Home / Post

Veal Veng Reconciliation Center: សិស្សានុសិស្សនៃអនុវិទ្យាល័យហ៊ុនសែនប្រម៉ោយមកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ដើម្បីអានសៀវភៅ និងចូលរួមកិច្ចពិភាក្សាចំណេះដឹងស្ដីអំពីប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)

វេលាម៉ោង៨:០០ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ សិស្សានុសិស្សចំនួន ១២នាក់ ជាសិស្សទី៩A នៃអនុវិទ្យាល័យហ៊ុនសែនប្រម៉ោយ (ស្រីចំនួន១០នាក់) បានមកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ដើម្បីអានសៀវភៅ និងរៀនសូត្របន្ថែមស្ដីអំពីប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្នុងជំពូកទី៨៖ ជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានរៀបចំកិច្ចពិភាក្សាអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្នុងគោលបំណងដូចខាងក្រោម៖
១. ដើម្បីផ្លាស់ប្ដូរ និងចែករំលែកចំណេះដឹងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។
២. ចង់ឲ្យសិស្សានុសិស្សបានរៀនសូត្រ និងយល់ដឹងបន្ថែមអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ។
៣. ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងល្អរវាងក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង និងសិស្សានុសិស្សតាមរយៈការអប់រំអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ។
មុនពេលចាប់ផ្តើមកិច្ចពិភាក្សា មឿន ស្រីណុច បានណែនាំខ្លួន និងក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង។ បន្ទាប់មក ស្រីណុច បានសួរសំណួរទៅកាន់សិស្សានុសិស្សថា តើប្អូនៗទាំងអស់គ្នាមានសំណួរអ្វី? ធ្លាប់បានរៀនសូត្រ និងបានដឹងរឿងរ៉ាវអ្វីខ្លះ ទាក់ទងនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់កុមារក្នុងរបបខ្មែរក្រហម? សិស្សានុសិស្សបានសួរសំណួរ
១/ តើនៅក្នុងរបបខ្មែរក្រហមកុមារទទួលបានចិញ្ចឹមបីបាច់ ថែរក្សា ដូចកុមារនៅក្នុងសម័យបច្ចុប្បន្នដែរឬទេ?
២/ នៅពេលកុមារមានជំងឺ ឬមានរបួស តើកុមារមានសិទ្ធិទៅព្យាបាលឬទេ?
៣/ ហេតុអ្វីខ្មែរក្រហមបង្អត់អាហារ និងមិនឲ្យកុមារបានរៀនសូត្រ?
៤/ នៅចន្លោះឆ្នាំ១៩៧៥-១៩៧៩ តើកុមារត្រូវបានប្រើឲ្យធ្វើការងារអ្វីខ្លះ?
៥/ នៅពេលកុមារធ្វើបែកបាក់វត្តុអ្វីមួយ ឬធ្វើខុសច្បាប់របស់អង្គការ តើកុមារត្រូវបានដាក់ទោស ឬធ្វើទារុណកម្មឬទេ?
៦/ តើនៅក្នុងរបបខ្មែរក្រហម កុមារមានសិទ្ធិរស់នៅជួបជុំជាមួយឪពុកម្ដាយឬទេ?
៧/ តើកូនៗរបស់កម្មាភិបាលខ្មែរក្រហម ត្រូវធ្វើការងារដូចកុមារទូទៅឬអត់?
៨/ តើកុមារទទួលបានអាហារហូបចុកគ្រប់គ្រាន់ដែរឬទេ?
៩/ តើនៅក្នុងរបបខ្មែរក្រហមកុមារស្លៀកសម្លៀកបំពាក់បែកណា?
១០/ តើកុមារីទទួលរងការរំលោភបំពានឬទេ?
១១/ តើកុមារដែលមានអាយុចន្លោះពី១៤ ទៅ១៨ឆ្នាំ ត្រូវបានខ្មែរក្រហមបញ្ចូនទៅធ្វើកងទ័ពពិតដែរឬទេ?
១២/ តើកុមារទទួលបានការអប់រំ និងសិទ្ធិរស់រានមានជីវិតពេញលេញដែរឬទេ?
១៣/ តើការខ្វះខាតការអប់រំ បណ្ដាលឲ្យមានផលប៉ះពាល់ដល់កុមារដែរឬទេ?
ស្រីណុច បានឲ្យសិស្សានុសិស្សចែករំលែកចំណេះដឹងទាក់ទងរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមតាមរយៈការរៀនសូត្រនៅសាលារៀន តាមសារព័ត៌មាន និងពីឪពុកម្ដាយ ជីដូនជីតាមានដូចខាងក្រោម៖
១/ លោកយាយរបស់ខ្ញុំ ធ្លាប់បានប្រាប់ថា «ប្ដីរបស់គាត់ត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ចោល ព្រោះគាត់បានលួចកាច់ស្នៀតពោតមកឲ្យកូនៗហូប»។
២/ តារបស់ខ្ញុំ បាននិយាយថា «ខណៈពេលកងទ័ពខ្មែរក្រហមជម្លៀសគាត់ និងគ្រួសារចេញពីខេត្តកំពង់ធំ គាត់បានឃើញប្រជាជនមកពីភ្នំពេញ និងប្រជាជនដទៃត្រូវបានស្លាប់ជាច្រើននាត់នៅលើឡាន ព្រោះអត់អាហារ»។
៣/ យាយនិយាយប្រាប់ខ្ញុំថា «គាត់ធ្លាប់ឃើញខ្មែរក្រហមវាយមនុស្សដែលមានសុខភាពទន់ខ្សោយសម្លាប់ ដើម្បីយកសាច់មនុស្សហូប»។
៤/ យាយបាននិយាយថា «កូនរបស់គាត់មានអាយុ២ខែ ត្រូវចាញ់រហូតដល់ស្លាប់ ព្រោះមិនមានថ្នាំព្យាបាល នៅក្នុងព្រៃតាមព្រំដែន»។
៥/ តារបស់ខ្ញុំ ត្រូវបានខ្មែរក្រហមបង្ខំឲ្យទៅធ្វើកងទ័ពនៅតាមព្រំដែន។
៦/ យាយរបស់ខ្ញុំ បានប្រាប់ថា «កាលរបបខ្មែរក្រហម គាត់បានរស់នៅបែកបាក់ពីឪពុកម្ដាយ បងប្អូន និងមានការសោកស្ដាយមិនបានរៀនសូត្រ។ ក្រោយរបបខ្មែរក្រហមដួលរលំ បងប្អូនរបស់គាត់បានស្លាប់បាត់បង់ជីវិតអស់បីនាក់»។ សព្វថ្ងៃយាយរបស់ខ្ញុំបានប្រៀនប្រដៅឲ្យខ្ញុំខិតខំរៀនសូត្រ ដើម្បីកុំឲ្យមិនមានចំណេះដឹងដូចជាគាត់។
កិច្ចបន្ទាប់ ស្រីណុច បានលើកយកប្រធានបទ «ការរំលោភលើសិទ្ធ និងពលកម្មរបស់កុមារ» នៅ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យមកពីភាក្សាជាមួយសិស្សានុសិស្ស។ ស្រីណុច បានលើកឡើងថា នៅក្នុងរបបខ្មែរក្រហមមិនមានសាលារៀនជាផ្លូវការនោះទេ។ កុមារត្រូវបានបញ្ជូនឲ្យទៅរៀននៅក្រោមដើមឈើ ឬនៅក្រោមផ្ទះប្រជាជន។ គ្រូភាគច្រើន គឺជាកសិករក្រដែលអាចអាន និងសរសេរបានតែបន្តិចបន្តួចប៉ុណ្ណោះ។ ទោះបីជាអប់រំនៅតាមតំបន់មួយចំនួនមានការរីកចម្រើនក្នុងឆ្នាំ១៩៧៨ (កុមារទទួលបានការសិក្សាថ្នាក់បឋម ពី២ទៅ៣ម៉ោងក្នុងមួយថ្ងៃ) ក៏ដោយ នៅតែមិនទាន់មានសាលារៀនដែលមានដំណើរការពេញលេញសម្រាប់សិក្សាដែរ។ ខ្មែរក្រហមនិយាយថា «អង្គការគ្មានទេសញ្ញា មានតែសញ្ញាឃើញ។ បើចង់បានបាក់អង បាក់ឌុប ត្រូវទៅយកនៅទំនប់ប្រឡាយ» ហើយថា « ការរៀនអក្សរ រៀនលេខ មិនសំខាន់ទេ ការសំខាន់គឺការងារ និងចលនាបដិវត្តន៍»។ ស្របពេលកុមារត្រូវបានបង្ហាត់បង្រៀនឲ្យចេះអាន និងសរសេរអក្សរបន្តិចបន្តួចនោះ ភាគច្រើននៃការអប់រំកុមារទាំងនោះ គឺផ្ដោតទៅលើការអប់រំនយោបាយ។ ក្មេងៗត្រូវបានជ្រើសរើសឲ្យទៅចូលរួមវគ្គហ្វឹកហ្វឺនមនោគមន៍វិជ្ជា ដើម្បីអាចបម្រើក្នុងជួរកងទ័ព កងការពារ ឬនីរសាបាន។ ក្មេងៗក៏ត្រូវបានចាត់តាំងឲ្យធ្វើការងារដែរ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ការងាររបស់កុមារ គឺដើរដើររើសអាចម៌គោ កាត់ទន្រ្ទានខែត្រ ប្រមូលលាមកមនុស្សដើម្បីធ្វើជី និងជញ្ជូនអាវុធទៅសមរភូមិ ដែលទីនោះកុមារជួនកាលទទួលរងឬក៏ត្រូវគ្រាប់កាំភ្លើងស្លាប់ក៏មាន។ ជាងនេះទៅទៀត កុមារាកុមារី ត្រូវបំបែកចេញពីឪពុកម្ដាយ ហើយមិនដែលស្គាល់ភាពកក់ក្ដៅក្នុងគ្រួសារឡើយ ។
