Home / Post

Prey Veng Documentation Center: Khmer Rouge Survivor’s Unforgettable Life Story (Part 11)

[សប្តាហ៍ទី៣ ខែឧសភា ឆ្នាំ២០២៦]
អត្ថបទខាងក្រោម ជាសំណេររបស់យុវជនស្ម័គ្រចិត្តកម្ពុជា បន្ទាប់ពីអ្នកទាំងនោះបានជួបសម្ភាស និងសំណេះសំណាលជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលស្ថិតនៅក្នុងភូមិឃុំរបស់ខ្លួនរួច ហើយត្រូវបានកែសម្រួលអក្ខរាវិរុទ្ធ និងឃ្លោងឃ្លាដោយ ដារ៉ារដ្ឋ មេត្តា, ថុន ស្រីពេជ្រ, ជីម សុខគា និង ធឹប ស្រីនិច្ច។ ស្នាដៃទាំងនេះ គឺជាលទ្ធផលសកម្មភាពមួយនៃគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម»។

អត្ថបទខ្លីៗទាំំងនេះ ពុំមែនជាអត្ថបទដែលរៀបរាប់គ្រប់ជ្រុងជ្រោយពីជីវប្រវត្តិ និងបទពិសោធន៍ពេញលេញរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឡើយ ប៉ុន្តែវាគ្រាន់តែជាអត្ថបទរៀបរាប់ដោយសង្ខេបពី «រឿងរ៉ាវជីវិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលចងចាំជាងគេ និងមិនអាចបំភ្លេចបានក្នុងឆាកជីវិតរបស់គាត់»។

អត្ថបទទាំងនេះ ត្រូវបានផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់មជ្ឈមណ្ឌលឯកសារកម្ពុជា មានឈ្មោះជាភាសាអង់គ្លេស Genocide Education in cambodia ជារៀងរាល់ថ្ងៃនៅលើទំព័រហ្វេសប៊ុក គេហទំព័រ និងបណ្តាញព័ត៌មានរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដូចជាទស្សនាវដ្តីស្វែងរកការពិត​ និងសារព័ត៌មាន ឌីញូ។

WEEK 3- MAY 2026
The following texts were written by Cambodian youth volunteers after they interviewed and interacted with Khmer Rouge survivors living in their local villages and communes. The writings were edited for spelling and phrasing by Dararath Metta, Thon Sreypich, Jim Sokchea, and Thib Sreynich. These works are the result of an activity under the project on “Promoting Democracy and Good Governance through Youth Volunteer Leadership in Social Activities”.

These short pieces of writing do not provide a comprehensive biography or a full account of the survivors’ experiences under the Khmer Rouge regime. Instead, they are brief narratives of the “stories from the lives of Khmer Rouge survivors that they remember most vividly and can never forget.”

