ព្រំ វ៉េ៖ បងប្រុស និងពូខ្ញុំ ត្រូវពួកបាតុករសម្លាប់បន្ទាប់ពីពួកនិរតីចូលមក
ខ្ញុំឈ្មោះ ព្រំ វ៉េ អាយុ ៦២ ឆ្នាំ ជាកសិករ រស់នៅភូមិប៉ោ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ ខ្ញុំមានកូនស្រីចំនួន៥នាក់។ ឪពុករបស់ខ្ញុំបានស្លាប់ចោលតាំងពីខ្ញុំនៅក្មេងម៉្លេះ។ ខ្ញុំត្រូវរស់នៅជាមួយម្តាយឈ្មោះ សួន មិត្ត រហូតដល់របបខ្មែរក្រហមគ្រប់គ្រងប្រទេស។
នៅក្នុងរបបខ្មែរក្រហម កាលនោះដំបូងឡើយ នៅវេលាម៉ោង ១ ឬ ២យប់ អង្គការបានប្រើខ្ញុំឱ្យវាយក្របីដើម្បីឱ្យវាជុះអាចម៍ឱ្យបានច្រើន សម្រាប់យកទៅធ្វើជីដាក់ស្រែ។ ក្រោយមក អង្គការបានចាត់តាំងខ្ញុំឱ្យចូលក្នុងក្រុម «កម្លាំងទីមួយ»។ ក្រុមនេះមានភារកិច្ចលើកប្រព័ន្ធភ្លឺស្រែ ជីកព្រែកនិងប្រឡាយ ចាប់ពីឃុំចន្ត្រី ស្រុករមាសហែក រហូតដល់ភូមិស្វាយទង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។ ស្ថិតក្នុងក្រុមនេះ ក្មេងជំទង់ដូចជាខ្ញុំ និងកម្លាំងយុវជនដែលមានកម្លាំងពេញទំហឹង អាចទទួលបានរបបអាហារតាមការបែងចែករបស់អង្គការ គឺគិតទាំងចាន និងបបរ ឬបាយផង មានទម្ងន់មួយគីឡូក្រាម។ ចំណែកឯមនុស្សចាស់ដែលមិនសូវមានកម្លាំង គឺមិនទទួលបានរបបអាហារពេញទម្ងន់នោះឡើយ។
ម្តាយរបស់ខ្ញុំកាលនោះ ធ្វើការនៅក្នុងរោងបាយ។ គាត់តែងតែលួចខ្ចប់អង្ករមួយក្តាប់លាក់នឹងចង្កេះសំពត់រាល់ថ្ងៃ ទុកសម្រាប់បបរឱ្យកូនៗហូបនៅពេលយប់។ មានគ្រាមួយនោះ ដោយនឹកឃើញដល់អង្ករមួយក្ដាប់ដែលម៉ែបានលួចយកមក ខ្ញុំក៏បានលួចធ្វើ (សម្លាប់) មាន់ដែលខ្លួនឯងចិញ្ចឹមនៅផ្ទះមួយក្បាល ដើម្បីយកមកបបរហូប។ ខ្ញុំបានអារកមាន់នោះ រួចប្រគល់ឱ្យម៉ែខ្ញុំបោចរោម។ កំពុងតែជ្រលក់មាន់ទៅក្នុងទឹកក្តៅដើម្បីបោចរោម ស្រាប់តែម៉ែរបស់ខ្ញុំក្រឡេកឃើញកងឈ្លបភូមិម្នាក់ដើរមកដល់ក្រោមផ្ទះខ្ញុំ។ ភ្លាមៗនោះ ខ្ញុំនិងម្ដាយភ័យខ្លាចយ៉ាងខ្លាំង ក៏បានចាក់ទឹកស្រុះមាន់ចោល ដោយបន្សល់ទុកតែមួយត្រឡោក ដើម្បីហូបបំភ័ន្តភ្នែកកុំឱ្យកងឈ្លបដឹង។ បន្ទាប់មក ម៉ែបានយកទឹកក្ដៅដែលទើបតែជ្រលក់មាន់រួច មកផឹកនៅចំពោះមុខឈ្លប រួចនិយាយកុហកទៅកាន់ឈ្លបនោះថា៖ «កូនខ្ញុំវារាគ ខ្ញុំក៏ដាំទឹកជាមួយសម្បកត្របែកឱ្យកូនផឹក»។ តាមពិតទៅ កងឈ្លបមិនបានចាប់អារម្មណ៍នឹងរឿងស្រុះមាន់នោះទេ គឺរូបគេឡើងមកលើផ្ទះរបស់ខ្ញុំ ដើម្បីស៊ើបសួររកមនុស្សឈ្មោះ សារ៉ួន ដែលអង្គការចោទប្រកាន់ថាជាពួក «ក្បាលស» ក្បត់អង្គការតែប៉ុណ្ណោះ។ នៅពេលកងឈ្លបសួរម៉ែពីឈ្មោះ សារួន ដោយសារម៉ែរបស់ខ្ញុំមិនស្គាល់បុគ្គលម្នាក់នោះ គាត់ក៏បានប្រាប់តាមត្រង់ថា គាត់មិនស្គាល់ឈ្មោះ សារួន ឡើយ។ កងឈ្លបនោះក៏បានវិលត្រឡប់ទៅវិញបាត់ទៅ។
