Home / Post

Promoting Democracy and Good Governance: Khmer Rouge Survivor’s Unforgettable Life Story (Part 18)

គង់ ប៉េងហ៊៖ ការឆ្លងកាត់ការជម្លៀសតាមរថភ្លើងទៅកាន់ខេត្តបាត់ដំបង និងការបង្ខំឱ្យធ្វើការងារធ្ងន់ធ្ងរជាច្រើនមុខ

ខ្ញុំឈ្មោះ គង់ ប៉េងហ៊ អាយុ ៦៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសម្ដេចពាន់ ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ មានមុខរបរគឺជាគ្រូបង្រៀន។ ភរិយារបស់ខ្ញុំឈ្មោះ ជន គឹមសេង អាយុ ៦៣ឆ្នាំ គឺជាកសិករ។ យើងមានកូនចំនួន ៥នាក់ (ប្រុស ២នាក់ និងស្រី ៣នាក់)។ បទពិសោធន៍ និងរឿងរ៉ាវដែលខ្ញុំចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺការឆ្លងកាត់ការជម្លៀសតាមរថភ្លើងទៅកាន់ខេត្តបាត់ដំបង និងការបង្ខំឱ្យធ្វើការងារធ្ងន់ធ្ងរជាច្រើនមុខ។

នៅដើមរបបខ្មែរក្រហម អង្គការបានតម្រូវឱ្យគ្រួសារខ្ញុំទៅរស់នៅក្នុងវត្តមួយ ស្ថិតក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។ រស់នៅទីនោះបានមួយរយៈ គេក៏បញ្ជាឱ្យគ្រួសារខ្ញុំចាកចេញដោយធ្វើដំណើរតាមរទេះគោឆ្ពោះទៅកាន់ភ្នំចំបាប់។ ពួកយើងបានឈប់សម្រាកនៅទីនោះមួយយប់។ លុះដល់ម៉ោងប្រហែល ៨យប់ ខណៈមិនទាន់បានសម្រាកស្រួលបួលផង ស្រាប់តែឮអង្គការប្រកាសឱ្យប្រជាជនទាំងអស់ធ្វើដំណើរបន្តទាំងយប់អធ្រាត្រ ទៅកាន់ចំណតរថភ្លើងកុមាររាជា ដើម្បីឡើងរថភ្លើងឆ្ពោះទៅខេត្តបាត់ដំបង។
រថភ្លើងបានបើកបរមួយយប់ទល់ភ្លឺ ទើបទៅដល់ត្រឹមពោធិ៍ចិនតុង។ នៅទីនោះ ខ្មែរក្រហមបានឈប់រថភ្លើង ហើយយកនំបុ័ងមកចែកឱ្យអ្នកធ្វើដំណើរ ដោយកំណត់ឱ្យម្នាក់ៗទទួលបាននំបុ័ងមួយដើម និងសៀងសម្រាប់ហូបពេញមួយថ្ងៃ។ គ្រួសារខ្ញុំនិងប្រជាជនដទៃទៀតនៅលើរថភ្លើង ត្រូវធ្វើដំណើរអស់រយៈពេល ៣យប់ ៣ថ្ងៃ យ៉ាងលំបាក ទើបទៅដល់ស្ថានីយស្វាយស៊ីសុផុន ខេត្តបាត់ដំបង (បច្ចុប្បន្នស្ថិតក្នុងខេត្តបន្ទាយមានជ័យ)។ ពួកយើងបានសម្រាកនៅទីនោះមួយយប់ ហើយលុះព្រឹកឡើង ទើបមានអ្នកភូមិមូលដ្ឋានបរត្រាក់ទ័រនិងរទេះគោមកទទួល និងដឹកពួកយើងចេញពីស្ថានីយ។
បន្ទាប់មក ខ្ញុំត្រូវអង្គការបំបែកចេញពីឪពុកម្ដាយនិងបងប្អូន ឱ្យទៅធ្វើការក្នុងកងកុមារនៅភូមិគោកសេះ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបាត់ដំបង។ ចំណែកឯបងៗរបស់ខ្ញុំ ត្រូវគេចាត់តាំងឱ្យទៅធ្វើការក្នុងកងចល័តមួយដែលហៅថា «កងចល័តតាវាល់»។ នៅកងកុមារ ដោយសារការងារលំបាកខ្លាំងពេក ខ្ញុំក៏លួចរត់មកផ្ទះវិញ។ កាលណោះ សំណាងល្អដែលបងថ្លៃរបស់ខ្ញុំមានទំនាក់ទំនងល្អជាមួយអ្នកមូលដ្ឋាននៅស្រុកភ្នំស្រុក គាត់ក៏បានជួយសុំយោគយល់ពីអង្គការ ឱ្យខ្ញុំនិងឪពុកម្ដាយនៅធ្វើជីលាមកមនុស្សលាយជាមួយអង្កាមសម្រាប់យកទៅដាក់ស្រែ។ ខ្ញុំនិងក្រុមគ្រួសារបានធ្វើការងារនេះអស់រយៈពេលមួយឆ្នាំ។
