Home / Post

Prey Veng Documentation Center: Khmer Rouge Survivor’s Unforgettable Life Story (Part 10)

[សប្តាហ៍ទី២ ខែឧសភា ឆ្នាំ២០២៦]
អត្ថបទខាងក្រោម ជាសំណេររបស់យុវជនស្ម័គ្រចិត្តកម្ពុជា បន្ទាប់ពីអ្នកទាំងនោះបានជួបសម្ភាស និងសំណេះសំណាលជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលស្ថិតនៅក្នុងភូមិឃុំរបស់ខ្លួនរួច ហើយត្រូវបានកែសម្រួលអក្ខរាវិរុទ្ធ និងឃ្លោងឃ្លាដោយ ដារ៉ារដ្ឋ មេត្តា, ថុន ស្រីពេជ្រ, ជីម សុខគា និង ធឹប ស្រីនិច្ច។ ស្នាដៃទាំងនេះ គឺជាលទ្ធផលសកម្មភាពមួយនៃគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម»។

អត្ថបទខ្លីៗទាំំងនេះ ពុំមែនជាអត្ថបទដែលរៀបរាប់គ្រប់ជ្រុងជ្រោយពីជីវប្រវត្តិ និងបទពិសោធន៍ពេញលេញរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឡើយ ប៉ុន្តែវាគ្រាន់តែជាអត្ថបទរៀបរាប់ដោយសង្ខេបពី «រឿងរ៉ាវជីវិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលចងចាំជាងគេ និងមិនអាចបំភ្លេចបានក្នុងឆាកជីវិតរបស់គាត់»។

អត្ថបទទាំងនេះ ត្រូវបានផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់មជ្ឈមណ្ឌលឯកសារកម្ពុជា មានឈ្មោះជាភាសាអង់គ្លេស Genocide Education in cambodia ជារៀងរាល់ថ្ងៃនៅលើទំព័រហ្វេសប៊ុក គេហទំព័រ និងបណ្តាញព័ត៌មានរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដូចជាទស្សនាវដ្តីស្វែងរកការពិត​ និងសារព័ត៌មាន ឌីញូ។

WEEK 2- MAY 2026
The following texts were written by Cambodian youth volunteers after they interviewed and interacted with Khmer Rouge survivors living in their local villages and communes. The writings were edited for spelling and phrasing by Dararath Metta, Thon Sreypich, Jim Sokchea, and Thib Sreynich. These works are the result of an activity under the project on “Promoting Democracy and Good Governance through Youth Volunteer Leadership in Social Activities”.

These short pieces of writing do not provide a comprehensive biography or a full account of the survivors’ experiences under the Khmer Rouge regime. Instead, they are brief narratives of the “stories from the lives of Khmer Rouge survivors that they remember most vividly and can never forget.”

These articles are published daily via the Documentation Center of Cambodia’s (DC-Cam) Facebook page, titled “Genocide Education in Cambodia,” as well as on its website and other media outlets, including Searching for the Truth magazine and The D-news.