ក្រោយមកទៀត ពួកនិរតីបានចូលមកគ្រប់គ្រងស្រុកភូមិរបស់ខ្ញុំ។ ពួកនេះមានបំណងចង់បោសសម្អាតថ្នាក់ដឹកនាំភូមិភាគបូព៌ាមុនៗ ក៏បានដោះលែងអ្នកទោសឱ្យមកធ្វើបាតុកម្មសម្លាប់កម្មាភិបាលភូមិភាគបូព៌ាទាំងនោះ។ ប្រជាជន ជាពិសេសគឺពួកអ្នកទោស និងអ្នកភូមិដែលធ្លាប់មានចិត្តខឹងសម្បារនឹងកម្មាភិបាលភូមិភាគបូព៌ា បាននាំគ្នាចូលរួមធ្វើបាតុកម្មជាមួយគ្នា បង្កជាភាពចលាចលពេញភូមិស្រុក។ អ្នកចូលរួមបាតុកម្មសរុបមានចំនួនប្រហែល ១០០នាក់។ តាស្រន់ ដែលជាកម្មាភិបាលសហករណ៍ខាងភូមិភាគបូព៌ា ត្រូវពួកបាតុករសម្លាប់នៅខាងមុខរោងបាយសហករណ៍តែម្តង ហើយសាកសពរបស់គាត់ ត្រូវពួកបាតុករឯទៀតវាយដំឡើងទក់សាច់។ រីឯ តាសៀង ជាប្រធានកសិករ និងជាគ្រូបង្រៀនតាមភូមិ ក៏ត្រូវបាតុករសម្លាប់ចោលដែរ។ ក្នុងកំឡុងពេលវឹកវរនេះ បងប្រុសឈ្មោះ មឿន និងពូរបស់ខ្ញុំម្នាក់ទៀតជាកម្មាភិបាលក្តោបក្តាប់កសិករធ្វើការនៅភូមិព្រៃចំការ ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ក៏ត្រូវបាតុករសម្លាប់ចោលដូចគ្នា ហើយខ្ញុំបានឃើញហេតុការណ៍នេះផ្ទាល់នឹងភ្នែក។ ខ្ញុំមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំង។ បន្ទាប់ពីការធ្វើបាតុកម្មរួចរាល់មិនបានរយៈពេលកន្លះខែផង អង្គការមកពីភាគនិរតីបានហៅអ្នកធ្វើបាតុកម្មដែលមានឈ្មោះ ហ៊ឹម, យន់, តាកក, តាយ៉ែម, តាយ៉ន និង ធឹម ឱ្យទៅទទួលសញ្ញាបត្រ ប៉ុន្តែស្រាប់តែអ្នកទាំងនោះបានបាត់ខ្លួនរហូត ដោយពុំឃើញវិលត្រឡប់មកវិញឡើយ។
នៅពេលដែលនឹកឃើញអំពីបទពិសោធន៍ដ៏ជូរចត់ទាំងនេះ ខ្ញុំតែងតែមានអារម្មណ៍ភ័យខ្លាច និងសោកសៅជាខ្លាំង។ ខ្ញុំធ្លាប់យល់សប្តិអាក្រក់ឃើញខ្មែរក្រហមចាប់ខ្លួនខ្ញុំយកទៅសម្លាប់ទៀតផង។ ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយបានដឹង និងចងចាំពីរឿងរ៉ាវដែលបានកើតឡើងកាលពីជំនាន់ខ្មែរក្រហម ព្រោះចង់ឱ្យពួកគេចងចាំពីរបបដ៏ឃោរឃៅនេះ មិនបំភ្លេចនូវប្រវត្តិសាស្ត្រដ៏ជូរចត់ និងរួមគ្នាទប់ស្កាត់កុំឱ្យរបបបែបនោះកើតឡើងជាថ្មីម្តងទៀត។
សម្ភាសដោយ អាង ស្រីពៅ យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តក្រចេះ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម»នៃមជ្ឈមណ្ឌលឯកសារកម្ពុជា រស់ភូមិប៉ោ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។
ហុង គឹមសេង៖ ឪពុកម្តាយខ្ញុំស្លាប់នៅបាត់ដំបងដោយភាពអត់ឃ្លាន
ខ្ញុំឈ្មោះ ហុង គឹមសេង អាយុ ៧០ឆ្នាំ រស់នៅភូមិវាល ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំជាកសិករ រីឯមុនរបបខ្មែរក្រហម ខ្ញុំប្រកបរបរត្បាញហូល។ ប្តីរបស់ខ្ញុំឈ្មោះ តូច ឈីវ អាយុ ៧០ឆ្នាំ ក៏ជាកសិករដែរ។ យើងមានកូនចំនួន ៥នាក់ ក្នុងនោះប្រុស ៣នាក់ និងស្រី ២នាក់។