លុះដល់ឆ្នាំ១៩៧៨ ដោយអង្គការពិនិត្យឃើញថា ការងារលាយជីលាមកនេះមានលក្ខណៈធូរស្រាលពេក ខណៈកងកុមារផ្សេងទៀតត្រូវធ្វើការធ្ងន់ធ្ងរ គេក៏បានប្ដូរខ្ញុំឱ្យទៅលើកភ្លឺស្រែនៅភូមិកណ្ដាលខាងលិច ឃុំស្រះជីក ស្រុកភ្នំស្រុក វិញ។ អង្គការបានកំណត់ឱ្យខ្ញុំលើកភ្លឺស្រែឱ្យបាន ៣០ម៉ែត្រក្នុងមួយថ្ងៃ។ ក្រៅពីនេះ អង្គការបង្ខំខ្ញុំឱ្យដកសំណាប និងដើរកាប់ដើមទន្ទ្រានខែត្រយកមកធ្វើជីថែមទៀត។ ថ្ងៃខ្លះ ដោយសារកម្លាំងខ្សោយ ខ្ញុំធ្វើការងារមិនគ្រប់តាមផែនការដែលអង្គការកំណត់ ក៏ត្រូវគេវាយធ្វើបាប និងបង្អត់អាហារ។ ការងារទាំងនោះពិតជាលំបាកវេទនាខ្លាំងណាស់សម្រាប់រូបខ្ញុំ។
ដោយក្ដីអាណិតអាសូរចំពោះខ្ញុំដែលត្រូវខ្មែរក្រហមប្រើឱ្យធ្វើការហួសកម្លាំង និងធ្វើបាបឥតស្រាកស្រាន្ត មានប្រជាជនមូលដ្ឋានម្នាក់បានស្នើសុំខ្ញុំពីប្រធានកងចល័ត ដើម្បីឱ្យមកនៅរស់នៅជាមួយគាត់។ ដោយសារប្រធានកងនោះត្រូវជាសាច់ញាតិរបស់គាត់ គេក៏បានយល់ព្រមឱ្យខ្ញុំទៅធ្វើការផ្នែកដាក់បាយជ្រូក។ បន្ទាប់ពីធ្វើការជាមួយគាត់បានប្រហែលមួយឆ្នាំ គាត់ក៏ស្រឡាញ់រាប់អានខ្ញុំ និងបានទទួលខ្ញុំជាកូនធម៌។ ថ្ងៃមួយ ដោយសារតែការហូបចុកមិនគ្រប់គ្រាន់ ខ្ញុំនិងឪពុកធម៌បាននាំគ្នាលួចហូបបបរបាយជ្រូកលាយកន្ទក់ ដើម្បីចម្អែតក្រពះដែលកំពុងដាច់បាយ។ ក្រោយមក អង្គការបានដឹងរឿងនេះ ក៏បញ្ជូនពួកយើងឱ្យទៅធ្វើជាអ្នកចាំចម្ការ និងដកមើមដំឡូងវិញ។
មេកងបានចាត់តាំងខ្ញុំនិងឪពុកធម៌ឱ្យដើរយាមកាមចម្ការដំឡូងនៅពេលយប់ ព្រោះខ្លាចមានប្រជាជនមកលួចដក។ ពេលខ្លះ ខ្ញុំបានប្រទះឃើញស្នាមដកដំឡូងថ្មីៗ ប៉ុន្តែខ្ញុំនិងឪពុកធម៌មិនបានរាយការណ៍ប្រាប់អង្គការឡើយ ព្រោះយល់ច្បាស់ថាម្នាក់ៗសុទ្ធតែរងនូវភាពអត់ឃ្លានដូចគ្នា។ មិនយូរប៉ុន្មាន មេកងបានដឹង ក៏ស្ដីបន្ទោសពួកយើងយ៉ាងធ្ងន់ធ្ងរថាបានចូលដៃចូលជើងជាមួយខ្មាំង ព្រោះតែលាក់បាំងមិនរាយការណ៍រឿងបាត់ដំឡូង។ ហេតុដូច្នេះហើយទើបអង្គការផ្ទេរខ្ញុំចេញពីចម្ការដំឡូងនោះ ឱ្យទៅឃ្វាលគោវិញ។
ថ្ងៃមួយ ពេលកំពុងឃ្វាលគោទៅដល់ចម្ការដំឡូងមួយដែលអង្គការទើបតែប្រមូលផលរួច ខ្ញុំនិងក្មេងឃ្វាលគោឯទៀតបានដើរតាមរងដំឡូង ដើម្បីកាយរកមើលមើមដំឡូងដែលនៅសេសសល់។ ចៃដន្យពេលនោះ មេកងមកទាន់ ក៏បានចាប់ពួកខ្ញុំទាំង៨នាក់ចងស្លាបសេកផ្អោបនឹងសសររោងក្បែរនោះ។ មេកងបានខ្វេះយកក្បាលដំឡូងដាច់ជាកំណាត់ៗដែលពួកខ្ញុំខំកាយបាន មកដាក់ពីមុខ រួចស្រែកស្ដីបន្ទោស និងជេរប្រមាថពួកយើងយ៉ាងខ្លាំង។ អង្គការបានចងធ្វើបាបពួកខ្ញុំចាប់តាំងពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ១០យប់។ បន្ទាប់មក គេបាននាំពួកខ្ញុំទៅកាន់សហករណ៍ ដើម្បីប្រកាសជាសាធារណៈថា ពួកខ្ញុំជាខ្មាំងលួចរបស់អង្គការ ដែលត្រូវយកទៅអប់រំកសាងខ្លួន។ សំណាងល្អណាស់ ដែលកាលណោះពួកខ្ញុំមិនត្រូវបានគេយកទៅសម្លាប់ចោល។ មុនពេលលែងឱ្យត្រឡប់ទៅកន្លែងសម្រាកវិញ អង្គការបានចែកបបរឱ្យពួកខ្ញុំហូបម្នាក់មួយចាន រួចផ្ដាំផ្ញើនិងព្រមានធ្ងន់ៗថា មិនត្រូវលួចដំឡូងអង្គការហូបទៀតឡើយ បើមានលើកក្រោយ គឺមិនលើកលែងទោសឱ្យដាច់ខាត។
ទីបំផុត ខ្ញុំត្រូវបានគេបញ្ជូនឱ្យមកធ្វើការងារនៅចម្ការដំឡូងចាស់វិញជាមួយឪពុកធម៌។ ខ្ញុំបានរស់នៅ និងធ្វើការជាមួយឪពុកធម៌ រហូតដល់កងទ័ពស្ម័គ្រចិត្តវៀតណាមវាយចូលមកដល់ និងរំដោះពួកយើងឱ្យមានសេរីភាពឡើងវិញ។

