[សប្តាហ៍ទី១ ខែឧសភា ឆ្នាំ២០២៦]
អត្ថបទខាងក្រោម ជាសំណេររបស់យុវជនស្ម័គ្រចិត្តកម្ពុជា បន្ទាប់ពីអ្នកទាំងនោះបានជួបសម្ភាស និងសំណេះសំណាលជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលស្ថិតនៅក្នុងភូមិឃុំរបស់ខ្លួនរួច ហើយត្រូវបានកែសម្រួលអក្ខរាវិរុទ្ធ និងឃ្លោងឃ្លាដោយ ដារ៉ារដ្ឋ មេត្តា, ថុន ស្រីពេជ្រ, ជីម សុខគា និង ធឹប ស្រីនិច្ច។ ស្នាដៃទាំងនេះ គឺជាលទ្ធផលសកម្មភាពមួយនៃគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម»។
អត្ថបទខ្លីៗទាំំងនេះ ពុំមែនជាអត្ថបទដែលរៀបរាប់គ្រប់ជ្រុងជ្រោយពីជីវប្រវត្តិ និងបទពិសោធន៍ពេញលេញរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឡើយ ប៉ុន្តែវាគ្រាន់តែជាអត្ថបទរៀបរាប់ដោយសង្ខេបពី «រឿងរ៉ាវជីវិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលចងចាំជាងគេ និងមិនអាចបំភ្លេចបានក្នុងឆាកជីវិតរបស់គាត់»។
អត្ថបទទាំងនេះ ត្រូវបានផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់មជ្ឈមណ្ឌលឯកសារកម្ពុជា មានឈ្មោះជាភាសាអង់គ្លេស Genocide Education in cambodia ជារៀងរាល់ថ្ងៃនៅលើទំព័រហ្វេសប៊ុក គេហទំព័រ និងបណ្តាញព័ត៌មានរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដូចជាទស្សនាវដ្តីស្វែងរកការពិត និងសារព័ត៌មាន ឌីញូ។
WEEK 1 – MAY 2026
The following texts were written by Cambodian youth volunteers after they interviewed and interacted with Khmer Rouge survivors living in their local villages and communes. The writings were edited for spelling and phrasing by Dararath Metta, Thon Sreypich, Jim Sokchea, and Thib Sreynich. These works are the result of an activity under the project on “Promoting Democracy and Good Governance through Youth Volunteer Leadership in Social Activities”.
These short pieces of writing do not provide a comprehensive biography or a full account of the survivors’ experiences under the Khmer Rouge regime. Instead, they are brief narratives of the “stories from the lives of Khmer Rouge survivors that they remember most vividly and can never forget.”
These articles are published daily via the Documentation Center of Cambodia’s (DC-Cam) Facebook page, titled “Genocide Education in Cambodia,” as well as on its website and other media outlets, including Searching for the Truth magazine and The D-news.
នូ សារ៉េត ៖ គ្រួសារពូ និងអ៊ុំស្រីខ្ញុំជាង១០នាក់ ត្រូវខ្មែរក្រហមសម្លាប់
ខ្ញុំឈ្មោះ នូ សារ៉េត បច្ចុប្បន្នអាយុ ៦៣ ឆ្នាំ ជាស្ត្រីមេម៉ាយ និងជាកសិកររស់នៅភូមិលាំងជៃថ្មី ឃុំពោធិ៍ចំរើន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ស្វាមីរបស់ខ្ញុំឈ្មោះ សែម អន ដែលជាអតីតទាហាន បានទទួលមរណភាពដោយសារជំងឺ កាលពីគាត់មានអាយុ ៦២ ឆ្នាំ។ ខ្ញុំមានកូន ៥ នាក់ (ប្រុស ៣ នាក់ និងស្រី ២ នាក់)។ មុនរបបខ្មែរក្រហមឈានចូលមកដល់ ខ្ញុំនៅក្មេងនៅឡើយ។ លុះចូលដល់សម័យខ្មែរក្រហម ខ្ញុំត្រូវអង្គការចាត់តាំងឱ្យចូលក្នុងកងចល័ត។
