Home / Post

Prey Veng Documentation Center: Promoting Democracy & Good Governance through Youth Leadership in Volunteer Civil Action: Khmer Rouge Survivor’s Unforgettable Life Story (Part 6)

[សប្តាហ៍ទី៦ ខែមីនា ឆ្នាំ២០២៦]
អត្ថបទខាងក្រោម ជាសំណេររបស់យុវជនស្ម័គ្រចិត្តកម្ពុជា បន្ទាប់ពីអ្នកទាំងនោះបានជួបសម្ភាស និងសំណេះសំណាលជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលស្ថិតនៅក្នុងភូមិឃុំរបស់ខ្លួនរួច ហើយត្រូវបានកែសម្រួលអក្ខរាវិរុទ្ធ និងឃ្លោងឃ្លាដោយ ដារ៉ារដ្ឋ មេត្តា, ថុន ស្រីពេជ្រ, ជីម សុខគា និង ធឹប ស្រីនិច្ច។ ស្នាដៃទាំងនេះ គឺជាលទ្ធផលសកម្មភាពមួយនៃគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម»។

អត្ថបទខ្លីៗទាំំងនេះ ពុំមែនជាអត្ថបទដែលរៀបរាប់គ្រប់ជ្រុងជ្រោយពីជីវប្រវត្តិ និងបទពិសោធន៍ពេញលេញរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឡើយ ប៉ុន្តែវាគ្រាន់តែជាអត្ថបទរៀបរាប់ដោយសង្ខេបពី «រឿងរ៉ាវជីវិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលចងចាំជាងគេ និងមិនអាចបំភ្លេចបានក្នុងឆាកជីវិតរបស់គាត់»។

អត្ថបទទាំងនេះ ត្រូវបានផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់មជ្ឈមណ្ឌលឯកសារកម្ពុជា មានឈ្មោះជាភាសាអង់គ្លេស Genocide Education in cambodia ជារៀងរាល់ថ្ងៃនៅលើទំព័រហ្វេសប៊ុក គេហទំព័រ និងបណ្តាញព័ត៌មានរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដូចជាទស្សនាវដ្តីស្វែងរកការពិត​ និងសារព័ត៌មាន ឌីញូ។

WEEK 6 – MARCH 2026
The following texts were written by Cambodian youth volunteers after they interviewed and interacted with Khmer Rouge survivors living in their local villages and communes. The writings were edited for spelling and phrasing by Dararath Metta, Thon Sreypich, Jim Sokchea, and Thib Sreynich. These works are the result of an activity under the project on “Promoting Democracy and Good Governance through Youth Volunteer Leadership in Social Activities”.

These short pieces of writing do not provide a comprehensive biography or a full account of the survivors’ experiences under the Khmer Rouge regime. Instead, they are brief narratives of the “stories from the lives of Khmer Rouge survivors that they remember most vividly and can never forget.”

These articles are published daily via the Documentation Center of Cambodia’s (DC-Cam) Facebook page, titled “Genocide Education in Cambodia,” as well as on its website and other media outlets, including Searching for the Truth magazine and The D-news.

