Home / Post

 Veal Veng Reconciliation Center: សកម្មភាពក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានចុះទៅសួរសុខទុក្ខ និងសម្ភាសន៍ប្រជាជនភៀសសឹកក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់

នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានចុះទៅសួរសុខទុក្ខ និងសម្ភាសន៍ប្រជាជនភៀសសឹកដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមកំពុងស្នាក់នៅមណ្ឌលជនភៀសសឹកក្នុងវត្តប្រម៉ោយ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជនភៀសសឹកទាំងនោះមានទីលំនៅភូមិសង្គមថ្មី ភូមិអូរសួរស្ដី និងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ដែលជាតំបន់ព្រំដែនកម្ពុជា-ថៃ និងត្រូវបានទាហានថៃដាក់លួសបន្លាហ៊ំព័ទ្ធយកផ្ទះសម្បែងពួកគាត់ បន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី២៧ ខែឆ្នូ ឆ្នាំ២០២៥។

នៅព្រឹកព្រលឹមថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ ប្រជាជនរស់នៅក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង បានចាប់ផ្តើមភៀសខ្លួនចេញពីផ្ទះសម្បែងរៀងៗខ្លួនមកកាន់ទីតាំងមានសុវត្ថិភាពនៅមណ្ឌលជនភៀសសឹកក្នុងសាលាវិទ្យាល័យហ៊ុន សែន ប្រម៉ោយ និងវត្តប្រម៉ោយ ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី២៧ ខែឆ្នូ ឆ្នាំ២០២៥ ជនភៀសសឹកភាគច្រើននៅក្នុងឃុំថ្មដាបានវិលត្រឡប់ទៅលំនៅដ្ឋានវិញ។ ចំណែកជនភៀសចំនួន ២២គ្រួសារ ដែលមានផ្ទះសម្បែងត្រូវបានទាហានថៃដាក់លួសបន្លាហ៊ំព័ទ្ធយកផ្ទះ និងមួយចំនួនទៀតមានផ្ទះស្ថិតនៅទល់មុខនឹងទាហានថៃដាក់លួសបន្លានោះ បានបន្តស្នាក់នៅក្នុងមណ្ឌលជនភៀសសឹកក្នុងវត្តប្រម៉ោយរហូតមកដល់បច្ចុប្បន្ន។ នៅព្រឹកថ្ងៃទី៥នេះ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានសួរសុខទុក្ខ និងសម្ភាសជាមួយក្រុមគ្រួសារកងទ័ព និងជនភៀសសឹកចំនួន៤គ្រួសារ។ រឿងរ៉ាវកងទ័ព និងជនភៀសសឹកដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមានដូចខាងក្រោម៖

អនុសេនីយ៍ឯក ឈុត មឿន៖ មេបញ្ជាការកងអនុសេនាធំល្បាតទី៣នៃកងការពារព្រំដែន៥០១

ខ្ញុំបាទឈ្មោះ ឈុត មឿន អាយុ៥៣ឆ្នាំ សព្វថ្ងៃជាកងការពារព្រំដែន៥០១។ ខ្ញុំ មានស្រុកកំណើតនៅភូមិស្វាយដូនកែវ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។ បច្ចុប្បន្នរស់នៅភូមិអូរសួស្ដី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំ មានប្រពន្ធឈ្មោះ សួន សារីម អាយុ៥៤ឆ្នាំ សព្វថ្ងៃប្រកបរបរធ្វើចម្ការ។ ខ្ញុំ មានកូនចំនួន៦នាក់ (ប្រុស២នាក់ ស្រី៤នាក់)។ ខ្ញុំ មានឪពុកឈ្មោះ ភិន សោម អាយុ៨២ឆ្នាំ និងម្ដាយឈ្មោះ ញា ព្រឿង អាយុ៧៥ឆ្នាំ។ ខ្ញុំ មានបងប្អូនបង្កើតចំនួន៧នាក់(ប្រុស២នាក់ ស្រី៥នាក់)។ ខ្ញុំ ជាកូនទី១ នៅក្នុងគ្រួសារ។

កាលពីក្មេង ខ្ញុំ រៀនបានថ្នាក់ទី ៧ នៅសាលាព្រះម្លូ ដែលស្ថិតនៅឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ មូលហេតុដែល ខ្ញុំ ឈប់រៀនដោយសារតែឪពុកម្ដាយខ្ញុំបានផ្លាស់ទីលំនៅទៅរស់ភូមិត្រាង ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលមានចម្ងាយឆ្ងាយពីសាលារៀន។ ក្រោយពីឈប់រៀនខ្ញុំបាននៅជួយឪពុកម្ដាយប្រកបរបរធ្វើស្រែបានរយៈពេល២ឆ្នាំ។

នៅឆ្នាំ១៩៨៥ ខ្ញុំនិងប្រជាជនផ្សេងទៀត ប្រហែល៣០០នាក់ បានស្មគ្រ័ចិត្តចូលបម្រើកងទ័ពនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ ពេលចូលធ្វើកងទ័ពដំបូង ខ្ញុំត្រូវបានបញ្ជូនឲ្យទៅហ្វឹកហាត់នៅកងយោធាខេត្តលេខ៣០៤ ដែលមានទីតាំងនៅឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។ កងយោធាខេត្តលេខ៣០៤គ្រប់គ្រងដោយឈ្មោះ ធាង (ប្រធាន)។ ពេលហ្វឹកហាត់ដំបូង ខ្ញុំហ្វឹកហាត់ពីរបៀបពួនស្ទាក់វាយលុក ការពារទីតាំង និងហ្វឹកហាត់ពីរបៀបស៊ើបការណ៍។ ទីតាំងហ្វឹកហាត់នោះត្រូវបានការពារដោយកងទ័ពស្ម័គ្រចិត្តវៀតណាម។ បន្ទាប់ពីហ្វឹកហាត់បានរយៈពេល១ខែ កងយោធាខេត្តលេខ៣០៤ បានបំបែកចេញជាមួយកងវរសេនាតូច ហើយកងវរសេនាតូចនោះបានបំបែកបន្តជា៣កងអនុវរសេនាធំ។ ពេលនោះប្រធានអនុសេនាធំទី១ឈ្មោះ សាក់ ប្រធានអនុសេនាធំទី២ ភ្លេចឈ្មោះ និងប្រធានអនុសេនាធំទី៣ឈ្មោះ សុង គឹមស៊ូ។ ពេលនោះខ្ញុំត្រូវបានបញ្ចូលទៅទៅក្នុងកងអនុសេនាធំទី៣ ដែលមានទីតាំងនៅភូមិថ្មី ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។ បន្ទាប់មកទៀត កងអនុសេនាធំបានបំបែកជា៣អនុសេនាតូច។ ក្នុង១កងអនុសេនាតូចមានចំនួន៣ក្រុម ក្នុង១ក្រុមមានគ្នា១២នាក់។ ខ្ញុំស្ថិតនៅក្នុងកងវរសេនាតូចលេខ២ ដែលមានកងទ័ពសរុបចំនួន៣២នាក់ ប្រធានភ្លេចឈ្មោះ។ បន្ទាប់ពីចូលរួមជាមួយកងវរសេនាតូចលេខ២ ខ្ញុំមិនទាន់មានតួនាទីអ្វីទេ គ្រាន់តែជាយុទ្ធជន។ បន្ទាប់ពីរៀបចំកងបានស្រួលបួល កងទ័ពខ្មែរក្រហមបានបាញ់ផ្លោងចូលមកក្នុងភូមិថ្មីជារៀងរាល់ថ្ងៃ។ រីឯថ្ងៃខ្លះទៀតកងទ័ពខ្មែរក្រហមបានចូលមកលួចវាយដោយប្រើកងទ័ពថ្មើរជើង។

