Home / Post

Anlong Veng Peace Center: Hosting a Group Visit by Students of Anlong Veng and Trapeang Prey Secondary School

មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
វេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)»
នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានរៀបចំវេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ជាមួយសិស្សានុសិស្សចំនួន៤នាក់ នៃអនុវិទ្យាល័យត្រពាំងប្រិយ៍ នៃក្នុងស្រុកអន្លង់វែង។ វេទិកាថ្នាក់រៀននេះមានគោលបំណងលើកកម្ពស់ការអប់រំពីប្រវត្ដិសាស្ដ្រកម្ពុជាប្រជាធិបតេយ្យ និងទប់ស្កាត់អំពើប្រល័យពូជសាសន៍ នាពេលអនាគត។ ដើម្បីឆ្លើយតបទៅនឹងគោលបំណងនេះ វេទិកាថ្នាក់រៀនបានផ្តោតលើប្រធានបទស្ដីពី «ជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងការបង្ខំឲ្យកុមារធ្វើការលើសកម្លាំង»។
អាស្រ័យហេតុនេះវេទិកាថ្នាក់រៀន បានពិនិត្យទៅលើទស្សនៈនៃការយល់ដឹង របស់សិស្សានុសិស្សជុំវិញ «ជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបកម្ពុជាប្រជាធិបតេយ្យ»។ ក្នុងចំណោមសិស្សានុសិស្សទាំង៤នាក់ មានសិស្សម្នាក់ឈ្មោះ បៀន ស្រីតី បានលើកឡើងពីការយល់ដឹងតាមរយៈជីតារបស់ខ្លួនប្រាប់ថា «ការរស់នៅក្នុងរបបខ្មែរក្រហមប្រជាជនមានការខ្វះខាតអាហារហូបចុក កុមារមិនទទួលបានការសិក្សារៀនសូត្រ គ្មានសិទ្ធិសេរីភាព និងធ្វើការគ្មានពេលឈប់សម្រាកគ្រប់គ្រាន់»។ រីឯសិស្សានុសិស្សមួយចំនួនទៀតបានលើកឡើងបន្ថែមពីទុក្ខលំបាករបស់សាច់ញាតិខ្លួនដែលបានឆ្លងកាត់នាសម័យនោះថា «មិនមានមធ្យោបាយធ្វើដំណើរ គ្មានភាពកក់ក្ដៅពីគ្រួសារ បាត់បង់ផ្ទះសម្បែង កុមារត្រូវបានបំបែកចេញពីឪពុកម្ដាយ និងការមិនមានដីធ្លីជាកម្មសិទ្ធិរបស់ខ្លួន»។
នៅក្នុងវេទិកាថ្នាក់រៀននេះដែរ ក្រុមការងារមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានជ្រើសរើសយកបទបង្ហាញអំពី៖ «ការបង្ខំឲ្យកុមារធ្វើការងារធ្ងន់ » របបខ្មែរក្រហមបានឡើងកាន់អំណាចចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ដោយរបបនេះបានឆក់យកជីវិតមនុស្សប្រមាណជិត២លាននាក់ តាមរយៈអំពើឃោរឃៅ ការប្រល័យពូជសាសន៍ ការបង្អត់អាហារ និងជំងឺ។ នៅក្នុងរបបខ្មែរក្រហម កុមារទាំងអស់ត្រូវបានបំបែកចេញពីឪពុកម្តាយឱ្យទៅរស់នៅក្នុងកងកុមារ បង្ខំឱ្យធ្វើការងារហួសកម្លាំង និងបំបិទការសិក្សារៀនសូត្រដែលជាតម្រូវការចាំបាច់សម្រាប់កុមារ ក្នុងការកសាងប្រទេស។ ការបំបែកកុមារចេញពីឪពុកម្ដាយ គឺដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងបំបាត់ផ្នត់គំនិតគ្រួសារបែបប្រពៃណី ខ្មែរក្រហមបានបំបែកកុមារដែលមានអាយុចាប់ពី ៦-៧ ឆ្នាំឡើងទៅ ឱ្យទៅរស់នៅ និងហូបចុកជារួមក្នុងកងកុមារ។ ការធ្វើបែបនេះគឺដើម្បីឱ្យកុមារមានភាពស្មោះត្រង់តែមួយគត់ចំពោះ «អង្គការ»។ កុមារទាំងអស់ត្រូវបានធ្វើទារុណកម្ម និងការគំរាមកំហែង ប្រសិនបើកុមារធ្វើការយឺតយ៉ាវ ខ្ជិលច្រអូស ឬបង្ហាញការនឹករលឹកចំពោះឪពុកម្តាយ ពួកគេនឹងត្រូវទទួលរងការស្តីបន្ទោស ការកាត់របបអាហារ ឬការវាយដំជាដើម។ ក្រោយរបបខ្មែរក្រហមដួលរលំ កុមារកម្ពុជា រាប់សែននាក់បានបាត់បង់ឪពុកម្តាយ ក្លាយជាកុមារកំព្រា និងបាត់បង់ចំណេះដឹង។ វាសនារបស់អ្នកទាំងនោះ បានលិចបាត់ទៅក្នុងស្រមោលនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម។
កុមារកម្ពុជាបច្ចុប្បន្ន មិនដូចកុមារកម្ពុជាកាលពី៥០ឆ្នាំមុនឡើយ។ បច្ចុប្បន្ន កុមារទទួលបានការអប់រំល្អ ការរស់នៅសមរម្យ សិទ្ធិសេរីភាពប្រសើរឡើងទាំងការបញ្ចេញមតិ និងការគិតគូរពីអនាគត និងប្រទេសជាតិខ្លួន។ នៅដើមឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានបោះពុម្ពសៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៦ថ្មី ដោយរួមបញ្ចូលទាំងមេរៀន «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដើម្បីផ្តល់ដល់សិស្សកម្រិតបឋមសិក្សា នូវការយល់ដឹងអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ការរើបម្រាស់ចេញពីរបបនេះ និងការតស៊ូដើម្បីប្រជាជាតិ និងប្រទេសជាតិទទួលបានសុខសន្តិភាព។ សព្វថ្ងៃនេះ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បាននិងកំពុងផ្តល់ការអប់រំពីប្រវត្តិសាស្ត្រនេះ ដល់សិស្សានុសិស្សគ្រប់កម្រិត នៅតាមមូលដ្ឋាននានាក្នុងទូទាំងប្រទេសកម្ពុជា ដើម្បីជាជំនួយដល់ការសិក្សា ការស្វែងយល់ ការស្រាវជ្រាវ និងការចូលរួមអភិវឌ្ឍន៍ប្រទេសដោយគ្មានអំពើប្រល័យពូជសាសន៍។
ស្ថិតនៅក្នុងខែមិថុនា ជាខែដែលពិភពលោកកំណត់យកការលើកកម្ពស់ និងការប្រឆាំងនឹងការធ្វើពលកម្មលើកុមារក្នុងពិភពលោក មានសិស្សានុសិស្សវ័យក្មេងជាច្រើននាក់ បានមកកាន់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដើម្បីសិក្សារៀនសូត្រពីប្រវត្តិសាស្ត្រខ្មែរក្រហម។ និងដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ។ នៅឆ្នាំ១៩២៥ ទិវាកុមារអន្តរជាតិត្រូវបានប្រកាសជាលើកដំបូងនៅទីក្រុងហ្សឺណែវ ក្នុងអំឡុងពេលសន្និសីទពិភពលោកស្តីពីសុខុមាលភាពកុមារ។ នៅក្នុងប្រទេសកម្ពុជា ទិវាកុមារអន្តរជាតិ ថ្ងៃទី១ ខែមិថុនា ត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីជាកិត្តិយសដល់កុមារ។ នៅថ្ងៃទី១២ ខែមិថុនា ខាងមុខនេះ គឺជាទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ។ ប្រទេសកម្ពុជា បានប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ។ ការបង្ខំឱ្យកុមារធ្វើការងារធ្ងន់ក្នុងរបបខ្មែរក្រហម មិនត្រឹមតែជាការរំលោភសិទ្ធិកុមារយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែវាបានបំផ្លាញអនាគត ធនធានមនុស្ស និងបន្សល់ទុកនូវវិបត្តិផ្លូវចិត្តយ៉ាងជ្រាលជ្រៅដល់ជនរងគ្រោះដែលបានរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃ។ នៅក្នុងសាលាក្ដីខ្មែរក្រហម (ក.វ.ត.ក) អំពើទាំងនេះត្រូវបានលើកយកមកកាត់ទោសជា «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» ផងដែរ។
នៅផ្នែកចុងបញ្ចប់សិស្សានុសិស្សទាំងបួននាក់បានបញ្ចេញនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួនដូចតទៅ៖

