នេត យាន ៖ ខ្មែរក្រហម មានគំនុំគុំកួននឹងខ្ញុំ ទើបយកប្តីខ្ញុំទៅសម្លាប់
ខ្ញុំឈ្មោះ នេត យាន អាយុ៧៤ឆ្នាំ។ ខ្ញុំរស់នៅភូមិមាត់ព្រៃ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។ សព្វថ្ងៃខ្ញុំជាស្ត្រីមេម៉ាយ។ អតីតប្តីខ្ញុំឈ្មោះ ឈើយ ឆយ បានស្លាប់តាំងពីសម័យខ្មែរក្រហម ដោយសារអង្គការយកទៅសម្លាប់។ ខ្ញុំមានកូនចំនួន៥នាក់។ នៅក្នុងរបបខ្មែរក្រហមទាំងមូល ខ្ញុំបានបាត់បង់សមាជិកគ្រួសារចំនួន៥នាក់រួមមាន ប្តី, បងប្រុស, ប្អូនប្រុស, ឪពុកក្មេក និងប្អូនថ្លៃ។
កាលពីសម័យ លន់ នល់ ក្នុងសង្គ្រាមទម្លាក់គ្រាប់បែក គ្រួសាររបស់ខ្ញុំទាំងអស់ បានទៅរស់នៅភូមិកែងស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ។
នៅពេលរបបខ្មែរក្រហមចូលមកដល់ គ្រួសាររបស់ខ្ញុំ បន្តរស់នៅភូមិកែងស្នេហ៍ដដែល ប៉ុន្តែខ្ញុំត្រូវអង្គការចាត់តាំងឱ្យធ្វើការងារស្ទូងដក ធ្វើចុងភៅ បុកអង្ករ ដកដំឡូង និងធ្វើជីលាមក។ បើនិយាយពីការងារស្ទូងដកនៅពេលនោះ គឺស្ទូងនៅក្នុងទឹកជ្រៅដែលជាហេតុធ្វើឱ្យខ្ញុំមានការលំបាកនៅក្នុងការស្ទូង ព្រោះត្រូវដោតសន្ទូងរហូតដល់ទឹកលិចដល់ច្រមុះ។ លើសពីនេះនៅក្នុងទឹកនោះ មានឈ្លើងច្រើនណាស់ ហើយខ្ញុំស្លៀកតែសារុងទៅស្ទូងទេ ពុំមានខោស្លៀកដូចអ្នកផ្សេងឡើយ។ ដូច្នេះ ខ្ញុំចេះតែខ្លាចឈ្លើង ចូលមកទាមជើងខ្ញុំ។ បន្ទាប់មកទៀត ខ្ញុំត្រូវអង្គការផ្លាស់ប្តូរការងារខ្ញុំឱ្យមកធ្វើជាចុងភៅវិញ។ ប៉ុន្តែមិនយូរប៉ុន្មាន ខ្ញុំត្រូវអង្គការបញ្ជូនឱ្យទៅស្ទូងដកវិញទៀត។ មានពេលមួយ នៅពេលងើបពីស្ទូងឡើងមកហូបបាយ ដោយសារតែឃើញប្តីធ្វើការងារធ្ងន់ និងហូបពុំបានគ្រប់គ្រាន់ ខ្ញុំក៏លៃលក ទុកចំណែកខ្លួនឯងទៅឱ្យប្តីហូបខ្លះ។ ឃើញដូច្នេះ ប្រធានសហករណ៍ឈ្មោះតា ឡេង បានហៅខ្ញុំទៅអប់រំកសាង នៅកន្លែងផ្ទះបាយ ដោយគាត់បានស្តីបន្ទោសខ្ញុំថា «ខ្លួនឯងមិនហូបទេ ប៉ុន្តែទុកឱ្យប្តី» ខ្ញុំក៏និយាយថា «ដោយសារតែខ្ញុំហូបមិនអស់ ទើបយកឱ្យប្តីហូបខ្លះ»។ បន្ទាប់មក ប្រធានសហករណ៍ក៏ដើរចេញទៅ។ ផុតពីនោះ ខ្ញុំបានទាស់សម្តីជាមួយប្រធានសហករណ៍ឈ្មោះតា ឡេង ម្តងទៀត ហើយរឿងនេះខ្ញុំនៅចងចាំមិនភ្លេចនោះទេ ព្រោះនៅពេលនោះ កូនខ្ញុំឈឺរាគរូស អស់កម្លាំង និងឃ្លានជាខ្លាំង។ ខ្ញុំបានទៅសុំបបរ និងអំបិលយកមកឱ្យកូនហូប ហើយចុងភៅ និងប្រធានសហករណ៍ពុំព្រមឯកភាពនឹងសំណើររបស់ខ្ញុំឡើយ ដោយនិយាយថាធ្វើយ៉ាងម៉េចបានក៏ធ្វើទៅចុះ។ ខណៈនោះ នៅពេលខ្ញុំទៅលើករងដំឡូង និងដកដំឡូង ខ្ញុំក៏លួចដកដំឡូងចំនួន៣ទៅ៤មើមយកមកស្ងោរឱ្យកូនហូបគ្រាន់មានកម្លាំង។ នៅពេលដែលអង្គការដឹងរឿងទាំងអស់នេះ លុះស្អែកឡើងប្រធានសហករណ៍បានហៅខ្ញុំឱ្យទៅប្រជុំអប់រំកសាងម្តងទៀត ប៉ុន្តែនៅពេលនោះ មានមនុស្សទៅចូលរួមប្រជុំនៅទីនោះច្រើនណាស់។ ចំណែកខ្ញុំ ដោយសារតែកូនឈឺ ដូច្នេះ ខ្ញុំពុំខ្លាចអ្វីទៀតឡើយ។ បន្ទាប់ពីប្រធានសហករណ៍បានទិតៀនខ្ញុំ គឺខ្ញុំបានតមាត់ទៅកាន់ប្រធានសហករណ៍វិញថា៖« ឥឡូវខ្ញុំសួរទៅពូ និងបងប្អូនទាំងអស់គ្នា តើបង្កើតកូនមកចិញ្ចឹមធ្វើអ្វី បើពេលកូនឈឺមិនមើលថែកូន ហើយពេលកូនឃ្លាន មិនរកអាហារឱ្យកូនហូប?» ប្រធានសហករណ៍និយាយថា៖ «មិត្តនេះ តមាត់ណាស់» ខ្ញុំក៏និយាយវិញថា«ខ្ញុំអត់តមាត់ទេ ប៉ុន្តែខ្ញុំសុំទោស ខ្ញុំគ្រាន់តែចង់ឱ្យអ្នកទាំងអស់គ្នាបានដឹង និងឃើញថា តើបង្កើតកូនមកធ្វើអ្វី បើកូនឈឺ ហើយមិនមើលថែកូនផងនោះ?» លុះខ្ញុំនិយាយរួច ប្រធានសហករណ៍ក៏បាត់មាត់ឈឹង ហើយចាប់ផ្តើម មានគំនុំគួននឹងខ្ញុំរហូតមក។ ក្រោយមក គាត់បែរជាយកប្តីខ្ញុំទៅសម្លាប់ទៅវិញ ដោយកុហកខ្ញុំថា យកប្តីខ្ញុំឱ្យទៅធ្វើស្រែ៦តោន។ ប៉ុន្តែជាការពិត គឺគាត់បានយកប្តីខ្ញុំទៅសម្លាប់នៅស្រះក្រោយផ្ទះឪពុកក្មេកខ្ញុំ។ ចំណែកខ្ញុំពុំដឹងរឿងរ៉ាវទាំងអស់នេះឡើយ ទាល់តែមានគេយករឿងរ៉ាវទាំងអស់នេះមកនិយាយប្រាប់ខ្ញុំ ទើបខ្ញុំដឹងរឿងទាំងអស់នេះ។ បន្តមកទៀត ក្រោយពីប្តីខ្ញុំបានស្លាប់ទៅ ហើយនៅពេលអង្គការប្រើខ្ញុំឱ្យទៅធ្វើជីលាមក គឺខ្ញុំចាប់ផ្តើមឈឺភ្នែកធ្វើការលែងកើតតែម្តង។ បន្ទាប់មក