នៅឆ្នាំ១៩៨៩ ដោយសារតែចង់រស់នៅជិតផ្ទះ ខ្ញុំបានសម្រេចចិត្តរត់ចេញពីកងវរសេនាតូចលេខ២ មកចូលរួមជាមួយកងវរសេនាតូចលេខ៦ ដែលមានទីតាំងនៅក្នុងវត្តស្រះម្កាក់ ស្ថិតនៅក្នុងភូមិស្រះម្កាក់ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ប្រធានកងវរសេនាតូចលេខ៦ ឈ្មោះ រិទ្ធ រ៉ម មានស្រុកកំណើតនៅឃុំអូរតាប៉ោង។ បន្ទាប់ពីចូលរួមជាមួយកងវរសេនាតូចលេខ៦ មុខព្រួញដែលខ្ញុំត្រូវទៅវាយជាមួយកងទ័ពខ្មែរក្រហមគឺនៅឃុំស្វាយដូនកែវ និងស្រុកមោងឬស្សី ខេត្តបាត់ដំបង។

នៅឆ្នាំ២០០០ ខ្ញុំត្រូវបានថ្នាក់លើប្រកាសឲ្យមកចូលរួមជាមួយកងការពារព្រំដែន៥០១ ដែលមានទីតាំងស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បច្ចុប្បន្នមេបញ្ជាការកងការពារព្រំដែនលេខ៥០១ គឺលោកវរសេនីយ៍ឯក ចាន់ ប៊ុនឌី។ បន្ទាប់ពីខ្ញុំចូលរួមជាមួយកងការពារព្រំដែន៥០១ ខ្ញុំមានតួនាទីជាមេបញ្ជាការកងអនុសេនាធំល្បាតទី៣ ដោយគ្រប់គ្រងកងទ័ពចំនួន១២០នាក់ ហើយខ្ញុំត្រូវមានតួនាទីដឹកនាំកម្លាំងដើរល្បាតនិងការពារនៅតាមច្រកច១។ នៅក្នុងកងការពារព្រំដែន៥០១ មាន៧អនុសេនាធំ៖ អនុសេនាធំល្បាតទី១គ្រប់គ្រងដោយឈ្មោះ ហួ ចយ (ការពារតំបន់អូរភ្លក់ដំរី) អនុសេនាធំល្បាតទី២ គ្រប់គ្រងដោយឈ្មោះ សុខ អ៊ុល អនុសេនាធំល្បាតទី៣ គ្រប់គ្រងដោយខ្ញុំ(ការពារច្រកច១) អនុសេនាធំល្បាតទី៤គ្រប់គ្រងដោយឈ្មោះ យឹម យ៉េត អនុសេនាធំល្បាតទី៥គ្រប់គ្រងដោយឈ្មោះ សៃ ផន អនុសេនាធំល្បាតទី៦ គ្រប់គ្រងដោយឈ្មោះ ហម ហ៊ន អនុសេនាធំល្បាតទី៧ គ្រប់គ្រងដោយឈ្មោះ មួង ម៉េង។

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ទាហានថៃបានចល័តសព្វាវុធធុនធ្ងន់មកទម្លាក់នៅច្រកព្រំដែនថៃដែលមានចម្ងាយប្រហែល២០០ម៉ែត្រពីច្រកច១។ ពេលនោះខ្ញុំបានទំនាក់ទំនងទៅប្រាប់ប្រពន្ធរបស់ខ្ញុំឲ្យជម្លៀសខ្លួនចេញទៅរកកន្លែងសុវត្ថិភាពជាបន្ទាន់ ព្រោះទាហានថៃអាចនឹងបើកការវាយប្រហារមកលើទីតាំងឈរជើងរបស់វីរកងទ័ពកម្ពុជាគ្រប់ពេលវេលា។ លុះស្អែកឡើងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ទាហានថៃបានបាញ់ផ្លោងជាច្រើនគ្រាប់ចូលមកក្នុងតំបន់គ្រប់គ្រងដោយកងអនុសេនាធំល្បាតទី១នៅតំបន់អូរភ្លុកដំរី ប៉ុន្តែមិនបណ្ដាលឲ្យវីរកងទ័ពរងរបួស ឬបាត់បង់អាយុជីវិតឡើយ។ ខណៈពេលនោះទីតាំងដែលខ្ញុំឈរជើងមានសភាពការណ៍ស្ងប់ស្ងាត់ មិនទាន់មានហេតុការណ៍អ្វីកើតឡើងឡើយ។

នៅថ្ងែទី០៧ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃបានចល័តរថពាសដែក រថក្រោះ និងដឹកអ៊ិចស្កាវ៉ាទ័រចូលមកកាយដីធ្វើលេណដ្ឋាន ហើយបានសាងសង់បន្ទាយនៅលើដីដែលមិនទាន់បានវាស់វែងដោយគណៈកម្មការខណ្ឌសីមាព្រំដែនគោក(JBC)។ បន្ទាប់ពីធ្វើលេណដ្ឋានរួចរាល់ ទាហានថៃបានចាប់ផ្ដើមបាញ់ផ្លោងចូលមកក្នុងតំបន់ប្រតិបត្តិការរបស់កងអនុសេនាធំល្បាតទី៣ខ្ញុំ ដែលឈរជើងការពារនៅតំបន់ច្រកច១ ហើយបានបណ្ដាលពលទាហានរបស់ខ្ញុំចំនួន២នាក់រងរបួស និងត្រូវបានបញ្ជូនយកមកព្យាបាលនៅមណ្ឌលសុខភាពប្រម៉ោយ​ ស្រុកវាលវែង។ នៅក្នុងអំឡុងពេលនោះកងអនុសេនាធំល្បាតទី៣ខ្ញុំ បានបាញ់តបតទៅលើទាហានថៃដែលមានគោលបំណងចូលមកឈ្លានពានទឹកដីយ៉ាងខ្លាំងខ្លា។ លុះស្អែកឡើងទាហានថៃបានបាញ់ផ្សែងពុលមកលើទីតាំងកងអនុសេនាធំល្បាតទី៣ខ្ញុំឈរជើង។ ពេលនោះពលទាហានខ្ញុំចំនួន១០នាក់បានត្រូវផ្សែងពុល ហើយត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមណ្ឌលសុខភាពប្រម៉ោយជាបន្តបន្ទាប់។ ចំណែកខ្ញុំមិនបានចុះមកពិនិត្យសុខភាពទេ ព្រោះតែខ្ញុំមានភារកិច្ចចាំបាច់ត្រូវចាំទទួលបញ្ជាថ្នាក់លើ និងបញ្ជាកងកម្លាំងនៅក្នុងកងអនុសេនាធំល្បាតទី៣ខ្ញុំ។ អំឡុងពេលនោះខ្ញុំតែងតែការពារខ្លួនឯងដោយដាំទឹកហូបលាយជាមួយថ្នាំបុរាណខ្មែរ ហិតខ្ទឹម ផឹកទឹកនោមជាដើម។ បន្ទាប់ពីបាញ់ផ្សែងពុលបានរយៈពេល២ថ្ងៃ ទាហានថៃបានបន្តបាញ់ប្លោងចេញពីនាវាចម្បាំង និងប្រើយន្តចម្បាំង F-16 ហោះមកទម្លាក់គ្រាប់បែកមកលើទីតាំងកងអនុសេនាធំល្បាតទី៣ខ្ញុំចំនួន២គ្រាប់ និងបានហោះបន្តទៅទម្លាក់គ្រាប់បែកទៅលើទីតាំងរបស់ឧកញ៉ា ហេង ចំនួន២បន្ថែមទៀត បណ្ដាលឲ្យឧកញ៉ា ហេង រងរបួសយ៉ាងធ្ងន់ធ្ងរ។

សម្រាប់អាហារហូបចុករបស់កងអនុសេនាធំល្បាតទី៣ គឺហូបបានគ្រប់គ្រាន់មិនមានការខ្វះខាតអ្វីទេ។ លុះដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ នៅច្រកច១មានសភាពការណ៍ស្ងប់ស្ងាត់ មិនមានហេតុអ្វីបន្តទៀតឡើយ។ សព្វថ្ងៃនេះប្រពន្ធកូនខ្ញុំត្រូវស្នាក់នៅជំរំជនភៀសសឹកក្នុងវត្តប្រម៉ោយជាបណ្ដោះអាសន្ន ដោយសារតែផ្ទះខ្ញុំត្រូវទទួលរងការបំផ្លិចបំផ្លាញដោយសារគ្រាប់កាំភ្លើងរបស់ទាហានថៃ។ ម៉្យាងទៀតទីតាំងផ្ទះខ្ញុំស្ថិតនៅជាប់តំបន់ក្រហមមិនទាន់អាចចូលទៅរស់នៅបាន ដោយសារទាហានថៃនៅតែឈ្លានពានរាយលួសបន្លា និងដាក់ទូកុងតឺន័រ ព័ទ្ធយកដីប្រជាជននៅក្នុងឃុំថ្មដាដដែល។

ក្នុងនាមខ្ញុំជាមេបញ្ជាការកងអនុសេនាធំល្បាតទី៣ ផលវិបាកដែលខ្ញុំពិបាកទប់ទល់ជាមួយទាហានថៃ គឺយន្តហោះចម្បាំងF-16 និងយន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់ទាហានថៃបានហោះមកទម្លាក់គ្រាប់បែកក្នុងតំបន់ថ្មដានេះ។

គិន រី៖ មេក្រុមកងនារីក្នុងសម័យខ្មែរក្រហម

ខ្ញុំឈ្មោះ គិន រី ភេទស្រី អាយុ៨២ឆ្នាំ។ ខ្ញុំមានស្រុកកំណើតនៅក្នុងភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ បច្ចុប្បន្នខ្ញុំរស់នៅក្នុងភូមិឯកភាព (ចំណុចស្ទឹងមេទឹក) ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឪពុកឈ្មោះ ឡោ គិន (ស្លាប់ក្នុងអាយុ៥៦ឆ្នាំ) ដោយសារជំងឺ និងម្ដាយឈ្មោះ ហ៊ម ហិន (ស្លាប់) ក្នុងសម័យ ប៉ុល ពត។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ (ស្រី៥នាក់) ហើយខ្ញុំជាកូនទី៤ក្នុងគ្រួសារ។ បងប្អូនរបស់ខ្ញុំ នៅរស់រានមានជីវិតចំនួន២នាក់(ស្រីម្នាក់) និងបានស្លាប់បាត់បង់ជីវិតចំនួន៥នាក់ (ស្រី៤នាក់)។ ប្ដីទី១ ឈ្មោះ សារឿន (ស្លាប់) និងមានកូន៣នាក់(ស្រីម្នាក់)។ ប្ដីទី២ឈ្មោះ ព្រំ សម្បត្តិ (ស្លាប់) ក្នុងឆ្នាំ២០០២ ដោយសារជំងឺ និងមានកូន២នាក់(ស្រីម្នាក់)។
កាលនៅវ័យកុមារ ខ្ញុំចូលរៀនបានត្រឹមថ្នាក់ទី៩សង្គមចាស់នៅសាលាវត្តពោធិ៍ ស្ថិតក្នុងស្រុកមោងឬស្សី។ ខ្ញុំបានរៀនអក្សរភាសាខ្មែរ និងភាសាបារាំង ប៉ុន្តែឥឡូវខ្ញុំភ្លេចអស់ហើយ។ នៅពេលខ្ញុំចូលរៀនថ្នាក់ទី៩បានរយៈពេល៣ខែ ខ្ញុំត្រូវឈប់រៀនព្រោះម្ដាយបានឲ្យខ្ញុំទៅជួយធ្វើច្រូតស្រូវ។ នៅឆ្នាំ១៩៦៨ ខ្ញុំបានរៀបការជាមួយប្ដីទី១ ឈ្មោះ សារឿន។

