Home / Post

Koh Thma Documentation Center: Students visited and screened the film “Cambodia 3+4” at The S’tieng indigenous community in Kdol Leu village. June 4, 2026

ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មដឹកនាំសិស្សានុសិស្សទស្សនាពិព័រណ៍រូបភាព និងចាក់បញ្ចាំងខ្សែភាពយន្ត «កម្ពុជា ៣+៤» នៅផ្ទះសហគមន៍ក្តុលលើ-សាលាគរុភណ្ឌស្ទៀង។

នៅរសៀលម៉ោង១និង០៥នាទី សិស្សានុសិស្សចំនួន១០នាក់(ស្រី៩នាក់) មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ អញ្ជើញមកដល់ផ្ទះសហគមន៍ក្តុលលើ-សាលាគរុភណ្ឌស្ទៀង ក្នុងគោលបំណងស្វែងយល់ពិព័រណ៍រូបភាព និងអត្ថន័យខ្សែភាពយន្ត «កម្ពុជា ៣+៤» ក្នុងប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)។

ជាកិច្ចចាប់ផ្តើមកញ្ញា វន បុប្ផា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម ណែនាំសិស្សានុសិស្ស អំពីផ្ទះសហគមន៍ភូមិក្តុលលើ-សាលាគរុភណ្ឌស្ទៀង ដែលចាប់ផ្តើមជួលជុលដោយមជ្ឈមណ្ឌលឯកសារកម្ពុជានៅខែមីនា ឆ្នាំ២០២៤ និងបានបញ្ចប់ទាំងស្រុងនៅដើមខែកញ្ញា ឆ្នាំ២០២៤។ ផ្ទះសហគមន៍ភូមិក្តុលលើ-សាលាគរុភណ្ឌស្ទៀង ជាអំណោយលោកយាយ ម៉ែន ច្រាញ់។ ផ្ទះសហគមន៍ភូមិក្តុលលើ-សាលាគរុភណ្ឌស្ទៀង ត្រូវបានរចនាបទឡើងដោយនិស្សិតស្ថាបត្យកម្មឆ្នាំទី៥ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចំនួន២រូប គឺ លោក វន រ័ត្នវិសាល និង កញ្ញា លឹម វណ្ណសូលីហ្សា។ កញ្ញា វន បុប្ផា បន្តទៀតថា នៅផ្ទះសហគមន៍ភូមិក្តុលលើ-សាលាគរុភណ្ឌស្ទៀង នៃមជ្ឈមណ្ឌលឯកសារកោះថ្ម មានឯកសារជាច្រើនដែលទាក់ទងជាមួយរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)។

កញ្ញា វន បុប្ផា បានបង្ហាញសិស្សានុសិស្សអំពីពិព័រណ៍ ៤ផ្ទាំង គឺ១)ផ្ដោតសំខាន់ទៅលើដំណើរឆ្ពោះទៅរកការផ្ដួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃ ទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ២) កិច្ចចរចារសន្តិភាព ៣) កិច្ចព្រមព្រៀងសន្តិភាព និង៤) ការងារមនុស្សធម៌។

ជាកិច្ចបន្ទាប់លោក ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម ដឹកនាំសិស្សានុសិស្សចំនួន១០នាក់ អង្គុយទស្សនាខ្សែភាពយន្ត «កម្ពុជា ៣+៤»។ លោក ឈុំ រ៉ា បាននិយាយអំពីអត្ថន័យខ្សែភាពយន្ត«កម្ពុជា ៣+៤» សំដៅដល់ចំនួនប្រជាជន៧លាននាក់នៅមុនរបបខ្មែរក្រហមឆ្នាំ១៩៧៥ ចំពោះលេខ៣ សំដៅដល់ចំនួនប្រជាជនដែលស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យចំនួន៣លាននាក់។ ចំណែកលេខ៤ សំដៅលើប្រជាជនកម្ពុជារស់រានមានជីវិតចំនួន៤លាន នាក់។ នៅក្នុងខ្សែភាពយន្តនេះត្រូវបានផលិតឡើងនៅក្រោយរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ ដោយបានបង្ហាញអំពើឧក្រដ្ឋកម្មដែលប្រព្រឹត្តដោយខ្មែរក្រហមរួមមាន មន្ត្រីជាន់ខ្ពស់ និងកម្មាភិបាលជាន់ខ្ពស់របស់ខ្មែរក្រហម (អ្នកទោសនយោបាយ), កងទ័ពនិងយុទ្ធជនខ្មែរក្រហម, បញ្ញវន្ត និស្សិត និងមន្ត្រីរបបចាស់ (លន់ នល់), សមាជិកគ្រួសារអ្នកទោស និងជនបរទេសជាដើម។