នៅក្នុងរបបខ្មែរក្រហម អង្គការបានបង្ខំឱ្យខ្ញុំចាកចេញពីស្រុកកំណើត ធ្វើដំណើរតាមរថភ្លើងឆ្ពោះទៅកាន់ខេត្តបាត់ដំបង។ ខ្ញុំត្រូវអង្គការជម្លៀសបន្តបន្ទាប់ទៅកាន់ទីតាំងជាច្រើន ដូចជា ភូមិគោកសេះ ភូមិថ្នល់ដាច់ និងភូមិត្រពាំងប្រីយ៍ ក្នុងឃុំភ្នំដី ក៏ដូចជាភូមិត្រពាំងថ្ម ឃុំប៉ោយចារ ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ការងារដំបូងរបស់ខ្ញុំពេលទៅដល់ទីនោះ គឺស្ទូង ដក លើកទំនប់ ជីកប្រឡាយ និងរែកដី។ កាលនោះ អ្នកនៅក្នុងកងចល័ត ក៏ដូចជារូបខ្ញុំផ្ទាល់ពុំសូវបានជួបជុំជាមួយឪពុកម្តាយ ឡើយ ហើយជាអកុសល ក្រោយមកឪពុកម្ដាយខ្ញុំក៏បានស្លាប់នៅទីនោះដោយសារភាពអត់ឃ្លាន។
មានអ្នកខ្លះលួចរត់ទៅលេងផ្ទះដោយសារនឹកគ្រួសារពេក តែត្រូវអង្គការចាប់យកមកវិញ។ នៅទីនោះ ការនិយាយស្ដីត្រូវតែប្រយ័ត្នប្រយែងបំផុត ព្រោះបើនិយាយខុស អង្គការអាចនឹងចាប់យកទៅសម្លាប់ចោល។ យុវជន និងយុវនារី ពុំហ៊ាននិយាយស្និទ្ធស្នាលគ្នាឡើយ ព្រោះខ្លាចខុសសីលធម៌។ ខ្ញុំក៏មិនហ៊ាននិយាយស្ដីអ្វីច្រើនដែរ ព្រោះអង្គការតែងតែយកមនុស្សទៅសម្លាប់ជាញឹកញាប់ ដោយចោទពីបទខុសសីលធម៌។
ចំពោះការហូបចុកវិញ ជួនកាលបានត្រឹមហូបបបរ ហើយទាល់តែដល់រដូវច្រូតកាត់រួច ទើបបានហូបបាយ ដោយក្នុងមួយពេលទទួលបានមួយចាន។ ពេលព្រលឹមឡើង យើងអត់មានអ្វីហូបទេ ទាល់តែម៉ោង ១១ ទើបបានហូប។ ក្នុងមួយថ្ងៃ យើងហូបបាយ ឬបបរបានតែពីរពេលប៉ុណ្ណោះ។ ជួនកាលពេលកំពុងរែកដី ខ្មែរក្រហមបានមកហៅសមាជិកកងចល័តមួយចំនួនចេញទៅ ហើយមិនដែលឃើញត្រឡប់មកវិញឡើយ។ បន្តិចក្រោយមក អង្គការក៏យកខោអាវរបស់អ្នកទាំងនោះ មកចែកឱ្យកងចល័តផ្សេងទៀត។ អ្នកដែលខ្មែរក្រហមសម្លាប់ភាគច្រើន គឺជាប្រជាជន ១៧ មេសា។ មានថ្ងៃមួយ (ខ្ញុំមិនចាំឆ្នាំទេ) ពេលកំពុងតែកាប់ដី ខ្ញុំបានឃើញសក់ និងឆ្អឹងជំនីរមនុស្សកប់នៅកៀនៗប្រឡាយទឹក។
ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយចងចាំពីរឿងរ៉ាវដែលបានកើតឡើងក្នុងរបបខ្មែរក្រហម ដើម្បីឱ្យពួកគេបានយល់ពីការឈឺចាប់ក្នុងរបបនោះ និងចេះចូលរួមថែរក្សាសន្តិភាព។
សម្ភាសដោយ នីម សៀកម៉ី យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តតាកែវ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅភូមិវាល ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។
Prey Veng: Khmer Rouge Survivor’s Unforgettable Life Story (Part 17) – July 2026
Nov 16, 2025 – Jul 2, 2026
ព្រាប វិត៖ ជីវិតកំព្រាក្នុងកងកុមារ ដែលត្រូវខ្មែរក្រហមគំរាមកំហែងរាល់ថ្ងៃ
