Home / Post

Koh Thma Documentation Center: ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ចុះសម្ភាសជាមួយអ្នករស់រានមានជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)

Koh Thma Documentation Center: ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ចុះសម្ភាសជាមួយអ្នករស់រានមានជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ចំនួន៦នាក់ (ស្រី៣នាក់) នៅភូមិជាំទូក ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា មាន៖ វី ស៊ីថា, វប បុប្ផា និង ឈុំ រ៉ា ចុះសម្ភាសជាមួយអ្នករស់រានមានជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ចំនួន៦នាក់ (ស្រី៣នាក់) នៅភូមិជាំទូក ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ សាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដូចខាងក្រោយ៖
១)កែវ ងួន៖ ថ្ងៃរំដោះពីរបបខ្មែរក្រហមដូចខ្លួនបានចេញពីគុក

ឈ្មោះ កែវ ងួន ភេទប្រុស អាយុ ៧៤ឆ្នាំ មានស្រុកកំណើតនៅភូមិជាំទូក ឃុំរូង ស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិជាំទូក ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុកឈ្មោះ កែវ (ស្លាប់ជំនាន់ខ្មែរក្រហម) ម្តាយឈ្មោះ ស៊ិន ឃ្លោក (ស្លាប់អំឡុងឆ្នាំ១៩៨០)។ ខ្ញុំមានបងប្អូនចំនួន៥នាក់ (ស្រី២នាក់) ខ្ញុំជាកូនទី២។ ខ្ញុំរៀបការជាមួយប្រពន្ធទី១ឈ្មោះ នន់ សាបាន បានកូនប្រុសម្នាក់ ក្រោយពីខ្មែរក្រហមដួលរលំខ្ញុំនិងប្រពន្ធចែកផ្លូវគ្នា(លែងលះ)។  ខ្ញុំយកប្រពន្ធទី២ឈ្មោះ ជា ស៊ុន មានកូនចំនួន៤នាក់ (ស្រីម្នាក់) ប៉ុន្តែប្រពន្ធខ្ញុំបានស្លាប់បីឆ្នាំមុន រាល់ថ្ងៃខ្ញុំរស់នៅជាមួយចៅប្រុស។

កាលពីកុមារខ្ញុំបានចូលរៀននៅសាលាបុណ្យជាំទូក ភូមិជាំទូក ឃុំរូង បានត្រឹមថ្នាក់ទី១ចាស់។ គ្រូបង្រៀនមានចំនួន២នាក់  មានលោកគ្រូស្វីត និងលោកគ្រូឆឹម ចំណែកសិស្សមានចំនួន២០នាក់ (ស្រីនិងប្រុស) សិស្សភាគច្រើនរស់នៅក្នុងភូមិផ្ទាល់។ ខ្ញុំមានអាយុ១២ឆ្នាំទើបបានចូលរៀន ជាមួយក្មេងៗក្នុងភូមិ។ ខ្ញុំរៀនពេលយប់ ដោយសារពេលថ្ងៃនៅជួយធ្វើការងារម្តាយឪពុក។ ជំនាន់នោះ ការសិក្សារៀនសូត្រមិនទូលំទូលាយ។ នៅយប់ម៉ោង៧ ខ្ញុំកាន់ចង្កៀតប្រេងកាតទៅសាលាបុណ្យជាំទូក ដើម្បីបំភ្លឺអក្សរគ្រូកំពុងបង្រៀន។

នៅម៉ោង៦ និង១៥នាទីព្រឹក ឆ្នាំ១៩៧០ ខ្ញុំបានធ្វើដំណើរជិះកង់ចេញពីភូមិជាំទូក សំដៅទៅស្រុកមេមត់ រកទិញរបស់ប្រើប្រាស់ និងគ្រឿងបរិភោគ ប៉ុន្តែធ្វើដំណើរដល់ខ្នងក្រពើ ឃុំត្រមូង ស្រុកមេមត់ ឃើញមានប្រជាជនប្រុសស្រីកុះករជាច្រើននៅតាមដងផ្លូវ។ អ្នកចូលរួមទាំងអស់ នាំគ្នាស្រែថា “ជយោសម្តេចឪ អ្នកណាមិនទៅកាប់ចោល” ខ្ញុំបានឮឃ្លានេះគ្រប់កន្លែង។ ខ្ញុំឃើញមនុស្សកុះករ ក៏សម្រេចចិត្តទុកកង់ចោលនៅមាត់ផ្លូវជាតិលេខ៧ ក្បែរដើមឈើធំមួយ ឡើងឡានជាមួយអ្នកចូលរួមធ្វើបាតុកម្ម។ ឡានដឹកជ័របារាំងដឹកសំដៅទៅភូមិកោះថ្ម និងភូមិស្ពានចង្គំ ឃុំទន្លូង ដល់ចំណុចស្ពានមួយជាប់ព្រំប្រទល់ឃុំទន្លូង ស្រុកមមេត់ ខេត្តកំពង់ចាម (បច្ចុប្បន្ន ត្បូងឃ្មុំ) និងឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ទាហាន លន់ នល់ និងទាហាន ខាងសម្តេចព្រះបាទ នរោត្តម សីហនុ បាញ់គ្នា ប៉ុន្តែមិនមានមនុស្សស្លាប់។ ខ្ញុំឡើងឡានដឹងជ័របារាំងត្រឡប់មកខ្នងក្រពើវិញ ស្រាប់តែឡានអស់សាំង ឆ្លៀតពេលឡានកំពុងអស់សាំង ខ្ញុំចាក់ចេញពីកន្លែងមនុស្សកុះករ ដើរទៅរកកង់ទុកចោលក្បែរដើមឈើ រួចធ្វើដំណើរត្រឡប់ទៅផ្ទះ។

ឆ្នាំ១៩៧០ ក្រោយពីមានបាតុកម្មរយៈពេលបីខែ មានទ័ពវៀតកុងធ្វើដំណើរថ្មើរជើងពីព្រំដែនកម្ពុជា-វៀតណាមចូលមកដល់ភូមិជាំទូក។ ទ័ពវៀតកុងបោះទីតាំងនៅក្នុងព្រៃ ជ្រលងជ្រោះក្នុងឃុំរូង ស្រុកមេមត់ ជាទឹកដីកម្ពុជា។ មិនយូរប៉ុន្មានទាហានអាមេរិកកាំងចូលមកបោះបន្ទាយនៅចំការចេក ឃុំរូង-ឃុំចាន់មូល, បន្ទាយនៅភូមិពងទឹក ឃុំទន្លូង និងបន្ទាយនៅភូមិជ្រៃឡើង ឃុំជាំក្រវៀន។ ខ្ញុំប្រទះទាហានអាមេរិក ស្បែកស ខ្ពស់ ច្រមុះស្រួច ធ្វើជាសញ្ញាកាយវិការដាក់ខ្ញុំ ដូចជាកាយវិការអេះដៃ ការវិការបញ្ចុកអាហារជាដើម។ ខ្ញុំដើរទៅតាមសញ្ញាកាយវិការរបស់ទាហានអាមេរិក ដល់កន្លែងចែកថ្នាំរមាស់ ថ្នាំព្យាបាលដំបៅ ថ្នាំគ្រុនក្តៅ និងនំសម្រាប់ក្មេងៗក្នុងភូមិ។ ទាហានអាមេរិកបានប្រាប់ប្រជាជនក្នុងភូមិ មិនឲ្យស្លៀកពាក់ពណ៌ខៀវ ឬឯកសណ្ឋានដូចទ័ពវៀតកុង។

យន្តហោះប្រភេទអាដឺសាសមួយគ្រឿងរបស់អាមេរិកធ្លាក់នៅអតីតតារាងយន្តហោះបារាំង ស្ថិតនៅភូមិខ្នងក្រពើ ឃុំត្រមូង ស្រុកមេមត់ ពីឡុត(អ្នកបើកយន្តហោះ) ទម្លាក់ឆត្រយោងចេញពីយន្តហោះកំពុងធ្លាក់។ ឆត្រយោងដែលអ្នកបើកយន្តហោះលោតចេញបានហោះតាមខ្យល់ ហើយធ្លាក់នៅចំការចេក ខាងត្បូងភូមិជាំទូក ឃុំរូង។ ខ្ញុំមិនបានទៅមើលឆត្រយោងអាមេរិកធ្លាក់ទេ។ នៅម៉ោង៥ល្ងាចអ្នកភូមិទៅមើលកន្លែងឆត្រយោងធ្លាក់បាននិយាយថា ទាហានអាមេរិកកាំងម្នាក់ធ្លាក់ពីឆត្រមិនទាន់ស្លាប់ទេ ព្រោះទាហាននោះបានទាក់ទងទៅទាហានអាមេរិកដូចគ្នា ដើម្បីជួយសង្គ្រោះ។ អ្នកភូមិបានឃើញឆត្រយោងរបស់ទាហានអាមេរិកធ្លាក់នៅចំការចេក ប៉ុន្តែមិនឃើញទាហានអាមេរិក ឬមនុស្សស្លាប់ឡើយ។ ចំណែកមួយគ្រឿងទៀត យន្តហោះប្រភេទអាការ៉ូធ្លាក់នៅក្រោយសាលាកិលេស ស្រុកមេមត់។

