នៅថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៦ មជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង បានទទួលស្វាគមន៍ សិស្សានុសិស្សចំនួន ៦ នាក់ (ស្រីទាំង ៦ នាក់) មកពីសាលាអនុវិទ្យាល័យ អនុវត្ត ខេត្តព្រៃវែង។ សិស្សានុសិស្សទាំង ៦ នាក់ បានមកកាន់ការិយាល័យ មជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង ក្នុងគោលបំណង ទស្សនាខ្សែភាពយន្តឯកសារ«មុនដំបូង ខ្មែរក្រហម សម្លាប់ប៉ា របស់ខ្ញុំ»។
សិស្សានុសិស្សទាំង ៦ នាក់ ធ្លាប់បានមកទស្សនាខ្សែភាពយន្តនេះ ម្តងរួចមកហើយ ប៉ុន្តែនៅពេលនោះ ពួកគេពុំទាន់ទស្សនារហូតដល់ចប់។ រហូតមកដល់ថ្ងៃនេះ ពួកគេ បានមកកាន់ការិយាល័យមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែងម្តងទៀត ដើម្បីទស្សនាខ្សែភាពយន្តឯកសារបន្ត រហូតដល់ចប់។
នៅវគ្គបញ្ចប់នេះ សិស្សានុសិស្សអាចឈ្វេងយល់ពីទិដ្ឋភាពនៅក្នុងរបបខ្មែរក្រហម មួយចំនួនទាក់ទងនឹងការបង្ខំឱ្យប្រជាជនធ្វើការងារជាទម្ងន់ ការសម្លាប់ប្រជាជន និង ការធ្វើសង្គ្រាមជាមួយកងទ័ពវៀតណាម ដោយខ្មែរក្រហម បង្វឹកឱ្យក្មេងៗ មានភាពអង់អាចក្លាហាន ចេះក្បួនយុទ្ធសាស្ត្រយោធា ចូលប្រយុទ្ធជាមួយកងទ័ពវៀតណាម។
នៅចុងបញ្ចប់ បន្ទាប់ពីបានទស្សនាខ្សែភាពយន្តនេះរួច សិស្សានុសិស្សបានបង្ហាញចំណាប់អារម្មណ៍ដូចតទៅ៖
រឿន រក្សា ភេទស្រី អាយុ ១៣ ឆ្នាំ៖ នៅពេលដែលខ្ញុំ បានទស្សនាខ្សែភាពយន្តនេះបន្តរហូតដល់ចប់ ខ្ញុំចាប់អារម្មណ៍ នៅត្រង់ខ្មែរក្រហម បានយកក្មេងៗមក បង្វឹកឱ្យចេះច្បាំងជាមួយកងទ័ពវៀតណាម។ នៅអំឡុងពេលច្បាំងគ្នានេះ ខ្ញុំមានការអាណិតអាសូរដល់ប្រជាជនដែលត្រូវរត់គេចពីសង្គ្រាម ដោយអ្នកខ្លះរត់ជាន់គ្រាប់មីនស្លាប់ និង អ្នកខ្លះត្រូវរបួសដាច់ដៃ ដាច់ជើង។ បើសិនជាខ្ញុំជាតួអង្គនៅក្នុងរឿង ហើយបើសិនជាខ្ញុំស្ថិតនៅក្នុងសង្គ្រាមបែបនេះ ខ្ញុំមានអារម្មណ៍តក់ស្លុត និង មិនអាចគ្រប់គ្រងអារម្មណ៍បានទេ។ ដូច្នេះ ខ្ញុំពិតជាមានការកោតសរសើរចំពោះអ្នកដែលឆ្លងកាត់សង្គ្រាមជាខ្លាំង ជាពិសេស គាត់អាចរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃ។
