Home / Post

Takeo Documentation Center: Oral history – August 2025

This month, August 2025, Chhim Sokhea conducted interviews with 3KR survivors (2 females) from Tram Kak Commune, Tram Kak District of Takeo province. The interviews were summaried and transcribed. Please see the summaries of each interview below. Photo, summary, and transcript: Chhim Sokhea.

ប្រវត្តិគ្រួសារខ្ញុំក្នុងរបបខ្មែរក្រហម
ដោយ៖ ជីម សុខគា
ខ្ញុំឈ្មោះ នាង វិត អាយុ៥៨ឆ្នាំ។ ខ្ញុំរស់នៅភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ នាង អ៊ុក (ស្លាប់) ម្ដាយឈ្មោះ សឿ ប៉ាត់ (ស្លាប់)។ ខ្ញុំមានបងប្អូនបង្កើត៩នាក់ស្រី២ប្រុស៩នាក់។ បងប្អូនរបស់ខ្ញុំនៅរស់៦នាក់ ប្រុស៥នាក់ ស្រីម្នាក់។ ខ្ញុំមានប្ដីឈ្មោះ អ៊ូច។ បច្ចុប្បន្នយើងមានកូន៩នាក់ ស្រី៤នាក់ ប្រុស៥នាក់។ កាលពីវ័យកុមារ ខ្ញុំរៀនបានបន្តិចបន្តួច ត្រឹមតែចេះអាន និងសរសេរអក្សរបានខ្លះៗ។ ខ្ញុំចូលរៀនតាំងពីរបបខ្មែរក្រហមមកម្លេះ។ ខ្ញុំរៀននៅតាមរោង និងក្រោមដើមឈើ។ ក្នុងមួយថ្ងៃខ្ញុំរៀនបានរយៈពេលមួយម៉ោង បន្ទាប់ពីសម្រាកហូបបាយថ្ងៃត្រង់រួច។

ខ្មែរក្រហម បានជម្លៀសក្រុមគ្រួសាររបស់ខ្ញុំ រួមទាំងប្រជាជនជាច្រើនគ្រួសារទៀតឱ្យចាកចេញពីស្រុកភូមិ ទុកឱ្យជនជាតិចិន និងវៀតណាមចូលមករស់នៅជំនួសវិញ។ នៅភូមិត្រពាំងរំពាក់នេះស្ងាត់ជ្រងំពុំមានមនុស្សរស់នៅទៀតឡើយ។ ខ្ញុំនៅចាំបានថា ខ្មែរក្រហមប្រើខ្ញុំឱ្យទៅធ្វើការនៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ នៅជាប់ព្រំប្រទល់វៀតណាម។ ខ្ញុំ និងឪពុកម្ដាយបងប្អូន គឺទៅទាំងអស់គ្នា។ យើងធ្វើដំណើរដោយថ្មើរជើង។ រយៈពេល២ថ្ងៃទើបទៅដល់ភូមិដើមបេង។ ខ្ញុំទើបតែមានអាយុ១០ឆ្នាំជាងប៉ុណ្ណោះ។ ខ្មែរក្រហម បានធ្វើរោងឱ្យគ្រួសាររបស់ខ្ញុំសម្រាប់ស្នាក់នៅ។ ពេលទៅដល់ភ្លាមៗ ខ្មែរក្រហមបានចាត់តាំងខ្ញុំឱ្យទៅធ្វើការនៅកងកុមារ។ ខ្ញុំបានដើររើសអាចម៏គោ តាមការកំណត់របស់ខ្មែរក្រហម។ ខ្ញុំ និងគ្រួសាររស់នៅបានរយៈពេល១ឆ្នាំ។ ក្រោយមក ខ្មែរក្រហមបានបញ្ជូន