បៀន ស្រីតី ភេទស្រី អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៨ នៃអនុវិទ្យាល័យត្រពាំងប្រិយ៍ បានលើកឡើងពីការយល់ឃើញរបស់ខ្លួនថា «បន្ទាប់ពីបានសិក្សាពីជីវិតរស់នៅរបស់ប្រជាជនក្នុងរបបខ្មែរក្រហម ខ្ញុំពិតជាមានការអាណិតអាសូរដល់លោកយាយលោកតាដែលបានរស់ក្នុងរបបផ្ដាច់ការមួយនេះ។ ខ្ញុំ បានដឹងថាការរស់នៅក្នុងរបបខ្មែរក្រហមប្រជាជនជួបនូវទុក្ខលំបាកជាច្រើនដូចជា ការហូបចុកមិនគ្រប់គ្រាន់ មិនមានដីធ្លីសម្រាប់ធ្វើស្រែចម្ការជាកម្មសិទ្ធិឯកជន។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ បើប្រៀបធៀបគ្នានាពេលបច្ចុប្បន្ននេះ គឺមានភាពខុសគ្នាឆ្ងាយណាស់ ព្រោះបច្ចុប្បន្ន ប្រជាជនមានសិទ្ធិសេរីភាព ប្រទេសជាតិមានការរីកចម្រើនគ្រប់វិស័យ។ ខ្ញុំ យល់ថាយុវជនយុវនារីជំនាន់ក្រោយចាំបាច់ត្រូវតែសិក្សារៀនសូត្រពីប្រវត្តិសាស្រ្តខ្មែរ ដើម្បីយល់ដឹងពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅសម័យកាលនោះ ដែលជាកត្តាធ្វើឲ្យយើងអាចជ្រៀសវាង និងយល់ដឹងពីវិធីទប់ស្កាត់កុំឲ្យកើតមានរបបផ្ដាច់ការនេះកើតមានម្ដងទៀត»។

