Home / Post

Anlong Veng Peace Center: “Cambodia’s Lost Rock & Roll” Screening and a Reminder of a Historical Context of December 2, 1978 In the Leadup To the Fall of the Khmer Rouge Regime. December 4, 2025

មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង

បរិបទនៃការបង្កើតរណៈសិរ្ស២ធ្នូ

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានទទួលស្វាគមន៍សិស្សានុសិស្សចំនួន៧នាក់មកពីអនុវិទ្យាល័យថ្លាត ក្នុងស្រុកអន្លង់វែង ដើម្បីទស្សនាភាព​យន្ត​ឯកសារប្រវត្ដិសាស្រ្ដ «ខ្មែរបាត់បង់តន្ដ្រីរ៉ក់» និងរំលឹកពីបរិបទប្រវត្ដិសាស្ដ្រនៃថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលឈានទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

ពិព័រណ៍ស្ដីពី «អំពើប្រល័យពូជសាសន៍ និងការរស់រានមានជីវិតឡើងវិញរបស់ប្រជាជនកម្ពុជា» ត្រូវបានបង្ហាញជាមេរៀនដល់សិស្សានុសិស្សអំពីសន្ដិភាពដែលទទួលបានយ៉ាងលំបាកលំបិនរហូតមកទល់ពេលនេះ។ ការបង្កើតរណៈសិរ្ស២ធ្នូ គឺជាចលនាមួយនៃការគៀងគរកម្លាំងដើម្បីប្រឆាំងរបបខ្មែរក្រហមដែលកំពុងបន្ដសម្លាប់រង្គាល បង្អត់អាហារ និងការបង្ខំឲ្យប្រជាជនធ្វើការងារហួសកម្លាំង។ ប្រជាជនបានរស់នៅក្នុងបរិយាកាសដ៏ខ្មៅងងឹត គ្មានសិទ្ធិសេរីភាព និងរស់នៅជាសមូហភាព។ ជោគវាសនារបស់ប្រជាជនម្នាក់ៗគឺមិនមែនខ្លួនឯងជាអ្នកកំណត់នោះទេ តែជាខ្មែរក្រហមជាអ្នកកំណត់។ កាលៈទេសដែលបង្ខំបែបនេះ ការចង់បាននូវសិទ្ធិសេរីភាព និងការរស់រានមានជីវិតសម្រាប់ប្រជាជនពេញផ្ទៃប្រទេសឡើងវិញបានជំរុញចិត្ដឲ្យអតីតកម្មាភិបាលខ្មែរក្រហម និងជនស្នេហាជាតិនាំគ្នាផ្ដាច់ខ្លួនចេញពីអង្គការរបស់ខ្មែរក្រហមយ៉ាងសម្ងាត់ ហើយរៀបចំចលនាតស៊ូបះបោរប្រឆាំងនឹងខ្មែរក្រហម ដោយសារមានការគាំទ្រ និងអន្ដរាគមន៍កងទ័ពពីប្រទេសវៀតណាម។

សិស្សានុសិស្សបានទស្សនាពិព័រណ៍អមដោយចំណងជើងខ្លីៗ និងបទបង្ហាញពីក្រុមការងារពីមួយផ្ទាំងទៅមួយផ្ទាំងចាប់តាំងពីការកកើតចលនាខ្មែរក្រហម ការធ្វើការងារដោយបង្ខំ ការសម្លាប់រង្គាលជាប្រព័ន្ធ ភស្ដុងតាង ការដួលរំលំរបបខ្មែរក្រហម ការភៀសខ្លួនរបស់អង្គការលេខ ឬក្បាលម៉ាស៊ីនដឹកនាំរបស់ខ្មែរក្រហម និងការរស់រានមានជីវិតឡើងវិញរបស់ប្រជាជនកម្ពុជា។ សិស្សានុសិស្សចាប់ផ្ដើមមើលឃើញថា សូម្បីតែខ្លួនអត់ស្បែកជើង គ្មានច្រាសដុសធ្មេញ និងការហូបចុកប្រចាំថ្ងៃមិនគ្រប់គ្រាន់មានការលំបាកណាស់ទៅហើយ ចុះទម្រាំត្រូវបង្ខំឲ្យធ្វើការងារយ៉ាងលំបាក និងប្រឈមនឹងការកាប់សម្លាប់ដូចសត្វធាតុ តើខ្លួនអាចតស៊ូរស់បានដល់កម្រិតណា។ សិស្សានុសិស្សនៅតែជឿជាក់ថា សម័យខ្មែរក្រហមជាសម័យកាលព្រៃផ្សៃ គ្មានក្ដីមេត្ដា ស្រណោះអាណិតប្រជាជន ហើយគ្មានប្រជាជនណាមួយចង់វិលត្រឡប់ទៅសម័យកាលនោះទៀតទេ។

រណៈសិរ្ស ២ ធ្នូ បានប្រកាសនូវ កម្មវិធីនយោបាយ ១១ ចំណុច ដែលជាចំណុចស្នូលនៃការអំពាវនាវដល់ប្រជាជនទូទៅ និងសេចក្តីសន្យាក្នុងការស្តារប្រទេសឡើងវិញ។ កម្មវិធីនយោបាយនេះបានឆ្លើយតបយ៉ាងស៊ីជម្រៅទៅនឹងទុក្ខលំបាករបស់ប្រជាជនកម្ពុជារួមមាន៖ ការរំដោះសិទ្ធិសេរីភាពចេញពីរបបដឹកនាំខ្មែរក្រហម (ការសន្យាផ្តល់សិទ្ធិមនុស្ស សេរីភាពក្នុងការរស់នៅ និងសេរីភាពជំនឿសាសនាឡើងវិញ), ការស្តារជីវភាពគ្រួសារ (ការលុបបំបាត់ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងអនុញ្ញាតឲ្យមានការជួបជុំបងប្អូនឡើងវិញ), ស្តារសង្គមជាតិ (សន្យាបង្កើតសាលារៀន មន្ទីរពេទ្យ ទីផ្សារ វត្តអារាម និងលុបបំបាត់ការងារទាសករ) និងកសាងប្រទេសឡើងវិញ(អំពាវនាវឲ្យមានការកសាងសេដ្ឋកិច្ច សង្គម និងការបង្កើតរដ្ឋអំណាចមួយដែលបម្រើប្រជាជន)។ ការផ្សព្វផ្សាយកម្មវិធីនយោបាយនេះបានបំផុសគំនិត និងលើកទឹកចិត្តប្រជាជនរាប់ពាន់នាក់ដែលកំពុងរស់នៅក្នុងស្ថានភាពភ័យខ្លាច ឲ្យងើបឈរ ឬផ្តល់ការគាំទ្រដោយសម្ងាត់ដល់កម្លាំងរណៈសិរ្ស។

ចំណែកឯការរៀបចំកងទ័ព និងការវាយលុយដើម្បីសម្រេចគោលដៅរំដោះជាតិ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានបង្កើតកងទ័ពបដិវត្តន៍ប្រជាជនកម្ពុជា (ក្រោយមកជាកងទ័ពស្ម័គ្រចិត្តសង្គ្រោះជាតិ) បានរៀបចំយុទ្ធសាស្ត្រវាយលុករបបខ្មែរក្រហម។ រណៈសិរ្សនេះបានក្រោកឈរបះបោរទ្រង់ទ្រាយធំចាប់ពីភូមិភាគបូព៌ា ខែមិថុនា ឆ្នាំ១៩៧៨ កងកម្លាំងនិងឥស្សរជនជាច្រើន រួមមាន សមមិត្ដ ហេង សំរិន, សមមិត្ដ ជា ស៊ីម និង សមមិត្ដ ហ៊ុន សែន បានឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសវៀតណាមដើម្បីរក្សាអាយុជីវិត និងស្វែងរកជំនួយគាំទ្រផ្នែកយោធាបានជំរុញឲ្យមានចលនាហៅថា «ស្មារតី២ធ្នូ» ។ ចលនានេះបង្កើតឡើងដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ដោយចាប់ផ្ដើមចេញពីតំបន់រំដោះមួយក្នុងខេត្តក្រចេះ ហើយកងកម្លាំងតស៊ូនេះបានប្រកាសបង្កើតជាផ្លូវការនូវ « រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា»។