ទែន សុផល ៖ ខ្ញុំពិការជើងម្ខាងដោយសាររែកដីក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ទែន សុផល អាយុ ៦២ ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បច្ចុប្បន្ន ខ្ញុំមានពិការភាពជើងខាងឆ្វេង និងរស់នៅជួយមើលថែទាំចៅៗនៅក្នុងផ្ទះ។ មុនរបបខ្មែរក្រហម ខ្ញុំគឺជាសិស្សម្នាក់ ប៉ុន្តែនៅក្នុងរបបនោះ ខ្ញុំត្រូវអង្គការចាត់ទុកជាប្រជាជន ១៧មេសា ព្រោះខ្ញុំជាអ្នកភ្នំពេញ។ ប្តីរបស់ខ្ញុំឈ្មោះ ម៉ៃ ម៉ៅ បានទទួលមរណភាពក្នុងអាយុ ៦៣ ឆ្នាំ ដោយសារជំងឺគ្រុនក្ដៅ។ ខ្ញុំមានកូនប្រុស ២នាក់ និងស្រី ៣នាក់ ប៉ុន្តែកូនពីរនាក់បានស្លាប់បាត់បង់ជីវិតដោយសារជំងឺ។
រឿងរ៉ាវដែលខ្ញុំចងចាំមិនអាចបំភ្លេចបានគឺជើងខ្ញុំក្លាយជាពិការដោយសារខ្មែរក្រហមបង្ខំឱ្យរែកដីទាំងឈឺ។ នៅឆ្នាំ១៩៧៥ គ្រួសាររបស់ខ្ញុំត្រូវបានជម្លៀសចេញពីទីក្រុងភ្នំពេញ។ ពេលទៅដល់គោលដៅដែលត្រូវស្នាក់នៅ និងធ្វើការ ខ្ញុំត្រូវបានខ្មែរក្រហមបង្ខំឱ្យធ្វើការដូចជា រែកដី កាប់ដើមទន្ទ្រានខែត្រ និងរែកលាមកមនុស្សយកទៅធ្វើជីដាក់ស្រែ។ ខ្ញុំខិតខំធ្វើការងារណាស់ ប៉ុន្តែខ្ញុំពិតជាពិបាកទ្រំាទ្រនឹងការងារធ្ងន់ៗទាំងនេះបាន។ ខ្ញុំបានដាច់ចិត្តប្រាប់អង្គការថាខ្ញុំមិនសូវមានកម្លាំងរែកដីឡើយ ហើយជើងរបស់ខ្ញុំក៏កាន់តែឈឺៗទៅដែរ។ ប៉ុន្តែអង្គការនៅតែបង្ខំឱ្យខ្ញុំធ្វើការងារនេះដដែល។ មិនមានជម្រើស ខ្ញុំត្រូវតែទ្រាំធ្វើតាមបញ្ជារបស់អង្គការ ទោះបីជាជើងឆ្វេងរបស់ខ្ញុំឈឺក៏ដោយ។ ដោយសារតែរបបអាហារប្រចាំថ្ងៃរបស់ខ្ញុំតិចពេក គឺមានត្រឹមតែបបរលាយស្លឹកត្រកួន ឬព្រលិត ជើងខាងឆ្វេងរបស់ខ្ញុំត្រូវពិការលែងប្រើការបាន ហើយវានៅតែពិការរហូតមកទល់សព្វថ្ងៃ។
