Home / Post

Veal Veng Reconciliation Center: សកម្មភាពសិស្សានុសិស្សអនុវិទ្យាល័យ និងវិទ្យាល័យហ៊ុនសែនប្រម៉ោយមកអានសៀវភៅប្រវត្តិសាស្រ្ត។ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥

នៅវេលាម៉ោង ៤:០០នាទី និងម៉ោង៥:០០នាទីល្ងាច ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ មានសិស្សានុសិស្សសរុបចំនួន៦នាក់(ស្រី៥) មកពីសាលាអនុវិទ្យាល័យ និងវិទ្យាល័យហ៊ុនសែនប្រម៉ោយ បានស្នើរសុំក្រុមការងាររបស់មជ្ឈមណ្ឌលផ្សាះផ្សាវាលវែង ដើម្បីចូលទស្សនា និងអានសៀវភៅប្រវត្តិសាស្រ្តដែលមានតម្កល់នៅក្នុងមជ្ឈមណ្ឌលផ្សះផ្សាវាលវែង។ គោលបំណងរបស់សិស្សានុសិស្ស ដើម្បីសិក្សាស្វែងយល់ចំណេះដឹងបន្ថែមអំពីប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ជាពិសេសប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ​(១៩៧៥ – ១៩៧៩) ដែលខ្លួនកំពុងសិក្សាក្នុងថ្នាក់អនុវិទ្យាល័យ និងត្រៀមសម្រាប់សិក្សានៅកម្រិតថ្នាក់វិទ្យាល័យនាពេលខាងមុខ។ សិស្សានុសិស្សបានចាប់អារម្មណ៍ និងចង់ដឹងអំពីឈ្មោះ តួនាទី និងប្រវត្តិរូបរបស់មេដឹកនាំសំខាន់ៗក្នុងរបបខ្មែរក្រហម។

ជាដំបូង៖ ចាន់ ណារិទ្ធ បុគ្គលិកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានណែនាំខ្លួន និងបានបង្ហាញខ្លីៗអំពីផ្ទាំងរូបភាព និងរូបផែនទីដែលបានដាក់តាំងបង្ហាញនៅមជ្ឈមណ្ឌលផ្សះផ្សាវាលវែងដល់សិស្សានុសិស្សទាំងអស់។ កិច្ចបន្ទាប់៖ មឿន ស្រីណុច បានប្រាប់ដល់សិស្សានុសិស្សអំពីសៀវភៅដែលមាននៅក្នុងមជ្ឈមណ្ឌលផ្សះផ្សាវាលវែងចំនួន២៦៥ក្បាលជាភាសាខ្មែរ និងអង់គ្លេស។ បន្ទាប់មកសិស្សានុសិស្សទាំងអស់បានជ្រើសរើសអានឯកសារអំពីឈ្មោះ ប្រវត្តិនៃការសិក្សា និងតួនាទីរបស់មេដឹកនាំសំខាន់ៗចំនួន៧រូបក្នុងរបបខ្មែរក្រហមរួមមាន៖ ប៉ុល ពត (ឈ្មោះដើម សាឡុត ស), នួន ជា, ខៀវ សំផន, ឌុច (ឈ្មោះដើម កាំង ហ្គេកអ៊ាវ), សុន សេន (សមមិត្ត ខៀវ), អៀង សារី (ហៅសមមិត្ត វ៉ាន់) និង ឈិត ជឿន (ហៅ តាម៉ុក) ដូចខាងក្រោម៖

ប៉ុល ពត (ឈ្មោះដើម សាឡុត ស)
ប៉ុល ពត កើតនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩២៥ ត្រូវនឹងឆ្នាំឆ្លូវ នៅស្រុកស្ទោង ខេត្តកំពង់ធំ និងជាកូនរបស់ម្ចាស់ដីដ៏ស្ដុកស្ដម្តម្នាក់។ នៅអាយុ៦ឆ្នាំ ប៉ុក ពត បានទៅរស់នៅជាមួយបងប្រុសដែលជាមន្រ្តីធ្វើការនៅក្នុងព្រះបរមរាជវាំង ជាកន្លែងដែលគាត់បានសិក្សារៀនសូត្រនៅតាមសាលាបារាំងជាច្រើនហើយបានបួសជាលោកនេន។ នៅឆ្នាំ១៩៤៩ ប៉ុល ពត បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង ប៉ុន្តែមិនទទួលបានសញ្ញាប័ត្រទេ។ អំឡុងពេលស្នាក់នៅរៀនសូត្រនៅទីក្រុងបារីស ប៉ុល ពត បានក្លាយជាសមាជិកបក្សកុម្មុយនិស្តបារាំង ហើយបានចំណាយពេលជាច្រើនទៅលើសកម្មភាពនយោបាយ។ នៅឆ្នាំ១៩៥៣ ប៉ុលពត បានត្រឡប់មកប្រទេសកម្ពុជាវិញ និងបានធ្វើជាគ្រូបង្រៀនប្រវត្តិវិទ្យានិងភូមិវិទ្យានៅសាលាឯកជន ព្រមទាំងបានចូលរួមជាមួយចលនាកុម្មុយនីស្តខុសច្បាប់មួយ។ ប៉ុល ពត បានរៀបការជាមួយ ខៀវ ប៉ុណ្ណារី នៅឆ្នាំ១៩៥៦។ នៅឆ្នាំ១៩៦០ ប៉ុល ពត មានឋានៈទីបីនៅក្នុងបក្សពលករកម្ពុជា ហើយត្រូវបានតែងតាំងជាអនុលេខាបក្សទីពីរក្នុងឆ្នាំ១៩៦១ និងជាលេខាបក្សក្នុងឆ្នាំ១៩៦៣។ ក្រោយមក ប៉ុល ពត បានដឹកនាំកងទ័ពខ្មែរក្រហមធ្វើសង្រ្គាមប្រឆាំងនឹងរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់។ ប៉ុល ពត បានក្លាយទៅជានាយករដ្ឋមន្រ្តីរបស់កម្ពុជាប្រជាធិបតេយ្យនៅឆ្នាំ១៩៧៦ ហើយបានលាលែងពីតំណែងនៅឆ្នាំ១៩៧៩។ ទោះជាយ៉ាងដូច្នេះក៏ដោយ ប៉ុល ពត នៅតែជាមេដឹកនាំដ៏មានឥទ្ធិពលរបស់ខ្មែរក្រហមដដែល។ ប៉ុល ពត រស់នៅនិទេសខ្លួនភាគច្រើននៅក្នុងទឹកដីថៃរហូតដល់ថ្ងៃទទួកមរណភាពនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨។ សាកសពរបស់ប៉ុល ពត ត្រូវបានបូជានៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៩៨។