ចន្លោះឆ្នាំ១៩៧១ដល់១៩៧២ យន្តហោះអាមេរិកកាំងចូលមកទម្លាក់គ្រាប់ ដែលមានមូលដ្ឋានទ័ពវៀតកុងកំពុងស្នាក់នៅក្នុងដីខ្មែរ។ យន្តហោះទម្លាក់គ្រាប់នៅតាមព្រំដែនកម្ពុជា និង វៀតណាម រហូតម៉ោង៩យប់យន្តហោះចូលមកទម្លាក់គ្រាប់បេណាំហាយនៅភូមិជាំទូក ឃុំរូង បង្កឲ្យមានមនុស្សស្លាប់ចំនួន៤នាក់ (ស្រី២នាក់) និងឆេះផ្ទះចំនួនពីរខ្នង។ គ្រួសារឈ្មោះ លំ និងប្រពន្ធ និងគ្រួសារមួយទៀត ប្តីឈ្មោះ ប៉ិ ប្រពន្ធឈ្មោះកី ស្លាប់ភ្លាមៗ។ ចំណែកអ្នករបួសប្រហែល៨នាក់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យតំបន់២១ ភូមិភាគបូព៌ាស្ថិតនៅឃុកំពាន់ ស្រុកមេមត់។ គ្រួសារខ្ញុំចាក់ចេញពីភូមិជាំទូក ស្នាក់នៅស្រុកមេមត់បណ្តោះអាសន្ន ខ្ញុំដើរដល់ផ្លូវជាតិលេខ៧ឃើញរថក្រោះជាច្រើនគ្រឿងកំពុងបើកតាមផ្លូវ។ ខ្ញុំស្នាក់នៅស្រុកមេមត់ចំនួនពីរសប្តាហ៍ រហូតក្នុងភូមិស្ងាត់សំឡេងគ្រាប់ បានត្រឡប់មកភូមិកំណើត។

ឆ្នាំ១៩៧៥ ភូមិជាំទូកត្រូវធ្វើការរួមបានផលចែកគ្នាទៅតាមសមាជិកគ្រួសារ។ ក្រោយមកគណៈភូមិបង្កើតអង្គការមួយឈ្មោះថា “អង្គការដាច់ខាត”។ អង្គការដាច់ខាតតម្រូវប្រជាជនទាំងអស់ក្នុងភូមិអាចយកទ្រព្យសម្បត្តិដាក់រួម ដូចជាសត្វចិញ្ចឹម របស់របរប្រើប្រាស់ មិនលើកលែងសូម្បីស្លាបព្រា ចាន ឆ្នាំង។ អង្គការដាច់ខាត ត្រូវមានភាពស្មោះត្រង់ ទោះបីហូបឆ្អែត ឬមិនឆ្អែត ក៏មិនមាត់ ធ្វើការតិចឬច្រើនក៏មិនត្អូញត្អែរ។

ពាក់កណ្តាលឆ្នាំ១៩៧៥ ខ្ញុំត្រូវបាកអង្គការហៅទៅបណ្តុះបណ្តាលផ្នែកសន្តិសុខរយៈពេលខ្លី។ ខ្ញុំទៅបណ្តុះបណ្តាលនៅទីតាំងមន្ទីរសន្តិសុខចំការកាហ្វេ ស្ថិតនៅភូមិលោ ឃុំកំពាន់ ស្រុកមេមត់ អ្នកចូលរួមភាគច្រើនមកពីបណ្តាស្រុកមេមត់។ ខ្ញុំអង្គការមិនតម្រូវឲ្យកាន់កាំភ្លើងទេ បានត្រឹមរៀនទ្រឹស្តី រួចត្រឡប់មកផ្ទះវិញ។

ឆ្នាំ១៩៧៦ ខែប្រាំងអង្គការចាត់តាំងខ្ញុំឲ្យធ្វើស្ករត្នោត ឡើងត្នោតមានសមាជិក២០នាក់ក្នុងឃុំរូង។ កម្លាំងមុខព្រួញខ្ញុំធ្វើតែត្មោតមួយមុខ។ ដើមត្នោតសំបូរជាងគេនៅភូមិជាំទូក ភូមិតោញ និងភូមិម៉ាស៊ីន ឃុំរូង ស្រុកមេមត់។ ស្ករត្នោតទទួលបានសម្រាប់ផ្គត់ផ្គង់ប្រជាជនឃុំរូង ឯមួយចំណែកទៀតយកទៅថ្នាក់លើជាអ្នកចាត់ចែងបន្ត។ ថ្ងៃមួយខ្ញុំឃ្លានខ្លាំងពេក ឃើញដំឡូងគមួយគុម្ពគាស់យកមកស្ងោរ ក្នុងផ្ទះមានស្ករត្នោតមួយពាង ខ្ញុំយកចង្អុលដៃដួសស្ករត្នោតចុចជាមួយដំឡូង។ ដំឡូងគស្ងោរផុយ ហុយផ្សែងតិចៗ ហូបជាមួយស្ករត្នោតឆ្ងាញ់រកអ្វីប្រៀបពុំបាន។ ខ្ញុំបានហូបដំឡូងជាមួយស្ករត្នោតបានតែម្តង លើកក្រោយមិនហ៊ានទេខ្លាចកម្មាភិបាលខ្មែរក្រហមតាមទាន់។ ដល់ខែវស្សាខ្ញុំធ្វើស្រែ ថ្ងៃខ្លះភ្ជួរ រាស់ស្រែ ថ្ងៃខ្លះដកសំណាប ស្ទូងស្រូវ ជួយធ្វើការងាររកន្លែងណាខ្វះកម្លាំង។ ប្រពន្ធទី១ខ្ញុំឈ្មោះ នន់ សាបាន មានស្រុកកំណើតនៅភូមិក្ងោក ឃុំគគីរ ស្រុកមេមត់ គាត់ត្រឡប់ទៅលេងម្តាយនៅភូមិកំណើត ពេលត្រឡប់មកភូមិជាំទូកវិញ ខ្ញុំត្រូវខ្មែរក្រហមជម្លៀសចេញពីភូមិជាំទូក។ ចាប់តាំងពីពេលនោះមកខ្ញុំនិងប្រពន្ធត្រូវបែកគ្នា មិនបានរស់នៅជាមួយគ្នា។ ខ្ញុំខ្មែរក្រហមជម្លៀសទៅកាន់ខេត្តក្រចេះ ឯប្រពន្ធខ្ញុំខ្មែរក្រហមជម្លៀសទៅស្រុកពារាំង ខេត្តព្រៃវែង។

ដំបូងខ្មែរក្រហមជម្លៀសខ្ញុំចេញពីភូមិជាំទូក ឲ្យរស់នៅភូមិត្រពាំងងើ ឃុំត្រមូង ស្រុកមេមត់ ដោយអង្គកាសំអាងថាខ្លាចយួនចូលមកអាកជាមួយធាងត្នោត។ ឪពុកខ្ញុំឈ្មោះ កែវ ជាមន្ត្រីអន្តោប្រវេសន៍ប្រចាំការនៅច្រកព្រំដែនកម្ពុជា-វៀតណាម ឃុំរូង ស្រុកមេមត់។ ឪពុកខ្ញុំត្រូវកម្មាភិបាលខ្មែរក្រហមតាមស៊ើបរាល់សកម្មភាព។ នៅម៉ោង៩យប់កងសន្តិសុខខ្មែរក្រហមចូលមកចាប់ឪពុកខ្ញុំកំពុងដេក ដោយចោទប្រកាន់ថាខ្មាំង។ ឪពុកខ្ញុំ ត្រូវសន្តិសុខពីរនាក់ចាប់ចងដៃទាំងពីរ បណ្តើរចុះពីលើផ្ទះទាំងយប់នៅភូមិត្រពាំងងើ ឃុំត្រមូង រហូតបាត់ដំណឹងឪពុក មិនដឹងស្លាប់ឬនៅមានជីវិត។ បន្ទាប់ពីកងសន្តិសុខចាប់ឪពុកខ្ញុំ ខ្មែរក្រហមបន្តជម្លៀសប្រជាជនស្នាក់នៅភូមិត្រពាំងងើ ធ្វើដំណើរថ្មើរជើងទៅភូមិដូនមា ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

ឆ្នាំ១៩៧៧-១៩៧៨ ខ្ញុំនៅភូមិដូនមា ឃុំស្វាយជ្រះ អង្គការចាត់ឲ្យខ្ញុំធ្វើស្រែ លើកទំនប់ បិទភ្លឺស្រែ និងឃ្វាលគោ។ កងកម្លាំងវៀតណាមដល់ស្រុកស្នួល ស្រុកឆ្លូង ខេត្តក្រចេះកាន់តែច្រើន ធ្វើឲ្យកងកម្លាំងខ្មែរក្រហមទប់ជាមួយកងកម្លាំងវៀតណាមមិនជាប់ចាប់ផ្តើមដកថយ។ ខ្ញុំឈប់លើកទំនប់ មកសែងអ្នករបួស និងអ្នកស្លាប់ នៅព្រែកឆ្លូង។ កងកម្លាំងខ្មែរក្រហម មានស្លាប់និងរបួសច្រើននាក់អំឡុងពេលបាញ់គ្នាជាមួយកងកម្លាំងវៀតណាម។ ខ្ញុំសែងអ្នករបួសពីព្រែកឆ្លូង ភូមិរំពុកទៅដាក់ឃុំស្វាយជ្រះ។
យន្តហោះមកទម្លាក់គ្រាប់នៅភូមិស្រែរនាម ឃុំឃ្សឹម ទើបខ្ញុំជម្លៀសចេញពីឃុំស្វាយជ្រះ ទៅកាន់ឃុំថ្មគ្រែ រង់ចាំស្រឡាងមកទទួលឆ្លងទន្លេទៅកាន់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ខ្ញុំចោលរទេះគោ និងគោមួយនឹមនៅឃុំថ្មគ្រែ ធ្វើដំណើរតាមស្រឡាងមានតែខ្លួន រួមមានសម្លៀកបំពាក់ពីរទៅបីបន្លាស់។ ស្រឡាងដល់ជ្រាំង ខ្ញុំឮសំឡេងមេក្រូខាងកើតស្រុកស្ទឹងត្រង់ អ្នកជម្លៀសនិយាយថាប្រហែលជាចាក់មេក្រូសម្លាប់មនុស្ស។  ខ្ញុំធ្វើដំណើរទៅភូមិអូរដារ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ អ្នកភូមិអូរដា ម្ចាស់ផ្ទះ(មិនស្គាល់ឈ្មោះ) មានចិត្តល្អឲ្យខ្ញុំហូបដំឡូងតាមចិត្ត។ យប់ឡើងម្ចាស់ផ្ទះប្រាប់ថា កុំចុះពីលើផ្ទះ ខ្លាចបាត់ខ្លួន ចង់ហូបដំឡូង ត្រូវដុតភ្លើងស្ងោរដំឡូងលើផ្ទះហ្នឹងហើយ!  ខ្ញុំនៅភូមិអូរដាមិនយូរទេ មានសេចក្តីប្រកាសឲ្យប្រជាជនជម្លៀសមកពីកន្លែងណាត្រឡប់ទៅកន្លែងនោះវិញ ខ្ញុំសប្បាយចិត្ត ប្រៀបដូចខ្លួនឯងបានចេញពីគុក។
ឆ្នាំ១៩៧៩ខ្ញុំត្រឡប់ដល់ភូមិកំណើតបានជួបជាមួយប្រពន្ធ ហើយរស់នៅជាមួយគ្នាមានកូនប្រុសម្នាក់។ ក្រោយមកប្រពន្ធខ្ញុំប្រចណ្ឌពេក ខ្ញុំនិងប្រពន្ធសម្រេចចិត្តចែកផ្លូវរៀងខ្លួន។