យុទ្ធនាការរំដោះប្រទេសជាតិពីរបបខ្មែរក្រហម ត្រូវបានធ្វើឡើងនៅចុងខែធ្នូ ឆ្នាំ១៩៧៨ ដោយកងកម្លាំងរណសិរ្សដែលសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានចាប់ផ្តើមបើកការវាយលុកទ្រង់ទ្រាយធំចូលទៅក្នុងទឹកដីកម្ពុជាពីទិសខាងកើត។ កងទ័ពរណសិរ្សបានទទួលការគាំទ្រយ៉ាងសម្ងាត់ពីសំណាក់ប្រជាជន ដែលបានផ្តល់ព័ត៌មាន និងជួយសម្រួលដល់ការធ្វើដំណើររបស់កងទ័ព។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា មិនត្រឹមតែជាការប្រមូលផ្តុំកម្លាំងយោធាប៉ុណ្ណោះទេ តែជាចលនានយោបាយដ៏មានប្រសិទ្ធភាពដែលបាន គៀងគរឆន្ទៈ របស់ប្រជាជនខ្មែរទូទៅ តាមរយៈការសន្យានាំមកនូវសន្តិភាព សិទ្ធិមនុស្ស និងជីវិតគ្រួសារឡើងវិញ។ ភាពជោគជ័យនៃរណសិរ្សនេះបានចាក់គ្រឹះសម្រាប់ការបង្កើតសាធារណរដ្ឋប្រជាមានិតកម្ពុជា និងការចាប់ផ្តើមដំណើរការស្តារប្រទេសឡើងវិញពីចំណុចសូន្យ។

រណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានផ្ដួលរំលំរបបខ្មែរក្រហមចេញពីអំណាចនៅថ្ងៃទី៧ ខែ មករា ១៩៧៩ ដោយសារមានការរួបរួមគ្នារវាងកម្លាំងស្នូលនៃរណសិរ្ស ការគាំទ្រពីប្រជាជន និងជំនួយយោធាពីវៀតណាម។

បន្ទាប់មក សិស្សានុសិស្សទស្សនាកុនឯកសារ «ខ្មែរបាត់បង់តន្រ្ដីរ៉ក់» ដែលជាកុនឯកសារមួយបង្ហាញពីសិល្បៈតូរ្យតន្ដ្រីដែលមិនចេះសាបសូន្យតាមសម័យកាលនីមួយៗ។ ចម្រៀង និងការរាំរែកបានឆ្លុះបញ្ចាំងអំពីវប្បធម៌ ផ្នត់គំនិតប្រជាជន និងទិដ្ឋភាពសង្គមក្នុងជំនាន់ណាមួយដែលមនុស្សកំពុងរស់នៅ ដោយគ្រាន់តែប្រែប្រួលទម្រង់ ការនិយមប៉ុណ្ណោះ។ កុនឯកសារនេះ ត្រូវបានប្រមូលចងក្រង និងផលិតជាកុនឡើងវិញ ដែលមជ្ឈមណ្ឌលឯកសារកម្ពុជាអស់រយៈពេលជិត១០ឆ្នាំ។ ដោយប្រមែរប្រមូលឯកសារដែលសេសសល់ពីជំនាន់សង្គ្រាមរាស្រ្ដនិយមមក កុនឯកសារនេះ​ត្រូវលេចជារូបរាងឡើង។ សព្វថ្ងៃ តួអង្គមួយចំនួនដែលមាននៅក្នុងកុនឯកសារនេះបានបាត់បង់​អាយុជីវិតជាបន្ដ​បន្ទាប់​ ហើយគ្មានអ្វីមួយនៅស្ថិតស្ថេរ​ជាអមតៈនោះទេ លើកលែង​តែ​ការចងចាំ និងឯកសារដែលត្រូវបានចារ ឬអភិរក្សទុកជាប្រវត្ដិសាស្រ្ដប៉ុណ្ណោះ​។

