វេលាម៉ោង៨:០០ នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ សិស្សានុសិស្សចំនួន១០នាក់ (ស្រីចំនួន៥នាក់) ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុនសែនប្រម៉ោយបានមកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានមកចូលរួមចែករំលែកអំពីរឿងរ៉ាវក្រោយសង្រ្គាមរយៈពេល៥ថ្ងៃរវាងប្រទេសកម្ពុជា និងប្រទេសថៃក្នុងខែកក្កដា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៥ និងចូលរួមកិច្ចពិភាក្សាចំណេះដឹងស្ដីអំពីប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ក្នុងជំពូកទី៣៖ ការឡើងកាន់អំណាចរបស់ខ្មែរក្រហម។ មេរៀនក្នុងជំពូកនេះបានបែងចែកជា៤ផ្នែកដូចខាងក្រោម៖
១/ ការចូលកាន់កាប់ទីក្រុងភ្នំពេញ
២/ ការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ
៣/ ការជម្លៀសដោយបង្ខំ
៤/ ទួលពោធិ៍ជ្រៃ
ការរៀបចំកិច្ចពិភាក្សានេះមានគោលបំណងចំនួន៤ ដូចខាងក្រោម៖
១. ដើម្បីផ្លាស់ប្ដូរមតិយោបល់ និងចែករំលែកចំណេះដឹងអំពីរឿងរ៉ាវដែលសិស្សានុសិស្សបានដឹងក្រោយព្រឹត្តិការណ៍សង្រ្គាមរយៈពេល៥ថ្ងៃរវាងកម្ពុជា-ថៃ។
២. ដើម្បីផ្លាស់ប្ដូរ និងចែករំលែកចំណេះដឹងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។
៣. ចង់ឲ្យសិស្សានុសិស្សបានរៀនសូត្រ និងយល់ដឹងបន្ថែមអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ។
៤. ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងល្អរវាងក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែងជាមួយសិស្សានុសិស្សតាមរយៈការអប់រំអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ។
មុនកិច្ចពិភាក្សា មឿន ស្រីណុច បានណែនាំខ្លួន និងក្រុមការងារធ្វើការនៅក្នុងមជ្ឈមណ្ឌលផ្សះផ្សាវាលវែង។ បន្ទាប់ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានចំណាយរយៈពេល៤០នាទី ពិភាក្សាជាមួយសិស្សានុសិស្សទាក់ទងនឹងរឿងរ៉ាវដែលបានកើតឡើងក្រោយសង្រ្គាមរយៈពេល៥ថ្ងៃរវាងប្រទេសកម្ពុជា និងប្រទេសថៃក្នុងខែកក្កដា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៥។ សិស្សានុសិស្សបានចែករំលែកដូចខាងក្រោម៖
១/ ខ្ញុំបានដឹងថាថៃបានឈ្លានពានមកលើប្រទេសកម្ពុជា និងមានចេតនាបង្កសង្រ្គាមជាមួយកម្ពុជាម្ដងហើយម្ដងទៀត ប៉ុន្តែកម្ពុជាមិនតបត។
២/ ខ្ញុំបានដឹងថាថៃបានរាយបន្លាលួស ហើយកាលពីថ្ងៃទី១២ ខែវិច្ឆិកា សប្ដាហ៍មុននេះទាហានថៃបានបាញ់មកលើប្រជាជនខ្មែរស្លាប់ម្នាក់ និងរងរបួសចំនួន៣នាក់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
៣/ នាងខ្ញុំ មានការឈឺចាប់ដែលបានឃើញព័ត៌មានទាក់ទងនឹងទាហានសៀមបានរំលោភបំពានទៅលើកក្មេងស្រីម្នាក់មានអាយុ១៨ឆ្នាំ ក្នុងពេលរត់ភៀសខ្លួនតាមព្រំដែនចេញពីប្រទេសថៃត្រឡប់មកប្រទេសកម្ពុជាវិញ។