សម្ភាសដោយ នីម សៀកម៉ី យុវជនស្ម័គ្រចិត្តកម្ពុជាមកពីតាកែវ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅភូមិសម្ដេចពាន់ ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។

សាត យ៉ាត៖  ឪពុកខ្ញុំត្រូវអង្គការសម្លាប់ ដោយសារតែលួចអង្ករមកឱ្យកូន

ខ្ញុំឈ្មោះ សាត យ៉ាត អាយុ ៥៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិឧបសម្ព័ន្ធប៉ោ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ មានមុខរបរជាកសិករ។ កាលពីមុនរបបខ្មែរក្រហម ខ្ញុំនៅជាកុមាររស់នៅក្នុងបន្ទុកគ្រួសារនៅឡើយ។ ប្តីរបស់ខ្ញុំឈ្មោះ រ៉ុន យុន អាយុ ៦០ឆ្នាំ គាត់មានពិការភាព (ថ្លង់) និងមានមុខរបរជាកសិករដូចគ្នា។ យើងទាំងពីរមានកូនចំនួន ៧នាក់ (ប្រុស ៣នាក់ និងស្រី ៤នាក់)។
នៅក្នុងរបបខ្មែរក្រហម ខ្ញុំត្រូវបានអង្គការចាត់តាំងឱ្យធ្វើការនៅក្នុងកងកុមារ ដោយមានភារកិច្ចចម្បងៗដូចជា កាប់ដើមទន្ទ្រានខែត្រយកមកធ្វើជាជី ដើររើសគួរស្រូវ និងដើរដេញចាបកុំឱ្យស៊ីស្រូវក្នុងស្រែ។ ការដ្ឋានការងារទាំងនេះ គឺស្ថិតនៅក្នុងភូមិឃ្សឹម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ កាលណោះ អង្គការបានបង្ខំឱ្យខ្ញុំធ្វើការងារជាច្រើនដែលធ្ងន់ធ្ងរ និងមិនសាកសមនឹងវ័យកុមារដូចខ្ញុំទាល់តែសោះ។ ចំណែកឯការហូបចុកវិញ គឺពុំគ្រប់គ្រាន់ឡើយ ដោយក្នុងមួយថ្ងៃៗទទួលបានត្រឹមតែរបបបបរបន្តិចបន្តួចប៉ុណ្ណោះ។ មានពេលមួយ ដោយសារតែភាពស្រេកឃ្លានខ្លាំងពេក បូករួមនឹងវ័យក្មេងខ្ចីមិនសូវដឹងខុសត្រូវ ខ្ញុំបានលួចទៅដួសបបរនៅក្នុងខ្ទះត្នោតនៅឯរោងបាយរួមយកមកហូប និងបានលួចកាច់ពោតទុំយកមកទំពាស៊ីដើម្បីចម្អែតក្រពះ។ ជាអកុសល ក្រោយមកខ្ញុំត្រូវកម្មាភិបាលនារីម្នាក់ ចាប់បានទាន់ហន់ក្នុងពេលកំពុងធ្វើសកម្មភាពលួច ហើយគេបានគំរាមបម្រុងនឹងនាំខ្លួនខ្ញុំយកទៅកសាង។
នៅក្នុងគ្រាដ៏មានអាសន្ននោះ ម្ដាយរបស់ខ្ញុំបានដឹងដំណឹងថាអង្គការចាប់ខ្លួនខ្ញុំ គាត់ក៏បានប្រញាប់ប្រញាល់ទៅជួបកម្មាភិបាលនោះ ដើម្បីសុំអង្វរករ និងលើកលែងទោសដល់រូបខ្ញុំ។ ដោយសារតែម្ដាយរបស់ខ្ញុំជាប្រជាជនមូលដ្ឋាន ទើបអង្គការយោគយល់ និងយល់ព្រមលើកលែងទោសមិនយកខ្ញុំទៅកសាងឡើយ ប៉ុន្តែពួកវាបានគំរាមកំហែងម្ដាយខ្ញុំធ្ងន់ៗថា បើមានលើកក្រោយទៀត អង្គការមិនលើកលែងទោសឱ្យជាដាច់ខាត។ ខ្ញុំអាណិតម្ដាយរបស់ខ្ញុំខ្លាំងណាស់ គាត់ដឹងច្បាស់ថាកូនៗរងនូវភាពអត់ឃ្លាន ប៉ុន្តែគាត់គ្មានលទ្ធភាពរកអាហារមកឱ្យកូនហូបចុកបានគ្រប់គ្រាន់ឡើយ។ គាត់តែងតែលះបង់ដោយដកចំណែករបបអាហារដ៏តិចតួចរបស់គាត់ មកចែកឱ្យខ្ញុំនិងបងប្រុសខ្ញុំហូប ទោះបីជាខ្លួនគាត់ផ្ទាល់ត្រូវស៊ូទ្រាំអត់អាហារទាំងពោះទទេស្អាតក៏ដោយ។
ដោយឡែក ឪពុករបស់ខ្ញុំវិញ ដោយសារតែក្ដីអាណិតអាសូរចំពោះកូនៗដែលហូបចុកមិនគ្រប់គ្រាន់ គាត់បានសម្រេចចិត្តប្រថុយប្រថានទៅលួចអង្កររបស់អង្គការ រហូតត្រូវពួកខ្មែរក្រហមតាមទាន់ និងចាប់ខ្លួនយកទៅសម្លាប់ចោលយ៉ាងព្រៃផ្សៃ ដោយបោះសាកសពទុកចោលនៅកណ្ដាលព្រៃ។ កាលដែលបាត់ប្តីយូរពេក ម្ដាយខ្ញុំមិនបានដឹងថាឪពុកស្លាប់ឡើយ គាត់តែងតែដើរតាមស៊ើបសួររកដំណឹងពីឪពុកខ្ញុំជាហូរហែ ហើយខ្ញុំក៏បានដើរស្វែងរកឪពុកជាមួយម្ដាយដែរ។ ថ្ងៃមួយ ខណៈពេលដើររក ខ្ញុំបានប្រទះឃើញសាកសពមួយនៅក្នុងព្រៃជ្រៅ។ ខ្ញុំបានដាច់ចិត្តចូលទៅពិនិត្យមើលឱ្យជាក់ច្បាស់ ទើបដឹងថាសាកសពនោះគឺជាសាកសពឪពុកខ្ញុំ។ ទោះបីជាសាកសពមានសភាពរលួយបាត់ទៅហើយក្ដី ក៏ខ្ញុំនៅតែអាចចំណាំសម្លៀកបំពាក់ដែលគាត់បានស្លៀកពាក់នៅថ្ងៃដែលគាត់ចេញដំណើរចាកចេញទៅនោះបានយ៉ាងច្បាស់មិនច្រឡំឡើយ។
រហូតមកដល់សព្វថ្ងៃនេះ ឱ្យតែពេលណាដែលនឹកឃើញដល់បទពិសោធន៍ដ៏ជូរចត់ និងព្រឹត្តិការណ៍ខ្លោចផ្សាទាំងនេះ ខ្ញុំតែងតែមានអារម្មណ៍ខឹងសម្បារ និងឈឺចាប់ចំពោះរបបខ្មែរក្រហមជាខ្លាំង។ សូម្បីតែនៅក្នុងដំណេក ក៏ខ្ញុំជួបសុបិនអាក្រក់ជារឿយៗ ឃើញពួកខ្មែរក្រហមដេញវាយដំ និងតាមសម្លាប់រូបខ្ញុំដែរ។ ខ្ញុំពិតជាចង់ឱ្យក្មេងៗ និងយុវជនជំនាន់ក្រោយ ចងចាំនូវរឿងរ៉ាវប្រវត្តិសាស្ត្រដែលបានកើតឡើងកាលពីជំនាន់ខ្មែរក្រហមនេះឱ្យបានច្បាស់ ព្រោះចង់ឱ្យពួកគាត់បានដឹង និងយល់យល់អំពីសេចក្ដីលំបាកវេទនាខ្លាំងខ្សត់នៅក្នុងសម័យកាលនោះ ដើម្បីឱ្យពួកគាត់ចេះស្រឡាញ់ និងថែរក្សាសន្តិភាពនាពេលបច្ចុប្បន្ន។

សម្ភាសដោយ អាង ស្រីពៅ  យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តក្រចេះ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅភូមិឧបសម្ព័ន្ធប៉ោ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។

