Home / Post

Koh Thma Documentation Center: គណៈកម្មការ អាជ្ញាធរភូមិ និងប្រជាជនភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ និមន្តព្រះសង្ឃគោចរបិណ្ឌបាតចំនួន១០អង្គ នៅផ្ទះសហគមន៍ក្តុលលើ-សាលាគរុភណ្ឌស្ទៀង ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥

ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មការ អាជ្ញាធរភូមិ និងប្រជាជនភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ និមន្តព្រះសង្ឃគោចរបិណ្ឌបាតចំនួន១០អង្គ នៅផ្ទះសហគមន៍ក្តុលលើ-សាលាគរុភណ្ឌស្ទៀង។

នៅម៉ោង៩:៣០នាទីព្រឹក ពុទ្ធបរិស័ទយកចង្ហាន់ មានបាយ សម្ល ផ្លែឈើ ទឹកក្រូច ទឹកសុទ្ធ និងបង្អែមជាដើម។ ព្រះសង្ឃចំនួន១០អង្គ និមន្តមកពីវត្តហត្ថិវនារាម ហៅវត្តក្តុល ដើម្បីបិណ្ឌបាតប្រជាជននៅក្នុងភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ការនិមន្តគោចរបិណ្ឌបាត គឺជាកិច្ចវត្តរបស់ព្រះភិក្ខុសង្ឃក្នុងពុទ្ធសាសនា ដើម្បីស្វែងរកអាហារភោជន សម្រាប់ទ្រទ្រង់ជីវិត។

ព្រះភិក្ខុ យស ផារី មានសង្ឃដីកាថា គោលបំណងនិមន្តបិណ្ឌបាត គឺផ្សាភ្ជាប់ទំនាក់ទំនងល្អរវាងព្រះសង្ឃ និងពុទ្ធបរិស័ទកាន់ព្រះពុទ្ធសាសនា ដែលជឿលើកម្មផល អ្នកធ្វើអំពើល្អទទួលបានផលល្អ ឯអ្នកធ្វើអំពើអាក្រក់ទទួលបានផលអាក្រក់។ បុគ្គលចេះធ្វើទាន ឬការចែករំលែក គឺជាគុណធម៌មួយយ៉ាងសំខាន់បំផុតរបស់មនុស្សជាតិ ពីព្រោះអាចជួយផ្ដល់ប្រយោជន៍ដល់បុគ្គលអ្នកធ្វើទានផ្ទាល់ផង និងផ្ដល់សុខសន្តិភាពក្នុងសង្គមមនុស្សទូទៅផង។ បន្ទាប់ពីប្រជាជនក្នុងភូមិក្តុលលើរាប់បាត្រចប់ ព្រះសង្ឃសម្តែងធម៌នមស្ការព្រះរតនត្រ័យជាកិច្ចបញ្ចប់។

លោកយាយ សូរ ព្រៀម អាយុ ៧១ឆ្នាំ ជាជនជាតិដើមភាគតិចស្ទៀងរស់នៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ បានសម្តែងការសប្បាយចិត្តជាខ្លាំង ដោយសារព្រះសង្ឃនិមន្តបិណ្ឌបាតចំនួន១០អង្គ។ ខ្ញុំជាពុទ្ធបរិស័ទ កាន់ព្រះពុទ្ធសាសនា បានមករាប់បាត្រនៅផ្ទះសហគមន៍ក្តុលលើ-សាលាគរុភណ្ឌស្ទៀង ដើម្បីសាងបុណ្យកុសលក្នុងខ្លួនពេលស្លាប់មិនធ្លាក់នរក នឹងកើតជាតិក្រោយកាន់តែល្អប្រសើរ។

Full report