ខ្ញុំបាទឈ្មោះ ព្រាប វិត អាយុ ៦៤ឆ្នាំ បច្ចុប្បន្នជាកសិករ រស់នៅភូមិត្រពាំងក្តាម ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង។ ខ្ញុំមានភរិយាឈ្មោះ កេត នាន់ អាយុ ៦៣ឆ្នាំ មានមុខរបរជាកសិករដូចគ្នា និងមានកូនចំនួន ៧នាក់ (ប្រុស ១នាក់ និងស្រី ៦នាក់)។
នាសម័យរបបខ្មែរក្រហម អង្គការបានចាត់តាំងខ្ញុំឱ្យចូលក្នុងកងកុមារ ដោយមានភារកិច្ចឃ្វាលក្របីនៅភូមិបឹង ឃុំព្រៃទទឹង ព្រមទាំងធ្វើការងារផ្សេងៗជាច្រើនទៀត ដែលធ្វើឱ្យខ្ញុំនឿយហត់យ៉ាងខ្លាំង។ ពេលនោះ ខ្ញុំហូបចុកមិនដែលបានគ្រប់គ្រាន់ឡើយ។ ថ្ងៃខ្លះ ខ្ញុំទទួលបានរបបបបរតែ ១ ទៅ ២ វែកប៉ុណ្ណោះ ហូបជាមួយសម្លទឹកថ្លាយ៉ង់ គ្មានសាច់ត្រីសោះឡើយ។ ជីវិតខ្ញុំក្នុងរបបនោះរឹតតែឯកោ និងតែលតោល ព្រោះខ្ញុំជាកូនកំព្រាតាំងពីតូច (ឪពុកម្តាយខ្ញុំបានស្លាប់ចោលតាំងពីមុនសម័យខ្មែរក្រហមមកម្ល៉េះ)។ ថ្វីត្បិតតែខ្ញុំមិនត្រូវបានគេបញ្ជូនទៅលើកទំនប់ ឬជីកប្រឡាយដូចមនុស្សធំក៏ពិតមែន ប៉ុន្តែតួនាទីជាអ្នកឃ្វាលក្របីក្នុងកងកុមារនេះ ក៏មិនមែនជារឿងងាយស្រួលដែរ។ ខ្ញុំតែងតែរងការស្តីបន្ទោស សម្លុត និងគំរាមវាយធ្វើបាបរាល់ពេលពីសំណាក់ពួកខ្មែរក្រហម ប្រសិនបើពួកគេឃើញក្របីស៊ីស្មៅមិនឆ្អែត។ ខ្ញុំនៅចាំបានថា កាលនោះដោយសារតែក្តីស្រេកឃ្លានពេក ក្មេងៗដែលឃ្វាលក្របីជាមួយខ្ញុំជាច្រើននាក់ បាននាំគ្នាទៅលួចដកដំឡូងយកមកហូប។ ទោះជាខ្ញុំឃ្លានខ្លាំងយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនបានលួចដកដំឡូងដូចពួកគេដែរ។ ក្រោយមក ពេលពួកខ្មែរក្រហមដឹងរឿងនេះ ក្មេងៗទាំងនោះត្រូវបានគេវាយនឹងរំពាត់យ៉ាងចាស់ដៃ ដើម្បីជាការព្រមានកុំឱ្យមានការលួចបែបនេះទៀត។
រាល់ពេលដែលនឹកឃើញដល់បទពិសោធន៍ដ៏ជូរចត់ក្នុងរបបខ្មែរក្រហម ខ្ញុំតែងតែមានអារម្មណ៍សោកសៅ លាយឡំនឹងការខឹងស្អប់។ ជារឿយៗ ខ្ញុំថែមទាំងយល់សប្តិអាក្រក់ ឃើញពួកខ្មែរក្រហមមកគំរាមកំហែង និងធ្វើបាបខ្ញុំថែមទៀតផង។ តាមរយៈរឿងរ៉ាវរបស់ខ្ញុំនេះ ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយចងចាំទុកជាមេរៀនប្រវត្តិសាស្ត្រ ដើម្បីកុំឱ្យមានទង្វើណាមួយដែលអាចនាំឱ្យរបបដ៏យង់ឃ្នងបែបនេះកើតមានឡើងជាថ្មីម្តងទៀតឡើយ។
សម្ភាសដោយ អាង ស្រីពៅ យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តក្រចេះ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅភូមិត្រពាំងក្តាម ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥។
ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។
