Home / Post

Veal Veng Reconciliation Center: សិស្សានុសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយចំនួន ៩នាក់ (ស្រី៧នាក់) បានមកទស្សនកិច្ច និងសិក្សារៀនសូត្រស្តីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅមជ្ឈមណ្ឌលផ្សះផ្សាវាលវែង។ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥

វេលាម៉ោង៨:០០ នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ សិស្សានុសិស្សចំនួន៩នាក់(ស្រីចំនួន៧នាក់) ជាសិស្សទី១០C នៃវិទ្យាល័យហ៊ុនសែនប្រម៉ោយ បានមកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ដើម្បីមកទស្សនកិច្ច និងចូលរួមសិក្សារៀនសូត្រចំណេះដឹងស្ដីអំពីប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ក្នុងជំពូកទី៣៖ ការឡើងកាន់អំណាចរបស់ខ្មែរក្រហម។
ការរៀបចំកិច្ចពិភាក្សាចំណេះដឹងស្ដីអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) មានគោលបំណងចំនួន៣ ដូចខាងក្រោម៖
១. ដើម្បីផ្លាស់ប្ដូរ និងចែករំលែកចំណេះដឹងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។
២. ចង់ឲ្យសិស្សានុសិស្សបានរៀនសូត្រ និងយល់ដឹងបន្ថែមអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ។
៣. ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងល្អរវាងក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែងជាមួយសិស្សានុសិស្សតាមរយៈការអប់រំអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ។
មុនកិច្ចពិភាក្សា ស្រីណុច បានសួរសំណួរទៅកាន់សិស្សានុសិស្សទាំងអស់នាក់ថា តើប្អូនៗទាំងអស់គ្នា បានដឹងរឿងរ៉ាវអ្វីខ្លះដែលកើតឡើងក្នុងរបបខ្មែរក្រហម តាមរយៈការរៀនសូត្រ ឪពុកម្ដាយ តាយាយ និងតាមបណ្ដាញសង្គមនានា? សិស្សានុសិស្សបានរៀនសូត្រ ទាក់ទងនឹងរបបខ្មែរក្រហមដូចខាងក្រោម៖
១/ លោកយាយរបស់ ខ្ញុំ បានប្រាប់ថាខ្មែរក្រហមបានជម្លៀសប្រជាជនទៅជនបទ មិនមានអាហារហូប និងកើតមានសង្រ្គាម។
២/ ក្នុងមួយថ្ងៃ តា របស់ ខ្ញុំ បានហូបដំឡូង១ដុំ និងត្រូវបានខ្មែរក្រហមធ្វើទារុណកម្ម។
៣/ យាយរបស់ ខ្ញុំ និយាយថា ខ្មែរក្រហមបានយកអ្នកមានចំណេះដឹងទៅសម្លាប់ ដោយប្រាប់ថា ឲ្យទៅរៀនសូត្រ។
៤/ តាមរយៈការសិក្សា របបខ្មែរក្រហមមានរយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ខ្មែរក្រហមតម្រូវឲ្យប្រជាជនមានសិទ្ធិ និងវណ្ណៈស្មើរគ្នា។
៥/ ប៉ារបស់ ខ្ញុំ មិនបានរៀនសូត្រ ហើយត្រូវបានខ្មែរក្រហមបង្ខំឲ្យចូលបម្រើកងទ័ពតាំងពីអាយុ១៦ឆ្នាំ។
ជាកិច្ចបន្ទាប់ ស្រីណុច បានឲ្យសិស្សានុសិស្សស្ម័គ្រចិត្តអានមេរៀនក្នុងសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅជំពូកទី៣៖ ការឡើងកាន់អំណាចរបស់ខ្មែរក្រហម ការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ, ការជម្លៀសដោយបង្ខំ និងការសម្លាប់រង្គាលនៅទួលពោធិ៍ជ្រៃ។ ក្រោយបញ្ចាប់ការអាន ស្រីណុច បានពន្យល់សង្ខេបអំពីមេរៀនខាងលើ និងបានអនុញ្ញាតឲ្យសិស្សានុសិស្សទាំងអស់សួរសំណួរដែលខ្លួនចង់ដឹងទាក់ទងសម័យកម្ពុជាប្រជាធិបតេយ្យ។
សំណួរ៖
១/ តើមេដឹកនាំរបស់ខ្មែរក្រហមមានឈ្មោះអ្វី?