These articles are published daily via the Documentation Center of Cambodia’s (DC-Cam) Facebook page, titled “Genocide Education in Cambodia,” as well as on its website and other media outlets, including Searching for the Truth magazine and The D-news.

សួស ផាន់៖ ពីនីរសារខ្មែរក្រហមមុនឆ្នាំ ១៩៧៥ ទៅជាអ្នកឡើងត្នោតបន្ទាប់ពីជ័យជម្នះរបស់ខ្មែរក្រហម

ខ្ញុំឈ្មោះ សួស ផាន់ អាយុ៨៧ឆ្នាំ ជាពោះម៉ាយរស់នៅភូមិតាវ៉ា ឃុំអូរ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។ បច្ចុប្បន្ន ខ្ញុំស្នាក់នៅតែផ្ទះទេ ព្រោះខ្ញុំមានអាយុកាន់តែច្រើនលែងប្រកបការងារអ្វីបានហើយ។ កាលពីរបបខ្មែរក្រហម អង្គការចាត់ខ្ញុំឱ្យធ្វើជានីរសារ និងក្រោយមកជាអ្នកដាំបន្លែ។ ប្រពន្ធខ្ញុំឈ្មោះ ឡុង ប៉ាច  អាយុ៧៣ឆ្នាំ។ គាត់ពិការភ្នែកមិនអាចមើលឃើញអ្វីទេ ក្រោយមកគាត់បានស្លាប់។ ខ្ញុំមានកូនចំនួន៧នាក់គឺស្រីចំនួន៥នាក់និងប្រុសចំនួន២នាក់។
ក្រោយពីមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ កងទ័ពសាធារណរដ្ឋខ្មែរ បានមកបង្ខំខ្ញុំឱ្យចូលធ្វើជាទាហាន ប៉ុន្តែខ្ញុំមិនយល់ព្រមឡើយ។ ក្រោយមក ខ្ញុំបានរត់ចូលព្រៃដើម្បីបម្រើក្រុមខ្មែរក្រហម។ កាលនោះ ខ្ញុំត្រូវក្រុមខ្មែរក្រហមចាត់តាំងឱ្យធ្វើជានីរសារ និងជាអ្នកយាមផ្លូវកម្មាភិបាលភូមិភាគធ្វើដំណើរចុះឡើងត្រួតពិនិត្យការងារ ឬការប្រជុំផ្សេងៗ។ ក្រោយមកទៀត នៅពេលខ្មែរក្រហម ទទួលបានជ័យជម្នះលើរបប លន់ នល់ ទាំងស្រុងនៅឆ្នាំ១៩៧៥ តួនាទីរបស់ខ្ញុំត្រូវបានជំនួសដោយ តាឡុក ព្រោះគាត់ធ្លាប់ធ្វើកិច្ចការងារជានីរសារនេះជាយូរមកហើយ។ ខ្ញុំត្រូវអង្គការផ្លាស់ប្តូរការងារជានីរសារ ទៅជាអ្នករាស់ដី ដាំដំណាំ និងធ្វើស្រែវិញ។ កន្លែងដែលខ្ញុំធ្វើការគឺនៅក្នុងភូមិថ្លុកក្រោម។ ខ្ញុំត្រូវធ្វើការជាមួយក្មេងៗ និងមនុស្សធំ សរុបចំនួន១០នាក់។ នៅថ្ងៃមួយ ខ្ញុំត្រូវអង្គការបង្អត់បាយមួយថ្ងៃពេញ ដោយសារតែអង្គការជឿតាមការចោទប្រកាន់ពី តាអំ ថាខ្ញុំជាខ្មាំងខ្ជិលច្រអូសមិនធ្វើការ។ ខ្ញុំមិនទទួលយកការចោទប្រកាន់នេះទេ។ ខ្ញុំបានឆ្លើយប្រាប់អង្គការថាខ្ញុំមិនបានខ្ជិលច្រអូសឡើយ។ ខ្ញុំក៏បានស្នើឱ្យអង្គការស៊ើបសួរ តាអុន និង តាឈឹម ពីខ្ញុំ ព្រោះគាត់បានដឹងច្បាស់ថាខ្ញុំជាមនុស្សបែបណា។  ក្រោយមក ខ្មែរក្រហមបានប្តូរការងារឱ្យខ្ញុំធ្វើជាអ្នកឡើងត្នោតវិញម្តង។ នៅរបបខ្មែរក្រហម ខ្ញុំហូបបានតែបបរ ជាមួយគល់ចេក និង គល់ល្ហុងប៉ុណ្ណោះ។
ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយចងចាំពីរឿងរ៉ាវកើតឡើងកាលពីជំនាន់ខ្មែរក្រហម ព្រោះខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយបានដឹង និងចងចាំថារបបនេះលំបាករស់នៅណាស់។