ខ្ញុំមិនមានបងប្អូនជាវីរកងទ័ពជូរមុខ និងបងប្អូនជនភៀសសឹកទេ ប៉ុន្តែខ្ញុំឃើញព័ត៌មានមួយទាក់ទងជាមួយវីរកងទ័ពកម្ពុជាម្នាក់ លាប្រពន្ធ លាកូនត្រឡប់ទៅសមរភូមិមុខនៅព្រំដែនកម្ពុជា-ថៃ។ កូនប្រុសវីរកងទ័ពកម្ពុជា មានអាយុប្រហែល១០ឆ្នាំ យំឱបជើងឪពុក ទាញខោឪពុក មិនចង់ឲ្យឪពុកត្រឡប់ទៅជូរមុខវិញ។ កូនវីរកងទ័ពនិយាយថា ប៉ាអើយកុំទៅៗ! ខ្ញុំមិនចង់ឲ្យប៉ាទៅទេ។  ខ្ញុំឃើញវីដេអូនេះហើយ ខ្ញុំអាណិតកូនវីរកងទ័ព អាណិតកងទ័ពនៅជូរមុខ។ ចុងខែកុម្ភៈ ឆ្នាំ២០២៦ មានភ្លៀងកក់ខែមួយមេធំបង្កផលលំបាលដល់ប្រជាជនភៀសសឹកនៅជាប់ព្រំដែនកម្ពុជា ព្រោះមិនអាចត្រឡប់ទៅផ្ទះសំបែងបាន ដោយសារទាហានថៃដាក់បន្លាលួស ដាក់ទូកុងតឺន័រ។ ខ្ញុំកាន់តែសង្វែកចំពោះប្រជាជនភៀសសឹកមិនទាន់អាចត្រឡប់ទៅផ្ទះ។ខ្ញុំចង់ឲ្យដោះស្រាយជម្លោះតាមផ្លូវច្បាប់ មិនចង់ឲ្យមានសង្គ្រាមម្តងទៀតទេ ព្រោះខ្ញុំធ្លាប់ឆ្លងកាត់សង្គ្រាមឆ្អែតហើយ។
ដោយៈ ឈុំ រ៉ា

២)ម៉ុង ខេន៖ ប្រធានកងកុមារនៅភូមិជាំទូក ឃុំរូង

ឈ្មោះ ម៉ុង ខេន ភេទប្រុស អាយុ ៦១ឆ្នាំ មានស្រុកកំណើតនៅភូមិជាំទូក ឃុំរូង ស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្ននៅភូមិជាំទូក ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុកឈ្មោះ មាស ម៉ុង (ស្លាប់ក្នុងឆ្នាំ១៩៧៧-១៩៧៨) ម្តាយឈ្មោះ ញ៉ែម សន (ស្លាប់ក្នុងឆ្នាំ២០០០)។ ខ្ញុំមានបងប្អូនចំនួន៤នាក់ (ស្រី២) ខ្ញុំជាកូនទី២។ ខ្ញុំរៀបការជាប្រពន្ធឈ្មោះ ភេន អុក នៅឆ្នាំ១៩៨៥ មានកូនចំនួន៦នាក់ (ស្រី៣នាក់)។

សម័យអាមេរិកកាំងចូលមកទម្លាក់គ្រាប់បែក ខ្ញុំឃើញយន្តហោះមកទម្លាក់គ្រាប់បេណាំហាយចំនួន៦គ្រប់ឃុំរូង ស្រុកមេមត់។ យន្តហោះទម្លាក់ពីរគ្រាប់ក្នុងភូមិជាំទូក ខាងត្បូង និងខាងជើង ឆេះផ្ទះច្រើនខ្នង សម្លាប់មនុស្សអស់៤នាក់(ស្រី២នាក់) មានឈ្មោះ តាលំ និងប្រពន្ធ ឈ្មោះ ប៉ិ និងឈ្មោះកី។ ចំណែកម្តាយក្មេកខ្ញុំកំបុតម្រាមដៃ ត្រូវដឹករទេះគោបញ្ជូនទៅមន្ទីរពេទ្យតំបន់ នៅឃុំកំពាន់។ ឪពុកខ្ញុំនាំភៀសខ្លួនទៅនៅឃុំត្រមូងរយៈពេលកន្លះខែ ទើបត្រឡប់មកផ្ទះវិញ។

ខ្ញុំមានអាយុ ១៥ឆ្នាំចូលរៀនសម័យខ្មែរក្រហមក្នុងភូមិជាំទូក គ្រូបង្រៀនឈ្មោះ កុ មកពីភូមិត្រពាំងឫស្សី ឃុំរូង គ្រូបង្រៀនម្នាក់ទៀតឈ្មោះ យ៉ាន មានស្រុកកំណើតនៅស្រុកពញាក្រែក។ មួយថ្ងៃខ្ញុំរៀនបានពីរម៉ោង ក្រៅពីនោះធ្វើពលកម្ម ដូចជាធ្វើជី ដកស្មៅស្រែ ដាំសណ្តែក។ ខ្ញុំមិនសូវបានរៀនដិតដល់ ចំណែកគ្រូបង្រៀនមិនមានពេលបង្រៀន។ ក្រោយមកឈប់រៀនទាំងអស់គ្នា ដោយសារអត់មានគ្រូបង្រៀន ហើយកុមារតម្រូវឲ្យធ្វើការងារ។

អង្គការចាត់ខ្ញុំឲ្យធ្វើជាប្រធានកងកុមារមើលការខុសត្រូវកុមារចំនួន១៥នាក់។ ខ្ញុំជាអ្នកណែនាំកុមារដទៃទៀតពីរបៀបធ្វើជី ដាក់ជីស្រូវ ដល់ម៉ោងរៀនខ្ញុំទៅរៀនធម្មតា (រៀនបាំងមុខ យកកម្លាំងកុមារធ្វើពលកម្ម)។ រៀនសម័យខ្មែរក្រហមគ្រូតឹងរឹងណាស់មិនឲ្យសិស្សចំលងគ្នាទេ។ គ្រូឃើញសិស្សចម្លងគ្នា ច្បាស់ជាត្រូវវាយ ហើយឲ្យម្តាយឪពុកណែនាំបន្ថែម។ បន្ទាប់មកទៀតឈ្មោះខ្ញុំជាប់បម្រុងជាកងចល័ត ប៉ុន្តែខ្ញុំមិនបានចូលធ្វើជាកងចល័ត ត្រូវខ្មែរក្រហមជម្លៀសចេញពីភូមិ។

ឆ្នាំ១៩៧៦ កម្មាភិបាលខ្មែរក្រហមចូលមករកអ្នកជាប់ខ្សែស្រឡាយចិន វៀតណាម ចិន ដាក់នៅកន្លែងផ្សេងគ្នា។ ឈ្មោះ រី ព្រមទាំងគ្រួសារជាប់ខ្សែស្រឡាយវៀតណាម ខ្មែរក្រហមជម្លៀសចេញពីភូមិជាំទូក ឃុំរូង ឲ្យទៅនៅឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ។ ចំណែកប្រជាជនភូមិជាំទូកជម្លៀសទៅភូមិត្រពាំងងើ ឃុំត្រមូង។ ខ្ញុំនៅភូមិត្រពាំងងើចំនួន៤ខែ ការងារកាប់ព្រៃ ដាំពោត ដាំស្រូវ មិនទាន់ប្រមូលផលពួកមច្ចឹមចុះមកចាប់អ្នកធ្វើការពីសម័យ លន់ នល់ ឬមន្ត្រីរាជការ។ ពួកមច្ចឹមចុះមកចាប់អ្នកធ្វើការឃុំរូងរួមមាន៖ ១)ភោគ ពឹន ជាប្រធានឃុំរូង ២)មាស ម៉ុង មន្ត្រីអន្តោប្រវេសន៍ប្រចាំការព្រំដែនកម្ពុជា-វៀតណាមនៅច្រកឃុំទន្លូង និងឃុំត្រមូង ៣)ស្រី ផាន់ ៤)តាមួក ៥)តាជិន ចំណែកក្រុមប្រឹក្សាឃុំរូង មាន៖១)តាញ៉ា ២)បិះ ហ៊ួយ ប្រធានសមាគមន៍នារី ៣)តានយ។ កងកម្លាំងខ្មែរក្រហមបីនាក់ ចងដៃជាមួយខ្សែភ្លើងបណ្តើរចេញពីភូមិត្រពាំងងើ សំដៅទៅកាន់ភូមិកូនក្រពើ ឃុំជាំតាម៉ៅ ក្នុងចំណោមកងកម្លាំងខ្មែរក្រហមចាប់ចោទក្បត់ជាមួយអង្គការមានឪពុកខ្ញុំម្នាក់។ ខ្ញុំជម្លៀសដល់ភូមិកូនក្រពើ ខែវស្សាភ្លៀងខ្លាំង ទឹកជន់ពីព្រែកជ្រីវបណ្តាលឲ្យរទេះគោអណ្តែតតាមទឹក។ ខ្ញុំឃើញឪពុកត្រូវកងកម្លាំងចងដៃជាមួយខ្សែភ្លើងបណ្តើរតាមផ្លូវនៅភូមិកូនក្រពើ ខ្ញុំបានត្រឹមឃើញឪពុកត្រូវខ្មែរក្រហមបណ្តើរកាត់មុខ ប៉ុន្តែមិនអាចធ្វើអ្វីបាន។ កងកម្លាំងខ្មែរក្រហមបីនាក់ប្រដាប់ដោយកាំភ្លើងគ្រប់ដៃ ម្នាក់បណ្តើរពីមុខ ម្នាក់ដើរកណ្តាល និងម្នាក់ទៀតបណ្តើរពីក្រោយដំណើរឆ្ពោះទៅស្រុកស្នួល ខេត្តក្រចេះ។ ខ្ញុំបានឃើញឪពុកលើកចុងក្រោយកងកម្លាំងខ្មែរក្រហមបណ្តើរតាមផ្លូវនៅភូមិកូនក្រពើ ឃុំជាំតាម៉ៅ ស្រុកមេមត់ បន្ទាប់មកបាត់ដំណឹងរហូត។

