Home / Post

Why Cambodia’s Military History Is So Important for National Security? (ហេតុអ្វីប្រវត្តិសាស្ត្រយោធាកម្ពុជាមានសារសំខាន់ឥតពីរចំពោះសន្តិសុខជាតិ និងសន្តិសុខតំបន់អាស៊ាន?)

ដោយ៖ ឆាំង យុ​ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ដោយ: សុភ័ក្ត្រ ភា​ណា​

ភ្នំពេញ៖​ ​ខណៈពេលដែល​យើង​រំឭក​ខួប​លើក​ទី​៣០​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស យើង​នឹង​បំពេញ​កាតព្វកិច្ច​បាន​យ៉ាង​ប្រសើរ​មួយ​ក្នុងការ​ទទួលស្គាល់​សារសំខាន់​នៃ​ប្រវត្តិសាស្ត្រ ជាពិសេស​ប្រវត្តិសាស្ត្រ​យោធា​កម្ពុជា ចំពោះ​តំបន់ និង​ពិភពលោក​។ ប្រវត្តិសាស្ត្រ​កម្ពុជា គួរតែ​ត្រូវ​ទទួលស្គាល់ថា​ជា​ធនធាន​ជាតិ​មួយ ជំរុញ​ដល់​ការអភិវឌ្ឍ​ជា​យុទ្ធសាស្ត្រ​របស់​ប្រទេសជាតិ ជះឥទ្ធិពល និង​ភាពជា​អ្នកដឹកនាំ​របស់​កម្ពុជា​នៅក្នុង​តំបន់​អាស៊ាន​។​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា និង​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ (​ខាងស្តាំ​)​។ នាយទាហាន​បន្ទាប់ពី​ឯកឧត្តម ណឹ​ម សុវត្ថិ គឺ​ឧ​ត្ត​ម​សេនីយ៍​ឯក មាស ស៊ីណា (​នៅ​ខាងឆ្វេង​) និង​លោក ឆាំង យុ (​អង្គុយ​)​។ គណៈប្រតិភូ​កិត្តិយស​បានធ្វើ​ទស្សនកិច្ច​នៅ​ទីតាំង​ដាក់​ស្នើ​ជា​តំបន់​ប្រវត្តិសាស្ត្រ​យោធា ស្ថិត​នៅក្បែរ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​។ រូបថត​ដោយ លី កុក​ឆាយ ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២០​។​

​ប្រវត្តិសាស្ត្រ​យោធា ត្រូវបាន​ពិពណ៌នា​ថា គឺជា​ការសិក្សា​ស្រាវជ្រាវ​អំពី​សង្គ្រាម និង​ការវិភាគ​អំពី​ជ័យជំនះ និង​បរាជ័យ​។ ទោះបីជា​យ៉ាងណាក៏ដោយ ប្រវត្តិសាស្ត្រ​យោធា រួមបញ្ចូល​នូវ​ធាតុ​ផ្សំ​ជាច្រើន​ដទៃទៀត​លើសពីនេះ​។ ប្រវត្តិសាស្ត្រ​យោធា​ក្តោប​នូវ​ប្រធានបទ​ជាច្រើន ដែល​រួមមាន​វឌ្ឍនភាព និង​បរាជ័យ​នៃ​របប​នីមួយៗ​រហូតដល់​ការវិវត្ត​របស់​ប្រទេសជាតិ​នានា ព្រមទាំង​សកម្មភាព​ដែល​មនុស្សជាតិ សាង​កំហុស​ដដែលៗ ឬ​បាន​រៀនសូត្រ​ពី​កំហុស​របស់ខ្លួន​។ ប្រវត្តិសាស្ត្រ​កម្ពុជា ពោរពេញ​ទៅដោយ​មេរៀន​ឥតមាន​ពីរ​សម្រាប់​ប្រទេស​របស់ខ្លួន តំបន់ និង​ពិភពលោក​។​