ក្នុងរបបដ៏ខ្មៅងងឹតនោះ រឿងរ៉ាវដែលខ្ញុំចងចាំបំផុតមិនអាចបំភ្លេចបាន គឺព្រឹត្តិការណ៍បាត់បង់ពូ អ៊ុំស្រី ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់នាឆ្នាំ១៩៧៨។ កាលនោះ ពូរបស់ខ្ញុំ និងភរិយារបស់គាត់ដែលកំពុងមានផ្ទៃពោះ ៥ ខែ ត្រូវកម្មាភិបាលខ្មែរក្រហមចាប់បញ្ជូនឱ្យឡើងលើរទេះគោ រួមជាមួយសមាជិកគ្រួសារជាច្រើននាក់ទៀត។ ពួកគេបានប្រើល្បិចកុហកថា ពួកគេឱ្យពូ និងគ្រួសាររបស់គាត់ផ្លាស់ប្តូរកន្លែងធ្វើការទៅខេត្តបាត់ដំបងដើម្បីជួយដាំដើមគ។ ប៉ុន្តែការពិត ពួកគេបានដឹកពូ និងក្រុមគ្រួសារគាត់យកទៅសម្លាប់ចោលនៅវាលប្រាំខាងត្បូង ក្នុងភូមិពោធិ៍ម្រាល។ ចំណែកឯអ៊ំស្រីរបស់ខ្ញុំឈ្មោះ ម៉ន និងកូនៗរបស់គាត់ចំនួន ៨នាក់ទៀត (រួមមានឈ្មោះ៖ លីន, ម៉ុន, ផាន, ផាល, ផេន, វ៉ានី, ពៅ និងធិន) ក៏ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ទាំងអស់ដែរ។
រាល់ពេលដែលនឹកឃើញដល់អតីតកាលដ៏ខ្លោចផ្សានេះ ខ្ញុំតែងមានអារម្មណ៍ខឹងស្អប់របបខ្មែរក្រហម ព្រមទាំងភ័យខ្លាច និងសោកសៅជាពន់ពេក។ សូម្បីតែក្នុងសុបិន ខ្ញុំតែងយល់សប្តិឃើញខ្លួនឯងកំពុងរែកដីធ្វើការងារធ្ងន់ៗក្នុងសម័យនោះ ដែលធ្វើឱ្យខ្ញុំភ្ញាក់ដឹងខ្លួនឡើងដោយភាពភ័យខ្លាច និងញ័រដៃញ័រជើង។
បច្ចុប្បន្ន ខ្ញុំមានជំងឺប្រចាំកាយជាច្រើនដូចជា លើសឈាម ក្រពះពោះវៀន និងរលាកសន្លាក់ ដែលតម្រូវឱ្យខ្ញុំប្រើប្រាស់ទាំងថ្នាំពេទ្យ និងថ្នាំបុរាណតាមការណែនាំរបស់គ្រូពេទ្យ។ ទោះបីជាខ្ញុំមិនមានកូនចៅបម្រើការក្នុងជួរកងទ័ពក៏ដោយ ប៉ុន្តែក្នុងនាមជាអ្នកដែលធ្លាប់ឆ្លងកាត់សម័យសង្គ្រាមជាច្រើន ខ្ញុំតែងមានអារម្មណ៍បារម្ភ និងអាណិតដល់យុទ្ធជនដែលកំពុងឈរជើងនៅជួរមុខជានិច្ច។
ជាចុងក្រោយ ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយចងចាំនូវរឿងរ៉ាវប្រវត្តិសាស្ត្រដែលបានកើតឡើងក្នុងសម័យខ្មែរក្រហម។ ខ្ញុំចង់ឱ្យពួកគេយល់ដឹងពីភាពវេទនា និងការតស៊ូដ៏អត់ធ្មត់របស់ឪពុកម្តាយ ដើម្បីឱ្យពួកគេចេះដឹងគុណ និងស្រឡាញ់សន្តិភាពដែលកំពុងមានសព្វថ្ងៃ។
សម្ភាស និងសរសេរដោយ ប្រាក់ វិទូ យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តកំពង់ស្ពឺ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅភូមិលាំងជៃថ្មី ឃុំពោធិ៍ចំរើន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា និងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។
ឈន់ សារ៉ន៖ ធ្វើជាពេទ្យខ្មែរក្រហម ក៏ភ័យខ្លាចបាត់បង់ជីវិតដែរ
ខ្ញុំឈ្មោះ ឈន់ សារ៉ន បច្ចុប្បន្នអាយុ ៦៧ ឆ្នាំ ជាស្ត្រីមេម៉ាយ និងជាកសិកររស់នៅភូមិស្វាយឧត្តម ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។ ខ្ញុំមានកូនស្រីពីរនាក់ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ។ ក្នុងរបបខ្មែរក្រហម ជីវិតរបស់ខ្ញុំបានឆ្លងកាត់ការលំបាកវេទនារកអ្វីប្រៀបផ្ទឹមពុំបានឡើយ។ កាលនោះ ខ្ញុំត្រូវអង្គការចាត់តាំងឱ្យទៅធ្វើការនៅក្នុងកងជីកព្រែក រួមជាមួយប្រជាជនជាច្រើននាក់ ទៀត។ យើងរស់នៅដោយគ្មានផ្ទះសំបែងត្រឹមត្រូវឡើយ គឺមានតែខ្ទមប្រក់ស្លឹកត្នោតសម្រាប់ជ្រកតាមវាលស្រែទៅតាមកងការងារនីមួយៗប៉ុណ្ណោះ។ រីឯការហូបចុកវិញ គឺខ្វះខាតខ្លាំងណាស់ របបអាហារមានត្រឹមតែបបររាវលាយជាមួយស្គន់ហាល និងធាងត្រាវតែប៉ុណ្ណោះ សូម្បីតែទឹកសម្រាប់ងូតក៏ពិបាករកដែរ។