ដោយ ជា វិច្ឆិកា យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តកំពង់ស្ពឺ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។  រស់នៅភូមិតាវ៉ា ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
។  សម្ភាសនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៥។

នាង រ៉េន៖ ឈ្លបនាំនារីម្នាក់កំពុងធ្វើការជាមួយខ្ញុំយកទៅសម្លាប់

ខ្ញុំឈ្មោះ នាង រ៉េន សព្វថ្ងៃជាស្រ្តីមេម៉ាយ អាយុ ៨៤ឆ្នាំ រស់នៅភូមិក្រាំងចោទ ឃុំអូរ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។ ដោយសារវ័យជរា និងពិការដៃម្ខាងព្រោះតែការដើរដួលផងនោះ សព្វថ្ងៃនេះខ្ញុំពុំអាចប្រកបមុខរបរអ្វីបានឡើយ។ ប្តីរបស់ខ្ញុំឈ្មោះ ប៊ូ ប៉ិច បានទទួលមរណភាពដោយសារជំងឺ ក្នុងជន្មាយុ ៩២ឆ្នាំ ហើយយើងខ្ញុំមានកូនចំនួន ៤នាក់ (ស្រី ២នាក់ និងប្រុស ២នាក់)។
រំឭកដល់របបខ្មែរក្រហម អង្គការបានចាត់តាំងខ្ញុំឱ្យចូលកងចល័ត និងត្បាញកន្ទេលនៅភូមិព្រៃជាំ ឃុំកាត់ភ្លុក ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ កាលណោះ អង្គការបានកំណត់ភារកិច្ចដាច់ខាតថា ក្នុងរយៈពេល ៣ ថ្ងៃ ខ្ញុំត្រូវតែត្បាញកន្ទេលឱ្យបានមួយ។ លុះចូលដល់រដូវប្រាំង ពួកគេបានប្រើខ្ញុំឱ្យកាប់គាស់ដី ជីកព្រែក និងស្ដារទំនប់។ ចំណែកនៅរដូវវស្សា អង្គការបានចាត់តាំងខ្ញុំឱ្យចុះទៅដកស្ទូងស្រូវ នៅឯភូមិស្វាយផ្អែម ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពតឯណោះ។
ខ្ញុំនៅចាំបានថា មានថ្ងៃមួយ ខណៈពេលដែលខ្ញុំកំពុងតែដកស្ទូងនៅភូមិស្វាយផ្អែម ស្រាប់តែមានឈ្លបខ្មែរក្រហមមកហៅសមាជិកនារីម្នាក់នៅក្នុងក្រុមរបស់ខ្ញុំ ដោយប្រាប់លេសថា គេនឹងបញ្ជូននាងឱ្យត្រឡប់ទៅស្រុកកំណើតវិញ ប៉ុន្តែការពិតគឺយកទៅសម្លាប់ចោល។ នារីម្នាក់នោះ ដែលកំពុងធ្វើការនៅក្បែរខ្ញុំ បានយំស្រែកប្រាប់ខ្ញុំថា «យាយអើយ យាយ! ខ្ញុំទៅហើយ មិនមានផ្លូវរស់ទេ មានតែស្លាប់!»។ អ្នកដែលបានដឹងឮ និងឃើញផ្ទាល់ភ្នែកនូវព្រឹត្តិការណ៍នេះ មានដូចជា ឈ្មោះ ហ៊ាង, ទី, ថាន, ឈុន, ស៊ីហេង និងឈ្មោះ រុន ដែលពួកគាត់សុទ្ធសឹងតែកំពុងធ្វើការនៅវាលស្រែជាមួយខ្ញុំ។ ពេលនោះ គ្មាននរណាម្នាក់ហ៊ានមាត់ក ឬសួរនាំរកហេតុផលអ្វីឡើយ។ ចំណែកឯការហូបចុកវិញ គឺខ្វះខាតតោកយ៉ាកណាស់ ដោយរាល់ថ្ងៃយើងហូបបានត្រឹមតែបបររាវលាយជាមួយដំឡូង និងពោតប៉ុណ្ណោះ។
រាល់ពេលដែលនឹកឃើញរឿងរ៉ាវក្នុងរបប ប៉ុល ពត ម្ដងៗ ខ្ញុំតែងតែមានអារម្មណ៍ខឹងស្អប់ពួកខ្មែរក្រហមយ៉ាងខ្លាំង។ ប៉ុន្តែ ដោយសារពេលវេលាកន្លងផុតទៅជាច្រើនឆ្នាំមកហើយ ខ្ញុំក៏មានអារម្មណ៍ថាអត់ឱន និងអហោសិកម្មឱ្យពួកគេ។ តាមរយៈរឿងរ៉ាវទាំងនេះ ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយចងចាំពីប្រវត្តិសាស្រ្តដ៏ជូរចត់ក្នុងរបបខ្មែរក្រហម ចេះឈឺចាប់ជំនួសចាស់ៗ និងត្រូវខិតខំរៀនសូត្រ ដើម្បីទប់ស្កាត់កុំឱ្យរបបឃោរឃៅបែបនេះអាចវិលត្រឡប់មកកើតឡើងជាថ្មីម្ដងទៀតឡើយ។