ជា សំបូរ៖ ខ្ញុំចងចាំព្រឹត្តិការណ៍ដ៏ខ្លោចផ្សានៅស្រុកអង្គរបូរី

ខ្ញុំឈ្មោះ ជា សំបូរ អាយុ ៧៥ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដុង ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ សព្វថ្ងៃនេះ ខ្ញុំប្រកបមុខរបរលក់នំបញ្ចុក ដើម្បីរកថវិកាបន្តិចបន្តួចមកផ្គត់ផ្គង់ជីវភាពគ្រួសារ។ ប្តីខ្ញុំឈ្មោះ ឯក ចាន់ អាយុ ៧៨ឆ្នាំ ជាកសិករ។ យើងមានកូនចំនួន ៦នាក់ (ប្រុស ៤នាក់ និងស្រី ២នាក់) ប៉ុន្តែក្នុងនោះកូនរបស់ខ្ញុំម្នាក់បានស្លាប់បាត់បង់ជីវិតទៅហើយ។
នៅដើមរបបខ្មែរក្រហមភ្លាម ខ្ញុំនិងប្តីត្រូវបានប្រធានភូមិម្នាក់ឈ្មោះ តាហ៊ន បង្ខំឱ្យចាកចេញពីផ្ទះសម្បែង និងភូមិកំណើត ដោយតម្រូវឱ្យធ្វើដំណើរដោយថ្មើរជើងឆ្ពោះទៅកាន់ភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ជាមួយប្រជាជនជាច្រើននាក់ទៀត។ គោលដៅនៃការជម្លៀសរបស់អង្គការនៅពេលនោះ គឺដើម្បីបញ្ជូនពួកយើងទៅជួយធ្វើការងារស្រែចម្ការនៅទីនោះ។ កាលណោះ ខ្ញុំបានត្រឹមតែលួចយំសម្រក់ទឹកភ្នែកប៉ុណ្ណោះ ព្រោះមិនអាចប្រឆាំងនឹងបញ្ជាដាច់ខាតរបស់ តាហ៊ន បាន   ឡើយ។ ខ្ញុំនិងប្តីត្រូវបែកបាក់ពីឪពុកម្ដាយ និងបងប្អូនបង្កើតទាំងបង្ខំ។ ខ្ញុំចងចាំព្រឹត្តិការណ៍ដ៏ខ្លោចផ្សានេះមិនដែលភ្លេចឡើយ ព្រោះការរស់នៅទីនោះពិតជាលំបាកវេទនាខ្លាំងណាស់ ជាពិសេសគឺភាពស្រេកឃ្លាន ដែលស្ទើរតែធ្វើឱ្យខ្ញុំដាច់ពោះស្លាប់ម្ដងៗ។ អង្គការបានកំណត់របបអាហារឱ្យពួកយើងហូបតែបបររាវៗ ឬបបរលាយគ្រាប់ពោត ជាមួយសម្លទឹកសាបល្វីង ដោយក្នុងមួយថ្ងៃទទួលបានត្រឹមតែពីរពេលប៉ុណ្ណោះ។ ប្រជាជនដែលត្រូវបានជម្លៀសទៅស្រុកអង្គរបូរីជាមួយខ្ញុំ បានស្លាប់បាត់បង់ជីវិតអស់ជាច្រើននាក់ ដោយសារតែការអត់បាយ និងជំងឺដំកាត់ផ្សេងៗ។
នៅក្នុងឆ្នាំដំបូងនៃការទៅដល់ ខ្មែរក្រហមបានប្រើខ្ញុំឱ្យធ្វើការងារធ្ងន់ៗដូចជា កាប់គល់ត្រែង និងគាស់គល់ឈើធំៗ។ បន្ទាប់មក គេបានប្ដូរខ្ញុំឱ្យទៅធ្វើការងារផ្សេងទៀតជាបន្តបន្ទាប់ មានដូចជា រែកដី លើកទំនប់ ជីកព្រែក ជីកប្រឡាយ និងដកស្ទូងស្រូវជាដើម។ មានពេលមួយ បន្ទាប់ពីបញ្ចប់ការងារស្ទូងស្រូវយ៉ាងហត់នឿយ ខ្ញុំបានដើរទៅងូតទឹកបឹង ហើយក៏បានដួលនៅលើផ្លូវត្រឡប់មករោងស្នាក់នៅវិញ។ ចៃដន្យពេលនោះ មេឃកំពុងតែភ្លៀងរលឹមស្រិចៗ ធ្វើឱ្យខ្ញុំមិនអាចងើបរួចទាល់តែសោះ ហើយជើងរបស់ខ្ញុំក៏ស្រាប់តែហើមឡើងមួយរំពេច។ ឃើញសភាពខ្ញុំបែបនេះ ក្រុមចុងភៅប្រចាំសហករណ៍ក៏បានមកជួយគ្រាខ្ញុំត្រឡប់មកកន្លែងស្នាក់នៅ។ ខ្ញុំត្រូវសម្រាកព្យាបាលជើងអស់រយៈពេលជាងបីខែ ទើបអាចដើរបានជាធម្មតាវិញ។ កាលណោះ នៅក្នុងសហករណ៍ពុំមានថ្នាំពេទ្យសម័យសម្រាប់ព្យាបាលឡើយ គឺមានតែការយកមើមពន្លៃលាយជាមួយស្រាស មកកិនរឺតរាល់ថ្ងៃតាមបែបបុរាណប៉ុណ្ណោះ។
បន្ទាប់ពីជើងបានសះស្បើយមិនទាន់បានប៉ុន្មានខែផង ខ្ញុំក៏ត្រូវសម្រាកព្យាបាលអស់រយៈពេលពីរខែបន្ថែមទៀត ដោយសារតែគ្រោះថ្នាក់ក្រឡាច់ជើងដួលម្ដងទៀត ពេលដើរត្រឡប់មកពីមើលកុនដែលអង្គការចាក់បញ្ចាំង។ កាលនោះ អង្គការបានចាក់បញ្ចាំងកុន (ភាពយន្តឃោសនា) ឱ្យប្រជាជនមើល នៅទីតាំងមួយដែលមានចម្ងាយប្រហែល ១០គីឡូម៉ែត្រ ពីកន្លែងដែលខ្ញុំស្នាក់នៅ។ អង្គការបានបង្ខំឱ្យសមាជិកកងចល័តទាំងអស់ត្រូវតែទៅមើល ដោយមិនអនុញ្ញាតឱ្យនរណាម្នាក់ស្នាក់នៅក្នុងរោងឡើយ។ ខ្ញុំក៏បានពរកូនតូចដើរទៅមើលនឹងគេដែរ លុះដល់ពេលកុនចប់ ខ្ញុំបានពរកូនដើរត្រឡប់មកកន្លែងស្នាក់វិញទាំងយប់ ក៏ស្រាប់តែក្រឡាច់ជើងដួលតាមផ្លូវ ដែលបណ្ដាលឱ្យខ្ញុំធ្លាក់ខ្លួនពិការមួយរយៈពេលខ្លី។ រហូតមកដល់សព្វថ្ងៃនេះ របួសចាស់ត្រង់ជើងនោះ នៅតែធ្វើទុក្ខឈឺចាប់ម្ដងម្កាលនៅពេលអាកាសធាតុប្រែប្រួល។
ជាចុងក្រោយ ខ្ញុំមិនចង់ឱ្យក្មេងៗ និងយុវជនជំនាន់ក្រោយ ចងចាំនូវរឿងរ៉ាវឈឺចាប់ដែលបានកើតឡើងកាលពីជំនាន់ខ្មែរក្រហមនោះទេ ព្រោះខ្ញុំស្អប់ខ្ពើមរបបដ៏ឃោរឃៅនេះខ្លាំងណាស់។ អ្វីដែលខ្ញុំប្រាថ្នាចង់បានបំផុត គឺចង់ឃើញក្មេងៗជំនាន់ក្រោយចេះរួបរួមសាមគ្គីគ្នា និងស្រឡាញ់រាប់អានគ្នាជាធ្លុងមួយ ដើម្បីការពារប្រទេសជាតិកុំឱ្យធ្លាក់ក្នុងរបបបែបនេះទៀត។

សម្ភាសដោយ នីម សៀកម៉ី យុវជនស្ម័គ្រចិត្តកម្ពុជាមកពីតាកែវ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅភូមិដុង ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ  នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។

ចយ ឌូក៖ ពូបង្កើតរបស់ខ្ញុំផ្ទាល់ ចង់យកខ្ញុំទៅសម្លាប់ចោល ដោយសារតែខ្ញុំគាស់មើមត្រាវស្ងោរហូប