ផុក ផល៖ កងកុមារដែលត្រូវធ្វើការហួសកម្លាំងមិនខុសពីមនុស្សធំ

ខ្ញុំឈ្មោះ ផុក ផល បច្ចុប្បន្នមានអាយុ ៦៣ ឆ្នាំ រស់នៅភូមិគ្រាំងគរ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានភរិយាឈ្មោះ ពៅ ផល្លី អាយុ ៦៥ ឆ្នាំ និងមានកូនស្រីចំនួន ៥ នាក់។ សព្វថ្ងៃ គ្រួសារខ្ញុំប្រកបរបរជាកសិករ។
កាលពីសម័យខ្មែរក្រហម ខ្ញុំស្ថិតក្នុងវ័យកុមារនៅឡើយ ប៉ុន្តែត្រូវបានអង្គការចាត់តាំងឱ្យចូលក្នុងកងកុមារ។ រឿងរ៉ាវដែលខ្ញុំចងចាំបំផុតមិនអាចបំភ្លេចបាន គឺការបង្ខំឱ្យធ្វើការធ្ងន់ធ្ងរហួសពីកម្លាំងកុមារ។ អង្គការបានប្រើខ្ញុំឱ្យបររទេះគោទៅដឹកភក់នៅអូររំដួល ក្នុងស្រុកត្រាំកក់ ដោយកំណត់ឱ្យដឹកឱ្យបាន ៥០ រទេះក្នុងមួយថ្ងៃ គឺព្រឹក ២៥ រទេះ និងរសៀល ២៥ រទេះ។ ខ្ញុំត្រូវកើប និងលើកភក់ដាក់រទេះដោយខ្លួនឯងម្នាក់ឯង គ្មានអ្នកជួយឡើយ។ ប្រសិនបើដឹកមិនគ្រប់ចំនួនទេ ខ្ញុំនឹងត្រូវអង្គការហៅទៅស្ដីបន្ទោស ឬចោទថាជាមនុស្សខ្ជិលច្រអូស។
ការងារដែលខ្ញុំធ្វើ គឺមិនសមស្របនឹងរបបអាហារដែលអង្គការបានផ្ដល់ឱ្យទាល់តែសោះ។ ក្នុងមួយថ្ងៃ ខ្ញុំត្រូវធ្វើការ ១២ ម៉ោងពេញ ចាប់ពីព្រឹកព្រលឹម រហូតដល់ម៉ោង ១១ កន្លះ ទើបបានសម្រាកហូបបាយ ហើយដល់ម៉ោង ១ រសៀល ត្រូវបន្តការងាររហូតដល់ម៉ោង ៦ ល្ងាច។ របបអាហាររបស់ខ្ញុំ មានតែបាយមួយចានតូច និងហូបបានតែ ២ ពេលប៉ុណ្ណោះ ហើយពេលខ្លះមានត្រឹមតែដំឡូងមី ឬដំឡូងជ្វាសម្រាប់ហូបតែប៉ុណ្នោះ។ ទោះបីជាឃ្លានយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនហ៊ានលួចបេះផលដំណាំដែលខ្ញុំបានដាំយកមកហូបឡើយ ព្រោះខ្លាចត្រូវអង្គការយកទៅសម្លាប់។

ក្រៅពីការងារដឹកភក់ ខ្ញុំត្រូវអង្គការប្រើឱ្យទៅជីកប្រឡាយនៅភូមិកល់គម និងរើសលាមកគោឱ្យបាន ២៥០ គីឡូក្រាមក្នុងមួយថ្ងៃ។ ដើម្បីឱ្យគ្រប់ចំនួនដែលអង្គការកំណត់ កុំឱ្យអង្គការបង្អត់បាយ ខ្ញុំជួនកាលត្រូវលួចកាប់ដីដំបូកដាក់លាយឡំជាមួយលាមកគោទាំងនោះ។
រាល់ពេលនឹកឃើញដល់បទពិសោធន៍ដ៏ជូរចត់ទាំងនេះ ខ្ញុំតែងតែមានអារម្មណ៍ភ័យខ្លាច និងសោកសៅជាពន់ពេក។ ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយបានដឹង និងចងចាំពីប្រវត្តិសាស្ត្រខ្មែរក្រហមនេះឱ្យបានច្រើន ដើម្បីកុំឱ្យរឿងបែបនេះកើតឡើងវិញ។

សង្ខេបដោយ ជីម ស្រីភួង យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តតាកែវ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ ធ្វើសម្ភាសនៅភូមិគ្រាំងគរ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។

