Home / Post

Anlong Veng Peace Center: The Visitors

On April 30, 2026 Anlong Veng Peace Center hosted a visit of six students of Trapeang Prey Secondary School to see our permanent 100 photo exhibition at Ta Mok’s former museum as a means to learn about what happened during the Khmer Rouge regime (1975-1979).

Man Sokly, 16 years old, said: “I am glad to have participated in this group study today because each photo could let me learn about the history. With the guidacne of a researcher, I feel each photo has provided me with an unforgettable memory of the past. I could imagine how our older generation in Cambodia suffered during the Pol Pot regime. I am also impressed by workers on the salt fields at that time. They worked under the heat of the sun, while having no hats at all. They must be faced with hardship and exhaustion.”

មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

ដំណើរទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង និងសារមន្ទីរផ្ទះតាម៉ុក

មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងបានទទួលស្វាគមន៍សិស្សចំនួន៦នាក់ មក​ពី​អនុវិទ្យា​ល័យ​ត្រពាំង​ប្រិយ៍​ ដើម្បីទស្សនាពិព័រណ៍រូបថត និងសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រខ្មែរក្រហម(១៩៧៥-១៩៧៩) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។ កម្មវិធីសិក្សានេះធ្វើឡើងក្នុងគោលបំណងផ្សាភ្ជាប់សិស្សានុសិស្សទៅនឹងទិដ្ឋភាពជីវិតរបស់ប្រជាជននៅក្នុងតំបន់អន្លង់វែង តាមរយៈពិព័រណ៍ថតរូបចំនួន១០០សន្តឹកដើម្បី «ការចងចាំយុតិ្តធម៌» ដែលដាក់តាំងបង្ហាញនៅសារមន្ទីរផ្ទះតាម៉ុក។

ស្រុកអន្លង់វែង មិនត្រឹមតែជាតំបន់ភូមិសាស្ត្រដែលមានសក្ដានុពលទេសចរណ៍ធម្មជាតិនោះទេ ប៉ុន្តែវាគឺជា «សាក្សីរស់» នៃប្រវត្តិសាស្ត្រចុងក្រោយរបស់ក្រុមខ្មែរក្រហម។ ការរៀបចំពិព័រណ៍រូបថតនៅសារមន្ទីរផ្ទះតាម៉ុក បានក្លាយជាស្ពានចម្លងចំណេះដឹងយ៉ាងសំខាន់សម្រាប់សិស្សានុសិស្ស និងយុវជន ដើម្បីស្វែងយល់ពីឫសគល់នៃសង្គ្រាម និងតម្លៃនៃសន្តិភាព។ រូបថតនីមួយៗដែលដាក់តាំងបង្ហាញក្នុងផ្ទះតាម៉ុក មិនមែនគ្រាន់តែជាក្រដាសពណ៌សខ្មៅនោះទេ ប៉ុន្តែវាគឺជា «ភស្តុតាងដែលមិនចេះនិយាយកុហក»។ សម្រាប់សិស្សានុសិស្ស ការបានឃើញរូបភាពផ្ទាល់ភ្នែកអំពីសកម្មភាពរស់នៅប្រចាំថ្ងៃក្នុងសម័យសង្គ្រាម រូបថតរចនាសម្ព័ន្ធដឹកនាំ ,បុគ្គលសំខាន់ៗនៃចលនាខ្មែរក្រហម, ទិដ្ឋភាពនៃការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការតស៊ូរបស់ប្រជាជន។ រូបភាពទាំងនេះជួយឲ្យសិស្សានុសិស្ស ងាយយល់ជាងការអានត្រឹមតែអត្ថបទក្នុងសៀវភៅពុម្ព ដែលធ្វើឲ្យប្រវត្តិសាស្ត្រក្លាយជារូបភាពរស់រវើកក្នុងខួរក្បាលរបស់ពួកគេ។

