វេទិកាថ្នាក់រៀនស្ដីពី «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)»
នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ការិយាល័យមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានរៀបចំវេទិកាថ្នាក់រៀនមួយស្ដីពី «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដោយអញ្ជើញសិស្សានុសិស្សចំនួន៣នាក់នៃវិទ្យាល័យអន្លង់វែង ឲ្យទស្សនាភាពយន្តឯកសារប្រវត្ដិសាស្រ្ដខ្មែរក្រហម ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីប្រវត្ដិសាស្រ្ដ ការកសាងសន្ដិភាព និងការផ្សះផ្សា។
វេទិកានេះបានផ្ដោតសំខាន់ទៅលើព្រឹត្ដិការណ៍ជុំវិញខែកក្កដា និងបង្ហាញអំពីទំនាក់ទំនងគ្នាយ៉ាងជ្រាលជ្រៅ រវាងបក្សកុម្មុយនីស្តកម្ពុជា (ខ្មែរក្រហម) និងបក្សកុម្មុយនីស្តវៀតណាម (គិតត្រឹមខែកក្កដា ឆ្នាំ១៩៧៥)។
ខ្មែរក្រហមបានចាប់ផ្តើមធ្វើការបោសសម្អាតផ្ទៃក្នុងបក្សរបស់ខ្លួន ដោយផ្ដោតទៅលើ កម្មាភិបាលដែលមាននិន្នាការ ឬធ្លាប់មានទំនាក់ទំនងជាមួយវៀតណាម ដូចជា ពួកខ្មែរ-វៀតមិញ ឬអ្នកធ្លាប់ទៅទទួលការបំពាក់បំប៉ននៅទីក្រុងហាណូយ ប្រទេសវៀតណាមជាដើម។ ក្រៅពីនេះ ប្រជាជនស៊ីវិលត្រូវបានធ្វើទុក្ខបុកម្នេញ និងការសម្លាប់រង្គាលដោយហេតុផលពូជសាសន៍ វណ្ណៈ និងនិន្នាការក្បត់ រហូតឈានទៅដល់ការប្រព្រឹត្ដអំពើប្រល័យពូជសាសន៍។
នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រជាជនប្រមាណជិត២លាននាក់បានស្លាប់បង់ជីវិត ដោយសារការអត់ឃ្លាន ការធ្វើការងារហួសកម្លាំង ជំងឺ និងការសម្លាប់រង្គាល។ យោងតាមការរៀបរាប់របស់ អុន ទី ជាអ្នករស់រានមានជីវិតម្នាក់នៅក្នុងសម័យខ្មែរក្រហម បានប្រាប់រឿងរ៉ាវដ៏គួរឲ្យជូរចត់របស់ខ្លួនថា អ្វីដែលខ្លួនមិនអាចភ្លេចបានពីសម័យខ្មែរក្រហម គឺ ការបាត់បង់ឪពុក បងប្អូនជាទីស្រឡាញ់ ការហូបចុកមិនគ្រប់គ្រាន់ និងការធ្វើការងារហួសកម្លាំងឥតឈប់ឈរគ្មានពេលសម្រាក។ គាត់បានរស់នៅក្នុងទិដ្ឋភាពភ័យខ្លាចអំពីការយកទៅសម្លាប់របស់ខ្មែរក្រហមជានិច្ច។ ប្រសិនបើខ្មែរក្រហមប្រាប់ថា ត្រូវបញ្ជូនទៅ «សហករណ៍ថ្មី» ប្រាកដណាស់ គឺដឹងតែយកទៅសម្លាប់ហើយ។ ចំណែកឯអ្នកទោសវិញ គឺត្រូវគេយកទៅដាក់នៅមន្ទីរឃុំឃាំង ឬនៅក្នុងទ្រុងមាន់ជាដើម។
ក្រុមការងារមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានបង្ហាញនូវពិព័រណ៍លលាដ៏ក្បាល និងគ្រោងឆ្អឹងជនរងគ្រោះ បន្ទាប់ពីសោកនាដកម្មនៃអំពើប្រល័យពូជសាសន៍របស់ខ្មែរក្រហម។ សិស្សានុសិស្សទាំងបីនាក់យល់ឃើញថាជាការល្អដែលបានទស្សនាភាពយន្តឯកសារ ដែលខ្លួនមិនធ្លាប់បានឃើញពីមុនមក។ ទស្សនីយ៍ភាពដែលខ្លួនធ្លាប់តែឮចាស់ៗបាននិយាយ និងរៀននៅតាមសាលារៀនត្រង់ផ្នែកមួយចំនួន។ រយៈកាលនៃការចូលក្នុងការស្វែងយល់ពីប្រវត្ដិសាស្ដ្រខ្មែរក្រហមនៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងកន្លងមក គឺធ្វើឲ្យមានការយល់ដឹងពីមួយដំណាក់កាលទៅមួយដំណាក់ ហើយកាន់តែចង់ដឹងបន្ថែមទៅថ្ងៃមុខទៀត។
https://photos.app.goo.gl/HPTzvdhyUZMxhizK6