នួន ជា (ឈ្មោះដើម ឡុង ប៊ុនរួត, ឡៅ គឹមលន, រុងឡឺត ឡាវឌី, ឈ្មោះក្រៅហៅ ខ្នួច)
នួន ជា កើតក្នុងឆ្នាំ១៩២៦ នៅខេត្តបាត់ដំបង។ នៅឆ្នាំ១៩៤២ នួន ជា បានទៅស្នាក់នៅក្នុងវត្តបិណ្ឌចាម៉ាបូពិត ដើម្បីបន្តការសិក្សាថ្នាក់មធ្យមសិក្សាកម្រិត២ក្នុងទីក្រុងបាងកក។ ឆ្នាំ១៩៤៤ នួន ជា បានបន្តការសិក្សាផ្នែកច្បាប់នៅសាកលវិទ្យាល័យធម្មាសាត ដែល នៅទីនោះ នួន ជា បានចូលជាសមាជិកបក្សកុម្មុយនីស្តថៃ។ នួន ជា បានវិលត្រឡប់មកប្រទេសកម្ពុជានៅឆ្នាំ១៩៥០ ហើយបានប្ដូរមកជាសមាជិកបក្សកម្មុយនីស្តឥណ្ឌូចិនវិញ។ នួន ជា បានចូលរួមវគ្គហ្វឹកហ្វឺននៅទីក្រុងហាណូយក្នុងឆ្នាំ១៩៥៤ ហើយបានវិលត្រឡប់មកប្រទេសកម្ពុជានៅឆ្នាំ១៩៥៥។ នៅឆ្នាំ១៩៦០ នួន ជា ត្រូវបានជ្រសើរើសជាអនុលេខាបក្សពលករកម្ពុជា។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នួន ជា ត្រូវបានជ្រើសតាំងជាប្រធានសភាតំណាងប្រជាជនកម្ពុជា និងមានតួនាទីយ៉ាងសំខាន់មួយទៀតក្នុងបក្សគឺ អនុលេខាគណៈកម្មាធិការមជ្ឈឹមបក្ស និងគណៈកម្មាធិការអចិន្រ្តៃយ៍បក្ស។ នួន ជា បានដើរតួនាទីសំខាន់ក្នុងបញ្ហាសន្តិសុខ ហើយក្នុងនាមជាកម្មាភិបាលជាន់ខ្ពស់លំដាប់ទីពីរ នួន ជា ទទួលខុសត្រូវក្នុងការអនុវត្តគោលនយោបាយឃោរឃៅជាច្រើន ដែលបានដាក់អនុវត្តដោយគណៈកម្មាធិការអចិន្រ្តៃយ៍បក្ស។ នួន ជា បាននិទេសខ្លួនទៅរស់នៅព្រំដែនខ្មែរ-ថៃនៅឆ្នាំ១៩៧៩។ នួន ជា ជាមួយ ខៀវ សំផន បានចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩៨ បន្ទាប់ពីមរភាព ប៉ុល ពត។  នួន ជា ត្រូវបានចាប់ខ្លួន និងឃុំខ្លួនបណ្ដោះអាសន្ននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧ ដោយអង្គការជំនុំជម្រះវិសាមញ្ញាក្នុងតុលាការកម្ពុជា។ ក្រោយមក នួន ជា ត្រូវបានកាត់ទោសដោយអង្គការជំនុំជម្រះវិសាមញ្ញាក្នុងតុលាការកម្ពុជា និងត្រូវបានជាប់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលត្រូវបានសម្រេចដោយតុលាការកំពូលក្នុងសំណុំរឿង០០២/០១ បន្ទាប់ពីការបដិសេធលើបណ្ដឹងឧទ្ធរណ៍។ នួន ជា ក៏ត្រូវបានកាត់ទោសដោយអង្គការជំនុំជម្រះសាលាដំបូងពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ និងអំពើប្រល័យពូជសាសន៍លើជនជាតិវៀតណាម និងចាម។ នួន ជា បានរៀបចំបណ្ដឹងឧទ្ធរណ៍ទៅកាន់តុលាការកំពូល ប៉ុន្តែបណ្ដឹងត្រូវបានវិនិច្ឆ័យ និងសម្រេចឲ្យបញ្ចប់ ដោយសារមរណភាពរបស់ នួន ជា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩។

ខៀវ សំផន( ហៅសមមិត្ត ហែម)
ខៀវ សំផន កើតឆ្នាំ១៩៣១ នៅខេត្តកំពង់ចាម។ បន្ទាន់ពីទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង ខៀវ សំផន បានបញ្ចប់សញ្ញាប័ត្រថ្នាក់បណ្ឌិតវិទ្យាសាស្រ្តសេដ្ឋកិច្ច ហើយបានវិលត្រឡប់មកកម្ពុជាវិញក្នុងឆ្នាំ១៩៥៩។ បន្ទាប់មក សម្ដេច នរោត្ដម សីហនុ បានតែងតាំង ខៀវ សំផន ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ នៅឆ្នាំ១៩៦៤ ខៀវ សំផន បានលាលែងពីមុខតំណែង ក៏ប៉ុន្តែបន្តស្ថិតនៅជាសមាជិកសភារយៈពេលបួនឆ្នាំទៀត។ អស់រយៈពេលជាមួយទសវត្សរ៍ក្រោយមក ខៀវសំផន ត្រូវបានកាត់ទោសដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានិងត្រូវជាប់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលត្រូវបានសម្រេចដោយតុលាការកំពូល ក្នុងសំណុំរឿង០០២/០១ បន្ទាប់ពីការបដិសេដបណ្ដឹងឧទ្ធរណ៍។ ខៀវ សំផន ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ ខៀវ សំផន ត្រូវបានកាត់ទោសដោយអង្គជំរុំជម្រះសាលាដំបូងពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរនៅទីក្រុងហ្សឺណែវឆ្នាំ១៩៤៩និងអំពើប្រល័យពូជសាសន៍លើជនជាតិវៀតណាម។