ក្រោយមក អង្គការបានបញ្ជូនខ្ញុំឱ្យទៅធ្វើជាគ្រូពេទ្យនៅភូមិអង្គរស ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។ ក្នុងរយៈពេល ២ ឆ្នាំ ដែលបម្រើការងារជាគ្រូពេទ្យ ខ្ញុំត្រូវបានបង្ខំឱ្យរៀនអក្សរនៅពេលយប់ជារៀងរាល់ថ្ងៃ។ ខ្ញុំនៅចាំមិនភ្លេចទេនូវព្រឹត្តិការណ៍ដ៏រន្ធត់មួយ កាលនោះមានមិត្តនារីម្នាក់ឈ្មោះ ចន្ធី គាត់សរសេរអក្សរមិនកើត ក៏អង្គុយឈ្ងោកមុខចុះក្រោមតុដោយភាពភ័យខ្លាច។ លុះព្រឹកឡើង ឈ្លបខ្មែរក្រហមបានបញ្ជូនគាត់យកទៅសម្លាប់ចោលភ្លាមៗ។ ចំណែករូបខ្ញុំផ្ទាល់ ក៏ធ្លាប់មានរឿងភ័យតក់ស្លុតរហូតដេកមិនលក់ដែរ ដោយសារតែធ្វើឱ្យបាត់ម្ជុលមួយដើម និងចានមួយ។ ខ្ញុំភ័យខ្លាចអង្គការយកទៅសម្លាប់យ៉ាងខ្លាំង ប៉ុន្តែសំណាងល្អ ខ្មែរក្រហមមិនបានសម្លាប់ខ្ញុំទេ តែគេបានដាក់ទារុណកម្មឱ្យខ្ញុំឈរហាលថ្ងៃមួយថ្ងៃពេញ។
ក្នុងនាមជាគ្រូពេទ្យ ខ្ញុំត្រូវរុំរបួសឱ្យអ្នកជំងឺដែលពោរពេញដោយខ្ទុះ និងឈាម។ ដោយសារខ្វះខាតសម្ភារវេជ្ជសាស្ត្រ ក្រណាត់ដែលរុំរបួសរួច ត្រូវយកទៅស្ងោរចំហុយដើម្បីសម្លាប់មេរោគ រួចយកមកប្រើប្រាស់ឡើងវិញ។ មានថ្ងៃមួយ ពេលដែលខ្ញុំកំពុងលាងរបួសឱ្យយុទ្ធជនខ្មែរក្រហមម្នាក់ ដោយសារគាត់ឈឺមុខរបួសខ្លាំងពេក គាត់ក៏បានធាក់ខ្ញុំមួយជើងយ៉ាងខ្លាំង។
នៅដើមឆ្នាំ ១៩៧៩ ពេលកងទ័ពវៀតណាមវាយលុកចូលមក ខ្ញុំបានរត់ភៀសខ្លួនគេចពីគ្រាប់ផ្លោងឆ្ពោះទៅកាន់ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ ក្នុងអំឡុងពេលភៀសខ្លួននោះ ខ្ញុំបានឃើញទិដ្ឋភាពដ៏សាហាវយង់ឃ្នងនឹងភ្នែក គឺខ្មែរក្រហមបានចាប់មនុស្សយកទៅអា-កសម្លាប់យ៉ាងរង្គាល។ កាលនោះ អ្នកដែលរត់ភៀសខ្លួនជាមួយខ្ញុំមានចំនួន ៧ នាក់ ដែលមានឈ្មោះ យឹង, ណាត, ពូប៉ាក, ចាន់វឿន, ថាន, សែម និង សុង។
ឆ្លងកាត់បទពិសោធន៍ដ៏ជូរចត់នេះ ខ្ញុំចង់ផ្តាំផ្ញើដល់ក្មេងៗជំនាន់ក្រោយឱ្យចងចាំនូវរឿងរ៉ាវប្រវត្តិសាស្ត្រដ៏លំបាកនេះ ដើម្បីឱ្យពួកគេចេះតស៊ូក្នុងជីវិត និងរៀនសូត្រពីភាពអត់ធ្មត់។ បច្ចុប្បន្ន ខ្ញុំមានក្តីសប្បាយរីករាយដែលឃើញនៅក្នុងភូមិឃុំមានការរីកចម្រើន និងមានសាលារៀនច្រើនជាងមុនសម្រាប់កូនចៅបានសិក្សារៀនសូត្រ។
សម្ភាស និងសរសេរដោយ ជា ចាន់ថា យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តព្រៃវែង ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ រស់នៅភូមិស្វាយឧត្តម ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។ សម្ភាសនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥។ កែសម្រួលដោយ ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី
អួន ឃៅ៖ ក្លាយជាចុងភៅខ្មែរក្រហម ដោយសារកូនយំខ្លាំងពេក
ខ្ញុំឈ្មោះ អួន ឃៅ អាយុ ៧៤ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិជើងទឹក «ខ» សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ សព្វថ្ងៃ ខ្ញុំប្រកបមុខរបរលក់ដូរបន្តិចបន្តួចនៅផ្ទះ។ ប្តីរបស់ខ្ញុំឈ្មោះ ជិម ប៉ាល អាយុ ៧៦ ឆ្នាំ។ យើងមានកូនចំនួន ៦ នាក់ (ប្រុស ៥ នាក់ និងស្រី ១ នាក់) ដែលបច្ចុប្បន្នពួកគេសុទ្ធតែជាកសិករ។