នៅឆ្នាំ១៩៧៥ ខ្ញុំត្រូវបានខ្មែរក្រហមចាត់ឲ្យធ្វើជាមេក្រុមគ្រប់គ្រងនារីចំនួន១៥នាក់ក្នុងការដឹកនាំឲ្យធ្វើការងារ ធ្វើស្រែ រែកដី លើកទំនប់ និងជីកប្រឡាយនៅភូមិស្ទឹងថ្មី ឃុំតាលាស់ ស្រុកមោង ខេត្តបាត់ដំបង។ ចំណែកម្ដាយ និងបងប្អូនចំនួន៥នាក់ត្រូវបានខ្មែរក្រហមជម្លៀសទៅកាន់ខេត្តពោធិ៍សាត់។ ប្ដីរបស់ខ្ញុំជាកងទ័ពខ្មែរក្រហមនៅជាមួយកម្មាភិបាកម្នាក់ឈ្មោះ តា ហូយ។ នៅចន្លោះឆ្នាំ១៩៧៦-១៩៧៩ ម្ដាយ បងប្រុសទី១ និងប្អូនចំនួន៣នាក់ទៀត ត្រូវបានខ្មែរយកទៅវាយសម្លាប់ចោលនៅត្រលាស់ចាស់ ស្ថិតក្នុងខេត្តពោធិ៍សាត់។ ពេលនោះខ្ញុំមិនបានដឹងថាម្ដាយ និងបងប្អូនត្រូវបានខ្មែរក្រហមសម្លាប់ទេ ព្រោះខ្ញុំរស់នៅធ្វើការងារនៅខេត្តបាត់ដំបងតែម្នាក់ឯង រីឯក្រុមគ្រួសាររបស់ខ្ញុំទាំងអស់ត្រូវបានជម្លៀសមកនៅខេត្តពោធិ៍សាត់។ ថ្ងៃមួយខ្ញុំមានបំណងទៅលេងម្ដាយ ស្រាប់តែប្ដីប្រាប់ថា«មិនបាច់ទៅលេងម្ដាយ និងបងប្អូនទេ គេយកទៅវាយចោល ងាប់អស់ហើយ» ដោយខឹងខ្លាំងពេកខ្ញុំឆ្លើយភ្លាមថា «យូរហើយម៉េចមិនប្រាប់អាញ់» ខ្ញុំខូចចិត្តណាស់ ហើយនិយាយបន្តថា «ម៉េចក៏មិនយកអាញ់ទៅវាយចោលដែរទៅមិនបាច់ទុកអាញ់នៅទេ នាំទាំងកូនទាំងចៅនេះយកទៅឲ្យអស់ទៅ»។ ក្នុងពេលជាមួយគ្នា ខ្ញុំមានកូន៣នាក់។ បន្ទាប់មក ប្ដីរបស់ខ្ញុំ និង តាហូយ ត្រូវបានខ្មែរក្រហមបាញ់សម្លាប់ចោលព្រោះចោទថាបានចូលដៃជាមួយវៀតណាម។ បន្ទាប់មកទៀត ខ្ញុំត្រូវបានខ្មែរក្រហមផ្លាស់ឲ្យទៅធ្វើចុងភៅនៅដាំបាយឲ្យកម្មាភិបាកខ្មែរក្រហម។

នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានចូលរំដោះដល់ស្រុកមោងឬស្សី ខ្ញុំបាននាំកូនៗរត់ទៅត្រឡប់ស្រុកកំណើត ប៉ុន្តែអ្នកស្រុកស្អប់ថាខ្ញុំជាខ្មែរក្រហមមិនឲ្យចូលរស់នៅក្នុងស្រុកកំណើរវិញនោះទេ។

នៅឆ្នាំ១៩៨០ ខ្ញុំបានរត់ទៅរស់នៅក្នុងជំរំជនភៀសខ្លួនណងចាន់ ខ្ញុំបានរកស៊ីលក់សណ្ដែកបាយ និងសណ្ដែកសៀង។ ក្នុងពេលជាមួយគ្នា ខ្ញុំមានតួនាទីបង្រៀនអក្សរ និងចែករបបអាហារដល់ក្មេងៗនៅក្នុងជំរំ។ ខ្ញុំរស់នៅចល័តពីជំរំមួយទៅជំរំមួយរួមមាន៖ ជំរំណងចាន់ ជំរំអំពិល ជំរំរិទ្ធិសែន និងជំរំសាយធូជាដើម។