បន្ទាប់មក ស្រីណុច បានលើកយករឿងរ៉ាវអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាកុមារក្នុងរបបខ្មែរក្រហមចំនួន៧នាក់មកឲ្យសិស្សានុសិស្សអាន និងពិភាក្សាជាបីក្រុម៖

១) ឈ្មោះ ឈិត ឆេង ភេទស្រី អាយុ៦៣ឆ្នាំ។ សព្វថ្ងៃ ឆេង រស់នៅជាមួយប្អូនស្រីបង្កើតដោយប្រកបរបរធ្វើស្រែចម្ការ និងចិញ្ចឹមក្របី។ ឆេង មានស្រុកកំណើតនៅភូមិទួលគ្រួស ឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ បច្ចុប្បន្នរស់នៅភូមិស្ទឹងថ្មី(ចំណុចទួលកកោះ) ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ មានឪពុកឈ្មោះ ប៉ោយ ឈិត(ស្លាប់) ក្នុងរបបខ្មែរក្រហម។ ចំណែកម្ដាយ ឈ្មោះ សេក ទុប (ស្លាប់) ក្នុងឆ្នាំ១៩៧៩ ដោយសារជំងឺ។ ឆេង មានបងប្អូនបង្កើតចំនួន៤នាក់ (ស្រី៣នាក់) ហើយ ឆេង ជាកូនច្បងក្នុងគ្រួសារ។ ប្អូនប្រុសឆេងបានស្លាប់បាត់បង់ជីវិតដោយសារអត់អាហារក្នុងរបបខ្មែរក្រហម។
កាលពីនៅវ័យកុមារ ឆេង មិនបានចូលរៀននោះទេ ព្រោះឪពុកម្ដាយមានជីវភាពក្រីក្រលំបាក និងមិនមានអ្នកជួយធ្វើការងារស្រែចម្ការរបស់ឪពុកម្ដាយ ទើប ឆេង ត្រូវទៅធ្វើស្រែជាមួយឪពុកម្ដាយ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយដណ្ដើមបានទីក្រុងភ្នំពេញ និងទទួលបានជ័យជម្នះទៅលើទាហានរបស់ លោកសេនាប្រមុខ លន់ នល់។ បន្ទាប់ពីរំដោះបានទីក្រុងភ្នំពេញបានមិនយូរប៉ុន្មាន ខ្មែរក្រហមបានចាប់ផ្ដើមបង្កើតសហករណ៍រួមមួយឈ្មោះ «សហករណ៍ស្រែតាំងយ៉» និងបានដើរប្រមូលចាន ឆ្នាំង មាស ប្រាក់ គោ ក្របី ជ្រូក មាន់ ទា និងទ្រព្យសម្បត្តិផ្សេងៗរបស់ប្រជាជនជនជាតិព័រដាក់ក្នុងសហករណ៍រួម ដើម្បីឲ្យប្រជាជន ហូបចុក ធ្វើការងារ និងស្នាក់នៅរួមគ្នាក្នុងសហករណ៍។ បន្ទាប់មក ខ្មែរក្រហមបានបែងចែកប្រជាជនឲ្យទៅធ្វើការងារនៅតាមទីកន្លែងផ្សេងៗពីគ្នា ដែលមានចាត់ក្នុងកងកុមារ កងយុវជន យុវនារី និងកងមនុស្សចាស់ ហើយ ឆេង និងប្អូនៗតូចៗត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យចូលធ្វើការងារនៅក្នុងកងកុមារ គ្រប់គ្រងដោយ តា យាន ឌឿន ដែលមានកុមារប្រហែល៥០នាក់។ បន្ទាប់មក តា យាន ឌឿន បានបែងចែកជាក្រុមតូចៗ ក្នុងក្រុមមានគ្នាប្រហែល១៥ទៅ២០នាក់។ ដំបូង ឆេង និង ប្អូនៗ ត្រូវបានខ្មែរក្រហមបញ្ជាឲ្យដើរកាប់ទន្រ្ទានខេត្រ ប្រមូលលាមកសត្វ ដើម្បីយកទៅចិញ្ចាំធ្វើជីដាក់ក្នុងស្រែ ក្នុងភូមិទួលគ្រួស។ ឆេង បានបញ្ជាក់ថា តា យាន ឌឿន មានចិត្តល្អ និងមិនដែលធ្វើបាបលើកុមារនោះទេ។ ចំណែក ឪពុកម្ដាយរបស់ ឆេង ត្រូវបានខ្មែរក្រហមចាត់ឲ្យនៅក្នុងកងចាស់ៗ ធ្វើស្រែនៅសហករណ៍ស្រែតាំងយ៉ ក្នុងភូមិទួលគ្រួស។ សម្រាប់ការហូបចុក ឆេង បានហូបបាយលាយជាមួយសម្លបានគ្រប់គ្រាន់។
ឆ្នាំ១៩៧៦ ឆេង ត្រូវបានប្ដូរឲ្យមកធ្វើការងារធ្ងន់ធ្ងរជាងមុន ហើយការងារដែល ឆេង ត្រូវធ្វើជាប្រចាំថ្ងៃមានដូចជា ដកសំណាប ស្ទួងស្រូវ ជញ្ជូនកណ្ដាប់ បែនស្រូវ កាប់ដី លើកភ្លឺ ជីកប្រឡាយតាមស្រែក្នុងភូមិទួលគ្រួស និងលើកទំនប់អូរធំ(បច្ចុប្បន្នស្ថិតក្នុងភូមិទួលគ្រួស) ហើយខ្មែរក្រហមបានកំណត់ក្នុងមួយក្រុមមានគ្នាប្រហែល១៥នាក់ឲ្យលើកទំនប់ក្នុងមួយព្រឹកមានប្រវែងទទឹង១ម៉ែត្រ និងបណ្ដោយមានប្រវែង១០ម៉ែត្រ។ ក្នុងរយៈពេលមួយព្រឹក បើកុមារលើកទំនប់មិនរួចតាមការកំណត់ ត្រូវនៅលើកឲ្យបានរួចរាល់ ទើបអាចសម្រាកហូបបាយបាន។ បន្ទាប់ពីធ្វើការងារស្រែចម្ការ និងជីកប្រឡាយ ឆេង និងក្រុមកុមារទាំងអស់ ត្រូវបានខ្មែរក្រហមប្រើឲ្យទៅកាប់ដី ដើម្បីលើកភ្លឺស្រែ។ សម្រាប់ការហូបចុក ឆេង មានការលំបាកជាងមុន ខ្មែរក្រហមបានចែកបាយលាយជាមួយពោតក្រហម និងលាយជាមួយដំឡូង ហើយសម្លមិនមានជីវជាតិនោះទេ ធ្វើឲ្យ ឆេង និងកុមារមួយចំនួន បរិភោគមិនបានគ្រប់គ្រាន់ បណ្ដាលឲ្យមានសុខភាពទន់ខ្សោយសភាពស្គមស្គាំង និងអស់កម្លាំងខ្លាំងណាស់។ នៅពេលទៅហូបបាយនៅរោងការដ្ធាន ត្រូវអង្គុយឲ្យចំកន្លែងរៀងៗខ្លួន បើអង្គុយខុសកន្លែងខ្មែរក្រហមផ្ដាច់របបអាហារ។ នៅរោងការដ្ធានមានប្រហែងវែង មានតុវែងអង្គុយទល់មុខគ្នា ហើយបាយម្នាក់មួយកូនចាន់ កុមារបួននាក់ហូបសម្លរួមគ្នាមួយចាន។ ចំណែក ឪពុកម្ដាយរបស់ ឆេង ត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យចូលធ្វើការងារនៅក្នុងកងចល័តវិញ។
នៅឆ្នាំ១៩៧៧  ឆេង  និងជនជាតិដើមភាគតិចព័រជាយុវនារីចំនួនប្រាំនាក់ ត្រូវបានខ្មែរក្រហមជម្លៀសដោយធ្វើដំណើរតាមឡានចេញពីភូមិទួលគ្រួស ទៅកាន់ស្រុកភ្នំក្រវាញ ទាំងមិនប្រាប់មូលហេតុអ្វីទាំងអស់។ នៅពេលធ្វើដំណើរដល់ភូមិព្រែក(បច្ចុប្បន្នភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់) ខ្មែរក្រហមបានបញ្ជូន ឆេង តាមទូកឆ្លងស្ទឹងពីភូមិព្រែក ទៅកាន់ភូមិលាច(បច្ចុប្បន្នទីតាំងផ្សារភ្នំក្រវាញ) ដើម្បីឲ្យធ្វើជាជាងកាត់ដេរសម្លៀកបំពាក់។ នៅការដ្ឋានកាត់ដេរមានកម្មាការិនីប្រហែល១០០នាក់។ ការងារប្រចាំថ្ងៃរបស់ ឆេង គឺកាត់សម្លៀកបំពាក់ ហើយខ្មែរក្រហមបានឲ្យធ្វើការងារធម្មតាមិនមានការកំណត់នោះទេ។ ក្រោយមក ខ្មែរក្រហមបញ្ជូនជនជាតិដើមភាគតិចព័រចំនួនពីរនាក់ មកពីភូមិទួលគ្រួស ឈ្មោះ ថៃ នេន ភេទស្រី និង ម្នាក់ទៀត(ភ្លេចឈ្មោះ) ឲ្យមកធ្វើជាងកាត់ដេរក្នុងការដ្ឋានកាត់ដេរជាមួយ ឆេង។ ឆេង បានដឹងតាមរយៈ ថៃ នេន ថា ឪពុកម្ដាយ និងប្អូនៗត្រូវបានខ្មែរក្រហមជម្លៀសមកស្រុកភ្នំក្រវាញដូចគ្នា ប៉ុន្តែ ឆេង មិនដែលបានជួបជាមួយ ឪពុកម្ដាយ និងប្អូនៗឡើយ។ សម្លៀកបំពាក់ដែល ឆេង បានកាត់ ត្រូវបានខ្មែរក្រហមបញ្ជូនយកចែកតាមភូមិ តាមឃុំ តាមស្រុក និងបញ្ជូនទៅឲ្យកងទ័ព។ ក្នុងមួយថ្ងៃ ឆេង ធ្វើការងារ៨ម៉ោង គឺចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១១ថ្ងៃ សម្រាកហូបបាយឬបបរ និងម៉ោង១រសៀលធ្វើការងារបន្តរហូតដល់ម៉ោង៥ល្ងាច ទើបសម្រាកហូបបាយឬបបរម្ដងទៀត។ បន្ទាប់ពីហូបបាយពេលល្ងាចរួច ឆេង ត្រូវដាំបន្លែដូចជា ស្ពៃ ត្រកួន ត្រសក់ ល្ពៅ ត្រលាច និងបន្លែជាច្រើនទៀត ទុកផ្គត់ផ្គង់ក្នុងរោងការដ្ឋាន។ ការហូបចុករបស់ ឆេង និងកម្មការិនីកាត់ដេរ គឺហូបបានគ្រប់គ្រាន់ មិនមានការខ្វះខាតប៉ុន្មានទេ ព្រោះប្រធានការដ្ឋានកាត់ដេរឈ្មោះ តា ថាស មានចរិតស្លូតបូត និងមានចិត្តល្អ។ ក្រៅពីការងារកាត់ដេរសម្លៀកបំពាក់ ខ្មែរក្រហមបានបញ្ជូនក្រុម ឆេង ឲ្យទៅជួយធ្វើស្រែប្រជាជននៅតាមមូលដ្ឋានចល័តក្នុងឃុំលាច។ នៅពេលថ្ងៃ ឆេង ធ្វើការងារដក ស្ទួង និងច្រូតស្រូវ លុះដល់យប់ឡើង ឆេង ត្រូវចិញ្រ្ចាំជីយកទៅដាក់ក្នុងស្រែ ឬបោកកណ្ដាប់រហូតដល់ម៉ោង៩ទៅម៉ោង១០យប់ ទើបបានចូលសម្រាក។
ឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានវាយចូលមកដល់ស្រុកភ្នំក្រវាញ។ ក្នុងពេលជាមួយគ្នា ឆេង មិនបានរត់ចេញស្រុកភ្នំក្រវាញនោះទេ ព្រោះ ឆេង មានជំងឺជាប់ឆ្អឹង ទើបមិនអាចធ្វើដំណើរឆ្ងាយបាន ហើយកងទ័ពវៀតណាមមិនបានធ្វើបាប ឆេង និងប្រជាជនដទៃឡើយ។ បន្ទាប់មក ម្ដាយរបស់ ឆេង បានដឹងដំណឹងថា ឆេង រស់នៅស្រុកភ្នំក្រវាញ ទើបទៅយក ឆេង មករស់នៅភូមិព្រែក(បច្ចុប្បន្នភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់) ហើយម្ដាយបានប្រាប់ ឆេង ថា «ឪពុក និងប្អូនប្រុសបានស្លាប់ដោយសារអត់អាហារ»។ បន្ទាប់ពីជួបជុំគ្នាជាមួយបងប្អូន និងម្ដាយ ឆេង និងក្រុមគ្រួសារបាននាំគ្នាធ្វើស្រែដើម្បីចិញ្ចឹមជីវិតក្នុងភូមិព្រែក។ រហូតឆ្នាំ២០០០ ឆេង និងគ្រួសារបានត្រឡប់មកស្រុកកំណើតវិញ ហើយបានកាប់ឆ្ការព្រៃ ដើម្បីយកដីធ្វើស្រែចម្ការរហូតមកដល់សព្វថ្ងៃ។

២) ឈ្មោះ យ៉ួស ប៊ូច ភេទប្រុស អាយុ៦៣ឆ្នាំ។ មានមុខរបរធ្វើចម្ការ ដាំពោត និងដំឡូង។ មានស្រុកកំណើតនៅក្នុងភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បច្ចុប្បន្នរស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឪពុកឈ្មោះ យ៉ួស យ៉ុង (ស្លាប់) និងម្ដាយឈ្មោះ ភី អីវ (ស្លាប់) មានបងប្អូនបង្កើតចំនួន៥នាក់(ស្រី៣នាក់) ប៊ូច ជាកូនទី៤។ ភរិយាឈ្មោះ យ៉ង សុខជា មានអាយុ៦៣ឆ្នាំ មានកូន៥នាក់(ស្រីម្នាក់)។ កាលនៅវ័យកុមារ ប៊ូច មិនបានទទួលបានការរៀនសូត្រនោះទេ។
ឆ្នាំ១៩៧៥ នៅពេលខ្មែរក្រហមបានឡើងកាន់អំណាចដំបូង ពួកខ្មែរក្រហមបានចូលមកគ្រប់គ្រងនៅក្នុងភូមិដែល ប៊ូច រស់នៅ។ បន្ទាប់មក ខ្មែរក្រហមចាប់ផ្ដើមដើរប្រមែប្រមូលទ្រព្យសម្បត្តិ មាស ប្រាក់ មាន់ទា គោ ក្របី ចានឆ្នាំងពីផ្ទះនីមួយៗក្នុងភូមិរបស់ ប៊ូច រួចយកទៅដាក់រួមជាទ្រព្យរបស់អង្គការ។ គ្រួសាររបស់ ប៊ូច ព្រមទាំងប្រជាជនទាំងអស់គ្មានសិទ្ធិយកមកប្រើប្រាស់ ប៉ះពាល់ ឬហូបបានឡើយ ទោះទ្រព្យទាំងអស់នោះជារបស់ពួកខ្លួនក៏ដោយចុះ។  បន្ទាប់មកទៀត ខ្មែរក្រហមបានជម្លៀសប្រជាជនមកពីរាជធានីភ្នំពេញនិងតាមបណ្ដាលខេត្តនានាចូលមករស់នៅក្នុងភូមិ ប៉ុន្តែ ប៊ូច មិនបានដឹងថាប្រជាជនទាំងអស់ត្រូវបានជម្លៀសមកពីខាងណាខ្លះនោះទេ ព្រោះមានការច្របូកច្របល់មានប្រជាជនថ្មីចូលមកក្នុងភូមិច្រើនខ្លាំងណាស់។ បន្ទាប់ពីខ្មែរក្រហមចូលមក ប៊ូច និងក្រុមគ្រួសារមិនត្រូវបានជម្លៀសទៅឆ្ងាយពីភូមិកំណើតនោះទេ។ ប៊ូច ត្រូវបានខ្មែរក្រហមចាត់ឲ្យចូលក្នុងកងកុមារធ្វើការងារនៅភូមិក្បែរៗគ្នានៅក្នុងស្រុកព្រៃនប់។ ក្នុងពេលជាមួយគ្នា អង្គការបានឲ្យ ប៊ូច ចូលរៀននៅតាមរោងគោរយៈពេល១ម៉ោងក្នុងមួយថ្ងៃ មិនបានរៀនជាប់លាប់នោះទេ ព្រោះ ប៊ូច ត្រូវបានចាត់តាំងឲ្យធ្វើការងារឲ្យទាន់ពេលវេលា។ សម្រាប់របបអាហារ អង្គការបានចែកអង្ករម្នាក់១កាមែលស្មើអង្ករ២កំប៉ុង។ ឪពុករបស់ ប៊ូច ត្រូវបានអង្គការប្រើឲ្យដាំបន្លែ។  រីឯម្ដាយរបស់ ប៊ូច ត្រូវបានអង្គការបានប្រើឲ្យធ្វើកន្ទេល ដេរបាវសម្រាប់ច្រកស្រូវនៅក្នុងភូមិជាមួយចាស់ដទៃទៀត។ ចំណែកបងៗនៅក្នុងកងចល័ត ដើរទៅធ្វើការងារនៅកន្លែងផ្សេងៗគ្នាទាំងអស់ មិនដែលបានជួបគ្នាទេ។ ប៊ូច ត្រូវបានអង្គការប្រើឲ្យដើររើសគួរស្រូវជាមួយកុមារដទៃទៀតដែលជាអ្នកភូមិជាមួយគ្នា និងកុមារដែលទើបនឺងជម្លៀសចូលថ្មី។ របបអាហារក្នុងឆ្នាំនេះមិនសូវជាលំបាកខ្លាំងនោះទេ ហូបបានឆ្អែតសមរម្យ។
ចន្លោះឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៨ អង្គការបានជ្រើសរើស ប៊ូច ឲ្យទៅនៅក្នុងកងកុមារពិសេស ចាប់ផ្ដើមធ្វើការងារពីម៉ោង៧ព្រឹករហូតដល់ម៉ោង១១សម្រាកហូបបាយ និងចាប់ផ្ដើមពីម៉ោង២រហូតដល់ម៉ោង៥ល្ងាចទើបសម្រាកហូបបាយម្ដងទៀត ជួនកាល ប៊ូច បានហូបត្រឹមបបរឈ្មោល។ នៅរោងអាហារមានតុវែងៗតម្រៀបគ្នាអង្គុយជាជួរ មានសម្លមួយចាន។ ដល់រដូវរកបានត្រីកាម៉ុង មេកងបានចែកត្រីកាម៉ុងតូចៗម្នាក់២ក្បាលហូបជាមួយបាយ ប៉ុន្តែ ប៊ូច ហូបមិនបានឆ្អែតទេ។ ប៊ូច មិនហានប្រកែកតវ៉ាជាមួយអង្គការឡើយ ជួនកាលអង្គការចែកនំពុម្ពម្នាក់២។ ប៊ូច បានសង្កេតឃើញថា រៀងរាល់រដូវច្រូតកាត់រួច តែងទទួលបានផលស្រូវច្រើនខ្លាំងណាស់ ប៉ុន្តែ ប៊ូច រួមទាំងអ្នកភូមិផ្សេងទៀតមិនទទួលបានបាយហូបគ្រប់គ្រាន់ទាល់តែសោះ។ រហូតគ្រាមួយមិនមានសូម្បីតែបាយ ក្នុង១ថ្ងៃ ទទួលបានពោតម្នាក់ត្រឹមតែ២ផ្លែហូបជំនួសបាយ ប៊ូច ពិតជាមានភាពស្រេកឃ្លាន និងហេវហត់អស់កម្លាំងខ្លាំងរហូតដល់ធ្លាក់ខ្លួនឈឺ អង្គការបានឲ្យថ្នាំអាចម៌ទន្សាយលេប ប៉ុន្តែមិនបានធូរស្បើយនោះទេ។ ទោះជាយ៉ាងនេះក្ដី ប៊ូច ត្រូវតែក្រោកទៅធ្វើការងារដូចធម្មតាទាំងខ្លួនកំពុងឈឺ ព្រោះខ្លាចអង្គការយកទៅសម្លាប់។ អង្គការបានចាត់ឲ្យធ្វើការងារក្នុង១ក្រុមៗមានគ្នា៥នាក់ កំណត់ឲ្យលើកទំនប់ឲ្យបាន១ម៉ែត្រគីបក្នុងរយៈពេល១ថ្ងៃ។  ប៊ូច នៅកងកុមារពិសេសដើរចល័តលើកទំនប់កោះស្លា ជីកប្រឡាយចល័តទៅគ្រប់ទីកន្លែងដូចកងយុវជន និងកងយុវនារីដែរ។ មេកងបានប្រាប់ថាអ្នកលើកមិនគ្រប់តាមផែនការត្រូវផ្ដាច់របបមិនបានហូបបាយ តម្រូវឲ្យហូបបបរឈ្មោល ក្រុមណាលើកបានរួចរាល់តាមការកំណត់ទទួលបានបាយ១ចានគ្រោង។ ប៊ូច រួមទាំងកុមារជាច្រើនធ្លាប់ត្រូវបានផ្ដាច់របបអាហារ ដោយសារធ្វើការងារមិនគ្រប់តាមចំនួនកំណត់។ ភាគច្រើនប្រជាជនរួមទាំងកុមារដែលមកពីរាជធានីភ្នំពេញមិនសូវចេះធ្វើការធ្ងន់ធ្ងរ និងមានកម្លាំងដូចប្រជាជននិងកុមារនៅតាមស្រុកស្រែស្រាប់នោះទេ ទើបកុមារមកពីភ្នំពេញមួយចំនួនត្រូវបានអង្គការបញ្ជូនឲ្យទៅកាប់ឬស្សីយកមកធ្វើបង្គី ឯមួយចំនួនទៀតទៅរែកដី ជីកប្រឡាយលើកទំនប់ក្នុងក្រុមជាមួយ ប៊ូច។ ទាំងកុមារនិងមនុស្សចាស់ដោយសារហូបមិនឆ្អែតក្នុងពេលធ្វើការតែងតែកើតខ្យល់ ដួលសន្លប់ពេលកំពុងរែកដី។ រីឯមអ្នកមួយចំនួនទៀតសុំច្បាប់ឈឺជាញឹកញាប់ អង្គការតែងហៅអ្នកទាំងនោះថា ពួកកើតខ្យល់ដិល នឹងត្រូវយកទៅកសាង ឬកែប្រែ យកទៅដាក់គុក ដាក់ច្រវ៉ាក់។ អង្គការតែងចាត់ឲ្យអ្នកដែលដឹងនិងចេះផ្សំថ្នាំខ្មែរឬសឈើធ្វើដំណើរដោយជិះដំរីឡើងទៅរកថ្នាំនៅភ្នំកំចាយ។ ប៊ូច ត្រូវធ្វើការងាចល័តទៅគ្រប់ទីកន្លែងតាមរដូវកាល រដូវវស្សាលើកភ្លឺស្រែ។ រយៈពេលធ្វើការពីមួយកន្លែងទៅមួយកន្លែងមានរយៈពេលប្រហែល១ខែ ទើបត្រូវផ្លាស់ប្ដូរទៅកន្លែងផ្សេងទៀត។ សម្រាប់កន្លែងស្នាក់នៅគឺនៅតាមផ្ទះធំមួយ ក្នុង១ផ្ទះមានកុមារប្រហែល៥០ទៅ៦០នាក់សម្រាកជាមួយគ្នា។ ក្រុមកុមារពិសេសមានន័យថា កុមារដែលអង្គការបញ្ជាឲ្យធ្វើការងារចែកចេញជា២ពេល ពេលថ្ងៃនៅជីកប្រឡាយលើកទំនប់ធម្មតា ប៉ុន្តែយប់ឡើងត្រូវទៅចាំលបមើលឪពុកម្ដាយ បងប្អូនឬអ្នកភូមិ របស់ខ្លួនពេលនៅផ្ទះពេលយប់មានអ្នកណាលួចចាប់មាន់ ស្ងោដំឡូងឬដាំបាយហូបឬអត់ បើឃើញឪពុកម្ដាយឬបងប្អូនធ្វើទង្វើរទាំងនេះ ត្រូវមករាយការណ៍ជូនមេកងប្រុសឈ្មោះ ហាន់ (ស្លាប់) និងមេកងស្រីឈ្មោះ សុខា។ មានកុមារមួយចំនួនបានយកដំណឹងមកប្រាប់មេកង ប៊ូច បានត្រឹមឃើញមេកងហៅអ្នកភូមិទាំងនោះចេញទៅ ប៉ុន្តែមិនដែលឃើញត្រឡប់មកវិញនោះទេ។ នៅពេលយប់ ប៊ូច ត្រូវទៅស៊ើបការរយៈពេលប្រហែល២ម៉ោងទើបត្រឡប់មកសម្រាកវិញ។ ថ្ងៃមួយ ប៊ូច ទៅឃ្វាលគោបានឃើញអង្គការដាក់ច្រវាក់ជើងអ្នកទោសរួចប្រើឲ្យលើកគល់ឈើ លុះពេលល្ងាចឡើងទើបដាក់ខ្នោះដៃបញ្ជូនចូលក្នុងគុកវិញ។ នៅក្នុងគុកមានអ្នកទោសចម្រុះគ្នា អ្នកទោសមួយចំនួនត្រូវបានអង្គការចោទថាជាជនជាតិយួន អ្នកទោសមួយចំនួនទៀតជាអ្នកភូមិធម្មតាអត់អាហារ ហូបមិនគ្រប់គ្រាន់បានលួចដំឡូង លួចដាំបាយទើបអង្គការចាប់មកដាក់ច្រវាក់ជើងនិងបញ្ជូនចូលគុកទាំងអស់។  ប៊ូច បានរៀបរាប់ថា មានគុកមួយនៅក្នុងភូមិ មានទីតាំងនៅចំកន្លែងមួយហៅថា វាលស្បូវ គុកនោះមានប្រវែងវែង និងទទឹងធំ មានប្រជាជនជាច្រើនត្រូវបានអង្គការបញ្ជូនចូលទៅគុកនោះ។
ចុងឆ្នាំ១៩៧៨ ដល់ឆ្នាំ១៩៧៩ អង្គការបានជម្លៀស ប៊ូច ក្រុមគ្រួសារ រួមទាំងអ្នកភូមិទាំងអស់ ឲ្យទៅនៅតាមព្រៃភ្នំនៅព្រែកក្រាញ់មិនបាននៅក្នុងភូមិទៀតទេ អង្គការបានឃោសនាថា យួនចូលមកដើម្បីធ្វើបាប និងសម្លាប់  ទើប ប៊ូច មានភាពភ័យខ្លាចក៏បានរត់ភៀសខ្លួនចូលក្នុងព្រៃ។ ទៅដល់ក្នុងព្រៃ ប៊ូច បានដើរចាប់ត្រី រកម្ហូប ដាំបាយហូបជាមួយឪពុកម្ដាយ និងអ្នកភូមិស្នាក់នៅប្រក់តង់ធ្វើជាដំបូលដេក។ មានអ្នកភូមិមួយចំនួននាំគ្នារត់បែកចេញទៅទីតាំងផ្សេងៗគ្នា បែកប្ដីប្រពន្ធ និងកូនៗ។ អំឡុងពេលរស់នៅក្នុងព្រៃ ប៊ូច បានលួចរត់ចេញត្រឡប់មកក្នុងភូមិវិញជាញឹកញាប់។ ឪពុកម្ដាយបានហាម ប៊ូច មិនឲ្យមកក្នុងភូមិនោះទេ ព្រោះខ្លាចវៀតណាមវាយដំធ្វើបាប ប៉ុន្តែ ប៊ូច មិនជឿទើបតែងលួចរត់ចូលមកក្នុងភូមិ។ រយៈពេល២ទៅ៣ថ្ងៃ ទើប ប៊ូច ត្រឡប់ទៅក្នុងព្រៃជាមួយឪពុកម្ដាយវិញ ហើយបានខ្សឹបប្រាប់ឪពុកម្ដាយថា ក្នុងភូមិមិនមានរឿងរ៉ាវកើតឡើងដូចអ្វីដែលអង្គការបានឃោសនានោះទេ កងទ័ពវៀតណាមមិនបានធ្វើបាបឬសម្លាប់ ថែមទាំងបានដាំបាយ ឆុងមីឲ្យ ប៊ូច ហូបជារៀងរាល់ថ្ងៃ។ បន្ទាប់ពីប្រាប់ឪពុកម្ដាយ ប៊ូច បានលួចរត់មករស់នៅក្នុងភូមិបន្តទៀត ហើយមិនចូលទៅក្នុងព្រៃវិញទេ។ ចំណែកឪពុកម្ដាយរបស់ ប៊ូច និងអ្នកភូមិ ត្រូវបានកងទ័ពខ្មែរក្រហមបានប្រាប់ថា វៀតណាមជិតចូលមកដល់ហើយប្រយ័ត្នវៀតណាមធ្វើបាប ហើយអង្គការចាប់ផ្ដើមជម្លៀសប្រជាជនចេញឆ្ងាយទៅៗពីភូមិ។ ឪពុកម្ដាយរបស់ ប៊ូច ជឿតាមការឃោសនារបស់អង្គការ និងខ្លាចកងទ័ពវៀតណាមធ្វើបាបពួកគាត់រត់ទៅតាមទ័ពអង្គការ។
រហូតឆ្នាំ១៩៨០ ទើបឪពុកម្ដាយរបស់ ប៊ូច បានវិលត្រឡប់ចូលស្រុកកំណើតវិញ។ នៅក្នុងភូមិមានសភាពស្ងប់ស្ងាត់។ បន្ទាប់មក ប៊ូច បានត្រឡប់ទៅរស់នៅក្នុងផ្ទះរបស់ខ្លួន ហើយដើរចាប់គោយកមកទឹមភ្ជួរស្រែ ព្រួសស្រូវ ដើម្បីបានផលស្រូវអង្ករទុកចិញ្ចឹមជីវិតបន្តទៀត។ រឿងរ៉ាវដែលបានឆ្លងកាត់ក្នុងរបបអង្គការបានធ្វើឲ្យ ប៊ូច នៅតែមានការចងចាំនិងមិនអាចបំភ្លេចបានគឺនៅពេលឃើញអ្នកភូមិត្រូវបានអង្គការចាប់ចោទថាជាអ្នកទោស រួចបញ្ជូនទៅធ្វើទារុណកម្មនៅក្នុងគុក រហូតអ្នកមួយចំនួនទៀតត្រូវស្លាប់។ ជាពិសេស ការទ្រាំរស់នៅក្នុងទុក្ខវេទនាដោយមិនមានអាហារហូបគ្រប់គ្រាន់ បែកបាក់ពីឪពុកម្ដាយ បងប្អូន ពិតជាអតីតកាលដែលគួរឲ្យសោកសៅនៅក្នុងជីវិត។

៣) ប៉ូ តុល ភេទប្រុស អាយុ៦០ឆ្នាំ សព្វថ្ងៃមានមុខរបរធ្វើចម្ការ ។ តុល មានស្រុកកំណើតនៅភូមិតាម៉ាន់ ឃុំគងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិក្រពើពីលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ តុល មានឪពុកឈ្មោះ ប៉ូ វ៉ែន (ស្លាប់ក្នុងរបបលន់ នល់ ) ចំណែកម្ដាយឈ្មោះ សុំ រ៉េន (ស្លាប់ក្នុងសម័យខ្មែរក្រហមឆ្នាំ១៩៧៧)។ តុល មានបងប្អូនចំនួន៥នាក់ ( ស្រី២នាក់ និងប្រុស៣នាក់ )។ តុល ជាកូនទី៤នៅក្នុងគ្រួសារ។ តុល មានប្រពន្ធ២នាក់៖ ប្រពន្ធទី១ ឈ្មោះ ឈឿន នាង មានកូនម្នាក់  (ប្រុស) ប្រពន្ធទី២ឈ្មោះ លឹម រ៉ែម អាយុ ៦១ឆ្នាំ  មានកូន៤នាក់ (ប្រុស២នាក់ ស្រី២នាក់) សព្វថ្ងៃប្រកបរបរធ្វើចម្ការ។ សព្វថ្ងៃ តុល រស់នៅជាមួយកូនទី២និងកូនទី៤ ។ កាលពីវ័យកុមារ តុល មិនបានចូលរៀនទេ ព្រោះសាលានៅឆ្ងាយ បើចង់ទៅរៀនលុះត្រាតែសុំព្រះសង្ឃស្នាក់នៅក្នុងវត្ត។