ហៀង ហ៊ន៖ កូនខ្ញុំស្លាប់៣នាក់ដោយសារជំងឺគ្រុនចាញ់នៅក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ហៀង ហ៊ន អាយុ៨៤ឆ្នាំ រស់នៅភូមិត្រពាំងស្វាយ ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ សព្វថ្ងៃនេះ ខ្ញុំមិនមានមុខរបរអ្វីទេ ដោយសារខ្ញុំមានវ័យកាន់តែចាស់ជរាទៅហើយ។ ចំណែកប្រពន្ធរបស់ខ្ញុំឈ្មោះ ទុំ យ៉ាន អាយុ៨០ឆ្នាំ គាត់ក៏ពុំមានមុខរបរអ្វីដែរ គឺនៅមើលថែផ្ទះប៉ុណ្ណោះ។ ខ្ញុំមានកូនចំនួន ៦នាក់ គឺប្រុស ៣នាក់ និងស្រី ៣នាក់។
ចូលដល់របបខ្មែរក្រហម ខ្ញុំនិងគ្រួសារត្រូវអង្គការជម្លៀសឱ្យទៅរស់នៅក្នុងស្រុកអង្គរបុរី ខេត្តតាកែវ។ នៅទីនោះ អង្គការបានចាត់តាំងឱ្យខ្ញុំរស់នៅក្នុងសហករណ៍ភ្នំដាជាមួយអ្នកដទៃទៀត ដោយត្រូវធ្វើការរែកដីទាំងថ្ងៃទាំងយប់ ហើយទទួលបានមកវិញនូវការហូបចុកមិនគ្រប់គ្រាន់ឡើយ។ ក្នុងមួយថ្ងៃ ខ្ញុំទទួលបានរបបអាហារត្រឹមតែពីរពេលប៉ុណ្ណោះ គឺពេលថ្ងៃត្រង់ និងពេលល្ងាច។ កាលនោះ កូនៗរបស់ខ្ញុំដែលមានអាយុក្រោម ១០ឆ្នាំ ត្រូវខ្មែរក្រហមបង្ខំឱ្យចូលក្នុងកងកុមារនៅពេលថ្ងៃ ហើយឱ្យវិលត្រឡប់មកជួបជុំខ្ញុំវិញនៅពេលយប់។ អ្វីដែលធ្វើឱ្យខ្ញុំសោកស្ដាយ និងចងចាំមិនភ្លេចបំផុតនោះគឺ កូនរបស់ខ្ញុំចំនួន ៣នាក់ បានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ដោយសារជំងឺគ្រុនចាញ់ និងគ្មានថ្នាំសង្កូវព្យាបាលត្រឹមត្រូវ។ នៅក្នុងសហករណ៍ភ្នំដានោះ ខ្ញុំសង្កេតឃើញមានកុមារស្លាប់ជារៀងរាល់ថ្ងៃមិនក្រោមពី ៤០នាក់ឡើយ ដោយសារតែជំងឺដង្កាត់ និងភាពអត់ឃ្លាន។
រឿងរ៉ាវដែលធ្វើឱ្យខ្ញុំរន្ធត់ចិត្តកាន់តែខ្លាំងថែមទៀតនោះគឺ ពួកខ្មែរក្រហមតែងតែចាប់មនុស្សចងផ្អោបគ្នាជាខ្សែៗ បណ្ដើរយកទៅសម្លាប់ចោលជារៀងរាល់យប់។ នៅវេលាម៉ោងប្រហែល ៩យប់ ខ្ញុំតែងតែឮសូរគ្រាប់កាំភ្លើងផ្ទុះឡើង ដែលធ្វើឱ្យខ្ញុំកាន់តែមានសេចក្តីភិតភ័យខ្លាំងឡើង។ ខ្ញុំតែងតែគិតម្នាក់ឯងទាំងព្រួយបារម្ភថា៖ «តើពួកខ្មែរក្រហមនឹងមកចាប់ខ្លួនខ្ញុំនៅថ្ងៃស្អែកដែរឬទេ បើពួកវាសម្លាប់មនុស្សមិនរើសមុខបែបនេះ?»។ ប៉ុន្តែទោះជាយ៉ាងណា ខ្ញុំនៅតែអាចបន្តរស់រានមានជីវិតនៅក្នុងសហករណ៍ទាំងភាពភ័យខ្លាច រហូតដល់របបខ្មែរក្រហមត្រូវបានដួលរលំ។ ក្រោយមក ខ្ញុំនិងប្រពន្ធក៏បាននាំគ្នាវិលត្រឡប់មកបោះទីតាំងរស់នៅឯផ្ទះស្រុកកំណើតវិញរហូតដល់សព្វថ្ងៃ។
សម្ភាសដោយ នីម សៀកម៉ី យុវជនស្ម័គ្រចិត្តកម្ពុជាមកពីតាកែវ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម»នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅភូមិត្រពាំងស្វាយ ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។
ភោគ លី៖ ខ្ញុំលួចអំបិលពីឃ្លាំង ដើម្បីចង់ឱ្យគ្រប់គ្នាក្នុងកងចល័តបានហូប