ឆ្នាំ១៩៧៧ ខ្ញុំនៅម្លេច ឃុំស្វាយជ្រះ ស្រុកស្នួល គាស់គល់ឈើ គាស់រានដីថ្មី។ ឈ្មោះ រិន ជាយុវជនមកពីម្លេច ឃុំស្វាយជ្រះ និងឈ្មោះ ឡត់ មកពីភូមិត្រពាំងឫស្សី ឃុំរូង អំឡុងពេលអ្នកទាំងពីរធ្វើដំណើរទៅលេងម្តាយ ប៉ុន្តែនៅតាមផ្លូវកម្មាភិបាលខ្មែរក្រហមចាប់ឆែកខ្លួនឃើញគ្រាប់មួយមួយគ្រាប់។អ្នកទាំងពីរខ្មែរក្រហមសម្លាប់ចោលនៅភូមិដូនមា ឃុំស្វាយជ្រះ។ ខ្ញុំ, តាពុំ, ប៉ុ និងឈ្មោះទិត្យ បានធ្វើដំណើរមកប្រទះឃើញខ្មែរក្រហមវាយសម្លាប់នៅភូមិដូនមា។ម្តាយខ្ញុំសម្រាលកូនស្រីម្នាក់ឈ្មោះ សារ៉ន នៅភូមិដូនមា ឃុំស្វាយជ្រះ បានរយៈពេលបីថ្ងៃ ខ្មែរក្រហមជម្លៀសទៅឃុំសណ្តាន់ ស្រុកសំបូរ។អ្នកជម្លៀសមកជាមួយគ្នាត្រូវបែកគ្នាអ្នកខ្លះជម្លៀសទៅឃុំថ្មគ្រែចំណែកខ្ញុំខ្មែរក្រហមជម្លៀសទៅឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។ ខ្ញុំលើកទំនប់ស្តុកទឹកសម្រាប់ធ្វើស្រែប្រាំង នៅឃុំសណ្តាន់ ស្រុកសំបូរ។ប្អូនស្រីខ្ញុំឈ្មោះសារ៉នបានស្លាប់ដោយសារដាច់ទឹកដោះនៅឃុំសណ្តាន់។ កម្មាភិបាលខ្មែរក្រហមនៅឃុំសណ្តាន់សួរខ្ញុំនិងម្តាយថាហេតុអ្វីមិនឃើញប្តីមកជាមួយ?ខ្ញុំឆ្លើយថាឪពុកខ្ញុំស្លាប់ដោយសារពស់ចឹកខ្ញុំមិនហ៊ានប្រាប់ថាឪត្រូវកងកម្លាំងខ្មែរក្រហមចាប់ចោទថាក្បត់ជាមួយអង្គការ ខ្លាចចាប់ទាំងក្រុមគ្រួសារ។ រហូតខ្មែរក្រហមដួលរលំខ្ញុំត្រឡប់មកភូមិកំណើតវិញ។

ជម្លោះប្រដាប់អាវុធកម្ពុជា-ថៃទាំងពីរលើកនេះ ខ្ញុំអាណិតវីរកងទ័ពកម្ពុជា និងប្រជាជនភៀសសឹក។ ខ្ញុំមិនអាចជួយអ្វីបាន មានតែថវិកាបន្តិចបន្តួច ឬជួយជាស្បៀង តាមរយៈភូមិ ឃុំ ជាការចូលរួមពេលប្រទេសកំពុងមានគ្រោះអាសន្ន។ ខ្ញុំមិនចង់ឃើញជម្លោះព្រំដែនរ៉ាំរ៉ៃ ចង់ឲ្យប្រជាជនភៀសសឹកបានត្រឡប់ទៅផ្ទះ។ ខ្ញុំនៅផ្ទះមានអារម្មណ៍មិនស្រួល ចុះប្រជាជនភៀសសឹកយូរខែទៀត មិនដឹងពិបាកយ៉ាងណា?

ទាហានថៃនៅតែចូលមកកាន់កាប់ទឹកដីកម្ពុជា ដាក់ទូកុងតឺន័រ ធ្វើផ្លូវចូលដីខ្មែរ មិនគោរពច្បាប់អន្តរជាតិ។

ដោយៈ ឈុំ រ៉ា

៣)សៀម ហ៊ន់៖ ក្រោយពេលរំដោះបានជួបជុំគ្រួសារវិញ

សៀម ហ៊ន់ ភេទស្រី អាយុ៧៩ឆ្នាំ មានទីកន្លែងកំណើតនៅភូមិគគរ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បច្ចុប្បន្នខ្ញុំរស់នៅក្នុងភូមិជាំទូក(បុស្សស្បូវ) ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុកខ្ញុំឈ្មោះ សៀម(ស្លាប់)។ ខ្ញុំមិនស្គាល់ឈ្មោះម្ដាយទេ ព្រោះម្ដាយខ្ញុំស្លាប់តាំងពីខ្ញុំនៅតូច។ ខ្ញុំមានបងប្អូន៧នាក់ ក្នុងនោះមានប្រុស២នាក់។ ខ្ញុំមានប្តីឈ្មោះ អួច និងមានកូន៧នាក់ ក្នុងនោះមានកូនស្រី២នាក់។

កាលពីកុមារភាពខ្ញុំមិនបានសិក្សារៀនសូត្រទេ។ ខ្ញុំធំដឹងក្ដីឡើងឃើញបារាំងខ្មែរវាយគ្នាជាមួយខ្មែរ ឥស្សរៈនៅក្នុងភូមិគគរ។ ស្ថានភាពនៅក្នុងភូមិគគរពេលនោះមានភាពចលាចល គ្រួសារខ្ញុំបានចេញពីភូមិគគរទៅភូមិប៉ាក់រ៉ត។ អំឡុងពេលនោះផ្ទះសម្បែងរបស់ប្រជាជនឆេះខ្ទេចខ្ទីគ្មានសល់។ គ្រួសារខ្ញុំបានទៅស្នាក់នៅក្នុងភូមិបាក់រ៉តបានមួយរយៈពេល លុះខ្ញុំមានអាយុ១១ឆ្នាំ ទើបគ្រួសារខ្ញុំត្រឡប់ទៅរស់នៅភូមិគគរវិញ។ ឪពុកខ្ញុំចាប់ផ្ដើមសាងសង់ផ្ទះសម្រាប់ស្នាក់នៅជាថ្មី។ គ្រួសារខ្ញុំប្រកបមុខរបរធ្វើចំការ ដើម្បីចិញ្ចឹមជីវិត។

ក្រោយមកទៀតគ្រួសារខ្ញុំបានផ្លាស់មករស់នៅភូមិដារ ដើម្បីប្រកបការងារធ្វើចំការ។ ខ្ញុំរៀបការនៅ អាយុ២២ឆ្នាំជាមួយឈ្មោះអួច។ ពេលខ្ញុំរៀបការរួច ខ្ញុំមកនៅភូមិជាំទូកដែលជាស្រុកកំណើតខាងប្ដី។ ខ្ញុំមិន បាននៅផ្ទះជាមួយគ្រួសារម្ដាយក្មេកខ្ញុំទេ។ ប្ដីខ្ញុំបានសាងសង់ផ្ទះសម្រាប់ស្នាក់នៅដាច់ដោយឡែក។ ខ្ញុំខិតខំធ្វើ ការងារស៊ីឈ្នួលធ្វើស្រែ និងជីកទំពាំងលក់ ដើម្បីដូរយកអង្ករទុកដាំបាយហូប។

នៅឆ្នាំ១៩៧៤ នៅភូមិជាំទូកមានស្ថានភាពរស់នៅខុសប្លែកពីមុនបន្តិចបន្តួចដែរ ប្រជាជនចាប់ផ្ដើមធ្វើ ស្រែប្រវាស់ដៃគ្នា ហើយទិន្នផលស្រូវដែរទទួលបានត្រូវយកមកដាក់ក្នុងជង្រុករួមមួយ។ ប្រជាជននៅហូបបាយ តាមផ្ទះរៀងខ្លួន។ ចំណែកស្រូវអង្ករត្រូវចែកទៅតាមរយៈពេលកំណត់ និងសមាមាត្រទៅតាមកម្លាំង ប្រជាជនធ្វើការងារ។