អង្គការបានបញ្ជូនខ្ញុំឱ្យទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ សោភឹម ឈ្មោះមន្ទីរពេទ្យ ព២។ លុះពេលគ្រូពេទ្យពិនិត្យមើលទៅ គេនិយាយថាភ្នែករបស់ខ្ញុំមានដុះសាច់។ ពេលនោះខ្ញុំភ័យខ្លាំងណាស់។ ខ្ញុំចេះតែតឿនគ្រូពេទ្យឱ្យជួយវះកាត់ភ្នែកឱ្យខ្ញុំផង។ រីឯគ្រូពេទ្យ បានមើលថែខ្ញុំដិតដល់ដែរ។ បន្ទាប់ពីវះកាត់រួចគ្រូពេទ្យបានមកមើលខ្ញុំមួយថ្ងៃចំនួន៣ដង ដោយចាក់ថ្នាំឱ្យខ្ញុំផង និងឱ្យថ្នាំខ្ញុំលេបផង។ ប៉ុន្តែទោះបីជាយ៉ាងណា ថ្នាំទាំងអស់នោះ ពុំមានប្រសិទ្ធភាពឱ្យខ្ញុំបានជាសះស្បើយឆាប់រហ័សឡើយ។ ខ្ញុំបានសម្រាកព្យាបាលភ្នែកនៅមន្ទីរពេទ្យព២ រយៈពេល១ឆ្នាំពេញឯណោះ។
នៅចុងឆ្នាំ១៩៧៨ បន្ទាប់ពីបែកព្រឹត្តិការណ៍សោភឹម អង្គការបានប្រមូលអ្នកជំងឺដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព២ ទាំងអស់ ដាក់តាមឡាន និងបញ្ជូនមកទម្លាក់នៅភូមិកណ្តាច់ ឃុំចុងអំពិល ស្រុកកញ្ជៀច ខេត្តព្រៃវែង។ ចំណែកខ្ញុំបានសម្រាកនៅទីនោះ ក្រោមផ្ទះដែលគ្មានមនុស្សរស់នៅរយៈពេល១យប់ ទើបរកផ្លូវត្រឡប់មកផ្ទះវិញ។ ប៉ុន្តែនៅពេលនោះ ដោយសារតែភ្នែកខ្ញុំម្ខាងនៅហើម និងនៅឈឺខ្លាំង ទើបខ្ញុំមកសម្រាកព្យាបាលនៅមន្ទីរពេទ្យឃុំឈើកាច់ ស្រុកបាភ្នំ រយៈពេល១ខែទៀត។ ទៅដល់ទីនោះ ទោះបីជាខ្ញុំលេបថ្នាំអ្វី ក៏នៅតែពុំអាចព្យាបាលជំងឺភ្នែកខ្ញុំឱ្យជាសះស្បើយឡើយ ប៉ុន្តែមានអ្នកគ្រូពេទ្យចិត្តល្អម្នាក់ បានប្រាប់ខ្ញុំឱ្យផ្សំថ្នាំខ្មែរផឹក ដោយយករុក្ខជាតិប្រមោយដំរី និងបាយដំណើបខ្មៅ យកមកហាលទឹកសន្សើមដាំទឹកផឹក ទើបខ្ញុំបានជាសះស្បើយដោយសារតែថ្នាំខ្មែរទាំងអស់នេះវិញ។
លុះពេលខ្ញុំបានជាសះស្បើយចេញពីមន្ទីរពេទ្យ ខ្ញុំបានរត់មករកពុកម៉ែ និងកូនរបស់ខ្ញុំភ្លាម។ ប៉ុន្តែគឺស្របពេលដែល ខ្មែរក្រហមបានប្រមូលប្រជាជនមួយឃុំ ទៅកាន់ភ្នំកំប្លុក ល្មម ហើយក្នុងនោះខ្មែរក្រហមក៏ប្រមូលខ្ញុំ និងគ្រួសារខ្ញុំទៅដែរ។ ពេលនោះ ខ្ញុំស្ទើរតែត្រូវខ្មែរក្រហមវាយទម្លាក់ចូលទៅក្នុងរណ្តៅហើយ ព្រោះខ្ញុំបានដើរនៅខាងមុខគេ ប៉ុន្តែចៃដន្យអ្វីស្រាប់តែកងទ័ពរណសិរ្យសាមគ្គីសង្គ្រោះកម្ពុជា សហការជាមួយកងទ័ពវៀតណាម បានផ្លោងគ្រាប់ចូលមកទាន់ ទើបនាំគ្នារត់បែកសាយជ្រួលច្របល់អស់។ រីឯខ្មែរក្រហម បានព្យាយាមជម្លៀសប្រជាជនបន្ត បម្រុងបញ្ជូនប្រជាជនទាំងអស់ទៅកាន់ទិសខាងលិចទៀត។ រហូតទៅដល់ភូមិស្វាយ៣០ ឃុំជើងភ្នំ ស្រុកបាភ្នំ ដោយសារតែគ្រាប់ផ្លោងបានធ្លាក់មកច្រើន ខ្ញុំនិងក្រុមគ្រួសារបាននាំគ្នា ទៅក្រាបក្នុងទឹកដើម្បីគេចពីគ្រាប់ផ្លោង។ ចំណែកកូនខ្ញុំ បានឈ្លក់ទឹកស្ទើរតែដាច់ខ្យល់ទៅហើយ។ លុះពេលខ្ញុំងើបពីទឹកឡើង ខ្ញុំឃើញខ្មែរក្រហមបររថក្រោះ មកជម្លៀសប្រជាជននិងស្រែកប្រាប់ឱ្យប្រជាជនទៅឱ្យលឿនទៀត។ ឃើញដូច្នេះ ក្រុមគ្រួសាររបស់ខ្ញុំ ក៏ប្រញាប់ដើរទៅឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ទៅដល់ស្ពានមួយ គឺមានមនុស្សនៅលើស្ពាននោះច្រើនណាស់។ ជាសំណាងដែលគ្រួសារខ្ញុំបានចេញផុតពីស្ពាននោះទាន់ ព្រោះអ្នកដែលរត់មិនទាន់ ត្រូវខ្មែរក្រហម បររថក្រោះកិនពីលើ ដាច់ដៃ ដាច់ជើងគួរឱ្យអាណោចអាធ័មជាទីបំផុត។ លុះពេលក្រុមគ្រួសារខ្ញុំធ្វើដំណើរទៅដល់ ឃុំអ្នកលឿង ស្រុកពាមរក៍ ក៏មានការផ្ទុះគ្រាប់នៅឃុំអ្នកលឿងទៀត ហើយនៅពេលនោះខ្ញុំភ័យញ័រអស់ហើយ។ ខ្ញុំបានក្រាបពីលើកូនភ្លាមៗ ព្រោះខ្លាចកូនមានគ្រោះថ្នាក់។ បន្ទាប់ពីមានការផ្ទុះគ្រាប់នៅឃុំអ្នកលឿង ស្ថានភាពហាក់ដូចជាបានស្ងប់ស្ងាត់ទៅវិញ។ ខ្ញុំនិងគ្រួសារបានសម្រាកនៅឃុំអ្នកលឿងចំនួន១យប់ ទើបធ្វើដំណើរមកកាន់ភូមិមាត់ព្រៃ ដែលជាភូមិកំណើតវិញ។
ក្រោយរបបខ្មែរក្រហមដួលរលំទៅ ខ្ញុំពិតជាចង់ទៅស្វែងរកអ្នកដែលបានសម្លាប់ប្តីខ្ញុំ និងបងប្អូនខ្ញុំណាស់។ ខ្ញុំចង់សងសឹងនឹងពួកគេវិញ ព្រោះតែខ្ញុំខឹងនឹងពួកគេខ្លាំងពេក។ ប៉ុន្តែដោយសារតែខ្ញុំជាមនុស្សស្រីមិនអាចទៅធ្វើអ្វីគេបាន ទើបបានត្រឹមតែលាក់ទុកក្នុងចិត្តរហូតមកដល់សព្វថ្ងៃនេះ។
ដោយ៖ ថុន ស្រីពេជ្រ
https://photos.app.goo.gl/U4uBgcmSsKr2c4ez8