៤/ ថៃបានវាយប្រហារទៅលើប្រាសាទព្រះវិហារ និងបានចាប់ទាហានកម្ពុជាចំនួន១៨រូប មិនទាន់ដោះលែង ហើយថៃចង់បានប្រាសាទរបស់ខ្មែរ ដើម្បីជាការដោះដូរជាមួយទាហានកម្ពុជាទាំង១៨រូប។
៥/ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ថែបានប្រកាសថានឹងវាយប្រហារនៅតំបន់ថ្មដា និងអូរភ្លុកដំរី។
៦/ ភាគីថៃបានធ្វើឲ្យប្រជាជនខ្មែរដែលរស់នៅតាមព្រំដែនក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រស់នៅដោយការលំបាកទាំងផ្លូវកាយ ផ្លូវចិត្ត និងការភ័យខ្លាចគ្រប់ពេលវេលា។
៧/ ថៃបានរំលោភលើបទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ និងចង់ប្រកាសសង្រ្គាមជាមួយកម្ពុជាសារជាថ្មី។
៨/ ថៃបានបាញ់ផ្សែងគីមីតាមតំបន់ព្រំដែនក្នុងដែនអធិបតេយ្យភាពកម្ពុជា។
កិច្ចបន្ទាប់ ស្រីណុច បានសួរសំណួរទៅកាន់សិស្សានុសិស្សទាំង១០នាក់ថា តើប្អូនៗទាំងអស់គ្នាធ្លាប់បានរៀនសូត្រ និងបានដឹងរឿងរ៉ាវអ្វីខ្លះពីរបបខ្មែរក្រហម? សិស្សានុសិស្សបានដឹងពីរបបខ្មែរក្រហមតាមរយៈសៀវភៅ ឪពុកម្ដាយ យាយតា និងសួរសំណួរមានដូចខាងក្រោម៖
១/ ហេតុអ្វីបានជាខ្មែរក្រហមយកអ្នកមិនធ្វើការងារឬអ្នកមានចំណេះដឹងទៅសម្លាប់?
២/ អ៊ុំធ្លាប់និយាយប្រាប់ថា គាត់ជាអតីតកងទ័ពខ្មែរក្រហមអត់មានអ្វីហូប ធ្វើការងារច្រើន រស់នៅជាក្រុម។
៣/ យាយរបស់ខ្ញុំបាននិយាយប្រាប់ខ្ញុំថានៅក្នុងរបបខ្មែរក្រហម គេចាប់ព្រះសង្ឃឲ្យផ្សឹក និងបង្ខំប្រជាជនឲ្យធ្វើការងារ។
៤/ នៅក្នុងរបបខ្មែរក្រហម គេចាប់យកប្រជាជនទៅសម្លាប់ចូលទៅក្នុងរណ្ដៅ ហេតុអ្វីបានជាប្រជាជនមិនតដៃ?
៥/ ហេតុអ្វីបានជាខ្មែរក្រហមសម្លាប់ទាហានលន់ នល់?
៦/ ហេតុអ្វីបានជាខ្មែរក្រហមនិយាយថាមានតែមនុស្សស្អាតស្អំ ប៉ុណ្ណោះកសាងបដិវត្តន៍?
៧/ ហេតុអ្វីបានជាខ្មែរក្រហមនិយាយថា លន់ នល់ មិនមានភាពស្អាតស្អំក្នុងការកសាងបដិវត្តន៍?
៨/ តើឪពុកម្ដាយរបស់លោកសេនាប្រមុខលន់ នល់ឈ្មោះអ្វី?
ជាកិច្ចបន្ទាប់ ស្រីណុច បានឲ្យសិស្សានុសិស្សស្ម័គ្រចិត្តអានមេរៀន និងអក្សរដិតខ្មៅក្រោមរូបភាពនីមួយៗ ក្នុងសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅជំពូកទី១៖ សេចក្ដីសង្ខេប និងនៅជំពូកទី៣៖ ការឡើងកាន់អំណាចរបស់ខ្មែរក្រហម ។ ក្រោយបញ្ចាប់ការអាន ស្រីណុច បានពន្យល់ជាសង្ខេបទាក់ទងនឹងមេរៀនខាងលើ រួចឲ្យសិស្សានុសិស្សទាំងអស់ស្ម័គ្រចិត្តសួរសំណួរដែលខ្លួនមានចម្ងល់ក្នុងមេរៀនជំពូកទី៣នេះ។ សិស្សានុសិស្សបានសួរសំណួរខាងក្រោម៖
១/ មូលហេតុអ្វីបានជាខ្មែរក្រហមជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ?
២/ តើក្នុងរបបប៉ុល ពត បានវាយធ្វើបាប និងសម្លាប់ប្រជាជនដោយវិធីណាខ្លះ?
៣/ អំពើប្រល័យពូជសាសន៍មានន័យដូចម្ដេច?
៤/ តើទីតាំងដកពីសោធន៍ប្រជាជនថ្មីមានន័យដូចម្ដេច?