សិស្សជាច្រើនដែលរស់នៅតំបន់អន្លង់វែង គឺជាកូនចៅរបស់អ្នករសរានមានជីវិតពីសម័យខ្មែរក្រហម ដែលបានឆ្លងកាត់ផ្ទាល់។ ការរៀបចំបង្រៀនតាមរយៈពិព័រណ៍រូបថតក្នុងសារមន្ទីរផ្ទះតាម៉ុក ជួយឲ្យសិស្ស ទទួលយកការពិត យល់ដឹងពីកំហុសឆ្គងក្នុងអតីតកាល ដើម្បីកុំឲ្យកើតឡើងជាថ្មី។ បន្ថែមពីនេះ ធ្វើឲ្យមានការអត់ឱន ការយល់ដឹងពីប្រវត្តិសាស្ត្រជួយកាត់បន្ថយការរើសអើង និងបង្កើនការយោគយល់គ្នានៅក្នុងសង្គម។ សិស្សានុសិស្សមានមោទនភាពចំពោះតំបន់របស់ខ្លួន ដែលបានប្រែក្លាយតំបន់ដែលធ្លាប់តែល្បីខាងសង្គ្រាម ឲ្យទៅជាតំបន់ប្រវត្តិសាស្ត្រសម្រាប់សិក្សា និងទាក់ទាញទេសចរណ៍មកកំសាន្ត។

ការផ្សារភ្ជាប់សិស្សានុសិស្ស និងយុវជនជាមួយពិព័រណ៍រូបថតនៅសារមន្ទីរផ្ទះតាម៉ុក មិនមែនដើម្បីរំឮកការឈឺចាប់នោះទេ ប៉ុន្តែដើម្បី «ចងចាំអតីតកាល កសាងបច្ចុប្បន្ន និងតម្រង់ទិសអនាគត»។ រូបថតទាំងនោះគឺជាមេរៀនសន្តិភាពដ៏មានអំណាចបំផុត ដែលជួយឲ្យយុវជនជំនាន់ក្រោយ ក្លាយជាកម្លាំងចលករក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍជាតិឲ្យបានរឹងមាំជានិរន្តរ៍។

នៅផ្នែកចុងក្រោយសិស្សានុសិស្សបានសម្ដែងនូវការយល់ឃើញផ្សេងៗគ្នាបន្ទាប់ពីបានចូលរួមក្នុងវេទិកាដូចតទៅ៖

ដុម ដាលីន ភេទស្រី អាយុ១៧ឆ្នាំ រៀនថ្នាក់ទី៩ នៃអនុវិទ្យាល័យត្រពាំងប្រិយ៍ បានបង្ហាញចំណាប់អារម្មណ៍ដូចតទៅ «បន្ទាប់ពីបានចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សាពិព័រណ៍រូបថតចំនួន១០០សន្លឹករួចមក ខ្ញុំពិតជាបានយល់ដឹងបានច្រើនពីរឿងរ៉ាវប្រវត្តិសាស្រ្តដែលបានកើតមានឡើងនៅក្នុងរបបខ្មែរក្រហម។ ពិព័រណ៍រូបថតទាំងនោះ បានបង្ហាញឲ្យឃើញពីសកម្មភាពធ្វើការងាររបស់ប្រជាជននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) និងមានរូបថតប្រជាជននៅតំបន់អន្លង់វែងមួយចំនួនទៀតដែលបង្ហាញពីការធ្វើសមាហរណកម្មបញ្ចប់សង្គ្រាម រូបថតរៀបអាពាហ៍ពិពាហ៍នៅក្នុងឆ្នាំ១៩៩០។ ខ្ញុំផ្ទាល់ក៏ធ្លាប់បានទៅទស្សនានៅ «គុកទួលស្លែង» នៅទីនោះខ្ញុំបានឃើញរូបភាព ទីកន្លែងជាច្រើនដែលបន្សល់ទុកពីរបបខ្មែរក្រហម។ ក្នុងនាមជាសិស្សានុសិស្សមួយរូប ខ្ញុំគិតថាការសិក្សារៀនសូត្រពីប្រវត្តិសាស្រ្ត គឺពិតជាល្អសម្រាប់ការចងចាំ ដើម្បីបន្តផ្សព្វផ្សាយ និងបង្រៀនដល់យុវជនជំនាន់ក្រោយៗទៀត»។