ដោយ ជា វិច្ឆិកា យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តព្រៃវែង ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។  រស់នៅភូមិក្រាំងចោទ ឃុំអូរ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។ សម្ភាសនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥។
ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។

ស៊ឹម ឆេង៖ សង្គ្រាមពេលបច្ចុប្បន្នធ្វើឱ្យខ្ញុំនឹកឃើញកាលពីខ្ញុំជាទាហានខ្មែរក្រហម

ខ្ញុំឈ្មោះ ស៊ឹម ឆេង អាយុ ៧៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្រាំងចោទ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ខ្ញុំជាកសិករ ហើយកាលពីមុនរបបខ្មែរក្រហម ខ្ញុំក៏ប្រកបមុខរបរធ្វើស្រែនេះដូចគ្នា។ ប្រពន្ធរបស់ខ្ញុំឈ្មោះ អូច យ៉ាន អាយុ ៧០ឆ្នាំ ក៏ជាកសិករដែរ។ យើងខ្ញុំមានកូនចំនួន ៧នាក់ (ស្រី ៣នាក់ និងប្រុស ៤នាក់) ដែលបច្ចុប្បន្នពួកគេសុទ្ធតែប្រកបមុខរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត។ ចំណែកឯនៅក្នុងរបបខ្មែរក្រហម អង្គការបានចាត់តាំងខ្ញុំឱ្យធ្វើជាកងយោធា។
រំឭកទៅដល់ឆ្នាំ១៩៦៩ ពេលដែលភូមិរបស់ខ្ញុំត្រូវធ្លាក់ក្នុងការគ្រប់គ្រងរបស់ខ្មែររំដោះ ខ្ញុំត្រូវបានគេចាត់តាំងឱ្យធ្វើជាឈ្លបភូមិ រហូតដល់ឆ្នាំ១៩៧១។ នៅឆ្នាំ១៩៧២ អង្គការបានជ្រើសរើសខ្ញុំឱ្យធ្វើជាយោធាប្រចាំឃុំអូរ ដើម្បីតស៊ូវាយប្រយុទ្ធជាមួយទាហាន លន់ នល់។ ខ្ញុំនៅចាំបានយ៉ាងច្បាស់ថា ក្នុងពេលធ្វើយោធានោះ មានថ្ងៃមួយមេឃភ្លៀងធ្លាក់យ៉ាងខ្លាំង បណ្តាលឱ្យលេណដ្ឋានរបស់ខ្ញុំជ្រាបទឹកចូល ហើយខ្ញុំត្រូវពួនត្រាំក្នុងទឹក និងភក់ពេញមួយយប់។ ថ្ងៃខ្លះទៀត ខ្ញុំមិនដែលបានស្លៀកសម្លៀកបំពាក់ស្ងួតនោះទេ គឺត្រូវស្លៀកទាំងសើមរហូត។ នឹកដល់រឿងនេះ ខ្ញុំមានអារម្មណ៍ខឹងសម្បារនឹងពួកខ្មែរក្រហមយ៉ាងខ្លាំង ព្រោះខ្ញុំខំតស៊ូក្រាញននៀលក្នុងភក់យ៉ាងលំបាកវេទនា ដើម្បីតែប្រជាជន ប៉ុន្តែពួកគេបែរជាធ្វើបាបប្រជាជននៅសមរភូមិក្រោយ តាមរយៈការបង្ខំឱ្យធ្វើការហួសកម្លាំង និងមិនមានអាហារហូបចុកគ្រប់គ្រាន់ទៅវិញ។
ចំណែកបងៗរបស់ខ្ញុំពីរនាក់ទៀតឈ្មោះ ស៊ឹម អឹម និង ស៊ឹម ឆម ត្រូវបានខ្មែរក្រហមចាត់តាំងឱ្យទៅធ្វើការនៅតាមសហករណ៍។ ឯប្អូនប្រុសពៅរបស់ខ្ញុំឈ្មោះ ស៊ឹម ឈន ក៏ត្រូវបានអង្គការចាត់តាំងឱ្យធ្វើជាយោធាខ្មែរក្រហមដែរ ប៉ុន្តែខ្ញុំមិនដឹងថាគេបញ្ជូនទៅទិសខាងណាឡើយ ហើយគាត់បានបាត់ខ្លួនរហូតមកដល់សព្វថ្ងៃ។ លុះដល់ចុងរបបខ្មែរក្រហមជិតដួលរលំ ពោលគឺក្នុងអំឡុងពេលប្រយុទ្ធជាមួយកងទ័ពវៀតណាមនៅឆ្នាំ១៩៧៩ សមាជិកក្រុមយោធារបស់ខ្ញុំដែលមានគ្នា ៥នាក់ ត្រូវទទួលរងនូវគ្រោះអកុសលស្លាប់អស់ ៤នាក់ គឺបន្សល់ទុកតែខ្ញុំម្នាក់ប៉ុណ្ណោះដែលរស់រានមានជីវិត។
ឆ្លងកាត់បទពិសោធន៍ដ៏ជូរចត់នេះ ខ្ញុំចង់ផ្ដាំផ្ញើឱ្យក្មេងៗជំនាន់ក្រោយចងចាំពីរឿងរ៉ាវដែលបានកើតឡើង និងចូលរួមទប់ស្កាត់កុំឱ្យរបបនេះកើតមានឡើងជាថ្មីម្ដងទៀត។ សព្វថ្ងៃនេះ ខ្ញុំមានជំងឺរលាកសន្លាក់ ឈឺចង្កេះ និងពុកឆ្អឹង ដែលខ្ញុំតែងតែខិតខំព្យាបាលដោយពឹងផ្អែកលើថ្នាំបុរាណខ្មែរ។ ទោះបីជាកូនចៅរបស់ខ្ញុំគ្មាននរណាម្នាក់ចូលបម្រើកងទ័ពក៏ដោយ ប៉ុន្តែរាល់ពេលដែលឮដំណឹងពីការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃ វាតែងតែប៉ះទង្គិចដល់អារម្មណ៍របស់ខ្ញុំ និងធ្វើឱ្យខ្ញុំនឹកឃើញដល់អតីតកាលដែលធ្លាប់ធ្វើយោធាខ្មែរក្រហម។ ខ្ញុំពិតជាមានក្ដីអាណិតអាសូរយ៉ាងខ្លាំងដល់ប្រពន្ធកូនកងទ័ព ដែលកំពុងរស់នៅក្បែរតំបន់ព្រំដែននោះ។

