សិស្សអនុវិទ្យាល័យអន្លង់វែង ស្វែងយល់ពីប្រវត្ដិសាស្រ្ដខ្មែរក្រហម
សិស្សានុសិស្សចំនួន៣នាក់ (ស្រី២នាក់ និងប្រុស១នាក់) នៃអនុវិទ្យាល័យអន្លង់វែង បានរៀនសូត្រពី «ប្រវត្ដិសាស្រ្ដនៃការដកកងទ័ពវៀតណាមចេញពីប្រទេសកម្ពុជាក្នុងខែកញ្ញា ឆ្នាំ១៩៨៩» នៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។
វេទិកានេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងប្រវត្ដិសាស្រ្ដ ជំរុញការចងចាំ សន្ដិភាព និងការផ្សះផ្សានៅកម្ពុជា។ សិស្សានុសិស្សបានទស្សនាវីដេអូឯកសារ និងប្រភពព័ត៌មានទាក់ទងនឹង ៖ ការដកកងទ័ពវៀតណាមចេញពីប្រទេសកម្ពុជាក្នុងខែកញ្ញា ឆ្នាំ១៩៨៩, អន្លង់វែងជាទីចុងបញ្ចប់នៃប៉ុល ពត និងប្លង់គោលស្រុកអន្លង់វែង ដើម្បីឈានទៅដល់ការសិក្សាប្រវត្តិសាស្ត្រមួយដែលតភ្ជាប់ទំនាក់ទំនងរវាងប្រវត្តិសាស្ត្រជាតិ និងទីកន្លែងកំណើតរបស់ខ្លួន។
កងទ័ពវៀតណាមបានចូលក្នុងប្រទេសកម្ពុជា ក្រោមការមើលឃើញដោយទស្សនៈផ្សេងៗគ្នា ។ ទីមួយ កងទ័ពវៀតណាមចូលមក ដើម្បីរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងទីពីរ គឺជាការឈ្លានពាន។ ប៉ុន្ដែ សៀវភៅ«ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» បានលើកឡើងពីហេតុផលដ៏មានសារសំខាន់របស់វៀតណាមក្នុងការលើកទ័ពចូលកម្ពុជា ដោយសារខ្លួនយល់ថា ខ្មែរក្រហមបានបង្កការគំរាមកំហែងដល់ប្រទេសរបស់ខ្លួន បើទោះបីជាការសម្រេចចិត្ដនេះ ធ្វើជាឡើងអស់រយៈជាយូរក៏ដោយ។ កងទ័ពវៀតណាមបានចូលផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហមនិងមានវត្តមាននៅក្នុងទឹកដីកម្ពុជាអស់រយៈពេលជិតមួយទសវត្សរ៍។
រហូតដល់ខែកញ្ញា ឆ្នាំ១៩៨៩ កងទ័ពវៀតណាមដកចេញពីប្រទេសកម្ពុជា បន្ទាប់ពីរុញច្រានខ្មែរក្រហមឲ្យធ្លាក់ទៅតាមទល់ដែនកម្ពុជា-ថៃ។ ការសម្រេចចិត្តនេះកើតឡើងដោយសារតែមានសម្ពាធនយោបាយ សេដ្ឋកិច្ច និងការប្រែប្រួលនៃភូមិសាស្ត្រនយោបាយជាសកលក្នុងសម័យសង្គ្រាមត្រជាក់។ ការដាក់សម្ពាធ និងទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់សហគមន៍អន្តរជាតិ ព្រមទាំងការទាមទារយ៉ាងទទូចពីបណ្តាប្រទេសអាស៊ាន និងចិន បានបង្ខំឱ្យរដ្ឋាភិបាលវៀតណាមផ្លាស់ប្ដូរជំហរ និងដកកងទ័ពជាយុទ្ធ សាស្ត្រ ដើម្បីអាចស្តារទំនាក់ទំនង និងសេដ្ឋកិច្ចជាមួយប្រទេសជិតខាង និងបណ្តាប្រទេសលោកខាងលិចឡើងវិញ។
ទោះជាយ៉ាងណា ជម្លោះប្រដាប់អាវុធរវាងភាគីជម្លោះខ្មែរនឹងខ្មែរ នៅតែបន្តអូសបន្លាយអស់រយៈពេលជិតមួយទសវត្សរ៍បន្ថែមទៀត ដែលនេះ គឺជារបត់នយោបាយ និងការប្រែប្រួលលើសមរភូមិមួយនៅកម្ពុជា។ នៅពេលនោះ សន្តិភាពហាក់ស្ថិតនៅឆ្ងាយពីក្រសែភ្នែកនៅឡើយ។ ប៉ុន្ដែ របត់នេះ គឺជាកត្ដាជំរុញឲ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ការបោះឆ្នោតជាតិជាលើកដំបូងរបស់កម្ពុជាក្នុងឆ្នាំ១៩៩៣ និងការធ្វើសមាហរណកម្មចុងក្រោយរបស់ខ្មែរក្រហមនៅតំបន់អន្លង់វែងចូលទៅក្នុងរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ១៩៩៨។
សិស្សានុសិស្សបានយកចិត្ដទុកដាក់នូវរូបភាពនៃដំណើរការសង្គ្រាម និងគ្រឿងយុទ្ធោបករណ៍ដែលកងទ័ពវៀតណាមបានដឹកចូលក្នុងប្រទេសកម្ពុជា។ ចំណែកឯទិដ្ឋភាពមួយផ្សេងទៀត គឺការបែកបាក់ផ្ទៃក្នុងខ្មែរក្រហម ដែលឈានទៅដល់ការចាប់ខ្លួន ប៉ុល ពត កាត់ទោសចំពោះមុខប្រជាជននៅអន្លង់វែង។ សិស្សានុសិស្សបានគិតអំពីទំនាក់ទំនងគ្នារវាងយាយតារបស់ខ្លួនដែលធ្លាប់ឆ្លងកាត់សម័យខ្មែរក្រហម រហូតរសាត់ខ្លួនមកដល់អន្លង់វែងមកទល់សព្វថ្ងៃ។ បន្ថែមលើសពីនេះ សិស្សានុសិស្សអាចយល់ដឹងបន្ថែមថា ទីកន្លែងកំណើត និងប្រទេសរបស់ខ្លួន មិនមែនទើបតែមានជម្លោះជាមួយប្រទេសថៃប៉ុណ្ណោះទេ តែធ្លាប់ឆ្លងកាត់សង្គ្រាមដ៏រ៉ាំរ៉ៃអស់រយៈពេលជាច្រើនជំនាន់មកហើយ។ ដូច្នេះ ក្នុងនាមជាយុវជន ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីឲ្យក្លាយជាធនធានមនុស្សសម្រាប់អភិវឌ្ឍន៍សហគមន៍ និងប្រទេសជាតិរបស់ខ្លួននាអនាគត។
https://photos.app.goo.gl/XHXWfFMYjh4JYfcs8