២/ មូលហេតុអ្វីខ្មែរក្រហមជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ?
៣/ តើនរណាជាអ្នកចូលមករំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបខ្មែរក្រហម?
៤/ តើការរស់នៅក្នុងរបបខ្មែរក្រហមមានផលវិបាកដូចម្ដេចខ្លះ?
៥/ ហេតុអ្វីខ្មែរក្រហមបំបែកបំបាក់ក្រុមគ្រួសារមិនឲ្យរស់នៅជួបជុំគ្នា?
៦/ តើមេដឹកនាំសំខាន់ៗក្នុងរបបខ្មែរក្រហមមានឈ្មោះអ្វីខ្លះ?
៧/ តើខ្មែរក្រហមបានសម្លាប់មនុស្សដោយវិធីណាខ្លះ?
៨/ ហេតុអ្វីក្នុងរបបខ្មែរក្រហមបង្ខំឲ្យប្រជាជនរៀបមង្គលការខុសពីសម័យបច្ចុប្បន្ន?
៩/ មូលហេតុអ្វីបានជាខ្មែរក្រហមសម្លាប់ទាហាន លន់ នល់?
ចុងបញ្ចាប់ ក្រុមការបានព្យាយាមឆ្លើយទៅនឹងសំណួរខាងលើ និងធ្វើបទបង្ហាញជាសង្ខេបអំពីនិយមន័យអំពើប្រល័យពូជសាសន៍ និងការទប់ស្កាត់អំពើនេះ។
ចំណាប់អារម្មណ៍៖
១/ ខុម សុវណ្ណឌី ភេទស្រី រៀនថ្នាក់ទី១០ C មកពីវិទ្យល័យហ៊ុនសែនប្រម៉ោយ។ នាងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយដែលបានចូលរៀនសូត្រ និងបានមកអានសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) នៅក្នុងមជ្ឈមណ្ឌលផ្សះផ្សាវាលវែង។ បន្ទាប់ពីអានសៀវភៅ និងចូលរួមរៀនសូត្រចប់ នាងខ្ញុំទទួលបានចំណេះជាច្រើន ដែលពាក់ព័ន្ធក្នុងរបបខ្មែរក្រហមដូចជាការបង្អត់អាហារប្រជាជន ការប្រើឲ្យធ្វើការងារហួសកម្លាំង ការជម្លៀសប្រជាជន ហើយនាងខ្ញុំទទួលបានចំណេះជាច្រើនបន្ថែមទៀត ដែលទាក់ទងការសម្លាប់ទាហានលន់ នល់ នៅទួលពោធិ៍ជ្រៃ ដែលស្ថិតនៅក្នុងភូមិព្រីងខ្ពស់ ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ជាចុងក្រោយ ខ្ញុំសូមអរគុណដល់ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ដែលបានបង្ហាត់បង្រៀន និងអនុញ្ញាតឲ្យក្រុមនាងខ្ញុំចូលមកអានសៀវភៅនិង នៅក្នុងមជ្ឈមណ្ឌលផ្សះផ្សាវាលវែង។
២/ គីម ស្រីនីត ភេទស្រី រៀនថ្នាក់ទី១០ C មកពីវិទ្យល័យហ៊ុនសែនប្រម៉ោយ។ នាងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយដែលបានមកចូលរៀនសូត្រ និងបានមកអានសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) នៅក្នុងមជ្ឈមណ្ឌលផ្សះផ្សាវាលវែង។ បន្ទាប់ពីបានរៀនសូត្រនិងបានអានសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ នាងខ្ញុំទទួលបានចំណេះជាច្រើនដូចជា ដឹងពីទុក្ខលំបាករបស់ប្រជាជននៅក្នុងរបបខ្មែរក្រហម ការបែកបាក់ក្រុមគ្រួសារ បែកបាក់ប្រពន្ធកូន ប្រជាជនជាច្រើនត្រូវបានស្លាប់នៅតាមផ្លូវដោយសារការជម្លៀសដោយបង្ខំ។ នាងខ្ញុំពិជាអាណិតអាសូរដល់ប្រជាជនដែលបានស្លាប់ក្នុងរបបខ្មែរក្រហមណាស់។