*ម្ចាស់អត្ថបទសុំមិនឱ្យប្រើប្រាស់រូបរបស់គាត់
អិន ហ៊ុន៖ ការឈឺចាប់ដែលមិនអាចបំភ្លេចបាន
ចំពោះការបាត់បង់ស្វាមី និងបងប្អូនក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ អិន ហ៊ុន អាយុ៧៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិជើងទឹក «ក» សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ ខ្ញុំគឺជាស្រ្តីមេម៉ាយ និងមានមុខរបរជាកសិករ។ កាលពីសម័យសាធារណរដ្ឋខ្មែរ ខ្ញុំគឺជាកសិករម្នាក់ ប៉ុន្តែនៅពេលរបបខ្មែរក្រហមឈានជើងចូលមកដល់ ខ្ញុំត្រូវបានគេបង្ខំឱ្យធ្វើការធ្ងន់ៗដូចជា លើកទំនប់ និងជីកប្រឡាយ។ ស្វាមីរបស់ខ្ញុំឈ្មោះ ពែក គឹមសេង គឺជាអតីតពេទ្យទាហាន។ គាត់ត្រូវបានខ្មែរក្រហមជម្លៀសចេញពីទីក្រុងភ្នំពេញ ហើយត្រូវពួកវាសម្លាប់ចោលក្នុងអាយុទើបតែ៣១ឆ្នាំ ប៉ុណ្ណោះ បន្ទាប់ពីការជម្លៀសបានត្រឹមតែមួយខែ។ បច្ចុប្បន្ន ខ្ញុំមានកូនចំនួន ២ នាក់ (ប្រុសម្នាក់ ស្រីម្នាក់) ដែលពួកគេកំពុងប្រកបរបរជាកសិករ។
រឿងរ៉ាវដែលដក់ជាប់ក្នុងចិត្តខ្ញុំបំផុតគឺការបាត់បង់ស្វាមីជាទីស្រឡាញ់ បងប្អូនបង្កើតពីនាក់ និងសាច់ញាតិម្នាក់ ក្រោមទារុណកម្មរបស់ខ្មែរក្រហម។ ខ្លួនខ្ញុំផ្ទាល់ក៏ស្ទើរតែបាត់បង់ជីវិតដែរ ដោយសារជាប់ពាក់ព័ន្ធនឹងប្រវត្តិស្វាមីដែលជាទាហានសម័យ លន់ នល់។ កាលនោះ ខ្ញុំរស់នៅទាំងវេទនា ខ្មែរក្រហមតែងតែតាមចាប់កំហុសដើម្បីយកទៅសម្លាប់។ គេបង្ខំឱ្យខ្ញុំធ្វើការជាទម្ងន់ មានកាប់ដី រែកដី និងជីកប្រឡាយ តាំងពីព្រលឹមរហូតដល់ម៉ោង ១ រសៀល ទើបអនុញ្ញាតឱ្យសម្រាកហូបបបរមួយភ្លែត។ ក្នុងមួយសប្តាហ៍ ពួកយើងទទួលបានបាយហូបតែម្តងគត់។
ក្នុងរបបដ៏ឃោរឃៅនោះ សមាជិកគ្រួសារ និងសាច់ញាតិរបស់ខ្ញុំចំនួន ៤ នាក់ ត្រូវខ្មែរក្រហមសម្លាប់ចោលយ៉ាងព្រៃផ្សៃ។ ស្វាមីខ្ញុំ ពែក គឹមសេង (អាយុ៣១ឆ្នាំ) ត្រូវបានសម្លាប់ភ្លាមៗក្រោយខ្មែរក្រហមឡើងកាន់អំណាច។ បងប្រុសខ្ញុំឈ្មោះ អិន ឆុន អាយុ៥៤ឆ្នាំ, អិន សុខុន អាយុ៣៦ឆ្នាំ និងសាច់ញាតិខ្ញុំម្នាក់ទៀតឈ្មោះ តាក់ គឹមសេង អាយុ២៧ឆ្នាំ ត្រូវខ្មែរក្រហមជម្លៀសទៅតំបន់ «ដីខ្លាញ់» ហើយត្រូវបានគេវាយសម្លាប់នៅទីនោះ។
មកដល់សព្វថ្ងៃ ខ្ញុំនៅតែមានចិត្តខឹង និងឈឺចាប់ចំពោះរបបខ្មែរក្រហមដែលបានធ្វើឱ្យខ្ញុំព្រាត់ប្រាស់គ្រួសារតាំងពីឆ្នាំ១៩៧៨មក។ ពេលខ្លះខ្ញុំនៅតែយល់សប្តិអាក្រក់ឃើញកម្មាភិបាលខ្មែរក្រហមមកស្ដីបន្ទោស និងគំរាមកំហែង។ ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយចងចាំប្រវត្តិសាស្ត្រនេះ ដើម្បីឱ្យពួកគេដឹងថា សម័យនោះមានតែការកាប់សម្លាប់ និងការលំបាកតោកយ៉ាក។ ខ្ញុំប្រាថ្នាចង់ឃើញយុវជនខិតខំរៀនសូត្រ ដើម្បីកសាងប្រទេសជាតិឱ្យមានសេចក្តីសុខសន្តិភាព និងសម្បូរសប្បាយ។
ទោះបីជាបច្ចុប្បន្ន ខ្ញុំមានត្រឹមតែក្មួយៗដែលបម្រើក្នុងជួរកងទ័ព ប៉ុន្តែខ្ញុំតែងតែតាមដានព័ត៌មានតាមទូរសព្ទ។ ខ្ញុំមានអារម្មណ៍តូចចិត្ត និងខឹងសម្បារយ៉ាងខ្លាំងចំពោះការឈ្លានពានរបស់យោធាថៃនៅតាមព្រំដែន កាលពីថ្ងៃទី ២៤ ដល់ ២៨ ខែកក្កដា ឆ្នាំ ២០២៥។ ក្នុងនាមជាពលរដ្ឋម្នាក់ ខ្ញុំពិតជាអាណិតដល់ប្រជាជនរស់នៅតាមព្រំដែន និងកងទ័ពជួរមុខដែលហ៊ានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារទឹកដីកម្ពុជា។
សរសេរដោយ ឈួនសាន់ ដាវ៉ាន់ យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តព្រៃវែង ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅរស់ភូមិជើងទឹក«ក» សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ សម្ភាសនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ។