ខ្ញុំឈ្មោះ ចយ ឌូក អាយុ ៦៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រៃជុំ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង មានមុខរបរធ្វើស្រែ។ កាលពីមុនរបបខ្មែរក្រហម ខ្ញុំស្ថិតក្នុងវ័យកុមារឡើយ ប៉ុន្តែលុះចូលដល់សម័យខ្មែរក្រហម ខ្ញុំត្រូវបានគេចាត់តាំងឱ្យចូលនៅក្នុងកងចល័ត។ ប្តីខ្ញុំឈ្មោះ ស៊ី ឌុក អាយុ ៦៣ ឆ្នាំ មានមុខរបរជាកសិករ។ យើងមានកូនចំនួន ២នាក់ (ស្រីម្នាក់ និងប្រុសម្នាក់)។

ដំបូងឡើយ ខ្មែរក្រហមបានចាត់តាំងខ្ញុំឱ្យធ្វើការងារជីកប្រឡាយ និងធ្វើជីលាមកមនុស្សសម្រាប់យកទៅដាក់ស្រែ។ លុះដល់រដូវវស្សា គេបានបង្ខំឱ្យខ្ញុំទៅដកស្ទូងស្រូវជាមួយម៉ែៗ (ស្ត្រីៗដទៃទៀត)។ បន្ទាប់ពីការងារដកស្ទូងបានបញ្ចប់ ដោយសារតែនៅសមរភូមិមុខខ្វះខាតកម្លាំង អង្គការក៏បានចាត់តាំងរូបខ្ញុំឱ្យទៅជួយសែងយោធាខ្មែរក្រហមដែលរងរបួស និងស្លាប់ នៅឯសមរភូមិឃុំតាសួស ស្រុកស្វាយរៀង (បច្ចុប្បន្នស្ថិតក្នុងស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង) ដែលមានទីតាំងស្ថិតនៅចម្ងាយប្រមាណជា ៣គីឡូម៉ែត្រ ពីព្រំដែនប្រទេសវៀតណាម។ ការងារសែងអ្នករបួស និងសាកសពនេះ ពិតជាមានភាពលំបាកវេទនាខ្លាំងណាស់។ ពួកយើងត្រូវសែងបណ្ដាក់គ្នាក្នុងចម្ងាយផ្លូវឆ្ងាយ ហើយត្រូវធ្វើការឥតឈប់ឈរទាំងយប់ទាំងថ្ងៃ គ្មានពេលសម្រាកឡើយ។ មួយរយៈពេលក្រោយមក ដោយសារតែប្រធានកងបានពិនិត្យឃើញថារាងកាយរបស់ខ្ញុំមានសភាពទ្រុឌទ្រោម និងទន់ខ្សោយមិនអាចទប់ទល់នឹងការងារដ៏ធ្ងន់ធ្ងរនេះបាន គេក៏បានសម្រេចចិត្តផ្លាស់ប្ដូរខ្ញុំឱ្យមកធ្វើជាអ្នកដេរឡេវអាវឱ្យកងទ័ពនៅក្នុងឃ្លាំងវិញ។

រឿងរ៉ាវដ៏ឈឺចាប់បំផុត ដែលធ្វើឱ្យខ្ញុំចងចាំដក់ជាប់ក្នុងចិត្តមិនអាចបំភ្លេចបានរហូតមកដល់សព្វថ្ងៃនេះ គឺការដែលពូបង្កើតរបស់ខ្ញុំផ្ទាល់ ចង់យកខ្ញុំទៅសម្លាប់ចោល គ្រាន់តែដោយសារតែខ្ញុំបានកាយមើមត្រាវដែលខ្ញុំជាអ្នកដាំដោយផ្ទាល់ដៃនៅក្បែរផ្ទះ។ កាលណោះ ដោយសារតែក្ដីអាណិតប្អូនៗពេក ខ្ញុំបានលួចគាស់មើមត្រាវដែលខ្ញុំដាំ យកមកបម្រុងនឹងស្ងោរឱ្យប្អូនហូបចម្អែតក្រពះ។ ប៉ុន្តែមិនទាន់ទាំងបានស្ងោរផង ក៏ត្រូវកងឈ្លបខ្មែរក្រហមដឹង ហើយពូបង្កើតរបស់ខ្ញុំដែលជាកម្មាភិបាល បានហៅខ្ញុំទៅសួរនាំ និងធ្វើការអប់រំកសាងខ្លួន។ គាត់បានហៅខ្ញុំថា «សមមិត្ត» ដូចទៅនឹងឃ្លាដែលគាត់បាននិយាយស្តីបន្ទោសខ្ញុំថា៖ «សមមិត្តឯង មិនគួរនៅមានគំនិតកម្មសិទ្ធិឯកជនអញ្ចឹងទេ»។ លើសពីនេះទៀត គាត់បានគំរាមកំហែងខ្ញុំចំៗថានឹងឱ្យកងឈ្លបយកខ្ញុំទៅសម្លាប់ចោល។ ប៉ុន្តែជាសំណាងល្អ ក្រោយមកគាត់ពុំបានបញ្ជាទៅកងឈ្លបឱ្យអនុវត្តដូចអ្វីដែលគាត់បានគំរាមនោះឡើយ។

នៅក្នុងរបបនោះ ខ្មែរក្រហមបានបំបែកឪពុកម្ដាយ និងបងប្អូនរបស់ខ្ញុំទាំង ៥នាក់ ឱ្យទៅធ្វើការងារនៅតាមកងផ្សេងៗដាច់ដោយឡែកពីគ្នា ដោយមិនអនុញ្ញាតឱ្យជួបជុំគ្នាឡើយ។ ក្នុងចំណោមបងប្អូនទាំងអស់ ខ្ញុំបានបាត់បង់ប្អូនម្នាក់យ៉ាងអាណោចអាធ័ម ដោយសារតែការអត់ឃ្លានដាច់បាយ។ មុនពេលប្អូនរបស់ខ្ញុំស្លាប់ វាបានប្រាប់ខ្ញុំទាំងខ្សឹកខ្សួលថា វាចង់ហូបនំជាលណាស់ ដោយវានិយាយថា៖ «បើស្លាប់ៗក៏ស្លាប់ចុះ ឱ្យតែបានហូបនំជាល»។ កាលណោះ ខ្ញុំទាល់តម្រិះមិនដឹងជាទៅស្វែងរកនំជាលពីប្រភពណាមកឱ្យប្អូនហូបឡើយ ព្រោះសូម្បីតែបាយធម្មតាក៏ពួកយើងមិនដែលបានហូបចុកឆ្អែតម្ដងណាផង។ មួយរយៈពេលខ្លីក្រោយមក ប្អូនរបស់ខ្ញុំក៏បានស្លាប់បាត់បង់ជីវិតទៅ។ រហូតដល់របបខ្មែរក្រហមដួលរលំ ទើបខ្ញុំមានឱកាសបានវិលត្រឡប់មកជួបជុំក្រុមគ្រួសារដែលនៅសេសសល់វិញ ហើយបានរស់នៅជុំគ្នារហូតមកដល់បច្ចុប្បន្ន។