​ប្រទេស​កម្ពុជា គឺជា​ចំណុចប្រសព្វ​ដ៏​សំខាន់​ជា​យុទ្ធសាស្ត្រ​មួយ នៃ​ការតស៊ូ​ប្រទាញប្រទង់​គ្នា​ក្នុងអំឡុង​សង្គ្រាមត្រជាក់​រវាង មនោគមន៍វិជ្ជា ប្រព័ន្ធ​នយោបាយ និង​ទំនោរ​នៃ​គោលនយោបាយ​ការបរទេស​។ ប្រវត្តិសាស្ត្រ​កម្ពុជា​ដែល​ញ៉ាំង​ឲ្យ​កើតមាន និង​ជា​ផ្នែក​ខ្លះ​នៃ​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​អន្តរាគមន៍​ពី​សំណាក់​បរទេស​នៅក្នុង​តំបន់ សបញ្ជាក់​ឲ្យ​ឃើញថា ប្រទេស​កម្ពុ​ជាមាន​សារសំខាន់​យ៉ាងដូចម្តេច​ចំពោះ​សន្តិសុខ​នៅក្នុង​តំបន់ ហើយ​សន្តិសុខ​នៅក្នុង​តំបន់​មាន​សារសំខាន់​យ៉ាងដូចម្តេច ចំពោះ​សន្តិសុខ​ពិភពលោក​។ បន្ថែម​លើសពីនេះទៅទៀត ការសម្លាប់​រង្គាល សង្គ្រាម និង​ការបំផ្លិចបំផ្លាញ កើតមាន​ជាច្រើនលើក​ច្រើនសា​នៅក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​កម្ពុ​ជានា​ចុង​សតវត្សរ៍​ទី​២០ បានផ្តល់​ជា​មេរៀន​សំខាន់ៗ ស្តីអំពី​ស្ថានភាព​ដែល​កើតមានឡើង និង​លទ្ធផល​ពី​អស្ថិរភាព សង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍​។ ប្រវត្តិសាស្ត្រ​កម្ពុជា គឺជា​តឹកតាង​មួយ​នៃ​ស្មារតី​ដ៏​រឹងមាំ​របស់​មនុស្ស ក៏ដូចជា​មេរៀន​ស្តីពី​ជម្រៅ​នៃ​ទុច្ចរិត​ភាព​របស់​មនុស្ស​។​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា (​ខាងស្តាំ​) និង​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ ទីប្រឹក្សា​ពិសេស​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ (​ខាងឆ្វេង​) អញ្ជើញ​ពិនិត្យ​គម្រោង​នៅឯ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង (​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​) ដើម្បី​បង្កើតជា​ស្តូប​អនុស្សាវរីយ៍​ឈ្នះ ឈ្នះ​។​

​​ប្រវត្តិសាស្ត្រ​កម្ពុជា ត្រូវបាន​បន្ទច់បង្អាក់​ជាច្រើនលើក​ច្រើនសា ដោយ​ប្រទេសជិតខាង ដើម្បី​ទន្ទ្រាន​យក គ្រប់គ្រង និង​ដណ្តើម​កាន់កាប់​ទឹកដី​ពី​ប្រជាជន​កម្ពុជា​។ ការសិក្សា​អំពី​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង ទំនាស់ និង​ជម្លោះ​កាលពី​អតីតកាល​ទាំងអស់នេះ មិនអាច​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការទូត ឬ​កិច្ចការ​យោធា​នាពេល​បច្ចុប្បន្ន​ឬ​អនាគត​ទេ ក៏ប៉ុន្តែ​ប្រវត្តិសាស្ត្រ​នេះ គឺជា​ធនធាន​ជាតិ​មួយ ដែល​ផ្តល់​អំណាច​ដល់​អ្នកដឹកនាំ​តាមរយៈ​គតិបណ្ឌិត​ជា​យុទ្ធសាស្ត្រ​ក្នុងការ​គ្រប់គ្រង ទំនាក់ទំនង​ជាមួយនឹង​ប្រទេសជិតខាង​និង​ពិភពលោក​។​

​​ប្រវត្តិសាស្ត្រ​កម្ពុជា ជាពិសេស​ប្រវត្តិសាស្ត្រ​យោធា ផ្តល់​ជា​ធនធាន​ដ៏​ចាំបាច់​មួយ​សម្រាប់​ការអភិវឌ្ឍ​គតិបណ្ឌិត​ជា​យុទ្ធសាស្ត្រ​របស់​អ្នកដឹកនាំ​ប្រទេសជាតិ​របស់​យើង អ្នកដឹកនាំ​ក្នុង​តំបន់ និង​អ្នកដឹកនាំ​កម្រិត​ពិភពលោក​។ ប្រវត្តិសាស្ត្រ​យោធា​កម្ពុជា ពោរពេញ​ទៅដោយ​មេរៀន អំពី​វិធីសាស្ត្រ​បែបណា​និង​ពេលវេលា​ស​ក្កិ​សម​ណាមួយ​ដែល​គួរ​ដាក់​កំហិត អត់ធ្មត់ ឬ​តតាំង​ដោយ​អង់អាច ក្នុងការ​ការពារ​សន្តិ​សុខ​ជាតិ​ប្រកបដោយ​ភាពវៀងវៃ​។ ថ្នាក់ដឹកនាំ​យោធា​របស់​កម្ពុជា អាច​ចាត់ទុក​ប្រវត្តិសាស្ត្រ​យោធា​កម្ពុជា ថា​ជា​ធនធាន​ជាតិ​មួយ ក្នុងការ​ដុសខាត់​កសាង​គតិបណ្ឌិត​ជា​យុទ្ធសាស្ត្រ​របស់ខ្លួន និង​ការបង្កើន​ជំនាញ​វិជ្ជាជីវៈ​របស់​អង្គភាព​និង​មន្ត្រី​យោធា​របស់ខ្លួន​ថែម​ទៀតផង​។