ចក់ ផានី ៖ អង្គការប្រើខ្ញុំឱ្យធ្វើការងារគ្រប់មុខតាមការចាត់តាំងរបស់អង្គការ

ខ្ញុំឈ្មោះ ចក់ ផានី អាយុ ៦៥ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិពោធិ៍តាមុំ ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។ ខ្ញុំមានសុខភាពល្អ មិនមានពិការភាពអ្វីឡើយ។ គ្រួសាររបស់ខ្ញុំរស់នៅជុំគ្នា។ ប្តីរបស់ខ្ញុំឈ្មោះ ជឿន ព្រៅ អាយុ ៦៤ ឆ្នាំ។ ពួកយើងមានកូនចំនួន ៥ នាក់ (ប្រុស ៤ នាក់ និងស្រីម្នាក់) ដែលសុទ្ធសឹងតែជាកសិករ។ សព្វថ្ងៃ គ្រួសារខ្ញុំដាំដំណាំ ធ្វើស្រែចម្ការ និងចិញ្ចឹមសត្វដើម្បីចិញ្ចឹមជីវិត។
កាលពីមុនរបបខ្មែរក្រហម ខ្ញុំជាក្មេងស្រីម្នាក់ដែលរស់នៅក្រោមការថែទាំរបស់ឪពុកម្តាយ។ ប៉ុន្តែអ្វីៗបានប្រែប្រួលទាំងស្រុងនៅឆ្នាំ១៩៧៥ បន្ទាប់ពីក្រុងភ្នំពេញត្រូវជម្លៀស។ ខ្ញុំនៅចាំបានថា ខ្មែរក្រហមបានប្រមូលមនុស្សជាច្រើនមកដាក់ក្នុងភូមិដែលខ្ញុំរស់នៅ ប៉ុន្តែមិនយូរប៉ុន្មាន អ្នកទាំងនោះក៏បាត់ដានសូន្យឈឹង។ រហូតដល់ឆ្នាំ១៩៧៨ ទើបខ្ញុំដឹងថា ពួកគេប្រហែលជាត្រូវអង្គការនាំយកទៅសម្លាប់នៅវាលកំពង់អែវ ឬទំនប់តាស៊ុន។
នៅឆ្នាំ១៩៧៦ ក្នុងវ័យទើបតែ ១៦ ឆ្នាំ ខ្ញុំត្រូវអង្គការចាត់តាំងឱ្យធ្វើការធ្ងន់ៗគ្រប់មុខ មិនថាជីកប្រឡាយ លើកទំនប់ ឬជីកអាងទឹក ទាំងយប់ទាំងថ្ងៃ។ របបអាហារវិញ គឺខ្សត់ខ្សោយណាស់ ក្នុងខែវស្សាបានហូបបាយតែបន្តិចបន្តួចប៉ុណ្ណោះ ទាល់តែដល់រដូវច្រូតកាត់ទើបបានហូបឆ្អែតខ្លះ។ អ្វីដែលឈឺចាប់បំផុតនោះគឺនៅពេលខ្ញុំឈឺ ហើយទៅសុំសម្រាក អង្គការបែរជានិយាយឌឺដងថាខ្ញុំឈឺ «ខ្យល់ឌឹល» (ធ្វើពុតជាឈឺ)។ ពាក្យសម្តីនេះធ្វើឱ្យខ្ញុំខឹងនិងឈឺចាប់រហូតយំដើរទៅធ្វើការទាំងទឹកភ្នែក ព្រោះត្រូវបង្ខំចិត្តពង្រឹងស្មារតីដើម្បីរស់។
រហូតមកដល់សព្វថ្ងៃ បទពិសោធន៍ទាំងនោះនៅតែលងបន្លាចខ្ញុំក្នុងសុបិន។ ខ្ញុំតែងតែចង់ឱ្យកូនចៅដឹងពីការលំបាក និងការធ្វើការលើសកម្លាំងនៅសម័យនោះ ប៉ុន្តែពួកគេហាក់មិនសូវចាប់អារម្មណ៍ឡើយ។ ខ្ញុំមានការស្ដាយក្រោយដែលឃើញក្មេងៗខ្លះមិនសូវខំរៀន ខណៈដែលពួកគេមានឱកាសល្អជាងជំនាន់ខ្ញុំឆ្ងាយណាស់។
ចំពោះស្ថានភាពប្រទេសជាតិវិញ ខ្ញុំមានការព្រួយបារម្ភនៅពេលឮព័ត៌មានអំពីជម្លោះព្រំដែនរវាងកម្ពុជា និងថៃ (កាលពីខែកក្កដា ឆ្នាំ២០២៥)។ ក្នុងនាមជាអ្នកដែលធ្លាប់ឆ្លងកាត់សង្គ្រាមដ៏ជូរចត់ ខ្ញុំមិនចង់ឱ្យមានការផ្ទុះអាវុធឡើងវិញឡើយ ព្រោះសង្គ្រាមនាំមកតែភាពទុក្ខសោក និងការបាត់បង់តែប៉ុណ្ណោះ។