៥/ ហេតុអ្វីបានជាខ្មែរក្រហមយកអតីតទាហន លន់ នល់ទៅសម្លាប់នៅទួលពោធិ៍ជ្រៃ។
បន្ទាប់មក ក្រុមការងារ បានព្យាយាមឆ្លើយនឹងសំណួរខាងលើ ហើយ ស្រីណុច បានចែកក្រុមឲ្យសិស្សានុសិស្សទាំង១០នាក់ សរុបមានចំនួន៣ក្រុមដែលក្រុមទី១ និងទី២ មានសមាជិក៣នាក់។ ចំណែកក្រុមទី៣ មានសមាជិក៤នាក់ រួចឲ្យតំណាងក្រុមចាប់ក្រដាស់សំណួរ។ ការបែងចែកក្រុម ដើម្បីឲ្យសមាជិកក្នុងក្រុមនីមួយៗធ្វើការសហការគ្នាទៅវិញទៅមក ស្រាវជ្រាវ និងចេះស្វែងយល់រាល់ចំណុចសំខាន់ៗនៅក្នុងជំពូកទី៣នេះ។ សំណួរចំនួន១២ ត្រូវបានដកស្រង់ចេញពីសៀវភៅណែនាំគ្រូបង្រៀន៖ វិធីសាស្ត្របង្រៀនប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ក្នុងមេរៀនជំពូកទី៣។ ក្រុមនីមួយៗ មានពេលវេលាចំនួន៤៥នាទី ក្នុងការឆ្លើយសំណួរ។
សំណួរ និង ចម្លើយ៖
ក្រុមទី១៖ ខុម សុវណ្ណឌី, ហន សីលាល និង ហុក រ៉ាឌី
៣/ តើខ្មែរក្រហមបានប្រកាសទៅវិទ្យុទៅប្រជាជនយ៉ាងដូចម្ដេច? ចំពោះការប្រកាសនេះ តើប្រជាជនមានប្រតិកម្មបែបណាខ្លះ? ខ្មែរក្រហមបានប្រកាសតាមវិទ្យុទៅកាន់ប្រជាជនថា « ខ្លួនចូលមកទីក្រុងភ្នំពេញមិនមែនមកចរចារជាមួយនរណាទាំងអស់ ហើយនិងធ្វើការប្រហារជីវិតមន្រ្តីជាន់ខ្ពស់ និងមេបញ្ជាការកងទ័ពរបស់រដ្ឋាភិបាលចាស់» ។
៤/ តើមេដឹកនាំជាន់ខ្ពស់របស់របបសាធារណរដ្ឋខ្មែរចំនួន៣រូបដែលត្រូវខ្មែរក្រហមប្រហារជីវិតមានឈ្មោះអ្វីខ្លះ? មេដឹកនាំជាន់ខ្ពស់របស់របបសាធារណៈរដ្ឋខ្មែរចំនួន៣រូប ដែលត្រូវខ្មែរក្រហយកទៅសម្លាប់មានឈ្មោះ ឡុង បូរ៉េត ព្រះអង្គម្ចាស់ស៊ីសុវត្តិសិរិមតៈ និងលន់ នល់។
២/ តើខ្មែរក្រហមប្រកាសតាមវិទ្យុទៅប្រជាជនយ៉ាងដូចម្ដេច? ចំពោះការប្រកាសនេះ តើប្រជាជនមានប្រតិកម្មបែបណាខ្លះ? ខ្មែរក្រហមបានប្រកាសថា អាមេរិកនឹងទម្លាក់គ្រាប់បែកនៅទីក្រុងភ្នំពេញ ហេតុនេះហើយប្រជាជនត្រូវតែចាកចេញ។ មូលហេតុមួយផ្សេងទៀត គឺខ្មែរក្រហមប្រាប់ថា ត្រូវបោសសំអាតកងកម្លាំងសត្រូវឲ្យអស់ពីទីក្រុង។ ចំពោះការប្រកាសនេះ ប្រជាជនភាគច្រើនមានប្រតិកម្ម និងជឿទុកចិត្តលើការប្រកាសខាងលើ និងបានចាកចេញជាមួយអាហារនិងថ្នាំសង្កូវបន្តិចបន្តួច។
១២/ តើកងទ័ពខ្មែរក្រហមមចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី ខែ ឆ្នាំណា? កងទ័ពខ្មែរក្រហមមចូលកាន់កាប់ទីក្រុងភ្នំពេញបាននៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
ក្រុមទី២៖ ពៅ រតន: , យឺន ដារិទ្ធ និង ទេព នីហ្សា
១/ នៅពេលខ្មែរក្រហមធ្វើដំណើរចូលមកដល់ទីក្រុងភ្នំពេញ តើកងទ័ពទាំងនោះស្លៀកឯកសណ្ធានពណ៌អ្វី? នៅពេលខ្មែរក្រហមធ្វើដំណើរចូលមកដល់ទីក្រុងភ្នំពេញ កងទ័ពខ្មែរក្រហមស្លៀកឯកសណ្ឋានពណ៌ខ្មៅនិងពណ៌អាចម៌សេះ។
៥. តើខ្មែរក្រហមធ្វើបែបណាចំពោះអ្នកជំងឺក្នុងមន្ទីរពេទ្យ? ខ្មែរក្រហមបានបណ្ដេញអ្នកជំងឺទាំងអស់ចេញពីមន្ទីរពេទ្យ។