នៅក្នុងអំឡុងឆ្នាំ ១៩៧៥ និង ១៩៧៦ ក្នុងពេលដែលខ្ញុំកំពុងបំពេញតួនាទីជាចុងភៅក្នុងសហករណ៍ ខ្ញុំធ្លាប់ឃើញកម្មាភិបាលខ្មែរក្រហមដែលជាគណៈឃុំឈ្មោះ ចន និង សុខ នាំយកមនុស្សទាំងប្រុស ទាំងស្រី ទៅសម្លាប់ចោលជាបន្តបន្ទាប់។ ខ្ញុំមិនដែលបានទៅមើលការសម្លាប់ដោយផ្ទាល់ភ្នែកឡើយ ព្រោះជាប់រវល់ធ្វើការងារនៅក្នុងរោងបាយមិនដែលទំនេរ។
និយាយពីការងារខ្ញុំក្នុងរបបខ្មែរក្រហមវិញ ខ្ញុំជាចុងភៅប្រចាំសហករណ៍ក្នុងភូមិខ្ញុំ។ មុនដំបូង ខ្ញុំមិនមែនជាចុងភៅទេ។ ខ្ញុំគ្រាន់តែជាកសិករម្នាក់ដូចគេឯងអ៊ីចឹង។ ប៉ុន្តែគ្រានោះ ខ្ញុំមានកូនខ្ចីនៅក្នុងបន្ទុក ហើយនៅពេលដែលកូនរបស់ខ្ញុំយំខ្លាំងពេក ក៏រំខានដល់អង្គការ។ ដូច្នេះហើយទើបអង្គការលែងឱ្យខ្ញុំចុះស្ទូងស្រូវតទៅទៀត រួចបានបញ្ជូនខ្ញុំឱ្យមកធ្វើការនៅក្នុងរោងបាយវិញ។ ការងារជាចុងភៅ ជារឿយៗ នៅពេលដែលអស់អង្ករដំាបាយ ឬអំបិលសម្រាប់ស្លស្លុក ខ្ញុំតែងតែស្នើសុំទៅកាន់ប្រធានសហករណ៍ ប៉ុន្តែខ្ញុំបែរជាត្រូវប្រធានសហករណ៍ស្ដីបន្ទោសគ្រប់ពេលថា ហេតុអ្វីបានជារោងបាយខ្ញុំឆាប់អស់អង្ករជាងរោងបាយគេ។
នៅពេលនឹកឃើញដល់បទពិសោធន៍ទាំងនេះ ខ្ញុំមានអារម្មណ៍ថាខ្មែរក្រហមមិនគួរបង្អត់អាហារប្រជាជនខ្លួនឯងឡើយ។ ខ្ញុំមិនចង់ឱ្យក្មេងៗជំនាន់ក្រោយជួបប្រទះ ឬដើរតាមគន្លងនៃទង្វើអាក្រក់ដូចក្នុងសម័យនោះឡើយ។
សព្វថ្ងៃនេះ ក្នុងវ័យជរា ខ្ញុំមានជំងឺប្រចាំកាយមួយចំនួនដូចជា លើសឈាម និងរលាកសន្លាក់។ ខ្ញុំបានព្យាយាមព្យាបាលជំងឺទាំងនេះដោយប្រើប្រាស់ថ្នាំពេទ្យ និងទៅពិគ្រោះជាមួយគ្រូពេទ្យជាប្រចាំ។ ចំពោះស្ថានភាពនៅក្នុងភូមិឃុំបច្ចុប្បន្ន ខ្ញុំឃើញមានការអភិវឌ្ឍច្រើន មិនថាផ្លូវថ្នល់ សាលារៀន ឬវត្តអារាមឡើយ ដែលធ្វើឱ្យជីវភាពរស់នៅមានភាពប្រសើរឡើង។
ទាក់ទងនឹងបញ្ហានយោបាយ និងសន្តិសុខតាមព្រំដែន ខ្ញុំមានការព្រួយបារម្ភណាស់ ហើយវាពិតជាបានប៉ះពាល់ដល់ផ្លូវចិត្តរបស់ខ្ញុំយ៉ាងខ្លាំង។ ខ្ញុំខ្លាចក្រែងកើតមានសង្គ្រាមម្ដងទៀត ហើយអ្វីដែលខ្ញុំបារម្ភបំផុតនោះ គឺខ្លាចគេរំលោភយកទឹកដីខ្មែរ។
សម្ភាស និងសរសេរសង្ខេបដោយ ធី ស្រីពេជ្រ យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តព្រៃវែង ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ ភូមិជើងទឹក«ខ» សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។សម្ភាសនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
កែវ សុផុន៖ ឪពុកម្តាយ បងប្អូនខ្ញុំ ត្រូវខ្មែរក្រហមសម្លាប់ទាំងអស់
នៅតំបនដីខ្លាញ់ ខេត្តពោធិ៍សាត់
ខ្ញុំឈ្មោះ កែវ សុផុន អាយុ៦៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិជើងទឹក«ខ» សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ បច្ចុប្បន្នខ្ញុំមានមុខរបរ ធ្វើស្រែ។ មុនរបបខ្មែរក្រហម ខ្ញុំជាសិស្ស។ ចំណែកនៅក្នុងរបបខ្មែរក្រហម ខ្ញុំនៅកងចល័ត។ ខ្ញុំមានប្រពន្ធឈ្មោះ ម៉ៅ គឹមលាង អាយុ៦៥ឆ្នាំ មុខរបរជាកសិករ។ ខ្ញុំមានកូនចំនួន៤នាក់គឺប្រុសចំនួន២ នាក់ និងស្រីចំនួន២នាក់។ កូនខ្ញុំមានមុខរបរជាគ្រូបង្រៀន២នាក់, ធ្វើការងារអង្គការម្នាក់ និង លក់ដូរម្នាក់។