៣/ ចក់ ជំនិត ភេទ ប្រុស ជាសិស្សថ្នាក់ទី១០C មកពីសាលាវិទ្យាល័យហ៊ុនសែនប្រម៉ោយ។ ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករីយណាស់ដែលបានមកចូលរួមសិក្សាអំពីប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា។ ខ្ញុំមានអារម្មណ៍ថា អាណិតដល់ប្រជាជនកម្ពុជាខ្លាំងណាស់ដែលធ្លាប់បានឆ្លងកាត់របបដ៏ឃោរឃៅមួយនេះ ហើយរបបមួយនេះបានបន្លាយពេលអស់រយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ។ ប្រជាជនកម្ពុជាទាំងអស់បានជារងទុក្ខវេទនា ដោយប្រើឲ្យប្រជាជនធ្វើការងារលើសកម្លាំងពលកម្ម ហើយគ្មានអាហារហូបចុកគ្រប់គ្រាន់ទៀត។ ជាចុងក្រោយខ្ញុំពិតជាអរគុណខ្លាំងណាស់ដែលមជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានផ្ដល់ឪកាសឲ្យខ្ញុំចូលរួមរៀនសូត្រអំពីប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យហើយខ្ញុំពិតជាទទួលបានចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗផងដែរ។
៤/ ចិន តេពី ភេទស្រី ជាសិស្សថ្នាក់ទី១០C មកសាលាវិទ្យាល័យហ៊ុនសែនប្រម៉ោយ។ ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយដែលមជ្ឈមណ្ឌលផ្សះផ្សាវាលវែងផ្ដល់ឪកាសដល់រូបនាងខ្ញុំឲ្យចូលរៀនសូត្រអំពីប្រវត្តិសាស្រ្ដនៅក្នុងសម័យកម្ពុជាប្រជាធិបតិយ្យ(១៩៧៥-១៩៧៩) ទៅលើប្រធានបទ ការឡើងកាន់អំណាចរបស់ខ្មែរក្រហម។ ខ្ញុំទទួលបាននូវចំណេះដឹងថ្មីៗ ក្រៅពីសាលាដែលលោកគ្រូអ្នគ្រូបង្រៀនសព្វថ្ងៃយ៉ាងច្រើន។ អ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេនោះគឺខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីរាជធានីភ្នំពេញទាំងអស់ដោយបង្ខំចាកចេញពីទីក្រុងឲ្យទៅរស់នៅតាមជនបទ និងលុបបំបាត់សិទ្ធិសេរីភាពរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈហើយឲ្យធ្វើការងាររួមគ្នានៅក្នុងសហករណ៍។ បើមានឪកាសម្ដងទៀតខ្ញុំចង់មកស្វែងយល់អំពីប្រវត្តិសាស្រ្តបន្ថែមទៀត។
អង្កេតការណ៍៖
• សិស្សានុសិស្សមានឥរិយាបទល្អនិងរស់រាយរាក់ទាក់។
• សិស្សានុសិស្សក្លាហានក្នុងការចែករំលែកចំណេះដឹង និងសួរសំណួរ។
• សិស្សានុសិស្សបានស្លៀកសម្លៀកបំពាក់ស្អាតសមរម្យ។
• សិស្សានុសិស្សទាំងអស់យកចិត្តទុកដាក់ស្ដាប់ក្រុមការងារ និងកត់ត្រាទុក។

សិស្សានុសិស្សនៃវិទ្យាល័យហ៊ុនសែនប្រម៉ោយមកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង មកទស្សនកិច្ច និងចូលរួមសិក្សារៀនសូត្រស្ដីអំពីប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)
Photos by Chan Narith
Documentation Center of Cambodia Archieves
July 25, 2025

Full report