ជារៀងរាល់ពេលដែលខ្ញុំនឹកឃើញដល់បទពិសោធន៍ដ៏ជូរចត់ទាំងនេះ ខ្ញុំតែងតែមានអារម្មណ៍ក្តុកក្តួល និងសោកសៅជាពន់ពេកចំពោះអ្វីដែលបានកើតឡើងក្នុងរបបខ្មែរក្រហម។ សូម្បីតែនៅក្នុងសុបិន ក៏ខ្ញុំជួបសោកនាដកម្មជារឿយៗ ដោយយល់សប្តិឃើញប្អូនប្រុសដែលបានស្លាប់ទៅនោះ មកប្រាប់ខ្ញុំដដែលៗថាខ្លួនឃ្លាននំជាលខ្លាំងណាស់។ ខ្ញុំពិតជាចង់ឱ្យក្មេងៗ និងយុវជនជំនាន់ក្រោយ ស្វែងយល់ និងចងចាំនូវរឿងរ៉ាវដែលបានកើតឡើងក្នុងរបបខ្មែរក្រហម ហើយចង់ឱ្យពួកគាត់រៀនសូត្រពីជីវិតដ៏លំបាកតស៊ូនាពេលនោះ ដើម្បីយកមកធ្វើជាបទពិសោធន៍រឹងមាំក្នុងជីវិត។ លើសពីនេះ ព្រឹត្តិការណ៍ប្រយុទ្ធគ្នាកន្លងមក រវាងទាហានខ្មែរ និងយោធាថៃនៅតាមព្រំដែន បានជះឥទ្ធិពល និងប៉ះពាល់ដល់ផ្លូវចិត្តរបស់ខ្ញុំយ៉ាងខ្លាំង ព្រោះវាបានធ្វើឱ្យខ្ញុំមានអារម្មណ៍តក់ស្លុត និងភ័យខ្លាចខ្លាំងក្រែងកើតមានសង្គ្រាមស៊ីសាច់ហុតឈាម ដូចកាលសម័យ ប៉ុល ពត ជាថ្មីម្ដងទៀត។

សម្ភាសដោយ អាង ស្រីពៅ យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តព្រៃវែង ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅភូមិព្រៃជុំ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។

ធៀប ភេង៖ បាត់បង់សមាជិកគ្រួសារ គឺជាព្រឹត្តិការណ៍ឈឺចាប់បំផុតនៅក្នុងឆាកជីវិតខ្ញុំ ឆ្លងកាត់របបខ្មែរក្រហម

ខ្ញុំឈ្មោះ ធៀប ភេង អាយុ ៧៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសម្ដេចពាន់ ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ កាលពីមុនរបបខ្មែរក្រហម ខ្ញុំមានមុខរបរជាអ្នកត្បាញហូល ប៉ុន្តែបច្ចុប្បន្ននេះ ខ្ញុំមិនបានប្រកបរបរអ្វីឡើយដោយសារវ័យចាស់ជរា។ ប្តីខ្ញុំឈ្មោះ អែ លី អាយុ ៨៣ឆ្នាំ ក៏ពុំមានមុខរបរអ្វីដែរ។ យើងទាំងពីរមានកូនចំនួន ៧នាក់ (ប្រុស ៤នាក់ និងស្រី ៣នាក់)។
នៅក្នុងរបបខ្មែរក្រហម អង្គការបានបង្ខំឱ្យខ្ញុំធ្វើការងារហួសកម្លាំងទាំងយប់ទាំងថ្ងៃ ដោយគ្មានពេលឈប់សម្រាកទាល់តែសោះ។ ការងារទាំងនោះមានដូចជា ធាក់រហាត់ទឹក រែកទឹកស្រោចដំណាំ រែកដី និងសែងលាមកមនុស្សយកទៅធ្វើជាជីដាក់ស្រែ។ ជាថ្នូរនឹងការធ្វើការនឿយហត់ហួសប្រមាណនេះ ពួកខ្មែរក្រហមបានផ្តល់របបអាហារឱ្យខ្ញុំត្រឹមតែបបរបន្តិចបន្តួច ដែលលាយជាមួយគល់ល្ហុង និងគល់ចេកប៉ុណ្ណោះ ដើម្បីចម្អែតក្រពះ។
កាលណោះ ឪពុកម្ដាយរបស់ខ្ញុំត្រូវបានខ្មែរក្រហមបំបែកឱ្យទៅធ្វើការនៅក្នុងកងផ្សេងដាច់ដោយឡែកពីខ្ញុំ ទោះបីជាខ្ញុំនឹងគាត់ធ្វើការនៅក្នុងភូមិសម្ដេចពាន់តែមួយក៏ពិតមែន។ មួយរយៈពេលក្រោយមក ឪពុកម្ដាយរបស់ខ្ញុំបានធ្លាក់ខ្លួនឈឺធ្ងន់ រហូតពុំអាចដើរមកទទួលរបបអាហារនៅឯរោងបាយសហករណ៍បានឡើយ។ ឃើញសភាពទន់ខ្សោយរបស់ពួកគាត់បែបនេះ ខ្ញុំបានលួចឆ្លៀតពេលបន្តិចបន្តួចពីការងារ ដើម្បីទៅសួរសុខទុក្ខគាត់ និងបានយករបបអាហារពីរោងបាយទៅឱ្យពួកគាត់បានពិសារ។ ដោយសារតែទង្វើកតញ្ញូចំពោះឪពុកម្ដាយនេះ អង្គការបានចោទប្រកាន់រូបខ្ញុំថាជាខ្មាំង  និងមិនគោរពវិន័យអង្គការ។
ក្រោយមកទៀត ម្តាយរបស់ខ្ញុំបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារតែការធ្វើការងារហួសកម្លាំង និងជំងឺដំកាត់ដេកស្តូកស្តឹងដោយគ្មានថ្នាំសង្កូវព្យាបាល។ ចំណែកឯឪពុករបស់ខ្ញុំវិញ ក៏បានស្លាប់បាត់បង់ជីវិតដោយសារជំងឺគ្រុនចាញ់ ខណៈពេលដែលគេបង្ខំឱ្យគាត់ធ្វើការនៅក្នុងកងដឹកជញ្ជូន។ ដោយឡែក ប្អូនប្រុសរបស់ខ្ញុំម្នាក់ទៀតដែលជាយោធាខ្មែរក្រហម ក៏បានបាត់ខ្លួនឈឹងដោយគ្មានដំណឹងរហូតមកដល់សព្វថ្ងៃនេះ។
ការបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ គឺជាព្រឹត្តិការណ៍ និងជារឿងរ៉ាវដ៏ខ្លោចផ្សា ឈឺចាប់បំផុតនៅក្នុងឆាកជីវិតរបស់ខ្ញុំ ដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍ខ្មែរក្រហម។

សម្ភាសដោយ នីម សៀកម៉ី យុវជនស្ម័គ្រចិត្តកម្ពុជាមកពីតាកែវ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុ នៅភូមិសម្ដេចពាន់ ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥។
ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។

មាស អេង៖ ខ្ញុំនៅចងចាំសម្ដីឪពុកខ្ញុំ «កូនឯងទុកហូបខ្លួនឯងទៅ កុំឱ្យដាច់ពោះស្លាប់! ឪពុកស្លាប់ ក៏ស្លាប់ទៅចុះ»