​សន្តិសុខ​ជាតិ​របស់​កម្ពុជា ពឹងផ្អែក​ទៅលើ​អង្គភាព​យោធា​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ​។ អង្គភាព​យោធា​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ​ទាមទារ​នូវ​ថ្នាក់ដឹកនាំ​ពោរពេញ​ដោយ​សមត្ថភាព ដែល​មិន​ត្រឹម​ជា​អ្នកជំនាញ​រៀបចំ​យុទ្ធសាស្ត្រ ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​ជា​អ្នកប្រវត្តិសាស្ត្រ​ទៀតផង​ពីព្រោះថា​គ្មាន​យុទ្ធសាស្ត្រ ជោគជ័យ​ណាមួយ ដែល​អាច​បង្កើតឡើងបាន​ដោយ​គ្មាន​ការយល់ដឹង​អំពី​ប្រវត្តិសាស្ត្រ​នោះឡើយ​។

​ប្រវត្តិសាស្ត្រ​កំណត់​នូវ​សមាសធាតុ​ស្នូល សម្រាប់​យុទ្ធសាស្ត្រ​ជោគជ័យ​នានា​។ ប្រវត្តិសាស្ត្រ​យោធា ធានាថា​យុទ្ធសាស្ត្រ​មួយ​មិនមែន​រួមបញ្ចូល​តែ​បរិបទ​ប្រតិបត្តិការ យុទ្ធវិធី និង​ទ្រឹស្តី​បច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​គួបផ្សំ​នូវ​ជោគជ័យ​និង​កំហុស​ពី​អតីតកាល​ថែម​ទៀតផង​។​ប្រវត្តិសាស្ត្រ​អាច​ផ្តល់​ជា​គោល​គំនិត​ដល់​យើង ថា​តើ​គោលបំណង​នៃ​យុទ្ធសាស្ត្រ​របស់​យើង​អាច​ទទួលយកបាន​ឬទេ​? ថា​តើ​វិធីសាស្ត្រ​ឈានទៅ​សម្រេច​គោលបំណង​របស់​យើង អាច​បត់បែន​តាម​កាលៈ​ទេសៈ ដែរឬទេ​? ថា​តើ​អ្នកដឹកនាំ​ពី​​មុនៗ របស់​យើង​បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​ដូចគ្នា ឬ​ខុសគ្នា​បែបណា​នាពេល​កន្លងទៅ​? ប្រវត្តិសាស្ត្រ​យោធា គឺជា​សមាសធាតុ​ស្នូល​គួបផ្សំ​បញ្ចូល​គ្នា​នូវ​យុទ្ធសាស្ត្រ​យោធា​និង​សន្តិសុខ​ជាតិ​។​

​ប្រជាជាតិ​ជា​សមាជិក​និង​សហ​ថ្នាក់ដឹកនាំ​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) ត្រូវការ​អ្នកដឹកនាំ​ដែលជា​អ្នកប្រវត្តិសាស្ត្រ​ផង​និង​ជា​អ្នករៀបចំ​យុទ្ធសាស្ត្រ​ផង​។ ប្រវត្តិសាស្ត្រ​យោធា​កម្ពុជា មាន​សារសំខាន់​ឥតពីរ ចំពោះ​សន្តិភាព និង​សន្តិសុខ​នៅក្នុង​តំបន់ ពីព្រោះថា​សមរភូមិ ការតស៊ូ និង​យុទ្ធសាស្ត្រ​ភូមិសាស្ត្រ​នយោបាយ​ជាច្រើន ត្រូវបាន​ផ្តោត​នៅក្នុង​ប្រវត្តិសាស្ត្រ​យោធា​កម្ពុជា​។ ប្រទេស​កម្ពុជា គឺជា​ចំណុច​ប្រជុំ​ទម្ងន់​ដ៏​សំខាន់​មួយ​ក្នុងអំឡុង​សង្គ្រាម ជម្លោះ និង​ការតស៊ូ​ជាច្រើន​ដែល​កើតមាន​នៅក្នុង​តំបន់​នា​សតវត្សរ៍​ទី​២០​។ បន្ទាប់ពី​សង្គ្រាម​ឥណ្ឌូចិន​លើកទីមួយ​បានបញ្ចប់​ទៅ ប្រទេស​កម្ពុជា​ទទួលបាន​ឯករាជ្យ ចំណែកឯ​នៅក្នុង​អំឡុង​សង្គ្រាម​ឥណ្ឌូចិន​លើក​ទី​ពីរ ប្រទេស​កម្ពុជា​គឺជា​ចំណុចកណ្តាល​មួយ​នៃ​ការទម្លាក់​គ្រាប់បែក​ទ្រង់ទ្រាយ​ធំ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​។ ទីតាំង​ភូមិសាស្ត្រ​នយោបាយ​របស់​កម្ពុជា នៅក្នុង​អំឡុង​សង្គ្រាម​ឥណ្ឌូចិន​លើក​ទី​ពីរ ញ៉ាំង​ឲ្យ​កម្ពុជា​ក្លាយជា​វាល​សមរភូមិ​ដ៏​សំខាន់​មួយ​រវាង​គូប្រកួត​ប្រជែង​អំណាច​មួយចំនួន​។