នៅក្នុងឆ្នាំ១៩៧៥ ខ្មែរជម្លៀសគ្រួសារខ្ញុំ ចេញពីទីក្រុងភ្នំពេញ ទៅកាន់ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ពេលនោះ ខ្ញុំមានអាយុប្រហែល១២ ឬ១៣ឆ្នាំ។ ពីឆ្នាំ១៩៧៦ ដល់ ១៩៧៧ ខ្មែរក្រហមបានចាត់តាំងខ្ញុំឱ្យធ្វើការងារធ្ងន់ធ្ងរណាស់មិនគិតពេលថ្ងៃ ឬពេលយប់ឡើយ ដោយសារតែខ្ញុំគឺជាប្រជាជនថ្មី។ នៅរដូវវស្សា ខ្មែរក្រហមបានចាត់តាំងឱ្យខ្ញុំភ្ជួរស្រែ និងដកស្ទូង ហើយនៅរដូវប្រាំង ខ្មែរក្រហមប្រើខ្ញុំឱ្យជីកព្រែក និងដឹកកណ្ដាប់ស្រូវយកទៅស្ទូងនៅឯស្រែ។ នៅថ្ងៃមួយដោយសារតែខ្ញុំធ្វើការងារហត់ និងអស់កម្លាំងខ្លាំងពេក ខ្ញុំបានឈរសម្រាកបន្តិចនៅក្បែរកន្លែងខ្ញុំធ្វើការ។ មិនទាន់សម្រាកបានប៉ុន្មាននាទីផង ស្រាប់តែកម្មាភិបាលម្នាក់ធាក់ខ្ញុំមួយជើងពីក្រោយធ្លាក់ពីលើខ្នងទំនប់ ដែលមានជម្រៅប្រហែលជា៧ម៉ែត្រ។ ទោះបីជាខ្ញុំខឹងនឹងកម្មាភិបាលនោះយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែខិតខំធ្វើការងារបន្តទៀតដើម្បីខ្ញុំមានជីវិត។ បន្ទាប់មកទៀត ខ្មែរក្រហមបានចាត់តាំងខ្ញុំឱ្យជីកព្រែកនៅឃុំក្របៅ ស្រុកកំចាយមារវិញ ដើម្បីការពារ និងជារនាំងឃាំងកងទ័ពវៀតណាមមិនឱ្យចូលមកក្នុងទឹកដីប្រទេសកម្ពុជាដោយស្រួលឡើយ។
នៅឆ្នាំ១៩៧៨ ប្រជាជនដែលរស់នៅក្នុងភូមិភាគបូព៌ាមួយចំនួនត្រូវខ្មែរក្រហមចាប់បញ្ជូនយកទៅសម្លាប់ចោល ហើយខ្លះទៀតត្រូវបានជម្លៀសទៅនៅតំបន់ដីខ្លាញ់នៅភាគខាងលិចប្រទេស។ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ ក៏ត្រូវបានជម្លៀសទៅកាន់ទីនោះដែរ។ ទៅដល់តំបន់ដីខ្លាញ់ ខ្ញុំ និងក្រុមគ្រួសារខ្ញុំបានបែកគ្នាទៅកាន់ការដ្ឋានការងាររៀងខ្លួន។ ក្រោយមក ខ្ញុំបានដឹងដំណឹងតាមអ្នកភូមិប្រាប់ថា ខ្មែរក្រហមបានយកឪពុកម្តាយខ្ញុំ និងបងប្អូនខ្ញុំ ទៅសម្លាប់ទាំងអស់ ដោយសារតែការសង្ស័យថាធ្លាប់ធ្វើការក្នុងរបប លន់ នល់ ព្រោះកាលពីមុនរបបខ្មែរក្រហមគ្រួសាខ្ញុំសុទ្ធតែជាអ្នករស់នៅភ្នំពេញ។
នៅឆ្នាំ១៩៧៩ ពេលដែលកងទ័ពវៀតណាមបានចូលមកដល់ ខ្ញុំបានធ្វើដំណើរពីខេត្តពោធិ៍សាត់ត្រឡប់មកស្រុកកំណើតវិញ។ ខ្ញុំបានធ្វើដំណើរដោយថ្មើរជើងទាំងលំបាកអស់រយៈពេលជាងមួយខែ ដោយពេលខ្លះខ្ញុំគ្មានអ្វីហូប និងទឹកផឹកឡើយ ទំរាំខ្ញុំអាចធ្វើដំណើរមកដល់ស្រុកកំណើត។ នៅឆ្នាំ១៩៨០ ខ្ញុំបានរៀបការប្រពន្ធ ហើយរស់នៅជាមួយគ្នាមកដល់បច្ចុប្បន្ន។
សម្ភាស និងសរសេរសង្ខេបដោយ ធី ស្រីពេជ្រ យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តព្រៃវែង ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ រស់នៅភូមិតាកោ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។ សម្ភាសនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៥។
ប៉ុក សាមិត ៖ ខ្ញុំកុហកខ្មែរក្រហមច្រើនដង ដើម្បីគេចពីការងារ និងរៀបផែនការរត់គេចពីការដ្ឋាន
ខ្ញុំឈ្មោះ ប៉ុក សាមិត បច្ចុប្បន្នអាយុ ៧១ ឆ្នាំ ជាស្ត្រីមេម៉ាយ និងជាមេផ្ទះ រស់នៅភូមិជើងទឹក សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ មុនរបបខ្មែរក្រហមឈានចូលមកដល់ ខ្ញុំគឺជាកសិករម្នាក់ ប៉ុន្តែនៅក្នុងសម័យនោះ ខ្ញុំត្រូវបានចាត់តាំងឱ្យចូលក្នុងកងចល័ត ធ្វើការងារលើកប្រព័ន្ធភ្លឺស្រែយ៉ាងធ្ងន់ធ្ងរ។ ខ្ញុំមានកូនចំនួន ៣ នាក់ (ប្រុស ២ នាក់ និងស្រីម្នាក់)។