ខាងក្រោមនេះប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំងនៅមន្ទីរស-២១៖
ឈ្មោះ យូ ថាន់ ហៅផល់ ភេទប្រុស មានអាយុ ៣៨ឆ្នាំ (ក្នុងឆ្នាំ១៩៧៦)។ នៅមុនថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ជាប្រធានរោងពុម្ពភូមិភាគពិសេស និងក្រោយថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ទទួល ខាងលេខនិងអក្សររោងពុម្ពរដ្ឋក-៣០។ យូ ថាន់ ហៅ ផល់ មានស្រុកកំណើតនៅភូមិខ្ញូង ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម មានឪពុកឈ្មោះ យូ ហ៊ិន និងម្តាយឈ្មោះ សួស យឿ។ យូ ថាន់ ហៅ ផល់ មានប្រពន្ធឈ្មោះ ឈ្នាង សារ៉ី ហៅ ភាក់ មានស្រុកកំណើតនៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ និងមានកូន ៥នាក់ (ប្រុស២នាក់ និងស្រី៣នាក់)។ យូ ថាន់ ហៅ ផល់ ត្រូវបានខ្មែរក្រហមចាប់ខ្លួននៅរោងពុម្ពរដ្ឋក-៣០ ថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៧៦ និងបញ្ជូនទៅឃុំឃាំងនៅមន្ទីរស-២១ ក្នុងផ្ទះ១ បន្ទប់ធំ១ បន្ទប់តូច៤។ យោងតាមឯកសារនៅបណ្ណសារដ្ឋានមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលយកទៅធ្វើបញ្ជីឡើងវិញដោយការិយាល័យសហព្រះរាជអាជ្ញានៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា បានរកឃើញថា យូ ថាន់ ហៅ ផល់ ត្រូវបានខ្មែរក្រហមសម្លាប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។

ចំណាប់អារម្មណ៍សិស្ស៖
១)នាងខ្ញុំឈ្មោះ គឿន ស្រីកា ជាសិស្សនៃវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែន ក្ដុលផ្សារ។ ថ្ងៃនេះ ខ្ញុំមាន អារម្មណ៍ប្លែកខុសពីសព្វដង ពេលចូលមកសាលាគរុភ័ណ្ឌស្ទៀង-ផ្ទះសហគមន៍ក្ដុលលើ។ ថ្វីត្បិតតែ ខ្ញុំធ្លាប់មកអានសៀវភៅនៅទីនេះជាច្រើនលើករួចមកហើយក្តី ប៉ុន្តែថ្ងៃនេះជាលើកដំបូងដែលខ្ញុំបានមកទស្សនាខ្សែភាពយន្តឯកសារមួយដែលមានចំណងជើងថា«កម្ពុជា៣+៤»។ តាមទស្សនៈរបស់ខ្ញុំ ភាពយន្ត នេះបានបង្ហាញយ៉ាងច្បាស់អំពីសកម្មភាពព្រៃផ្សៃរបស់កម្មាភិបាលខ្មែរក្រហម ដែលបានធ្វើទារុណកម្ម និង កាប់សម្លាប់ប្រជាជន។

២)នាងខ្ញុំឈ្មោះ កាក់ សុខហេង ភេទស្រី ជាសិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្ដុលផ្សារ។ ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយ និងរំភើបយ៉ាងខ្លាំងដែលបានចូលរួមទស្សនាការពិព័រណ៍នេះ។ អំឡុងពេលទស្សនា ខ្ញុំបានយកចិត្តទុកដាក់ស្ដាប់ការណែនាំ និងការពន្យល់ពីបងៗក្រុមការងារនៅតាមផ្ទាំងពិព័រណ៍នីមួយៗ។ បន្ទាប់ពីពន្យល់រួច បងៗក៏បានសួរមកកាន់ក្រុមពួកយើងថា៖ «តើប្អូនៗធ្លាប់ឮនិងស្គាល់ទីតាំងទាំងនេះដែរឬទេ?»។ ក្រោយពីបានទស្សនាផ្ទាំងពិព័រណ៍ចប់ ពួកយើងបានបន្តចូលទៅទស្សនាខ្សែភាពយន្តឯកសារមួយដែលមានចំណងជើងថា «កម្ពុជា ៣+៤» ដែលសម្របសម្រួលបញ្ចាំងដោយបងៗក្រុមការងារ។ ក្រោយពី ទស្សនាចប់ ខ្ញុំពិតជាមានអារម្មណ៍ក្ដុកក្ដួល និងស្ទើរតែស្រក់ទឹកភ្នែក ព្រោះតែមានចិត្តអាណិតអាសូរដល់លោកតា លោកយាយ ដែលបានឆ្លងកាត់ និងរងទុក្ខវេទនាយ៉ាងខ្លាំងខ្លាក្នុងរបបខ្មែរក្រហម។

THE FUTURE OF CAMBODIA WITHOUT GENOCIDE.
THE COMMUNITY HEALING CENTER, KDOL LEU VILLAGE:
Koh Thma Documentation Center & Praying House of The S’tieng Ethnic Village.

Text by Chham Ra
Photos by Vy Sitha, Vorn Bopha and Chhum Ra
Documentation Center of Cambodia Archives
June 4, 2026

https://photos.app.goo.gl/1o9Mnk3r8GxTBKte8