Home / Post

Veal Veng Reconciliation Center: សកម្មភាពក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងចុះសួរសុខទុក្ខ និងសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥

នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានចុះសម្ភាសន៍ក្នុងភូមិប្រម៉ោយ ក្នុងគោលបំណងសួរ សុខទុក្ខ និងស្តាប់រឿងរ៉ាវអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ជាពិសេសបញ្ហាសុខភាពរបស់អ្នករស់រានមានជីវិត។ ក្រុមការងារបានជួបសម្ភាសន៍ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៤នាក់(ស្រី៣នាក់)រួមមាន៖ ឈ្មោះ ឡុង ថន (ប្រុស), ឡុង រ៉ាន់ (ស្រី), បួក ធុច (ស្រី) និង ឡុង សាកាន់ (ស្រី)។ សង្ខេបរឿងរ៉ាវអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៤នាក់មានដូចខាងក្រោម៖

ឡុង ថន ៖ ប្រធានអនុសេនាតូចលេខ២ ការពារព្រំដែនថ្មដា

ខ្ញុំបាទឈ្មោះ ឡុង ថន អាយុ៧៥ឆ្នាំ សព្វថ្ងៃចាស់ជរា។ ខ្ញុំ មានស្រុកកំណើតនៅភូមិក្របៅ ឃុំពេជ្រចង្វារ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្នរស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំមានប្រពន្ធឈ្មោះ ឡុង សាកាន់ អាយុ៧៤ឆ្នាំ សព្វថ្ងៃចាស់ជរា។ ខ្ញុំមានកូនចំនួន៧នាក់ (ប្រុស២នាក់ ស្រី៥នាក់) កូនរបស់ខ្ញុំសព្វថ្ងៃមានគ្រួសារអស់ហើយ។ ខ្ញុំមានឪពុកឈ្មោះ ហម ស៊ីវ (ស្លាប់ឆ្នាំ១៩៩៦ ដោយសារជំងឺមហារីក) និងម្ដាយឈ្មោះ ទូច ផៃ (ស្លាប់ឆ្នាំ១៩៩៧ ដោយសារជំងឺមហារីកស្បូន)។ ខ្ញុំ មានបងប្អូនបង្កើតចំនួន៨នាក់(ប្រុស៦នាក់ ស្រី២នាក់)។ បងប្អូនខ្ញុំបានទទួលមរណៈភាពចំនួន៤នាក់។ ខ្ញុំជាកូនទី២ នៅក្នុងគ្រួសារ។
កាលពីក្មេងខ្ញុំបានរៀនត្រឹមថ្នាក់ទី១០ សង្គមចាស់ សាលារៀននៅក្នុងវត្តភូមិថ្មល់ ។ មូលហេតុដែលខ្ញុំឈប់រៀនដោយសារតែម្ដាយឈឺគ្មានអ្នកមើលថែ។ បន្ទាប់ពីឈប់រៀនខ្ញុំបានជួយឪពុកប្រកបរបរធ្វើស្រែ។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លោកសេនាប្រមុខលន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់ សម្ដេច នរោត្ដម សីហនុ ចេញពីមុខតំណែង។ បន្ទាប់ពីរដ្ឋប្រហារបានរយៈពេល១ខែ ម្ដាយឪពុកខ្ញុំបានរៀបចំឲ្យខ្ញុំមានគ្រួសារ។ ក្រោយពីរដ្ឋប្រហារបានរយៈពេល១ឆ្នាំ នៅក្នុងភូមិក្របៅ ចាប់ផ្ដើមមានចលនាតស៊ូខ្មែរក្រហមចូលមកឃោសនា ដែលដឹកនាំដោយ តា លក្ខ។ បន្ទាប់មក តា លក្ខ បានដឹកនាំអង្គភាពសម្ដែងសិល្បៈចូលមកសម្ដែងសិល្បៈឲ្យប្រជាជនក្នុងភូមិក្របៅបានទស្សនា។ បន្ទាប់ពីសម្ដែងសិល្បៈត្រូវបានបញ្ចប់ តា លក្ខ បានឃោសនាប្រាប់ទៅកាន់ប្រជាជនដែលរស់នៅក្នុងភូមិក្របៅឲ្យរួមជាមួយកងទ័ពរំដោះ ដើម្បីតស៊ូវាយដណ្ដើមអំណាចឲ្យសម្ដេច នរោត្ដម សីហនុ គ្រប់គ្រងតំណែងឡើងវិញ។ នៅឆ្នាំ១៩៧២ ខ្ញុំបានសម្រេចចាក់ចេញពីឪពុកម្ដាយ និងប្រពន្ធ ដើម្បីចូលរួមជាមួយកងទ័ពរំដោះដែលមានទីតាំងឈរជើងក្នុងព្រៃម៉ាក់គី។ ពេលចូលទៅដល់ក្នុងព្រៃម៉ាក់គី តា លក្ខ បានចែកកាំភ្លើងការ៉ាប៊ីនឲ្យខ្ញុំចំនួន១ដើម។ បន្ទាប់មក តា លក្ខ បានចាត់តាំងឲ្យខ្ញុំធ្វើជាប្រធានក្រុមដោយគ្រប់គ្រងកងទ័ពចំនួន១២នាក់ ដើម្បីបែកចែកកម្លាំងឲ្យចូលទៅឃោសនាតាមភូមិ។ នៅឆ្នាំ១៩៧៣ តា លក្ខ បានដឹកនាំកម្លាំងទៅវាយជាមួយទាហានលោកសេនាប្រមុខ លន់ នល់ ដែលឈរជើងនៅបន្ទាយលង្វែក ដែលស្ថិតនៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីវាយរំដោះបានបន្ទាយលង្វែក តា លក្ខ បានដកខ្ញុំនិងកងទ័ពផ្សេងទៀត ប្រហែលមួយវរសេនាតូចឲ្យធ្វើដំណើរត្រឡប់មកឈរជើងនៅស្រុកបរិបូណ៍វិញ។ ពេលធ្វើដំណើរចូលមកដល់ស្រុកបរិបូណ៍ ខ្ញុំនិងកងទ័ពទាំងអស់បានមកចូលរួមជាមួយកងអនុសេនាតូចលេខ៣៥ ដែលគ្រប់គ្រងដោយ តា ស្ងួន និងនៅក្រោមការគ្រប់គ្រងខាងស្រុកបរិបូណ៍។ បន្ទាប់មកទៀត តា ស្ងួន បានចាត់តាំងឲ្យខ្ញុំដឹងនាំកងទ័ពមួយក្រុមដែលមានគ្នា១២នាក់ ដើម្បីបញ្ជូនឲ្យទៅការពារតាមព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ព្រោះខ្លាចគិញសង្ងាត់ CIA ចូលមកស៊ើបអង្កេត។ នៅឆ្នាំ១៩៧៩ កងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា សហការណ៍ជាមួយកងទ័ពវៀតណាមបានដឹកនាំកម្លាំងជាច្រើន បានធ្វើដំណើរតាមផ្លូវជាតិលេខ៥ ចេញពីទីក្រុងភ្នំពេញសំដៅចូលមកវាយរំដោះនៅក្នុងខេត្តកំពង់ឆ្នាំង។ ដោយកងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា និង កងទ័ពវៀតណាមមានកម្លាំងច្រើនមិនអាចទប់ទល់បាន ស្ងួន បានបញ្ជាឲ្យកងទ័ពទាំងអស់រត់ចូលព្រៃ ដើម្បីធ្វើដំណើរសំដៅទៅចូលរួមជាមួយកងពល៥៣០ ដែលឈរជើងនៅភូមិបំណក់ ឃុំបំណក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលគ្រប់គ្រងដោយ តា ពន្លក។ បន្ទាប់ពីចូលរួមជាមួយកងពល៥៣០ បានប្រហែលកន្លះ តា ពន្លក បានដឹកនាំកម្លាំងទាំងអស់ធ្វើដំណើរចេញពីភូមិបំណក់សំដៅទៅព្រំដែនថ្ម។ ពេលធ្វើមកដល់ព្រំដែនថ្មដា កងទ័ពទាំងអស់ត្រូវបានបញ្ចូលជាមួយកងពលទី២ ដែលគ្រប់គ្រងដោយ តា រ៉ែន។ បន្ទាប់មក តា រ៉ែន បានចាត់តាំងឲ្យខ្ញុំធ្វើជាប្រធានអនុសេនាតូចលេខ២ ដោយគ្រប់គ្រងកងទ័ព៥០ទៅ៦០នាក់។ នៅឆ្នាំ១៩៨៤ កងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាម បានដឹកនាំកម្លាំងសំដៅចូលមកវាយនៅតំបន់ថ្មដា។ ពេលនោះកងពលទី២(ដឹកនាំដោយតា រ៉ែន) និងកងពលទី៣ (ដឹកនាំដោយតា សេង) បានរៀបចំកម្លាំង ដើម្បីចាំទប់ទល់ជាមួយកងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាមនៅស្ទឹងមេទឹក។ ចំណែកប្រពន្ធខ្ញុំនិងប្រពន្ធកងទ័ពផ្សេងទៀត បានរត់ភៀសខ្លួនទៅរស់នៅក្នុងជំរំខៅប្លូរបណ្ដោះអាសន្ន។ ពេលកំពុងវាយតតាំងគ្នាជាមួយកងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាម ខ្ញុំត្រូវបានកងទ័ពវៀតណាមបាញ់ត្រូវស្មាខាងឆ្វេងចំនួន២គ្រាប់ បណ្ដាលឲ្យរងយ៉ាងធ្ងន់ធ្ងរ។ ពេលនោះខ្ញុំត្រូវបានអ្នករួមប្រយុទ្ធជាមួយគ្នា បានបញ្ជូនយកទៅសម្រាកព្យាបាលនៅពេទ្យអង្គភាពដែលឈរជើងនៅតំបន់អូរភ្លក់ដំរី។ បន្ទាប់ពីព្យាបាលបានប្រហែលកន្លះ ខ្ញុំត្រូវបញ្ជូនមកអង្គភាពពិការនៅចម្ការស្រូវ ដែលមានទីតាំងនៅខាងជើងច១។ ក្រោយពីកងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាមបានដកកម្លាំងត្រឡប់ទៅស្រុកភ្នំក្រវាញវិញ កងអនុសេនាតូច២និងកងវរសេនាធំរបស់លោក អ៊ួន យ៉ង់ ត្រូវបាន តា រ៉ែន បញ្ជាឲ្យទៅបោះទីតាំងឈរជើងលើភ្នំទំព័រ ដើម្បីធ្វើចលនាតាមផ្លូវជាតិលេខ៥៦។ បន្ទាប់ពីឈរជើងលើភ្នំទំព័របានរយៈពេល២ខែ កងអនុសេនាតូចលេខ២ ត្រូវបាន តា រ៉ែន ផ្លាស់ឲ្យទៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដើម្បីចុះធ្វើអប់រំប្រជាជនរស់នៅទីនោះ។ នៅឆ្នាំ១៩៩៣ កងអនុសេនាតូចលេខ២ បានផ្លាស់ពីរវៀងមកឈរជើងនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាមួយកងវរសេនាធំរបស់លោក អ៊ួន យ៉ង់។ ក្រោយពីសភាពការណ៍ស្ងប់ស្ងាត់ ខ្ញុំបានឡើងទៅយកប្រពន្ធពីជំរំខៅប្លូវ ឲ្យចូលមករស់នៅភូមិប្រម៉ោយវិញ។ នៅឆ្នាំ១៩៥ កងទ័ពរដ្ឋាភិបាលកម្ពុជា បានដឹកនាំកម្លាំងឡើងមកវាយនៅស្រុកវាលវែលម្ដងទៀត។ ពេលនោះខ្ញុំនិងប្រពន្ធបានរត់ភៀសខ្លួនចេញពីស្រុកវាលវែង ទៅរស់នៅក្នុងជំរំខៅប្លូរបានរយៈពេល៥ខែ ទើបសម្រេចចុះចូលជាមួយរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោក គឹម ពៅ។ បន្ទាប់ពីចូលរួមជាមួយកងទ័ពរដ្ឋាភិបាល ខ្ញុំត្រូវបានលោក គឹម ពៅ បញ្ជូនឲ្យទៅការពារព្រំដែនថ្មដា ដែលមានទីតាំងនៅទល់មុខសុផាន់ហ៊ីន ខេត្តត្រាត ប្រទេសថៃ។ ក្រោយពីឈរជើងការពារព្រំដែនថ្មដាបានរយៈពេល១ឆ្នាំ ខ្ញុំបានផ្លាស់ពីព្រំដែនថ្មដាមកឈរជើងនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយបានសាងសង់រស់នៅក្នុងភូមិប្រម៉ោយនិងប្រកបរបរធ្វើចម្ការ ដើម្បីផ្គត់ផ្គងជវីភាពបន្ថែមនៅក្នុងគ្រួសារ៕