ខ្ញុំឈ្មោះ ភោគ លី អាយុ ៧១ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ សព្វថ្ងៃ ខ្ញុំមានមុខរបរធ្វើស្រែ។ ខ្ញុំមានប្តីឈ្មោះ អ៊ុក សឿន អាយុ ៧៧ឆ្នាំ ជាកសិករដូចគ្នា។ យើងមានកូនចំនួន ៨នាក់ (ស្រី ៥នាក់ និងប្រុស ៣នាក់) ប៉ុន្តែគួរឱ្យសោកស្ដាយ ក្នុងចំណោមកូនទាំងអស់ មានកូនពីរនាក់បានស្លាប់បាត់បង់ជីវិតដោយសារជំងឺ។
នៅក្នុងរបបខ្មែរក្រហម ខ្ញុំត្រូវអង្គការចាត់តាំងឱ្យមើលថែកុមារនៅក្នុងមណ្ឌល ដែលមានទីតាំងនៅផ្ទះយាយ សៀង។ កាលនោះ ដោយសារខ្ញុំមានផ្ទៃពោះជិតសម្រាលកូនទៅហើយ ទើបអង្គការចាត់តាំងខ្ញុំឱ្យធ្វើជាម៉ែដោះ បំបៅកូនង៉ារបស់អ្នកភូមិ ក្នុងពេលដែលឪពុកម្ដាយរបស់ពួកគេត្រូវទៅធ្វើការងារតាមកង។ បន្ទាប់ពីខ្ញុំបានសម្រាលកូនរួច និងមួយរយៈពេលក្រោយមកមានកម្លាំងធម្មតាវិញ អង្គការបានចាត់តាំងខ្ញុំឱ្យទៅសម្រិតសម្រាំងអង្ករវិញ ដោយតម្រូវឱ្យបាន៥តៅក្នុងមួយថ្ងៃ។ ខ្ញុំខំប្រឹងប្រែងខ្លាំងណាស់ ព្រោះខ្លាចធ្វើមិនទាន់ផែនការរបស់អង្គការ។ ខ្ញុំត្រូវងើបទៅធ្វើការតាំងពីព្រលឹមទល់យប់ ទើបបានសម្រាក និងវិលត្រឡប់មកស្នាក់នៅផ្ទះវិញ។
ក្រោយមកទៀត ដោយសារខ្វះខាតកម្លាំងរែកបាយ អង្គការបានចាត់តាំងខ្ញុំ និងបង សុខ ឱ្យដឹកជញ្ជូនបាយបម្រើដល់កងចល័ត។ ពេលនោះ ប្រធានចុងភៅឈ្មោះ តាប៉ោក បានឱ្យអំបិលមកខ្ញុំចំនួនមួយវែកសម្រាប់យកទៅចែកឱ្យកងចល័តដែលកំពុងធ្វើការនៅវាលស្រែ។ ពេលខ្ញុំយកអំបិលនោះទៅចែក ម្នាក់ៗទទួលបានអំបិលត្រឹមតែមួយគ្រាប់ប៉ុណ្ណោះ ហើយជួនកាល អំបិលទាំងនេះមិនអាចចែកបានគ្រប់គ្នាក្នុងកងចល័តនោះទេ។ ដោយហេតុនេះ ខ្ញុំក៏កើតគំនិតបបួលបង សុខ លួចអំបិលបន្ថែមទៀតទើបអាចចែកបានគ្រប់គ្នា។ ថ្ងៃមួយ ខ្ញុំបានឱ្យបង សុខ នៅចាំយាមផ្លូវ សង្កេតមើលថាតើតាប៉ោក ដើរចេញក្រៅពីរោងដាក់អំបិលនៅពេលណា ដើម្បីខ្ញុំបានឱកាសចូលទៅលួចអំបិលក្នុងឃ្លាំងនោះ។ ចៃដន្យថ្ងៃមួយ តាប៉ោក មិននៅក្នុងរោងដាក់អំបិលឡើយ។ ខ្ញុំក៏បានចូលទៅក្នុងឃ្លាំងចូកអំបិលដាក់ក្នុងស្មុគ រួចហុចឱ្យបងសុខតាមបង្អួច។ បន្ទាប់ពីគាត់លាក់ទុកលើរទេះរួចរាល់ហើយ ទើបយើងបរទេះដឹកបបរចេញទៅវាលស្រែ។ ខ្ញុំតែងតែគិតក្នុងចិត្តថា បើគេចោទថាខ្ញុំជាចោរលួចអំបិល ក៏ស្រេចតែគេថាចុះ សំខាន់គឺខ្ញុំចង់ឱ្យកងចល័តទាំងអស់មានអំបិលហូបគ្រប់ៗគ្នា។
ដោយសាររបបអាហារមិនគ្រប់គ្រាន់ ពេលខ្លះយើងបាននាំគ្នាលួចចាប់ក្ដាមនៅវាលស្រែ ដោយប្រយ័ត្នមិនឱ្យអង្គការដឹង។ ពេលចាប់ក្ដាមបាន យើងបកស្នូកវាចេញ ហើយរោយអំបិលបន្តិចពីលើសាច់ក្តាម រួចដាក់ហាលថ្ងៃចោលនៅលើភ្លឺស្រែ ទំរាំដល់ពេលសម្រាកហូបបាយ ទើបយើងយកក្តាមនោះមកហូបផ្ទាប់ជាមួយបបរ។ ជាសំណាងល្អ តាប៉ោក នៅតែមិនបានដឹងថាពួកយើងជាអ្នកលួចអំបិលក្នុងឃ្លាំងឡើយ ទើបយើងអាចមានជីវិតរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃនេះ។