៧. ការជម្លៀសបង្ខំជាសកម្មភាពខុសច្បាប់ឬទេ? ហេតុអ្វី? ការជម្លៀសបង្ខំជាសកម្មភាពខុសច្បាប់ពីព្រោះ បានបិទសិទ្ធសេរីភាព បំពានសិទ្ធមនុស្ស និងអំពើហិង្សា។
១១/ តើជនបរទេស និងជនជាតិខ្មែរមួយចំនួនស្វែងរកការជ្រកកោននៅកន្លែងណា? ជនបរទេស និងជនជាតិខ្មែរស្វែងរកការជ្រកកោននៅសណ្ឋាគារឡឺភ្នំ (បច្ចុប្បន្នជាសណ្ឋាគារឡឺរ៉ូយ៉ាល់) ដែលកាកបាទក្រហមអន្តរជាតិបានប្រកាសថាតំបន់អព្យាក្រឹត្ត។ ប៉ុន្តែនៅពេលខ្មែរក្រហមចូលពិនិត្យបោសសម្អាតសណ្ឋាគារនេះ មានជនបរទេស អ្នកកាសែត និងជនជាតិខ្មែរប្រហែល១០០នាក់ផ្សេងទៀតបានរត់ទៅជ្រកកោនក្នុងបរិវេណស្ថានទូតវិញ។
ក្រុមទី៣៖ យ៉ាន សុខអ៊ីន, ធឿន វ៉ារី , សាន សុខដារ៉ា និង ង៉ែត ស្រីនាង
៨. គោលបំណងរួមរបស់បក្សកុម្មុយនីស្តកម្ពុជាជាអ្វី? គោលបំណងរបស់បក្សកុម្មុយនមីស្ដកម្ពុជាគឺដើម្បីអនុវត្តន៍បដិវត្តន៍សង្គមនិយមយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា តាមរយៈគោលនយោបាយ«មហាលោតផ្លោះ»និងការពារបក្សកុម្មុយនីស្ដប្រឆាំងនិងសត្រូវផ្ទៃក្នុងនិងសត្រូវខាងក្រៅ។
៩. តើខ្មែរក្រហមបានជម្លៀសប្រជាជនប៉ុន្មានដំណាក់កាល? ចូលររៀបរាប់ពីដំណាក់កាលនីមួយៗ? ខ្មែរក្រហមបានជម្លៀសប្រជាជន៣ដំណាក់កាល៖
– ការផ្លាស់ទីប្រជាជនចេញពីទីក្រុងនានា ដូចជាទីក្រុងភ្នំពេញ ក្រុងបាត់ដំបង ក្រុងសៀមរាប និងក្តុងពីរទៅបីផ្សេងទៀត ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥(រួមបញ្ចូលទាំងការផ្លាស់ទីតាមរយៈរថភ្លើង ដែលកើតមានឡើងនៅរយៈពេល៦ខែក្រោយទៀត)
– ការផ្លាស់ទីប្រជាជននៅតាមទីជនបទ ក្នុងភូមិភាគកណ្ដាល ភូមិភាគនិរតី ភូមិភាគបូព៌ា ចាប់តាំងពីចុងឆ្នាំ១៩៧៥ ទៅកាន់ផ្សេងដទៃទៀតនៃប្រទេសកម្ពុជា
– ការផ្លាស់ទីប្រជាជនចេញពីភូមិភាគបូព៌ានៅក្នុងឆ្នាំ១៩៧៧។
១០. តើទួលពោធិ៍ជ្រៃស្ថិតក្នុងភូមិ ឃុំ ស្រុក ខេត្តណា? ទួលពោធិ៍ជ្រៃ ស្ថិតនៅភូមិព្រីងខ្ពស់ ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ចំណាប់អារម្មណ៍៖
ក្រុមទី១: បន្ទាប់ពីបានចូលរួមរៀនសូត្រអំពីប្រវត្តិសាស្រ្តរួចមក ពួកខ្ញុំពិតជាមានការឈឺចាប់ និងសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតប្រជាពលរដ្ឋ និងទាហាននាសម័យនោះ រួមាទាំងអ្នកមានចំណេះដឹងជាច្រើនអ្នកដែលត្រូវបានខ្មែរក្រហមយកទៅសម្លាប់។ អំពើប្រល័យពូជសាសន៍នេះបានធ្វើឲ្យពួកខ្ញុំជាកូនខ្មែរចងចាំ និងឈឺចាប់ពេញមួយជីវិត។