សង្ខេបសាច់រឿងដោយ គង់ ចាន់ណា យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តព្រៃវែង ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ ធ្វើសម្ភាសនៅភូមិពោធិ៍តាមុំ ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥។

ឃុន ថេង៖ ជីវិតជាសង្ឃក្នុងរបប លន់ នល់
មកជាកងទ័ពក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ឃុន ថេង អាយុ៦៥ឆ្នាំ បច្ចុប្បន្នជាកសិករ រស់នៅភូមិគ្រាំងគរ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានភរិយាឈ្មោះ សើម ទូច អាយុ៥៦ឆ្នាំ ជាកសិករដូចគ្នា និងមានកូនចំនួន២នាក់ (ស្រីម្នាក់ ប្រុសម្នាក់) ដែលកំពុងរស់រានមានជីវិតទាំងអស់គ្នា ដោយកូនប្រុសរបស់ខ្ញុំមានមុខរបរជាជាងជួសជុលរថយន្ត។
នៅឆ្នាំ១៩៧៣ ក្នុងអាយុ១៥ឆ្នាំ ខ្ញុំបានសាងភ្នួសជាព្រះសង្ឃនៅវត្តដងទង់ ស្ថិតក្នុងភូមិដងទង់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។ ប្រហែលមួយឆ្នាំក្រោយមក ពោលគឺនៅឆ្នាំ១៩៧៤ ខ្ញុំត្រូវបានខ្មែរក្រហមបង្ខំឱ្យសឹកពីបួស រួមជាមួយព្រះសង្ឃប្រហែល៥០អង្គផ្សេងទៀត ដើម្បីយកទៅបំពេញក្នុងជួរកងទ័ព។ ក្រោយពេលសឹកភ្លាម ខ្ញុំនិងអ្នកឯទៀតត្រូវបានបញ្ជូនទៅហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រនៅខេត្តកំពតរយៈពេល៣ខែ។ ការហ្វឹកហាត់នោះពិតជាលំបាកបំផុត ទោះបីជាថ្ងៃខ្លះមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ ក៏ពួកយើងត្រូវបន្តការហ្វឹកហ្វឺនជាប្រចាំមិនដែលអាក់ខានឡើយ។ បន្ទាប់ពីបញ្ចប់ការហ្វឹកហ្វឺន អង្គភាពបានប្រគល់កាំភ្លើងឱ្យពួកយើងម្នាក់មួយដើម ដើម្បីចេញទៅសមរភូមិប្រយុទ្ធ។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចាត់តាំងឱ្យខ្ញុំការពារតំបន់ដែលពួកគេវាយកាន់កាប់បានក្នុងខេត្តកំពត។ មានពេលមួយ ខណៈដែលខ្ញុំកំពុងឈរជើងនៅក្បែរលេណដ្ឋានក្នុងសមរភូមិ ខ្ញុំត្រូវបានគ្រាប់កាំភ្លើងសត្រូវបាញ់ត្រូវជើង។ ដោយសាររបួសនេះ អង្គភាពបានអនុញ្ញាតឱ្យខ្ញុំសម្រាក និងបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យសមរភូមិក្រោយអស់រយៈពេល៣ខែ ទើបជាសះស្បើយ និងត្រូវត្រឡប់ទៅកាន់សមរភូមិវិញ។
ឈានចូលដល់ឆ្នាំ១៩៧៦ ខ្ញុំត្រូវបានផ្លាស់ប្តូរទៅកាន់អង្គភាពកងវរសេនាតូច (មិនចាំលេខ) ស្ថិតនៅតំបន់៣៥ ភូមិភាគនិរតី ដែលជាអង្គភាពមានកងទ័ពចំនួន៤០០នាក់ និងមានភារកិច្ចប្រយុទ្ធតទល់ជាមួយកងទ័ពវៀតណាមនៅម្ដុំកំពង់ត្រាច ខេត្តកំពត។ ក្នុងអំឡុងពេលប្រយុទ្ធគ្នាដ៏សាហាវនោះ មានអ្នករងរបួស និងស្លាប់ជាច្រើននាក់។ នៅថ្ងៃមួយ ពេលដែលខ្ញុំកំពុងឈរនៅក្រោមដើមត្នោតក្បែរលេណដ្ឋាន ខ្ញុំបានឃើញយន្ដហោះមួយគ្រឿងហោះមកទម្លាក់គ្រាប់បែកចំលើលេណដ្ឋានក្បែរផ្លូវរទេះភ្លើង ដែលជាកន្លែងស្នាក់នៅរបស់សមមិត្ត៥ទៅ៦នាក់បណ្តាលឱ្យលេណដ្ឋាននោះត្រូវបានបោះបង់ចោល។ ខ្ញុំបានបន្តធ្វើជាកងទ័ពរហូតដល់កងទ័ពវៀតណាមវាយចូលមកដល់ ទើបក្រុមរបស់ខ្ញុំត្រូវបានរំសាយ។
សព្វថ្ងៃនេះ របួសជើងដែលខ្ញុំបានទទួលកាលពីសម័យសង្គ្រាម នៅតែបង្កការឈឺចាប់ដល់ខ្ញុំម្តងម្កាល និងបានបន្សល់ទុកនូវស្លាកស្នាមដែលមិនអាចបំភ្លេចបាន។ រាល់ពេលនឹកដល់បទពិសោធន៍ទាំងនេះ ខ្ញុំនៅតែមានអារម្មណ៍ភ័យខ្លាចជាខ្លាំង ទោះបីជាមិនដែលយល់សប្តិអាក្រក់ក៏ដោយ។ ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយចងចាំ និងដឹងអំពីព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងរបបខ្មែរក្រហមនេះ។ ខ្ញុំគិតថាខ្លួនឯងពិតជាមានសំណាងណាស់ ដែលបានរស់រានមានជីវិតមកដល់សព្វថ្ងៃនេះ។

