង្ខំឱ្យធ្វើការងារធ្ងន់ៗ មានជាអាទិ៍ ច្រូតស្រូវ ស្ទូងស្រូវ ជីកដី និងរែកដី ព្រមទាំងការហូបចុកខ្វះខាតជាទម្ងន់។ របបអាហារដែលអង្គការផ្តល់ឱ្យ គឺមានតែបបររាវៗលាយជាមួយផ្លែខ្វិត និងគល់ចេកប៉ុណ្ណោះ។ ថ្ងៃខ្លះ ខ្ញុំត្រូវអង្គការចាត់តាំងឱ្យដើររកកាប់គល់ចេកជ្វាយកមកឱ្យចុងភៅស្ល ដោយគេអនុញ្ញាតឱ្យកាប់តែគល់ចេកណាដែលកាត់ផ្លែរួច ឬគល់ជិតរលួយៗប៉ុណ្ណោះ។ ចំពោះដើមចេកដែលនៅល្អៗ អង្គការមិនឱ្យកាប់ឡើយ ព្រោះត្រូវទុកឱ្យវាចេញផ្លែ និងដុះកូនបន្តទៀត។ ក្រោយពេលកាប់បាន ខ្ញុំត្រូវយកទៅឱ្យចុងភៅហាន់ជាចំណិតស្តើងៗ និងចិញ្ច្រាំឱ្យម៉ដ្ត ដើម្បីយកទៅដាំក្នុងខ្ទះត្នោត លាយជាមួយបបរដែលមានអង្ករត្រឹមតែពីរទៅបីកំប៉ុងប៉ុណ្ណោះ។ មានថ្ងៃមួយ ម្ដាយរបស់ខ្ញុំបានលាប់ជំងឺគ្រុនពោះវៀនឡើងវិញ ដោយសារគាត់បានហូបបបរលាយគល់ចេញ ប៉ុន្តែសំណាងល្អគាត់មិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ។
នៅក្នុងរបបខ្មែរក្រហម គ្រួសាររបស់ខ្ញុំមិនដែលបានជម្លៀសទៅទីកន្លែងណាឆ្ងាយពីភូមិឡើយ ព្រោះគ្រួសារខ្ញុំមានជីវភាពក្រីក្រតាំងពីដើមមក។ អង្គការមានការយោគយល់អាណិតស្រឡាញ់ និងអនុញ្ញាតឱ្យខ្ញុំរស់នៅព្រមទាំងធ្វើការនៅក្នុងភូមិកំណើតពេញមួយរបបនោះ។ នៅក្នុងភូមិរលួសនេះ ការរស់នៅគឺចាត់ទុកថាមានភាពល្អប្រសើរជាងភូមិដទៃ ព្រោះប្រជាជនក្នុងភូមិទាំងអស់មិនត្រូវបានជម្លៀសចេញទៅធ្វើការ ឬស្នាក់នៅកន្លែងផ្សេងៗឡើយ។
ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយចងចាំពីរឿងរ៉ាវដែលបានកើតឡើងក្នុងសម័យខ្មែរក្រហមនេះ ដើម្បីឱ្យពួកគេបានដឹង បានយល់ និងមិនភ្លេចនូវរាល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ជាពិសេសគឺភាពអត់ឃ្លាន និងការហូបចុកមិនបានគ្រប់គ្រាន់នាសម័យនោះ។
សម្ភាសដោយ សុង មួយហេង យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តតាកែវ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅភូមិរលួស ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។
ឈន់ ឈឿន៖ អង្គការសម្លាប់បងខ្ញុំពីរនាក់ដោយសាររិះគន់ពីរបបអាហារ