កូនស្រីរបស់ គិន រី ឈ្មោះ គិន រួន អាយុ៤៩ឆ្នាំ បានបន្តថា អំឡុងពេលរស់នៅក្នុងជំរំម្ដាយខ្ញុំបានកាត់សក់ និងឲ្យខ្ញុំស្លៀកសម្លៀកបំពាក់ធ្វើជាក្មេងប្រុសព្រោះងាយស្រួលរស់នៅក្នុងជំរំ និងមានសុវត្ថិភាពជាងក្មេងស្រី។ ក្នុងរយៈពេលមួយសប្ដាហ៍ម្តងមានអង្គការអន្តរជាតិបានមកបើកអង្ករ ខ្លាញ់ ត្រីខ ពងមាន់ និងរបស់ផ្សេងៗដល់គ្រួសារខ្ញុំ និងប្រជាជននៅក្នុងជំរំរាប់ម៉ឺននាក់។ គ្រួសារខ្ញុំបានហូបគ្រប់គ្រាន់មិនមានការខ្វះខាតទេ។ នៅក្នុងជំរំមានសាលារៀន និងមន្ទីរពេទ្យ។ ខ្ញុំបានឃើញដោយផ្ទាល់ភ្នែកមានទាហានឈុតខ្មៅថៃតែងតែដើរគំរាមយកទ្រព្យសម្បត្តិ មាស ប្រាក់របស់ប្រជាជននៅក្នុងជំរំជាញឹកញាប់។ ទាហានឈុតខ្មៅថៃបានដើរចាប់ស្រីៗធ្វើបាប ដោយមិនគិតថាជានារីក្រមុំ ឬស្រ្តីមានប្ដីទេ។ លើកទី១ ខណៈពេលខ្ញុំបានឃើញទាហានឈុតខ្មៅថៃធ្វើអំពើមិនគប្បីទៅលើស្រីៗ ទាហានឈុតខ្មៅថៃបានដេញចាប់ខ្ញុំមិនដឹងមានគោលបំណងអ្វីទេ ប៉ុន្តែសំណាងល្អមានជនជាតិបរទេសម្នាក់បានបានជួយខ្ញុំទាន់ពេលវេលា។ លើកទី២ ទាហានឈុតខ្មៅថៃ២ទៅ៣នាក់បានចាប់ខ្ញុំម្ដងទៀត ប៉ុន្តែមានពូៗនៅក្នុងជំរំបានស្រែកដាក់ថា «ចង់ចាប់កូនអាញ់ទៅណា វានៅក្មេងមិនទាន់ដឹងអីទេប្រលែងវាទៅ ចង់ចាប់កូនអាញ់ត្រូវឥឡូវហើយហែ្អង» ទើបខ្ញុំបានរួចខ្លួនម្ដងទៀត។ បន្ទាប់មក ខ្ញុំបានទៅរស់នៅក្នុងជំរំសាយធូ ហើយចូលរៀនបានត្រឹមថ្នាក់ទី៥ជាមួយគ្រូជនជាតិខ្មែរ។ នៅពេលទំនេរ ខ្ញុំតែងតែដើរលេងពីជំរំមួយទៅជំរំមួយទៀតស្ថិតនៅក្នុងជំរំសាយធូ។ ជារៀងរាល់ថ្ងៃអាទិត្យខ្ញុំបានជិះកង់ទៅជាមួយឪពុកទី២ឈ្មោះ ព្រំ សម្បត្តិ ទៅហាត់រៀនខាងសិល្បៈនៅជំរំមួយផ្សេងទៀត។ ខ្ញុំ និងម្ដាយបានបន្តរស់នៅក្នុងជំរំរហូតដល់ធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញនៅឆ្នាំ១៩៩២។

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំ និងប្អូនៗបាននាំម្ដាយចាស់ជរារត់ភៀសសឹកចេញពីផ្ទះនៅស្ទឹងមេទឹក ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា មករស់នៅតំបន់មានសុវត្ថិភាពនៅវត្តប្រម៉ោយ ឃុំប្រម៉ោយ។ ខ្ញុំស្នាក់នៅក្នុងវត្តប្រម៉ោយបានរយៈពេល១សប្ដាហ៍ទើបត្រឡប់ទៅផ្ទះនៅស្ទឹកមេទឹកវិញ។ ចំណែកប្ដីខ្ញុំឈ្មោះ សូ ភារុំ អាយុ៤២ឆ្នាំ មានឋានន្តរសក្កិអនុសេនីយ៍ត្រី ជាកងទ័ពនៅតំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ បានកំពុងឈរជើងការពារនៅសមរភូមិមុខនៅតំបន់ស្ទឹងមេទឹក។

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ក្រុមគ្រួសាររបស់ខ្ញុំ បានរត់ភៀសសឹកចេញពីផ្ទះម្ដងទៀត ព្រោះឮដំណឹងថាស្ថានភាពនៅព្រំដែនថ្មដាកើតមានភាពតានតឹង។ រយៈពេល១សប្ដាហ៍ក្រោយ ទើបខ្ញុំបានត្រឡប់ទៅផ្ទះវិញ។

នៅដើមខែធ្នូ ឆ្នាំ២០២៥ ទាហានថៃបានបាញ់ផ្សែងពុល និងប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) ជាច្រើនគ្រឿងហោះចូលមកក្នុងភូមិសាស្រ្តឃុំថ្មដា ធ្វើឲ្យខ្ញុំមានការព្រួយបារម្ភពីសុខភាពរបស់ម្ដាយចាស់ជរា និងកូនចៅតូចៗខ្លាំងណាស់។ ខ្ញុំមិនទាន់បានភៀសសឹកចេញពីផ្ទះទេ ព្រោះនៅរងចាំកូនកំពុងនៅធ្វើការក្នុងអគារកាស៊ីណូនៅថ្មដានៅឡើយ។ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ថៃបានផ្លោងគ្រាប់ចូលបន្ទាយនៅក្បែរផ្ទះរបស់ខ្ញុំ ទើបខ្ញុំ និងក្រុមគ្រួសារបានភៀសសឹកចេញពីស្ទឹងមេទឹកធ្វើដំណើរមកកាន់វត្តប្រម៉ោយជាលើកទី៣ ដើម្បីការពារសុវត្ថិភាព។ ក្នុងអំឡុងពេលសង្រ្គាមជាមួយថៃរយៈពេល២១ថ្ងៃ ខ្ញុំពិបាកចិត្ត និងព្រួយបារម្ភពីប្ដីណាស់ ខ្លាចប្ដីមានគ្រោះថ្នាក់ ព្រោះទាហានថៃបានប្រើយន្តហោះចម្បាំងទម្លាក់ និងដ្រូនទម្លាក់គ្រាប់បែក។ ទាហានថៃថែមទាំងបានបាញ់កាំភ្លើងធំចូលមកតំបន់ថ្មដាយ៉ាងខ្លាំងក្លា។ អំឡុងពេលជាមួយគ្នា ប្ដីបានហៅទូរស័ព្ទមកខ្ញុំប្រាប់ថា ប្ដីមានខោអាវតែ១កំផ្លេជាប់នឹងខ្លួនមិនបានងូតទឹកជាច្រើនថ្ងៃ ប្ដីប្រាប់ថារត់គេចគ្រាប់បែកថៃស្ទើរតែធ្លាក់ចូលជ្រោះ។ រយៈពេល២១ថ្ងៃនេះ ខ្ញុំមិនសូវបានទំនាក់ទំនងទៅប្ដីទេ ព្រោះខ្លាចថៃចាប់សេវាទូរស័ព្ទ និងអាចបង្កឲ្យប្ដី និងកងទ័ពជួរមុខមានគ្រោះថ្នាក់។ ចាប់តាំងពីផ្ទុះអាវុធរហូតដល់បច្ចុប្បន្ននេះ ខ្ញុំបានឡើងទៅជួប និងសួរសុខទុក្ខប្ដីបាន៥ទៅ៦ដង រួចប្រញាប់ត្រឡប់មកជំរំភៀសសឹកវិញ។ ចំណែក ម្ដាយ និងកូនចៅតូចៗមិនទាន់បានវិលត្រឡប់ទៅផ្ទះវិញទេ ព្រោះក្រុមគ្រួសារខ្ញុំនៅតែមានការភ័យខ្លាច។ សម្រាប់ការហូបចុកមិនមានការខ្វះខាតទេ ប៉ុន្តែខ្ញុំមិនចង់រស់នៅក្នុងជំរំភៀសសឹកយូរនោះឡើយ ពីព្រោះខ្ញុំមិនបានប្រកបមុខរបរចិញ្ចឹមជីវិត ហើយនៅពេលភ្លៀងធ្លាក់មានសត្វអាសិរពិសចូលមកក្នុងតង់ និងសាចទឹកភ្លៀងចូលក្នុងតង់មិនបានសម្រាកទេ។ ចំណែកម្ដាយខ្ញុំចាស់ជរា ពិបាកក្នុងការសម្រាន្តក្នុងតង់។ ខ្ញុំចង់ឲ្យប្រទេសជាតិឆាប់ទទួលបានសុខសន្តិភាពត្រឡប់មកដូចដើមវិញ។