ថន យឿន ភេទស្រី ក្នុងវ័យ១៤ឆ្នាំ បាននិយាយពីចំណាប់អារម្មណ៍របស់ខ្លួនដូចតទៅ «ខ្ញុំពិតជាសប្បាយចិត្តក្រៃលែងដែលបានចូលរួមក្នុងវេទិកាថ្នាក់រៀនមួយនេះ ព្រោះខ្ញុំចង់ស្វែងយល់ពីការគ្រប់គ្រងរបស់មេដឹកនាំ និងជីវិតរស់នៅរបស់ប្រជាជនខ្មែរក្នុងរបបខ្មែរក្រហម។ ទន្ទឹមនឹងនេះ ខ្ញុំបានដឹងថាប្រជាជនរស់នៅក្នុងរបបផ្ដាច់ការត្រូវទទួលរងនូវភាពអយុត្តិធម៌ជាច្រើនដូចជា ការធ្វើការហួសកម្លាំង ការអត់អាហារ ការបែកបាក់គ្រួសារ និងគ្មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយោបល់។ ចំណុចដែលខ្ញុំចាប់អារម្មណ៍ជាងគេនៅក្នុងការបង្រៀននេះ កុមារគ្មានសិទ្ធិសេរីភាពក្នុងការរស់នៅ»។

ថន វាសនា ភេទស្រី អាយុ១៤ឆ្នាំ បានយល់ឃើញថា «ខ្ញុំពិតជាមានការស្រណោះទៅដល់កុមារកម្ពុជាទាំងអស់ដែលបានរស់នៅក្នុងរបបខ្មែរក្រហម ព្រោះអ្នកទាំងនោះមិនបានសិក្សារៀនសូត្រ ខ្វះភាពកក់ក្ដៅពីគ្រួសារ គ្មានការយល់ដឹងពីឪពុកម្ដាយ បាត់បង់សេរីភាពក្នុងការរស់នៅរបស់កុមារ។ កុមារនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ការរស់នៅខុសឆ្ងាយពីកុមារនាពេលបច្ចុប្បន្ននេះ។ ពីព្រោះ បច្ចុប្បន្ន កុមារមានសិទ្ធិសេរីភាពក្នុងការរស់នៅពេញលេញ ទទួលបានការអប់រំទាំងភាសាជាតិ និងអន្តរជាតិ មានអាហារ សម្លៀកបំពាក់ គ្រប់គ្រាន់ ជាពិសេសបានរស់នៅជួបជុំក្រុមគ្រួសារ។ ជាការពិតណាស់ ការសិក្សារៀនសូត្រពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) មានសារៈសំខាន់ ដោយសារយុវជនជំនាន់ក្រោយបានយល់ដឹងពីការរស់នៅតាំងពីអតីតកាល ការដឹកនាំក្នុងរបបខ្មែរក្រហម វាបានធ្វើឲ្យយើងរស់នៅជៀសផុតពីការកើតមានរបបដ៏ឃោរឃៅនេះម្ដងទៀត»។

នូ ដានី ភេទស្រី អាយុ១៤ឆ្នាំ បានបង្ហាញចំណាប់អារម្មណ៍ និងការយល់ដឹងរបស់ខ្លួនដូចតទៅ «ខ្ញុំបានដឹងកាន់តែច្បាស់ពីការរស់នៅរបស់កុមារក្នុងរបបខ្មែរក្រហមដូចជា គ្មានការលេងល្បែងកុមារ គ្មានប្រដាប់ប្រដាក្មេងលេង និងគ្មានការសម្រាកលំហែកាយ។ ការលេងត្រូវបានចាត់ទុកថាជា «សកម្មភាពខ្ជះខ្ជាយពេលវេលា»។ កុមារទទួលរបបអាហារមិនគ្រប់គ្រាន់ (ហូបតែបបររាវៗជាមួយអំបិល) កុមារភាគច្រើនបានធ្លាក់ខ្លួនឈឺដោយសាររោគកង្វះអាហារូបត្ថម្ភ។

https://photos.app.goo.gl/9SebMj2BjLZhNMNv8