រឿងរ៉ាវដែលធ្វើឱ្យខ្ញុំឈឺចាប់បំផុតនៅក្នុងរបបខ្មែរក្រហម គឺការបាត់បង់ជីវិតបងប្អូនបង្កើតចំនួន ២នាក់ ដោយសារការធ្វើការហួសកម្លាំង និងមិនមានអាហារគ្រប់គ្រាន់។ ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយចងចាំពីរឿងរ៉ាវជូរចត់ដែលបានកើតឡើងកាលពីរបបខ្មែរក្រហម និងចង់ផ្ដាំផ្ញើឱ្យក្មេងៗទាំងនោះខិតខំរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹងឱ្យបានខ្ពង់ខ្ពស់ ដើម្បីទប់ស្កាត់កុំឱ្យរបបនេះកើតឡើងជាថ្មីម្ដងទៀត។
សម្ភាសដោយ ទ្រី សុក្រហេង យុវជនស្ម័គ្រចិត្តកម្ពុជាមកពីតាកែវ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅភូមិត្រពាំងស្វាយ ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។
ទឹម ទូច៖ អង្គការរៀបគូស្រករឱ្យខ្ញុំម្នាក់ទៀត បន្ទាប់ពីយកប្ដីខ្ញុំមុនទៅសម្លាប់ចោលព្រោះគាត់ធ្លាប់ធ្វើទាហាន លន់ នល់
ខ្ញុំឈ្មោះ ទឹម ទូច អាយុ ៦៧ឆ្នាំ ជាស្ត្រីមេម៉ាយ និងមានមុខរបរជាកសិករធ្វើស្រែចម្ការ។ សព្វថ្ងៃ ខ្ញុំរស់នៅភូមិត្រពាំងកក់ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានកូនចំនួន ៦នាក់ (ប្រុស ៥នាក់ និងស្រី ១នាក់)។
រំឭកដល់ព្រឹត្តិការណ៍ក្នុងឆ្នាំ១៩៧៥ ក្រោយពេលរបបខ្មែរក្រហមឡើងកាន់អំណាច ខ្ញុំនិងក្រុមគ្រួសារត្រូវអង្គការជម្លៀសឱ្យទៅរស់នៅវត្តចំប៉ាលើក។ ស្នាក់នៅទីនោះបានមួយរយៈពេលខ្លី ពួកយើងត្រូវបានជម្លៀសបន្តមករស់នៅឃុំលាយបូរ ស្រុកត្រាំកក់ បានមួយរយៈពេលទៀត ទើបគណៈស្រុក និងគណៈឃុំ បញ្ជូនខ្ញុំឱ្យបន្តទៅរស់នៅភូមិព្រៃរុន ឃុំស្រងែ ស្រុកទ្រាំង ខេត្តតាកែវ។
ពេលទៅដល់ភូមិព្រៃរុន អង្គការបានចាត់តាំងខ្ញុំឱ្យធ្វើការងារជាច្រើនដូចជា ធាក់រហាត់ទឹក ស្ទូង ដក ភ្ជួរស្រែ និងឃ្វាលក្របី។ កងរបស់ខ្ញុំដែលមានសមាជិក ១៧នាក់ ត្រូវបានអង្គការដាក់កំហិតឱ្យស្ទូងស្រូវលើផ្ទៃដីមួយហិកតាឱ្យរួចរាល់ក្នុងរយៈពេលតែមួយយប់ប៉ុណ្ណោះ។ លុះដល់រដូវប្រាំង ខ្មែរក្រហមបានចាត់ឱ្យពួកខ្ញុំរែកដីរត់ប្រណាំងគ្នា ព្រមទាំងជីកប្រឡាយ និងលើកទំនប់នៅប្រឡាយលេខ០១ និងលេខ០២ ដែលស្ថិតនៅភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបូរីជលសារ រហូតដល់ព្រំដែនប្រទេសវៀតណាម។ ម៉ោងការងារប្រចាំថ្ងៃ គឺចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ១១ថ្ងៃត្រង់ ទើបអនុញ្ញាតឱ្យសម្រាកហូបបាយ ហើយបន្តធ្វើការនៅពេលរសៀលចាប់ពីម៉ោង ២ ដល់ម៉ោង ៥ល្ងាច។ ជួនកាល អង្គការត្រូវការកម្លាំងធាក់រហាត់ទឹកពេលយប់ ក្រុមខ្ញុំដែលមានគ្នា ៤នាក់ ក៏ត្រូវចេញទៅជួយបន្ថែមទៀតដែរ។ ចំពោះការហូបចុកវិញ ភាគច្រើនគឺទទួលបានតែរបបបបររាវៗប៉ុណ្ណោះ យូរៗទើបមានបាយហូបម្ដង។ នៅក្នុងរបបដ៏យង់ឃ្នងនោះ ខ្ញុំបានបាត់បង់លោកយាយ និងលោកតា ដោយសារគ្មានអាហារបរិភោគគ្រប់គ្រាន់។