ខ្ញុំឈ្មោះ ឈន់ ឈឿន អាយុ៦៧ឆ្នាំ បច្ចុប្បន្នជាកសិករ រស់នៅភូមិចារលើ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ កាលពីមុនរបបខ្មែរក្រហម ខ្ញុំក៏មានមុខរបរជាកសិករដែរ ចំណែកនៅក្នុងរបបនោះ ខ្ញុំត្រូវបានចាត់តាំងឱ្យធ្វើជាគ្រូពេទ្យឃុំ។ ប្រពន្ធរបស់ខ្ញុំឈ្មោះ មាស សំបាន អាយុ៦៨ឆ្នាំ គាត់មានពិការភាពភ្នែកម្ខាងដោយមើលមិនសូវច្បាស់ឡើយ។ យើងមានកូនចំនួន៦នាក់ (ប្រុសម្នាក់ និងស្រី៥នាក់)។
រឿងរ៉ាវក្នុងរបបខ្មែរក្រហមដែលខ្ញុំចងចាំបំផុតមិនអាចបំភ្លេចបាន គឺការបំពេញការងារជាគ្រូពេទ្យព្យាបាលអ្នកជំងឺនៅភូមិទានកាំ ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ កាលណោះ អង្គការគ្មានថ្នាំសម័យទំនើបដើម្បីព្យាបាលអ្នកជំងឺទេ គឺមានតែថ្នាំបុរាណច្នៃ ឬហៅថា «ថ្នាំអាចម៍ទន្សាយ» ដែលផ្សំឡើងពីឫសឈើប៉ុណ្ណោះ។ នៅក្នុងឆ្នាំ១៩៧៦ ខ្មែរក្រហមបានយកបងប្រុសរបស់ខ្ញុំចំនួនពីរនាក់ទៅសម្លាប់ចោល ដោយម្នាក់ជាបងថ្លៃ និងម្នាក់ទៀតជាបងប្អូនជីដូនមួយ។ មូលហេតុដែលគេយកពួកគាត់ទៅសម្លាប់ គឺដោយសារពួកគាត់បាននិយាយរអ៊ូរទាំពីការហូបចុកមិនគ្រប់គ្រាន់ និងត្អូញត្អែរនៅពេលធ្វើការងារហត់នឿយខ្លាំង។ នៅពេលយប់ កងឈ្លបបានមកលបស្ដាប់ពួកគាត់ជជែកគ្នា ហើយពេលឮពួកគាត់និយាយពីភាពលំបាក និងការអត់ឃ្លាន គេក៏បាននាំខ្លួនពួកគាត់ទៅសម្លាប់ចោលភ្លាមៗនៅភូមិទានកាំនោះតែម្តង។ ព្រឹត្តិការណ៍នេះធ្វើឱ្យខ្ញុំមានការភ័យខ្លាចចំពោះរបបខ្មែរក្រហមយ៉ាងខ្លាំង ព្រោះប្រសិនបើនិយាយស្តីមិនប្រយ័ត្នតែបន្តិច មុខជាត្រូវគេយកទៅ «រៀនសូត្រ» ឬយកទៅសម្លាប់ចោលជាមិនខាន។
ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយចងចាំពីរឿងរ៉ាវដែលបានកើតឡើងក្នុងសម័យខ្មែរក្រហម ដើម្បីឱ្យពួកគេបានដឹងពីបទពិសោធន៍ដ៏ជូរចត់នាសម័យនោះ និងត្រូវខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានខ្ពង់ខ្ពស់។ ម្យ៉ាងទៀត ទោះបីជាខ្ញុំពុំមានកូនចៅណាម្នាក់ចូលបម្រើក្នុងជួរកងទ័ពក៏ដោយ ប៉ុន្តែខ្ញុំតែងតែមានក្តីបារម្ភយ៉ាងខ្លាំងចំពោះវីរកងទ័ពជួរមុខ។ រាល់ពេលមានការផ្ទុះអាវុធប្រយុទ្ធគ្នារវាងកងទ័ពខ្មែរ និងយោធាថៃ វាបានប៉ះពាល់ដល់អារម្មណ៍របស់ខ្ញុំយ៉ាងខ្លាំង ព្រោះខ្ញុំព្រួយបារម្ភទាំងរឿងទឹកដី ទាំងសុវត្ថិភាពរបស់វីរកងទ័ព និងប្រជាជនដែលរស់នៅជិតតំបន់ព្រំដែន ដែលត្រូវរងផលប៉ះពាល់ពីសង្គ្រាម រហូតត្រូវជម្លៀសចេញពីផ្ទះសំបែង និងជួបសេចក្តីទុក្ខលំបាកផ្សេងៗ។