ភាពអាណោចអាធ័មបំផុតដែលលងបន្លាចអារម្មណ៍ខ្ញុំ គឺនៅពេលដែលខ្ញុំកំពុងធ្វើការនៅការដ្ឋានក្នុងភូមិជ្រៃតាកួន ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ខ្ញុំបានឃើញកម្មាភិបាលខ្មែរក្រហមសម្លាប់ក្មេងម្នាក់ផ្ទាល់នឹងភ្នែក។ កម្មាភិបាលរូបនោះបានចាប់ជើងក្មេងបោកនឹងគល់ដើមស្រល់ រួចបោះទម្លាក់ទៅក្នុងរណ្ដៅនៅខាងត្បូងវត្តអង្គ។ រូបភាពដ៏ឃោរឃៅនេះ បានធ្វើឱ្យខ្ញុំមានស្មារតីតក់ស្លុត និងភ័យខ្លាចជាខ្លាំងរៀងរហូតមក។
នៅក្នុងរបបដ៏ខ្មៅងងឹតនោះ ម្ដាយ និងប្អូនរបស់ខ្ញុំ ២ នាក់ទៀត បានស្លាប់ដោយសារការហូបចុកមិនគ្រប់គ្រាន់។ ចំណែកសាច់ញាតិរបស់ខ្ញុំ ៣ នាក់ទៀតគឺ ពូលន់ ពូណាន់ និង អ៊ំសេង ត្រូវខ្មែរក្រហមយកទៅសម្លាប់ក្រោមការចោទប្រកាន់ថា ធ្វើការមិនពេញដៃពេញជើងជូនអង្គការ។ រីឯអ៊ី (ម្ដាយមីង)  របស់ខ្ញុំម្នាក់ទៀតឈ្មោះ ប៉ែន ក៏បានបាត់ខ្លួនរហូតមកដល់បច្ចុប្បន្ន។
រាល់ពេលនឹកឃើញដល់បទពិសោធន៍ជូរចត់ទាំងនេះ ខ្ញុំតែងតែមានអារម្មណ៍ខឹងសម្បារ និងស្អប់ខ្មែរក្រហមជាខ្លាំង។ ប្រហែលមកពីធ្លាប់ឃើញការសម្លាប់ក្មេងយ៉ាងអាណោចអាធ័មបែបនោះហើយ ទើបធ្វើឱ្យខ្ញុំឧស្សាហ៍យល់សប្តិឃើញខ្មែរក្រហមសម្លាប់មនុស្សនៅចំពោះមុខជានិច្ច។ ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយចងចាំនូវរឿងរ៉ាវដែលបានកើតឡើងក្នុងរបបខ្មែរក្រហម ព្រោះវាជាការឈឺចាប់ដែលមិនអាចបំភ្លេចបាន ហើយយើងទាំងអស់គ្នាត្រូវរួមគ្នាការពារ កុំឱ្យរបបបែបនេះត្រឡប់មកវិញជាដាច់ខាត។
ដោយឡែក ចំពោះស្ថានភាពនាពេលថ្មីៗនេះ ខ្ញុំមានអារម្មណ៍មិនពេញចិត្តចំពោះការឈ្លានពានពីសំណាក់ប្រទេសជិតខាង (ប្រទេសថៃ)។ ទោះបីជាខ្ញុំមិនមានសាច់ញាតិជាកងទ័ពក៏ដោយ ប៉ុន្តែខ្ញុំតែងតែបារម្ភពីសុខទុក្ខរបស់កងទ័ពជួរមុខ និងប្រជាជនកម្ពុជាដែលរស់នៅតាមព្រំដែន ព្រោះជម្លោះប្រដាប់អាវុធពិតជាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតមនុស្ស និងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ។