សង្ខេបដោយ៖ ចាន់ ណារិទ្ធ

ឡុង រ៉ាន់៖ អតីតគ្រូពេទ្យនៅមន្ទីរពេទ្យកុមារព១
ខ្ញុំឈ្នោះ ឡុង រ៉ាន់ ភេទស្រី អាយុ៦១ឆ្នាំ។ ខ្ញុំ មានស្រុកកំណើតនៅក្នុងភូមិមឿងចារ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឪពុកឈ្មោះ ផុស (ស្លាប់) ក្នុងឆ្នាំ១៩៧៧ដោយសារជំងឺចុកពោះ។ ម្ដាយឈ្មោះ ម៉ី សូត្រ (ស្លាប់) ដោយសារជំងឺចាស់ជរា។ ខ្ញុំ មានបងប្អូនបង្កើតចំនួន៥នាក់ (ស្រី២នាក់) ហើយ ខ្ញុំ ជាកូនទី២។ ប្ដីឈ្មោះ យក់ រ៉ា (ស្លាប់) ហើយ ខ្ញុំ មានកូនចំនួន៤នាក់ (ស្រី២នាក់)។
កាលនៅវ័យកុមារ ខ្ញុំ បានចូលរៀននៅសាលាវត្តមឿងចារត្រឹមថ្នាក់ទី១២(សម័យសង្គមចាស់)។ គ្រូរបស់ ខ្ញុំ ឈ្មោះ វិត ជាអ្នករស់នៅក្នុងភូមិជាមួយខ្ញុំដែរ។ បន្ទាប់មក ខ្ញុំ បានឃើញយន្តហោះបានបើកមកទម្លាក់គ្រាប់បែកដល់មុខផ្ទះរបស់ ខ្ញុំ និងបានទម្លាក់ចំមនុស្សម្នាក់ស្លាប់បាត់បង់ជីវិត និងងាប់សត្វគោជាច្រើនក្បាល។ ខ្ញុំ បានរត់ចូលក្នុងត្រង់សេ ដើម្បីការពារខ្លួន។ ក្រោយមក ម្ដាយខ្ញុំ មិនឲ្យខ្ញុំទៅរៀនទៀតនោះទេ ព្រោះខ្លាចយន្តហោះទម្លាក់គ្រាប់។
នៅឆ្នាំ១៩៧៥ ខ្ញុំ ត្រូវបានខ្មែរក្រហមបញ្ចូនឲ្យចូលក្នុងកងកុមារភូមិមឿងចារ។ ខ្ញុំ ត្រូវបានបញ្ចូនឲ្យទៅរែកដី រែកអាចម៌គោយកទៅចាក់ក្នុងស្រែ។ ខ្ញុំ ធ្វើការចាប់ពីម៉ោង៧ព្រឹករហូតដល់ម៉ោង១១ សម្រាកហូបបាយ និងចាប់ផ្ដើមពីម៉ោង២រសៀល រហូតដល់ម៉ង៥ល្ងាច។ សម្រាប់របបអាហារ ខ្ញុំ បានហូបបាយជាមួយសម្លធម្មតា។ ឪពុករបស់ ខ្ញុំ ត្រូវបានខ្មែរក្រហមប្រើដាំបាយឲ្យកងចល័ត។ ចំណែកម្ដាយនៅមើលប្អូនតូចៗនៅផ្ទះ។ នៅខែមករា ឆ្នាំ១៩៧៦ ខ្ញុំ បងស្រីបង្កើតឈ្មោះ រី និងបងស្រីជីដូនមួយឈ្មោះ រ៉ន ត្រូវបានមេឃុំឈ្មោះ បឿន ជ្រើសរើសចេញពីកងកុមារភូមិឲ្យទៅរៀនពេទ្យនៅត្រពាំងគល់ ដែលជាមន្ទីរពេទ្យមួយប្រចាំក្នុងស្រុកត្រាំកក់។ នៅរយៈពេល៦ខែដំបូង ខ្ញុំ បានរៀនចាក់ថ្នាំ និងរៀនពីរបៀបព្យាបាលជំងឺទូទៅ។ នៅក្នុងមន្ទីរពេទ្យសម្បូរប្រជាជនមានជំងឺច្រើនណាស់ ហើយជំងឺទាំងអស់រួមមាន គ្រុនក្ដៅ រាគ និងគ្រុនផ្ដាសាយ។ នៅទល់មុខមន្ទីរពេទ្យត្រពាំងគល់ មានរោងចក្រផលិតថ្នាំគ្រាប់ និងថ្នាំប្រភេទទឹក សម្រាប់យកមកផ្គត់ផ្គង់ក្នុងមន្ទីរពេទ្យ។ ក្រោយមក ខ្ញុំ បានជួយចាក់ថ្នាំ និងមើលថែអ្នកជំងឺក្នុងមន្ទីរពេទ្យ។ របបអាហារសម្រាប់គ្រូពេទ្យ និងអ្នកជំងឺគឺហូបបាយ។
នៅដើមឆ្នាំ១៩៧៧ ខ្ញុំ មិត្តនារីឈ្មោះ សម្បត្តិ, ណាត និងនារីចំនួន៤នាក់ទៀត ត្រូវបានប្រធានមន្ទីរពេទ្យឈ្មោះ បង នាង ភេទស្រី ជ្រើសរើសឲ្យទៅរៀនជំនាញពេទ្យបន្ថែមនៅទីក្រុងភ្នំពេញ។ ទៅដល់ភ្នំពេញ ខ្ញុំ និងមិត្តឈ្មោះ សម្បត្តិ ត្រូវបានបញ្ចូនឲ្យទៅរៀននៅមន្ទីរពេទ្យកុមារព១(នៅវត្តភ្នំ)។ នៅមន្ទីរពេទ្យកុមារព១ មានឈ្មោះបង មិញ និង បង នី ជាវេជ្ជបណ្ឌិតប្រចាំក្នុងមន្ទីរពេទ្យ។ នៅមន្ទីរពេទ្យមានសុទ្ធតែកុមារទាំងអស់ ដែលភាគច្រើនមានជំងឺគ្រុនក្ដៅ រាគ និងជំងឺរបេង។ គ្រប់កុមារទាំងអស់មានសរសេរក្រដាស់ឈ្មោះផ្ទាល់ខ្លួន និងឈ្មោះរបស់ឪពុកម្ដាយបិទនៅចុងគ្រែពេទ្យ។ នៅពេលព្រឹក ខ្ញុំ ចូលព្យាបាលកុមារ។ ម៉ោង១១ព្រឹក ខ្ញុំនិងសម្បត្តិ ត្រូវទៅរៀនភាសាចិនជាមួយគ្រូជនជាតិចិន ដើម្បីងាយស្រួលមើលថ្នាំពេទ្យ។ នៅម៉ោង១ទៅម៉ោង២រសៀល ខ្ញុំ ត្រូវចូលព្យាបាល និងមើលថែកុមារបន្តទៀត។ នៅពេលយប់ ខ្ញុំ ត្រូវចូលវេនយាមរហូតទល់ព្រឹកមិនមានពេលសម្រាកនោះឡើយ។ នៅមន្ទីរពេទ្យមានគ្រូពេទ្យប្រហែល១០០នាក់ ដែលត្រូវបានចាត់ទៅតាមផ្នែកផ្សេងៗមាន ផ្នែកព្យាបាលជំងឺទូទៅ ផ្នែកដាំបាយ ផ្នែកបោកខោអាវ និងផ្នែកអនាម័យ។
នៅឆ្នាំ១៩៧៩ ខ្ញុំ សម្បត្តិ និងគ្រូពេទ្យទាំងអស់បានឡើងជិះឡានជាមួយកងទ័ពខ្មែរក្រហមភៀសខ្លួនចេញពីភ្នំពេញធ្វើដំណើរមកតាមខេត្តកំពង់ឆ្នាំរហូតដល់ខេត្តពោធិ៍សាត់។ បន្ទាប់មក កងទ័ពវៀតណាមបានចាំស្ទាក់នៅខេត្តពោធិ៍សាត់ និងបានដេញបាញ់ពីក្រោយ ទើប ខ្ញុំ និងសម្បត្តិបានចុះពីលើឡានរត់ភៀសខ្លួនបន្តទៅដល់ស្រុកលាច(ស្រុកភ្នំក្រវាញ) រួចរត់ឡើងលើភ្នំរហូតដល់ព្រៃខ្លូតសម្រាករយៈពេល២យប់។ បន្ទាប់ទៀត ខ្ញុំ និងសម្បត្តិបានរត់ភៀសខ្លួនទៅតាមកងទ័ពខ្មែរក្រហមឡើងទៅលើភ្នំវាលចាប ស្ថិតក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។
នៅឆ្នាំ១៩៨០ ខ្ញុំ បានចូលក្នុងកងដឹកជញ្ចូនជាមួយបង គឹម ពៅ ដែលមានទីតាំងនៅស្រុកសំឡូត ហើយមេកងរបស់ ខ្ញុំ ឈ្មោះ បង មើ និង បង ណាន។ ខ្ញុំ បានទៅដឹកជញ្ចូនគ្រាប់ចេញពីឡាក់៧០នៅព្រំដែនកម្ពុជា-ថៃយកទៅឲ្យកងទ័ពខ្មែរក្រហមនៅសំឡូត។ ក្នុងពេលដឹកជញ្ចូនមានកងទ័ពខ្មែរក្រហមដើរនាំផ្លូវ និងមានកងនារីប្រហែល១០០នាក់ដើរតាមពីក្រោយ។ ជួនកាល ខ្ញុំ ត្រូវជញ្ចូនគ្រាប់ចេញពីព្រំដែនកម្ពុជា-ថៃរហូតដល់អូរជាំ ច្រកចង្អៀត។ អំឡុងពេលដឹកជញ្ចូន ខ្ញុំ ពិបាកវេទនាណាស់ ដោយសារត្រូវដេកហាលភ្លៀងហាលខ្យល់ ហើយរយៈពេល២ថ្ងៃទើបទៅដល់ទីតាំងនីមួយៗ។ ខ្ញុំ បានដឹកជញ្ជូនគ្រាប់រហូតដល់ឆ្នាំ១៩៨៨។ បន្ទាប់មក ខ្ញុំ បានរៀបការជាមួយប្ដីឈ្មោះ យក់ រ៉ា ជាកងទ័ពខ្មែរក្រហម នៅអូរក្រោះ ស្រុកសំឡូត។
នៅឆ្នាំ១៩៩៦ បង គឹម ពៅ បានដឹកនាំគ្រួសារកងទ័ពខ្មែរក្រហមប្រហែល៧០គ្រួសារចេញពីស្រុកសំឡូតទៅរស់នៅអូរសោម។ នៅចុងឆ្នាំ១៩៩៦ ខ្ញុំ និងក្រុមគ្រួសារកងទ័ពទាំងអស់បានចេញពីអូរសោមមករស់នៅក្នុងភូមិប្រម៉ោយ។ ខ្ញុំ បានរស់នៅផ្ទះមើលថែកូនៗ។ ចំណែកប្ដី បានចេញទៅសមរភូមិប្រយុទ្ធ។ នៅថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ ខ្ញុំ បានរត់ចេញពីប្រម៉ោយទៅរស់នៅអូរល្ហុង ក្បាលឡាន។ នៅឆ្នាំ១៩៩៨ ខ្ញុំ និងប្ដីបានត្រឡប់មករស់នៅប្រម៉ោយវិញ។
សព្វថ្ងៃខ្ញុំមានជំងឺប្រចាំកាយដូចជា លើសឈាម និងក្រពះពោះវៀន។