នៅក្នុងខែ១០ ឆ្នាំ១៩៧៤ កងទ័ព លន់ នល់ ចាប់ផ្ដើមជម្លៀសប្រជាជនចេញពីស្រុកព្រៃឈរ ខេត្តកំពង់ចាម ឲ្យទៅរស់នៅខេត្តកំពង់ធំ និងបានបោះជាជំរុំមួយដោយឲ្យឈ្មោះថា ជំរុំ-ស្ទោង។ តុល រស់នៅជំរុំស្ទោងបានរយៈពេល១ខែ ចាប់ផ្ដើមមានកងទ័ពខ្មែរក្រហមវាយចូលមករំដោះ ហើយកងទ័ពខ្មែរក្រហមបានវាយបណ្ដេញកងទ័ព លន់ នល់ ចេញពីជំរុំ-ស្ទោង។ បន្ទាប់ពីទទួលបានជ័យជម្នះទៅលើកងទ័ព លន់ នល់    កងទ័ពខ្មែរក្រហមបានអំពាវនាវឲ្យប្រជាជនដែលរស់នៅជំរុំស្ទោងធ្វើដំណើរត្រឡប់ទៅខេត្តកំពង់ធំវិញ។ ពេលដែលត្រឡប់មកដល់ខេត្តកំពង់ធំ តុល និងកុមារ៨នាក់ទៀត ត្រូវបានខ្មែរក្រហមប្រើឲ្យដើរមើលគោ មើលក្របី តាមក្រុមកងភ្ជួរដែលមានគ្នា១០នាក់។ ក្នុងមួយថ្ងៃក្រុម តុល ត្រូវធ្វើការ៦ម៉ោង ចាប់ពីម៉ោង១១ រហូតដល់ម៉ោង ៥ល្ងាច។ ពេលដែលដើរជាមួយក្រុមកងភ្ជួរ សម្រាប់អាហារហូបចុករបស់ តុល ក្នុងមួយថ្ងៃហូបបានតែពីរពេល ពេលព្រឹក និងពេលល្ងាច។ ចំណែកម្ដាយ តុល និងប្រជាជនផ្សេងទៀត ពេលដែលត្រឡប់មកដល់ខេត្តកំពង់ធំវិញ ត្រូវបានខ្មែរក្រហមឃោសនាឲ្យខំប្រឹងធ្វើស្រែប្រវាស់ដៃគ្នា ដើម្បីចែកស្រូវគ្នាហូប។ បន្ទាប់ពីប្រមូលផលស្រូវបានប្រហែល៤ថ្ងៃ ខ្មែរក្រហមចាប់ផ្ដើមបង្កើតសហករណ៍នៅក្នុងភូមិ។ បន្ទាប់មកខ្មែរក្រហមបានដើរប្រមូលស្រូវដែលបានចែកឲ្យប្រជាជន និងប្រមូលចានឆ្នាំងដើម្បីយកមកដាក់រួម ហូបរួមនិងធ្វើការរួមគ្នា។ បន្ទាប់ពីបង្កើតសហករណ៍ ខ្មែរក្រហមបានបង្កើតឲ្យមានកងកុមារ កងយុទ្ធជន យុវនារីនិងកងមនុស្សចាស់។
ឆ្នាំ១៩៧៦ តុល និងកុមារនៅក្នុងភូមិប្រហែល៦០នាក់ ក្នុងនោះមានទាំងប្រុសទាំងស្រី ត្រូវបានខ្មែរក្រហមបានដើរប្រមូលឲ្យចូលធ្វើការងារក្នុងកងកុមារ។ ការងារដែលខ្មែរក្រហមប្រើឲ្យ តុល ធ្វើគឺពេលព្រឹកត្រូវដើរកាប់ទន្រ្ទានខេត្រក្នុងមួយព្រឹកឲ្យបានមួយបាច់ ហើយយកមកចិញ្រ្ចាំដាក់ក្នុងអាង ពេលថ្ងៃរសៀលត្រូវដើររកកាប់ដីដំបូកក្នុង១នាក់ ពូតដីដុំកម្រាស់៤ជ្រុងឲ្យបាន៤ដុំនិងដើរកើបលាមកតាមផ្ទះឬតាមវាលដើម្បីលាយបញ្ចូលគ្នាផ្អាប់ទុកដើម្បីចាក់ដាក់ស្រែនៅរដូវវស្សា។ ក្នុងឆ្នាំដដែលខ្មែរក្រហមចាប់ផ្ដើមយកប្រជាជនទៅសម្លាប់ ប្រជាជនដែលខ្មែរក្រហមយកទៅសម្លាប់ភាគច្រើនសុទ្ធតែអ្នកចេះដឹងមានដូចជា គ្រូបង្រៀន និស្សិត សាស្រ្តាចារ្យ បញ្ញាវន្ត័ និងអ្នកធ្វើខុសសីលធម៌ ដឹងតែចាប់យកទៅសម្លាប់គ្មានសល់។ ទីតាំងដែលខ្មែរក្រហមយកប្រជាជនទៅសម្លាប់ភាគច្រើនគឺនៅស្រុក សុគន្ធ។ អ្នកដែលយកប្រជាជនទៅសម្លាប់ភាគច្រើនគឺជាឈ្លប។ ក្នុងឆ្នាំដដែល ខ្មែរក្រហមចាប់ផ្ដើមបង្ខំឲ្យធ្វើការកាន់តែធ្ងន់ធ្ងរគ្មានពេលវេលាសម្រាក ថែមទាំងមិនមានអាហារហូបគ្រប់គ្រាន់ ទើបធ្វើឲ្យម្ដាយរបស់ តុល អស់កម្លាំងខ្លាំងស្លាប់នៅអំឡុងពេលកំពុងលើកប្រឡាយនៅកន្លែងមួយ។
ឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ តុល ត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យចូលហ្វឹកហាត់ខាងផ្នែកយោធានៅក្នុងខេត្តកំពង់ចាម។ អ្នកគ្រប់គ្រងខាងផ្នែកហ្វឹកហាត់យោធាឈ្មោះ ភាព (សព្វថ្ងៃស្លាប់)។ ក្នុងមួយថ្ងៃ តុល ហ្វឹកហ្វឺនរយៈពេល៥ម៉ោង ពេលព្រឹកចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៩ព្រឹក។ ចំណែកពេលរសៀលចាប់ពីម៉ោង១ រហូតដល់ម៉ោង៤រសៀល។ ពេលយប់បើមានការប្រកាសអាសន្នត្រូវហ្វឹកហ្វឺនថែម២ម៉ោងទៀត។ តុល បាននិយាយរៀបរាប់ពីការលំបាក នៅពេលចូលធ្វើជាកងទ័ពហ្វឹកហាត់ខាងផ្នែកយោធា អាហារហូបចុកមិនបានគ្រប់គ្រាន់ នៅពេលឈឺថ្កាត់ម្ដងៗគ្មានថ្នាំព្យាបាលមានតែគ្រាប់ស្លែងដែលពេទ្យឲ្យលេប។ នៅពេលកំពុងតែហ្វឹកហាត់ស្រាប់មានកងកម្លាំងរបស់ សម្ដេច ហ៊ុន សែន បានវាយចូលមកក្នុងទីរួមខេត្តកំពង់ចាម។ ពេលនោះ តុល មានអារម្មណ៍ភិតភ័យជាខ្លាំង រួចបានលួចរត់ពីកន្លែងហ្វឹកហាត់ត្រឡប់មកស្រុកកំណើតវិញ។ ក្រោយរត់មកដល់ស្រុកកំណើត តុល បានរត់ទៅជួបបងស្រី ហើយបងស្រីបាននាំ តុល ទៅនៅជាមួយ។

៤) មាស ថាន ភេទប្រុស អាយុ៥៩ឆ្នាំ សព្វថ្ងៃប្រកបរបរធ្វើចម្ការ។ ថាន មានស្រុកកំណើតនៅភូមិប្រសូត្រ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ បច្ចុប្បន្នរស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ថាន មានឪពុកឈ្មោះ ប៉ែន សត(ស្លាប់ដោយសារជំងឺ)និងម្ដាយឈ្មោះ ឯក សុផល(ស្លាប់ដោយសារជំងឺចាស់ជរា)។ ថាន មានបងប្អូន៨នាក់ ( ប្រុស៦នាក់ ស្រី២នាក់ ) បងប្អូន ថាន បានទទួលមរណៈភាពម្នាក់( ប្រុស)។ ថាន ជាកូនទី៦នៅក្នុងគ្រួសារ។ ថាន មានប្រពន្ធ២នាក់៖ ប្រពន្ធទី១ ឈ្មោៈ ឡាច មុំ ប្រពន្ធទី២ឈ្មោះ យេង ពៅ អាយុ៤៣ឆ្នាំ សព្វថ្ងៃប្រកបរបរធ្វើចម្ការ។ ថាន មានកូន៤នាក់ (ប្រុស២នាក់ ស្រី២នាក់) សព្វថ្ងៃប្រកបរបរធ្វើចម្ការ។ កាលពីក្មេង ថាន បានចូលរៀនត្រឹមថ្នាក់ទី២ នៅសាលាបឋមសិក្សាភូមិបន្ទាយ។ មូលហេតុដែល ថាន ឈប់រៀនដោយសារតែគ្រួសារមានជីវភាពក្រីក្រមិនអាចបន្តការសិក្សាបាន។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយរំដោះបានទីក្រុងភ្នំពេញ ហើយទទួលបានជ័យជម្នះទូទាំងប្រទេសកម្ពុជា។ បន្ទាប់ពីទទួលបានជ័យជម្នះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៨៧៥ ថាន បានឃើញកងទ័ពខ្មែរក្រហមជាច្រើនធ្វើដំណើរតាមរថយន្តចូលមកភូមិប្រសូត្រ ដែលជាភូមិកំណើតរបស់ ថាន។ ពេលខ្មែរក្រហមចូលមកដំបូង ខ្មែរក្រហមប្រាប់ឲ្យប្រជាជនខំប្រឹងធ្វើស្រែប្រវាស់ដៃគ្នា។ សម្រាប់អាហារហូបចុករបស់ប្រជាជនគឺហូបបានគ្រប់គ្រាន់មិនទាន់មានការខ្វះខាតអ្វីទេ។
នៅឆ្នាំ១៩៧៧ កងទ័ពខ្មែរក្រហមចាប់ផ្ដើមបង្កើតសហករណ៍នៅភូមិប្រសូត្រ។ នៅក្នុងអំឡុងពេលនោះ ថាន អាយុ៩ឆ្នាំ ត្រូវបានខ្មែរក្រហមប្រមូលឲ្យចូលធ្វើការងារនៅក្នុងកងកុមារ។ ជារៀងរាល់ថ្ងៃ ថាន ដើរដេញចាបតាមវាលស្រែ និងដើរឃ្លាលក្របី។ លុះពេលរសៀល ថាន បានដឹកក្របីទៅទុកក្នុងសហករណ៍ ហើយហូបបាយនៅក្នុងសហករណ៍រួចទើបត្រឡប់មកសម្រាកនៅផ្ទះជាមួយឪពុកម្ដាយវិញ។ នៅឆ្នាំ១៩៧៨ កងទ័ពវៀតណាមបានវាយចូលមកដល់ខេត្តស្វាយរៀង។ ពេលនោះ ថាន និងក្រុមគ្រួសារ បានជម្លៀសចេញពីភូមិប្រសូត្រទៅរស់នៅខាងជើងវត្តថ្មីបានប្រហែល១ខែ ដែលមានចំងាយឆ្ងាយពីភូមិប្រសូត្រប្រហែល១០គីឡូម៉ែត្រ។ បន្ទាប់ពីសភាពការណ៍ស្ងប់ស្ងាត់ ថាន និងក្រុមគ្រួសារបានធ្វើដំណើរត្រឡប់មកភូមិកំណើតវិញ។ ពេលត្រឡប់មកដល់ភូមិកំណើតវិញ ឪពុក ថាន ត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យដឹងអង្ករឲ្យកងចល័ត ចំណែកម្ដាយនៅមើលកូននៅក្នុងផ្ទះ។
នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានវាយចូលភូមិប្រសូត្រម្ដងទៀត ពេលនោះប្រជាជនជាច្រើនបានធ្វើដំណើរចេញពីខេត្តស្វាយរៀង ហើយបានបន្តរដំណើរដោយឆ្លងអ្នកឡើង កងទ័ពខ្មែរក្រហមដែលឆ្លងមិនទាន់ត្រូវបានកងទ័ពវៀតណាមបាញ់សម្លាប់និងរបួសជាច្រើន។ បន្ទាប់ពីឆ្លងអ្នកលឿងបានសម្រេច ថាន និងក្រុមគ្រួសារបានធ្វើដំណើរបន្តចេញពីអ្នកលឿង ទៅខេត្តតាកែវ។ ពេលធ្វើដំណើរទៅខេត្តតាកែវបានជួបជាមួយកងទ័ពវៀតណាម ហើយកងទ័ពវៀតណាមបានប្រាប់ប្រជាជនដែលជម្លៀសមកទាំងអស់ត្រឡប់មកខេត្តស្វាយរៀងវិញ។

៥) ចយ ចៀន ភេទស្រី មានអាយុ៥៧ឆ្នាំ។ សព្វថ្ងៃប្រកបរបរជាកសិករ ។ ចៀន មានស្រុកកំណើតភូមិរកាត ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ បច្ចុប្បន្នរស់នៅភូមិរកាត ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ចៀន មានឪពុកឈ្មោះ ងិន ចយ(ស្លាប់) និងម្ដាយមិនចាំឈ្មោះ(ស្លាប់) ។ ចៀន មានបងប្អូនចំនួន៣នាក់ ( ប្រុស១នាក់ ស្រី២នាក់ ) បងប្អូន ចៀន ទាំងអស់ សព្វថ្ងៃរស់នៅទីរួមខេត្តពោធិ៍សាត់ ។ ចៀន មានប្ដីឈ្មោះ លូង ឡាយ អាយុ៥៧ឆ្នាំ សព្វថ្ងៃធ្វើជាប៉ូលីស ។  ចៀន មានកូនចំនួន៥នាក់  ( ប្រុស៤នាក់ ស្រី១នាក់ )  កូនរបស់ ចៀន មានគ្រួសារចំនួន៣នាក់ នៅសល់២នាក់ ។ កាលពីក្មេង ចៀន មិនបានចូលរៀនទេ ដោយសារតែគ្រួសារមានជីវភាពក្រីក្រ គ្មានលទ្ធិភាពឲ្យចូលរៀន ព្រោះម្ដាយបានស្លាប់ចោលតាំងពីអាយុ១ខួបមកម្ល៉េះ ។
នៅឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានចូលមកគ្រប់គ្រងក្នុងភូមិរបស់ ចៀន ទាំងស្រុង។ បន្ទាប់មកខ្មែរក្រហមបានបង្កើតជាសហករណ៍ក្នុងភូមិ ដើម្បីឲ្យប្រជាជនប្រមូលសម្ភារៈដាក់រួម ហូបរួម និងធ្វើការងាររួមគ្នា។ បន្ទាប់ពីបង្កើតសហករណ៍រួច ខ្មែរក្រហមបានរៀបចំ និងបែងចែកឲ្យមានកងកុមារ កងយុទ្ធជន និងកងមនុស្សចាស់។ បន្ទាប់មកទៀត ខ្មែរក្រហមបានដើរប្រមូលកុមារនៅក្នុងភូមិ ដើម្បីឲ្យទៅរស់នៅក្នុងសហករណ៍ ។ ពេលនោះ ចៀន ត្រូវបានខ្មែរក្រហមបំបែកចេញពីឪពុកឲ្យទៅរស់នៅក្នុងសហករណ៍វិញ មានពេលដោយសារតែនឹកឪពុកខ្លាំងពេក ចៀន លួចរត់ទៅជួបឪពុក ប៉ុន្តែត្រូវបានខ្មែរក្រហមចាប់បញ្ជូនមកដាក់ក្នុងសហករណ៍វិញ។ នៅក្នុងកងកុមារដែល ចៀន រស់នៅមានគ្នារាប់រយនាក់។ ការងារដែលខ្មែរក្រហមប្រើឲ្យ ចៀន ធ្វើដំបូង គឺលើកភ្លឺស្រែកម្ពស់ប្រហែល១ម៉ែត្រ ហើយ នៅពេលយប់ ចៀន ត្រូវទៅស្ទូងស្រូវវាស់បន្ទាត់ និងប្រើភ្លើងចន្លុះសម្រាប់បំភ្លឺ។ ក្រៅពីការងារលើកភ្លឺស្រែ និងស្ទូងស្រូវខ្មែរក្រហមបានឲ្យ ចៀន និងកុមារផ្សេងទៀត ដើរកាប់ទន្រ្ទានខែត្រដើម្បីយកមកធ្វើជីចាក់ស្រែ ។ សម្រាប់អាហារហូបចុករបស់ ចៀន និងកុមារនៅក្នុងសហករណ៍ មុនដំបូងខ្មែរក្រហមបានឲ្យហូបបាយគ្រប់គ្រាន់។ ប៉ុន្តែមិនយូរប៉ុន្មាន នៅក្នុងសហករណ៍មិនមានបាយហូបគ្រប់គ្រាន់ ហើយត្រូវបរិភោគដំឡូងជំនួសវិញ។
នៅឆ្នាំ១៩៧៨ ចៀន ត្រូវបានខ្មែរក្រហមបានផ្លាស់ចេញពីភូមិរកាតឲ្យទៅធ្វើការងារនៅភូមិស្បូវរីក ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ការងារដែល ចៀន ត្រូវធ្វើនៅភូមិស្បូវរីកមានដូចជា ដើរកាប់ទន្រ្ទានខេត្រ ដើររើសអាចម៌គោ កាប់ដីដំបូក ដើម្បីលាយបញ្ចូលគ្នាធ្វើជីចាក់ស្រែ។ លុះដល់រដូវធ្វើស្រែខ្មែរក្រហមតែងតែប្រើឲ្យ ចៀន ទៅជញ្ជូនកណ្ដាប់ឬស្ទូងក៏មានដែរ ។
នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានវាយចូលមកដល់ស្រុកភ្នំក្រវាញ។ ពេលនោះ ចៀននិងប្រជាជនដែលរស់នៅស្រុកភ្នំក្រវាញបាននាំគ្នារត់ចេញពីភូមិ ដើម្បីទៅលាក់ខ្លួននៅក្នុងព្រៃ ។ ចៀន រស់នៅក្នុងព្រៃបានរយះពេល២ថ្ងៃក៏ត្រូវបានកងទ័ពវៀតណាមស្ទាក់ចាប់បាន។ បន្ទាប់មកកងទ័ពវៀតណាមបានចាប់ ចៀន និងប្រជាជនទាំងអស់យកទៅសួរចម្លើយថា « តើប្រជាជនទាំងអស់រត់ខ្លាចនរណា » បើប្រាប់ថាខ្លាចកងទ័ពវៀតណាមនិងមិនត្រូវបានយកសម្លាប់ទេ ប៉ុន្តែបើប្រាប់ថាខ្លាចកងទ័ពខ្មែរក្រហមគឺត្រូវបានកងទ័ពវៀតណាមចាប់យកទៅសម្លាប់។ បន្ទាប់ពីសួរនាំរួចហើយ កងទ័ពវៀតណាមបានផ្ដល់ជាអាហារហូបចុកសម្រាប់ឲ្យ ចៀន និងប្រជាជនធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញ។ ពេលធ្វើដំណើរមកដល់ស្រុកកំណើត ចៀន បានជួបឪពុកនិងបងប្អូនទាំងអស់វិញ ហើយបានជួយឪពុកនិងបងប្អូនធ្វើស្រែដើម្បីចិញ្ចឹមជីវិត ។ នៅឆ្នាំ១៩៨០ ចៀន ត្រូវបានឪពុកបានរៀបចំឲ្យមានគ្រួសារ។ បន្ទាប់ពីរៀបចំរួច ចៀននិងប្ដីបានចាប់ដៃគ្នាប្រកបមុខរបរធ្វើស្រែចម្ការរហូតមកដល់សព្វថ្ងៃ ៕

៦) ឈិត ឈឿន ភេទស្រី អាយុ៥៨ឆ្នាំ ប្រកបរបរធ្វើស្រែចម្ការ។ មានស្រុកកំណើតនៅភូមិទួលគ្រួស ឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ បច្ចុប្បន្នរស់នៅភូមិទួលគ្រួស(ចំណុចទួលកកោះ) ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំមានឪពុកឈ្មោះ បោយ ឈិត (ស្លាប់) ម្ដាយឈ្មោះ សេក តុប (ស្លាប់) ខ្ញុំមានបងប្អូនចំនួន៤នាក់(ស្រី៣នាក់) ខ្ញុំជាកូនទី៣នៅក្នុងគ្រួសារ ។ ខ្ញុំមានប្ដីឈ្មោះ ឡាញ់ ដុល អាយុ៦៣ឆ្នាំ។ ខ្ញុំមានកូនចំនួន៦នាក់(ស្រី២នាក់ ប្រុស៤នាក់) បែកផ្ទះអស់ម្នាក់។ នៅវ័យកុមារខ្ញុំរស់នៅជាមួយឪពុកម្ដាយ គ្រួសារប្រកបរបរធ្វើស្រែចម្ការ និងរកជ័រដើម្បីលក់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានវាយបែកទីក្រុងភ្នំពេញបានដោយជោគជ័យ។ នៅក្នុង ភូមិទួលគ្រួស ចាប់ផ្ដើមមានការបង្កើតសហករណ៍ ប្រមូលទ្រព្យសម្បត្តិរបស់ប្រជាជនដាក់នៅក្នុងសហករណ៍រួមគ្នា និងចាប់ផ្ដើមមានការហូបបាយរួមគ្នានិងធ្វើការងាររួមគ្នា ដោយនៅស្នាក់នៅតាមផ្ទះរៀងខ្លួន។ បន្ទាប់ខ្ញុំត្រូវបានខ្មែរក្រហមចាត់ឲ្យធ្វើការងារនៅក្នុងកងកុមារ ក្នុងមួយកងមានកុមារចំនួន៥០នាក់ មានយាយហ៊ូយ(ជនជាតិដើមភាគតិចព័រ) ជាអ្នកគ្រប់គ្រងមើលការខុសត្រូវកងកុមារ។ ខ្ញុំត្រូវបានយាយ ហ៊ួយ ចាត់ឲ្យកាប់ទន្ទ្រានខែត្រ ដើម្បីធ្វើជីដាក់ស្រែ។