សម្ភាស និងសរសេរដោយ ហ៊ន កញ្ញា យុវជនស្ម័គ្រចិត្តកម្ពុជាមកពីរាជធានីភ្នំពេញ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ សម្ភាសធ្វើនៅភូមិរស់នៅភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥។  ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។

ស្រ៊ុន ច្រឹប៖ គ្រួសារបងប្រុសខ្ញុំស្លាប់ទាំងអស់ដោយសារធ្លាប់ធ្វើគ្រូពេទ្យ

ខ្ញុំឈ្មោះ ស្រ៊ុន ច្រឹប អាយុ ៥៦ ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅភូមិស្ពានជ្រៃ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ បច្ចុប្បន្ន ខ្ញុំប្រកបរបរធ្វើស្រែចម្ការ និងមានកូនស្រី ២ នាក់ ដែលម្នាក់ជាគ្រូបង្រៀន និងម្នាក់ទៀតជាអាជីវករលក់ដូរ។
រឿងរ៉ាវដែលញាំញីផ្លូវចិត្ត និងធ្វើឱ្យខ្ញុំឈឺចាប់មិនអាចបំភ្លេចបានរហូតមកទល់សព្វថ្ងៃ គឺការបាត់បង់ក្រុមគ្រួសារបងប្រុសបង្កើតទាំងអស់នៅក្នុងឆ្នាំ ១៩៧៧។ នាពេលនោះ ខ្មែរក្រហមបាននាំយកគ្រួសារបងប្រុសខ្ញុំទាំងអស់ទៅសម្លាប់ចោលនៅភូមិបុស្ស ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយសារមូលហេតុអង្គការស៊ើបដឹងថា បងប្រុសខ្ញុំធ្លាប់ធ្វើជាគ្រូពេទ្យកាលពីសម័យមុន។ សូម្បីតែប្រពន្ធរបស់គាត់ដែលកំពុងមានផ្ទៃពោះ ក៏ត្រូវអង្គការចាប់យកទៅសម្លាប់យ៉ាងព្រៃផ្សៃដែរ។
នៅក្នុងរបបខ្មែរក្រហម ខ្ញុំនៅក្មេងខ្ចីនៅឡើយ។ ខ្ញុំត្រូវបានអង្គការចាត់តាំងឱ្យចូលក្នុងកងកុមារ ប៉ុន្តែដោយសារវ័យក្មេងពេក គេមិនទាន់ដាក់បង្ខំឱ្យធ្វើការងារធ្ងន់ធ្ងរអ្វីឡើយ។ ខ្ញុំនៅចាំបានថា ថ្ងៃមួយពេលដើរតាមយាយទៅធ្វើការនៅវាលស្រែ ខ្ញុំចាប់បានត្រី និងក្ដាមខ្លះ ប៉ុន្តែខ្ញុំមិនហ៊ានយកមកហូបនៅផ្ទះឡើយ។ កាលនោះ ខ្ញុំធ្លាប់ដឹងថា ខ្មែរក្រហមបានចាប់លោកគ្រូ គន់ យកទៅសម្លាប់ ដោយសារតែគាត់ចាប់ត្រីក្ដាមយកមកហូបជាលក្ខណៈឯកជន។ ប៉ុន្តែក្រោយមក ទើបខ្ញុំដឹងថា លោកគ្រូ គន់ មិនបានស្លាប់ឡើយ គឺគាត់គ្រាន់តែសន្លប់បាត់ស្មារតី បន្ទាប់ពីខ្មែរក្រហមវាយគាត់ទម្លាក់ចូលក្នុងរណ្តៅសព។ លោកគ្រូ គន់ បានរៀបរាប់ប្រាប់ខ្ញុំថា គាត់បានឃើញផ្ទាល់ភ្នែកនូវសកម្មភាពសម្លាប់មនុស្សយ៉ាងរង្គាល ដោយពួកកម្មាភិបាលបានវាយមនុស្សទម្លាក់ពីលើឡានចូលទៅក្នុងរណ្ដៅដ៏ធំមួយ។ លុះដល់វេនគាត់ ខ្មែរក្រហមបានវាយគាត់ដូចអ្នកមុនៗដែរ ប៉ុន្តែគាត់គ្រាន់តែសន្លប់បាត់ស្មារតីនៅក្នុងរណ្តៅ ក្នុងចំណោមសាកសពដទៃទៀត។ នៅពេលដឹងខ្លួនឡើង គាត់ឃើញរថយន្ដខ្មែរក្រហមបើកចេញទៅឆ្ងាយបន្តិចហើយ។ គាត់ក៏បានប្រឹងវារចេញពីរណ្ដៅសាកសពនោះ ហើយរត់សំដៅចូលមកក្នុងភូមិវិញ រហូតអាចរស់រានមានជីវិតដល់សព្វថ្ងៃ។
ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយ ចងចាំពីរឿងរ៉ាវដែលបានកើតឡើងក្នុងរបបខ្មែរក្រហម ដើម្បីរួមគ្នាការពារកុំឱ្យរបបដ៏យង់ឃ្នងនេះកើតមានជាថ្មីម្ដងទៀត។ សព្វថ្ងៃនេះ ខ្ញុំមានកូនចៅដែលបានចូលបម្រើក្នុងជួរកងទ័ព ហើយធ្លាប់បានទៅឈរជើងនៅសមរភូមិជួរមុខក្នុងខេត្តព្រះវិហារ។ ការប្រយុទ្ធគ្នារវាងទាហានខ្មែរ និងទាហានថៃនាពេលកន្លងមក ពិតជាធ្វើឱ្យខ្ញុំមានការបារម្ភយ៉ាងខ្លាំង និងមានចិត្តអាណិតអាសូរចំពោះប្រជាជនដែលរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃជាពន់ពេក។

