មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ បានបង្កើតកម្មវិធីទស្សនកិច្ច ស្តីពី «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដើម្បីលើកកម្ពស់ការយល់ដឹងអំពីប្រវត្ដិសាស្រ្ដ ការកសាងសន្ដិភាព និងការផ្សះផ្សា ដល់យុវនារីចំនួន៥នាក់នៅក្នុងស្រុកអន្លង់វែង ដែលជាកូនចៅរបស់អ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម។
វេទិកានេះ ផ្ដោតសំខាន់ទៅលើប្រធានបទសំខាន់ៗចំនួនពីរ គឺទីមួយ៖ ជនភៀសខ្លួនកម្ពុជានៅមុនឆ្នាំ១៩៩៨ និងទីពីរ៖ ទិដ្ឋភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងតំបន់អន្លង់វែង (ការរៀបអាពាហ៍ពិពាហ៍ ,ទំនាក់ទំនងរបស់រវាង ឈិត ជឿន ហៅតាម៉ុក មេទ័ពនៅតំបន់អន្លង់វែងជាមួយប្រជាជនអន្លង់វែង និងការធ្វើសមាហរណកម្មនៅតំបន់អន្លង់វែងក្នុងឆ្នាំ១៩៩៨) តាមរយៈការទស្សនាពិព័រណ៍រូបថតនៅសារមន្ទីរអតីតផ្ទះតាម៉ុក ក្នុងស្រុកអន្លង់វែង។
សារមន្ទីរអតីតផ្ទះតាម៉ុក គឺត្រូវបានបង្កើតឡើងដំឡូងនៅចន្លោះឆ្នាំ១៩៩៣ ដល់១៩៩៦ ដែលរួមមានផ្ទះចំនួន៤ខ្នងដាច់ដោយឡែកពីគ្នា។ ផ្ទះទីមួយ គឺជាចំណតឡានរបស់តាម៉ុក, ផ្ទះទីពីរ គឺជាផ្ទះប្រជុំ និងស្នាក់នៅរបស់តាម៉ុក, ផ្ទះទីបី គឺជាផ្ទះទទួលភ្ញៀវរបស់តាម៉ុកមកពីទីជិតឆ្ងាយ និងផ្ទះទីបួន គឺជាផ្ទះ ស្នាក់នៅរបស់ចុងភៅតាម៉ុក។ នៅក្នុងផ្ទះទីបី គឺជាកន្លែងដែលយុវនារីទៅទស្សនាពិព័រណ៍ និងរៀនសូត្រអំពីរឿងរ៉ាវប្រវត្ដិសាស្រ្ដក្នុងថ្ងៃនេះ។ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងបានសហការរៀបចំជាមួយមន្ទីរទេសចរណ៍ខេត្ដឧត្ដរមានជ័យ រូបថតចំនួន១០០សន្លឹក ដើម្បីការចងចាំ និងយុត្ដិធម៌ កាលពីចុងឆ្នាំ២០១៧។ ពិព័រណ៍រូបថតចំនួន១០០សន្លឹកបានបង្ហាញពីចលនាតស៊ូរបស់ខ្មែរក្រហមពីឆ្នាំ១៩៧៣ ដល់១៩៧៩ និងពីឆ្នាំ១៩៧៩ ដល់១៩៩៨ នៅពេលទំព័រប្រវត្ដិសាស្រ្ដដ៏សោកនាដកម្ម និងភ្នក់ភ្លើងសង្គ្រាមស៊ីវិលនៅកម្ពុជាត្រូវបានបិទបញ្ចប់។