សង្ខេបដោយ៖ មឿន ស្រីណុច

នាងខ្ញុំឈ្មោះ បួក ធុច អាយុ៦៣ឆ្នាំ សព្វថ្ងៃនៅផ្ទះមើលចៅ។ ខ្ញុំ មានស្រុកកំណើតនៅភូមិប្រសាទ ឃុំរំលិច ស្រុកបាកាន ខេត្តពោធិ៍សាត់។ បច្ចុប្បន្នរស់នៅភូមិកណ្ដាល ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំមានប្ដីឈ្មោះ ជួន ហៀក អាយុ៦៣ឆ្នាំ សព្វថ្ងៃប្រកបរបរធ្វើចម្ការ។ ខ្ញុំមានកូនចំនួន៣នាក់ (ប្រុស) កូនរបស់ខ្ញុំសព្វថ្ងៃមានគ្រួសារអស់ហើយ។ ខ្ញុំមានឪពុកឈ្មោះ បួក (ស្លាប់ដោយសារជំងឺបេះដូងចំហ) និងម្ដាយឈ្មោះ មោល ហឿន (ស្លាប់ដោយសារជំងឺទឹកនោមផ្អែម)។ ខ្ញុំ មានបងប្អូនបង្កើតចំនួន៧នាក់(ប្រុស៣នាក់ ស្រី៤នាក់)។ បងប្អូនខ្ញុំបានទទួលមរណៈភាពចំនួន២នាក់ (ម្នាក់ស្លាប់ដោយសារអត់អាហារក្នុងរបបខ្មែរក្រហមឆ្នាំ១៩៧៧ និងម្នាក់ទៀតស្លាប់ដោយសារជំងឺ)។ ខ្ញុំជាកូនទី៥ នៅក្នុងគ្រួសារ។