អ្វីដែលកាន់តែសោកសៅ គឺប្ដីទីមួយរបស់ខ្ញុំត្រូវបានអង្គការយកទៅសម្លាប់ចោល បន្ទាប់ពីពួកគេស៊ើបដឹងថាគាត់ធ្លាប់ធ្វើជាទាហានក្នុងរបប លន់ នល់។ រហូតដល់ឆ្នាំ១៩៧៧ អង្គការបានរៀបចំផ្សំផ្គុំឱ្យខ្ញុំមានគ្រួសារថ្មីមួយទៀតជាមួយ ហ៊ុន អឿន (ប្តីក្រោយនេះបានទទួលមរណភាពក្នុងអាយុ ៧២ឆ្នាំដោយសារជំងឺ) បន្ទាប់ពីបានយកប្តីខ្ញុំមុនទៅសម្លាប់ចោល។ ពិធីរៀបការនោះ ត្រូវបានធ្វើឡើងជាមួយគូស្រករប្រមាណពី ១០ ទៅ ២០គូ ទៀត ដែលការប្តេជ្ញាចិត្តថានឹងរួមរស់ជាមួយគ្នាក្នុងពិធីនោះគឺធ្វើឡើងនៅពេលយប់។ បន្ទាប់ពីប្ដេជ្ញារួច អង្គការមិនអនុញ្ញាតឱ្យពួកយើងរស់នៅជុំគ្នាឡើយ ពោលគឺត្រូវបែកគ្នាទៅធ្វើការតាមកងរៀងៗខ្លួន។ ជារៀងរាល់មួយខែ ឬពីរខែម្ដង ទើបអង្គការអនុញ្ញាតឱ្យប្ដីប្រពន្ធជួបគ្នាម្ដង នៅរៀងរាល់ថ្ងៃទី១០។
ខ្ញុំធ្លាប់បានឃើញដោយផ្ទាល់ភ្នែកនូវទិដ្ឋភាពខ្មែរក្រហមវាយធ្វើបាប និងសម្លាប់ប្រជាជន។ ថ្ងៃមួយ (ខ្ញុំមិនចាំឆ្នាំច្បាស់ទេ) ពេលមេឃទើបតែភ្លឺ ខណៈដែលកងរបស់ខ្ញុំកំពុងដកសំណាបនៅក្បែរវត្តជើងចាប ព្រៃលើ ខ្ញុំបានឮសម្រែកយំ និងសំឡេងថ្ងូរឈឺចាប់របស់អ្នកដែលត្រូវឈ្លបវាយធ្វើបាប។ ជនរងគ្រោះនោះ ត្រូវបានអង្គការយកទៅសម្លាប់ដោយចោទប្រកាន់ពីបទលួចដកដំឡូងហូប។ ពេលនោះ ខ្ញុំបានលួចមើលបន្តិច តែត្រូវប្រធានកងស្ដីបន្ទោស និងគម្រាមឱ្យគិតតែពីខំធ្វើការ។ ទោះជាយ៉ាងណា ពេលខ្ញុំឱនស្ទូងស្រូវ ខ្ញុំបានទម្លាក់ភ្នែកលួចមើលឃើញកងឈ្លបវ័យក្មេងតូចៗ កំពុងសម្លាប់អ្នកទោសនោះយ៉ាងព្រៃផ្សៃដោយប្រើស្នូកកាំភ្លើងវាយ។
រហូតដល់ឆ្នាំ១៩៧៩ របបខ្មែរក្រហមត្រូវបានដួលរលំ ពេលកងទ័ពស្ម័គ្រចិត្តវៀតណាមបានចូលមករំដោះ ខ្ញុំក៏បានវិលត្រឡប់មករស់នៅស្រុកកំណើត និងបានជួបជុំគ្រួសារវិញ។ ឆ្លងកាត់ការឈឺចាប់ទាំងនេះ ខ្ញុំពិតជាចង់ឱ្យក្មេងៗជំនាន់ក្រោយចងចាំអំពីសោកនាដកម្មដែលបានកើតឡើងក្នុងរបបខ្មែរក្រហម និងចង់ឱ្យពួកគេយល់ដឹងឱ្យបានច្បាស់ពីប្រវត្តិសាស្ត្ររបស់ខ្មែរ។
សម្ភាសដោយ លន សេថា យុវជនស្ម័គ្រចិត្តកម្ពុជាមកពីខេត្តតាកែវ ក្នុងគម្រោងស្តីពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អតាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅភូមិត្រពាំងកក់ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥។
ដារ៉ារដ្ឋ មេត្តា និង ផេង ពង្សរ៉ាស៊ី បានពិនិត្យ និងសម្រួលឃ្លោងឃ្លា ព្រមទាំងអក្ខរាវិរុទ្ធអត្ថបទខ្លីនេះ។
https://photos.app.goo.gl/N67LL4RjyZpacPaU6