យុវនារី បានទស្សនា និងស្ដាប់ការធ្វើបទបង្ហាញដោយក្រុមការងារមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង។ យុវជននារីបានធ្វើការសិក្សាស្វែងយល់ពីប្រវត្ដិសាស្រ្ដនៃជនភៀសខ្លួនកម្ពុជា តាមរយៈរូបថតមួយចំនួនក្នុងចំណោមនោះ ដែលឃើញមានទិដ្ឋភាពនៃការបោះជំរំ ការធ្វើដំណើរដោយថ្មើរជើង និងប្រកបទៅដោយទឹកមុខស្លេកស្លាំង ស្គមស្គាំង និងបាត់បង់ជីវិតដោយសារជំងឺ និងខ្វះអាហារ។ ចន្លោះឆ្នាំ ១៩៧៩ ដល់ ១៩៩៨ ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ គឺជាជម្រករបស់ជនស៊ីវិលរត់គេដោយសារសង្គ្រាមរាប់សែននាក់ ដោយរាប់ចាប់ពីជំរំខាវអ៊ីដាង រហូតដល់ជំរំសាយធូ។ ជីវិតប្រចាំថ្ងៃរបស់ប្រជាជន គឺពោរពេញដោយការគំរាមកំហែងដោយភ្លើងសង្គ្រាម គ្រាប់មីន និងការត្រៀមលក្ខណៈក្នុងការផ្លាស់ប្តូរទីលំនៅជាញឹកញាប់ពីវាយប្រហារដែលកើតមានឡើង។ នៅក្នុងជំរំជនភៀសខ្លួន ប្រជាជនកម្ពុជាត្រូវប្រឈមមុខនឹងលក្ខខណ្ឌរស់នៅដ៏លំបាកលំបិន កង្វះស្បៀងអាហារ ទឹកស្អាត ជម្រកស្នាក់នៅបណ្តោះអាសន្នធ្វើពីស្លឹកឈើ តង់កៅស៊ូ និងការរីករាលដាលនៃជំងឺរាតត្បាត ឬជំងឺដង្កាត់ផ្សេងៗ ជាពិសេសគឺជំងឺគ្រុនចាញ់។ មួយវិញទៀត កុមារតូចៗប្រឈមនឹងការខ្វះអាហារូបត្ថម្ភ និងការព្រាត់ប្រាស់គ្រួសារ ដោយសារមានការផ្លាស់ប្ដូរញឹកញាប់ពេក។ ទន្ទឹមគ្នានោះ ការជួយជ្រោមជ្រែងពីអង្គការមនុស្សធម៌អន្តរជាតិ គឺជាក្ដីសង្ឃឹមនៃការរស់រានមានជីវិត និងការវិលត្រឡប់មកមាតុភូមិវិញ។ ទោះជាយ៉ាងណា រឿងរ៉ាវប្រវត្ដិសាស្រ្ដនេះ គឺបានផ្សាភ្ជាប់ប្រវត្ដិសាស្រ្ដនឹងស្ថានភាពព្រំដែនបច្ចុប្បន្ន ជាពិសេសជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ ដែលអាចឲ្យយុវនារីយល់ដឹងកាលតែច្បាស់ពីស្ថានភាពការភៀសខ្លួន ដើម្បីសុវត្ថិភាព។ បញ្ហានេះ គឺបានជជែកវែកក្នុងចំណោមសិស្ស និស្សិត និងអ្នកសិក្សាស្រាវជ្រាវទាំងក្នុង និងក្រៅតំបន់ដែរ។ សោកនាដកម្មនៃការបែកបាក់ និងការរស់រានមានជីវិតពីសង្គ្រាម គឺជាមេរៀនក្នុងការកសាងសន្តិភាពដ៏មានភាពរឹងមាំសម្រាប់យុវជនជំនាន់ក្រោយក្នុងការទប់ស្កាត់មិនឲ្យរបបខ្មែរក្រហមវិលត្រឡប់មកវិញជាថ្មីម្ដងទៀត។
ចំពោះជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនអន្លង់វែង គឺបង្ហាញអំពីការផ្សាភ្ជាប់ទំនាក់ទំនងគ្នារវាង យុវជនជំនាន់ក្រោយ នឹងបទពិសោធន៍ជីវិតរបស់អ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម។ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ តំបន់អន្លង់វែង គឺជាមូលដ្ឋានតស៊ូចុងក្រោយរបស់ចលនាខ្មែរក្រហម ដែលគ្រប់គ្រងដោយ ឈិត ជឿន ហៅតាម៉ុក។ តំបន់នេះ មានរចនាសម្ព័ន្ធគ្រប់គ្រងបែបយោធាដ៏តឹងរ៉ឹង និងសមូហភាព។ ប៉ុន្ដែ ការបើកទូលាយឲ្យមានភាពម្ចាស់ការលើស្បៀងអាហារ និងការប្រណិប័តប្រពៃណីទំនៀមទម្លាប់ ឡើងវិញ ដូចជា ការកាប់ឆ្ការព្រៃជាលក្ខណៈគ្រួសារនីមួយៗ និងការរៀបអាពាហ៍ពិពាហ៍។ រូបថតមួយសន្លឹកបានបង្ហាញពីការរៀបអាពិពាហ៍ពិពាហ៍នៅក្នុងតំបន់អន្លង់វែងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០។ ការរៀបអាពាហ៍ពិពាហ៍ត្រូវឆ្លងកាត់ការអនុញ្ញាត និងការរៀបចំពីប្រធានអង្គភាពកងទ័ពខ្មែរក្រហម ដែលតំណាងឲ្យឪពុកម្ដាយរបស់យោធាខ្មែរក្រហម និងប្រជាជនគ្រប់រូប។ ពិធីនេះ ត្រូវបានរៀបចំឡើងយ៉ាងសាមញ្ញបំផុត ដោយមិនមានសម្លៀកបំពាក់ប្រពៃណីទាន់សម័យ និងការចូលរួមពីភ្ញៀវកិត្តិយសដែលជាយុទ្ធជនរួមអាវុធ និងការបរិភោគអាហារសាមគ្គីបន្ដិចបន្ដួច។
ស្ថានភាពរស់នៅ និងទំនៀមទម្លាប់ទាំងនេះបានប្រែប្រួលទាំងស្រុងនៅឆ្នាំ ១៩៩៨ នៅពេលដែលកម្លាំងខ្មែរក្រហមចុងក្រោយនៅអន្លង់វែងបានធ្វើសមាហរណកម្មចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ ជាពិសេសការធ្វើមាតុភូមិនិវត្ដន៍របស់ជនភៀសខ្លួនកម្ពុជាប្រមាណ៣៦ម៉ឺននាក់ ដើម្បីចូលរួមការបោះឆ្នោតជាតិឆ្នាំ ១៩៩៣។ ទិដ្ឋភាពជនភៀសខ្លួនកម្ពុជានៅចន្លោះឆ្នាំ ១៩៧៩-១៩៩៨ គឺជាវិបត្តិមនុស្សធម៌ដ៏ធំបំផុតមួយក្នុងតំបន់។
ជាចុងក្រោយ ក្រុមយុវនារីបានបង្ហាញចំណាប់អារម្មណ៍ដោយឡែកពីគ្នាថា៖
យន់ យឿត ភេទស្រី អាយុ១៤ឆ្នាំ យល់ឃើញថា៖ «ខ្ញុំដឹងកាន់តែច្បាស់ជាងមុនអំពីប្រវត្ដិសាស្រ្ដខ្មែរក្រហម ជាពិសេសការលំបាកដែលកើតមានលើកុមារដែលមិនទាន់ដឹងអ្វី។ ខ្ញុំអាចនិយាយបានថា ខ្ញុំយល់ដឹងបានកម្រិតមធ្យម»។