សម្ភាស និងសង្ខេបដោយ ជីម ស្រីភួង យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តតាកែវ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ កិច្ចសម្ភាសនេះធ្វើនៅភូមិគ្រាំងគរ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥។ កែសម្រួលអក្ខរាវិរុទ្ធ និងឃ្លាដោយ ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី។

ប៉ែន សារុន៖ រត់គេចពីការទម្លាក់គ្រាប់បែក

ខ្ញុំមិនសូវមានការចងចាំច្រើនទេពីរបបខ្មែរក្រហម ប៉ុន្តែរឿងមួយដែលខ្ញុំចងចាំពុំអាចបំភ្លេចបានពេលជិតបែករបបខ្មែរក្រហម គឺខ្ញុំបានរត់គេចពីការទម្លាក់គ្រាប់បែក ដែលធ្វើឱ្យខ្ញុំបែកពីគ្រួសារហើយខ្ញុំរត់ទៅតែម្នាក់ឯង។ ខ្ញុំបានរត់ទៅដល់ភ្នំមួយកន្លែង ប៉ុន្តែមិនបានស្គាល់ឈ្មោះភ្នំអ្វីទេហើយនៅតាមផ្លូវខ្ញុំបានជួបមនុស្សចាស់ជាច្រើន។ ខ្ញុំរត់ទៅទាំងគ្មានអាហារអ្វីហូបទៀតផង។ ខ្ញុំក៏បេះស្លឹកឈើណាដែលអាចហូបបានដើម្បីចម្អែតក្រពះដែលស្រេចឃ្លាន។
នៅពេលដែលនឹកឃើញអំពីបទពិសោធន៍ទាំងនេះ ខ្ញុំមានអារម្មណ៍ភ័យខ្លាច និងសោកសៅ។ ខ្ញុំមិនចង់ឱ្យក្មេងៗជំនាន់ក្រោយចងចាំប្រវត្តិសាស្រ្តដែលខ្ញុំឆ្លងកាត់ទេដោយសារខ្ញុំមិនសូវចងចាំពីប្រវត្តិសាស្រ្តដែលខ្ញុំបានឆ្លងកាត់ច្រើនទេ។
សព្វថ្ងៃខ្ញុំមានជំងឺប្រចាំកាយលើសឈាម,ពុកឆ្អឹង និងជំងឺក្រពះពោះវៀន។ ខ្ញុំគិតថាជំងឺដែលខ្ញុំកំពុងកើតមាននេះបណ្តាលមកពីអាយុកាន់តែច្រើន។ ខ្ញុំព្យាបាលជំងឺទាំងនេះដោយប្រើប្រាស់ថ្នាំពេទ្យ។
ខ្ញុំគ្មានកូនចៅចូលបម្រើកងទ័ពទេ។ ខ្ញុំមិនបានដឹងពីការបិទច្រកទ្វារព្រំដែន ដោយយោធាថៃនិងមិនបានដឹងពីការបញ្ជូនកងទ័ពខ្មែរមកវិញទេ។ ការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរ និងយោធាថៃកាលពីថ្ងៃទី២៤ ដល់២៨ ខែកក្កដា ឆ្នាំ២០២៥ មិនបានប៉ះពាល់ខ្ញុំ និងក្រុមគ្រួសារខ្ញុំទេ។
ខ្ញុំឈ្មោះ ប៉ែន សារុន អាយុ៦៨ឆ្នាំ រស់នៅភូមិឫស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ខ្ញុំរៀបការរួចហើយ។ សព្វថ្ងៃខ្ញុំមិនមានមុខរបរអ្វីទេគឺជួយមើលថែចៅ។ កាលពីមុនរបបខ្មែរក្រហម ខ្ញុំជាអ្នកលក់អង្ករ។ ចំណែកនៅក្នុងរបបខ្មែរក្រហម ខ្ញុំត្រូវបានចាត់តាំងឱ្យនៅកងចល័តធ្វើស្រែ។ ប្ដីរបស់ខ្ញុំឈ្មោះ សួន សន មានអាយុ៦២ឆ្នាំ ដែលមានមុខរបរធ្វើស្រែ។ ខ្ញុំមានកូនចំនួន៦នាក់ គឺស្រីចំនួន៣នាក់និងប្រុសចំនួន៣នាក់។ កូនៗខ្ញុំនៅរស់ចំនួន៥នាក់ និងម្នាក់ទៀតស្លាប់ដោយសារជំងឺ។