​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩ ប្រជាជន​កម្ពុជា​បានទទួល​រងទុក្ខវេទនា ពី​សោកនាដកម្ម​ហួស​ពី​ការ​ស្មាន​នៅក្រោម​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​។ ថ្វីត្បិតតែ​របប​ខ្មែរក្រហម​ត្រូវ​ផ្តួលរំលំ​តាំងពី​ឆ្នាំ​១៩៧៩​ទៅហើយ​ក្តី ប្រទេស​កម្ពុជា​បន្ត​ប្រឈម​ជាមួយនឹង​សង្គ្រាម ទុរភិក្ស និង​វិបត្តិ​មនុស្សធម៌​នានា ដែល​បង្ក​ឲ្យ​មានការ​បាត់បង់​ជីវិត ការជម្លៀស​ទីតាំង ឬ​ការប្តូរ​ទីជម្រក​របស់​ប្រជាជន​កម្ពុជា​រាប់លាន​នាក់​។ បរាជ័យ​របស់​ខ្មែរក្រហម មិន​ត្រឹមតែ​ជា​ជោគជ័យ​ជា​យុទ្ធសាស្ត្រ​របស់​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​ជោគជ័យ​ជា​យុទ្ធសាស្ត្រ​សម្រាប់​អាស៊ាន និង​ពិភពលោក​ថែម​ទៀតផង​។​

​ការចូលរួម សមយុទ្ធ និង​យុទ្ធសាស្ត្រ​យោធា ដែល​បាន​អនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​រវាង​ឆ្នាំ​១៩៧៩​ដល់​ឆ្នាំ​១៩៩៣ បាន​អង្រួន​តំបន់​អាស៊ាន ហើយ​នៅក្នុង​កម្រិត​មួយ កម្លាំងចលករ​ទាំងនេះ​បាន​(​និង​នៅតែ​បន្ត​)​កំណត់​សណ្ឋាន​នៃ​ភូមិសាស្ត្រ​នយោបាយ​របស់​អាស៊ាន​ប​ច្ចុ​ប្បន្ន​។ ប្រវត្តិសាស្ត្រ​យោធា​កម្ពុជា គឺជា​ប្រវត្តិសាស្ត្រ​ដែល​មិន​ត្រឹមតែ​រួមបញ្ចូល​សមរភូមិ​និង​សមយុទ្ធ​យោធា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រួមផ្សំ​នូវ​ការសម្រេចចិត្ត​នយោបាយ​ជា​គោល​និង​យុទ្ធសាស្ត្រ​សំខាន់ៗ​ដែល​នៅតែ​ជា​កំណត់​យោង​ដ៏​ចាំបាច់​សម្រាប់​ផ្តល់​ដល់​សន្តិសុខ​ជាតិ​និង​យុទ្ធសាស្ត្រ​អាស៊ាន​ជារួម នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​សព្វថ្ងៃនេះ​។

