សារមន្ទីរផ្ទះតាម៉ុក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦
មហាសាមគ្គីភាព និងការរំលឹកប្រវត្តិសាស្ត្រ៖ ព្រះសង្ឃ និងពុទ្ធបរិស័ទធ្វើដំណើរមកពីស្រុកឆែប ខេត្តព្រះវិហារ នាំយកនំអន្សមឧបត្ថម្ភកងទ័ពជួរមុខ និងនិមន្ត/ចូលទស្សនាសារមន្ទីរផ្ទះតាម៉ុក ស្រុកអន្លង់វែង
នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ រូបភាពនៃស្មារតីសាមគ្គីភាពដ៏កក់ក្តៅរវាងពុទ្ធចក្រ និងអាណាចក្រ ព្រមទាំងរវាងសមរភូមិក្រោយ និងសមរភូមិមុខ ត្រូវបានស្តែងឡើងយ៉ាងគួរឱ្យជ្រះថ្លាបំផុត។ ព្រះសង្ឃគ្រប់ព្រះអង្គ រួមជាមួយក្រុមភ្ញៀវទេសចរ និងបងប្អូនប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ដែលបានធ្វើដំណើរមកពីស្រុកឆែប ខេត្តព្រះវិហារ បានរួមគ្នារៀបចំដង្ហែទឹកចិត្តសប្បុរសធម៌ នាំយកនូវនំចំណី ផ្លែឈើ ជាពិសេសគឺនំអន្សមខ្មែរដែលជាតំណាងឱ្យក្តីស្រឡាញ់និងការនឹករលឹក ដើម្បីទៅសួរសុខទុក្ខ និងឧបត្ថម្ភជូនដល់បងប្អូនកងទ័ព ដែលកំពុងឈរជើងបំពេញភារកិច្ចការពារទឹកដីយ៉ាងអង់អាចនៅតាមខ្សែបន្ទាត់ព្រំដែន។
ក្រោយពីបានបញ្ចប់សកម្មភាពមនុស្សធម៌ ក្នុងការចែករំលែកសេចក្តីសុខ និងផ្តល់កម្លាំងចិត្តដល់យុទ្ធជនជួរមុខរួចរាល់មក ព្រះសង្ឃ និងក្រុមអ្នកទេសចរស្ម័គ្រចិត្តមកពីស្រុកឆែបទាំងអស់ ក៏បានបន្តដំណើរវិលត្រឡប់មកសម្រាកកាយ និងបាននិមន្ត/ចូលទស្សនា សារមន្ទីរប្រវត្តិសាស្ត្រផ្ទះតាម៉ុក (ឬផ្ទះអតីតមេដឹកនាំខ្មែរក្រហម តាម៉ុក) ដែលស្ថិតនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ការឈានជើងចូលមកដល់ទីតាំងប្រវត្តិសាស្ត្រនេះ មិនត្រឹមតែជាការទស្សនាកម្សាន្តនោះទេ ប៉ុន្តែវាគឺជាឱកាសដ៏វិសេសវិសាលសម្រាប់ព្រះសង្ឃ និងប្រជាពលរដ្ឋ ក្នុងការសិក្សាស្វែងយល់បន្ថែមឱ្យកាន់តែច្បាស់លាស់ អំពីស្លាកស្នាមប្រវត្តិសាស្ត្រដ៏ជូរចត់ និងដំណើរស្វែងរកសន្តិភាពរបស់កម្ពុជា។ នៅក្នុងបរិវេណផ្ទះតាម៉ុក ដែលហ៊ុំព័ទ្ធទៅដោយដើមឈើធំៗ និងជាប់នឹងផ្ទៃទឹកបឹងដ៏ធំល្វឹងល្វើយ ព្រះសង្ឃ និងភ្ញៀវទេសចរបានដើរទស្សនានូវសំណង់អគារបេតុងរឹងមាំ ផ្ទាំងគំនូរលើជញ្ជាំងដែលបង្ហាញពីផែនទី ទេសភាពប្រាសាទបុរាណ និងរូបភាពប្រវត្តិសាស្ត្រនានា ក៏ដូចជាសម្ភារៈប្រើប្រាស់មួយចំនួនដែលនៅសេសសល់ពីអតីតកាល ដោយក្តីសង្វេគ និងរំលឹកដល់ដានប្រវត្តិសាស្ត្រ។
តំណាងឱ្យបងប្អូនអ្នកធ្វើដំណើរ បានលើកឡើងទាំងស្នាមញញឹមថា៖ «ការធ្វើដំណើរថ្ងៃនេះ គឺពោរពេញដោយសិរីសួស្តី និងមានន័យណាស់ ព្រោះយើងមានព្រះសង្ឃនិមន្តមកជាមួយផង។ ទីមួយ យើងបាននាំយកនំអន្សម និងនំចំណីទៅប្រគល់ជូនវីរកងទ័ពជួរមុខ ដើម្បីដឹងគុណដល់ការលះបង់របស់ពួកគាត់។ ទីពីរ ពេលបានមកដល់ផ្ទះតាម៉ុកនេះ ទាំងព្រះសង្ឃទាំងគ្រហស្ថ ហាក់បីដូចជាបានឆ្លុះកញ្ចក់មើលអតីតកាល និងកាន់តែយល់ច្បាស់ពីតម្លៃនៃសន្តិភាព ដែលយុទ្ធជនយើងបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារ»។
ដំណើរទស្សនកិច្ចរួមគ្នារវាងការធ្វើសប្បុរសធម៌ជូនកងទ័ព និងការទស្សនាទីតាំងប្រវត្តិសាស្ត្ររបស់ព្រះសង្ឃ និងប្រជាពលរដ្ឋស្រុកឆែបនៅថ្ងៃនេះ បានបន្សល់ទុកនូវទិដ្ឋភាពដយ៉ាងវិសេសវិសាល បង្ហាញពីសាមគ្គីភាពរឹងមាំដែលមិនអាចបំបែកបាន និងការដឹងគុណចំពោះសន្តិភាព ស្ថិរភាព ដែលកំពុងគ្របដណ្តប់លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាទាំងមូល៕
https://photos.app.goo.gl/PmY9h81oqNqaLqxeA