ដោយ សឿង សោភា យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តតាកែវ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅភូមិឫស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ សម្ភាសនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ។

ហាន់ សាមឿន៖ យប់មួយមេឃភ្លៀងខ្លាំង យើងគ្មានកន្លែងជ្រកឡើយ

ខ្ញុំឈ្មោះ ហាន់ សាមឿន អាយុ ៦៧ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិច្រេសខាងកើត ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង។ សព្វថ្ងៃ ខ្ញុំប្រកបមុខរបរលក់ដូរនៅផ្ទះ រស់នៅជាមួយស្វាមីឈ្មោះ ភេ អ៊ីម អាយុ ៧០ ឆ្នាំ ជាយោធាចូលនិវត្តន៍។ យើងមានកូនចំនួន ៥ នាក់ (ស្រី ២ ប្រុស ៣)។ កូនម្នាក់បានបាត់បង់ជីវិតដោយសារជំងឺ។ ចំណែកកូន ៤ នាក់ទៀត កំពុងបម្រើការងារជាអភិបាលស្រុក នគរបាល គ្រូពេទ្យ និង ប្រកបរបរលក់ដូរ។

មុនរបបខ្មែរក្រហម ជីវិតខ្ញុំត្រឹមតែជាក្មេងស្រីម្នាក់ដែលរស់នៅតាមបែបអ្នកស្រែចម្ការ និងមើល (ឃ្វាល) ក្របីតាមវាលស្រែប៉ុណ្ណោះ។ ប៉ុន្តែនៅពេលដែលរបបអាវខ្មៅចូលមកដល់ ជីវិតខ្ញុំក៏ប្រែប្រួលទាំងស្រុង។ ខ្ញុំត្រូវអង្គការចាត់តាំងឱ្យចូលក្នុងកងចល័ត។ នៅក្នុងភូមិឃុំដែលខ្ញុំរស់នៅ វត្តច្រេស ត្រូវបានអង្គការយកធ្វើជាមន្ទីរពេទ្យ រីឯអ្នកភូមិមួយចំនួនត្រូវបានចាប់ចង និងបញ្ជូនឡើងរថយន្តយកទៅបាញ់សម្លាប់ចោលនៅ «អូរចៀន» ស្ថិតនៅខាងត្បូងភូមិជោរ។