ក្នុងរបបខ្មែរក្រហម រឿងរ៉ាវដែលខ្ញុំចងចាំបំផុតមិនអាចបំភ្លេចបាន គឺការប្រើល្បិចដើម្បីសម្រាកពីការងារដែលហួសកម្លាំង។ ដោយសារភាពនឿយហត់ខ្លាំងពេក ខ្ញុំបានធ្វើពុតជាខ្យល់គ ដើម្បីសុំអង្គការសម្រាកបាន ២ ថ្ងៃ។ ក្រោយមក ខ្ញុំក៏បានធ្វើពុតជាខ្យល់គម្តងទៀត ហើយវាគឺជាសំណាងដ៏ធំមួយដែលខ្មែរក្រហមមិនបានចាប់កំហុស ឬដាក់ទោសទណ្ឌលើរូបខ្ញុំ។ នៅពេលដែលរបបនេះជិតដួលរលំ ខ្ញុំ និងមិត្តភក្តិរួមការងារបានលួចនិយាយគ្នា ដើម្បីរត់គេចចេញពីការដ្ឋានការងារដែលគ្មានពេលសម្រាក។ ដើម្បីរត់បានសម្រេច យើងបានធ្វើល្បិចសុំសមមិត្តខ្មែរក្រហមទៅងូតទឹក ដោយម្នាក់ៗកាន់ប៉ោតទឹកម្នាក់មួយធ្វើជាបង្អែក។ ខ្ញុំបានព្រមព្រៀងជាមួយមិត្តភក្តិថា ប្រសិនបើមានគេហៅឈ្មោះ គឺមិនត្រូវឆ្លើយឡើយ តែត្រូវឆ្លើយជាសញ្ញាសំឡេង «គូក» ជំនួសវិញ។ ក្នុងភាពងងឹតស្លុប ខ្ញុំមានអារម្មណ៍ភ័យខ្លាចជាពន់ពេក ព្រោះសមមិត្តខ្មែរក្រហមនៅក្បែរនោះដែរ ប៉ុន្តែសំណាងល្អដែលគេមើលមិនច្បាស់។ យើងក៏បានឆ្លៀតឱកាសនោះ រត់រហូតទៅជួបជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមដែលចូលមករំដោះ ហើយពួកយើងក៏បានរួចផុតពីសេចក្តីស្លាប់ចាប់ពីពេលនោះមក។
ទោះបីជាពេលវេលាបានកន្លងផុតទៅច្រើនឆ្នាំក៏ដោយ ប៉ុន្តែនៅពេលនឹកឃើញដល់បទពិសោធន៍ទាំងនោះ ខ្ញុំនៅតែមានអារម្មណ៍ខឹងស្អប់ និងគុំកួនជានិច្ច។ ជារឿយៗ ខ្ញុំតែងតែយល់សប្តិឃើញពីភាពលំបាកវេទនា និងឃើញទិដ្ឋភាពខ្មែរក្រហមយកមនុស្សទៅសម្លាប់ចោល ដែលដក់ជាប់ក្នុងអារម្មណ៍ខ្ញុំមិនដែលបាត់ឡើយ។ បច្ចុប្បន្ន ក្នុងវ័យជរា ខ្ញុំមានជំងឺប្រចាំកាយជាច្រើនដូចជា លើសឈាម ក្រពះពោះវៀន បេះដូង និងរលាកសន្លាក់ ដែលតម្រូវឱ្យប្រើប្រាស់ថ្នាំពេទ្យជាប្រចាំ។ ក្នុងនាមជាអ្នកដែលធ្លាប់ឆ្លងកាត់ការលំបាកក្នុងសម័យសង្គ្រាម ខ្ញុំតែងតែមានចិត្តអាណិតអាសូរដល់គ្រួសារកងទ័ពដែលឈរជើងនៅជួរមុខ ជារៀងរាល់ពេលដែលមានការប៉ះទង្គិចគ្នានៅតាមព្រំដែន។
ជាចុងក្រោយ ខ្ញុំចង់ផ្តាំផ្ញើឱ្យក្មេងៗជំនាន់ក្រោយចងចាំនូវរឿងរ៉ាវប្រវត្តិសាស្ត្រក្នុងសម័យខ្មែរក្រហម ដើម្បីឱ្យពួកគេយល់ដឹងពីតម្លៃនៃជីវិត និងការតស៊ូរបស់មនុស្សជំនាន់មុន។
សម្ភាស និងសរសេរដោយ ធី ស្រីពេជ្រ យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តព្រៃវែង ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅភូមិតាកោ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ដារ៉ារដ្ឋ មេត្តា និងផេង ពង្សរ៉ាស៊ី បានត្រួតពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធចំពោះអត្ថបទខ្លីនេះ។
នួន លាង៖ មិនត្រឹមតែហូបចុកមិនគ្រប់គ្រាន់ទេ
សូម្បីតែកូនតូចក៏មិនបាននៅមើលថែដែរ
ខ្ញុំឈ្មោះ នួន លាង បច្ចុប្បន្នអាយុ ៧៧ ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅភូមិតាកោ សង្កាត់តាកោ ក្រុងព្រៃវែង។ សព្វថ្ងៃ ដោយសារវ័យជរា ខ្ញុំមិនបានប្រកបមុខរបរអ្វីឡើយ គឺនៅមើលថែផ្ទះសម្បែង។ ប្តីខ្ញុំឈ្មោះ ពូជ អ៊ួន បានទទួលមរណភាពដោយជរាពាធក្នុងជន្មាយុ ៧៣ ឆ្នាំ។ ខ្ញុំមានកូនពីរនាក់ គឺប្រុសម្នាក់ និងស្រីម្នាក់។ ប៉ុន្តែជាអកុសល កូនម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារជំងឺទៅហើយ។
នៅមុនឆ្នាំ ១៩៧៥ ខ្ញុំគឺជាកសិករធ្វើស្រែចម្ការតាមប្រក្រតីនៅក្បែរៗផ្ទះកំណើតខ្ញុំ។ លុះចូលដល់របបខ្មែរក្រហម ខ្ញុំត្រូវអង្គការចាត់តាំងឱ្យចូលក្នុងកងចល័តដើម្បីធ្វើស្រែបង្កបង្កើនផល។ រឿងរ៉ាវដែលដក់ជាប់ក្នុងចិត្តខ្ញុំមិនអាចបំភ្លេចបាន គឺការបង្ខំឱ្យធ្វើការងារហួសកម្លាំង។ ក្នុងរដូវប្រមូលផល ខ្ញុំត្រូវចុះទៅច្រូតស្រូវចាប់តាំងពីម៉ោង ៤ ព្រឹក រហូតដល់ម៉ោង ៨ យប់ ទើបត្រូវកម្មាភិបាលខ្មែរក្រហមអនុញ្ញាតឱ្យត្រឡប់មកសម្រាកនៅភូមិវិញ។ ក្នុងស្ថានភាពធ្វើការងារដ៏សែនលំបាកទាំងផ្លូវកាយ និងផ្លូវចិត្តនេះ ខ្ញុំពុំដែលទទួលបានការហូបចុក និងសម្រាកគ្រប់គ្រាន់ឡើយ ហើយកូនតូចរស់ខ្ញុំត្រូវអង្គការឱ្យនៅសហករណ៍ជាមួយអ្នកដទៃ។ ទោះបីជាកូនយំរកម៉ែយ៉ាងណាក៏ដោយ ក៏មេភូមិមិនអនុញ្ញាតឱ្យខ្ញុំនៅមើលថែកូនដែរ គឺត្រូវបង្ខំឱ្យទៅស្ទូងស្រូវរហូតដល់យប់ទើបបានជួបមុខកូន។
ព្រឹត្តិការណ៍ទាំងនេះបានកើតឡើងក្នុងអំឡុងឆ្នាំ ១៩៧៧-១៩៧៨ ក្រោមការគ្រប់គ្រងរបស់តាយ័ត្ន តាតឹង និងតាយ៉ាវ ដែលជាមេភូមិ និងអ្នកទទួលខុសត្រូវក្នុងតំបន់។ នៅចុងសម័យនោះ មេភូមិបានចាប់ផ្តើមជម្លៀសប្រជាជនមួយចំនួនទៅកាន់តំបន់ដីខ្លាញ់ (ខេត្តពោធិ៍សាត់ ឬបាត់ដំបង) ប៉ុន្តែរូបខ្ញុំមិនត្រូវបានជម្លៀសទៅឆ្ងាយឡើយ គឺនៅបន្តធ្វើការក្នុងកងចល័តក្បែរភូមិកំណើត ដើម្បីប្រមូលផលស្រូវដែលកំពុងទុំ។
រាល់ពេលនឹកឃើញដល់បទពិសោធន៍ដ៏ជូរចត់ទាំងនេះ ខ្ញុំធ្លាប់មានអារម្មណ៍ខឹងស្អប់ និងគុំកួនខ្លាំងណាស់ ប៉ុន្តែបច្ចុប្បន្ន ក្នុងវ័យជរានេះ ខ្ញុំបានជ្រើសរើសយកការអត់ឱន និងអធ្យាស្រ័យដើម្បីឱ្យចិត្តបានស្ងប់។ ក្រៅពីការចងចាំក្នុងរបបខ្មែរក្រហម ខ្ញុំនៅចាំបានថា ភូមិកំណើតរបស់ខ្ញុំក៏ធ្លាប់រងគ្រោះដោយសារការទម្លាក់គ្រាប់បែក បណ្តាលឱ្យឆេះផ្ទះសម្បែងអ្នកភូមិអស់ជាច្រើនដែរ។
ក្នុងនាមជាអ្នកធ្លាប់ឆ្លងកាត់ ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយបានឈ្វេងយល់ពីអំពើអាក្រក់ និងភាពសាហាវយង់ឃ្នងនៃរបបខ្មែរក្រហម ដើម្បីឱ្យពួកគេរួបរួមគ្នាការពារ កុំឱ្យរបបដ៏ខ្មៅងងឹតបែបនេះកើតមានសារជាថ្មីនៅលើទឹកដីកម្ពុជាយើងទៀតឡើយ។
សម្ភាស និងសរសេរដោយ វ៉ាត តាំងនី យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តព្រៃវែង ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅភូមិតាកោ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។
អ៊ន់ អៀម៖ ទោះបីស្ថិតក្នុងរបបដ៏យង់ឃ្នង ក៏នៅមានមនុស្សចិត្តធម៌ដែរ
ខ្ញុំឈ្មោះ អ៊ន់ អៀម អាយុ ៥៧ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសំព័រ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង។ ខ្ញុំមានមុខរបរជាកសិករ ធ្វើស្រែចម្ការ និងដាំដំណាំបន្តិចបន្តួច។ ប្តីរបស់ខ្ញុំឈ្មោះ យ៉ន សុន អាយុ ៥៧ ឆ្នាំ ក៏ជាកសិករដែរ។ យើងមានកូនចំនួន ៤ នាក់ (ស្រី ១ នាក់ និងប្រុស ៣ នាក់) ដែលបច្ចុប្បន្នពួកគេប្រកបមុខរបរកាត់ដេរ និងធ្វើជំនួញខ្នាតតូច។