ថន វាសនា ភេទស្រី អាយុ១៤ឆ្នាំ យល់ឃើញថា៖ «ផ្ទះតាម៉ុកពិតជាអស្ចារ្យសម្រាប់ប្រទេសកម្ពុជា។ ខ្ញុំរីករាយនឹងការទស្សនា និងបានស្ដាប់ពីការធ្វើបទបង្ហាញអំពីប្រវត្ដិសាស្រ្ដ និងរូបថតរបស់តាម៉ុក ដោយសារខ្ញុំមិនធ្លាប់បានដឹងរឿងរ៉ាវទាំងអស់នេះពីមុនមកទេ»។
នូ ដានី ភេទស្រី អាយុ១៤ឆ្នាំ យល់ឃើញថា៖ «ខ្ញុំយល់ពីរឿងរ៉ាវមួយចំនួនរបស់តាម៉ុក។ ចំណែកឯទិដ្ឋភាពនៃសម័យខ្មែរក្រហម ខ្ញុំយល់ថា មានការលំបាក ការធ្វើពលកម្ម និងទារុណកម្មលើប្រជាជនយ៉ាងសាហាវឃោរឃៅ។ ខ្ញុំគិតថា ការរៀនសូត្រពីប្រវត្ដិសាស្រ្ដខ្មែរក្រហម គឺពិតជាល្អ ពីព្រោះធ្វើឲ្យយើងយល់ពីការឈឺចាប់របស់ប្រជាជន និងការគ្រប់គ្រងប្រទេសជាតិ។ សម្រាប់ខ្ញុំ ដើម្បីកុំឲ្យរបស់របបខ្មែរក្រហមវិលត្រឡប់មកវិញសាជាថ្មី ខ្ញុំត្រូវសិក្សារៀនសូត្រ និងលើកស្ទួយក្នុងការថែរក្សាវប្បធម៌ សាសនា ជាតិ»។
បៀន ស្រីតី ភេទស្រី អាយុ១៤ឆ្នាំ៖ «ខ្ញុំយល់ថារបបខ្មែរក្រហម គឺមានលំបាកជាងសម័យបច្ចុប្បន្ន។ ជាពិសេស ជួបប្រទះនូវការលំបាករកអាហារហូបចុក និងមានការមិនមានសិទ្ធិសេរីភាពដើរហើរដូចបច្ចុប្បន្ននេះ។ នៅសម័យខ្មែរក្រហមមានការលំបាកណាស់ ដែលខុសគ្នាដាច់ស្រឡះពីសម័យបច្ចុប្បន្ន។ ឪពុកម្ដាយ និងយាយតារបស់ខ្ញុំមិនធ្លាប់ដំណាលប្រាប់រឿងរ៉ាវនាសម័យខ្មែរក្រហមមកកាន់ខ្ញុំទេ ហើយការយល់ដឹងប្រវត្ដិសាស្ដ្រខ្មែរក្រហមមកកាន់សារមន្ទីរតាម៉ុក គឺជាលើកទីមួយរបស់ខ្ញុំ»។
ញាញ់ ស្រីណុច ភេទស្រី អាយុ១៣ឆ្នាំ យល់ឃើញថា៖ «សម័យខ្មែរក្រហមលំបាកជាងសម័យបច្ចុប្បន្ន ទាំងការរស់នៅ ការស្លៀកពាក់ និងការហូបចុក។ នៅក្នុងជំនាន់របស់ខ្ញុំ មានលុយចាយ មានម៉ូតូជិះ និងមានកន្លែងរស់នៅងាយស្រួល។ ខ្ញុំគិតថា រឿងរ៉ាវប្រវត្ដិសាស្រ្ដខ្មែរក្រហមមានការទាក់ទងគ្នានឹងពេលបច្ចុប្បន្ន ដោយសារមានអ្នករស់រានមានជីវិតពីសម័យនោះ គឺជាសាច់ញាតិរបស់ខ្ញុំ។ ប្រវត្ដិសាស្រ្ដខ្មែរក្រហមពិតជាមានសារសំខាន់ ដើម្បីអប់រំកូនចៅជំនាន់ក្រោយ និងបង្រៀនយុវជននារីទាំងអស់។ ខ្ញុំមិនចង់ឲ្យប្រវត្ដិសាស្ដ្រខ្មែរក្រហមវិលត្រឡប់មកក្នុងសង្គមជាតិយើងសាជាថ្មីទេ ដោយសារមានការលំបាកខ្លាំង»។
https://photos.app.goo.gl/kpkkcMVJwV13jq5s8