ខាងក្រោមនេះជាចំណាប់អារម្មណ៍សិស្សានុសិស្សដែលផ្ដល់ដល់ក្រុមការងារមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងនៅចុងបញ្ចប់នៃកម្មវិធី៖

ហេង លីតា ភេទស្រី អាយុ១៤ឆ្នាំ មានចំណាប់អារម្មណ៍ថា៖ « ការរៀនពីប្រវត្ដិសាស្រ្ដ និងទស្សនាកុនឯសារនៅថ្ងៃនេះ គឺដើម្បីបង្កើនចំណេះដឹងថ្មីៗបន្ថែមទៀតដល់រូបនាងខ្ញុំឲ្យយល់ច្បាស់ពីប្រវត្ដិសាស្រ្ដខ្មែរ។ កុនឯកសារបានផ្ដល់ឲ្យយើងនូវការសិក្សា ឬស្ដាប់ចម្រៀងតាមសម័យកាលនីមួយៗ និងមានភាពច្បាស់ក្នុងការរស់នៅរបស់ប្រជាជនខ្មែរក្នុងសម័យខ្មែរក្រហម។ បន្ថែមពីនេះ កម្មវិធីនេះ បានបង្រៀនយើងទាំងអស់គ្នាឲ្យស្គាល់ពីប្រវត្ដិសាស្រ្ដ ការរស់នៅប្រចាំថ្ងៃ និងការងារពលកម្មឥតឈប់ឈរក្នុងសម័យខ្មែរក្រហម»។

ឃឿន សុកញ្ញា ភេទស្រី អាយុ១៤ឆ្នាំ៖ «ខ្ញុំមានចំណាប់អារម្មណ៍ថាសប្បាយចិត្ដដែលបានមកទទួលចំណេះដឹង និងទស្សនាពីប្រជាជនជួបទុកលំបាកនៅជំនាន់ខ្មែរក្រហម។ នេះជាបទពិសោធន៍ថ្មីៗសម្រាប់ខ្ញុំ។ ខ្ញុំបានដឹងថា កាលពីសម័យខ្មែរក្រហមប្រជាជនបានសម្លាប់ដោយសារការងារគ្មានពេលឈប់សម្រាក ការលំបាក និងកង្វះស្បៀងអាហារហូបចុកគ្រប់គ្រាន់»។

គង់ និកា ភេទស្រី អាយុ១៤ឆ្នាំ មានចំណាប់អារម្មណ៍ថា៖ «បន្ទាប់ពីទស្សនាកុនឯកសាររួចមក ខ្ញុំមានក្ដីរំភើបត្រេកអរដែលបានមកស្ដាប់ចម្រៀងនៅសម័យមុន និងបានមើលរូបភាពដែលបន្សល់ទុកតាំងពីយូរណាស់មកហើយ។ បន្ថែមពីនេះទៀត បានធ្វើឲ្យខ្ញុំយល់កាន់តែច្បាស់ពីប្រវត្ដិសាស្ដ្រខ្មែរយើងតាំងពីបុរាណមក។ ក្រៅពីនេះ ខ្ញុំបានដឹងពីប្រវត្ដិសាស្រ្ដខ្មែរក្រហមដែលបណ្ដាលឲ្យប្រជាជនរងទុក្ខលំបាកនាជំនាន់នោះ»។

