ដំណើរទស្សនកិច្ចសិក្សារបស់សិស្សានុសិស្សអនុវិទ្យាល័យត្រពាំងប្រិយ៍ នៅសារមន្ទីរផ្ទះតាម៉ុក
ដំណើរទស្សនកិច្ចសិក្សារបស់សិស្សានុសិស្សនៃអនុវិទ្យាល័យត្រពាំងប្រិយ៍ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ មកកាន់សារមន្ទីរផ្ទះតាម៉ុក ក្រោមការសម្របសម្រួលពីមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ កម្មវិធីអប់រំនេះ មានសារៈសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងការកសាងសន្តិភាពដល់យុវជនជំនាន់ក្រោយ។ កម្មវិធីនេះមានគោលបំណងយុទ្ធសាស្ត្រក្នុងការផ្លាស់ប្ដូរការសិក្សាទ្រឹស្តីក្នុងថ្នាក់រៀន ឱ្យទៅជាការស្វែងយល់ជាក់ស្តែងនៅក្នុងតំបន់ប្រវត្តិសាស្ត្រ ដែលជាសមរភូមិចុងក្រោយនៃសង្គ្រាមស៊ីវិល ដើម្បីពង្រឹងតម្លៃនៃការអត់ឱន ការផ្សះផ្សាជាតិ និងការរួមរស់ជាមួយគ្នាដោយសន្តិវិធី ព្រមទាំងជម្រុញឱ្យយុវជនចេះវិភាគលើហេតុការណ៍ និងផលវិបាកនៃជម្លោះក្នុងការបង្ការទប់ស្កាត់អំពើប្រល័យពូជសាសន៍។
សារមន្ទីរប្រវត្តិសាស្ត្រផ្ទះតាម៉ុក គឺជាបូជនីយដ្ឋានប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីទំព័រប្រវត្តិសាស្ត្រចុងក្រោយនៃរបបកម្ពុជាប្រជាធិបតេយ្យ និងសង្គ្រាមស៊ីវិលនៅកម្ពុជា។ ទីតាំងនេះត្រូវបានប្រែក្លាយជាសារមន្ទីរ និងជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ ក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងគោលបំណងរក្សាទុកជាភស្តុតាងប្រវត្តិសាស្ត្រសម្រាប់យុវជនជំនាន់ក្រោយបានសិក្សាស្វែងយល់។
បច្ចុប្បន្ន សារមន្ទីរផ្ទះតាម៉ុកបានបំពេញតួនាទីយ៉ាងសំខាន់ជា «ថ្នាក់រៀនប្រវត្តិសាស្ត្ររស់» សម្រាប់សិស្សានុសិស្ស និស្សិត និងអ្នកស្រាវជ្រាវទាំងជាតិ និងអន្តរជាតិ។ ការទស្សនាទីតាំងនេះមិនត្រឹមតែធ្វើឱ្យគេយល់ដឹងពីយុទ្ធសាស្ត្រយោធា និងជីវប្រវត្តិតួអង្គសំខាន់ៗនៃរបបខ្មែរក្រហមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកញ្ចក់ឆ្លុះបញ្ចាំងឱ្យឃើញពីវិនាសកម្មនៃសង្គ្រាមស៊ីវិល។ តាមរយៈការពិនិត្យភស្តុតាងជាក់ស្តែងទាំងនេះ ទីតាំងប្រវត្តិសាស្ត្រនេះបានក្លាយជាឧបករណ៍អប់រំដ៏មានឥទ្ធិពលក្នុងការបណ្តុះស្មារតីសន្តិភាព ការផ្សះផ្សាជាតិ និងការទប់ស្កាត់មិនឲ្យកើតមានអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះសិស្សានុសិស្ស បានមើលឃើញផ្ទាល់អំពីភស្តុតាងប្រវត្តិសាស្ត្រនានា រួមមានសំណង់អគារ គំនូរលើជញ្ជាំង យានយន្តយោធា ពិព័ររូបថតចំនួន១០០ផ្ទាំង និងសម្ភារប្រើប្រាស់ផ្សេងៗ។ ជាលទ្ធផល បទពិសោធន៍ជាក់ស្តែងនេះបានជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់ការយល់ដឹងរបស់សិស្សានុសិស្ស ដោយបានផ្លាស់ប្ដូរទស្សនៈពីការចងគំនុំ មកជាការយល់ចិត្ត និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការការពារសន្តិភាពដែលទទួលបានមកដោយលំបាក។ ក្នុងទិសដៅបន្ត យុវជនដែលបានចូលរួមទាំងអស់នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកចំណេះដឹង និងបទពិសោធន៍ទាំងនេះទៅផ្សព្វផ្សាយបន្តនៅក្នុងសហគមន៍រៀងៗខ្លួន ដើម្បីរួមចំណែកការពារសន្តិភាព និងធានាថាប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនេះនឹងមិនអាចត្រឡប់មកវិញជាដាច់ខាតនៅក្នុងសង្គមជាតិកម្ពុជា។ សិស្សានុសិស្ស មានអារម្មណ៍ថាខ្លួនប្រៀបបានដូចជាបានឆ្លងកាត់នៅក្នុងហេតុការណ៍ពីអតីតកាល បន្ទាប់ពីបានស្ដាប់ការធ្វើបទបង្ហាញ ផ្គួបផ្សំនឹងការបានឃើញទីតាំងជាក់ស្ដែងផ្ទាល់ភ្នែក។
Photos by Mek Ven
August 6, 2026
https://photos.app.goo.gl/9tm818DsWZPBooW68