ក្រុមគ្រួសាររបស់ខ្ញុំបន្តទៀត ឱ្យទៅរស់នៅ ម្នៀគ ក្នុងខេត្តតាកែវ។ ខ្មែរក្រហមនៅតែចាត់តាំងខ្ញុំដាក់ក្នុងកងកុមារដដែល។ ខ្មែរក្រហម មើលឃើញថា ខ្ញុំចូលវ័យជំទង់ក៏ចាត់តាំងខ្ញុំឱ្យទៅរែកដីដំបូកដាក់តាមវាលស្រែ នៅខាងលិចភ្នំដិន។ ខ្មែរក្រហមបានដាក់កំហិតខ្ញុំ ឱ្យរែកដីឱ្យបាន១៩អម្រែក។ ប្រធានកងកុមារ គាត់ជាស្រី្ត (មិនចាំឈ្មោះ) គាត់មិនសូវកាចទេ។ គាត់មានភាពយោគយល់ដល់ប្រជាជនយើងដែរ។

ក្រោយពេលទៅរស់នៅ ម្នៀគ អស់រយៈពេល២ឆ្នាំ ខ្ញុំ និងក្រុមគ្រួសារបានវិលត្រឡប់មកស្រុកកំណើតវិញ ហើយបានមករស់នៅផ្សារត្រាំកក់។ ខ្ញុំ និងក្រុមគ្រួសារបានចូលមករស់នៅក្នុងផ្ទះប្រជាជនមួយកន្លែងដែលខ្មែរក្រហមបានជម្លៀសម្ចាស់ផ្ទះចេញជាបណ្ដោះសន្ន។ ពេលមកដល់ផ្សារត្រាំកក់ខ្ញុំនៅតែធ្វើការក្នុងកងកុមារដដែល។ ខ្ញុំបានដើររើសអាចម៏គោ និងដើរកាប់ដើមទន្ទ្រានខែត្រជាច្រើនភូមិក្នុងឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្មែរក្រហមកំណត់ឱ្យរើសតាមចំនួនកាច់ខ្នាច់ មួយថ្ងៃ ឱ្យបាន២០ខ្នាច់។ នៅថ្ងៃមួយ ដោយសារតែហេវហត់ និងអស់កម្លាំងពេក ខ្ញុំបានលួចកាច់ខ្នាច់បន្លំឱ្យគ្រប់តាមចំនួនកំណត់របស់ខ្មែរក្រហម។ ជាសំណាងល្អរបស់ខ្ញុំ ខ្មែរក្រហមមិនបានចាប់ខ្ញុំយកទៅធ្វើបាប ឬបញ្ជូនយកទៅសម្លាប់ឡើយ។ ពេលហូបបាយម្ដងៗ ខ្ញុំត្រូវទៅហូបនៅចង្ក្រានបាយរួមនៅខាងជើងផ្សារត្រាំកក់។ ជាប្រចាំ ខ្ញុំហូបបាយបានពីរពេល គឺថ្ងៃត្រង់ និងពេលល្ងាច។ ខ្មែរក្រហម បានកំណត់ចែកបាយឱ្យ ដោយដាក់ស្មុក និងខ្ចប់ស្លឹកត្នោត។ សម្លមិនដែលឆ្ងាញ់ម្ដងណាទេ មានតែសម្លព្រលិត ត្រាវ និងល្ហុង។ ការរស់នៅវេទនាណាស់ គឺសម្រាន្ដផ្ទាល់នឹងដី ឬុយកស្លឹកឈើធ្វើជាកន្ទេល។ ម្ដាយរបស់ខ្ញុំត្រូវ ខ្មែរក្រហមប្រើឱ្យទៅដកស្ទូងនៅតាមកងមនុស្សចាស់។ ចំណែកឪពុកត្រូវ ខ្មែរក្រហមចាត់តាំងឱ្យទៅឃ្វាលគោ និងឃ្វាលក្របី។ បងប្រុសខ្ញុំម្នាក់ ត្រូវខ្មែរក្រហមចាត់តាំងឱ្យចូលបម្រើកងទ័ព និងបងប្រុស២នាក់ទៀត ត្រូវបញ្ជូនឱ្យទៅធ្វើការក្នុងកងយុវជន។ គ្រួសាររបស់ខ្ញុំ មិនសូវបានជួបជុំគ្នាឡើយ។ ថ្ងៃមួយខ្ញុំមានការនឹករលឹកចំពោះឪពុកម្ដាយ ខ្ញុំក៏សម្រេចចិត្តដើរសំដៅទៅរកគាត់ទាំងពីរនាក់ទាំងកណ្ដាលយប់។ កាលនោះ ខ្ញុំមិននឹកស្មានថា ខ្លួនឯងក្លាហានហ៊ានដើរទៅតែម្នាក់ឯងដោយមិនគិតពីការភ័យខ្លាចពីអ្វីទាំងអស់។