ដោយ ជា វិច្ឆិកា យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តកំពង់ស្ពី ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ រស់នៅភូមិ ក្រាំងចោទ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
។ សម្ភាសនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។

កេត រ៉ា៖ ខ្ញុំត្រូវអ្នកភូមិរើសអើងដោយសារខ្ញុំជាអ្នក១៧មេសា
ខ្ញុំឈ្មោះ កេត រ៉ា អាយុ ៦០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្រពាំងរាំង ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្ដតាកែវ និងប្រកបមុខរបរជាអ្នកធ្វើស្រែ។ ភរិយារបស់ខ្ញុំឈ្មោះ បិត សៀកលីវ អាយុ ៥២ឆ្នាំ ជាកសិករ។ យើងខ្ញុំមានកូនប្រុសចំនួន ៥នាក់ ដែលអ្នកខ្លះកំពុងសិក្សាជានិស្សិត និងខ្លះទៀតធ្វើការងារសំណង់។ កាលពីមុនរបបខ្មែរក្រហម ខ្ញុំនៅក្មេង និងស្ថិតក្នុងបន្ទុកគ្រួសារនៅឡើយ ប៉ុន្តែនៅក្នុងរបបនោះ ខ្ញុំត្រូវបានគេចាត់តាំងឱ្យធ្វើការនៅក្នុងកងកុមារ។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំនិងគ្រួសារត្រូវបានពួកខ្មែរក្រហមជម្លៀសចេញពីទីក្រុងភ្នំពេញ ឱ្យមករស់នៅស្រុកកំណើតខាងម្ដាយ ក្នុងភូមិត្រពាំងរាំង ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្ដតាកែវ។ ពេលមកផ្ទះម្តាយ ខ្ញុំត្រូវអង្គការបញ្ជូនឱ្យទៅរស់នៅ និងធ្វើការជាមួយកុមារដទៃទៀតក្នុងកងកុមារប្រចាំភូមិត្រពាំងរាំង ដោយអង្គការតម្រូវឱ្យស្នាក់នៅជុំគ្នាក្នុងផ្ទះរបស់បុគ្គលម្នាក់ឈ្មោះ ធី យឿន។ អង្គការបានប្រើឱ្យខ្ញុំរែកដី និងផ្ដល់ឱ្យហូបតែបបររាវប៉ុណ្ណោះ។ ជួនកាល ខ្ញុំត្រូវយកផ្លែខ្វិតមកលាយហូបជាមួយបបរ ទើបអាចចម្អែតក្រពះបានបន្តិច។ ក្នុងនាមជា «ប្រជាជន១៧មេសា» ខ្ញុំត្រូវបានអ្នកភូមិរើសអើង និងមើលងាយយ៉ាងខ្លាំង ដោយសារពួកគេដឹងថា ឪពុករបស់ខ្ញុំគឺជាទាហានមានស័ក្ដិ៣។
ក្រោយមក នៅឆ្នាំ១៩៧៨ ខ្មែរក្រហមបានចាប់ឪពុកខ្ញុំទៅដាក់គុកនៅកំពង់ចក ស្រុកព្រៃកប្បាស ដោយចោទប្រកាន់ថាគាត់ជាភ្នាក់ងារសេអ៊ីអា (CIA) ដែលចូលដៃជាមួយវៀតណាមដើម្បីផ្តួលរំលំរបបរបស់ខ្លួន។ បន្ទាប់ពីចាប់ឪពុកខ្ញុំរួច ពួកគេបានជម្លៀសគ្រួសារខ្ញុំបន្តទៀតឱ្យទៅរស់នៅ និងធ្វើការនៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស។ នៅទីនោះ ខ្ញុំនៅតែបន្តធ្វើការក្នុងកងកុមារដដែល ដោយអង្គការបានចាត់តាំងឱ្យខ្ញុំដើរដុតស្លឹកឈើ រែកដី និងជីកព្រែកនៅព្រៃផ្គាំ។ ជាសំណាងរបស់ខ្ញុំដែរ ដែលកាលនោះអង្គការបានផ្ដល់របបអាហារបានបរិបូរណ៍ជាងមុន។ ថ្ងៃមួយ ខ្ញុំមានជំងឺឈឺភ្នែកក្រហម ពេលនោះអង្គការបានបង្គាប់ឱ្យខ្ញុំយកម្ទេសមកញីលើភ្នែកដើម្បីជាការព្យាបាល។
លុះដល់ចុងឆ្នាំ១៩៧៨ ពោលគឺពេលដែលរបបខ្មែរក្រហមជិតដួលរលំ អង្គការបានបញ្ជូនខ្ញុំ និងគ្រួសារឱ្យត្រឡប់មកភូមិត្រពាំងរាំងវិញ។ អ្វីដែលគួរឱ្យត្រេកអរនោះគឺ ឪពុករបស់ខ្ញុំក៏ត្រូវបានគេដោះលែង ឱ្យមករស់នៅជួបជុំគ្រួសារវិញផងដែរ។