សម្ភាស និងសរសេរដោយ សិលា បញ្ញាវុធ យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តត្បូងឃ្មុំ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅភូមិរស់នៅភូមិស្ពានជ្រៃ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។  ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។

ស្រ៊ុន ស្រឿន៖ ខ្ញុំមើលឃើញរឿងតក់ស្លុតពីរយ៉ាងនៅចំពោះមុខខ្ញុំ

ខ្ញុំឈ្មោះ ស្រ៊ុន ស្រឿន អាយុ ៧៦ឆ្នាំ រស់នៅភូមិស្ពានជ្រៃ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ បច្ចុប្បន្ន ខ្ញុំមានមុខរបរជាកសិករធ្វើស្រែចម្ការ។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំត្រូវបានចាត់តាំងឱ្យធ្វើការនៅក្នុងកងចល័ត។ ស្វាមីរបស់ខ្ញុំឈ្មោះ ហុង ហ៊ន់ អាយុ ៨០ឆ្នាំ ជាកសិករដូចគ្នា។ យើងមានកូន៦ នាក់ ប្រុស ៣ នាក់ និងស្រី ៣ នាក់។ កូនទាំងអស់ មានមុខរបរជាមន្ត្រីរាជការខ្លះ និងកសិករខ្លះ។
រឿងរ៉ាវដែលដក់ជាប់ក្នុងចិត្តខ្ញុំមិនអាចបំភ្លេចបានពីរបបខ្មែរក្រហម គឺការឃើញគេចាប់មនុស្សនៅក្នុងភូមិបញ្ជូនទៅសម្លាប់ចោល។ ហេតុការណ៍នេះបានកើតឡើងនៅភូមិស្ពានជ្រៃ ឃុំដូនតី ក្នុងអំឡុងឆ្នាំ១៩៧៧។ ខ្ញុំបានឃើញឡានហ្ស៊ីបបើកកាត់មុខផ្ទះ និងឈប់ដើម្បីរុករកចាប់ខ្លួនមនុស្សដែលគេចោទថាជាជនក្បត់អង្គការ យកទៅសម្លាប់។ ពេលឃើញព្រឹត្តិការណ៍នេះផ្ទាល់ភ្នែក ខ្ញុំភ័យខ្លាចរហូតទន់ដៃជើង និងតក់ស្លុតជាខ្លាំង។
អ្វីដែលខ្ញុំបារម្ភបំផុតគឺសុវត្ថិភាពប្តីខ្ញុំ ព្រោះគាត់តែងតែមានទំនាក់ទំនងជាមួយអ្នកដែលអង្គការចាប់ខ្លួនទាំងនោះ។ ប៉ុន្តែជាសំណាងល្អ ចំពេលដែលគេចុះមកចាប់មនុស្ស ប្តីខ្ញុំបានចេញទៅព្យាបាលជំងឺឫសដូងបាតនៅឆ្ងាយពីភូមិ។ នៅពេលគាត់ត្រឡប់មកវិញ ខ្ញុំបានរៀបរាប់ប្រាប់គាត់ពីរឿងរ៉ាវទាំងអស់ និងអង្វរឱ្យគាត់ឈប់ពាក់ព័ន្ធជាមួយអ្នកដែលចង់រើបម្រាស់ពីរបបខ្មែរក្រហមតទៅទៀត ប៉ុន្តែគាត់នៅតែចចេសមិនព្រមស្ដាប់។ ដោយក្ដីបារម្ភខ្លាចបាត់បង់ប្ដី និងមិនចង់ឱ្យកូនៗកំព្រាឪពុក ខ្ញុំខឹងគាត់ខ្លាំងរហូតសម្រេចចិត្តសុំលែងលះ។ ប៉ុន្តែបន្ទាប់ពីបានជជែកដេញដោលគ្នាយ៉ាងយូរ ទើបគាត់ព្រមយល់ព្រមតាមការស្នើសុំរបស់ខ្ញុំ។
ក្នុងពេលកំពុងជជែកគ្នានោះ ខ្ញុំពុំបានដឹងថាមានឈ្លបម្នាក់ពួនសម្ងំលបស្ដាប់នៅក្រោយដំបូកឡើយ។ នៅពេលប្តីខ្ញុំនិយាយខ្លាំងៗថាគាត់នឹងឈប់ទាក់ទងជាមួយក្រុមអ្នកក្បត់អង្គការ ស្រាប់តែឈ្លបម្នាក់នោះបានងើបដើរចេញពីក្រោយដំបូកទៅបាត់។ ខ្ញុំគិតថា ប្រសិនបើប្ដីខ្ញុំមិននិយាយពាក្យនោះទេ គាត់ប្រហែលជាត្រូវគេចាប់យកទៅសម្លាប់បាត់ទៅហើយ។
ព្រឹត្តិការណ៍ដ៏សាហាវមួយទៀតដែលខ្ញុំបានដឹង គឺខ្មែរក្រហមបានចាប់អ្នកភូមិក្បាលដំរី ២នាក់ មកពីឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ចងស្លាបសេកបញ្ជូនឡើងលើឡាន។ នៅពេលឡានឈប់ត្រឹមផ្សារកញ្ជ្រៀច ក្បែរភូមិរបស់ខ្ញុំ អ្នកទាំងពីរនាក់នោះបានរើបម្រាស់រួចពីចំណងហើយរត់គេចខ្លួន។ ម្នាក់បានរត់បាត់ស្រមោលទៅក្រៅភូមិ ប៉ុន្តែម្នាក់ទៀតបានរត់ចូលមកក្នុងភូមិខ្ញុំ ហើយត្រូវអង្គការចាប់បានមកវិញ រួចនាំយកទៅបាញ់សម្លាប់ចោលនៅចំពោះមុខមនុស្សម្នាយ៉ាងសាហាវយង់ឃ្នង។
ក្រោយមក នៅពេលរបបខ្មែរក្រហមដួលរលំក្នុងឆ្នាំ១៩៧៩ ខ្ញុំ ប្តីខ្ញុំ និងកូនៗ បានរត់ភៀសខ្លួនទៅដល់ស្រុកកោះសុទិន ខេត្តកំពង់ចាម។ ពេលនោះ ខ្ញុំកំពុងមានផ្ទៃពោះជិតគ្រប់ខែផង ក៏សម្រាលកូននៅទីនោះតែម្ដង។ លុះដល់ស្ថានភាពស្រុកទេសបានធូរស្រាល និងមានសុខសន្តិភាពឡើងវិញ ទើបគ្រួសារយើងបានវិលត្រឡប់មករស់នៅស្រុកកំណើតវិញរហូតដល់សព្វថ្ងៃ។

សម្ភាស និងសរសេរដោយ សិលា បញ្ញាវុធ យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តត្បូងឃ្មុំ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។  សម្ភាសនៅភូមិស្ពានជ្រៃ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ  នាថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២៥។  ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។

ចឹង សុខលីន៖ ខ្ញុំខ្លាចពាក្យ«មិនជ្រះស្រលះពីកូន»