នៅក្នុងឆ្នាំ១៩៧៧ ខ្មែរក្រហមបានជម្លៀសប្រជាជន ជនជាតិដើមភាគតិចព័រទាំងអស់ ចេញពីភូមិទួលគ្រួស ដោយផ្លាស់ឲ្យទៅរស់នៅស្រុកភ្នំក្រវាញ។ ខ្ញុំ ជាមួយម្ដាយបាននាំគ្នាធ្វើដំណើរដោយថ្មើរជើងទៅកាន់ស្រុកភ្នំក្រវាញ។ ធ្វើដំណើរអស់រយៈពេល៣ថ្ងៃទើបដល់ស្រុកភ្នំក្រវាញ។ ទៅដល់ស្រុកភ្នំក្រវាញដំបូងខ្ញុំត្រូវបានមេគណៈសហករណ៍ ចាត់ឲ្យទៅធ្វើការងារនៅភូមិព្រៃស្មាច់ធ្វើស្រែ ដកសំណាប និងស្ទូងស្រូវ។ មិនមានអាហារហូបចុកគ្រប់គ្រាន់នោះទេ។ បន្ទាប់មកនៅឆ្នាំ១៩៧៨ ខ្ញុំត្រូវបានផ្លាស់ឲ្យធ្វើស្រែនៅ ភូមិស្បូវរីក បន្តទៀតរហូតទាល់តែកងទ័ពវៀតណាមចូលមករំដោះ។
នៅក្នុងឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានចូលមករំដោះប្រជាជនកម្ពុជា ខ្ញុំស្មានតែកងទ័ពវៀតណាមចូលមកចាប់ប្រជាជនសម្លាប់ចោល ភ័យក៏នាំគ្នារត់គេចខ្លួនពីកងទ័ពវៀតណាមទៅរស់នៅលើភ្នំក្រសាំងក្រនាំ។ ខ្ញុំរស់នៅលើភ្នំក្រសាំងក្រនាំអស់រយៈពេល៣ខែកន្លះ គ្មានអាហារហូបចុកគ្រប់គ្រាន់ អ្នកភូមិដែលរស់នៅលើភ្នំជាមួយគ្នាតែងតែចែកអង្ករឲ្យមួយក្ដាប់បបរហូបជាប្រចាំ។ ខ្ញុំត្រូវធ្វើដំណើរឆ្លងកាត់ពីភ្នំមួយទៅភ្នំមួយ យប់ត្រង់កន្លែងណាសម្រាកនៅកន្លែងនោះ។ ដោយសារតែនៅលើភ្នំគ្មានអាហារហូបចុកគ្រប់គ្រាន់ទើបនាំគ្នាត្រឡប់មកកាន់ស្រុកភូមិវិញ ខ្ញុំបានធ្វើដំណើរទៅកាន់ភូមិព្រែក១ដើម្បីជួបជាមួយម្ដាយដែលរស់នៅទីនោះ។ ក្រោយពេលបានជួបជុំម្ដាយបងប្អូនអស់ គ្រួសាររបស់ខ្ញុំបាននាំគ្នាប្រកបរបរធ្វើស្រែ។ នៅឆ្នាំ១៩៨៥ ខ្ញុំត្រូវបានម្ដាយផ្សំផ្គុំឲ្យមានគ្រួសារ។ ក្រោយពេលរៀបការរួចខ្ញុំនឹងប្ដីបាននាំគ្នាប្រកបរបរធ្វើស្រែចម្ការដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ប្រហែលជាឆ្នាំ២០០០ ខ្ញុំនិងប្ដីបានមករស់នៅភូមិទួលគ្រួស ប្រករបរធ្វើស្រែចម្ការរហូតមកដល់បច្ចុន្ននេះ។

៧) ឈ្មោះ ញា ភឿន ភេទស្រី អាយុ៦៦ឆ្នាំ។ ខ្ញុំ ប្រកបរបរធ្វើស្រែចម្ការ។ មានស្រុកកំណើតស្ថិតនៅ ភូមិម៉រ ឃុំព្រះម្លូ ស្រុកបាកាន ខេត្តពោធិ៍សាត់។ បច្ចុប្បន្ននេះ ខ្ញុំ រស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំមានឪពុកឈ្មោះ ញា ប៉ាន់(ស្លាប់) ម្ដាយឈ្មោះ កា ហឹង(ស្លាប់)។ ខ្ញុំមានបងប្អូនចំនួន១១នាក់ ស្លាប់អស់ចំនួន៨នាក់ សព្វថ្ងៃនៅរស់ចំនួន៣នាក់ (ស្រីទាំងបីនាក់)។ ខ្ញុំ មានប្ដីឈ្មោះ ប្រាក់ ហោ អាយុ៦៧ឆ្នាំ ប្រកបរបរធ្វើចម្ការដូច។ ខ្ញុំ មានកូនចំនួន៧នាក់ (ស្រី៣នាក់)។ កាលពីកុមារខ្ញុំបានរៀនត្រឹមថ្នាក់ទី៤ រៀននៅក្រោមដើមឈើគ្មានសាលារៀនត្រឹមត្រូវនោះទេ បើថ្ងៃណាអាកាសធាតុមិនល្អគឺត្រូវសម្រាក។
នៅក្នុងឆ្នាំ ១៩៧៥ ក្រោយខ្មែរក្រហមបានទទួលជ័យជំន្នះលើរបបសាធារណរដ្ឋខ្មែរ  ខ្មែរក្រហមបានចាប់ផ្ដើមបង្កើតសហករណ៍។  បន្ទាប់មក ប្រមែប្រមូលទ្រសម្បត្តិរបស់ប្រជាជនទាំងអស់ដាក់នៅក្នុងសហករណ៍រួមគ្នា។ ខ្ញុំ ត្រូវធ្វើកាងាររួមគ្នា ហូបរួមគ្នា ប៉ុន្តែស្នាក់នៅតាមផ្ទះរៀងៗខ្លួន។ ចំណែកអាហារហូបចុកគឺខ្មែរក្រហមចែកឲ្យក្នុងម្នាក់មួយកំប៉ុងក្នុងមួយថ្ងៃ។
នៅឆ្នាំ ១៩៧៦ ខ្មែរក្រហមបានបែងចែកការងារដល់ប្រជាជនទាំងកុមារ យុវវ័យ និងមុនស្សចាស់ ហើយ ខ្ញុំត្រូវបានខ្មែរក្រហមប្រើឲ្យធ្វើការងារនៅក្នុងកងកុមារ។ ជារៀងរាល់ថ្ងៃ ខ្ញុំ ទៅកាប់នទន្រ្ទានខែត្រ និងដើរបោចស្មៅនៅតាមវាលស្រែ។ រីឯ ប្រជាជនដែលមានវ័យជំទង់ គឺត្រូវបានខ្មែរក្រហមចាត់ឲ្យចូលធ្វើការនៅក្នុងកងចល័តដោយប្រើឲ្យជីកប្រឡាយ លើកទំនប់។ ចំណែកឯ ម្ដាយឪពុករបស់ខ្ញុំត្រូវបានខ្មែរក្រហមប្រើឲ្យធ្វើការដូចជាធ្វើស្រែចម្ការនៅក្នុងភូមិម៉រ។ សម្រាប់អាហារហូបចុកសម្រាប់ខ្ញុំទទួលបានរបបពីរពេលក្នុងមួយថ្ងៃគឺ ពេលថ្ងៃត្រង់ និងពេលល្ងាច។
នៅឆ្នាំ១៩៧៧ ខ្មែរក្រហមបានកាត់បន្ថយរបបអាហារកាន់តែខ្លាំងទៅៗ ឈានដល់អង្ករ៣កំប៉ុងបបរលាយជាមួយគ្រាប់ពោតឲ្យប្រជាជនហូបចំនួន១០០នាក់។ ខ្មែរក្រហមបានកំណត់ឲ្យប្រជាជនធ្វើការងារចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង១១ ទើបបានសម្រាកហូបបបរ។ ក្រោយពីសម្រាកហូបបបររួច ខ្ញុំត្រូវចេញទៅធ្វើការបន្តទៀតរហូតដល់ម៉ោង៥ល្ងាច ទើបបានទៅសម្រាករៀងៗខ្លួន។ ខ្ញុំ បានបែកចេញពីឪពុកម្ដាយមិនបានជួបពួកគាត់នោះឡើយ។ បន្ទាប់មក ខ្ញុំ ត្រូវបានខ្មែរក្រហមចល័តឲ្យទៅធ្វើការនៅភូមិត្រាចក្រោល ហើយបន្តចល័ត ខ្ញុំ ទៅធ្វើការងារនៅតាមភូមិផ្សេងៗទៀត។  ក្រោយមកទៀត ខ្ញុំ បានឭដំណឹងថាបងប្រុសរបស់ខ្ញុំចំនួន២នាក់ ឈ្មោះ ញា ឌឿន ញា ពឿន ត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ចោល ដោយសារបងប្រុសទាំងពីររបស់ខ្ញុំ ជាកងទ័ពរបស់ខ្មែរក្រហម ប៉ុន្តែត្រូវបានកូនចៅក្បត់ ហើយលួចរត់ទៅនៅព្រំដែនប្រទេសថៃអស់  ទើបខ្មែរក្រហមបានចោទពួកគាត់ថាក្បត់ជាមួយអង្គការ។ មុននឹងសម្លាប់បងប្រុសរបស់ ខ្ញុំ ខ្មែរក្រហមបានយកគាត់ដាក់ក្នុងគុកអស់រយៈពេលជាច្រើន ហើយបានយកទៅសម្លាប់នៅក្នុងភូមិកកោះ ខេត្តបាត់ដំបង។ ក្រោយពេល ខ្ញុំ បានដឹងរឿងរ៉ាវទាំងនេះ ខ្ញុំពិតជាឈឺចាប់ណាស់រកអ្វីមកថ្លែងពុំបានឡើយ។
នៅឆ្នាំ ១៩៧៨ ខ្ញុំ ត្រូវបានអង្គការចាត់ឲ្យចូលធ្វើការនៅក្នុងកងចល័តវិញ ដោយមានមុខព្រួញជីកប្រឡាយនៅបឹងព្រះពន្លៃ នៅក្នុងស្រុកភ្នំក្រវាញ រហូតដល់កងទ័ពវៀតណាមចូលមករំដោះប្រទេសកម្ពុជានៅដើមឆ្នាំ១៩៧៩។ ក្រោយពេលកងទ័ពវៀតណាមចូលមករំដោះដល់ស្រុកភ្នំក្រវាញ ខ្ញុំ បានរត់ឡើងភ្នំជាមួយនឹងប្រជាជនដទៃទៀត រហូតដល់លើភ្នំស្វារអិល។ មូលហេតុដែល ខ្ញុំ រត់គឺដោយសារខ្មែរក្រហមបានប្រាប់ថា «កងទ័ពវៀតណាមចូលមកនឹងចាប់ប្រជាជនយកទៅទម្លុះច្រមុះអូសតាមរថក្រោះ» ធ្វើឲ្យ ខ្ញុំភ័យខ្លាច ទើបរត់គេចចេញពីស្រុកភ្នំក្រវាញ។ បន្ទាប់មក ខ្ញុំ បានបន្តរស់នៅលើភ្នំស្វារអិលអស់រយៈពេល២ខែ ហើយមិនមានអាហារហូបចុកគ្រប់គ្រាន់នោះទេ គឺត្រូវជីក្ដួចហូចជំនួសបាយជាប្រចាំ។ នៅពេល ខ្ញុំ ដឹងថាកងទ័ពវៀតណាមចូលមករំដោះប្រទេសកម្ពុជា ទើប ខ្ញុំ ចុះពីលើភ្នំទៅរស់នៅព្រំដែនកម្ពុជា-ថៃ(ថ្មដា)។ ខ្ញុំ បានរស់នៅថ្មដាជាមួយយាយៗដែលរត់ទៅពីស្រុកភ្នំក្រវាញជាមួយគ្នា។