ដោយ ទ្រី សុក្រហេង យុវជនស្ម័គ្រចិត្តកម្ពុជាមកពីតាកែវ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។  រស់នៅភូមិភូមិត្រពាំងរាំង ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្ដតាកែវ។ សម្ភាសនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។  ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។

ស៊ឹម អ៊ឹម៖ អង្គការចែកអង្ករឱ្យខ្ញុំមួយកំប៉ុងសម្រាប់ហូបក្នុងរយៈពេល៧ថ្ងៃ
ខ្ញុំឈ្មោះ ស៊ឹម អ៊ឹម  អាយុ ៨៤ឆ្នាំ រស់នៅភូមិក្រាំងចោទ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នខ្ញុំគឺជាស្រ្តីមេម៉ាយ ដែលពុំមានមុខរបរអ្វីទេ គឺចាស់ជរា។ មុនរបបខ្មែរក្រហម ខ្ញុំមានមុខរបរធ្វើស្រែ។ ចំណែកនៅក្នុងរបបខ្មែរក្រហម ខ្ញុំត្រូវអង្គការចាត់ចូលប្រជាជនត្រៀម។ ប្ដីខ្ញុំឈ្មោះ ណុប សាន អាយុ៨៥ឆ្នាំ គាត់បានស្លាប់ហើយដោយសារជំងឺ។ ខ្ញុំមានកូនចំនួន៨នាក់គឺស្រីចំនួន៣នាក់ និងប្រុសចំនួន៥នាក់  មានប្រកបមុខរបរធ្វើស្រែទាំងអស់។
ក្នុងរបបខ្មែរក្រហម អង្គការបានចាត់ខ្ញុំឱ្យស្ថិតនៅក្នុងចំណោមប្រជាជនត្រៀម ព្រោះខ្ញុំមានប្រវត្តិរូបមិនល្អជាប់ពាក់ព័ន្ធនឹងរដ្ឋការ លន់ លន់ ព្រោះខ្ញុំមានបងប្អូនធ្លាប់ធ្វើការក្នុងរបបនោះ។ ដោយសារតែខ្ញុំជាប្រជាជនត្រៀម ខ្មែរក្រហមបានប្រើខ្ញុំឱ្យធ្វើការងារហត់នឿយណាស់ ពុំសូវមានពេលវេលាឈប់សម្រាកឡើយ។  ក្នុងពេលដែលខ្ញុំស្នាក់នៅភ្នំពុទ្រា ក្នុងខេត្តកំពង់ស្ពឺ ខ្មែរក្រហមបានប្រើខ្ញុំឱ្យទូលដំឡូងដើរកាត់ទឹកសន្សើមទាំងដែលខ្ញុំកំពុងមានផ្ទៃពោះជិតគ្រប់ខែ និងបានចាត់តាំងខ្ញុំឱ្យរែកទឹកទៅដាក់នៅកន្លែងចិញ្ចឹមជ្រូក ដោយកំណត់ឱ្យរែកឱ្យបានចំនួន ៣០ អំរែកក្នុងមួយថ្ងៃផង។ ខ្ញុំធ្វើការងារនេះរហូតដល់ខ្ញុំសម្រាលបានកូនមួយ។ បន្ទាប់ពីពេលសម្រាលកូនរួច អង្គការបានចែករបបអង្ករឱ្យខ្ញុំមួយកំប៉ុងសម្រាប់ហូបក្នុងរយៈពេល៧ថ្ងៃ។ ខ្ញុំនៅចងចាំថា ខ្មែរក្រហមបម្រុងចាប់ខ្ញុំនិងប្តីខ្ញុះយកទៅសម្លាប់ចោល ដោយសារអង្គការជឿសម្តីប្រធានកងឈ្មោះ តាជួន ដែលបានរាយការណ៍មូលបង្កាច់ខ្ញុំនិងប្ដីទៅថ្នាក់លើថាធ្វើការមិនបាន។ ប៉ុន្តែខ្ញុំនិងបី្តបែរជាមានសំណាងល្អវិញ ព្រោះ តាអ៊ំ ជាអ្នកមកជួយទាន់ពេលវេលា និងបានហាមឃាត់មិនឱ្យខ្មែរក្រហមសម្លាប់ខ្ញុំទាំងពីរនាក់ប្ដីប្រពន្ធ ទើបខ្ញុំនិងប្ដី អាចមានជីវិតរស់មកដល់បច្ចុប្បន្ន។
ខ្ញុំនៅចាំទៀតថា ថ្ងៃមួយក្នុងរដូវច្រូតកាត់ មិនដឹងឆ្នាំណាទេ ខ្ញុំបានស្នើសុំទៅប្រធានកងខ្ញុំ ឈ្មោះ តាហំ ដើម្បីឱ្យឈ្មោះ ច្រឹប ជាប្រជាជនជម្លៀស១៧មេសាដែរ បាននាំយកកូនតូចរបស់គាត់ទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលជំងឺ ហើយត្រូវប្រធានកងនោះស្តីបន្ទោសខ្ញុំ និងបដិសេធមិនឱ្យ ច្រឹប យកកូនទៅមន្ទីរពេទ្យឡើយ។ ថ្វីត្បិតតែជាប្រជាជន១៧មេសាពិតមែន តែ ច្រឹប បានខិតខំធ្វើការងារណាស់ ព្រោះតែខ្លាចខ្មែរក្រហមសម្លាប់។ គាត់មិនដែលហ៊ានឈប់សម្រាកពីការងារឡើយ។ កាលនោះ កូនរបស់ ច្រឹប ក្ដៅខ្លួនខ្លាំងណាស់ ទើបខ្ញុំដាច់ចិត្តសុំប្រធានកងឱ្យជួយសម្រួល។ តាហំ បានស្រែកសម្លុតដាក់ខ្ញុំថា «ម៉េចយាយឯងហ្នឹងពេទ្យឬ បើយាយឯងពេទ្យ ទុកមើលទៅ»? ខ្ញុំពុំអាចជួយ ច្រឹប បានឡើយ បានត្រឹមតែសម្រក់ទឹកភ្នែកអាណិតតែប៉ុណ្ណោះ។