នៅឆ្នាំ១៩៧៥  ប្រធានសហករណ៍ភូមិជាំទូក បានប្រជុំណែនាំឲ្យប្រជាពលរដ្ឋនៅក្នុងភូមិចាប់ផ្ដើម ប្រមូលទ្រព្យសម្បត្តិនិង របរដែលខ្លួនមានយកទៅដាក់នៅឃ្លាំងរួម ដោយពុំចាំបាច់មានការបង្ខិតបង្ខំពី សំណាក់កងឈ្លប។ ពេលនោះមិនទាន់ហូបបាយរួមនៅឡើយទេ ប្រហែលជា១០ថ្ងៃក្រោយមកខ្មែរក្រហមបាន សាងសង់រោងបាយធំមួយនៅកណ្ដាលភូមិនិងចាប់ផ្ដើមឲ្យប្រជាជនហូបរួមតាំងពីពេលនោះមក។ ខ្ញុំត្រូវអង្គការ ចាត់តាំងឲ្យស្ទូងស្រែ។ ចំណែកប្ដីខ្ញុំអង្គការចាត់តាំងឲ្យភ្ជួរធ្វើស្រែ។ ចំណែកកូនខ្ញុំទាំងបីត្រូវយកទៅផ្ញើនៅក្រុម មើលថែកុមារ។

នៅឆ្នាំ១៩៧៦ គ្រួសារខ្ញុំត្រូវអង្គការជម្លៀសចេញពីភូមិជាំទូកទៅភូមិកំបៅ ឃុំកំពាន់។ ខ្ញុំស្នាក់អាស្រ័យ ជាមួយផ្ទះអ្នកភូមិ។ ខ្ញុំធ្វើការងារស្រែចំការតាមអង្គការចាត់តាំង។ ចំណែកកូនៗខ្ញុំបានយកទៅផ្ញើជាមួយក្រុមយាយៗដែលមើលថែកុមារ។ នៅទីនេះ ខ្ញុំធ្វើការងារធ្ងន់ ប៉ុន្តែចំពោះអាហារហូបចុកពុំបានគ្រប់គ្រាន់ឡើយ។ ចំណែកប្ដីខ្ញុំអង្គការចាត់តាំងឲ្យនៅក្នុងក្រុមសម្រុក។ ប្ដីខ្ញុំធ្វើការងារធ្ងន់ និងមានពេលខ្លះមិនបានត្រឡប់មកផ្ទះ វិញទេ។

នៅឆ្នាំ១៩៧៨ អង្គការបានជម្លៀសខ្ញុំទៅវត្តថ្មពេជ្រដែលស្ថិតក្នុងឃុំថ្មពេជ។ ពេលនេះគឺជាគ្រាមួយ ដែលខ្ញុំបែកពីគ្រួសារ ប្ដីខ្ញុំត្រូវឃ្លាតឆ្ងាយពីប្រពន្ធកូន ប៉ុន្តែខ្ញុំគិតថាជាសំណាងល្អមួយដែលកូនៗទាំងអស់បានទៅជាមួយខ្ញុំ។ ចំណែកប្ដីខ្ញុំមិនដឹងថាអង្គការចាត់តាំងទៅខាងណានោះទេ។ ខ្ញុំរស់នៅឃ្លាតឆ្ងាយពីប្ដីបានយូរដែរ។

លុះឆ្នាំ១៩៧៩ ខ្ញុំបានឮសេចក្ដីប្រកាសថាប្រជាជនដែលរស់នៅភូមិណាសូមត្រឡប់ទៅភូមិនោះវិញ។ ខ្ញុំបាននាំកូនធ្វើដំណើរត្រឡប់មកភូមិជាំទូក ហើយបានជួបជុំជាមួយគ្រួសារវិញ។

ដោយៈ វី ស៊ីថា

៤)រស់ សាវឿន៖ ជាអតីតកម្មកររោងចក្រនៅទន្លេបិទ

រស់ សាវឿន ភេទប្រុស អាយុ៨៣ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិជីឃីត(ភូមិស្រែត្នោត) សង្កាត់ ចាន់មូល ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅក្នុងភូមិជាំទូក ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុកខ្ញុំឈ្មោះ សៀង រស់ ស្លាប់ដោយសារជំងឺហើមនៅឆ្នាំ១៩៥៦។ ម្ដាយខ្ញុំឈ្មោះ ចែ គួង(ស្លាប់)។ ខ្ញុំមានបងប្អូន ៥នាក់ ក្នុងនោះមានស្រី៤នាក់។ ប្រពន្ធខ្ញុំឈ្មោះ ហួន កុម ស្លាប់អាយុ ៥៩ឆ្នាំ។

កាលពីកុមារភាពខ្ញុំមិនបានសិក្សាររៀនសូត្រទេ។ ពេលខ្ញុំអាយុ៧ឆ្នាំគ្រួសារខ្ញុំត្រូវបានជម្លៀសចេញពីភូមិជីឃីតឲ្យទៅភូមិកូនអង្កាញ់ សង្កាត់ត្រមូង។ ពេលនោះប្រជាជនខ្លះបានភៀសខ្លួនទៅរស់នៅភូមិត្រពាំងឬស្សី ឃុំរូង។ គ្រួសារខ្ញុំពិបាកខ្លាំងណាស់ សុំដីប្រជាជននៅភូមិកូនអង្កាញ់ ដើម្បីសាងសង់ផ្ទះស្នាក់ នៅ។ ខ្ញុំធ្វើការមួយថ្ងៃដូរបាយមួយពេល។ ម្ដាយខ្ញុំស៊ីឈ្នួលធ្វើស្រែ។ លុះខ្ញុំអាយុ១៣ឆ្នាំបានទៅស៊ីឈ្នួលបារាំងដូចជា កាប់ព្រៃ ជម្រះស្មៅ និងធ្វើផ្លូវជាដើម។ ខ្ញុំស៊ីឈ្នួលបារាំងបានប្រាក់ខែបន្តិចបន្តួច ដើម្បីជួយផ្គត់ផ្គង់      គ្រួសារ។ គ្រួសារខ្ញុំស្នាក់នៅភូមិកូនអង្កាញ់បានរយៈពេល២ឆ្នាំ ។

នៅឆ្នាំ១៩៦៧ គ្រួសារខ្ញុំបានផ្លាស់មកនៅភូមិជាំទូក។ ខ្ញុំមកនៅដំបូងទីតាំងនេះសុទ្ធតែព្រៃ។ ខ្ញុំមកដល់បានឃើញប្រជាជនរស់នៅប្រហែលជា១០គ្រួសារ។ ពីដើមភូមិនេះមានឈ្មោះថា ភូមិជាំទូក តាមខ្ញុំធ្លាប់ឮចាស់ៗតំណាលថា ភូមិនេះស្ថិតនៅក្បែរពាមមួយដែលមានទឹកហូរចាក់មកដល់ភូមិ។ ថ្ងៃមួយស្រាប់តែមានទូកមួយបានហូរចេញមកពីភូមិពាមចូលមកភូមិនេះដល់ពេលភ្លឺឡើងស្រាប់តែជាប់ទូកនៅហ្នឹងតែម្ដង ទើបចាស់ៗគ្រប់គ្នាដាក់ឈ្មោះភូមិនេះថា ភូមិជាំទូក។ គ្រួសារខ្ញុំប្រកបមុខរបរធ្វើចំការនិងដាំស្រូវ។ បើសិនជាគ្រួសារណាធូរធារដាំសណ្ដែក។ ខ្ញុំឃើញថាប្រជាជននៅសម័យនោះចេះចែករំលែកគ្នា។ ខ្ញុំធ្លាប់ដាក់អន្ទាក់បានជ្រូកព្រៃមួយក្បាល ម្ដាយខ្ញុំកាប់ចែកអ្នកភូមិសឹងមិនគ្រាន់។

នៅឆ្នាំ១៩៦៨ ខ្ញុំបានរៀបការជាមួយឈ្មោះ ឈាន ដែលមានទីកន្លែងកំណើតនៅក្នុងភូមិងើ សង្កាត់   ត្រមូង។ ក្រោយពេលខ្ញុំរៀបការរួច ខ្ញុំបាននាំប្រពន្ធឲ្យមករស់នៅភូមិជាំទូក។ ពេលនោះខ្ញុំមិនទាន់បែកគ្រួសារទេ ខ្ញុំស្នាក់នៅផ្ទះជាមួយម្ដាយខ្ញុំ។ ខ្ញុំជាមួយប្រពន្ធខ្ញុំធ្វើចំការនិងស្រែ។

នៅឆ្នាំ១៩៧០ ពេលមានរដ្ឋប្រហារខ្ញុំរស់នៅក្នុងភូមិជាំទូក ពុំឃើញមានហេតុការណ៍អ្វីខុសប្រក្រតី   ឡើយ។ ខ្ញុំរស់នៅប្រកបមុខរបរធម្មតា។ អំឡុងឆ្នាំនេះប្រពន្ធខ្ញុំសម្រាលបានកូនស្រីម្នាក់ ឈ្មោះ ថេន។ គ្រួសារ ខ្ញុំរស់នៅពោរពេញទៅដោយសេចក្ដីសុខ និងសុភមង្គល។