នៅក្នុងឆ្នាំ១៩៨០ ខ្ញុំ បានត្រឡប់មកជួបជាមួយឪពុកម្ដាយរបស់ ខ្ញុំ នៅស្រុកកំណើតវិញ។ មិនយូរប៉ុន្មានខ្ញុំបានរៀបការ។ ក្រោយពេលរៀបការរួច ខ្ញុំ ជាមួយប្ដីបានប្រកមមុខរបរធ្វើស្រែ។ លុះដល់ឆ្នាំ២០០០ ទើប ខ្ញុំមករស់នៅក្នុងភូមិដីក្រហមនេះ។ រឿងរ៉ាវដែលខ្ញុំនៅចាំមិនភ្លេចពីរបបខ្មែរក្រហម បងប្អូនរបស់ខ្ញុំត្រូវបានអង្គការយកទៅសម្លាប់ចោលដោយសារពួកគាត់ធ្វើជាកងទ័ព។

ចំណាប់អារម្មណ៍៖
១/ ក្រុមទី១៖ (ឈ្មោះ ឈឹម ពិសី, ភ័ណ្ឌ ជីងអ័រ, នឿន ចាន់ដា និងសាត មិនា) ជាសិស្សថ្នាក់ទី៩A មកពីអនុវិទ្យាល័យហ៊ុនសែនប្រម៉ោយ។ ពួកខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយដែលបានមកចូលរួមពិភាក្សានិយាយអំពីរបបកម្ពុជាប្រជាធិបតេយ្យនៅក្នុងមជ្ឈមណ្ឌលផ្សះផ្សាវាលវែង។ សម្រាប់ក្រុមខ្ញុំផ្ទាល់ ពួកខ្ញុំពិតជាមានចិត្តអាណិតអាសូរដល់កុមារនៅក្នុងសម័យខ្មែរក្រហម ដែលពួកគេមិនបានសិក្សារៀនសូត្រ និងគ្មានសិទ្ធិក្នុងការរស់រានមានជីវិត ហើយថែមទាំងមិនមានភាពកក់ក្ដៅ ខ្វះការអប់រំ គ្មានអាហាររូបត្ថម្ភ រស់នៅពឹងលើកម្លាំងទាំងស្រុង។ កុមារដែលមានអាយុចាប់ពី១៣ទៅ១៤ឆ្នាំ ភាគច្រើនត្រូវបានយកទៅហ្វឹកហាត់ខាងផ្នែកយោធា ដើម្បីត្រៀមខ្លួនចូលបម្រើកងទ័ព។ សង្រ្គាមនៅក្នុងរបបខ្មែរក្រហមបានធ្វើឲ្យកុមារជាច្រើនបាត់បង់ការរៀនសូត្រ ប្រជាជនជាច្រើនបាត់បង់ជីវិត បែកបាក់គ្រួសារ បងប្អូន សាច់ញាតិ ជាពិសេសអង្គការបានបង្រៀនឲ្យកុមារស្អប់បងប្អូន គ្រួសារ សាច់ញាតិ និងតាមដានរាល់សកម្មភាពទាំងអស់។ ជាចុងក្រោយក្នុងនាមខ្ញុំជាអ្នកសិក្សារៀនសូត្រ ខ្ញុំចង់ឲ្យមជ្ឈមណ្ឌលផ្សះផ្សាវាលវែងជួយផ្សព្វផ្សាយពីរបបខ្មែរក្រហមឲ្យកាន់តែទូលំទូលាយ ទៅដល់សិស្សានុសិស្សជំនាន់ក្រោយឲ្យបានដឹងពីរបបមួយនេះ។
ក្រុមទី២៖ (ឈ្មោះ ផាត រក្សា, យ៉ុន នីហ្សា, ង៉ាន ផាន្នី និង វ៉ា ម៉ានីរីណា) ជាសិស្សថ្នាក់ទី៩A មកពីអនុវិទ្យាល័យហ៊ុនសែនប្រម៉ោយ។ ពួកខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយដែលបានមកចូលរួមពិភាក្សានិយាយអំពីរបបកម្ពុជាប្រជាធិបតេយ្យនៅក្នុងមជ្ឈមណ្ឌលផ្សះផ្សាវាលវែង។ បន្ទាប់ពីពិភាក្សាចប់ខ្ញុំទទួលបានចំណេះជាច្រើនពាក់ព័ន្ធនឹងជីវិត និងការរស់នៅប្រចាំថ្ងៃរបស់កុមារនៅក្នុងរបបខ្មែរក្រហមដែលខ្ញុំទាំងអស់គ្នាមិនធ្លាប់បានដឹងពីមុនមក។ ពួកខ្ញុំទាំងអស់គ្នា មានអារម្មណ៍សប្បាយចិត្តដែលបានចែករំលែករឿងរ៉ាវរបស់លោកតា លោកយាយ ឪពុកម្ដាយ របស់ពួកខ្ញុំផ្ទាល់ ដែលគាត់ធ្លាប់បានឆ្លងកាត់ពីរបបផ្ដាច់ការមួយទៅដល់បងៗដែលធ្វើការងារនៅក្នុងមជ្ឈមណ្ឌលផ្សះផ្សាវាលវែង។ ជាចុងក្រោយ ពួកខ្ញុំសូមអរគុណដល់ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងដែលបានបកស្រាយអំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមមកដល់ពួកខ្ញុំទាំងអស់គ្នា ហើយពួកខ្ញុំទាំងអស់គ្នានឹងខំផ្សព្វផ្សាយបន្ថែមទៀត ដើម្បីឲ្យក្មេងជំនាន់ក្រោយបានដឹង និងស្គាល់ពីរបបដ៏កាចសាហាវមួយនេះ។
ក្រុមទី៣៖ នៅក្នុងរបបខ្មែរក្រហមមិនមានសាលារៀនជាផ្លូវការណ៍នោះទេរៀននៅក្រោមដើមឈើឬនៅតាមផ្ទះ។ គ្រូៗដែលបង្រៀនកុមារនៅក្នុងរបបខ្មែរក្រហមភាគច្រើនជាកសិករ។ កុមារបានរៀនសូត្រត្រឹមតែ២ ទៅ៣ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។ ក្មេងៗត្រូវបានចូលរួមហ្វឹកហ្វឺនមនោគមន៍វិជ្ជា ដើម្បីអាចចូលជួរកងទ័ព កងការពារឬនីរសាបាន។ ការងាររបស់កុមារនៅក្នុងសម័យខ្មែរក្រហមរួមមានដូចជា កាប់ដើមទន្ទ្រានខែត្រ ប្រមូលលាមកមនុស្សធ្វើជី និងជញ្ជូនអាវុធទៅសមរភូមិ ជួនកាលត្រូវគ្រាប់កាំភ្លើងស្លាប់។ កុមារទាំងអស់ត្រូវបំបែកចេញពីឪពុកម្ដាយទាំងអស់ ដោយធ្វើការងារនៅតាមកន្លែងរៀងៗខ្លួន និងមិនទទួលបាននូវភាពកក់ក្ដៅពីក្រុមគ្រួសារ។ ចំណែកកុមារខ្លះទៀតត្រូវបានខ្មែរក្រហមចាត់ឲ្យលើកទំនប់ ធ្វើស្រែចម្ការ ដកសំណាប ស្ទូងស្រូវ ជញ្ជូនកណ្ដាប់ បែនស្រូវ កាប់ដីលើកភ្លឺស្រែ បើធ្វើមិនបានតាមការកំណត់របស់ខ្មែរក្រហមទេកុមារ នឹងត្រូវបង្អត់អាហារ។ សម្រាប់អាហារហូបចុកវិញគ្មានអ្វីហូបគ្រប់គ្រាន់នោះទេ បាយលាយជាមួយពោតក្រហម ឬលាយជាមួយដំឡូង ហូបជាមួយសម្លដែលគ្មានជីវជាតិ។
ចំណាប់អារម្មណ៍ក្រុមទី៣ (ឈ្មោះ ប៊ី មហោសថ, លី ស្រីយ៉ា , ហ៊ាង លីហ្សា និង ស្រី សោភា) ក្រុមរបស់ខ្ញុំពិតជាមានអារម្មណ៍រំភើបយ៉ាងក្រៃលែងដែលបានមកចូលរួមពិភាក្សាអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យឆ្នាំ(១៩៧៥-១៩៧៩) ត្រង់ចំណុច« ការរំលោភលើសិទ្ធ និងពលកម្មរបស់កុមារ»។ ក្រោយពេលក្រុមរបស់ខ្ញុំបានអានសាច់រឿងរបស់អ្នករស់រានមានជីវិតបីរបបខ្មែរក្រហមចប់ មានអារម្មណ៍ថាគួរឲ្យសង្វែកយ៉ាងខ្លាំង និងអាណិតទៅដល់កុមារដែលរស់នៅក្នុងសម័យនោះ ដែលត្រូវបានខ្មែរក្រហមប្រើឲ្យធ្វើការងារលើសកម្លាំងពលកម្មរបស់កុមារ និងត្រូវបានបំបែកចេញពីឪពុកលម្ដាយឲ្យរស់នៅតាមកងកុមារគ្មានភាពកក់ក្ដៅពីគ្រួសារ ហើយគ្មានអាហារហូបចុកគ្រប់គ្រាន់ទៀត។ ប្រជាជនជាច្រើននាក់ត្រូវបានស្លាប់បាត់បង់ជីវិត និងបាត់បង់សមាជិកគ្រួសារ បងប្អូន សាច់ញាត្តិ រស់នៅយ៉ាងរងទុក្ខវេទនា។ ក្នុងនាមពួកខ្ញុំជាកូនខ្មែរ នឹងខិតខំសិក្សារៀនសូត្រដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន ដើម្បីកុំឲ្យជួបរឿងរ៉ាវដែលគួរឲ្យសង្វែកបែបនេះទៀត។
អង្កេតការណ៍៖
– សិស្សានុសិស្សទាំងអស់បានស្លៀកសម្លៀកបំពាក់ស្អាតសមរម្យ
– សិស្សានុសិស្សមានឥរិយាបទល្អនិងរស់រាយរាក់ទាក់
– សិស្សទាំងអស់យកចិត្តទុកដាក់ក្នុងការស្ដាប់ និងធ្វើការសាមគ្គីជាក្រុម
– សិស្សានុសិស្សទាំងអស់សប្បាយចិត្តដែលបានមកចូលរួមពិភាក្សាអំពីប្រវត្តសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)
–  សិស្សទាំងអស់ព្យាយាមកត់ត្រាទុក។

សិស្សានុសិស្សនៃអនុវិទ្យាល័យហ៊ុនសែនប្រម៉ោយមកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ដើម្បីអានសៀវភៅ និងចូលរួមកិច្ចពិភាក្សាចំណេះដឹងស្ដីអំពីប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)
Photos by Chan Narith
Documentation Center of Cambodia Achieves
May 29, 2025
Full report