សម្ភាស និងសង្ខេបដោយ ជា វិច្ឆិកា យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តកំពង់ស្ពឺ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ សម្ភាសនៅភូមិក្រាំងចោទ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥។  ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។

ហុង ហ៊ន់៖ ខ្ញុំឃើញខ្មែរក្រហមចាប់សមាជិកសហករណ៍យកទៅសម្លាប់

ខ្ញុំឈ្មោះ ហុង ហ៊ន់ អាយុ ៨០ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្ពានជ្រៃ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយសព្វថ្ងៃនេះ ខ្ញុំជាគ្រូបង្រៀនចូលនិវត្តន៍។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំត្រូវបានចាត់តាំងឱ្យស្ថិតនៅក្នុងកងចល័តយុវជន។ ខ្ញុំមានប្រពន្ធឈ្មោះ ស្រី ស្រឿន អាយុ ៧៦ ឆ្នាំ។ យើងមានកូន ៦ នាក់ (ស្រី ៣ នាក់ និងប្រុស ៣ នាក់) ដែលបច្ចុប្បន្នពួកគេប្រកបមុខរបរជាមន្ត្រីរាជការ និងជាកសិករ។
រឿងរ៉ាវដែលខ្ញុំចងចាំបំផុតមិនអាចបំភ្លេចបាន គឺនៅក្នុងឆ្នាំ ១៩៧៧ នៅពេលដែលលោក សោ ភឹម ដែលជាមេដឹកនាំភូមិភាគបូព៌ា ត្រូវបានអង្គការចោទប្រកាន់ថាក្បត់។ ពេលនោះ ខ្ញុំក៏ត្រូវបានកងទ័ពមកពីភូមិភាគនិរតីសង្ស័យដែរ ដោយនៅក្រោមផ្ទះរបស់ខ្ញុំ តែងតែមានឈ្លបមកលបតាមដានជារៀងរាល់យប់។ មួយរយៈក្រោយមក ខ្ញុំក៏បានរួចផុតពីការតាមដានរបស់អង្គការ បន្ទាប់ពីពួកគេរកមិនឃើញកំហុសរបស់ខ្ញុំ ប៉ុន្តែទោះជាយ៉ាងណា ក្នុងចិត្តខ្ញុំតែងតែមានក្តីភ័យខ្លាចជាខ្លាំង ក្រែងលោឈ្លបចាប់ខ្លួនយកទៅសម្លាប់នៅពេលណាមួយ។
នៅឆ្នាំ ១៩៧៧ ដដែលនោះ ថ្ងៃមួយខ្ញុំបានឃើញខ្មែរក្រហមចាប់ខ្លួនបុរសម្នាក់ឈ្មោះ ឯក ហាក់ ដែលមានតួនាទីជាសមាជិកសហករណ៍ ដោយអង្គការចោទប្រកាន់គាត់ថាក្បត់។ ខ្មែរក្រហមបានចាប់ខ្លួនគាត់នៅភូមិស្ពានជ្រៃ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នេះឯង រួចនាំយកទៅឃុំឃាំង និងបង្អត់បាយទឹកអស់រយៈពេល ៧ ថ្ងៃ។ បន្ទាប់មក ទើបគេបញ្ជូនខ្លួន ឯក ហាក់ រួមទាំងមនុស្សជាច្រើននាក់ទៀតដែលត្រូវចោទថាក្បត់ ឡើងលើឡានឃ្លុបមួយ ដើម្បីដឹកយកទៅសម្លាប់នៅទីកន្លែងដ៏ឆ្ងាយដាច់ស្រយាលពីផ្ទះអ្នកភូមិ។ ខ្ញុំបានឮតៗគ្នាពីអ្នកភូមិថា ខ្មែរក្រហមបានសម្លាប់ ឯក ហាក់ និងអ្នកដទៃទៀត ដោយធាក់ទម្លាក់ពីលើឡាន រួចវាយសម្លាប់ទម្លាក់ចូលទៅក្នុងរណ្ដៅអាបេ (ស្នាមរណ្ដៅគ្រាប់បែកដែលបន្សល់ទុកតាំងពីទសវត្សរ៍ឆ្នាំ ៧០)។ នេះគឺជាព្រឹត្តិការណ៍ដ៏សាហាវឃោរឃៅនៃការបោសសម្អាត និងសម្លាប់កម្មាភិបាលនៅភូមិភាគបូព៌ាដែលខ្ញុំបានដឹង។
ចំណែកឯការរស់នៅ និងហូបចុកវិញ គឺមានភាពលំបាកវេទនាជាខ្លាំង ខ្ញុំមិនដែលស្គាល់ពាក្យថាហូបឆ្អែតគ្រប់គ្រាន់នោះទេ គឺបានត្រឹមតែរបបបបររាវៗបន្តិចបន្តួចប៉ុណ្ណោះ។ ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយចងចាំនិងរៀនសូត្រស្វែងយល់ពីរបបដឹកនាំដ៏ឃោរឃៅ ព្រៃផ្សៃ និងជាភេរវកម្មប្រល័យពូជសាសន៍មួយនេះ។ ដោយឡែក ថ្វីត្បិតតែខ្ញុំមិនមានកូនចៅធ្លាប់ចូលបម្រើក្នុងកងទ័ពក៏ដោយ ប៉ុន្តែរាល់ពេលមានការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងយោធាថៃ នៅតាមព្រំដែន ខ្ញុំតែងតែមានក្តីបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពរបស់បងប្អូនកងទ័ពនៅជួរមុខ ហើយវាក៏បានប៉ះពាល់ដល់អារម្មណ៍របស់ខ្ញុំដែរ ព្រោះទង្វើរបស់ថៃគឺជាការរំលោភឈ្លានពានមកលើទឹកដីកម្ពុជា។

សម្ភាស និងសរសេរដោយ សិលា បញ្ញាវុធ យុវជនស្ម័គ្រចិត្តកម្ពុជាមកពីត្បូងឃ្មុំ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។  សម្ភាសនៅភូមិស្ពានជ្រៃ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។  ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។