ឌុច (ឈ្មោះដើម កាំង ហ្កេកអ៊ាវ)
ឌុច កើតនៅឆ្នាំ១៩៤៥ នៅខេត្តកំពង់ធំ។ ឌុច រៀននៅវិទ្យាល័យព្រះស៊ីសុវត្តិ និងបានជាប់ចំណាត់ថ្នាក់ជាសិស្សពូកែខាងគណិតវិទ្យាលេខ២ ទូទាំងប្រទេស។ ឌុច ធ្វើជាគ្រូបង្រៀនគណិតវិទ្យានៅសាលមួយនៅក្នុងខេត្តកំពង់ធំ។ នៅឆ្នាំ១៩៦៤ ឌុច ធ្វើការនៅសាលាគរុកោសល្យ បន្ទាប់ពី សុន សេន បានរត់ចូលព្រៃ។ ឌុច ចូលជាសមាជិកបក្សកុម្មុនីស្តកម្ពុជានៅឆ្នាំ១៩៧០។ ជាចុងក្រោយ ឌុច បានកាន់តំណែងជាប្រធានមន្ទីរសន្តិសុខដ៏អសោចមួយ ដែលមានឈ្មោះថា ស-២១(ឬ ទួលស្លែង)។ ឌុច បានផ្ដាច់ខ្លួនចេញពីក្រុមខ្មែរក្រហមក្នុងទសវត្សរ៍ឆ្នាំ១៩៨០ហើយបានក្លាយខ្លួនជាគ្រិស្តបរិស័ទ។ ឌុច ត្រូវបានចាប់ខ្លួននៅខែឧសភា ឆ្នាំ១៩៩៩។ ក្នុងខែកុម្ភៈ ឆ្នាំ២០០៥ ឌុច ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មសង្រ្គាម និងការធ្វើទុកបុកម្នេញទៅលើជនបរទេស ក្នុងរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យ។ ឌុច ត្រូវបានកាត់ទោសដោយអង្គជំរុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហើយនៅក្នុងឆ្នាំ២០១២ តុលាការកំពូលសម្រេចកាត់ទោស ឌុច ឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ នៅក្នុងសំណុំរឿង០០១។

តា ម៉ុក (ឈ្មោះដើម ឈិត ជឿន)
តាម៉ុក កើតនៅឆ្នាំ១៩២៦ នៅខេត្តតាកែវ។ តាម៉ុក បានបួសរៀនអស់ជាច្រើនឆ្នាំ និងបានរៀបការជាមួយប្អូនជីដូនមួយរបស់ខ្លួនឈ្មោះ អ៊ុក ឃីម ហើយមានកូន៤នាក់។ នៅឆ្នាំ១៩៤៩ តា ម៉ុក គឺជាប្រធានខ្មែរឥស្សរៈស្រុកក្នុងខេត្តតាកែវ។ តាម៉ុក បានចូលជាសមាជិកបក្សកុម្មុយនីស្តនៅឆ្នាំ១៩៦៣។ ពីឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧៨ តាម៉ុក គឺជាលេខាភូមិភាគនិរតី។ នៅខែវិច្ឆិកា ឆ្នាំ១៩៧៨ តា ម៉ុកត្រូវបានតែងតាំងជាអនុលេខាទី២បក្សកុម្មុយនីស្តកម្ពុជា។ បន្ទាប់ពីការដួលរលំរបស់កម្ពុជាប្រជាធិបតេយ្យ តាម៉ុក មិនដែលស្នើសុំការលើកលែងទោស ហើយមិនដែលមានបំណងចុះចូលជាមួយរដ្ឋាភិបាលទេ។ តាម៉ុក ត្រូវបានចាប់ខ្លួនដោយកងទ័ពរដ្ឋាភិបាល នៅក្បែរព្រំដែនថៃ នៅខែមីនា ឆ្នាំ១៩៩៩ និងបញ្ជូនមកដាក់ក្នុងមន្ទីរឃុំឃាំងរងចាំការកាត់ទោស។ តា ម៉ុក ស្លាប់ដោយសារជំងឺនៅថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០០៦។

