ទួន សាមាន ៖ ជីវិតខ្ញុំ ត្រូវគេមកសុំប្តូរ ហើយទៅស្លាប់ជំនួសខ្ញុំរហូត
ខ្ញុំឈ្មោះ ទួន សាមាន អាយុ៧៧ឆ្នាំ រស់នៅភូមិមាត់ព្រៃ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ប្តីខ្ញុំឈ្មោះ ម៉ក សាម៉ន បានស្លាប់នៅឆ្នាំ១៩៨២។ ខ្ញុំមានកូនចំនួន៧នាក់ (ស្រី៤នាក់)។
នៅឆ្នាំ១៩៧០ ប្តីខ្ញុំត្រូវរដ្ឋាភិបាល លន់ នល់ ចាប់ឱ្យទៅធ្វើទាហាន រួចឱ្យគាត់ទៅរៀននៅឡាំសឺន ប្រទេសវៀតណាម រយៈពេលចំនួន២ទៅ៣ខែ។ លុះពេលគាត់ត្រឡប់មកវិញ រដ្ឋាភិបាល លន់ នល់ បានឱ្យប្តីខ្ញុំចូលទៅធ្វើទាហាននៅសាលាស្រុកបាភ្នំ។ ក្រោយមក មេបញ្ជាការបានបញ្ជូនប្តីខ្ញុំឱ្យទៅយាមគ្រាប់ធំៗ នៅបែកចាន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ហើយនៅពេលនោះ ដោយសារតែមានការទម្លាក់គ្រាប់បែកខ្លាំង ខ្ញុំបានសម្រេចចិត្តរត់ទៅតាមប្តីខ្ញុំ ដោយយកកូនប្រុសម្នាក់ទៅជាមួយ រីឯកូនស្រីម្នាក់ទៀតបានបែកពីខ្ញុំអំឡុងសង្គ្រាមទម្លាក់គ្រាប់បែកនោះនៅស្រុកកំណើត រហូតទាល់តែខ្មែរក្រហមដួលរលំទើបយើងបានជួបគ្នាវិញ។ ក្រោយពេលបែកទីក្រុងភ្នំពេញ ទាហានខ្មែរក្រហម បានជម្លៀសគ្រួសារខ្ញុំត្រឡប់មកស្រុកកំណើត ប៉ុន្តែនៅពេលនោះ ខ្ញុំត្រូវខ្មែរក្រហមជម្លៀសមកមុនប្តីខ្ញុំ ហើយប្តីខ្ញុំត្រូវខ្មែរក្រហមជម្លៀសមកតាមក្រោយ។ ខ្ញុំនិងប្តីបានជួបគ្នានៅខេត្តតាកែវ។ បន្ទាប់មក ដោយពុំដឹងថាត្រូវទៅណាបន្តទៀត ខ្ញុំនិងប្តីក៏សម្រេចចិត្តធ្វើដំណើរកាត់ស្រែកាត់ព្រៃ ចេញពីខេត្តតាកែវ មកកាន់ភូមិសៀម ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលជាស្រុកកំណើតរបស់ប្តីខ្ញុំ។ នៅពេលមកដល់ស្រុកកំណើតប្តី ខ្មែរក្រហម បានសួរនាំអំពីប្រវត្តិរូបពួកខ្ញុំ។ ប៉ុន្តែពួកខ្ញុំបានកុហកខ្មែរក្រហមថា ជាកសិករ និងជាជាងធ្វើផ្ទះ។ បើនិយាយពីប្តីរបស់ខ្ញុំ គាត់បានលាក់ពីប្រវត្តិរបស់គាត់បានជិតល្អណាស់។ គាត់បានទម្លាក់កាំភ្លើង និងបោះឯកសណ្ឋានជាទាហានចោល ហើយមកស្លៀកសម្លៀកបំពាក់ធម្មតាវិញ តាំងពីគាត់ត្រូវខ្មែរក្រហមរៀបនឹងជម្លៀសចេញពីទីក្រុងភ្នំពេញមកម្ល៉េះ។ លុះពេលមកដល់ស្រុកកំណើតខាងប្តី ដោយសារតែឃើញខ្ញុំ និងប្តីស្លៀកសម្លៀកបំពាក់ធម្មតា ហើយនៅលើស្មារបស់ប្តីខ្ញុំមានលីកាំបិតថែមទៀតនោះ ខ្មែរក្រហម ក៏ព្រមជឿជាក់ថាពួកខ្ញុំគឺជាកសិករ និងជាជាងធ្វើផ្ទះពិតប្រាដកមែន។ ម្យ៉ាងវិញទៀត អ្នកស្រុកភូមិបានស្គាល់ប្តីរបស់ខ្ញុំច្បាស់ណាស់ ហើយពួកគេពុំដឹងថាប្តីរបស់ខ្ញុំធ្លាប់បានចូលធ្វើជាទាហាន លន់ នល់ ពីមុនមកឡើយ។ ដូច្នេះហើយ ទើបខ្មែរក្រហម ពុំបានសួរនាំអ្វីមកកាន់ពួកខ្ញុំច្រើន។
