Students Visit the Library of Kampong Cham Documentation Center.
May 21, 2026
Photo by Sang Chanthou
Documentation Center of Cambodia Archives
យុវជន ៥នាក់មកពីសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ធ្វើទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម
ដោយ លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម
នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ក្រុមយុវជនរស់នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ចំនួន ៥ នាក់ បានអញ្ជើញមកធ្វើទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម។ ក្នុងដំណើរទស្សនកិច្ចសិក្សានេះ យុវជនទាំងអស់បានចូលរួមក្នុងកម្មវិធីសិក្សាសំខាន់ៗចំនួន ២ រួមមាន៖ (១) បទបង្ហាញស្តីពីពិព័រណ៍ប្រវត្តិសាស្ត្រ៖ ស្វែងយល់អំពីប្រវត្តិមេដឹកនាំខ្មែរក្រហម, ព្រឹត្តិការណ៍ជម្លៀសប្រជាជនដោយបង្ខំ, ការប្រើកម្លាំងបាយនៅការដ្ឋានលើកទំនប់ និងដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហម និង (២) ការស្រាវជ្រាវឯកសារ៖ ការអានសៀវភៅ និងស្វែងយល់ពីប្រភពធនធានឯកសារនៅក្នុងបណ្ណាល័យ និងបន្ទប់បណ្ណសារខ្មែរក្រហម។
ជាកិច្ចចាប់ផ្ដើម លោក ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌល បានទទួលស្វាគមន៍ និងធ្វើបទបង្ហាញអំពីពិព័រណ៍អចិន្ត្រៃយ៍ និងការដួលរលំនៃរបបខ្មែរក្រហមនៅដើមឆ្នាំ១៩៧៩ និងបន្ទប់តម្កល់ឯកសាររបស់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។ បន្ទាប់មកលោក លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានធ្វើបទបង្ហាញបន្តដល់យុវជនទាំងអស់ពីពិព័រណ៍ទាក់ទងនឹង ព្រះរាជកិច្ច និងស្នាដៃសំខាន់ៗ របស់ព្រះបរមរតនកោដ្ឋ បណ្ណាល័យ ការិយាល័យបុគ្គលិក និងបានធ្វើបទបង្ហាញខ្លីទាក់ទងនឹងទិវាជាតិ នៃការចងចាំ ២០ ឧសភា ដល់យុវជនដែលបានចូលរួមផងដែរ។
ក្រោយពីបញ្ជាប់នូវទស្សនកិច្ចរួចមកយុវជនដែលបានចូលរួមបានបង្ហាញពីចំណាប់អារម្មណ៍ពីការចូលរួមនៅថ្ងៃនេះ ៖
ធីម មង្គម អាយុ ១៥ឆ្នាំ បានឡើងថា ៖ «នេះជាលើកទី១ ដែលខ្ញុំបានមកទីនេះ ហើយខ្ញុំបានយល់ដឹងកាន់តែច្បាស់ពីលំដាប់លំដោយនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកម្ពុជាក្នុងសម័យកាលនីមួយៗ។»
អុល វួចឡាយ អាយុ ២១ឆ្នាំ បានលើកឡើងដូចគ្នាថា ៖ «ការទស្សនាផ្ទាំងពិព័រណ៍ និងការអានឯកសារនៅក្នុងមជ្ឈមណ្ឌល បានជួយឱ្យខ្ញុំរៀនសូត្របានច្រើនពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ។ ថ្ងៃទី២០ ឧសភា ជាការចងចាំមួយសម្រាប់ខ្ញុំដែលជាក្មេងជំនាន់ក្រោយ អំពីរបបខ្មែរក្រហម អ្នកដែលបានបាត់បង់ជីវិតក្នុងរបបនោះ ។»
https://photos.app.goo.gl/23im43YAEqXgdc8V8