នៅក្នុងរបបខ្មែរក្រហម ខ្ញុំបានបាត់បង់ប្អូន២នាក់ ម្នាក់បានស្លាប់ដោយសារធ្វើទ័ពខ្មែរក្រហម និងម្នាក់ទៀតស្លាប់ដោយសារជំងឺគ្រុនចាញ់ (ស្លាប់ដោយសារគ្មានថ្នាំព្យាបាល)។ របបមួយនេះកាចសាហាវណាស់ បើយុវជនណាម្នាក់ហ៊ានប្រកែតតវ៉ាមិនព្រមស្ម័គ្រចិត្តចូលបម្រើកងទ័ពនោះ នឹងត្រូវខ្មែរក្រហមបញ្ជូនយកទៅសម្លាប់ចោលជាមិនខាន។

អំឡុងពេលបែករបបខ្មែរក្រហម ដោយសារតែភ័យខ្លាចពីការបាញ់កាំភ្លើង និងការទម្លាក់គ្រាប់រវាងកងទ័ពខ្មែរក្រហម ជាមួយកងទ័ពវៀតណាម ខ្ញុំ និងគ្រួសារបានរត់ទៅដល់ពោធិ៍សាត់ និងខេត្តបាត់ដំបង។ ការធ្វើដំណើរនៅតាមផ្លូវ គឺជួបផលវិបាកណាស់ ខ្វះខាតទាំងអង្ករដាំបាយហូប។ ប្រជាជនរាប់ពាន់គ្រួសារ បានរត់ទៅដល់ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបងដូចគ្រួសារខ្ញុំដែរ។ បើតាមឮតៗគ្នាថា«នៅចម្ងាយប្រហែល២គីឡូម៉ែត្រទៀតនឹងទៅដល់ទីតាំងដែល ខ្មែរក្រហមរៀបចំបបរត្រៀមទុកសម្លាប់ប្រជាជន»។ បបររៀបចំទុកច្រើនខ្ទះណាស់ ខ្ញុំបានឮថា«បបរទាំងនោះមានដាក់ថ្នាំបំពុលគ្រប់ខ្ទះទាំងអស់»។ សំណាងល្អ វៀតណាមចូលមករំដោះទាន់ពេលវេលា ទើបក្រុមគ្រួសាររបស់ខ្ញុំបានរួចផុតពីសេចក្ដីស្លាប់។ ពេលវៀតណាមចូលមកដល់ ក្រុមគ្រួសាររបស់ខ្ញុំ និងប្រជាជនជាច្រើនទៀតបានរត់ដង្ហែគ្នាតាមផ្លូវសំដៅទៅផ្ទះសម្បែងរបស់ខ្លួនវិញ។


ជីវិតរស់នៅជាកុមារក្នុងរបបខ្មែរក្រហម
ដោយ៖ ជីម សុខគា
ខ្ញុំឈ្មោះ អ៊ូ អ៊ូច អាយុ៥៦ឆ្នាំ។ ខ្ញុំមានឪពុកឈ្មោះ អ៊ូ នួន (ស្លាប់) ម្ដាយ សុន មឿក (ស្លាប់) ខ្ញុំមានបងប្អូនបង្កើត៩នាក់ ស្រី៥នាក់ និងប្រុស៤នាក់។ ខ្ញុំមានប្រពន្ធឈ្មោះ នាង វិត។ យើងមានកូន៩នាក់ ស្រី៤នាក់ប្រុស៥នាក់។