លុះដល់ឆ្នាំ១៩៧១ អាមរិកចាប់ផ្ដើមទម្លាក់គ្រាប់នៅក្នុងភូមិជាំទូក។ អំឡុងពេលនោះគ្រាប់បេចាក់ មួយគ្រាប់ដែលផ្លោងចេញពីខាងកើតធ្លាក់ចំក្រោមផ្ទះខ្ញុំបណ្ដាលឲ្យកូនស្រីខ្ញុំ ម្ដាយនិងបងប្រុស បងស្រីខ្ញុំត្រូវ ស្លាប់បាត់បង់ជីវិតភ្លាមៗ។ ចំណែកប្រពន្ធរបស់ខ្ញុំរងរបួសជាទម្ងន់។ ពេលនោះខ្ញុំបានលើកប្រពន្ធដាក់លើរទេះ រួចខ្ញុំបររទេះគោដឹកប្រពន្ធទៅមន្ទីរពេទ្យស្រុកមេមត់។ លុះពេលខ្ញុំធ្វើដំណើរទៅដល់មន្ទីរពេទ្យបីប្រពន្ធដាក់លើគ្រែពេទ្យរួច ខ្ញុំបានធ្វើដំណើរត្រឡប់មកផ្ទះវិញ។  ពេលមកដល់ ខ្ញុំបានដើររើសជើងដៃ និងសាច់ដែលសេសសល់ប្រមូលទុក ដើម្បីរៀបចំធ្វើពិធីបុណ្យសពតាមប្រពៃណីខ្មែរ។ ក្រោយពេលចប់ពិធីបុណ្យសពរួច ខ្ញុំបានធ្វើដំណើរឆ្ពោះទៅស្រុកមេមត់ ដើម្បីត្រឡប់ទៅមើលថែប្រពន្ធវិញ ប៉ុន្តែគួរឲ្យស្ដាយពេលខ្ញុំទៅដល់មន្ទីរពេទ្យភ្លាមទទួលដំណឹងថាប្រពន្ធខ្ញុំស្លាប់មិនដឹងថាសពត្រូវបញ្ជូនទៅណាទេ។ ខ្ញុំបានធ្វើដំណើរត្រឡប់មកផ្ទះវិញ។ ក្រោយមកខ្ញុំរៀបការជាមួយឈ្មោះ ហេង ដែលមានទីកន្លែងកំ ណើតនៅភូមិអូរអង្គាម ឃុំជាំ ស្រុកមេមត់។ ពេលរៀបការរួចខ្ញុំបាននាំប្រពន្ធមករស់នៅក្នុងភូមិជាំទូក។ ខ្ញុំធ្វើស្រែនិងចំការ។ នៅឆ្នាំ១៩៧៤ ប្រជាជននៅក្នុងភូមិជាំទូកធ្វើស្រែចំការយកវេគ្នាម្ដងម្នាក់។ ប្រជាជននៅហូបបាយតាមផ្ទះ និងរស់នៅប្របកដោយភាពសុខសាន្ត។
នៅឆ្នាំ១៩៧៥ ខ្ញុំនិងហេង មានកូនចំនួន៤នាក់ ក្នុងនោះមានស្រី៣នាក់។  ខ្ញុំរស់នៅក្នុងភូមិជាំទូក។ លុះពេលថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គណៈឃុំឈ្មោះទន់ បានបែងចែកការងារដល់ប្រជាជននៅក្នុង ភូមិជាំទូកទៅតាមការងាររៀងខ្លួន។ ប្រជាជនទាំងអស់ត្រូវបានចាត់តាំងឲ្យធ្វើការងារទាំងអស់។ កុមារត្រូវធ្វើការងារស្រាលៗ។ មនុស្សចាស់ត្រូវមើលថែកុមារ និងត្បាញកញ្ចែ្រង ល្អី។ មនុស្សវ័យកណ្ដាលត្រូវធ្វើការងារធ្ងន់ៗ។ ខ្ញុំអង្គការចាត់តាំងឲ្យធ្វើស្រែ។ ចំណែកប្រពន្ធខ្ញុំអង្គការចាត់តាំងឲ្យស្ទូងស្រូវ។ ចំពោះទ្រព្យសម្បត្តិផ្ទាល់ខ្លួនត្រូវប្រមូលយកទៅដាក់ឃ្លាំងសហករណ៍។

នៅឆ្នាំ១៩៧៧ គណៈឃុំឈ្មោះទន់បានចាត់តាំងឲ្យខ្ញុំទៅធ្វើការរោងចក្រនៅទន្លេបិទ។ ពេលនោះខ្ញុំ មិនចង់ទៅទេ ប៉ុន្តែខ្ញុំមិនហ៊ានប្រកែក។ ក្នុងមួយសង្កាត់រើសយក៥នាក់។ ខ្ញុំនៅចាំឈ្មោះ គៀន រស់នៅភូមិត្រពាំងឬស្សីត្រូវបានជ្រើសរើសទៅធ្វើការរោងចក្រនៅទន្លេបិទជាមួយគ្នា។ នៅវេលាម៉ោង១ខ្ញុំបានធ្វើដំណើរចេញពីផ្ទះឆ្ពោះទៅស្រុកមេមត់។ ខ្ញុំទៅដល់បានឃើញឡានតម្រៀបចាំ។ ខ្ញុំបានឡើងជិះឡានទៅរោង ចក្រស្ករនៅទន្លេបិទ។ ខ្ញុំទៅដល់សម្រាកមួយយប់ លុះព្រឹកឡើងចាប់ផ្ដើមបែងចែកក្រុមទៅយកខ្សាច់ និង ថ្ម ។ ពេលខ្លះក្រុមខ្ញុំទៅយកថ្ម និង គ្រួស នៅឆ្លូង ខេត្តក្រចេះ។ ពេលខ្លះក្រុមខ្ញុំបានទៅយកខ្សាច់នៅជីរោទិ៍ ខេត្តកំពង់ចាម។ ខ្ញុំធ្វើការនៅរោងចក្រនេះបានមួយឆ្នាំ។
នៅឆ្នាំ១៩៧៨ ខ្ញុំបានត្រឡប់មកផ្ទះ។ គ្រួសារខ្ញុំបានរស់នៅជួបជុំគ្នា។ ខ្ញុំនៅផ្ទះមិនបានយូរប៉ុន្មាន អង្គការចាប់ផ្ដើមជម្លៀសខ្ញុំទៅភូមិត្រពាំងងើ សង្កាត់ត្រមូង រួចជម្លៀសបន្តទៅ ឃុំបុស្សខ្នុរ ស្រុកចំការលើ។

នៅឆ្នាំ១៩៧៩ ខ្ញុំបានឮសេចក្ដីប្រកាសឲ្យប្រជាជនវិលត្រឡប់មកស្រុកកំណើតវិញ។ ពេលនោះ គ្រួសារខ្ញុំស្ថិតនៅឃុំបុស្សខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ ខ្ញុំនិងគ្រួសារក៏បានធ្វើដំណើរត្រឡប់ មកផ្ទះ។ ខ្ញុំធ្វើដំណើរដោយថ្មើរជើងរហូតមកដល់ផ្ទះ។ កាលនោះខ្ញុំគ្មានស្បែកជើងពាក់ទេ។ ខ្ញុំប្រឹងដើរឡើងពងជើង។ នៅឆ្នាំ១៩៨០ប្រពន្ធខ្ញុំបានស្លាប់។ ក្រោយមកខ្ញុំបានរៀបការថ្មី ជាមួយ ហួន កុម(បច្ចុប្បន្នស្លាប់)។ សព្វថ្ងៃនេះខ្ញុំរស់នៅជាមួយកូនប្រពន្ធទី២។

ខ្ញុំធ្លាប់បានឮពត៌មានអំពីសង្រ្គាមខ្មែរ-ថៃ ខ្លះដែរតាមរយៈទូរស័ព្ទដៃ ខ្ញុំគិតថាសង្គ្រាមវាតែងតែនាំផលវិបាកដល់ប្រជាជននិងមានផលប៉ះពាល់មិនថាសម័យនេះឬសម័យមុនឡើយ។ តាមបទពិសោធន៍ដែលខ្ញុំធ្លាប់ បានឆ្លងកាត់រឿងរ៉ាវសង្គ្រាមពីមុនមក ខ្ញុំគិតថាគួរតែជឿជាក់លើថ្នាក់ដឹកនាំ។ ខ្ញុំគ្មានយោបល់អ្វីផ្សេងឡើយ។

ដោយៈ វី ស៊ីថា

៥)រស់ ប៉ែក៖ ប្ដីខ្ញុំត្រូវខ្មែរក្រហមយកទៅរៀនសូត្រ

ឈ្មោះ រស់ ប៉ែក អាយុ៨៨ឆ្នាំ ភេទស្រី មានទីកន្លែងកំណើតកើតនៅភូមិស្រែតានងកើត ឃុំចាន់មូល ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិជាំទូក(បុស្សស្បូវ) ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុកឈ្មោះ រស់ ស្លាប់ដោយសារខ្មែរក្រហមវាយចោល។ ម្ដាយឈ្មោះ ជែ ស្លាប់តាំងពីខ្ញុំអាយុ១៣ឆ្នាំ។ ខ្ញុំមានបងប្អូនចំនួន៨នាក់ ស្រី៤នាក់ និងប្រុស៤នាក់ ស្លាប់នៅជំនាន់អាមេរិក៦នាក់ ដោយសារគ្រាប់ធ្លាក់ចំ។ ស្វាមីឈ្មោះ ប្រាក់ ញ៉រ ស្លាប់អាយុ៣៥ឆ្នាំ ដោយសារខ្មែរក្រហមយកទៅរៀនសូត្រនៅខាងភូមិងើ។ កាលនោះ ប្ដីខ្ញុំធ្វើការខាងប្រធានឃ្វាលគោនៅក្នុងភូមិជាំទូក។ សព្វថ្ងៃនេះ ខ្ញុំមានកូនចំនួន២នាក់ ប្រុសមួយស្រីមួយ។ កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រទេ។

នៅក្នុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសខ្ញុំចេញពីភូមិជាំទូកទៅភូមិអង្កាំ ឃុំជាំតាម៉ៅរស់នៅតាមផ្ទះគេ។ ខ្ញុំនៅអង្កាំបាន៣យប់ ក៏ចេញពីភូមិអង្កាំទៅត្រពាំងងើ ឃុំត្រមូង ស្រុកមេមត់។ ពេលនៅត្រពាំងងើខ្ញុំមិនបានធ្វើការងារទេ។ ខ្ញុំនៅត្រពាំងងើបានរយៈពេល១ខែ ខ្មែរក្រហមក៏ជម្លៀសចេញទៅនៅភូមិសណ្ដាន់(ស្រែត្រែង) ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ។