ខ្ញុំឈ្មោះ ចឹង សុខលីន អាយុ ៧៤ ឆ្នាំ រស់នៅភូមិសម្ដេចពាន់ ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំប្រកបរបរត្បាញហូល។ កាលពីសម័យមុនរបបខ្មែរក្រហម ខ្ញុំគឺជាកសិករ ប៉ុន្តែក្នុងរបបខ្មែរក្រហម ខ្ញុំត្រូវបានចាត់តាំងឱ្យធ្វើការនៅក្នុងកងចល័ត។ ប្ដីរបស់ខ្ញុំឈ្មោះ ចឹង ស្រៀន អាយុ ៧៩ ឆ្នាំ ក៏មានមុខរបរជាកសិករដែរ។ ខ្ញុំមានកូនប្រុសចំនួន ៣ នាក់ ដែលសព្វថ្ងៃពួកគេសុទ្ធតែជាកសិករទាំងអស់។
នៅក្នុងរបបខ្មែរក្រហម អង្គការបានចាត់តាំងខ្ញុំឱ្យធ្វើការងារកាប់ដីដំបូក ស្តារបង្គន់ ស្ទូងដក និងច្រូតស្រូវ នៅក្នុងឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ កាលនោះ ជារៀងរាល់ថ្ងៃ ខ្ញុំត្រូវបង្ខំចិត្តទុកកូនចោលទាំងអាឡោះអាល័យ ខណៈកូនទើបតែមានអាយុ ៥ ឆ្នាំប៉ុណ្ណោះ។ អង្គការបានឱ្យខ្ញុំយកកូនទៅដាក់ក្នុងមណ្ឌលកុមារ ដើម្បីធ្វើការងារជាមួយក្មេងៗដទៃទៀត ដោយកូនរបស់ខ្ញុំត្រូវអង្គការចាត់តាំងឱ្យដើររើសឧសក្នុងភូមិ។ ជារៀងរាល់ព្រឹកនៅម៉ោង ៤ ទៀបភ្លឺ ខ្ញុំត្រូវជូនកូនទៅដាក់នៅមណ្ឌល រួចទើបចេញទៅធ្វើការបម្រើអង្គការ។ នៅពេលល្ងាច ក្រោយបញ្ចប់ការងារប្រចាំថ្ងៃ ទើបខ្ញុំអាចទៅទទួលកូនមកសម្រាកនៅផ្ទះវិញ។ ប៉ុន្តែនៅរដូវច្រូតកាត់ អង្គការមិនអនុញ្ញាតឱ្យកូនរបស់ខ្ញុំត្រឡប់មកផ្ទះឡើយ។ យប់ខ្លះ ដោយសារកូននឹកខ្ញុំខ្លាំងពេក គេបានលួចរត់មកជួបខ្ញុំ ហើយខ្ញុំក៏បានត្រឹមលួចជូនកូនត្រឡប់ទៅមណ្ឌលវិញយ៉ាងប្រញាប់ប្រញាល់ ក្រោយពេលជួបគ្នាមួយភ្លែត។ ពេលនោះ ខ្ញុំភ័យខ្លាចជាខ្លាំង ព្រោះបារម្ភក្រែងអង្គការដឹងថា កូនខ្ញុំមិនស្ដាប់តាមបញ្ជា។ ជួនកាល កូនបានសុំសម្រាកដេកជាមួយខ្ញុំមួយយប់ ប៉ុន្តែខ្ញុំត្រូវបង្ខំចិត្តដាស់កូនឱ្យងើបតាំងពីព្រលឹមស្រាងៗ ដើម្បីជូនគេត្រឡប់ទៅឱ្យទាន់ពេលវេលាធ្វើការវិញ ព្រោះខ្ញុំខ្លាចអង្គការស្ដីបន្ទោស និងចោទប្រកាន់ថាខ្ញុំ «មិនជ្រះស្រឡះពីកូន»។ កូនរបស់ខ្ញុំមិនដែលទទួលបានការមើលថែទាំពីអ្នកគ្រប់គ្រងមណ្ឌលឡើយ។ ថ្ងៃមួយ កូនខ្ញុំបានអង្គុយលើគ្រែដែលមានសភាពទ្រុឌទ្រោម រួចក៏ធ្លាក់បណ្ដាលឱ្យបាក់ដៃ ហើយដៃរបស់គេក៏ពិការមិនដូចដើមរហូតមកដល់សព្វថ្ងៃ។
ក្រោយមក ខ្មែរក្រហមមានប្រាប់ខ្ញុំឱ្យជម្លៀសទៅកាន់ស្រុកអង្គរបូរី ខេត្តតាកែវ ប៉ុន្តែខ្ញុំបានប្រកែកមិនព្រមទៅ ព្រោះមិនចង់បែកពីឪពុក។ ឪពុករបស់ខ្ញុំប្រាប់ថា បើអង្គការបង្ខំជម្លៀសខ្ញុំទៅទីនោះ គាត់នឹងសុំទៅជាមួយដែរ ប៉ុន្តែអង្គការមិនយល់ព្រម។ ជាភព្វសំណាង យើងមិនត្រូវបានជម្លៀសទៅណាឡើយ រហូតដល់កងកម្លាំងសាមគ្គីសង្គ្រោះជាតិកម្ពុជាវាយលុកចូលមកដល់។ ចំណែកសាច់ញាតិបងប្អូនខ្ញុំជាច្រើននាក់ទៀត ត្រូវបានគេជម្លៀសទៅខាងស្រុកអង្គរបូរី ហើយអ្នកខ្លះបានស្លាប់បាត់បង់ជីវិតនៅទីនោះ រួមមានកូនរបស់ម្ដាយមីងខ្ញុំម្នាក់ និងប្ដីរបស់បងប្អូនជីដូនមួយខ្ញុំម្នាក់។ រីឯកូនៗរបស់គាត់ សុទ្ធតែត្រូវងងឹតភ្នែកទាំងអស់ ដោយសារជំងឺ និងកង្វះការថែទាំ។ ម្ដាយមីងខ្ញុំម្នាក់ទៀត ក៏បានបាត់បង់ប្ដីនៅក្នុងកំឡុងពេលវឹកវរនោះដែរ ដោយសារគាត់បានចូលទៅប្រមូលចានឆ្នាំងនៅរោងបាយដើម្បីទុកប្រើប្រាស់។ ចំពោះរូបខ្ញុំផ្ទាល់ ខ្ញុំបានបាត់បង់ប្អូនបង្កើតចំនួន ២ នាក់ គឺប្អូនប្រុសម្នាក់ស្លាប់ដោយសារជាន់មីន និងប្អូនស្រីម្នាក់ស្លាប់ដោយសារជំងឺ ដែលត្រូវបានខ្មែរក្រហមយកទៅកប់នៅខេត្តកំពង់ស្ពឺ។ ខ្ញុំធ្លាប់បានទៅស្វែងរកផ្នូររបស់ប្អូនស្រីដែរ ប៉ុន្តែមិនអាចចំណាំបានថាជាផ្នូរមួយណាឡើយ ព្រោះនៅទីនោះមានផ្នូររាប់រយនៅលាយឡំគ្នា។

