Home / Post

Bak Nim Community Healing Center​: Physical and Mental Health Initiative.

ដំណើរទស្សនកិច្ច មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម (ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត)
Bak Nim Community Healing Center

ថ្ងៃទី៨ ខែកក្តដា ឆ្នាំ២០២៥
រូបថតនិងអត្ថបទដោយ៖ ផាត ពន្លក
មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម

នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ក្រុមភ្ញៀវទស្សនកិច្ចចំនួន១០រូប ដែលអញ្ជើញមកពីទីក្រុងភ្នំពេញ ហើយក្នុងនោះមានព្រះសង្ឃ២អង្គ បានមកដល់ទីតាំងមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម។ ក្រុមភ្ញៀវទស្សនកិច្ចទាំង១០រូប មានឈ្មោ៖ ព្រះភិក្ខុ ហង្ស វាសនា ព្រះជន្ម ៣៦ឆ្នាំ, ព្រះភិក្ខុ អ៊ឹក សំអាត ព្រះជន្ម ៣៣ឆ្នាំ, លោកស្រី លីម អាយហ៊ួរ អាយុ ៥៥ឆ្នាំ, ស្រី លីលី អាយុ ៤៣ ឆ្នាំ, លោកស្រី ឆាង សុបញ្ញា អាយុ ៤៣ឆ្នាំ, លោកស្រី ចាន់ លក្ខិណា អាយុ ៥២ឆ្នាំ, លោកស្រី អ៊ូ សោភា អាយុ ៥៨ឆ្នាំ, លោកស្រី សរ ទូច អាយុ ៥៤ឆ្នាំ, និង លោកស្រី ឈុំ ស៊ីមន អាយុ ៦៩ឆ្នាំ។

បន្ទាប់បានមកដល់មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម ក្រុមភ្ញៀវទស្សនកិច្ច បានដើរគយគន់បរិវេណជុំវិញនៃមជ្ឈមណ្ឌល ដែលទីនោះមានស្រះទឹកមួយមានផ្កាឈូករីកស្គុសស្គាយដ៏ស្រស់ត្រកាល ស្ថិតនៅខាងមុខការិយាល័យមជ្ឈមណ្ឌល និងទេសភាពវាលស្រែដែលគ្របដណ្តប់ដោយសំណាបពណ៌បៃតងខ្ចីនារដូវវស្សានិងអមដោយតំណក់ទឹកភ្លៀងរលឹមស្រិចៗ​ — បើយើងក្រលេកមើលទីតាំងជុំវិញការិយាល័យនៃមជ្ឈមណ្ឌល គឺឃើញមានជួរភ្នំដំរីរមៀលលាតសន្ធឹងយ៉ាងវែងដាច់កន្ទុយភ្នែកនិងពោរពេញដោយព្រៃឈើតូចធំមានពណ៍ប៉ៃតងខ្ចីលាស់ឡើងត្រជាក់ភ្នែក ដែលនាំឲ្យអ្នកទស្សនានឹងទទួលបាននូវអារម្មណ៍ស្រស់ស្រាយ និងរំសាយនូវកង្វល់ក្នុងចិត្ត។

បន្ទាប់មក ក្រុមភ្ញៀវទស្សនកិច្ច បានចូលក្នុងការិយាល័យមជ្ឈមណ្ឌលនិងបានចំណាយពេលអានសៀវភៅប្រវត្តិសាស្ត្រកម្ពុជា ដែលបានដាក់បង្ហាញនៅតុបណ្ណាល័យនៃមជ្ឈមណ្ឌល ជាពិសេសសៀវភៅពាក់ព័ន្ធនិងប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម ​(១៩៧៥-១៩៧៩)។ ក្នុងចំណោមក្រុមភ្ញៀវទស្សនកិច្ចនេះ គឺមានអ្នកខ្លះក៏ជាអ្នករស់រានមានជីវិតហើយធ្លាប់មានបទពិសោធន៍បានឆ្លងកាត់របបខ្មែរក្រហម។

ចុងបញ្ចប់នៃដំណើរទស្សនាកិច្ច ក្រុមភ្ញៀវទស្សនកិច្ចទាំងអស់ដែលបានធ្វើដំណើរមកដល់ទីនេះ បានបង្ហាញពីអារម្មណ៍សប្បាយរីករាយស្រស់ស្រាយយ៉ាងខ្លាំង និងបានកោតសរសើរដល់គំនិតច្នៃប្រឌិតនៃការបង្កើតនូវការិយាល័យនេះឡើងដែលស្ថិតនៅប្របក្បែរជើងភ្នំ (ជួរភ្នំដំរីរមៀល) ដោយក្នុងនោះក៏បានលើកឡើងបន្ថែមទៀតថា៖ “បរិយាកាសទីកន្លែងនេះ ស្ងប់ស្ងាត់ និង មានខ្យល់អាកាសបរិសុទ្ធ។”

Full report