យិន សុធារី៖ ប្រជាជនភៀសសឹក

ខ្ញុំឈ្មោះ យិន សុធារី ភេទស្រី អាយុ៥៤ឆ្នាំ។ ខ្ញុំមានស្រុកកំណើតនៅក្នុងភូមិត្មាតពង សង្កាត់ចោមចៅ ខណ្ឌដង្កោ ខេត្តកណ្ដាល (បច្ចុប្បន្នភ្នំពេញ)។ បច្ចុប្បន្នខ្ញុំរស់នៅក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឪពុកឈ្មោះ យិន ពៅ (ស្លាប់) និងម្ដាយឈ្មោះ ប្រាក់ សាវឿន មានអាយុ៨០ឆ្នាំ សព្វថ្ងៃរស់នៅខេត្តកំពង់ចាម។ ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់ (ស្រី២នាក់) ហើយខ្ញុំជាកូនច្បងក្នុងគ្រួសារ។ បងប្អូនរបស់ខ្ញុំ នៅរស់រានមានជីវិតចំនួន៤នាក់ (ស្រីម្នាក់) និងបានស្លាប់បាត់បង់ជីវិតចំនួន២នាក់(ស្រីម្នាក់)។ ប្ដីខ្ញុំឈ្មោះ សយ ស៊ីណា អាយុ៦៦ឆ្នាំ និងជាអតីតកងទ័ពក្នុងកងការពារព្រំដែនថ្មដា។ ប្ដីខ្ញុំមានស្រុកកំណើតនៅស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ ខ្ញុំមានកូនចំនួន៦នាក់(ស្រីម្នាក់)។ កូនប្រុសទី៣ឈ្មោះ សយ មិនា ជាកងទ័ពក្នុងកងកាំភ្លើងធំ កំពុងហ្វឹកហាតនៅខេត្តកំពង់ឆ្នាំង។

នៅឆ្នាំ១៩៩៩ ប្ដីរបស់ខ្ញុំ ត្រូវបានរដ្ឋាភិបាលផ្លាស់បញ្ចូនឲ្យមកប្រចាំការនៅព្រំដែនថ្មដា ទើបខ្ញុំបាននាំកូនៗមកតាមប្ដីនៅតំបន់ថ្មដា។ ខ្ញុំ និងប្ដីបានសាងសង់ផ្ទះស្នាក់នៅក្នុងភូមិសង្គមថ្មី ក្បែរបន្ទាយកងការពារព្រំដែនថ្មដា។ នៅពេលមករស់នៅថ្មដាដំបូង ខ្ញុំមិនបានប្រកបមុខរបរអ្វីទេរស់នៅហូបរបបអង្កររបស់ប្តី។ បន្ទាប់មក ខ្ញុំបានប្រកបមុខរលក់អីវ៉ាន់ចាប់ហួយនៅផ្ទះ។ ផ្ទះខ្ញុំស្ថិតនៅចន្លោះកណ្ដាលរវាងប៉ុស្តិនគរបាលការពារព្រំដែននៅខាងមុខផ្ទះ និងបន្ទាយទាហាននៅខាងក្រោយផ្ទះ។

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ទាហានថៃបានចាប់ផ្ដើមបាញ់ផ្សែងពុល និងប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) ហោះក្រវែលពាសពេញភូមិសាស្ត្រឃុំថ្មដា។ បន្ទាប់មក ខ្ញុំ និងក្រុមគ្រួសារត្រូវបានអាជ្ញាធរឃុំជម្លៀសចេញពីភូមិសង្គមថ្មី ឃុំថ្មដា មកកាន់វត្តប្រម៉ោយ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីរក្សាសុវត្ថិភាព។ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំបានដឹងដំណឹងថាទាហានថៃបានប្លោងកាំភ្លើងធំចូលតំបន់អូរភ្លក់ដំរី។ ខ្ញុំបានស្នាក់នៅក្នុងវត្តប្រម៉ោយអស់រយៈពេល១សប្ដាហ៍ ទើបត្រឡប់ទៅផ្ទះនៅភូមិសង្គមថ្មីវិញ។

នៅដើមខែសីហា ឆ្នាំ២០២៥ ក្រុមគ្រួសាររបស់ខ្ញុំ និងប្រជាជនមួយចំនួនក្នុងភូមិសង្គមថ្មី បានជម្លៀសខ្លួនមកវត្តប្រម៉ោយជាលើកទី២ ព្រោះទទួលដំណឹងថាសភាណការណ៍នៅព្រំដែនថ្មដាមានភាពតានតឹង និងមិនមានសុវត្ថិភាព។ រយៈពេល៣ថ្ងៃក្រោយមកស្ថានការណ៍នៅព្រំដែនស្ងប់ស្ងាត់ ទើបខ្ញុំ និងក្រុមគ្រួសារបានត្រឡប់ទៅកាន់ភូមិសង្គមថ្មីវិញ។

នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃបានចាប់ផ្ដើមបាញ់កងទ័ពកម្ពុជានៅខេត្តឧត្ដរមានជ័យ ខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ។ នៅព្រំដែនថ្មដា ទាហានថៃមិនទាន់មានការផ្លោងគ្រាប់ចូលនៅឡើយទេ ប៉ុន្តែទាហានថៃបានចាប់ផ្ដើមបាញ់ផ្សែងពុល និងប្រើប្រាស់ដ្រូនហោះចូលក្នុងភូមិសាស្រ្តឃុំថ្មដាធ្វើឲ្យខ្ញុំមានការព្រួយបារម្ភ និងភ័យខ្លាចទាហានថៃទម្លាក់គ្រាប់បែក ហើយគិតថាអាចផ្ទុះសង្រ្គាមនៅព្រំដែនថ្មដាម្ដងទៀត។ មិនយូរប៉ុន្មាន ប្រជាជននៅក្នុងឃុំថ្មដាចាប់ផ្ដើមជម្លៀសចេញទៅកាន់ទីកន្លែងមានសុវត្ថិភាពជាបន្តបន្ទាប់។ ដោយសារបារម្ភពីផ្ទះសម្បែង ខ្ញុំ និងប្ដីមិនទាន់បានជម្លៀសចេញពីថ្មដាហើយបានទទួលរងប៉ះពាល់ផ្សែងពុលរបស់ទាហានថៃស្ទើរបាត់បង់ជីវិត។

បន្ទាប់មក ខ្ញុំ និងប្ដីបានជម្លៀសខ្លួនមកកាន់ជំរំភៀសសឹកនៅភូមិប្រម៉ោយ។ ក្នុងពេលស្នាក់ជំរំភៀសសឹក ខ្ញុំបានដឹងដំណឹងថាទាហានថៃបានផ្លោងគ្រាប់កាំភ្លើងធំចូលបន្ទាយកងទ័ពកម្ពុជានៅភូមិសង្គមថ្មី។ ខ្ញុំមានអារម្មណ៍មិនសប្បាយចិត្ត និងព្រួយបារម្ភពីទ្រព្យសម្បត្តិក្នុងផ្ទះនៅភូមិសង្គមថ្មី។ អំឡុងពេលសង្រ្គាមលកើទី២ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ខ្ញុំបានដឹងថាផ្ទះចម្ការរបស់ខ្ញុំនៅស្ទឹងមេទឹកត្រូវភ្លើងឆេះអស់ ហើយភ្លើងបានរីករាលដាលឆាបឆេះដល់ចម្ការស្ទើរទាំងស្រុងដោយមិនបានដឹងមូលហេតុ។ចំណែកផ្ទះនៅខាងលើមាត់ស្ទឹងដែលមានអីវ៉ាន់ចាប់ហួយ និងទ្រព្យសម្បត្តិផ្សេងៗត្រូវបានចោរចូលគាស់រួចលួចរបស់របរទាំងអស់។ បន្ទាប់ពីស្ងាត់សង្រ្គាមខ្ញុំបានធ្វើដំណើរឡើងទៅមើលផ្ទះក្នុងភូមិសង្គមថ្មី ខ្ញុំចង់ស្រែកយំ ប៉ុន្តែយំមិនចេញទេ គឺមានអារម្មណ៍អួលណែនទ្រូងទាំងអស់ និយាយមិនរួច ព្រោះបានឃើញសភាពផ្ទះរបស់ខ្ញុំមិនមាននៅសេលសល់របស់របរ និងទ្រព្យសម្បត្តិអ្វីទៀតនោះឡើយ។ ខ្ញុំពិបាកចិត្តណាស់ ប៉ុន្តែខ្ញុំគិតថាត្រូវតែបន្តខិតខំកសាងជីវិតឡើងវិញម្ដងទៀតដើម្បីកូនៗ។

ខ្ញុំបានស្នាក់នៅជំរំភៀសសឹកអស់រយៈពេលជាង៣ខែក្នុងឃុំប្រម៉ោយមកហើយ ខ្ញុំក៏បានត្រឡប់ទៅមើលផ្ទះចំនួន៣ទៅ៤ដង ប៉ុន្តែមិនហ៊ាននៅយូរទេ ត្រូវត្រឡប់មកវិញភ្លាមៗ ព្រោះខ្លាចទាហានថៃបាញ់ផ្សែងពុលទៀត។

អ្នកភូមិកណ្ដាល ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានការអាណិតខ្ញុំ និងប្ដី ទើបបានអនុញាតិឲ្យប្ដីរបស់ខ្ញុំឡើងដើមត្នោតក្នុងភូមិកណ្ដាលគាបយកទឹកត្នោតយកមកធ្វើទឹកត្នោតផ្អែម ទឹកត្នោតជូ និងស្ករត្នោតឲ្យខ្ញុំដើរលក់ក្នុងឃុំប្រម៉ោយ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ដល់សិក្សារៀនសូត្ររបស់កូនៗ។ កូនខ្ញុំ២នាក់កំពុងសិក្សារៀនសូត្រនៅវិទ្យាល័យហ៊ុនសែនប្រម៉ោយថ្នាក់ទី៨ និងថ្នាក់ទី១២។ កូនប្រុសទី៣ឈ្មោះ សយ មិនា កំពុងបញ្ចប់ការហ្វឹកហាត់ក្នុងកងកាំភ្លើងធំ ហើយត្រូវមានឈ្មោះបញ្ចូនចេញទៅច្រកបឹងត្រកួនក្នុងខែមីនា ឆ្នាំ២០២៦នេះ។

ខ្ញុំមានអារម្មណ៍ព្រួយបារម្ភពីកូនប្រុសណាស់ ប៉ុន្តែនឹកគិតថាកូនមានឪពុកជាអតីតកងទ័ព កូនប្រុសនឹងមានសមត្ថភាព និងមានភាពក្លាហ៊ានដូចឪពុកដែរ ទើបខ្ញុំមានអារម្មណ៍ធូរស្បើយក្នុងចិត្តវិញ។ ប្ដីខ្ញុំតែងតែនិយាយថា បើកូនប្រុសត្រូវបានបញ្ចូនមកថ្មដា ប្ដីនឹងចូលរួមជាមួយកងទ័ពវិញ ព្រោះប្ដីស្គាល់ទីតាំងភូមិសាស្រ្តថ្មដាច្បាស់លាស់ និងអាចបង្ហាត់បង្ហាញកងទ័ពក្មេងៗអំពីទីតាំងទាំងអស់នោះបាន។ បច្ចុប្បន្នខ្ញុំចង់ត្រឡប់ទៅរស់នៅផ្ទះវិញខ្លាំងណាស់ ប៉ុន្តែមានការភ័យខ្លាចទាហានថៃផ្ទុះអាវុធម្តងទៀត។ ខ្ញុំចង់ឲ្យរាជរដ្ឋាភិបាលដោះស្រាយបញ្ហាជម្លោះជាមួយថៃឲ្យបានឆាប់រហ័ស ហើយខ្ញុំក៏មិនចង់ឲ្យកើតមានសង្រ្គាមទៀតដែរ។