យ៉ែម យ៉ន់៖ ម្តាយខ្ញុំស្លាប់ និងប្អូនប្រុសខ្ញុំពិការដោយសារគ្រាប់បែក បេ-៥២

ខ្ញុំឈ្មោះ យ៉ែម យ៉ន់ អាយុ ៧៤ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដុង ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ មុខរបរបច្ចុប្បន្នរបស់ខ្ញុំ គឺនៅផ្ទះ (មេផ្ទះ)។ កាលពីមុនរបបខ្មែរក្រហម ខ្ញុំបានសាងភ្នួសជាព្រះសង្ឃ ប៉ុន្តែនៅក្នុងរបបខ្មែរក្រហមវិញ ខ្ញុំត្រូវបានចាត់តាំងឱ្យធ្វើការនៅក្នុងកងចល័ត។ ប្រពន្ធរបស់ខ្ញុំឈ្មោះ ជា សារឹម អាយុ ៦២ ឆ្នាំ ប្រកបមុខរបរធ្វើបង្គីលក់។ យើងមានកូនចំនួន ៤ នាក់ គឺកូនប្រុស ២ នាក់ និងកូនស្រី ២ នាក់។
រឿងរ៉ាវដែលខ្ញុំចងចាំបំផុតមិនអាចបំភ្លេចបាន គឺនៅឆ្នាំ ១៩៧៣ មានព្រឹត្តិការណ៍ទម្លាក់គ្រាប់បែក បេ-៥២ ពីលើយន្តហោះនៅខាងត្បូងភ្នំតាម៉ៅ ដែលកាលនោះ ម្ដាយ និងប្អូនប្រុសរបស់ខ្ញុំកំពុងធ្វើចម្ការនៅក្បែរនោះដែរ។ ពេលគ្រាប់បែក បេ-៥២ ធ្លាក់ចុះមក បានត្រូវចំម្ដាយរបស់ខ្ញុំបណ្ដាលឱ្យគាត់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកឯប្អូនប្រុសរបស់ខ្ញុំត្រូវដាច់ជើងម្ខាង។ សម្រាប់រូបខ្ញុំ ទោះបីជាបានបួសជាសង្ឃតាំងពីឆ្នាំ ១៩៧០ មកក៏ដោយ ក៏បានរងគ្រោះក្នុងហេតុការណ៍នោះដែរ ដោយសារផ្សែងគ្រាប់បែកបេ-៥២ បានរាលមកប៉ះភ្នែករបស់ខ្ញុំ បណ្ដាលឱ្យងងឹតមើលអ្វីពុំឃើញទាល់តែសោះ។ បន្ទាប់ពីគ្រោះថ្នាក់ដ៏រន្ធត់នេះមក ឪពុករបស់ខ្ញុំ បានប៉ះពាល់ដល់ផ្លូវចិត្ត ស្មារតី និងអារម្មណ៍របស់គាត់យ៉ាងខ្លាំង ព្រោះតែសេចក្តីនឹកអាណិតអាសូរដល់ម៉ែខ្ញុំដែលបានស្លាប់ និងកូនប្រុសដែលត្រូវពិការជើងម្ខាងក្នុងគ្រាអាសន្ននោះ។ ក្រោយមក ឪពុករបស់ខ្ញុំចាប់ផ្តើមនិយាយស្តីលែងសូវដឹងអ្វីទាំងអស់ ហើយមួយឆ្នាំក្រោយមក គឺនៅឆ្នាំ ១៩៧៤ គាត់ក៏បានទទួលមរណភាពទៅ។
នៅក្នុងអំឡុងឆ្នាំ ១៩៧៥ ខ្ញុំនៅជាព្រះសង្ឃមិនទាន់ដោះស្បង់ចីពរនៅឡើយទេ។ ទោះបីជាដូច្នេះក្តី ក៏ខ្មែរក្រហមនៅតែចាត់តាំងខ្ញុំឱ្យចូលរួមធ្វើការជីកព្រែក និងលើកទំនប់នៅភូមិត្រពាំងរាំង ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវដែរ។ ដោយសារតែភ្នែករបស់ខ្ញុំមើលមិនសូវឃើញ និងស្ថិតក្នុងភាពជាព្រះសង្ឃផង ទើបខ្មែរក្រហមអនុញ្ញាតឱ្យខ្ញុំធ្វើការតែមួយម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។
នៅពាក់កណ្ដាលឆ្នាំ ១៩៧៦ អង្គការចាត់បានចាត់តាំងគ្រូពេទ្យឱ្យមកព្យាបាលភ្នែករបស់ខ្ញុំរហូតដល់បានជាសះស្បើយឡើងវិញ ព្រោះអង្គការបានដឹងថាភ្នែករបស់ខ្ញុំងងឹតដោយសារតែត្រូវផ្សែងគ្រាប់បែក បេ-៥២ របស់ខ្មាំង។ បន្ទាប់ពីខ្ញុំជាសះស្បើយហើយ អង្គការបានបង្ខំខ្ញុំឱ្យសឹក រួចចាត់តាំងខ្ញុំឱ្យទៅយាមជង្រុកស្រូវជាមួយប្អូនប្រុសពិការជើងរបស់ខ្ញុំ ដោយទទួលបានរបបអាហារចំនួន ២ ពេលដូចជាប្រជាជនដទៃទៀតដែរ។ នៅពេលដល់ម៉ោងហូបបាយជារៀងរាល់ថ្ងៃ ចុងភៅនៅរោងបាយតែងតែរែកបបរយកមកចែកឱ្យហូប។ ខ្ញុំ ប្អូនប្រុសខ្ញុំ ចាស់ជរា និងជនពិការ ដែលស្ថិតនៅក្នុងសហករណ៍ ទទួលបានរបបបបរដូចៗគ្នា។ ការងារបន្ទាប់ទៀត គឺជីកព្រែក។ ខ្ញុំត្រូវជីកព្រែកក្នុងរយៈពេលពី ៤ ទៅ ៥ ម៉ោងក្នុងមួយថ្ងៃ។
លុះដល់ឆ្នាំ ១៩៧៧ និងឆ្នាំ ១៩៧៨ របបអាហារហូបចុកលែងសូវមានគ្រប់គ្រាន់ដូចមុនទៀតហើយ។ ភាគច្រើន គឺត្រូវហូបបបរលាយជាមួយពោត និងកន្ទក់ ជួនកាលបបរមួយខ្ទះត្នោតធំ មានអង្ករតែមួយ ឬពីរកំប៉ុងប៉ុណ្ណោះ សម្រាប់មនុស្សរាប់សិបនាក់នៅក្នុងសហករណ៍។ ដោយសារតែការហូបចុកមិនបានគ្រប់គ្រាន់បែបនេះ ប្រជាជនមួយចំនួនបានធ្លាក់ខ្លួនឈឺ ហេវហត់អស់កម្លាំង និងមានសភាពហើមដៃហើមជើង។
ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយ ចងចាំនូវរឿងរ៉ាវប្រវត្តិសាស្ត្រដែលបានកើតឡើងនៅក្នុងជំនាន់ខ្មែរក្រហមនេះ ដើម្បីឱ្យពួកគេបានដឹង និងបានរៀនសូត្រពីប្រវត្តិសាស្ត្រដ៏សែនឈឺចាប់មួយនេះកុំឱ្យកើតមានឡើងជាថ្មីទៀត។

សម្ភាស និងសរសេរដោយ សុន សុខហេង យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តតាកែវ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ សម្ភាសនៅភូមិដុង ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។  ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។