ក្រោយមកឆ្នាំ១៩៧៦ ឪពុកខ្ញុំត្រូវខ្មែរក្រហមយកទៅវាយចោល ពេលជម្លៀសចេញពីភូមិត្រពាំងងើទៅភូមិសណ្ដាន់(ស្រែត្រែង)។ នៅភូមិសណ្ដាន់(ស្រែត្រែង) ខ្ញុំធ្វើការងារខាងសហករណ៍ដកស្ទួង។ ខ្ញុំមិនបានធ្វើការងារអ្វីច្រើនក្រៅពីដកស្ទួងទេ។ ខ្ញុំរស់នៅភូមិសណ្ដាន់ជាមួយបងៗពីរនាក់ បងទី១ឈ្មោះក្រួច(បុ្រស) បងទី២ឈ្មោះជុំ(ស្រី) គាត់ទាំងពីរធ្វើការងារក្នុងក្រុមសហករណ៍។ ខ្ញុំនៅភូមិសណ្ដាន់(ស្រែត្រែង)បានរយៈពេល១ឆ្នាំ ទើបខ្មែរក្រហមជម្លៀសចេញពីភូមិសណ្ដាន់។

ចូលដល់ចុងឆ្នាំ១៩៧៧-១៩៧៨ ខ្មែរក្រហមក៏បានជម្លៀសខ្ញុំចេញពីភូមិសណ្ដាន់ឲ្យទៅនៅភូមិស្រែឬស្សី ឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ពេលទៅដល់ភូមិស្រែឬស្សី ខ្ញុំធ្វើការក្នុងក្រុមសហករណ៍។ ប្រធានសហករណ៍ឲ្យខ្ញុំដកសំណាបចាប់ពីម៉ោង៣ល្ងាច ដល់ម៉ោង៧យប់ ទើបឲ្យឈប់សម្រាកហូបបាយ។ ខ្ញុំនៅភូមិស្រែឬស្សីមិនពិបាកការហូបចុកទេ ប្រធានសហករណ៍ចិត្តល្អណាស់។ ខ្ញុំនៅភូមិស្រែឬស្សីបានរយៈពេល១ឆ្នាំ ទើបខ្មែរក្រហមជម្លៀសចេញឲ្យទៅភូមិស្រែទួល(ទួលសំបួរ) ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ខ្ញុំបានឈប់សម្រាកនៅតាមផ្លូវ ហើយក៏មានប្រជាជននៅភូមិស្រែទួលឲ្យបាយហូបពេលដែលខ្ញុំធ្វើដំណើរឡើងទៅកំពង់ចាម។ ពេលទៅភូមិស្រែទួល ខ្ញុំមិនបានធ្វើការងារអ្វីទេ។ ខ្ញុំនៅភូមិស្រែទួលក៏មិនបានយូរដូចនៅភូមិស្រែឬស្សី។

បន្ទាប់មកឆ្នាំ១៩៧៩ ខ្ញុំក៏បានទទួលដំណឹងថាប្រទេសរំដោះវិញ។ ពេលនោះ ខ្ញុំក៏បានធ្វើដំណើរចេញពីកំពង់ចាមឡើងកប៉ាល់ឆ្លងមកខាងទន្លេបិទ។ ខ្ញុំបានធ្វើដំណើរ និងដឹកដៃកូនស្រី រហូតមកដល់ភូមិស្លាកសំរោង ស្រុកមេមត់។ ខ្ញុំសម្រាកនៅភូមិស្លាកសំរោងបានមួយយប់ ទើបបន្ដដំណើរចេញមកដល់ភូមិកំណើតវិញ។ ពេលខ្ញុំមកដល់ភូមិជាំទូក ផ្ទះខ្ញុំមិនមានរងការខូតខាតអ្វីទេ។ ខ្ញុំមកនៅដំបូងៗគ្មានអង្ករហូប ដើរជីកដំឡូងតាមព្រៃមកហូប។ ក្រោយមក ខ្ញុំក៏យកចិញ្ចៀនទៅដូរយកស្រូវពីស្រុកយួនមកដាំបង្កើនបង្កើតផល រយៈពេល៣ឆ្នាំទើបបានស្រូវអង្ករហូបពេញលេញវិញ។

ដោយៈ វន បុប្ផា

៥)រស់ ប៉ែក៖ ប្ដីខ្ញុំត្រូវខ្មែរក្រហមយកទៅរៀនសូត្រ

ឈ្មោះ រស់ ប៉ែក អាយុ៨៨ឆ្នាំ ភេទស្រី មានទីកន្លែងកំណើតកើតនៅភូមិស្រែតានងកើត ឃុំចាន់មូល ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិជាំទូក(បុស្សស្បូវ) ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុកឈ្មោះ រស់ ស្លាប់ដោយសារខ្មែរក្រហមវាយចោល។ ម្ដាយឈ្មោះ ជែ ស្លាប់តាំងពីខ្ញុំអាយុ១៣ឆ្នាំ។ ខ្ញុំមានបងប្អូនចំនួន៨នាក់ ស្រី៤នាក់ និងប្រុស៤នាក់ ស្លាប់នៅជំនាន់អាមេរិក៦នាក់ ដោយសារគ្រាប់ធ្លាក់ចំ។ ស្វាមីឈ្មោះ ប្រាក់ ញ៉រ ស្លាប់អាយុ៣៥ឆ្នាំ ដោយសារខ្មែរក្រហមយកទៅរៀនសូត្រនៅខាងភូមិងើ។ កាលនោះ ប្ដីខ្ញុំធ្វើការខាងប្រធានឃ្វាលគោនៅក្នុងភូមិជាំទូក។ សព្វថ្ងៃនេះ ខ្ញុំមានកូនចំនួន២នាក់ ប្រុសមួយស្រីមួយ។ កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រទេ។

នៅក្នុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសខ្ញុំចេញពីភូមិជាំទូកទៅភូមិអង្កាំ ឃុំជាំតាម៉ៅរស់នៅតាមផ្ទះគេ។ ខ្ញុំនៅអង្កាំបាន៣យប់ ក៏ចេញពីភូមិអង្កាំទៅត្រពាំងងើ ឃុំត្រមូង ស្រុកមេមត់។ ពេលនៅត្រពាំងងើខ្ញុំមិនបានធ្វើការងារទេ។ ខ្ញុំនៅត្រពាំងងើបានរយៈពេល១ខែ ខ្មែរក្រហមក៏ជម្លៀសចេញទៅនៅភូមិសណ្ដាន់(ស្រែត្រែង) ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ។

ក្រោយមកឆ្នាំ១៩៧៦ ឪពុកខ្ញុំត្រូវខ្មែរក្រហមយកទៅវាយចោល ពេលជម្លៀសចេញពីភូមិត្រពាំងងើទៅភូមិសណ្ដាន់(ស្រែត្រែង)។ នៅភូមិសណ្ដាន់(ស្រែត្រែង) ខ្ញុំធ្វើការងារខាងសហករណ៍ដកស្ទួង។ ខ្ញុំមិនបានធ្វើការងារអ្វីច្រើនក្រៅពីដកស្ទួងទេ។ ខ្ញុំរស់នៅភូមិសណ្ដាន់ជាមួយបងៗពីរនាក់ បងទី១ឈ្មោះក្រួច(បុ្រស) បងទី២ឈ្មោះជុំ(ស្រី) គាត់ទាំងពីរធ្វើការងារក្នុងក្រុមសហករណ៍។ ខ្ញុំនៅភូមិសណ្ដាន់(ស្រែត្រែង)បានរយៈពេល១ឆ្នាំ ទើបខ្មែរក្រហមជម្លៀសចេញពីភូមិសណ្ដាន់។

ចូលដល់ចុងឆ្នាំ១៩៧៧-១៩៧៨ ខ្មែរក្រហមក៏បានជម្លៀសខ្ញុំចេញពីភូមិសណ្ដាន់ឲ្យទៅនៅភូមិស្រែឬស្សី ឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ពេលទៅដល់ភូមិស្រែឬស្សី ខ្ញុំធ្វើការក្នុងក្រុមសហករណ៍។ ប្រធានសហករណ៍ឲ្យខ្ញុំដកសំណាបចាប់ពីម៉ោង៣ល្ងាច ដល់ម៉ោង៧យប់ ទើបឲ្យឈប់សម្រាកហូបបាយ។ ខ្ញុំនៅភូមិស្រែឬស្សីមិនពិបាកការហូបចុកទេ ប្រធានសហករណ៍ចិត្តល្អណាស់។ ខ្ញុំនៅភូមិស្រែឬស្សីបានរយៈពេល១ឆ្នាំ ទើបខ្មែរក្រហមជម្លៀសចេញឲ្យទៅភូមិស្រែទួល(ទួលសំបួរ) ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ខ្ញុំបានឈប់សម្រាកនៅតាមផ្លូវ ហើយក៏មានប្រជាជននៅភូមិស្រែទួលឲ្យបាយហូបពេលដែលខ្ញុំធ្វើដំណើរឡើងទៅកំពង់ចាម។ ពេលទៅភូមិស្រែទួល ខ្ញុំមិនបានធ្វើការងារអ្វីទេ។ ខ្ញុំនៅភូមិស្រែទួលក៏មិនបានយូរដូចនៅភូមិស្រែឬស្សី។

បន្ទាប់មកឆ្នាំ១៩៧៩ ខ្ញុំក៏បានទទួលដំណឹងថាប្រទេសរំដោះវិញ។ ពេលនោះ ខ្ញុំក៏បានធ្វើដំណើរចេញពីកំពង់ចាមឡើងកប៉ាល់ឆ្លងមកខាងទន្លេបិទ។ ខ្ញុំបានធ្វើដំណើរ និងដឹកដៃកូនស្រី រហូតមកដល់ភូមិស្លាកសំរោង ស្រុកមេមត់។ ខ្ញុំសម្រាកនៅភូមិស្លាកសំរោងបានមួយយប់ ទើបបន្ដដំណើរចេញមកដល់ភូមិកំណើតវិញ។ ពេលខ្ញុំមកដល់ភូមិជាំទូក ផ្ទះខ្ញុំមិនមានរងការខូតខាតអ្វីទេ។ ខ្ញុំមកនៅដំបូងៗគ្មានអង្ករហូប ដើរជីកដំឡូងតាមព្រៃមកហូប។ ក្រោយមក ខ្ញុំក៏យកចិញ្ចៀនទៅដូរយកស្រូវពីស្រុកយួនមកដាំបង្កើនបង្កើតផល រយៈពេល៣ឆ្នាំទើបបានស្រូវអង្ករហូបពេញលេញវិញ។