ខ្ញុំឈ្មោះ មាស អេង អាយុ ៨០ឆ្នាំ បច្ចុប្បន្នជាស្ត្រីមេម៉ាយ រស់នៅភូមិក្ប៉ម ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ កាលពីមុនរបបខ្មែរក្រហម ខ្ញុំមានមុខរបរជាអ្នកត្បាញហូល ប៉ុន្តែបច្ចុប្បន្ននេះ ខ្ញុំប្រកបរបរជាកសិករ។ ខ្ញុំមានកូនទាំងអស់ចំនួន ១០នាក់ (ប្រុស ៦នាក់ និងស្រី ៤នាក់)។
ខ្ញុំគឺជា «ប្រជាជន ១៧ មេសា» ដែលត្រូវបានខ្មែរក្រហមបង្ខំឱ្យជម្លៀសចេញពីទីក្រុងភ្នំពេញ វិលត្រឡប់មកកាន់ស្រុកកំណើតវិញ។ កាលពីមុនសម័យខ្មែរក្រហមគ្រប់គ្រងប្រទេស ខ្ញុំមានប្តីជាទាហានក្នុងរបប លន់ នល់ ហើយពួកយើងបានមករស់នៅទីក្រុងភ្នំពេញ ដោយសារតែប្តីរបស់ខ្ញុំត្រូវបំពេញការងារនៅទីនោះ។ កាលណោះ មិនថាតែរស់នៅភ្នំពេញ ឬត្រូវផ្លាស់ប្ដូរទៅទីណាទេ ទោះបីជាត្រូវទៅធ្វើសង្គ្រាមនៅសមរភូមិមុខដ៏គ្រោះថ្នាក់ក៏ដោយ ក៏ខ្ញុំតែងតែធ្វើដំណើរទៅតាមមើលថែប្តីរបស់ខ្ញុំជានិច្ច។
បន្ទាប់ពីបានធ្វើដំណើរមកដល់ស្រុកកំណើតវិញ ទោះបីជាពួកខ្មែរក្រហមបានដឹងច្បាស់ថាខ្ញុំមានប្តីជាទាហានក្នុងរបប លន់ នល់ ក៏ដោយ ក៏ពួកវាមានការយោគយល់ខ្លះៗដល់រូបខ្ញុំដែរ ព្រោះតែប្អូនប្រុសបង្កើតរបស់ខ្ញុំចំនួន ៥នាក់ បានស្ម័គ្រចិត្តចូលបម្រើការងារជាយោធាខ្មែរក្រហម។ ការយោគយល់នេះ ទោះជាបានជួយដោះដូរមិនឱ្យគេយកខ្ញុំទៅសម្លាប់ចោលក៏ពិតមែន ប៉ុន្តែអង្គការបានដាក់កម្លាំងតាមដានខ្ញុំរាល់ថ្ងៃ ហើយពុំមានការលើកលែង ឬបន្ធូរបន្ថយក្នុងការបំពេញការងារនោះឡើយ។ ខ្ញុំនៅចាំបានយ៉ាងច្បាស់ថា អង្គការបានបង្ខំឱ្យខ្ញុំចេញទៅរែកដី និងជីកព្រែកទាំងអយុត្តិធម៌ ខណៈពេលដែលខ្ញុំទើបតែសម្រាលកូនបានរយៈពេល ១០ថ្ងៃប៉ុណ្ណោះ។ ក្រោយមក ដោយសារតែការងារមានសភាពធ្ងន់ធ្ងរពេក បូករួមនឹងគ្មានអាហារហូបចុកគ្រប់គ្រាន់ផង ខ្ញុំបានធ្លាក់ខ្លួនឈឺ ទាស់សរសៃ ស្គមស្លេកស្លាំង និងក្អកមិនឈប់ទាល់តែសោះ រហូតធ្វើឱ្យសមាជិកកងចល័តដែលធ្វើការងារជាមួយគ្នា សង្ស័យថាខ្ញុំមានផ្ទុកជំងឺរបងជាប់ខ្លួនថែមទៀត។
បន្ទាប់មកទៀត ប្តីរបស់ខ្ញុំបានបាត់ខ្លួនដោយអាថ៌កំបាំង ដោយខ្ញុំមិនបានដឹងទាល់តែសោះថាគាត់ត្រូវគេបញ្ជូនទៅទីណា ឬក៏ត្រូវអង្គការចាប់ខ្លួនយកទៅសម្លាប់ឡើយ។ ខ្ញុំមិនដឹងថាគាត់ត្រូវស្លាប់ក្នុងស្ថានភាពបែបណានោះទេ ដឹងត្រឹមតែថាគាត់បានបាត់ដំណឹងសូន្យឈឹងរហូតមក។ ចំណែកឯឪពុករបស់ខ្ញុំវិញ ក៏បានធ្លាក់ខ្លួនឈឺជាទម្ងន់ រហូតរាងកាយនៅសល់តែស្បែកដណ្ដប់ឆ្អឹង ក្នុងអំឡុងពេលដែលគេបង្ខំឱ្យគាត់ធ្វើការនៅក្នុងកងដឹកជញ្ជូនស្បៀងឱ្យអង្គការ។ ដោយសារតែការអត់ឃ្លាន និងស្គមរីងរៃខ្លាំងពេក គាត់បានក្លាយជាមនុស្សមានជំងឺស្វិតដៃជើង មិនអាចបំពេញការងារឱ្យអង្គការបានទៀតឡើយ។ ទោះជាយ៉ាងណា ខ្ញុំតែងតែលួចយករបបអាហារដ៏តិចតួចរបស់ខ្ញុំ គឺបបរកន្លះវែក ទៅចែកជូនឪពុកហូបដើម្បីឱ្យគាត់មានកម្លាំងកំហែងខ្លះ។ ជារៀងរាល់ពេលដែលខ្ញុំយកចំណែកបបររបស់ខ្ញុំទៅឱ្យគាត់ ឪពុកខ្ញុំតែងតែនិយាយវាចាដដែលៗទាំងទឹកភ្នែកថា៖ «កូនឯងទុកហូបខ្លួនឯងទៅ កុំឱ្យដាច់ពោះស្លាប់អី។ ឪពុកស្លាប់ ក៏ស្លាប់ទៅចុះ»។ ខ្ញុំនៅចងចាំសម្ដីដ៏មានអត្ថន័យរបស់ឪពុកខ្ញុំរហូតមកដល់សព្វថ្ងៃនេះ ហើយឱ្យតែនឹកឃើញដល់សម្ដី និងទឹកមុខរបស់គាត់ម្ដងៗ ខ្ញុំតែងតែស្រក់ទឹកភ្នែករលីងរលោងដោយក្តីនឹកស្រណោះរាល់ដង។
ក្រោយពេលដួលរលំសម័យខ្មែរក្រហម ខ្ញុំបានរៀបការជាមួយប្តីម្នាក់ទៀត។ គាត់ក៏ជាទាហានម្នាក់ដែរ ហើយខ្ញុំនៅតែបន្តដើរតាមគាត់គ្រប់ទីកន្លែង ដូចដែលខ្ញុំធ្លាប់បានធ្វើកាលពីរស់នៅជាមួយប្តីមុនដូច្នោះដែរ។ ប៉ុន្តែជាអកុសល ក្រោយមកគាត់ក៏បានស្លាប់បាត់បង់ជីវិត ដោយសារការវាយប្រយុទ្ធគ្នានៅសមរភូមិសង្គ្រាមទៅទៀត។
នៅពេលដែលនឹកឃើញដល់បទពិសោធន៍ដ៏ជូរចត់ និងព្រឹត្តិការណ៍ឈឺចាប់ទាំងអស់នេះ ខ្ញុំមានអារម្មណ៍ខូចចិត្ត និងសោកសៅជាពន់ពេក។ សូម្បីតែនៅក្នុងដំណេក ក៏ខ្ញុំធ្លាប់យល់សប្តិអាក្រក់ឃើញពួកខ្មែរក្រហមចាប់កូនៗរបស់ខ្ញុំយកទៅធ្វើទារុណកម្មយ៉ាងកាចសាហាវឃោរឃៅដែរ។ ទោះជាយ៉ាងនេះក្ដី ខ្ញុំពិតជាចង់ឱ្យក្មេងៗ និងយុវជនជំនាន់ក្រោយ ចងចាំពីរឿងរ៉ាវប្រវត្តិសាស្ត្រដែលបានកើតឡើងកាលពីជំនាន់ខ្មែរក្រហមនេះឱ្យបានច្បាស់លាស់ ព្រោះវាជាមេរៀនមួយចង់ឱ្យក្មេងៗយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្រពិតរបស់កម្ពុជា ដើម្បីរួមគ្នាការពារកុំឱ្យសោកនាដកម្មបែបនេះកើតឡើងជាថ្មីម្ដងទៀត។

សម្ភាសដោយ នីម សៀកម៉ី យុវជនស្ម័គ្រចិត្តកម្ពុជាមកពីតាកែវ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅភូមិក្ប៉ម ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។

គឹម ជន៖ ពីជាងម៉ាស៊ីនបូមទឹកក្នុងរបបខ្មែរក្រហម មកជាយោធាខ្មែរក្រហមនៅក្រោយឆ្នាំ ១៩៧៩

ខ្ញុំឈ្មោះ គឹម ជន អាយុ ៧០ឆ្នាំ រស់នៅភូមិឫស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ មានមុខរបរជាកសិករ។ ភរិយារបស់ខ្ញុំឈ្មោះ ឈឹម នឿន អាយុ ៦៩ឆ្នាំ ជាមេផ្ទះ។ យើងមានកូនស្រីចំនួន ៣នាក់ ដែលបច្ចុប្បន្នពួកគាត់មានមុខរបរជាកសិករដូចគ្នា។
កាលពីក្នុងរបប លន់ នល់ ខ្ញុំគឺជាទាហានម្នាក់។ លុះដល់សម័យខ្មែរក្រហម អង្គការបានចាត់តាំងខ្ញុំឱ្យធ្វើជាជាងម៉ាស៊ីនបូមទឹក និងមានភារកិច្ចរៀបចំតំឡើងម៉ាស៊ីនបូមទឹកនៅតាមស្រែ។ ការបំពេញការងាររបស់ខ្ញុំគឺមិនទៀងទាត់ពេលវេលាឡើយ ជួនកាលខ្ញុំត្រូវធ្វើការចាប់ពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ៥ល្ងាច ទើបបានឈប់សម្រាក ហើយជួនកាលទៀត ខ្ញុំត្រូវបង្ខំឱ្យធ្វើការទាំងយប់អធ្រាត្រ។ ក្រៅពីការងារស្នូលនេះ មានពេលខ្លះអង្គការបានប្រើខ្ញុំឱ្យទៅប្រលេះគ្រាប់ពោតសម្រាប់ទុកធ្វើស្បៀងអាហារបន្ថែមទៀត។ ទោះជាយ៉ាងណា ដោយសារតែខ្ញុំជាជាងជួសជុលម៉ាស៊ីនបូមទឹក របបអាហាររបស់ខ្ញុំគឺមានលក្ខណៈប្រសើរជាងប្រជាជនដែលធ្វើការនៅក្នុងកងចល័ត ដោយខ្ញុំទទួលបានរបបអាហារហូបចុកចំនួនបីពេលក្នុងមួយថ្ងៃ។
ក្រោយមក (មិនចាំឆ្នាំច្បាស់លាស់) អង្គការបានជម្លៀសរូបខ្ញុំពីខេត្តតាកែវឱ្យទៅកាន់ខេត្តបាត់ដំបង។ នៅពេលទៅដល់ទីនោះ ខ្មែរក្រហមនៅតែចាត់តាំងខ្ញុំឱ្យធ្វើជាជាងម៉ាស៊ីនបូមទឹកដដែល។ ខ្ញុំបានបំពេញកិច្ចការងារនេះរហូតដល់កងទ័ពវៀតណាមវាយលុកចូលមកដល់នៅដើមឆ្នាំ១៩៧៩។
កាលណោះ តាម៉ុក ដែលជាប្រធានភូមិភាគនិរតី បានបញ្ជាឱ្យអង្គភាពជាងជួសជុលម៉ាស៊ីនទាំងអស់ ធ្វើដំណើរទៅកាន់ខេត្តពោធិ៍សាត់ ដើម្បីចូលរួមធ្វើជាកងទ័ពឈរជើងច្បាំងជាមួយកងទ័ពវៀតណាម។ ខ្ញុំក៏បានចូលធ្វើយោធានឹងគេដែរ ប៉ុន្តែយោធាខ្មែរក្រហមដូចជាពួកខ្ញុំ តែងតែចាញ់សង្គ្រាមនៅគ្រប់សមរភូមិ ដោយសារតែពួកយើងមិនធ្លាប់បានរៀនសូត្រពីក្បួនយុទ្ធសាស្ត្រប្រយុទ្ធអ្វីទាល់តែសោះ។ ឃើញស្ថានការណ៍មិនស្រួល តាម៉ុក ក៏បានប្រមូលយោធាទាំងអស់ឱ្យដកថយរត់ចូលទៅក្នុងព្រៃវិញ ដើម្បីទទួលការហ្វឹកហ្វឺនបន្ថែម។
បន្ទាប់ពីទទួលបានការហ្វឹកហ្វឺនរួចរាល់ ពួកយើងបានចូលទៅកាន់សមរភូមិម្ដងទៀត ដើម្បីវាយប្រយុទ្ធជាមួយកងទ័ពវៀតណាម និងកងទ័ពកម្ពុជា (រណសិរ្សសាមគ្គីសង្គ្រោះជាតិ) ប៉ុន្តែការវាយប្រយុទ្ធលើកនេះ នៅតែទទួលបរាជ័យដដែល។ ក្រោយមក តាម៉ុក ក៏បានសម្រេចចិត្តបំបែកកម្លាំង ដោយអនុញ្ញាតឱ្យយោធាណាដែលមានប្រភព និងមានគ្រួសារ (ប្រពន្ធ) រំសាយកងទ័ពត្រឡប់ទៅស្រុកកំណើតវិញ ទើបដោះស្រាយឱ្យរូបខ្ញុំបានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅស្រុកកំណើតវិញរហូតមកដល់សព្វថ្ងៃ។

សម្ភាសដោយ សុន សុខហេង យុវជនស្ម័គ្រចិត្តកម្ពុជាមកពីតាកែវ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅភូមិឫស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។

https://photos.app.goo.gl/NutPdWsSQpuxrThh8