ខ្មែរក្រហម បានចាត់ខ្ញុំដាក់ក្នុងកងកុមារ។  ខ្ញុំទើបតែមានអាយុ៧ទៅ៨ឆ្នាំ ប៉ុណ្ណោះ។ ការងារនេះ ខ្មែរក្រហមចាត់តាំងឱ្យខ្ញុំទៅធ្វើនៅក្បែរវត្តកោះ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្មែរក្រហមកំណត់ឱ្យរើសអាចម៏គោមួយព្រឹកឱ្យបាន៥បង្គីរ និងដើរកាប់ទន្រ្ទានខែត្រនៅក្នុងភូមិនេះ។ ខ្ញុំនៅតូចពេកទើបខ្មែរក្រហមមិនប្រើឱ្យធ្វើការធ្ងន់ៗ។ ខ្ញុំ គឺជាប្រជាជនមូលដ្ឋានសុទ្ធសាធ។ បងប្អូនរបស់ខ្ញុំផ្សេងទៀត ត្រូវខ្មែរក្រហមបញ្ជូនទៅក្នុងកុមារ នៅតាមភូមិដាច់ដោយឡែកពីគ្នា។ ការហូបចុកជួនកាលមានបបរ មិនសូវមានបាយទេ។ រោងបាយមានមួយកន្លែងនៅវត្តកោះក្អែក។ ប្រជាជនច្រើនភូមិណាស់ គឺទៅហូបបាយជុំគ្នានៅរោងបាយនោះ។
ក្នុងរបបខ្មែរក្រហម យើងរស់នៅគ្មានសិទ្ធិសេរីភាពឡើយ រស់នៅក្រោមការគ្រប់គ្រង និងគៀបសង្កត់ពីបក្សពួកខ្មែរក្រហម។ បើហ៊ានតែលួចដំឡូង នឹងត្រូវទទួលរងនូវការដាក់ទារុណកម្ម ឬរហូតដល់សម្លាប់ក៏មានដែរ។ ខ្មែរក្រហម មិនឱ្យរាប់រក សាច់ញាតិបានឡើយ គឹដឹងតែទៅធ្វើការរៀងៗខ្លួន។ បើសម្លៀកបំពាក់មិនមានគ្រប់គ្រាន់ទេ មួយកំប្លេ ឬពីរកំប្លេដាចរហែកមិនយល់ទេ។ បើយប់ឡើងងងឹតគ្មានអំពូលភ្លើងទេ មានតែបង្កៀងផ្លុងៗសម្រាប់ដុតបំភ្លឺ។
រហូតដល់បែកឆ្នាំ១៩៧៩ ខ្ញុំបានរត់ទៅដល់ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង រហូតដល់ព្រំប្រទល់ប្រទេសថៃ។ កំឡុងពេលនោះ ខ្ញុំ និងគ្រួសារពិបាកវេទនាណាស់ អត់បាយអត់ទឹក។ ខ្ញុំ និងគ្រួសារយប់ត្រង់ណាសម្រាកនៅកន្លែងហ្នឹង។ កាលនោះ គ្មានផ្ទះសម្បែងសម្រាកទេ គឺសម្រាកនៅតាមដងផ្លូវ និងនៅជំនៀរភ្នំជាដើម។ យប់មួយខ្ញុំ និងក្រុមគ្រួសារមិនបានសម្រាកទាល់តែសោះ ដោយសារតែខ្លាចខ្មែរក្រហមតាមទាន់ហើយចាប់យកទៅធ្វើបាប និងសម្លាប់។ មួយវិញទៀត កងទ័ពវៀតណាមកំពុងបាញ់បោះគ្នាមួយ កងទ័ពខ្មែរក្រហម ឮសម្លេងខ្ទរ ពេញក្នុងព្រៃ។ ការរត់ទៅនេះ មិនមែនគ្រួសាររបស់ខ្ញុំទេ គឺរាប់ពាន់គ្រួសារ។ កាលនោះ គ្មានរថយន្ដ និងម៉ូតូអ្វីឡើយ គឺដើរថ្មើររហូត។ ខ្ញុំ និងគ្រួសារ បានដើរច្រើនខែណាស់ ទម្រាំទីដល់ទីតាំង។
ខ្ញុំ និងក្រុមគ្រួសារបានរត់ចូលព្រៃ ទាល់តែរកផ្លូវរត់លែងឃើញ។ សំណាងល្អវៀតណាមទៅទាន់ខ្ញុំ ប្រាប់ឱ្យខ្ញុំ និងក្រុមគ្រួសារត្រឡប់មកតាកែវ។ ខ្ញុំ និងគ្រួសារបានធ្វើដំណើររយៈពេលកន្លះខែ បានមកដល់ស្រុកកំណើតវិញ។ មកដល់ផ្ទះ សូម្បីតែសម្បែងក៏ត្រូវខ្មែរក្រហមរុះរើអស់ ហើយថែមទាំងមិនមានអ្វីហូបទៀត។