​ខណៈពេលដែល​យើង​រំឭក​ខួប​លើក​ទី​៣០​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស យើង​គួរ​ឆ្លៀត​យក​ឱកាស​នេះ ដើម្បី​សញ្ជឹងគិត​អំពី​អ្វីដែល​យើង​បាន​រៀនសូត្រ​ពី​ប្រវត្តិសាស្ត្រ​នៅ​ជុំវិញ​សន្ធិសញ្ញា​នេះ និង​ឆ្លុះ​ប​ញ្ជាំ​ង​អំពី​អ្វីខ្លះ ដែល​យើង​បាន​ឈ្វេងយល់​ពី​ប្រវត្តិសាស្ត្រ​ទាំងស្រុង​របស់​កម្ពុជា​។ គ្មាន​ពេលវេលា​ណា​ដែល​ស​ក្កិ​សមជា​ង​ពេលបច្ចុប្បន្ន​ក្នុងការ​រំលេច​ចេញ​នូវ​សារសំខាន់​នៃ​ប្រវត្តិសាស្ត្រ ស្រប​ពេលដែល​កម្ពុជា​កំពុង​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ាន​ក្នុង​ឆ្នាំ​២០២២​។ ខណៈពេលដែល​កម្ពុជា កំពុង​ត្រៀម​រៀបចំ​កិច្ចប្រជុំ​អាស៊ាន យើង​គួរតែ​ទទួលស្គាល់​តួនាទី​ក្នុង​ការដឹកនាំ​កិច្ចប្រជុំ​នេះ ថា​ជា​ឱកាស​មួយ​ក្នុងការ​ប្រើប្រាស់​ធនធាន​នានា​ក្នុងចំណោម​ធនធាន​ទាំងឡាយ ជាពិសេស​ប្រវត្តិសាស្ត្រ​កម្ពុជា​ឲ្យ​មាន​ប្រសិទ្ធភាព ឈានទៅ​សម្រេចបាន​ការអភិវឌ្ឍ ភាពជា​ដៃគូ​សហការ និង​ភាពជា​អ្នកដឹកនាំ​ជារួម​សម្រាប់​ប្រជាជន​កម្ពុជា​និង​ប្រជាជន​អាស៊ាន​។ ប្រវត្តិសាស្ត្រ​កម្ពុជា គឺជា​ផ្នែក​និង​ធាតុ​ផ្សំ​ចម្បង​ក្នុងការ​ឈានទៅ​បង្កើត​សន្តិភាព​និង​សន្តិសុខ​រួមគ្នា​មួយ​សម្រាប់​តំបន់​អាស៊ាន​។

​លោក ឆាំង យុ គឺជា​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ជា​អ្នកដឹកនាំ​ម្នា​ក់លើ​ការអប់រំ ការរារាំង​ទប់ស្កាត់ និង​ការសិក្សា​ស្រាវជ្រាវ​ពី​អំពើ​ប្រល័យពូជសាសន៍​។ នៅក្នុង​ឆ្នាំ​២០១៨ លោក ឆាំង យុ ទទួលបាន​ពានរង្វាន់ រ៉ា​មុន ម៉ា​កសៃ​សៃ ដែល​ត្រូវ​ស្គាល់​ថា​ជា “​ពានរង្វាន់​ណូបែល​អាស៊ី​” សម្រាប់​ការងារ​របស់លោក​ក្នុងការ​ថែរក្សា​ការចងចាំ​ពី​អំពើ​ប្រល័យពូជសាសន៍ និង​ការស្វែងរក​យុត្តិធម៌​សម្រាប់​ប្រទេស​កម្ពុជា​និង​ពិភពលោក​។ នៅក្នុង​ឆ្នាំ​២០០៧ លោក​ត្រូវបាន​ជ្រើសរើស​ជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល​បំផុត​ទាំង​១០០​នាក់​របស់​ទស្សនាវដ្ដី​ថា​ម​ស៍​។ លោក ឆាំង យុ បាន​បំពេញការងារ​ជាមួយ​ស្ថាប័ន​និង​អ្នកដឹកនាំ​សង្គម​ស៊ីវិល​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ដែល​ក្នុងនោះ​រួមមាន​ប្រទេស​អ៊ីរ៉ាក់ ប្រទេស​អា​ហ្វ​ហ្កា​នី​ស្តា​ន ប្រទេស​ស៊ី​រី ប្រទេស​មី​យ៉ាន់​ម៉ា និង​ប្រទេស​កំពុង​អភិវឌ្ឍ​ក្រោយ​ជម្លោះ​ដទៃ​ផ្សេងៗ​ទៀត​។ នា​រយៈពេល​១៨​ខែ​ចុង​ក្រោយនេះ លោក​បាន​សិក្សា​ស្រាវជ្រាវ​លម្អិត​អំពី​ប្រវត្តិសាស្ត្រ​យោធា​កម្ពុជា និង​តំបន់​ប្រវត្តិសាស្ត្រ​យោធា ជាមួយនឹង​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ នៃ​ក្រសួងការពារជាតិ​កម្ពុ​ជា​៕