រយៈពេលកន្លះខែទើបអង្គការចាត់តាំងឱ្យពួកខ្ញុំធ្វើការងារ ដោយប្តីខ្ញុំត្រូវអង្គការ ចាត់តាំងឱ្យនេសាទត្រី។ រីឯរូបខ្ញុំផ្ទាល់ ត្រូវអង្គការប្រើឱ្យស្ទូងដក ជីកប្រឡាយ និងលើកប្រព័ន្ធភ្លឺស្រែ។ ខ្ញុំចាំមិនភ្លេចទេ ព្រោះអង្គការបានប្រើខ្ញុំឱ្យធ្វើការរហូតដល់ថ្ងៃសម្រាលកូន។ ពេលនោះ អំឡុងពេលខ្ញុំកំពុងតែស្ទូងស្រូវ ខ្ញុំឈឺពោះខ្លាំងណាស់។ ដោយទ្រាំមិនបាន ខ្ញុំបានសុំអង្គការឡើងមកសម្រាក ហើយក៏ឈឺពោះឆ្លងទន្លេតែម្តង។ មិនយូរប៉ុន្មានត្រឹមតែកន្លះខែប៉ុណ្ណោះ អង្គការបានឱ្យខ្ញុំចូលទៅធ្វើការងារវិញ ទាំងដែលខ្ញុំនៅសរសៃខ្ចីនៅឡើយ។ ជាមួយគ្នានោះ ដោយសារតែការធ្វើការបាក់កម្លាំង បូករួមទាំងខ្ញុំហូបសម្លកកូរសត្វទាវ ក៏បណ្តាលឱ្យខ្ញុំទាស់សរសៃខ្ចី ក្តៅខ្លួនខ្លាំងរហូតដល់រឹងថ្គាម។ ប្តីខ្ញុំ បាននាំខ្ញុំទៅមន្ទីរពេទ្យ ច្រកស្វាយបាខៅ ភូមិព្រៃផ្តៅ ឃុំស្តៅកោង ស្រុកបាភ្នំ។ ខ្ញុំបានសម្រាកនៅមន្ទីពេទ្យ ចំនួនកន្លះខែ ដោយការព្យាបាលពុំជាសះស្បើយទាល់តែសោះ គ្រូពេទ្យ បានបញ្ជូនខ្ញុំត្រឡប់មកវិញ។ ប៉ុន្តែខ្ញុំស្រាប់តែមកជាសះស្បើយជាមួយនឹងការហូបថ្នាំខ្មែរទៅវិញ ដោយសារតែមានគ្រូខ្មែរម្នាក់ឈ្មោះ តាយី គាត់ចេះពីវិធីព្យាបាល ដោយការដុសថ្នាំឫសឈើឱ្យខ្ញុំផឹក ហើយត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះខ្ញុំក៏ជាសះស្បើយពីជំងឺ។ ចាប់តាំងពីពេលនោះមក ខ្ញុំលែងមានការទាស់សរសៃខ្ចីតទៅទៀត ហើយបានចេញមកធ្វើការជូនអង្គការដូចធម្មតាវិញ រហូតដល់អំឡុងពេលជិតបែក អង្គការបានស្រង់ឈ្មោះខ្ញុំ និងប្តីដោយមានបំណង ចង់បញ្ជូនខ្ញុំនិងប្តីទៅកាន់ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ប៉ុន្តែជាសំណាងល្អ ប្តីប្រពន្ធឈ្មោះ ចែម៉ៅ និង បងនៅ ដោយសារតែពួកគាត់ពុំទទួលបានអាហារហូបចុកគ្រប់គ្រាន់ ហើយចង់ផ្លាស់ប្តូរទីកន្លែង ដើម្បីទទួលបានអាហារហូបចុកគ្រប់គ្រាន់ជាងមុន ពួកគាត់ក៏មកសុំប្តូរឈ្មោះ ទៅជំនួសខ្ញុំ និងប្តីខ្ញុំវិញ។ ក្រោយមកខ្ញុំបានឮដំណឹងថា អ្នកដែលអង្គការបញ្ជូនទៅឃុំស្វាយភ្លោះនោះ បានលិចទូកនៅពាក់កណ្តាលផ្លូវ ស្លាប់មនុស្សអស់ជាច្រើននាក់ ។ ដូច្នេះជីវិតរបស់ខ្ញុំត្រូវគេមកសុំប្តូរ ហើយទៅស្លាប់ជំនួសខ្ញុំរហូត។ មិនតែប៉ុណ្ណោះក្រោយមកទៀត ខ្មែរក្រហមបម្រុងបញ្ជូនខ្ញុំទៅសម្លាប់នៅភ្នំកំប្លុក ឃុំឈើកាច់ ស្រុកបាភ្នំ ទៅហើយ ប៉ុន្តែសាច់ញាតិរបស់ខ្ញុំរួមមាន ពូថន ចែអ៊ីម(បងជីដូនមួយ) និងកូន ចែអ៊ីម សរុបចំនួន៣នាក់ បានសុំប្តូរឈ្មោះទៅជំនួសខ្ញុំម្តងទៀត ដោយសារតែគាត់ចង់ទៅរស់នៅកន្លែងថ្មី។ ប៉ុន្តែជាអកុសល សាច់ញាតិខ្ញុំទាំង៣នាក់នេះ ត្រូវខ្មែរក្រហមសម្លាប់នៅភ្នំកំប្លុកនោះ។ ចំពោះខ្ញុំនៅពេលដែលខ្មែរក្រហមបញ្ជូនឱ្យទៅកន្លែងនេះ ឬកន្លែងនោះ ខ្ញុំពុំដែលជ្រួលជ្រើមនឹងគេឡើយ។ ខ្ញុំគឺជាមនុស្សដែលតស៊ូ និងប្រឹងប្រែងណាស់ ទោះបីជារស់នៅកន្លែងណា ក៏ខ្ញុំអាចរស់នៅបានដែរ។
ដោយ៖ ថុន ស្រីពេជ្រ
https://photos.app.goo.gl/mnhdE2RzVErRghcm7