សែ សុខា៖ ជនភៀសសឹក

នាងខ្ញុំឈ្មោះ សែ សុខា អាយុ៦៨ឆ្នាំ សព្វថ្ងៃប្រកបរបរធ្វើចម្ការ។ ខ្ញុំ មានស្រុកកំណើតនៅភូមិចម្កាលើ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។ បច្ចុប្បន្នរស់នៅភូមិអូរសួស្ដី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំ មានប្ដីឈ្មោះ ហម ទុំ អាយុ៦០ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងកាញ់ ឃុំបឹងកាញ់ ស្រុកកៀនស្វាយ ខេត្តកណ្ដាល សព្វថ្ងៃជាកងទ័ពនៃកងការពារព្រំដែន៥០១ ។ ខ្ញុំ មានកូនចំនួន៥នាក់ (ប្រុស៤នាក់ ស្រី១នាក់)។ សព្វថ្ងៃកូនរបស់ខ្ញុំមានគ្រួសារចំនួន៤នាក់ នៅលីវម្នាក់។ ខ្ញុំមានឪពុកឈ្មោះ អ៊ុក សឿន (ស្លាប់) និងម្ដាយឈ្មោះ ទ្រី ឈិត អាយុ៧៨ឆ្នាំ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់ (ប្រុស៣នាក់ ស្រី៣នាក់)។ ខ្ញុំជាកូនទី៤នៅក្នុងគ្រួសារ។

កាលពីក្មេង ខ្ញុំ រៀនបានថ្នាក់ទី៥ នៅសាលាបឋមសិក្សាបឹងខ្នារ។ ឆ្នាំ១៩៨៩ ខ្ញុំឈប់រៀនដោយសារតែគ្រួសារមានជីវិតភាពក្រីក្រ។ បន្ទាប់ពីឈប់រៀន ខ្ញុំបានដើរស៊ីឈ្នួលដាំបាយឲ្យអ្នកភូមិតាមផ្ទះ និងដើរស៊ីឈ្នួលច្រូតស្រូវ ដើម្បីបានលុយរកមកផ្គត់ផ្គង់ជីវភាពនៅក្នុងគ្រួសារ។

នៅឆ្នាំ១៩៩៤ ខ្ញុំបានសែនព្រេនជាមួយប្ដីខ្ញុំ ហើយប្ដីខ្ញុំគឺជាកងទ័ពឈរជើងនៅអាងកំពីងពួយ។ ឆ្នាំ១៩៩៩ ប្ដីរបស់ខ្ញុំត្រូវបានថ្នាក់លើប្រកាសឲ្យមកចូលរួមជាមួយកងការពារព្រំដែន៥០១ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បច្ចុប្បន្នមេបញ្ជាការកងការពារព្រំដែន៥០១មានឈ្មោះ ចាន់ ប៊ុនឌី។

នៅឆ្នាំ២០០០ ខ្ញុំបានផ្លាស់ពីស្រុកកំណើតមករស់នៅជាមួយប្ដីនៅក្នុងឃុំថ្មដា ហើយខ្ញុំបានបង្កើតមុខរបរលក់ចាប់ហ៊ួយ ដើម្បីជួយសម្រួលជីវភាពនៅក្នុងគ្រួសារ។

នៅខែកក្កដា ឆ្នាំ២០២៥ ទាហានថៃបានដឹកអ៊ិចស្កាវ៉ាទ័រចូលមកជីកលេណដ្ឋានដែលមានចម្ងាយ ពីច្រកច១ ប្រហែល១០០ទៅ២០០ម៉ែត្រ។ លុះដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ទាហានថៃបានចល័តទាហាន និងចល័តសព្វាវុធធន់ធ្ងន់ចូលមកដល់ព្រំដែនថ្មដា។ ពេលនោះលោក គឹម សឿន ដែលជាមេភូមិអូរសួស្ដី បានប្រកាសប្រាប់ឲ្យប្រជាជននៅក្នុងភូមិអូរសួស្ដីទាំងអស់ត្រូវរៀបចំខ្លួនដើម្បីជម្លៀសទៅកន្លែងមានសុវត្ថិភាព ព្រោះទាហានថៃអាចបើកការវាយប្រហារចូលមកក្នុងឃុំថ្មដាគ្រប់ពេលវេលា។ បន្ទាប់មកខ្ញុំបានជម្លៀសចេញពីភូមិអូរសួស្ដីទៅកន្លែងមានសុវត្ថិភាព ដែលមានទីតាំងនៅក្នុងវត្តប្រម៉ោយ ស្ថិតនៅក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ សព្វថ្ងៃខ្ញុំមិនទាន់ហ៊ានវិលត្រឡប់ទៅរស់នៅក្នុងផ្ទះវិញទេ ព្រោះផ្ទះរបស់ខ្ញុំជាប់តំបន់ក្រហម។

អង្កេតការណ៍៖
• ប្រជាជនភៀសសឹកមួយចំនួនជាកុមារតូចៗ និងចាស់ជរា។
• ប្រជាជនភៀសសឹកទាំងអស់នៅតែមានការព្រួយបារម្ភ និងខ្លាចមានការផ្ទុះអាវុធម្ដងទៀតទើបមិនទាន់ហ៊ានធ្វើដំណើរត្រឡប់ទៅផ្ទះវិញ។
• អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាប្រជាជនភៀសសឹកមានជំងឺប្រចាំកាយដូចជា សន្លាក់ដៃជើង លើសឈាម និងពិការត្រចៀក។
• ប្រជាជនភៀសសឹកមានមួយចំនួនតិចជាមុន។
• ប្រជាជនភៀសសឹកកំពុងស្នាក់នៅតំបន់សុវត្ថិភាពភាគច្រើនមានផ្ទះជាប់ព្រំដែនរវាងកម្ពុជា និងថៃ។

Photos by Veal Veng Teams
Documentation Center of Cambodia Archieves
March,05,2026