Home / Post

Anlong Veng Peace Center: | Learning the History of Democratic Kampuchea (1975-1979)

មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានស្វាគមន៍យុវជនចំនួន២នាក់នៅក្នុងស្រុកអន្លង់វែង ពិភាក្សាអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ។

វេទិកានេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីប្រវត្ដិសាស្រ្ដ តម្លៃនៃសន្ដិភាព និងការផ្សះផ្សាដល់យុវជន ដោយផ្ដោតសំខាន់ទៅលើពាក្យថា «សហករណ៍»។
តាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យថា «សហករណ៍» មានន័យថា គឺ ជា «កន្លែងធ្វើការងាររួមគ្នា ការរួមដៃគ្នាធ្វើកិច្ចការ ឬការសហការគ្នា»។

នៅសម័យខ្មែរក្រហម «សហករណ៍» ត្រូវបានប្រែក្លាយទៅជាឧបករណ៍នយោបាយ ដែលមានន័យថា «ប្រជាជនត្រូវរស់នៅជាមួយគ្នា ធ្វើការជាមួយគ្នា ហូបចុកជាមួយគ្នា និងចែករំលែកការកម្សាន្តជាសមូហភាព» ។ ខ្មែរក្រហមបានលើកតម្កើងសហករណ៍ថាជា «កម្លាំងដ៏អស្ចារ្យ» ក្នុងការកសាងប្រទេស និងជា «កំផែងដែកថែបយ៉ាងរឹងមាំបំផុត» សម្រាប់ការពារប្រជាធិបតេយ្យទប់ទល់នឹងសត្រូវ ។

ដូចដែល ខៀវ សំផន (អតីតប្រធានគណៈប្រធានរដ្ឋកម្ពុជាប្រជាធិបតេយ្យ) បានសរសេរនៅក្នុងនិក្ខេបបទថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្រ្ដសេដ្ឋកិច្ចនៅឆ្នាំ១៩៥៩ មុននឹងទ្រឹស្ដីត្រូវបានអនុវត្ដនៅក្នុងរបបខ្មែរក្រហម ថា «សហករណ៍» គឺជាការចងក្រងកម្លាំងកសិករខ្នាតតូចរួមគ្នា ដើម្បីបង្កើតជាអំណាចទិញ-លក់រួមមួយ ហើយសហករណ៍មានតួនាទីប្រមូលទិញកសិផលពីកសិករក្នុងតម្លៃសមរម្យ និងផ្គត់ផ្គង់សម្ភារកសិកម្មដោយផ្ទាល់ ដើម្បីការពារកសិករពីការកេងប្រវ័ញ្ចរបស់ឈ្មួញកណ្តាលនៅក្នុងទីក្រុង និងបរទេស ។ យ៉ាងណាមិញ កម្មវិធីគោលនយោបាយសេដ្ឋកិច្ចរបស់ខ្មែរក្រហម តាមរយៈ«ផែនការបួនឆ្នាំ (១៩៧៧-១៩៨០)» ខ្មែរក្រហមបានបង្ខំឱ្យប្រជាជនរស់នៅរួមគ្នា និងធ្វើការងាររួមយ៉ាងតឹងរ៉ឹងក្នុងសហករណ៍។

ជា ឡៃ ភេទស្រី អាយុ៣០ឆ្នាំ យល់ឃើញថា៖ « រីករាយដែលទទួលបានចំណេះដឹងថ្មីៗ ដែលមិនធ្លាប់ជួបពីមុនមក។ ការបង្កើតសហករណ៍នៅក្នុងសម័យខ្មែរក្រហម ប្រសិនបើមិនមានការសម្លាប់រង្គាលទេ ការរស់នៅរួមគ្នា ស្មើភាពគ្នា ធ្វើការរួមគ្នា មិនប្រកាន់វណ្ណៈ គឺល្អ។ សម្រាប់ខ្ញុំ មើលឃើញថា ការរស់នៅក្នុងរបបសេរី គឺមានភាពងាយស្រួល ដោយផ្អែកទាំងសេដ្ឋកិច្ច និងនយោបាយ ពីព្រោះ បើនិយាយពីសេដ្ឋកិច្ចមានទីផ្សារប្រកួតប្រជែងដោយសេរី និងទំលំទូលាយ។ ចំពោះនយោបាយ យើងមានសិទ្ធិបញ្ចេញមតិយោបល់ និងជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនពេញចិត្ដ។ ចំពោះគោលគំនិតនៃការរស់នៅដោយស្មើភាពគ្នា ខ្ញុំគិតថាមិនអាចទៅរួចទេ ដោយសារនៅក្នុងសង្គមមួយមិនអាចរស់នៅដោយស្មើភាពគ្នាបានទេ រមែងផ្អែកលើវណ្ណៈ ជីវភាព និងរបៀបរបបតាមក្រុមគ្រួសារនីមួយៗ»។

ហ៊ួត ស្រីពេជ ភេទស្រី អាយុ​២៣​ឆ្នាំ យល់ឃើញថា៖ « ការបង្កើតសហករណ៍នៅក្នុងសម័យខ្មែរក្រហម ខ្ញុំមិនគាំទ្រទេ ដោយសារបានបង្ខំឲ្យ​ប្រជាជនប្រមែរប្រមូលទ្រព្យសម្បត្ដិដែលខ្លួនមាន និងធ្លាប់ប្រឹងប្រែងរកតាំងពីពេលកន្លងមកដាក់ក្នុងសហករណ៍រួមគ្នា ដែលវាជាភាពអយុត្ដិធម៌មួយ។ មួយទៀត នៅពេលរបបខ្មែរក្រហមដួលរលំទៅប្រជាជនបានខិតខំរកទ្រព្យសម្បត្ដិដូចដែលខ្លួនធ្លាប់ធ្វើកន្លងមកនៅមុនសម័យខ្មែរក្រហម ឡើងវិញ»។

https://photos.app.goo.gl/wa8K7cF5URb9Z1689