ដោយៈ វន បុប្ផា
៦)នយ យាន៖ ឪពុកខ្ញុំត្រូវខ្មែរក្រហមសម្លាប់ដោយមិនដឹងកំហុស

ឈ្មោះ នយ យាន ភេទស្រី អាយុ៧៥ឆ្នាំ មានទីកន្លែងកំណើតកើតនៅភូមិជាំទូក(បុស្សស្បូវ) ឃុំរូង ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិជាំទូក(បុស្សស្បូវ) ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុកឈ្មោះ នយ ស្លាប់ដោយសារខ្មែរក្រហមយកទៅវាយចោលនៅចំការក្រូចខាងភ្នំប្រាំពាន់។ ម្ដាយឈ្មោះ ឡាយ មិត ស្លាប់ពេលត្រឡប់មកស្រុកកំណើតវិញ។ ខ្ញុំមានបងប្អូនចំនួន៧នាក់ ប្រុស៣នាក់ ស្រី៤នាក់ ស្លាប់៣នាក់ បងទី២ស្លាប់ពេលទៅធ្វើទាហាន ទី៣ស្លាប់អត់បាយ និងទី៥ បាត់ខ្លួនពេលទៅធ្វើកងចល័តនៅស្រែរនាម។ កាលពីកុមារភាពខ្ញុំបានរៀនអក្ខរកម្មមុនឆ្នាំរដ្ឋប្រហារកើតមានឡើង។ ពេលនោះ ខ្ញុំមិនបានរៀនអ្វីច្រើនទេ រៀនអាន ក ខ និងរៀនតាមសៀវភៅកូនចាបបន្តិចបន្តួច។ សព្វថ្ងៃ ខ្ញុំគ្មានគ្រួសារទេ រស់នៅជាមួយក្មួយៗ។

ក្នុងឆ្នាំ១៩៧១ ទាហានអាមេរិកកាំងបានទម្លាក់គ្រាប់តាមបណ្ដោយភូមិជាំទូក ប្រជាជននៅក្នុងភូមិក៏បានរត់គេចចេញពីផ្ទះទៅនៅតាមមាត់ព្រែកឆ្លូង។ ខ្ញុំនៅព្រែកឆ្លូងបាន២,៣ថ្ងៃ ទើបត្រឡប់មកនៅភូមិជាំទូកវិញ។ ក្នុងអំឡុងពេករត់ទៅព្រែកឆ្លូង ខ្ញុំមិនបានយកអ្វីទៅច្រើនទេ មានតែអង្ករ៣,៤កំប៉ុងទុកគ្រាន់ដាំបាយហូបពេលនៅទីនោះ។ រយៈពេល២,៣ថ្ងៃក្រោយមកទាហានអាមេរិកបានបោះក្រដាសត្រាក់ ហើយក្នុងក្រដាសត្រាក់នោះមានន័យថា»ទាហានអាមេរិកចង់ឲ្យប្រជាជនត្រឡប់ទៅរស់នៅក្នុងភូមិជាំទូក»វិញ។ ខ្ញុំបានរើសក្រដាសត្រាក់ដែលទាហានអាមេរិកទម្លាក់ ហើយយកមកអាន ពេលខ្ញុំអានចប់ក៏បានដឹងនឹងធ្វើដំណើរត្រឡប់ចូលទៅភូមិជាំទូកវិញ។ ពេលទៅដំបូងស្ថានភាពក្នុងភូមិស្ងាត់ជ្រងំ ហើយគោ ក្របី ត្រូវបានប្រជាជនប្រលែងចោល។ មុនពេលប្រជាជនរត់ចេញពីភូមិ ពួកគាត់បានប្រលែង គោ ក្របីចោលអស់ ពីព្រោះក្នុងភូមិគ្មានអ្នកនៅទេ។ រីឯ គោ ក្របី ដែលបានប្រលែងចោលនោះ ក៏ត្រូវគ្រាប់ទម្លាក់ចំធ្វើឲ្យស្លាប់ខ្លះដែរ។

ចូលដល់ឆ្នាំ១៩៧២ ទាហានអាមេរិកបានទម្លាក់គ្រាប់បេ៤គ្រាប់ ធ្វើឲ្យមនុស្សរងរបួស និងស្លាប់ជាច្រើននាក់។ នៅថ្ងៃបន្ទាប់ ទាហានអាមេរិកបានទម្លាក់គ្រាប់ប៊ូប៊ីខ្លាំង ចាប់ពីភូមិសាទុំមកដល់ជាំទូក។ ទាហានអាមេរិកបានទម្លាក់គ្រាប់ខ្លាំងលើទឹកដីខ្មែរ ព្រោះតាមរកកងទ័ពវៀតកុង។ កាលនោះ កងទ័ពវៀតកុងបានមករស់នៅលាយលំជាមួយប្រជាជនខ្មែរ។

បន្ទាប់មកឆ្នាំ១៩៧៣ ទាហានអាមេរិកបានទម្លាក់គ្រាប់បេ តាមបណ្ដោយភូមិជាំទូកជាច្រើនគ្រាប់ធ្វើឲ្យមានការខូចខាតផ្ទះសម្បែងរបស់ប្រជាជនជាច្រើន។ សព្វថ្ងៃនេះ រណ្ដៅមិនទាន់លុបបាត់អស់ទេ រណ្ដៅជាទាំងនោះនៅបន្សល់ទុកមកដល់ឥឡូវ។ បន្ទាយទាហានអាមេរិកមាននៅចំការចេកជាប់និងឃុំចាន់មូល។

នៅចុងឆ្នាំ១៩៧៤ ទាហានអាមេរិកបានដកទ័ពចេញពីទឹកដីខ្មែរត្រឡប់ទៅប្រទេសអាមេរិកវិញ។ ប្រជាជនបានប្រកបរបរធ្វើស្រែចំការដោយភាពស្ងប់សុខវិញ។ ទាហានអាមេរិកដកទ័ពចេញក៏ដោយសារអាមេរិកបានធ្វើចាញ់សង្គ្រាមកងទ័ពវៀតកុង។ ចំណែកឯ ទឹកដីខ្មែរត្រូវបានកងទ័ពខ្មែរក្រហមកាន់កាប់ទាំងស្រុងក្នុងដើមឆ្នាំ១៩៧៥។
ចូលដល់ឆ្នាំ១៩៧៦ ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីភូមិជាំទូកឲ្យទៅនៅដូនមារ ខេត្តក្រចេះ។ ពេលនៅដូនមារ ខ្ញុំធ្វើការខាងកងចល័តខ្មែរក្រហមឲ្យគាស់គល់ឈើ កាប់ឆ្ការព្រៃ គាស់គល់ខ្លុង និងគល់ត្រែង។ ខ្ញុំបែកពីបងប្អូននិងម៉ែ ហើយឪពុកត្រូវខ្មែរក្រហមយកទៅវាយពេលទៅដល់ដូនមារ។ ចំណែកប្អូនៗខ្ញុំចូលធ្វើកងចល័តនៅតំបន់ផ្សេងបែកគ្នាអស់។ ខ្ញុំធ្វើកងចល័តនៅដូនមារបាន១ឆ្នាំ ទើបខ្មែរក្រហមជម្លៀសចេញទៅស្រែរ៉ុង។

ចូលដល់ឆ្នាំ១៩៧៧-១៩៧៨ ខ្ញុំក៏ត្រូវខ្មែរក្រហមជម្លៀសឲ្យមកនៅភូមិស្រែរ៉ុង ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ប្រធានក្រុមនៅស្រែរ៉ុងមានឈ្មោះ តាម៉ុម តាយី ហើយអនុប្រធានឈ្មោះយាយស៊ីន។ ពេលនៅស្រែរ៉ុងមិនមានអាហារហូបចុកគ្រប់គ្រាន់ទេ។ ខ្ញុំនៅស្រែរ៉ុងបាន១ឆ្នាំ ខ្មែរក្រហមក៏ជម្លៀសឲ្យមកនៅព្រៃរ៉ុង ខេត្តកំពង់ចាម។ ពេលខ្ញុំនៅព្រៃរ៉ុងធ្វើការខាងច្រូតស្រូវ ទាល់តែខ្មែរក្រហមជម្លៀសទៅតាំងគោក។

បន្ទាប់មកឆ្នាំ១៩៧៩ ខ្មែរក្រហមបានជម្លៀសខ្ញុំចេញពីព្រៃរ៉ុងឡើងមកនៅតាំងគោកខេត្តកំពង់ធំ។ ខ្ញុំក៏បានជួបម្ដាយបងប្អូននៅតាំងគោក ហើយក៏ទទួលបានដំណឹងថាប្រទេសរំដោះវិញ។ ពេលនោះ ខ្ញុំនិងបងប្អូនក៏បាននាំគ្នាធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ។

ដោយៈ វន បុប្ផា

ការអង្កេត៖
• អ្នករស់រានមានជីវិតមានភាពពេញចិត្តឆ្លើយតបនិងបទសម្ភាស។
• អ្នកផ្តល់បទសម្ភាសមានការចងចាំរឿងរ៉ាវការធ្លាក់យន្តអាមេរិកកាំងធ្លាក់(១៩៧០-១៩៧៣) នៅភូមិសាស្ត្រ ឃុំត្រមូង និងមេមត់ ស្រុកមេមត់។ ក្រោយមកយន្តហោះមកទម្លាក់គ្រាប់នៅភូមិជាំទូក ឃុំរូង មានមនុស្សស្លាប់ និងរបួសព្រមទាំងខូចខាតទ្រព្យសម្បត្តិ។
• សម័យខ្មែរក្រហម មន្ត្រីធ្វើការនៅឃុំរូងខ្មែរក្រហមចាប់សម្លាប់ប្រហែល១០នាក់ ចោទប្រកាន់ក្បត់ជាមួយអង្គការ។
• ផ្ទះប្រជាជនមិនសូវមានមនុស្សរស់នៅ ភាគច្រើនទៅចំការ