ក្រុមទី២: សម្រាប់ក្រុមខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយដែលក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងអនុញ្ញាតឲ្យក្រុមនាងខ្ញុំបានចូលមកអានសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ចូលរួមចែករំលែកអំពីរឿងរ៉ាវក្រោយសង្រ្គាមរយៈពេល៥ថ្ងៃរវាងប្រទេសកម្ពុជា និងប្រទេសថៃនិងបានចូលរួមពិភាក្សាអំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហម។ បន្ទាប់ពីក្រុមខ្ញុំបានអានសៀវភៅមួយចំនួននៅក្នុងមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ទើបខ្ញុំដឹងថាសម័យខ្មែរក្រហមពិតជាឃោឃៅណាស់មកលើប្រជាជននៅកម្ពុជា។ ជាចុងក្រោយក្រុមខ្ញុំទាំងអស់ពិតជាមានអារម្មណ៍សប្បាយរីករាយដែលបានចូលមកសិក្សាអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ដែលធ្វើខ្ញុំនិងអ្នកក្រុមបានដឹងពីទុក្ខលំបាករបស់ប្រជាជននៅក្នុងសម័យនោះ។
ក្រុមទី៣: បន្ទាប់ពីខ្ញុំនិងក្រុមបានចូលមកអានសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ចូលរួមចែករំលែកអំពីរឿងរ៉ាវក្រោយសង្រ្គាមរយៈពេល៥ថ្ងៃរវាងប្រទេសកម្ពុជា និងប្រទេសថៃនិងបានពិភាក្សាអំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហម ក្រុមខ្ញុំទទួលបានចំណេះជាច្រើនដូចជា៖
– ទទួលបានចំណេះដឹងថ្មីៗទាក់ទងបញ្ហាព្រំដែនកម្ពុជា-ថៃ
– ដឹងអំពីអំពើប្រល័យពូជសាសន៍
– ដឹងរឿងរ៉ាវជាច្រើននៅក្នុងរបបខ្មែរក្រហប
– ដឹងបញ្ហាជាច្រើននៅក្នុងរបបខ្មែរក្រហម។
អង្កេតការណ៍៖
• សិស្សានុសិស្សមានកាយវិការ និងឥរិយាបថសមរម្យ។
• សិស្សានុសិស្សមានការចាប់អារម្មណ៍ និងបានដឹងព័ត៌មានច្រើនទាក់ទងបញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ។
• សិស្សានុសិស្សមិនសូវដឹងព័ត៌មានច្បាស់ទាក់ទងនឹងបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។
• សិស្សានុសិស្សទទួលបានព័ត៌មានបន្ថែម និងច្បាស់លាស់ជាងមុនអំពីបញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ។
• សិស្សទាំងអស់យកចិត្តទុកដាក់ក្នុងការស្ដាប់ និងព្យាយាមកត់ត្រាទុក។
• សិស្សភាគច្រើនមានភាពក្លាហ៊ានក្នុងការសួរសំណួរ និងចែករំលែកចំណេះដឹង។
• សិស្សទាំងអស់មានភាពសកម្ម និងសាមគ្គីគ្នាក្នុងពេលពិភាក្សាជាក្រុម។
បញ្ហាប្រឈម៖
• សិស្សម្នាក់ប្រញាប់ចេញទៅរៀននៅសាលា មិនបាននៅរៀនបន្តរហូតដល់ចប់។
សកម្មភាពសិស្សានុសិស្សវិទ្យាល័យហ៊ុនសែនប្រម៉ោយ បានមកចែករំលែកអំពីរឿងរ៉ាវក្រោយសង្រ្គាមរយៈពេល៥ថ្ងៃរវាងប្រទេសកម្ពុជា និងប្រទេសថៃក្នុងខែកក្កដា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៥ និងចូលរួមកិច្ចពិភាក្សាចំណេះដឹងស្ដីអំពីប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) នៅក្នុងមជ្ឈមណ្ឌលផ្សះផ្សាវាលវែង។ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
Photos by Chan Narith
Documentation Center of Cambodia Achieves
November 19, 2025