កាលពីក្មេងខ្ញុំបានចូលរៀនត្រឹមថ្នាក់ទី១ នៅសាលាតាលោ ដែលស្ថិតនៅភូមិតាលោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។ គ្រូបង្រៀនខ្ញុំឈ្មោះគ្រូ ខេង ។ មូលហេតុដែលខ្ញុំឈប់រៀនដោយសារតែគ្រួសារមានជីវភាពក្រីក្រ។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លោកសេនាប្រមុខលន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់ សម្ដេច នរោត្ដម សីហនុ ចេញពីមុខតំណែង។ នៅក្នុងអំឡុងពេលនោះ កងទ័ពកម្មង់ដូររបស់លោកសេនាប្រមុខ លន់ នល់ បានធ្វើដំណើរចូលមកក្នុងភូមិប្រសាទ ហើយបានចាប់ មាន់ ទា របស់ប្រជាពលរដ្ឋ យកទៅហូបគ្មានសល់។ នៅក្នុងឆ្នាំ១៩៧១ កងទ័ពខ្មែរក្រហមបានធ្វើដំណើរចូលមកដល់ក្នុងភូមិប្រសាទ ហើយបានឃោសនាទៅកាន់ប្រជាពលរដ្ឋក្នុងភូមិឲ្យចូលរួមជាមួយកងទ័ពរំដោះ ដើម្បីរួមកម្លាំងគ្នារំដោះប្រទេសជាតិឲ្យត្រឡប់មករកសភាពដើមវិញ។ បន្ទាប់ពីការឃោសនារបស់ខ្មែរក្រហម ប្រជាពលរដ្ឋនៅក្នុងភូមិប្រសាទបានសម្រេចចិត្តចូលរួមជាមួយកងទ័ពរំដោះ ដើម្បីដណ្ដើមអំណាចឲ្យសម្ដេច នរោត្ដម សីហនុ គ្រប់គ្រងតំណែងឡើងវិញ។ នៅឆ្នាំ១៩៧២ ទាហានអាមេរិកកាំងបានយន្តហោះចំនួន២គ្រឿង មកទម្លាក់គ្រាប់បែកនៅក្នុងភូមិប្រសាទ។ ពេលនោះម្ដាយខ្ញុំ បាននាំខ្ញុំនិងប្អូនៗរត់ភៀសខ្លួនចេញពីភូមិប្រសាទសំដៅទៅភូមិកាប៉ាងលើក ឃុំតាលោ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដើម្បីស្នាក់នៅជាមួយបងស្រីទី៣ និងបងស្រីទី៤បណ្ដោះអាសន្ន។ ដោយសភាពការណ៍មិនទាន់ស្រួលបួល ខ្ញុំបានបន្តរស់នៅជាមួយបងស្រីទី៣ បានរយៈពេល២ឆ្នាំ ដោយជួយបងស្រីប្រកបរបរធ្វើស្រែ។ នៅពាក់កណ្ដាលឆ្នាំ១៩៧៤ ទាហានអាមេរិកកាំងបានបន្តបើកយន្តហោះមកទម្លាក់គ្រាប់បែកចូលមកក្នុងភូមិកាប៉ាងលើក ឃុំតាលោ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ប៉ុន្តែមិនបណ្ដាលឲ្យប្រជាពលរដ្ឋបាត់បង់អាយុជីវិតឬរងរបួសឡើយ គ្រាន់តែខូចខាតដំណាំនិងផ្ទះប្រជាពលរដ្ឋអស់មួយចំនួន។ បន្ទាប់ពីស្ងប់ស្ងាត់សម្លេងយន្តហោះប្រជាពលរដ្ឋបាននាំគ្នាជីករណ្ដៅត្រង់សេទុកសម្រាប់លាក់ខ្លួន។ ការទម្លាក់គ្រាប់បែករបស់ទាហានអាមេរិកកាំងភាគច្រើនទម្លាក់នៅវេលាម៉ោង៣រសៀល។ បន្ទាប់ពីទម្លាក់គ្រាប់បែកបានប្រហែលកន្លះម៉ោង ខ្ញុំបានឃើញកងទ័ពថ្មើជើងរបស់លោកសេនាប្រមុខលន់ នល់ បានធ្វើដំណើរចូលមកក្នុងភូមិកាប៉ាងលើក ប៉ុន្តែកងទ័ពថ្មើជើងរបស់លោកសេនាប្រមុខលន់ នល់ មិនបានវាយធ្វើបាបមកកាន់ប្រជាពលរដ្ឋក្នុងភូមិនោះទេ។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះនៅទីក្រុងភ្នំពេញ កងទ័ពខ្មែរក្រហមបានចាប់ផ្ដើមបង្កើតសហករណ៍នៅក្នុងភូមិតាលោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ពេលនោះខ្ញុំនិងកុមារទាំងអស់ដែលរស់នៅក្នុងភូមិកាប៉ាងលើកត្រូវបានមេភូមិប្រមូលឲ្យទៅរស់នៅក្នុងសហករណ៍តាលោ ដែលគ្រប់គ្រងដោយឈ្មោះ រឿន។ បន្ទាប់ពីស្នាក់នៅក្នុងសហការណ៍បានរយៈពេល១ថ្ងៃ រឿន បានចាប់ផ្ដើមបែងចែកកុមារនៅក្នុងសហករណ៍ជាក្រុមតូចៗ ក្នុង១ក្រុមមានគ្នា១០ ដើម្បីបែកចែកឲ្យរែកដីដំបូកនិងដើរកាប់ទន្រ្ទានខេត្រ ដើម្បីលាយបញ្ចូលគ្នាធ្វើជីឲ្យបានចំនួន២ប្រណូកក្នុងមួយថ្ងៃ។ បើក្រុមណាមួយខ្ជិលឬធ្វើមិនគ្រប់គោលការណ៍ដែល ដាក់ឲ្យគឺមិនឲ្យសម្រាក លុះត្រាតែធ្វើចប់បានឲ្យសម្រាក។ ក្នុងមួយថ្ងៃខ្ញុំធ្វើការមិនសូវបានសម្រាកប៉ុន្មានទេ ម៉ោង៥ទាបភ្លឺត្រូវចុះទៅរែកដី ម៉ោង១១ថ្ងៃត្រង់ទើបសម្រាកហូបបបរ ម៉ោង០១រសៀលចុះធ្វើការងារបន្ត ម៉ោង៥ល្ងាចទើបសម្រាកម្ដងទៀត។ នៅឆ្នាំ១៩៧៧ ខ្ញុំត្រូវបានជ្រើសរើសឲ្យចូលធ្វើជានិរសាប្រធានគ២៣ ដែលគ្រប់គ្រងដោយឈ្មោះ ថុល។ បន្ទាប់មក ថុល បានបញ្ជូនខ្ញុំនិងនិរសា២នាក់ទៀត ឲ្យទៅយាមឃ្លាំងដាក់គ្រាប់នៅភូមិហាលទឹល ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។ នៅក្នុងឆ្នាំ១៩៧៩ កងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា បានបញ្ជូនកម្លាំងឲ្យមកស៊ើបការណ៍ឃ្លាំងដាក់គ្រាប់នៅក្នុងភូមិហាលទឹល។ បន្ទាប់មកកងទ័ពខ្មែរក្រហមដែលប្រចាំការណ៍នៅភូមិងហាលទឹល បានប្រទះឃើញក្រុមស៊ើបការណ៍របស់កងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា រួចបានបាញ់រះទៅលើក្រុមស៊ើបការណ៍របស់កងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជាបណ្ដាលឲ្យរបួសជាច្រើននាក់។ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៧៩ កងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា សហការណ៍ជាមួយវៀតណាម បានដឹកនាំកម្លាំងជាច្រើនចូលមកវាយរំដោះនៅក្នុងភូមិហាលទឹល។ ដោយឃើញសភាពការណ៍មិនអាចទប់ទល់បាន ខ្ញុំបានរត់ភៀសចេញពីភូមិហាលទឹលសំដៅទៅភ្នំដងរ៉ែក ខេត្តបន្ទាយមានជ័យ ដោយធ្វើដំណើរអស់រយៈពេល៣ខែ។ ពេលរត់ភៀសខ្លួនទៅភ្នំដងរ៉ែក ខ្ញុំបានវិចអង្ករចំនួនមួយទៃទុកហូបតាមផ្លូវ។ ខ្ញុំរស់នៅលើភ្នំដងរ៉ែកបានរយៈពេល២ខែ ដោយសារតែគ្មានអាហារហូប ខ្ញុំបានសម្រេចចិត្តចុះពីលើភ្នំដងរ៉ែកមកស្នាក់នៅភូមិស្វាយដូនកែវ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានចំនួន៣ថ្ងៃ ទើបបន្តដំណើរត្រឡប់មករកម្ដាយនៅស្រុកកំណើតវិញ។ ពេលចូលមកដល់ស្រុកកំណើតខ្ញុំមានអារម្មណ៍សប្បាយចិត្ត ពេលបានជួបម្ដាយ យាយ និងប្អូនៗចំនួន២នាក់។ នៅឆ្នាំ១៩៨១ ម្ដាយខ្ញុំបានរៀបចំឲ្យខ្ញុំមានគ្រួសារ។ បន្ទាប់ពីរៀបការរួច ខ្ញុំនិងប្ដីបានចាប់ដៃប្រកបរបរធ្វើស្រែ ដើម្បីផ្គត់ផ្គងជីវភាពនៅក្នុងគ្រួសារ។ នៅឆ្នាំ១៩៨៦ កងទ័ពរណសិរ្យសាមគ្គីសង្រ្គោះកម្ពុជា បានដើរចាប់ប្រជាជននៅតាមភូមិឲ្យចូលបម្រើកងទ័ព។ ពេលនោះខ្ញុំនិងប្ដីបានរត់ចេញពីភូមិកំណើតសំដៅទៅរស់នៅភូមិមុខរាហ៍ ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង អស់រយៈពេល១០ឆ្នាំ ដោយប្រកបរបរធ្វើស្រែ។ នៅឆ្នាំ២០០៥ ខ្ញុំនិងប្ដីបានផ្លាស់ពីចេញភូមិមុខរាហ៍ មករស់នៅភូមិកណ្ដាល ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ពេលចូលមកដល់ភូមិកណ្ដាល ខ្ញុំបានឃើញផ្ទះប្រជាពលរដ្ឋរស់នៅមានប្រហែល២០ខ្នងផ្ទះ ហើយកន្លែងដែលខ្ញុំរស់នៅសំបូរទៅដោយព្រៃនិងឆ្ងាយពីកន្លែងលក់ឥវ៉ាន់។ បន្ទាប់ពីសាងសង់ផ្ទះរស់នៅ ខ្ញុំ និងប្ដីបានកាប់ឆ្ការព្រៃយកដីធ្វើចម្ការ ហើយបានបន្តធ្វើរហូតមកដល់សព្វថ្ងៃ៕