ម៉ន សុខលី ភេទស្រី អាយុ១៦ឆ្នាំ បានលើកឡើងថា «ខ្ញុំ ពិតជាសប្បាយចិត្តក្នុងការមកចូលរួមសិក្សាពីប្រវត្តិសាស្រ្តនៅថ្ងៃនេះ ពីព្រោះបានធ្វើឲ្យខ្ញុំយល់ដឹងពីផ្ទាំងរូបថតនីមួយៗដែលដាក់តាំងនៅទីនេះ។ ពីមុនមកខ្ញុំ ធ្លាប់បានចូលមកទស្សនានៅសាមរន្ទីរផ្ទះតាម៉ុក និងពិព័រណ៍រូបថតទាំងនេះ ប៉ុន្តែខ្ញុំមិនបានយល់ដឹងអំពីសាច់រឿងនៅក្នុងរូបថតនីមួយៗដូចពេលនេះទេ ដែលមានក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានធ្វើបទបង្ហាញ និងពន្យល់ពីរូបថតនីមួយៗដល់ខ្ញុំ។ ជាការពិត ណាស់ការសិក្សាប្រវត្តិសាស្រ្តតាមរយៈរូបថត គឺបានជួយបង្កើនដល់ការចងចាំបានច្រើន ដោយសារយើងបានមើលឃើញរូបភាពជាក់ស្ដែង ដែលអាចឲ្យយើងស្រមើលស្រម៉ៃទៅតាមរូបភាពទាំងនោះ។ ខ្ញុំ ចាប់អារម្មណ៍ទៅលើពិព័រណ៍រូបថត «ប្រជាជនធ្វើការនៅស្រែអំបិល» ក្នុងរបបខ្មែរក្រហម។ រូបថតនេះបានបង្ហាញអំពីការងារនៅកណ្ដាលថ្ងៃក្ដៅ គ្មានមួកពាក់សមរម្យ ដែលបានធ្វើឲ្យខ្ញុំដឹងពីទុក្ខលំបាក ភាពនឿយហត់ របស់ប្រជាជននៅក្នុងរបបខ្មែរក្រហម»។

សូ ស្រី ពេជ្រ ភេទស្រី អាយុ១៥ឆ្នាំ បាននិយាយថា «បន្ទាប់ពីខ្ញុំបានទស្សនាពិព័រណ៍រូបថត និងឯកសារ សៀវភៅ នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង និងសារមន្ទីរផ្ទះតាម៉ុក ខ្ញុំពិតជាទទួលបានចំណេះដឹងបន្ថែមពីប្រវត្តិសាស្រ្តដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម។ ពិព័រណ៍រូបថតទាំងអស់ដែលដាក់តាំងនៅសារមន្ទីរផ្ទះតាម៉ុក សុទ្ធតែបានបង្ហាញឲ្យឃើញពីរបៀបរបបការរស់នៅ ការធ្វើការរបស់ប្រជាជនខ្មែរតាំងពីរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ខ្មែរក្រហមធ្វើសមាហរណកម្មបញ្ចប់សង្គ្រាម។ ហេតុនេះហើយ ខ្ញុំគិតថាទុក្ខលំបាក ភាពឈឺចាប់ ដែលប្រជាជនខ្មែរបានជួប យុវជនជំនាន់ក្រោយដូចជាខ្ញុំត្រូវតែដឹង ដើម្បីធ្វើយ៉ាងណាកុំឲ្យកើតមានរបបផ្ដាច់ការនេះម្ដងទៀត។ ខ្ញុំ ចង់ឲ្យបង្កើតក្រុមសិក្សាបែបនេះជាប្រចាំ ដើម្បីសិស្សានុសិស្សបានសិក្សាស្វែងយល់កាន់តែច្បាស់ពីប្រវត្តិសាស្រ្តដែលបានកើតឡើង៕

Anlong Veng Peace Center: Workspace, classroom, and library for students.
Students Visiting the Center and Ta Mok’s Former House or Museum.
April 30, 2026.​

https://photos.app.goo.gl/ANZcbPu8qATMesdL7