កាលពីសម័យខ្មែរក្រហម ខ្ញុំនៅជាកុមារនៅឡើយ ហើយត្រូវអង្គការបង្ខំឱ្យទៅឃ្វាលគោទាំងដែលគ្មានអាហារហូបគ្រប់គ្រាន់។ ក្នុងគ្រានោះ ឪពុករបស់ខ្ញុំមានភារកិច្ចជាអ្នកដឹកជញ្ជូនស្បៀងឱ្យកងចល័ត។ ចំណែកម្ដាយរបស់ខ្ញុំត្រូវចុះស្ទូង និងដកសំណាបជាប់ជាប្រចាំ និងតាមម៉ោងពេលកំណត់របស់អង្គការ។ ប្រសិនបើម្ដាយខ្ញុំទៅធ្វើការយឺតយ៉ាវតែបន្តិច នោះអង្គការនឹងរិះគន់ និងធ្វើបាបគាត់មិនខាន។ ចំពោះបងៗរបស់ខ្ញុំវិញ សុទ្ធតែត្រូវបានបញ្ជូនទៅធ្វើការជាកងចល័តទាំងអស់។ ពួកយើងពុំមាននរណាម្នាក់ហ៊ាននិយាយស្ដីអ្វីផ្ដេសផ្ដាសឡើយ ព្រោះឱ្យតែនិយាយខុសមាត់តែបន្តិច នឹងត្រូវអង្គការយកទៅធ្វើទារុណកម្ម ឬវាយធ្វើបាបយ៉ាងឃោរឃៅ។ ហេតុការណ៍ទាំងនេះបានកើតឡើងនៅភូមិស្នាយបុណ្យ ឃុំជីផុច ស្រុកមេសាង។
ទោះបីស្ថិតក្នុងរបបដ៏យង់ឃ្នង ក៏នៅមានកម្មាភិបាលចិត្តធម៌ដែរ គឺប្រធានភូមិឈ្មោះ ធុំ ត្រុច។ គាត់ជាមនុស្សល្អដែលមិនដែលធ្វើបាបអ្នកភូមិឡើយ ប៉ុន្តែបែរជាមានមនុស្សច្រណែនឈ្នានីស និងចោទប្រកាន់គាត់ថាធ្វើការមិនល្អទៅវិញ។ អ្នកភូមិខ្លះបានលើកឡើងថា ក្នុងកំឡុងពេលគាត់គ្រប់គ្រងភូមិ និងរោងបាយ គឺពួកយើងសម្បូរហូបចុកគ្រាន់បើ ខណៈអ្នកខ្លះទៀតបែរជារិះគន់ទៅវិញទៅមក។ រឿងរ៉ាវដែលគួរឱ្យរំភើបបំផុតនោះគឺ នៅពេលដែលអង្គការត្រៀមនឹងយកមេភូមិចិត្តធម៌រូបនេះទៅសម្លាប់ ប្រជាពលរដ្ឋនៅក្នុងភូមិបាននាំគ្នាដង្ហែជាក្បួនកាន់ទង់ជាតិ ទៅទទូចអង្វរសុំជីវិតគាត់មកវិញ។ ប្រសិនបើគ្មានសាមគ្គីភាពពីអ្នកភូមិទេ គាត់ប្រាកដជាត្រូវខ្មែរក្រហមសម្លាប់បាត់ទៅហើយ។
នៅពេលនឹកឃើញដល់រឿងរ៉ាវទាំងនេះ ខ្ញុំនៅតែនឹកឃើញពីគុណបំណាច់មេភូមិចិត្តល្អ។ ទោះបីជាមានកំហុសបន្តិចបន្តួច ក៏ខ្ញុំពុំដែលមានអារម្មណ៍ខឹងសម្បារ និងគុំកួនចំពោះគាត់ឡើយ។ ប៉ុន្តែ ខ្ញុំបែរជាយល់សប្ដិអាក្រក់ចំពោះរបបខ្មែរក្រហមទៅវិញថា កម្មាភិបាលខ្មែរក្រហមបានកាន់កាំបិតដេញកាប់សម្លាប់ប្រជាជនគួរឱ្យរន្ធត់។ ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយបានដឹងថា សម័យមុនគឺលំបាកវេទនាណាស់ បើប្រៀបធៀបនឹងបច្ចុប្បន្នដែលប្រជាជនរស់នៅដោយសេរី និងមានភាពងាយស្រួល។
សព្វថ្ងៃ ខ្ញុំមានជំងឺរលាកសន្លាក់ដែលបណ្ដាលមកពីវ័យជរា និងធ្លាប់បានព្យាបាលដោយប្រើប្រាស់ថ្នាំពេទ្យជាបន្តបន្ទាប់។ អ្វីដែលខ្ញុំបារម្ភបំផុតនាពេលនេះ ទោះបីជាស្ថានភាពភូមិឃុំបច្ចុប្បន្នមានការអភិវឌ្ឍល្អប្រសើរ មានគ្រឿងឧបភោគបរិភោគគ្រប់គ្រាន់ មានអគ្គិសនីប្រើប្រាស់ និងមានផ្លូវថ្នល់ធ្វើដំណើរងាយស្រួលក៏ដោយ ក៏បញ្ហាសន្តិសុខតាមព្រំដែន នៅតែជាបញ្ហាចម្បងសម្រាប់ខ្ញុំ។ ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងយោធាថៃកាលពីចុងឆ្នាំ ២០២៥ កន្លងទៅ បានធ្វើឱ្យខ្ញុំមានក្ដីបារម្ភយ៉ាងខ្លាំង ព្រោះខ្ញុំខ្លាចកើតមានសង្គ្រាមម្ដងទៀត និងបារម្ភខ្លាចគេរំលោភបំពានយកទឹកដីរបស់ប្រទេសកម្ពុជាយើង។
សម្ភាស និងសង្ខេបដោយ អាង ស្រីពៅ យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តព្រៃវែង ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ រស់នៅភូមិសំព័រ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង។ សម្ភាសនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥។