Home / Post

Bak Nim Community Healing Center: រឿងរ៉ាវអ្នករស់រានមានជីវិតរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន

លោកយាយ ឃុត ងន អាយុ៨០ឆ្នាំ នៅភូមិបាក់នឹមឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។
នៅក្នុងខ្ទមមួយក្បែរជើងភ្នំ លោកយាយម្នាក់កំពុងអង្គុយនៅលើអង្រឹងក្រោមផ្ទះ។ នៅពេលនោះ លោកយាយ បាននិយាយមកកាន់ក្រុមការងារមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹមថា៖ «យាយងងឹតភ្នែកទាំងសងខាងមើលអ្វីមិនឃើញ ចៅចូលមកអង្គុយលេងលើគ្រែសិនមក។ ខ្ញុំឈ្មោះ ឃុត ងន អាយុ៨០ឆ្នាំ មានទីកន្លែងកំណើតនៅភូមិព្រៃស្បូវ ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្ននេះ ខ្ញុំរស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំជាកូនទី១ក្នុងចំណោមបងប្អូនបង្កើត១០នាក់។ សព្វថ្ងៃនេះ នៅសល់តែបងប្អូន៤នាក់ ដែលនៅរស់រានមានជីវិត។ ខ្ញុំបានរៀបអាពាហ៍ពិពាហ៍ក្នុងរបបសង្គមរាស្រ្តនិយម។

ក្នុងឆ្នាំ១៩៧៥ ខ្ញុំមានអាយុប្រហែល៣០ឆ្នាំ។ ពេលនោះ ខ្មែរក្រហមបានចូលមកដល់ភូមិស្រុករបស់ខ្ញុំ ដោយបានជម្លៀសប្រជាជនចេញពីភូមិស្រុក។ ខ្មែរក្រហម បានជម្លៀសខ្ញុំនិងក្រុមគ្រួសារទៅរស់នៅនិងធ្វើការនៅកន្លែងផ្សេងៗពីគ្នា។ ខ្ញុំត្រូវខ្មែរក្រហមចាត់ឲ្យដាំស្លរនៅរោងបាយសហករណ៍របបអាហារហូបចុកមិនគ្រប់គ្រាន់នោះទេ។ របបអង្ករដែលខ្មែរក្រហមកំណត់ឲ្យដាំស្ល ប្រជាជនហូបមិនគ្រប់នោះទេ ដោយសារឃើញក្រុមកងចល័តធ្វើការងារបាក់កម្លាំង និងមិនមានបាយហូបគ្រប់គ្រាន់ ខ្ញុំលួចវាល់អង្ករលើសចំនួនដែលថ្នាក់លើបែងចែកឲ្យ យកមកដាំបាយបន្ថែម ដើម្បីឲ្យប្រជាជនបានហូបគ្រប់។ នៅក្នុងមួយថ្ងៃ២ពេល ពេលព្រឹកជួនកាលបបរស ជួនកាលបាយជាមួយអំបិល។ ពេលនោះ ខ្ញុំអាណិតប្រជាជនដែលកំពុងធ្វើការងារហត់ ខ្ញុំបានពូតបាយជាដុំៗ ធំល្មមយកទៅឲ្យប្រជាជនដែលកំពុងធ្វើការម្នាក់មួយដំៗស្ងាត់ ដោយខ្ញុំតាំងចិត្តថាបើត្រូវខ្មែរក្រហមយកទៅសម្លាប់ក៏សម្លាប់ចុះឲ្យតែបានបាយឲ្យប្រជាជនដែលកំពុងធ្វើការហូបបន្តិចបន្តួច។ នៅក្នុងរបបខ្មែរក្រហមខ្ញុំបាត់ដំណឹងប្អូនប្រុសម្នាក់ខ្ញុំឈ្មោះ ហួន និងពូម្នាក់ ដោយខ្មែរក្រហមនាំយកទៅ។ នៅឆ្នាំ ១៩៧៨ ខ្មែរក្រហមបានបញ្ជូនខ្ញុំឲ្យទៅធ្វើស្រែចម្ការ ដោយបានប្រាប់ឲ្យដកសំណាបចំនួន៧ភ្លូន ក្នុងមួយថ្ងៃ ពេលនោះខ្ញុំអាចធ្វើបានទើបរួចផុតពីស្លាប់។ បន្ទាប់ពីនោះមកខ្មែរក្រហមបានហៅខ្ញុំទៅល្អាងដើម្បីបង្រៀនដាំបាយ។

រហូតដល់ឆ្នាំ១៩៧៩ កងទ័ពរបស់វៀតណាមបានផ្តួលរំលំរបបខ្មែរក្រហម ខ្ញុំនិងក្រុមគ្រួសារបានភៀសខ្លួនចេញពីស្រុកកំណើត ដើម្បីធ្វើដំណើរទៅតាមជួរភ្នំក្រវាញ។ ខ្ញុំបានចាំថា ការចាកចេញរបស់ខ្ញុំនិងក្រុមគ្រួសារមានរយះពេលវែងឆ្ងាយ ហើយការធ្វើដំណើរជួបការលំបានជាច្រើនដូចជា នៅតាមផ្លូវធ្វើដំណើរខ្ញុំបានជួបនឹងភាពអត់អាហារ ស្រេកឃ្លានយ៉ាងខ្លាំង ព្រមទាំងឃើញសាកសពជាច្រើននៅតាមផ្លូវធ្វើដំណើរ មានទាំងសពកូនក្មេង និងសពមនុស្សចាស់ ដែលបានស្លាប់។ រហូតដល់ចុងឆ្នាំ១៩៧៩ ខ្ញុំនិងក្រុមគ្រួសារបានធ្វើដំណើរវិលត្រឡប់មកស្រុកកំណើតរបស់ខ្លួនវិញ។

បច្ចុប្បន្ននេះ ខ្ញុំមានជំងឺប្រចាំកាយដូចជា ងងឹតភ្នែក ចុករោយសរសៃនិងឈឺឆ្អឹង លើសឈាម និងទឹកនោមផ្អែម។ សម្រាប់ការព្យាបាល ខ្ញុំបានទៅពិគ្រោះនិងទិញថ្នាំលេបប្រចាំថ្ងៃនៅមណ្ឌលសុខភាពនារាយណ៍។

ទោ ម៉ោញ ភេទប្រុស សព្វថ្ញៃខ្ញុំមានអាយុ ៦៦ ឆ្នាំ ខ្ញុំកើតនៅឆ្នាំ ១៩៥៨។ ទីកន្លែងកំណើតស្ថិតនៅភូមិនារាយណ៍ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំមានបងប្អូនចំនួន៧នាក់ ស្លាប់ ២ នាក់។ កាលពីកុមារភាពគ្រួសារខ្ញុំមានស្ថានភាពក្រីក្រលំបាកពេក ទើបឪពុកម្ដាយខ្ញុំមិនបានបញ្ជូនខ្ញុំឲ្យទៅរៀនដូចគេនោះទេ។ នៅឆ្នាំ ១៩៧០ កើតមានរបបរដ្ឋប្រហារទម្លាក់ព្រះបាទ នរោត្តម សីហនុ ដែលដឹកនាំដោយ លោក លន់ នល់ ប្រទេសជាតិលែងសុខសាន្តទៀតហើយ ដោយសារសង្គ្រាម រដ្ឋប្រហារទម្លាក់ ព្រះបាទ នរោត្ដ សីហនុ ប្រជាជនត្រូវបានស្លាប់រាប់រយពាន់នាក់ ព្រោះតែសង្គ្រាម មានយន្តហោះទម្លាក់គ្រាប់បែកពាស់ពេញផ្ទៃប្រទេស។ ប្រជាជនមានការភ័យខ្លាចជាខ្លាំង រួមទាំងក្រុមគ្រួសាររបស់ខ្ញុំបាននាំគ្នាជីកដីធ្វើត្រង់សេ ដើម្បីរត់ចេញពីការទម្លាក់គ្រាប់បែករបស់អាមេរិក។ សង្គ្រាមរដ្ឋប្រហារដឹកនាំដោយលោក លន់ នល់ ប្រើរយះ ពេល ជិត៥ឆ្នាំនេះ ក្រុមគ្រួសាររបស់ខ្ញុំរួមទាំងខ្ញុំផ្ទាល់ពុំមាននរណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតនោះទេ គ្រាន់តែមានវិបត្តិសេដ្ឋកិច្ចប្រទេសជាតិទាំងមូល និងក្រុមគ្រួសាររបស់ខ្ញុំបានជួបការលំបាកយ៉ាងខ្លាំង។

រហូតដល់ឆ្នាំ ១៩៧៥ ប្រទេសជាតិកើតមាននៅរបបថ្មីមួយមានឈ្មោះថា «កម្ពុជាប្រជាធិបតេយ្យ» ដែលប្រជាជនភាគច្រើនហៅថា របបខ្មែរក្រហម ឬ របបពល់ពត។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ក្រុមខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុង តាមទីប្រជុំជន ឲ្យទៅធ្វើការតាមតំបន់ស្រុកស្រែចំការ ហើយក្រុមខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីភូមិ ស្រុក និងបានជម្លៀសខ្ញុំចេញពីក្រុមគ្រួសារ។ ពីដំបូងក្រុមខ្មែរក្រហមបានបញ្ជូនខ្ញុំទៅធ្វើនៅក្រុមកងកុមារ នៅក្នុងក្រុមកងកុមារការងារដែរខ្ញុំត្រូវធ្វើរួមមានដូចជា ដើររើសអាចម៍គោ និងកាប់ស្លឹកទ្រាំងខែត្រយកមកធ្វើជី ដើម្បីយកទៅដាក់ស្រែធ្វើយកស្រូវ។

ក្នុងក្រុមកងកុមារចំពោះរបបអាហារហូបចុងវិញខ្ញុំពុំទទួលបានគ្រាប់គ្រាន់នោះទេគឺបានតែ២ពេលក្នុងមួយអំឡុងចុងឆ្នាំ១៩៧៦ ដោយក្រុមខ្មែរក្រហមឃើញខ្ញុំធំពេញជំទង់ ក្រុមខ្មែរក្រហមបានបញ្ជូនខ្ញុំទៅធ្វើការជាមួយក្រុមយុវជនវិញ។ ការងារនៅក្នុងកងចល័តរួមមាន នៅរដូវវស្សាក្រុមខ្មែរក្រហមបាន បញ្ជូនខ្ញុំទៅធ្វើស្រែ ដោយក្នុងមួយថ្ងៃក្រុមខ្មែរក្រហមបានដាក់ការងារឲ្យខ្ញុំធ្វើចំនួន ១២ម៉ោង ពេលព្រឹកចាប់ពីម៉ោង ៦ព្រឹកដល់ម៉ោង ១២ថ្ញៃត្រង់។ ពេលរសៀល ចាប់ផ្តើមពីម៉ោង១រសៀល ដល់ម៉ោង៥ល្ងាច។

រដូវប្រាំមកដល់ក្រុមខ្មែរក្រហមបានបញ្ជូនឲ្យខ្ញុំទៅធ្វើការកងចល័ត ជីកទំនប់ រ៉ែកដី។ ទំនប់ទីមួយដែលខ្ញុំធ្វើគឺ ទំនប់អូឃ្លៃ ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃស្បូវ ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត។ តួនាទីនៅពេលក្រុមខ្មែរក្រហមបានបញ្ជូនខ្ញុំឲ្យទៅធ្វើការនៅទំនប់អូឃ្លៃគឺ ក្រុមខ្មែរក្រហមបានប្រើខ្ញុំរ៉ែកដីពេញៗបង្គី ធ្វើការងារលើសកម្លាំង ការហូបចុកវិញមិនបានគ្រាប់គ្រាន់នោះទេ។ ខ្ញុំបានធ្វើនៅទំនប់អូឃ្លៃបានរយះពេលប្រហែល៣ខែ បន្ទាប់ពីនោះខ្មែរក្រហមបានបញ្ជូនខ្ញុំទៅធ្វើការនៅទំនប់ម្លេចបន្តទៀត។ ទំនប់ម្លេចមានទីតាំងស្ថិតនៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ការងារដែរខ្ញុំធ្វើនៅទំនប់ម្លេចគឺ រ៉ែកដីនិង ជីកដីធ្វើទំនប់។ ចំពោះរបបអាហារវិញបានតែ២ពេលក្នុងមួយថ្ងៃ ការហូបចុកមិនគ្រប់គ្រាន់ការងារលើសកម្លាំង ប្រជាជនជាច្រើនត្រូវបានស្លាប់ដោយសារអត់អាហារហូបចុក ពេលខ្លះក្រុមខ្មែរក្រហមបានស្លរសម្លរព្រលឹតជាមួយកូនទាអាវកាក់ ដោយព្រលឹតមិនបកសំបកនោះទេ ស្លរទាំងសំបកឲ្យប្រជាជនហូប។ បើក្រឡែកមកមើលកន្លែងស្នាក់នៅរបស់ប្រជាជននៅកងចល័តវិញ គឺខ្មែរក្រហមបានសង់រោងជាជួរៗមានត្រឹមជញ្ជាំងបិតជុំវិញ ខ្មែរក្រហមឲ្យប្រជាជនស្នាក់នៅជាច្រើនអ្នកតែហាមដាចខាតនិយាយឬប្រជុំគ្នានោះទេ ដោយខ្លាចប្រជាជនរួបរួមគ្នាបោះបោនិងរបបខ្មែរក្រហម។ បើនិយាយពីការកាប់សម្លាប់វិញ ខ្ញុំបានត្រឹមដឹងលឺមិនដែលបានឃើញផ្ទាល់ ដោយខ្មែរក្រហមបានហៅប្រជាជនដែលកំពុងធ្វើការជាមួយខ្ញុំយកទៅគ្រាន់តែប្រាប់ថាយកទៅរៀនសូត្រ ប៉ុន្តែអ្នកដែលខ្មែរក្រហមបានយកទៅនោះគឺមិនដែលបានឃើញត្រឡប់មកវិញនោះទេ ជួនកាលខ្មែរក្រហមបានចាប់ប្រជាជនយកទៅធ្វើទារុណកម្ម ដោយត្រឹមនិយាយថានេះជាជនដែលក្បតនិងអង្គការ។ ក្នុងរបបខ្មែរក្រហមការរៀបការមិនតាមប្រពៃណីទម្លៀមទម្លាប់ ដោយត្រឹមតែហៅប្រជាជនឈរជាជួរ និងឡើងផ្ដាច់ជ្ញាចិត្តជាមួយអង្គការ មិនមានបងប្អូនឪពុកម្ដាយនោះទេ។

នៅឆ្នាំ ១៩៧៩ ក្រុមខ្មែរក្រហមបានកែណប្រជាជនទាំងអស់ឲ្យរត់ចេញពីភូមិស្រុក ឲ្យរត់ទៅទិសខាជើងនៃប្រទេស។ ខ្ញុំនិងក្រុមគ្រួសារមិនបានរត់ ចេញពីភូមិស្រុក ទៅជាមួយប្រជាជនផ្សេងទៀតធ្វើដំណើរនៅក្នុងព្រៃអស់ជាច្រើនខែ មនុស្សស្លាប់ពាស់ពេញព្រៃ ក្រោយពីដឹងដំណឹងថាសង្គ្រាមត្រូវបានបញ្ចប់ខ្ញុំបានត្រឡប់មករកភូមិកំណើតវិញបានវិលនិងបានមកជួបជុំក្រុមគ្រួសារវិញ ហើយបានប្រកបរបបធ្វើស្រែចម្ការ។ នៅក្នុងអំឡុងឆ្នាំ១៩៨០ ឪពុកម្តាយខ្ញុំបានរៀបចំទុកដាក់ខ្ញុំឲ្យមានប្រពន្ធ។ រហូតដល់ឆ្នាំ២០០២ខ្ញុំនិងប្រពន្ធបានផ្លាស់ប្តូរទីលំនៅមករស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ចាប់តាំងពីខ្ញុំបានផ្លាស់ប្តូរទីលំនៅមកខ្ញុំបានប្រកមមុខរបបរជាកសិករ ខែវស្សាខ្ញុំនិងឮគ្រួសារបានធ្វើស្រែ ដល់រដូប្រាំងខ្ញុំកាប់ព្រៃធ្វើចំការនិងឡើងភ្នំរកអុសលក់។

បច្ចុប្បន្ន ខ្ញុំចាស់ជរានិងមានជំងឺប្រចាំកាយច្រើនដូចជា ជំងឺលើសឈាម ជំងឺសន្លាក់ដៃសន្លាក់ជើង និងជំងឺក្រពះ។ មូលហេតុដែលកើតមានជម្ងឺទាំងអស់នេះ គឺបណ្តាលមកពីកាលរស់នៅក្នុងរបបខ្មែរក្រហម គឺខ្វះអាហាររូបត្ថម្ភ និងការហូបចុកមិនគ្រាប់គ្រាន់។

សម្រាប់ការព្យាបាលជម្ងឺ ខ្ញុំបានជ្រើសរើសយកមន្ទីពេទ្យឯកជនភូមិនិងមណ្ឌលសុខភាពក្នុងភូមិបាក់នឹម ដើម្បីពិគ្រោះពីស្ថានភាពវិវត្តន៍នៃជំងឺនិងទិញថ្នាំលេបប្រចាំថ្ងៃ។

លោកអ៊ំ ឌុច វុធ អាយុ៦៩ឆ្នាំ នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។
ឌុច វុធ កើតក្នុងឆ្នាំ១៩៥៦ អាយុ៦៩ឆ្នាំ មានទីកន្លែងកំណើតស្ថិតនៅភូមិធ្មា ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ ទីកន្លែងរស់នៅបច្ចុប្បន្ន ស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារភាពខ្ញុំមិនបានចូលរៀនច្រើននោះទេ គឺរៀននៅតាមសាលាតាមវត្តអារាម។ នៅចុងឆ្នាំ១៩៧៤ ខ្ញុំបានចេញពីផ្ទះធ្វើដំណើរដល់ស្រុកទឹកឈូកខាងជើង ខេត្តកំពត។ នៅទីនោះខ្មែរក្រហម បានទទួលជ័យជំនះលើកងទ័ព លន់ នល់ ក្នុងតំបន់ដែលខ្ញុំធ្វើដំណើរទៅដល់។

បន្ទាប់មកក្នុងឆ្នាំ១៩៧៤ ខ្មែរក្រហមបានចាត់ខ្ញុំចូលធ្វើជាកងទ័ពនៅខេត្តកំពតចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលប្រជាជនភាគច្រើនស្គាល់ថាជារបបខ្មែរក្រហម ចាប់ផ្តើមគ្រប់គ្រងអំណាចបន្ទាប់ពីផ្តួលរំលំកងទ័ព លន់ នល់ ដោយជោគជ័យទាំងស្រុងក្នុងខែមេសា ឆ្នាំ១៩៧៥។ ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញទាំងអស់ ដោយបោកបញ្ឆោតកុហកប្រជាជននៅតាមទីក្រុង និងទីប្រជុំជនឲ្យចាកចេញត្រឹមរយះពេលពីរបីថ្ងៃ ដើម្បីបោសសម្អាតខ្មាំង និងខ្លាចមានយន្តហោះទម្លាក់គ្រាប់បែកមកវាយប្រហារទីក្រុង។ ពេលនោះប្រជាជនបានចេញពីទីក្រុងអស់។ ខ្មែរក្រហមបានបញ្ជូនខ្ញុំទៅប្រចាំការនៅ ភូមិស្វាយស្រែធំ ខេត្តកំពត។ បន្ទាប់ពីនោះមកខ្មែរក្រហមបានបញ្ជូនខ្ញុំទៅកងវរៈខេត្តវិញម្ដង និងបានចាត់ខ្ញុំទៅយាមនៅតំបន់ខាងលិចភ្នំបូកគោវិញ ព្រោះខ្លាចមានប្រជាជនរត់ចូលក្នុងព្រៃ ដើម្បីរកអាហារហូប។ មួយវិញទៀត ខ្មែរក្រហមខ្លាចមានប្រជាជនបះបោរភៀសខ្លួន។ បន្ទាប់មក ខ្មែរក្រហមបានចាត់ខ្ញុំទៅប្រចាំការយាមការពារនៅតាមបន្ទាត់ព្រំដែនវៀតណាម ត្រង់ចំណុចខេត្តតាកែវ។ ចំពោះការហូបចុកវិញ ខ្ញុំពុំមានការខ្វះខាតអ្វីឡើយ ពីព្រោះខ្ញុំគឺជាកងទ័ពត្រូវការពារតាមតំបន់ព្រំដែន។ ក្នុងឆ្នាំ១៩៧៨ ខ្ញុំត្រូវបានកងទ័ពវៀតណាមបាញ់ចំភ្លៅខាងឆ្វេងបាក់ឆ្អឹង ដេកនៅក្នុងថ្លុកឈាមអស់រយះពេលប្រហែលកន្លះម៉ោងទើបមានទាហាននៅកងជាមួយគ្នា មកជួយសែងយកទៅព្យាបាល។ ក្នុងឆ្នាំ១៩៧៩ ខ្ញុំឈប់ធ្វើជាទាហាន ព្រោះមានកងទ័ពវៀតណាមចូលមកជាបណ្ដើរៗ ខ្ញុំបានភៀសខ្លួនចូលក្នុងព្រៃរស់នៅនៅក្នុងព្រៃអស់ជាច្រើនខែ។

រហូតដល់ឆ្នាំ១៩៨០ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ ខ្ញុំត្រូវបានក្រុមគ្រួសាររៀបចំទុកដាក់ឲ្យមានប្រពន្ធ។ ខ្ញុំ រៀបការមិនទាន់បានមួយខែផង ខ្ញុំនិងភរិយារបស់ខ្ញុំបានចាកចេញពីផ្ទះមករកការងារធ្វើនៅភ្នំពេញ។ ពេលមកដល់ភ្នំពេញដំបូងខ្ញុំនិងភរិយា បានធ្វើការស៊ីឈ្នួល រែកទឹកលក់តាមផ្ទះ។ បន្ទាប់មកបានផ្លាស់ប្តូរទៅធ្វើការងានៅខេត្តបន្ទាយមានជ័យ តាមបណ្តោយព្រំដែនថៃ-កម្ពុជា។ ខ្ញុំបានរស់នៅតាមជំរុំមានប្រជាជនជាច្រើនក្រុមគ្រួសាររស់ក្នុងជំរុំ ក្រោមការឧបត្ថម្ភដោយ កាកបាទក្រហមអន្តរជាតិ។ រហូតដល់ឆ្នាំ១៩៩៣ ទើបខ្ញុំនិងភរិយា ធ្វើដំណើរមករស់នៅភូមិកំណើតវិញនិងប្រកបការងារធ្វើស្រែចម្ការហូតមកដល់សព្វថ្ងៃ។

ឆ្លងកាត់ព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលមានរយះពេល៥ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅឧត្តរមានជ័យ និងខេត្តព្រះវិហារ បានរំឭកឲ្យខ្ញុំចងចាំរឿងរ៉ាវភ័យខ្លាចតក់ស្លុតពេលប្រយុទ្ធគ្នា ការសម្លាប់រង្គាលក្នុងពេលអតីតកាលកើតឡើងវិញ ទោះបីជាខ្ញុំមិនមានកូនចៅបងប្អូនធ្វើជាទាហាន ខ្ញុំមានការព្រួយបារម្មជាចំពោះការបាត់បង់អាយុជីវិតកងទ័ពខ្មែរកម្ពុជា និងទុកវេទរបស់ប្រជាជនរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

រឿងរ៉ាវជីវិតអ្នករស់រានមានជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន៖
របាយការណ៍៖ ផាត ពន្លក
ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦

រដូវវស្សាឈានចូលមកដល់ ពេលនេះភ្លៀងបានធ្លាក់ជោគជាំ៥ថ្ងៃជាប់ៗគ្នា វាលស្មៅនិងព្រៃឈើតូចធំនៅតាមជួរភ្នំដំរីរមៀលបានចាប់ផ្តើមលាស់ខ្ចី។ ប្រជាកសិករក្នុងក្នុងភូមិបាក់នឹម ចាប់ផ្តើមភ្ជួររាស់ដីដើម្បីធ្វើស្រែចម្ការនិងបង្កបង្កើនផលដើមឆ្នាំក្នុងរដូវវស្សា។ នៅតាមផ្លូវលំប៉ែកខាងជើងចូលក្នុងភូមិបាក់នឹម មានទឹកដក់ពេញប្រឡាយដែលនៅអមតាមបណ្តោយផ្លូវដីចូលទៅកាន់មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម និងត្រង់កន្លែងខ្លះមានទឹកហូរធ្លាក់មកពីលើជ្រោះភ្នំនិងហូរកាត់ផ្លូវ។

June 4, 2026
Photos by Bak Nim Community Healing Center Team
Documentation Center of Cambodia Archives

https://photos.app.goo.gl/xNxJn5rXKrK8rNZK8