សង្ខេបដោយ៖ ចាន់ ណារិទ្ធ

ខ្ញុំឈ្មោះ ឡុង សាកាន់ ភេទស្រី អាយុ៧៣ឆ្នាំ។ ខ្ញុំ មានស្រុកកំណើតនៅក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។ បច្ចុប្បន្ន ខ្ញុំ រស់នៅក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឪពុកឈ្មោះ ជុំ លុយ (ស្លាប់) និងម្ដាយឈ្មោះ ហែម កួយ(ស្លាប់)។ ខ្ញុំ មានបងប្អូនបង្កើតចំនួន១១នាក់ (ស្រី៧នាក់) ហើយខ្ញុំ ជាកូនទី៥។ សព្វថ្ងៃបងប្អូនរបស់ ខ្ញុំ នៅរស់រានមានជីវិតចំនួន៥នាក់(ស្រី៣នាក់)។ ប្ដីទី១ឈ្មោះ ប្រាក់ គឿន(ស្លាប់) មានកូនចំនួន៣នាក់(ស្រី២នាក់)។ ប្ដីទី២ឈ្មោះ ឡុង ថន មានអាយុ៧៥ឆ្នាំ និងមានកូនចំនួន៤នាក់(ស្រី៣នាក់)។

កាលនៅវ័យកុមារ ខ្ញុំ ចូលរៀននៅសាលាមួយក្នុងភូមិកំពង់ស្វាយក្រោម បានត្រឹមថ្នាក់ទី១០(សម័យសង្គមចាស់) ដែលលោកគ្រូឈ្មោះ ភ័ណ្ឌ។ នៅឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែកខ្លាំងណាស់ ខ្ញុំ បានរត់ចូលក្នុងត្រង់សេ។ បន្ទាប់មក យួនធីវគីតែងតែចូលមកចាប់នារីស្អាតៗយកចេញពីភូមិជាញឹកញាប់ ខ្ញុំ ខ្លាចណាស់បានយកធ្យូងគូរនៅលើមុខ។ គ្រាប់បែកទម្លាក់កាន់តែធ្ងន់ធ្ងរទៅ ខ្ញុំបានរត់ទៅពួនក្នុងទឹក និងបានត្រាំទឹកអស់រយៈពេលជាច្រើនម៉ោង។ នៅឆ្នាំ១៩៧៣ ខ្ញុំ ក្រុមគ្រួសារ និងអ្នកភូមិកំពង់ស្វាយក្រោមទាំងអស់ត្រូវបានយួនធីវគីកៀរចូលក្នុងព្រៃទៅខាងស្អាង។ ក្រោយស្ងប់ស្ងាត់ការទម្លាក់គ្រាប់បែក ឪពុកម្ដាយរបស់ ខ្ញុំបានត្រឡប់ទៅរស់នៅភូមិកំណើតវិញ។ ប៉ុន្តែ ខ្ញុំ មិនត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញនោះទេ។ ខ្ញុំ នៅរៀនដេរខោអាវកងទ័ព។ បន្ទាប់មក ខ្ញុំ ត្រូវបានបញ្ចូនឲ្យទៅហាត់រៀនបាញ់កាំភ្លើង លូនក្រាប និងយុទ្ធសាស្រ្តធ្វើសង្រ្គាមនៅលើភ្នំតាម៉ៅ ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ។ បន្ទាប់មក ខ្ញុំ បានចូលក្នុងសមរភូមិប្រយុទ្ធជាមួយទាហាន លន់ នល់ គ្រប់ទីកន្លែង។ ក្រៅពីប្រយុទ្ធ ខ្ញុំ ដើរសែងកងទ័ពរងរបួសទៅដាក់នៅសមរភូមិក្រោយ ដើម្បីព្យាបាល។ នៅក្នុងព្រៃ ខ្ញុំ មានខោអាវខ្មៅតែ២កំផ្លេរប៉ុណ្ណោះសម្រាប់ផ្លាស់ប្ដូរ។
នៅឆ្នាំ១៩៧៥ ខ្ញុំ បានចូលទៅនៅក្នុងខេត្តកណ្ដាល និងបានទទួលតួនាទីជាមេក្រុមគ្រប់គ្រងកងចល័តនារី។ ខ្ញុំ បានដឹកនាំនារីទៅរែកដី លើកទំនប់។ ខ្ញុំ រស់នៅប្ដូរពីកន្លែងទៅកន្លែងមួយជាញឹកញាប់។ នៅឆ្នាំ១៩៧៨ ខ្ញុំ ត្រូវបានខ្មែរក្រហមឲ្យរៀបការជាមួយប្ដីឈ្មោះ ប្រាក់ គឿន។ ខ្ញុំ និងប្ដីបានរៀបការដោយស្ម័គ្រចិត្តមិនមានការបង្ខំនោះឡើយ។ ខ្ញុំ បានរៀបការនៅបែកចាន(ភ្នំពេញ)។ អំឡុងពេល ខ្ញុំ រៀបការមានកងទ័ពចូលរួម និងមានម្ហូបអាហារច្រើនណាស់។ ខ្ញុំ ដឹងថាប្ដីមានតួនាទីជាប្រធានកងពល ប៉ុន្តែមិនបានដឹងច្បាស់ថាប្ដីគ្រប់គ្រងកងពលលេខប៉ុន្មាននោះទេ។ ខ្ញុំ បានឃើញប្ដីមានកងទ័ព និងតែងតែឃើញមានប្រជាជនយកម្ហូបអាហារមកឲ្យគាត់ជាញឹកញាប់។ ជាពិសេសនៅពេលប្ដីទៅកន្លែងណា តែងតែមាននារីៗស្អាតៗមកចាំទទួល។ ក្រោយមក ខ្ញុំ និងប្ដីបានមករស់នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។ ប្ដីរបស់ខ្ញុំ បានចេញទៅធ្វើការងារ រីឯខ្ញុំនៅមើលកូនតូចៗនៅផ្ទះ។ ក្រោយមក ខ្ញុំ បានចេញទៅខ្សែត្រៀមខាងមុខបាញ់ជាមួយកងទ័ពទ័ពវៀតណាមចល័តទៅគ្រប់កន្លែងក្នុងស្រុកសំឡូត។
នៅឆ្នាំ១៩៨៩ អ្នកស្រុកបានមកប្រាប់ខ្ញុំថា ប្ដីត្រូវបានបាញ់សម្លាប់ចោល ព្រោះមានជាប់ទាក់ទងជាមួយទាហានខាងក្នុង។ ក្នុងពេលជាមួយគ្នា ខ្ញុំ កើតកូនទី៣បាន៤ខែ។ បន្ទាប់ពីប្ដីបានស្លាប់ ខ្ញុំ មានការកំបាកណាស់ត្រូវមើលថែកូនម្នាក់ឯង។ ខ្ញុំ មានជីវិតកំសត់ និងបានឆ្លងកាត់ជីវិតតស៊ូអស់ជាច្រើនឆ្នាំ។ ខ្ញុំមានការលំបាកវេទនា និងគ្រោះថ្នាក់ច្រើនខ្លាំងណាស់។ ខ្ញុំ តែងខិតខំធ្វើការងារទៅតាមអ្វីដែលខ្មែរក្រហមបញ្ជា ដើម្បីបាននៅរស់រានមានជីវិត។ អ្វីដែលខ្ញុំតែងតែងគិតក្នុងពេលធ្វើសង្រ្គាម គឺ សុំមានជីវិតរស់ ដើម្បីត្រឡប់ទៅរស់នៅជួបជុំជាមួយឪពុកម្ដាយវិញ។
នៅឆ្នាំ២០០២ ខ្ញុំ បានរៀបការជាមួយប្ដីទី២ឈ្មោះ ឡុង ថន និងបានរស់នៅក្នុងភូមិប្រម៉ោយរហូតដល់បច្ចុប្បន្ន។

សង្ខេបដោយ៖ មឿន ស្រីណុច

អង្កេតការណ៍
• អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមួយចំនួនរីករាយក្នុងការចែករំលែងរឿងរ៉ាវដែលខ្លួនបានជួបប្រទះមកកាន់ក្រុមការងារ។
• អ្នករស់រានមានជីវិតពីររបបខ្មែរក្រហមជំងឺប្រចាំកាយ(ក្រពះពោះវៀន លើសឈាម និងងងឹតភ្នែក)។
• អ្នករស់រានមានជីវិតពីររបបខ្មែរក្រហម និងប្រជាជនភាគច្រើនទៅធ្វើចម្ការឆ្ងាយពីភូមិមិនសូវមានមនុស្សនៅផ្ទះ។
បញ្ហាប្រឈម
• អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមួយចំនួនមិនហាននិយាយបញ្ហាព្រំដែនកម្ពុជា- ថៃនៅតំបន់ថ្មដា ព្រោះខ្លាចប៉ះពាល់ដល់សុវត្ថិភាពផ្ទាល់ខ្លួន ។

Photos by Moeurn Sreynoch and Chan Narith
Documentation Center of Cambodia Archives
November 3, 2025

Full report