អៀង សារី (ហៅសមមិត្ត វ៉ាន់)
អៀង សារី កើតក្នុងឆ្នាំ១៩៣០ នៅខេត្តត្រាវិញ ប្រទេសវៀតណាមខាងត្បូង។ ក្នុងឆ្នាំ១៩៥០ អៀង សារី បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង ជាកន្លែងដែល អៀង សារី បានស្គាល់ អៀង ធីរិទ្ធ និងក្រោយមកបានរៀបការជាមួយគ្នា។ អៀង សារី បានក្លាយទៅជាបក្សកុម្មុយនីស្តបារាំង។ នៅឆ្នាំ១៩៥៧ អៀង សារី បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ហើយបានចូលជាសមាជិកបក្សប្រជាជនបដិវត្តន៍ខ្មែរ។ អៀង សារី បង្រៀននៅវិទ្យាល័យកម្ពុជាបុត្ររហូតដល់ឆ្នាំ១៩៦៣ ដែលនៅពេលនោះបានរត់ចូលព្រៃតស៊ូ។ ក្រោយមក អៀង សារី បានក្លាយជាមេបញ្ជាការកងទ័ពនៅភូមិភាគឦសាន។ ឆ្នាំ១៩៧៦ អៀង សារី ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តីទីមួយ ទទួលបន្ទុកកិច្ចការបររទេះ។ អឿង សារី ក៏ជាសមាជិកគណៈកម្មាធិការមជ្ឈឹមបក្សនិងគណៈកម្មាធិការអចិន្រ្តៃយ៍បក្ស។ អៀង សារី បានចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ១៩៩៦។ អៀង សារី ត្រូវបានចាប់ និងឃុំខ្លួនក្រោមដីកាឃាត់ខ្លួនរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានៅឆ្នាំ២០០៧ ដោយត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ អំពើបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ជាមួយនឹងប្រពន្ធរបស់ខ្លួនគឺ អៀង ធីរិទ្ធ ដែលត្រូវបានឃាត់ខ្លួនដូចគ្នាពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ។ អៀង ធីរិទ្ធ ត្រូវបានប្រកាសថាមិនមាននិតិសម្បទាផ្នែកស្មារតីគ្រប់គ្រាន់ដើម្បីបន្តដំណើរការសវនាការដោយសារតែជំងឺរង្វេងវង្វាន់ធ្ងន់ធ្ងរ។ ជាលទ្ធផល ដោយសារកង្វះខាតសមត្ថភាពផ្នែកស្មារតី អៀង ធីរិទ្ធ ត្រូវបានដោះលែងពីពន្ធធនាគារ ហើយបានស្លាប់នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥។ អៀង សារី បានស្លាប់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ ដោយសារជំងឺចាស់ជរា ក្នុងដំណើរការសវនាការលើសំណុំរឿងរបស់ខ្លួនមិនទាន់ត្រូវបានបញ្ចប់នៅឡើយ។ អ្នកទាំងពីរពុំបានជាប់ទោសណាមួយដែលសម្រេចតាមច្បាប់តុលាការស្ដីពីឧក្រិដ្ឋកម្មដែលបានចោទទេ។

សុន សេន (សមមិត្ត ខៀវ)
សុន សេន កើតនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៣០ នៅខេត្តត្រាវិញ ប្រទេសវៀតណាមខាងត្បូង។ ប្រពន្ធ សុន សេនឈ្មោះ យុន យាត (ហៅសមមិត្តនារី អាត)ជារដ្ឋមន្រ្តីក្រសួងអប់រំនិងវប្បធម៌ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ សុន សេន បានទៅសិក្សានៅប្រទេសបារាំងពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៦ ហើយបានចុលជាសមាជិកបក្សកុម្មុយនីស្តបារាំង។ ក្នុងឆ្នាំ១៩៦៣ សុន សេន បានភៀសខ្លួនចូលព្រៃដើម្បីគេចពីការតាមចាប់ខ្លួន។ សុន សេន បានក្លាយជាអគ្គបញ្ជាការកងកម្លាំងរំដោះជាតិប្រជាជនកម្ពុជាក្នុងឆ្នាំ១៩៧១។ ក្នុងរយៈកាលកម្ពុជាប្រជាធិបតេយ្យ សុន សេន ជាឧបនាយករដ្ឋមន្រ្តីទីបី ទទួលបន្ទុកការពារជាតិ និងគ្រប់គ្រងផ្ទាល់ទៅលើមន្ទីរស-២១។ សុន សេន និងក្រុមគ្រួសារត្រូវបានសម្លាប់តាមបញ្ជារបស់ប៉ុល ពតនៅថ្ងៃទី១០ ខេមិថុនា ឆ្នាំ១៩៩៧។