សម្ភាស និងសរសេរដោយ សុន សុខហេង យុវជនស្ម័គ្រចិត្តកម្ពុជាមកពីតាកែវ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។  សម្ភាសនៅភូមិសម្ដេចពាន់ ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។  ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។

មាឃ ឃឿន៖ ខ្ញុំបាត់បង់ប្តីនិងកូនទាំងអស់នៅខេត្តបាត់ដំបង

ខ្ញុំឈ្មោះ មាឃ ឃឿន អាយុ ៧០ ឆ្នាំ គឺជាស្ត្រីមេម៉ាយ រស់នៅភូមិរលួស ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំប្រកបរបរជាកសិករ។ កាលពីមុនសម័យរបបខ្មែរក្រហម ខ្ញុំមានមុខរបរត្បាញហូលលក់ ប៉ុន្តែនៅក្នុងរបបខ្មែរក្រហម ខ្ញុំត្រូវបានចាត់តាំងឱ្យធ្វើការនៅក្នុងកងចល័ត។ អតីតប្ដីទីមួយរបស់ខ្ញុំឈ្មោះ នឹម ផុន គាត់បានស្លាប់ក្នុងវ័យប្រហែលជិត ៣០ ឆ្នាំ បន្ទាប់ពីត្រូវខ្មែរក្រហមជម្លៀសទៅកាន់ខេត្តបាត់ដំបង។ ក្រោយឆ្នាំ ១៩៧៩ បន្ទាប់ពីប្ដីដំបូងបានស្លាប់បាត់បង់ជីវិត ខ្ញុំបានរៀបការជាមួយប្ដីទីពីរឈ្មោះ អឿ ស៊ីម ប៉ុន្តែគាត់ក៏បានទទួលមរណភាពដែរនៅក្នុងឆ្នាំ ២០០៣។ ខ្ញុំមានកូនចំនួន ៤ នាក់ (ស្រី ៣ នាក់ និងប្រុសម្នាក់) ដែលសព្វថ្ងៃពួកគេសុទ្ធតែជាកសិករទាំងអស់។
នៅឆ្នាំ ១៩៧៥ ខ្មែរក្រហមបានជម្លៀសរូបខ្ញុំ រួមជាមួយប្ដី និងកូន ចេញពីទីក្រុងភ្នំពេញឱ្យទៅកាន់ខេត្តបាត់ដំបង។ គ្រួសាររបស់ខ្ញុំ ក៏ដូចជាអ្នកដែលត្រូវបានជម្លៀសចេញពីភ្នំពេញទាំងអស់ ត្រូវបានខ្មែរក្រហមចាត់ទុកជា «ប្រជាជន ១៧ មេសា»។ ពេលទៅដល់បាត់ដំបង ខ្ញុំត្រូវបានបញ្ចូលទៅក្នុងកងចល័តនារី ដោយត្រូវបង្ខំឱ្យធ្វើការទាំងថ្ងៃទាំងយប់ និងត្រូវផ្លាស់ប្តូរកន្លែងធ្វើការពីមួយទៅមួយមិនចេះឈប់ឈរ។ ការងារដែលអង្គការចាត់តាំងឱ្យខ្ញុំធ្វើរួមមាន ស្ទូង ដកសំណាប ច្រូតកាត់ កាយប្រឡាយ និងជីកព្រែក។ ចំពោះរបបអាហារវិញ ទាល់តែខ្ញុំទៅធ្វើការទើបអង្គការចែកឱ្យ ប្រសិនបើអវត្តមាន គឺមិនមានអាហារហូបឡើយ។ ការហូបចុកទៀតសោត គឺមិនដែលគ្រប់គ្រាន់ទេ ដោយក្នុងមួយថ្ងៃគេឱ្យហូបតែ ២ ពេល ហើយមានតែបបររាវៗលាយជាមួយមើមដំឡូងប៉ុណ្ណោះ។ ប្រជាជនដែលជម្លៀសមកពីភ្នំពេញដែលធ្លាប់តែរស់នៅសុខស្រួល មិនអាចទ្រាំទ្រនឹងការបង្អត់អាហារបានឡើយ អ្នកខ្លះក៏បានបេះស្លឹកឈើ ឬរុក្ខជាតិផ្សេងៗយកមកហូបដើម្បីចម្អែតក្រពះទាំងមិនស្គាល់ថាជារុក្ខជាតិអ្វី ឬមានជាតិពុលឬអត់។ មិនយូរប៉ុន្មាន ក៏មានអ្នកក្អួតចង្អោរពុលស្លាប់នៅពេញមាត់ស្ទឹងក្នុងខេត្តបាត់ដំបង។ ខ្ញុំឃើញទិដ្ឋភាពបែបនេះហើយ ពិតជាមានចិត្តសង្វេគជាពន់ពេក។ ក្នុងរបបនោះ ខ្ញុំហត់នឿយ និងរងទុក្ខវេទនាខ្លាំងណាស់ ព្រោះត្រូវគេប្រើឱ្យធ្វើការគ្មានពេលសម្រាក ហើយនៅពេលមានជំងឺ ក៏គ្មានថ្នាំសង្កូវព្យាបាលត្រឹមត្រូវដែរ។ រឿងដែលដក់ជាប់ក្នុងចិត្ត និងធ្វើឱ្យខ្ញុំឈឺចាប់បំផុតមិនអាចភ្លេចបាន គឺការបាត់បង់ប្ដី និងកូនៗទាំងអស់របស់ខ្ញុំ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងខេត្តបាត់ដំបង។
នៅឆ្នាំ ១៩៧៩ ពេលកងកម្លាំងសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាមវាយលុកចូលមកដល់ ខ្ញុំបានធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញតែម្នាក់ឯង។ ក្នុងរបប ប៉ុល ពត ខ្ញុំបានបាត់បង់បងប្អូនបង្កើតចំនួន ៣ នាក់ ក្នុងចំណោមបងប្អូនសរុប ៨ នាក់។ ចំណែកឪពុករបស់ខ្ញុំ ដែលជាប្រធានភូមិ ក៏ត្រូវបានគេជម្លៀសទៅកាន់ភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយក្រោយមកខ្ញុំក៏ទទួលបានដំណឹងថា គាត់បានឈឺស្លាប់នៅទីនោះដែរ។ ខ្ញុំពិតជាប្រាថ្នាចង់ឱ្យក្មេងៗជំនាន់ក្រោយចងចាំនូវរឿងរ៉ាវដែលបានកើតឡើងក្នុងសម័យខ្មែរក្រហម ដើម្បីឱ្យពួកគេបានដឹងពីការលំបាកវេទនារបស់មនុស្សជំនាន់មុន និងរៀនរស់នៅដោយមានស្មារតីតស៊ូ អត់ធ្មត់ខ្ពស់ក្នុងជីវិត។

សម្ភាស និងសរសេរដោយ សុន សុខហេង យុវជនស្ម័គ្រចិត្តកម្ពុជាមកពីតាកែវ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា សម្ភាសនៅភូមិរលួស ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។  ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។