នាង សុខថានេត្រ ភេទស្រី អាយុ ១៣ ឆ្នាំ៖ សម្រាប់ខ្ញុំ បន្ទាប់ពីបានទស្សនាខ្សែភាពយន្តនេះចប់ គឺខ្ញុំចាប់អារម្មណ៍នៅត្រង់ កងទ័ពវៀតណាម បានចូលមករំដោះប្រទេសកម្ពុជា ហើយ កងទ័ពវៀតណាម បានមកជួយព្យាបាលប្រជាជនខ្មែរដែលរងរបួសនៅក្នុងសង្គ្រាម។ លើសពីនេះ វៀតណាម បានធ្វើឱ្យក្មេងៗវិលមកជួបជុំបងប្អូនវិញ។
ថើន កញ្ញា ភេទស្រី អាយុ ១៣ ឆ្នាំ៖ ចំណែកខ្ញុំ គឺខ្ញុំចាប់អារម្មណ៍នៅត្រង់ខ្មែរក្រហម បានយកម្តាយនិង កូនក្មេងទៅសម្លាប់។ ទិដ្ឋភាពនៅពេលនោះ គឺម្តាយបានដេកស្លាប់នៅលើគំនរសាកសពផ្សេងទៀត ហើយ ចំណែកឯកូន គឺកំពុងយំអង្រួនម្តាយ។ ខ្ញុំគិតថា ក្មេងនោះ ប្រហែលជាអាចស្លាប់តាមម្តាយដែរ ព្រោះពុំមានអ្វីហូប ហើយនៅម្នាក់ឯងទៀត។
រ៉ន រចនា ភេទស្រី អាយុ ១២ ឆ្នាំ។ ចំពោះខ្សែភាពយន្តឯកសារនៅវគ្គចុងក្រោយ គឺពិតជារន្ធត់ណាស់ ព្រោះនៅពេលកងទ័ពខ្មែរក្រហម និង កងទ័ពវៀតណាម ប្រយុទ្ធគ្នា គឺធ្វើឱ្យប្រជាជនក្មេងចាស់ បានស្លាប់ ហើយ បានដាច់ដៃ ដាច់ជើង ដោយសារជាន់មីនទៀតផង។ ដើម្បីចៀសវាងពីការជាន់មីន ក្មេងស្រី នៅក្នុងសាច់រឿង បានដើរតាមដានជើងមនុស្សដែលរត់ ទើបគាត់អាចរស់រានមានជីវិតមកបាន។
សឿង ជូលី ភេទស្រី អាយុ ១២ ឆ្នាំ៖ នៅវគ្គចុងក្រោយ និង ក្រោយពេលដែលប្រទេសកម្ពុជាមានសន្តិភាព ប្រជាជនបាន ចាប់ខ្លួនកម្មាភិបាលខ្មែរក្រហម ដែលធ្លាប់បានយកមនុស្សទៅសម្លាប់។ ប្រជាជនជាច្រើនបាននាំគ្នារត់មកមើល ហើយបានវាយធ្វើបាបកម្មាភិបាលខ្មែរក្រហមនោះយ៉ាងខ្លាំង។ សម្រាប់ខ្ញុំ គឺខ្ញុំមានអារម្មណ៍អាណិតកម្មាភិបាលខ្មែរក្រហមនោះបន្តិចបន្តួច ដោយសារតែគាត់ត្រូវប្រជាជនវាយយ៉ាងដំណំ ប៉ុន្តែទោះជាយ៉ាងណា គាត់ត្រូវតែទទួលទោសបែបនោះ ព្រោះគាត់បានសម្លាប់មនុស្សអស់ជាច្រើន។
សឿង កញ្ញានីតា ភេទស្រី អាយុ ១៣ ឆ្នាំ៖ ចំពោះចំណាប់អារម្មណ៍របស់ខ្ញុំ ទាក់ទងនឹងសាច់រឿងនេះ ខ្ញុំមានអារម្មណ៍អាណិតដល់មនុស្សគ្រប់គ្នា ដែលរស់នៅក្នុងរបបនោះ។ ចំណុចនៃសាច់រឿង ដែលខ្ញុំចាប់អារម្មណ៍នោះគឺ នៅត្រង់ ក្មេងស្រី បានស្នើសុំប្រធាននារី មកលេងបងស្រី ប៉ុន្តែពេលនោះ ក្មេងស្រីនោះបានទៅរកម្តាយនៅផ្ទះ។ នៅពេលដែលក្មេងស្រីនោះបានទៅដល់ផ្ទះ ស្រាប់តែពុំឃើញមាននរណានៅផ្ទះឡើយ។ បន្តិចក្រោយមក មានប្រជាជនម្នាក់ បានមកប្រាប់ក្មេងស្រីនោះថា ឈ្លប បានយកម្តាយ និង ប្អូនស្រីរបស់គាត់ទៅសម្លាប់ហើយ។ ចំណែកក្មេងស្រីនោះវិញ បានត្រឹមខូចចិត្ត និង ឱប តុក្តតា របស់ប្អូនប៉ុណ្ណោះ។
https://photos.app.goo.gl/irLgLPF9u7zm96rs8