សម្ភាសដោយ ថា ចាន់ថ្លា យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តបន្ទាយមានជ័យ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅភូមិចារលើ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។
ចាំ អៃ៖ ខ្មែរក្រហមសម្លាប់ឪពុកខ្ញុំដោយសារទំនាស់រឿងការងារ
ខ្ញុំឈ្មោះ ចាំ អៃ អាយុ៦៥ឆ្នាំ រស់នៅភូមិសម្ដេចពាន់ ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ខ្ញុំមានមុខរបរបច្ចុប្បន្នជាកសិករ។ កាលពីមុនរបបខ្មែរក្រហម ខ្ញុំនៅជាកុមារ។ ចំណែកនៅក្នុងរបបខ្មែរក្រហមវិញ ខ្ញុំធ្វើការនៅក្នុងកងកុមាររែកដី។ ប្តីខ្ញុំឈ្មោះ ស៊ុន ទូច អាយុ ៦៧ ឆ្នាំ មានមុខរបរជាកសិករដូចខ្ញុំដែរ។ ខ្ញុំមានកូនចំនួន៤នាក់គឺ ប្រុស២នាក់ និងស្រី២នាក់។
រឿងរ៉ាវដែលខ្ញុំចងចាំជាងគេដែលមិនអាចបំភ្លេចបាននៅក្នុងរបបខ្មែរក្រហមគឺ ខ្មែរក្រហមសម្លាប់ឪពុករបស់ខ្ញុំ។ កាលនោះ នៅពេលដែលឪពុករបស់ខ្ញុំកំពុងភ្ជួររាស់ស្រែ ស្រាប់តែមានមនុស្សម្នាក់បោកសំណាបដាក់គាត់ ហើយឪពុករបស់ខ្ញុំក៏ទៅប្រាប់ម្នាក់នោះថា កុំឱ្យបោកសំណាបដាក់គាត់ទៀត ប៉ុន្តែម្នាក់នោះមិនស្តាប់ នៅតែបោកសំណាបសុទ្ធតែភក់ដាក់ឪពុកខ្ញុំទៀត។ ឪពុករបស់ខ្ញុំក៏ខឹង ហើយឡើងទៅវាយម្នាក់នោះ។ លុះដល់ពេលយប់ឡើង ខ្មែរក្រហមបានមកហៅឪពុកខ្ញុំរួចនាំយកទៅសម្លាប់ចោលនៅភូមិសម្ដេចពាន់ ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅថ្ងៃនោះ ខ្ញុំដែលកំពុងដេកនៅផ្ទះជាមួយបងស្រី បានឃើញឈ្លបមកហៅឪពុកខ្ញុំ ដោយប្រាប់ថាឱ្យគាត់ទៅប្រជុំ រួចក៏បណ្តើរចេញទៅទាំងយប់។ ចាប់តាំងពីពេលនោះមក ខ្ញុំបាត់ឪពុករហូតមិនដែលឃើញត្រឡប់មកកន្លែងធ្វើការវិញឡើយ។ ក្រោយមក ម្ដាយខ្ញុំ និងខ្ញុំ រួមទាំងបងប្អូនរបស់ខ្ញុំចំនួន៣នាក់ទៀត ត្រូវអង្គការជម្លៀសតាមរថភ្លើងចេញទៅកាន់ខេត្តបាត់ដំបង។ ទៅដល់ទីនោះ យើងហូបមិនដែលឆ្អែតម្តងណាឡើយ រហូតធ្វើឱ្យម្តាយខ្ញុំ និងបងប្អូនខ្ញុំ២នាក់ទៀតស្លាប់ដោយសារការអត់អាហារ។ ខ្ញុំ និងបងស្រីខ្ញុំម្នាក់ដែលនៅរស់ ត្រូវខ្មែរក្រហមចាត់តាំងឱ្យរែកដី និងនៅតែហូបបបររាវៗដដែល។ បងស្រីខ្ញុំកាប់ដី រែកដី ហើយគាត់ឡើងលើខ្នងទំបន់ខ្ពស់ៗណាស់។ ចំណែកខ្ញុំក៏អង្គការចាត់តាំងឱ្យចូលកងចល័តជាមួយបងស្រីដែរនៅពេលនោះ។ ថ្ងៃមួយមានឧប្បត្តិហេតុលើខ្ញុំ ធ្វើឱ្យជើងខ្ញុំបាក់មិនអាចទៅធ្វើការបាន។ កាលនោះខ្ញុំអង្គុយនៅលើគ្រែមួយ ស្រាប់តែគ្រែនោះបាក់ ហើយកំណាត់ឈើមេគ្រែនោះបានធ្លាក់សង្កត់មកលើជើងខ្ញុំធ្វើបាក់ជើងរហូតមានស្នាកស្នាមដល់សព្វថ្ងៃនេះ។
នៅពេលដែលនឹកឃើញអំពីបទពិសោធន៍ទាំងនេះ ខ្ញុំមានអារម្មណ៍ភ័យខ្លាចណាស់។ ខ្ញុំធ្លាប់យល់សប្តិឃើញរបបខ្មែរក្រហម ហើយខ្ញុំនឹកឃើញពីភាពលំបាកនៅសម័យនោះ។ ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយចងចាំពីរឿងរ៉ាវដែលបានកើតឡើងកាលពីជំនាន់ខ្មែរក្រហម ព្រោះខ្ញុំចង់ឱ្យក្មេងៗបានដឹងពីភាពឈឺចាប់របស់ខ្ញុំ។
សម្ភាសដោយ សុង មួយហេង យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តតាកែវ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅភូមិសម្ដេចពាន់ ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។
ទូច ហ៊ី៖ ខ្ញុំមើលឃើញសាកសពមនុស្សស្លាប់ពេញៗរណ្តៅ
ខ្ញុំឈ្មោះ ទូច ហ៊ី អាយុ៦៤ឆ្នាំ បច្ចុប្បន្នជាកសិករ រស់នៅភូមិដុង ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ មុនរបបខ្មែរក្រហម ខ្ញុំជាកុមារជួយឃ្វាលគោឪពុកម្ដាយ ហើយនៅក្នុងរបបនោះ ខ្ញុំត្រូវធ្វើការក្នុងកងកុមារ។ ប្រពន្ធខ្ញុំឈ្មោះ ជា ធន អាយុ៦២ឆ្នាំ មានមុខរបរជាអ្នកត្បាញហូលលក់។ យើងមានកូនចំនួន៥នាក់ (ប្រុស៣នាក់ និងស្រី២នាក់) ប៉ុន្តែបានស្លាប់បាត់បង់ជីវិតម្នាក់ដោយសារជំងឺ។
រឿងរ៉ាវដែលខ្ញុំចងចាំបំផុតក្នុងរបបខ្មែរក្រហម គឺការបង្ខំឱ្យធ្វើការងារធ្ងន់ធ្ងរគ្រប់ប្រភេទ និងការបង្អត់អាហារ។ ពេលយប់ក្នុងកងកុមារ ខ្ញុំត្រូវដើរស្រោចទឹកដំណាំ ដើមចេក និងដើមដូង។ ឯពេលថ្ងៃ ចាប់ពីម៉ោង៧ព្រឹកតទៅ ខ្ញុំត្រូវដើររែកអាចម៍គោតាមផ្ទះអ្នកភូមិយកទៅដាក់ស្រែទាំងពោះទទេ ដោយគ្មានអ្វីហូបទាល់តែសោះ។ លុះត្រាតែអង្គការគោះជួងនៅម៉ោង១១ថ្ងៃត្រង់ជាសញ្ញាថាសម្រាក ទើបខ្ញុំបានសម្រាក និងបានហូបបបរ។ ជារៀងរាល់ថ្ងៃ ខ្ញុំហូបតែបបររាវៗប៉ុណ្ណោះ។ ជួនកាល ដើម្បីឱ្យចំអែតក្រពះ ខ្ញុំត្រូវយកចំណែកបបររាវនោះមកលាយជាមួយពោត ដំឡូង ផ្លែក្រសាំង ឬផ្លែសេដាដែលបេះបានតាមព្រៃនិងវាលស្រែ។ ពេលខ្លះ ខ្ញុំដាច់ចិត្តលួចជីកដំឡូងហូបលាក់បាំងពីអង្គការ ទោះដឹងច្បាស់ថា បើគេចាប់បាន មុខជាត្រូវយកទៅកសាង ឬយកទៅសម្លាប់ចោលក៏ដោយ។
សម័យនោះ ខ្ញុំមិនបានរស់នៅជុំជាមួយឪពុកម្ដាយឡើយ។ ឪពុកខ្ញុំត្រូវចូលកងចល័តលីសែងដី ចំណែកម្ដាយដើរបេះបន្លែឱ្យចុងភៅសម្រាប់ធ្វើម្ហូប។ ខ្ញុំបានរៀនសូត្របន្តិចបន្តួចដែរ គឺប្រហែលមួយម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែភាគច្រើនរៀនតែពីយុទ្ធសាស្ត្រធ្វើស្រែកសិកម្ម ឬការសែងអាចម៍គោប៉ុណ្ណោះ។ ក្រោយមក អង្គការបានចាត់តាំងខ្ញុំឱ្យទៅឃ្វាលគោវិញ។ ខ្ញុំនៅចាំបានថា មានថ្ងៃមួយ ខ្ញុំបានបណ្តើរគោឱ្យស៊ីស្មៅក្នុងព្រៃ រហូតជិតទៅដល់កន្លែងសម្លាប់មនុស្ស។ ពេលនោះ ខ្ញុំបានឮសូរអូប៉ាល័រ (ឧគ្ឃោសនសព្ទ) ចាក់ខ្លាំងៗ ហើយភ្លាមនោះ ក៏មានឈ្លបដើរចេញពីព្រៃមកដេញខ្ញុំឱ្យចាកចេញពីទីនោះ។ រំលងបានប៉ុន្មានថ្ងៃ ខ្ញុំបានលបទៅមើលកន្លែងនោះវិញ ក៏ស្រាប់តែឃើញសាកសពមនុស្សស្លាប់ពេញៗរណ្តៅ។ ខ្ញុំដឹងថា ជនរងគ្រោះដែលខ្មែរក្រហមយកមកសម្លាប់ទាំងនោះ ភាគច្រើនជាអ្នកមកពីចម្ងាយ មិនមែនជាអ្នកភូមិនៅទីនេះទេ។
រាល់ពេលនឹកឃើញដល់បទពិសោធន៍ដ៏ជូរចត់ទាំងនេះ ខ្ញុំតែងមានអារម្មណ៍ភ័យខ្លាច និងសោកសៅជាពន់ពេក។ ខ្ញុំជឿថា ខ្លួនឯងធ្លាប់បាក់ស្មារតី (តក់ស្លុត) ព្រោះជារឿយៗ ខ្ញុំតែងតែយល់សប្តិឃើញរបបខ្មែរក្រហម និងតែងតែអន្ទះអន្ទែងនឹកឃើញដល់ភាពឈឺចាប់ និងសេចក្តីទុក្ខលំបាកនា សម័យនោះ។ ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយចងចាំពីរឿងរ៉ាវដែលបានកើតឡើងក្នុងសម័យខ្មែរក្រហមនេះ ដើម្បីឱ្យពួកគេបានដឹង និងយល់យល់ពីទំងន់នៃការលំបាកវេទនារបស់មនុស្សជំនាន់មុន។
សម្ភាសដោយ សុង មួយហេង យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តតាកែវ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅភូមិដុង ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។
https://photos.app.goo.gl/J58uNEdLCC4V5z7Y6