ខេន សោភា ភេទស្រី អាយុ១៣ឆ្នាំ មានចំណាប់អារម្មណ៍ថា៖ បន្ទាប់ពីទស្សនាកុនឯកសាររួចមមក ខ្ញុំមានចិត្ដរំភើបទៅតាមចម្រៀងក្នុងជំនាន់នីមួយៗ និងបានស្គាល់ពីបុគ្គលដែលជាតារាចម្រៀងនាជំនាន់នោះ។ ខ្ញុំយល់ថា ការសិក្សាពីប្រវត្ដិសាស្រ្ដខ្មែរក្រហម អាចឲ្យយើងស្គាល់កាន់តែច្បាស់អំពីដំណើររឿង និងការធ្វើសង្គ្រាម។ ប្រវត្ដិសាស្រ្ដសំខាន់ណាស់ ពីព្រោះអាចឲ្យយើងបានដឹងបានស្គាល់នូវរឿងរ៉ាវកាលពីពេលមុន»។

លី បុប្ផា ភេទស្រី អាយុ១៤ឆ្នាំ យល់ឃើញថា៖ «បន្ទាប់ពីបានសិក្សាប្រវត្ដិសាស្រ្ដខ្មែរក្រហមរួចមក ខ្ញុំបានដឹងថាសម័យកាលខ្មែរក្រហម គឺពិតជាពិបាករស់នៅខ្លាំងណាស់ ពីព្រោះមិនសូវមានអាហារហូបចុកគ្រប់គ្រាន់ និងមិនបានសម្រាកពីការងារ។ នៅសម័យនោះគឺពិតជាព្រៃផ្សៃខ្លាំងណាស់ សម្លាប់មនុស្សគ្មានក្ដីមេត្ដា គ្មានការស្រណោះអាណិត មិនថាមនុស្សចាស់ ឬក្មេង មនុស្សខ្លាំង ឬទន់ខ្សោយឡើយ។ សម័យនោះសេដ្ឋកិច្ចមានការរីកចម្រើនទេ នៅខ្វះខាតទាំងការងារ និងសម្ភារៈប្រើប្រាស់។ នោះជាសម័យកាលដែលមនុស្សគ្រប់គ្នាមិនចង់ត្រឡប់ទៅវិញនោះទេ»។

អន ពេជតា ភេទស្រី អាយុ១៤ឆ្នាំ មានចំណាប់អារម្មណ៍ថា៖ «ខ្ញុំចងចាំច្រើនជាងគេបន្ទាប់ពីសិក្សាប្រវត្ដិសាស្រ្ដខ្មែរក្រហម មានដូចជា ឃើញមានក្មេងកាលជំនាន់ ប៉ុល ពត ធ្វើការងារ, ឃើញមានចម្រៀងប្លែកៗជាច្រើន មនុស្សស្លាប់តាមដងផ្លូវ និងមានគំនរឆ្អឹងដែលគេបានកប់ទុកចោលជាច្រើន»។

បៀក លីសា ភេទស្រី អាយុ១៤ឆ្នាំ៖ « ខ្ញុំពិតជាមានចំណាប់អារម្មណ៍ណាស់ដែលបានទស្សនាកុនឯកសារ ព្រោះបង្ហាញពីចម្រៀងតាមជំនាន់នីមួយៗ និងបញ្ជាក់ពីប្រវត្ដិសាស្រ្ដដែលខ្មែរក្រហមបានគ្រប់គ្រងប្រទេសកម្ពុជា។ បន្ទាប់ពីសិក្សាប្រវត្ដិសាស្រ្ដ ខ្ញុំចាំបានថា ខ្មែរក្រហមបានចាប់មនុស្សធ្វើទារុណកម្ម និងដុតផ្ទះប្រជាជនចោល»។

Full report