វេទិកាថ្នាក់រៀន៖ ស្ដីពីព្រឹត្តិការណ៍ជម្លៀសក្នុងរបបខ្មែរក្រហម
កាលបរិច្ឆេទ៖ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦
ទីតាំង៖ ការិយាល័យ សាខាមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្ត តាកែវ
របាយការណ៍ដោយ៖ ជីម សុខគា
ចំណាប់អារម្មណ៍សិស្ស និងរូបថតដោយ៖ ជីម សុខគា
I សេចក្ដីសង្ខេប
នៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ខាសាមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្ត តាកែវ បានរៀបចំវេទិកាថ្នាក់រៀនមួយជាមួយសិស្សថ្នាក់ទី១១ មកពីវិទ្យាល័យជាស៊ីមតាកែវ ចំនួន ៦នាក់ (ស្រី៤នាក់ និង ២ប្រុសនាក់)។ សិស្សទាំងអស់ បានសិក្សាស្វែងយល់បន្ថែមពីមាតិកាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ដោយផ្តោតសំខាន់លើការពិភាក្សាពីព្រឹត្តិការណ៍ជម្លៀសក្នុងរបបខ្មែរក្រហម។ សិស្សក៏មានឱកាសក្នុងការពង្រឹងសមត្ថភាពតាមរយៈការបង្កើតវេទិកាពិភាក្សា និងដោះស្រាយចម្ងល់ផ្សេងៗដែលខ្លួនចង់ដឹងនាពេលកន្លងមក។
II គោលបំណង
វេទិកានេះមានគោលបំណងដូចតទៅ៖
– លើកកម្ពស់ការយល់ដឹងរបស់សិស្សពីប្រវត្តិសាស្ត្រខ្មែរក្រហម ផ្ដោតលើព្រឹត្តិការណ៍ជម្លៀសរបស់ខ្មែរក្រហម និងទុក្ខលំបាករបស់ប្រជាជនក្នុងពេលជម្លៀស។
– ជំរុញសិស្សឱ្យបង្កើតការពិភាក្សា និងដោះស្រាយពីចម្ងល់ពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រខ្មែរក្រហម។
– លើកទឹកចិត្តសិស្សឱ្យមានចិត្តអាណិតអាសូរចំពោះអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងចងចាំពីប្រវត្តិសាស្ត្រនេះ។
III ដំណើរការសកម្មភាព
វេទិកានេះ បានដំណើរការតាមលំដាប់លំដោយដូចខាងក្រោម៖
១) មុនពេលចាប់ផ្ដើមមេរៀន៖ សុខគា បានពិភាក្សាជាមួយសិស្សពីប្រវត្តិសាស្ត្រខ្មែរក្រហមត្រួសៗ និងសួរសំណួរទៅកាន់សិស្សដើម្បីចង់ដឹងពីគោលបំណងជាក់លាក់របស់សិស្សពីសកម្មភាពនៅក្នុងថ្ងៃនេះ។ សំណួរ៖ តើថ្ងៃនេះ គ្នាយើងចង់ស្វែងយល់ពីព្រឹត្តិការណ៍ជាក់លាក់ដែលបានកើតមាននៅក្នុងរបបខ្មែរក្រហមអ្វីខ្លះ? សុខគា ផ្តល់ដល់សិស្សរយៈពេល ៥នាទី សម្រាប់ការគិតពិចារណាអំពីសំណួរនេះ។
២) បទបង្ហាញ៖ បន្ទាប់ពីបានចម្លើយឯកភាពគ្នាពីសិស្សរួច សុខគា បានចំណាយពេល ២០នាទី ធ្វើបទបង្ហាញដល់សិស្សត្រួសៗ អំពីមេរៀនមួយនៅក្នុងជំពូកទី៣ ការឡើងកាន់អំណាចរបស់ខ្មែរក្រហម៖ ការជម្លៀសប្រជាជនចេញពីទីក្រុង, ការជម្លៀសដោយបង្ខំ និងការសម្លាប់រង្គាលនៅទួលពោធិ៍ជ្រៃ ។
៣) សកម្មភាពសិស្សអានសៀវភៅ៖ ដើម្បីឱ្យសិស្សកាន់តែឆាប់យល់ សុខគា បានចែកសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យឱ្យសិស្សអាន។ សិស្សម្នាក់ៗបានចំណាយពេល ២៥នាទី សម្រាប់អានសៀវភៅនៅក្នុងមេរៀនជំពូកទី៣។
៤) សកម្មភាពសិស្សពិភាក្សាសំណួរជាក្រុម៖ សុខគា បានណែនាំសិស្សឱ្យពិភាក្សាការងារក្រុម ដោយបែងចែកមួយក្រុមមានសមាជិកបីនាក់។ ក្រុមនីមួយៗមានរយៈពេល ៣៥នាទី សម្រាប់ការឆ្លើយសំណួរដូចតទៅនេះ៖
ក្រុមទី១៖
១) ចូរឱ្យនិយមន័យនៃការម្លៀសប្រជាជនដោយបង្ខំ?
២) តើដំណាក់កាលចម្បង ៣ នៃការជម្លៀសដោយបង្ខំនៅក្រោមរបបខ្មែរក្រហមមានអ្វីខ្លះ?
៣) តើខ្មែរក្រហមបានប្រើប្រាស់មូលហេតុអ្វីខ្លះ ដើម្បីជម្លៀសប្រជាជន?
ក្រុមទី២៖
១) តើជាទូទៅប្រជាជនត្រូវបានជម្លៀសដោយបង្ខំទៅកាន់ទីកន្លែងណាខ្លះ?
២) មុនពេលជម្លៀស តើខ្មែរក្រហមបានផ្ដល់ដំណឹងដល់ប្រជាជនទុកមុនដែរឬទេ?
៣) អំឡុងពេលជម្លៀស តើប្រជាជនណាខ្លះដែលស្លាប់ច្រើនជាងគេ?
៥) សកម្មភាពសិស្សធ្វើបង្ហាញតាមក្រុម៖ បន្ទាប់ពី ពិភាក្សាចប់ ក្រុមនីមួយៗមានរយៈ ១៥នាទី សម្រាប់ការធ្វើបទបង្ហាញ៖ ខាងក្រោមនេះ គឺជាចម្លើយរបស់សិស្សទាំងពីរក្រុម រួមមានដូចខាងក្រោម៖
ក្រុមទី១៖
១) ការជម្លៀសដោយបង្ខំ គឺខ្មែរក្រហមបានប្រព្រឹត្តអំពើមកលើប្រជាជន ដែលចាត់ទុកបានថា ជាវិនាសកម្ម និងជាការចាប់ផ្ដើមនៃរបបផ្ដាច់ការថ្មីមួយសម្រាប់ប្រជាជនកម្ពុជាយើង។ ប្រជាជនទាំងអស់ត្រូវបានខ្មែរក្រហមជម្លៀសទាំងបង្ខំចេញពីផ្ទះសម្បែងឱ្យទៅរស់នៅតំបន់ឆ្ងាយៗ ឬនៅតាមទីជនបទជាដើម។ ២) ខ្មែរក្រហមបានជម្លៀសប្រជាជនតាម ៣ដំណាក់កាលរួមមានដូចតទៅនេះ៖ ការជម្លៀសលើក១ ចាប់តាំងពីថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជនឱ្យចាកចេញពីក្រុងភ្នំពេញ និងទីប្រជុំជន ហើយឱ្យទៅរស់នៅតាមបណ្ដាខេត្តនានា ឬទីជនបទ។ ការជម្លៀសលើកទី២ ចាប់តាំងពីចុងឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៧ ខ្មែរក្រហមបានម្លៀសប្រជាជនក្នុងភូមិភាគកណ្ដាល ភូមិភាគនិរតី ដោយជម្លៀសតាមរថភ្លើង។ និងការជម្លៀសលើកទី៣ នៅចុងឆ្នាំ១៩៧៧ ដល់១៩៧៨ ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីភូមិភាគបូព៌ា។ ទី៣) ខ្មែរក្រហមបានប្រើប្រាស់មូលហេតុមួយចំនួន ដើម្បីបោកបញ្ឆោតឱ្យប្រជាជនចេញពីផ្ទះសម្បែងដោយយកលេសថា ខ្លាចអាមេរិកនឹងមកទម្លាក់គ្រាប់បែកក្នុងទីក្រុងភ្នំពេញ, ខ្វះខាតសម្ភារៈ ឬមធ្យោបាយសម្រាប់ដឹកជញ្ជូនស្បៀងអាហារមកកាន់ទីក្រុងភ្នំពេញ និងចុងក្រោយ បោសសម្អាតកងកម្លាំងសត្រូវឱ្យអស់ពីទីក្រុងភ្នំពេញ។
ក្រុមទី២៖
១) ខ្មែរក្រហមបានជម្លៀសប្រជាជនដោយបង្ខំ ចេញពីទីក្រុងភ្នំពេញ ឱ្យទៅរស់នៅទីជនបទ ឬតំបន់ដាច់ស្រយាល ពីខេត្តមួយទៅខេត្តមួយផ្សេងទៀត។ ២) មុនពេលជម្លៀសខ្មែរក្រហម ពុំបានផ្ដល់ដំណឹងដល់ប្រជាជនទុកជាមុនឡើយ គឺជម្លៀសទាំងបង្ខំតែម្ដង។ ៣) អំឡុងពេលជម្លៀសប្រជាជនដែលស្លាប់ច្រើនជាងគេ គឺអ្នកជំងឺដែលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ, កុមារ, ស្ត្រីមានផ្ទៃពោះ, ស្ត្រីដែលទើបតែសម្រាលកូនរួចហើយ, ចាស់ជរា និងមួយចំនួនទៀតរួមមានក្រុមទាហាន លន់ នល់ និងអ្នកដែលមានចំណេះដឹង។ បន្ទាប់ពី សិស្សបញ្ចប់ការធ្វើបទង្ហាញតាមក្រុមរួចរាល់ហើយ សុខគា បានបង្ហាញចម្លើយតាមរយៈការចាក់បញ្ចាំងស្លាយ និងពន្យល់ដល់សិស្សឱ្យកាន់តែយល់ច្បាស់ពីចម្លើយរបស់ក្រុមនីមួយៗ។
ជាលទ្ធផល
ការពិភាក្សាអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ រយៈពេលមួយព្រឹកនេះ ធ្វើឱ្យសិស្សបានដឹងពីព្រឹត្តិការណ៍នៃការជម្លៀសរបស់ខ្មែរក្រហម ហើយសិស្សថែមទាំងយល់ដឹងពីសោកនាដកម្ម រួមទាំងការសម្លាប់រង្គាលក្នុងរបបនោះដែរ។ ចុងបញ្ចប់ សិស្សទាំងអស់បានប្ដេជ្ញាយ៉ាងមុតមាំថា ត្រូវតែរួបរួមសាមគ្គីគ្នាទប់ស្កាត់អំពើហិង្សា ដែលឈានដល់ការកកើតមាននៃអំពើប្រល័យពូជសាសន៍។ ខាងក្រោមនេះ គឺជាចំណាប់អារម្មណ៍សិស្ស៖
https://photos.app.goo.gl/7q8dpxCEyPh9iUUC7