ចុងបញ្ចាប់៖ ក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានណែនាំដល់សិស្សានុសិស្សឲ្យចូលរួមអានសៀវភៅឲ្យបានច្រើន ដើម្បីបង្កើតដល់ការចងចាំ និងទទួលបានចំណេះដឹងឲ្យកាន់តែទូលំទូលាយជាជំនួយបន្ថែមដល់ការសិក្សារៀនសូត្រនៅក្នុងសាលា និងការប្រឡងនានា។ ក្រុមការងារបានបន្ថែមថា មជ្ឈមណ្ឌលផ្សះផ្សាវាលវែងនៅតែបន្តបើកដោយសេរីសម្រាប់សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ទាំងបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ក៏ដូចជាអតីតសិស្ស និងសម្រាប់ប្រជាជនទាំងអស់ក្នុងការចូលទស្សនា និងចង់សិក្សាអំពីប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)។

ចំណាប់អារម្មណ៍៖
១/ ឡុង ស៊ីវយិន អាយុ១៥ឆ្នាំ ភេទស្រី ជាសិស្សថ្នាក់ទី៩A មកពីវិទ្យល័យ ហ៊ុន សែន ប្រម៉ោយ។
នាងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយដែលក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង អនុញ្ញាតឲ្យពួកខ្ញុំចូលមកអានសៀវភៅនៅក្នុងមជ្ឈមណ្ឌលផ្សះផ្សាវាលវែង។ បន្ទាប់ពីអានសៀវភៅ នាងខ្ញុំទទួលបានចំណេះបន្ថែមទាក់ទងនឹងប្រវត្តិរូបរបស់ថ្នាក់ដឹកនាំធំៗនៅក្នុងរបបខ្មែរក្រហម ព្រោះតាមរយៈការនិយាយរៀបរាប់របស់លោកតា លោកយាយ និងតាមការសិក្សាកន្លងមក ខ្ញុំបានដឹងថាក្នុងរបបខ្មែរក្រហម គឺជារបបមួយដ៏ឃោរឃៅ ដោយសារការប្រើប្រជាជនទូទាំងប្រទេសឲ្យធ្វើការងារមិនមានពេលវេលាសម្រាក ការបង្អត់អាហារ ការបំបែកសមាជិកគ្រួសារចាកចេញឆ្ងាយពីគ្នា និងលុបបំបាត់សាលារៀនផងដែរ។ ជាពិសេសក្នុងរបបខ្មែរក្រហមបានធ្វើឲ្យប្រជាជនបាត់បង់ជីវិតអស់ជាច្រើននាក់។ រឿងរ៉ាវទាំងអស់នេះបានធ្វើឲ្យនាងខ្ញុំចង់ដឹងថា ហេតុអ្វីថ្នាក់ដឹកនាំទាំងនោះធ្វើមកលើប្រជាជនដូចច្នេះ? ជាចុងក្រោយ ខ្ញុំសូមអរគុណដល់ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ដែលអនុញ្ញាតឲ្យនាងចូលមកអានសៀវភៅនៅក្នុងមជ្ឈមណ្ឌលផ្សះផ្សាវាលវែង។

២/ ភា លេងគីម អាយុ១៥ឆ្នាំ ភេទស្រី ជាសិស្សថ្នាក់ទី៨A មកពីវិទ្យល័យ ហ៊ុន សែន ប្រម៉ោយ
នាងខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ ដែលបានមកអានសៀវភៅនៅក្នុងមជ្ឈមណ្ឌលផ្សះផ្សាវាលវែង។ បន្ទាប់ពីអានសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) និងអានទាក់ទងនឹងប្រវត្តិរូបរបស់មេដឹកនាំសំខាន់ៗក្នុងរបបខ្មែរក្រហម នាងខ្ញុំទទួលបានចំណេះជាច្រើន ដែលពាក់ព័ន្ធក្នុងការដឹកនាំប្រទេសរបស់មេដឹកនាំនៅក្នុងរបបខ្មែរក្រហម។ ជាពិសេស នាងខ្ញុំបានដឹងបន្ថែមអំពីកម្រិតនៃការសិក្សារបស់ពួកគាត់។

Photos by Chan Narith and Moeurn Sreynoch
Documentation Center of Cambodia Archieves
May 20, 2025

Full report