រឿងរ៉ាវដែលលងបន្លាច និងដក់ជាប់ក្នុងចិត្តខ្ញុំបំផុត គឺការបង្ខំឱ្យទៅជីកព្រែក និងប្រឡាយនៅតំបន់ដូនម៉ៅ និងសន្ទៃ ក្បែរព្រំដែនវៀតណាម ក្រោមអាកាសធាតុភ្លៀងធ្លាក់ជោកជាំយ៉ាងវេទនា។ មានយប់មួយ មេឃភ្លៀងធ្លាក់ខ្លាំងដូចគេជះទឹក ប៉ុន្តែកងចល័តពួកយើងគ្មានកន្លែងជ្រកសូម្បីបន្តិច។ យើងបានត្រឹមអង្គុយផ្ដុំគ្នាជុំវិញដំបូកមួយកណ្ដាលវាលស្រែទាំងគ្រាំគ្រារហូតទល់ភ្លឺ។ លុះព្រលឹមឡើង ទោះបីសម្លៀកបំពាក់ពួកយើងសើមជោកជាំយ៉ាងណាក៏ដោយ ក៏គ្មានអ្នកណាហ៊ានត្អូញត្អែរថាឈឺ ឬហត់នឿយឡើយ គឺត្រូវបង្ខំចិត្តបន្តជីកប្រឡាយទាំងត្រជាក់ញ័រខ្លួន។ យើងត្រូវធ្វើការតាំងពីព្រលឹម រហូតដល់ម៉ោង ១២ យប់ ទើបបានសម្រាក។

ក្នុងរបបនោះ ខ្ញុំមិនដែលស្គាល់ឡើយសម្លៀកបំពាក់ថ្មី ខោអាវពណ៌ខ្មៅមួយកំប្លេត្រូវប៉ះហើយប៉ះទៀតរហូតសុសសាច់ក្រណាត់។ ចំណែកការហូបចុកវិញ គឺខ្លោចផ្សាបំផុត។ ចុងភៅស្លក្នុងខ្ទះត្នោតធំៗ បេះត្រកួនពីបឹងមកទាំងដី គ្រាន់តែរលាស់ៗរួចបោះចូលឆ្នាំងសម្ល។ បើស្លម្ជូរស្លឹកអំពិលវិញ គេបេះទាំងស្លឹកចាស់ៗមកបុកដាក់ទឹកសម្លដែលគ្មានជាតិសាច់ទាល់តែសោះ។ ក្នុងមួយតុ មនុស្ស ១០ នាក់ អង្គុយហូបបាយទាំងបង្ខំចិត្តដើម្បីរស់។
នៅចុងឆ្នាំ ១៩៧៨ ខ្មែរក្រហមបានបង្គាប់ឱ្យពួកខ្ញុំរៀបចំខ្លួនជម្លៀសទៅកន្លែងផ្សេង ប៉ុន្តែជាសំណាងល្អ កងកម្លាំងសាមគ្គីសង្គ្រោះជាតិកម្ពុជាបានចូលមកដល់ទាន់ពេល ទើបខ្ញុំមិនត្រូវបានគេជម្លៀសទៅតាមការបង្ខំឡើយ។

រាល់ពេលនឹកដល់អតីតកាល ខ្ញុំនៅតែមានអារម្មណ៍ភ័យខ្លាច និងសោកសៅជាពន់ពេក។ ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយចងចាំប្រវត្តិសាស្ត្រនេះទុកជាមេរៀនថា របបខ្មែរក្រហមពិតជាលំបាកវេទនាខ្លាំងណាស់ ទោះបីជាសព្វថ្ងៃនេះ ក្មួយៗកំពុងរស់នៅក្នុងភូមិឃុំដែលមានការអភិវឌ្ឍច្រើន មានផ្លូវបេតុងស្អាត និងមានភាពសុខសាន្តក៏ដោយ សូមកុំភ្លេចនូវការលះបង់របស់មនុស្សជំនាន់មុន។
ចំពោះស្ថានការណ៍ព្រំដែន ទោះបីខ្ញុំមិនមានកូនចៅបម្រើទ័ពផ្ទាល់ ប៉ុន្តែខ្ញុំតែងតែតាមដានព័ត៌មានតាមបណ្ដាញសង្គម និងទូរទស្សន៍ជាតិ។ ការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរ និងយោធាថៃ កាលពីចុងខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ បានធ្វើឱ្យខ្ញុំក្ដុកក្ដួល និងអាណិតអាសូរដល់យុទ្ធជនដែលបានពលីជីវិត ដើម្បីការពារទឹកដីពីការឈ្លានពានយ៉ាងខ្លាំង។

សង្ខេបដោយ  ញឿន ឡាលីម យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តព្រៃវែង ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ ធ្វើសម្ភាសនៅភូមិច្រេសខាងកើត ឃុំត្របែក ស្រុកកំចាយមារ ខេត្ដព្រៃវែង។  សម្ភាសនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។