មជ្ឃមណ្ឌលឯកសារកម្ពុជាខេត្ត តាកែវ
ទូច ណុម៖ ប្រធានក្រុមពេទ្យកងទ័ពខ្មែរក្រហម
ដោយ៖ ជីម សុខគា
ខ្ញុំឈ្មោះ ទូច ណុម អាយុ៦៩ឆ្នាំ។ ខ្ញុំមានស្រុកកំណើតនៅភូមិថ្មកែវ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិគ្រាំងគរ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ នួន ផេង (ស្លាប់)។ ឪពុករបស់ខ្ញុំ គឺជាប្រធានភូមិកាលពីរបបសង្គមរាស្ត្រនិយម។ ម្ដាយឈ្មោះ ពៅ អាំ(ស្លាប់)។ ខ្ញុំមានបងប្អូន៥នាក់ ស្រីទាំងអស់។ ខ្ញុំមានប្ដីឈ្មោះ សែម យិល (ស្លាប់)។ យើងមានកូន៩នាក់ ស្រីទាំងអស់។ ខ្ញុំរស់នៅជាមួយកូនស្រីម្នាក់ និងចៅ២នាក់។ សព្វថ្ងៃនេះ ខ្ញុំប្រកបមុខរបរលក់នំបញ្ចុក ដើម្បីទទួលបានថវិកាបន្តិចបន្តួចសម្រាប់ចាយវាយប្រចាំថ្ងៃផង និងទុកធ្វើបុណ្យផង។
ខ្ញុំបានចូលរៀនបានត្រឹមថ្នាក់ទី៨ នៅសាលាត្រាំកក់។ ខ្ញុំរៀនភាសាបារាំងបាន២ឆ្នាំ ក៏ឈប់រៀននៅថ្ងៃធ្វើរដ្ឋប្រហារទម្លាក់សម្ដេចស៊ីហនុចេញពីតំណែងនៅថ្ងៃ១៨ មីនា ឆ្នាំ១៩៧០។ បន្ទាប់ពីថ្ងៃធ្វើរដ្ឋប្រហារ ខ្ញុំត្រូវជ្រើសតាំងពីអ្នកភូមិឱ្យមកបង្រៀនកុមារតូចៗនៅក្នុងភូមិថ្មកែវ។ ខ្ញុំបង្រៀនរយៈពេល២ឆ្នាំ ខ្ញុំក៏ឈប់បង្រៀន។

រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧៣ មានការប្រកាសជ្រើសរើសយុវជន និងយុវនារី ឱ្យទៅរៀនពេទ្យ។ នៅពេលឮដូច្នេះ ខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់ ព្រោះជាបំណងប្រាថ្នារបស់ខ្ញុំដែលមានជាយូរមក។ ខ្ញុំបានសុំឪពុកម្ដាយរបស់ខ្ញុំ ទៅរៀនពេទ្យដោយស្ម័គ្រចិត្ត។ ខ្ញុំទើបតែមានអាយុ១៧ឆ្នាំប៉ុណ្ណោះ។ ខ្ញុំបានទៅរៀននៅសាលាមួយកន្លែង នៅភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។ ការសិក្សាមានរយៈពេលខ្លី។ ខ្ញុំរៀនមិនដល់១ឆ្នាំផង អង្គការចាត់តាំងឱ្យខ្ញុំចេញទៅព្យាបាលកងទ័ពនៅតាមសមរភូមិមុខ។

នៅដើមឆ្នាំ១៩៧៤ ខ្ញុំបានចេញទៅព្យាបាលជំងឺឱ្យកងទ័ព លើកដំបូង នៅវត្តតុំ នៅភូមិបិនម៉ៅ សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ខ្ញុំ គឺជាប្រធានក្រុមពេទ្យ។ ខ្ញុំមានតួនាទីព្យាបាលកងទ័ពដែលត្រូវរបួសពីការធ្វើសង្រ្គាម។ ខ្ញុំមិនត្រឹមតែព្យាបាលមួយមុខទេ ខ្ញុំថែមទាំងបានរៀបចំបាយទឹកសម្រាប់កងទ័ពផងដែរ។ ខ្ញុំរស់នៅវត្តតុំ បានរយៈពេល១ឆ្នាំ ត្រូវអង្គការបញ្ជូលឱ្យខ្ញុំទៅព្យាបាលកងទ័ព នៅឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ។ ខ្ញុំបានទទួលថ្នាំពេទ្យល្អៗ មកពីប្រទេសបារាំងសម្រាប់ព្យាបាលដល់កងទ័ព។ ខ្ញុំធ្វើបានរយៈពេល២ឆ្នាំក៏ត្រឡប់មកពេទ្យតំបន់វិញ នៅភូមិអង្គរនាប ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ កាលនោះ ប្រធានពេទ្យដែលធំជាងគេឈ្មោះ សៃ និងបូរ។ គាត់ទាំងពីរនាក់ជាប្ដីប្រពន្ធនឹងគ្នា។ តាមការចាត់តាំងពីប្រធានពេទ្យ ចាត់តាំងឱ្យខ្ញុំទៅព្យាបាលកងទ័ពនៅ៣ទីតាំង គឺនៅកងអនុវរៈសេនាតូច២, កងវរៈអនុសេនាតូច៤ និងកងអនុរវៈសេនាតូច១០។ ពេទ្យនៅក្នុងក្រុមរបស់ខ្ញុំមានគ្នា១០ សុទ្ធតែស្ត្រីទាំងអស់។ ចំពោះការព្យាបាលជំងឺ គឺខ្ញុំមានតួនាទីជាអ្នកលាងរបួស និងចាក់ថ្នាំឱ្យអ្នកជំងឺ។
នៅឆ្នាំ១៩៧៦ ខ្មែរក្រហមបានដកមុខតំណែងខ្ញុំចេញពីប្រធានក្រុមពេទ្យ ឱ្យមកធ្វើពេទ្យនៅតាមកងវិញ។ ខ្មែរក្រហមចាប់បានថា ខ្ញុំជាប់ពាក់ព័ន្ធជាមួយពូដែលខ្មែរក្រហមនាំយកទៅសម្លាប់ដោយសារតែគាត់ ធ្លាប់បានធ្វើជាទាហាន លន់ នល់។ ពូរបស់ខ្ញុំឈ្មោះ សួន នឹម។ ដូច្នេះហើយ បានជាខ្មែរក្រហមចាត់ទុកខ្ញុំជាមនុស្សមិនមានភាពស្អាតស្អំ។ បន្ទាប់មក ប្រធានពេទ្យបានចាត់តាំងឱ្យខ្ញុំទៅព្យាបាលប្រជាជន នៅភូមិអង្គជោតិ ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត។ ខ្ញុំបានទៅព្យាបាលឱ្យប្រជាជនដែលធ្វើការតាមកងយុវជន និងកងនារី។ តាំងពីថ្ងៃដែលខ្ញុំបានចេញទៅធ្វើពេទ្យនៅភូមិអង្គជោតិ ខ្ញុំរស់នៅពិបាកវេទនាណាស់ រស់ពិបាកជាងស្លាប់ទៅទៀត។ រស់នៅក្រោមការគៀបសង្កត់ពីសំណាក់ពួកខ្មែរក្រហម និងគ្មានសិទ្ធិសេរីភាពឡើយ។ ខ្ញុំទៅធ្វើពេទ្យបានរយៈពេល១ខែ។ ដោយសារតែពិបាកទ្រាំនឹងការស់នៅពេក ខ្ញុំមានបំណងចង់សម្លាប់ខ្លួនឯងម្ដងៗដែរ។ ក្នុងអត្ថបទនេះមានសំនួរមួយបានចោទឡើងថា « តើមូលហេតុអ្វីដែលជម្រុញឱ្យមានគំនិតចង់បាញ់សម្លាប់ខ្លួនឯង?» ចម្លើយបានឆ្លើយថា « ដោយសារតែខ្ញុំខឹងសម្បារជាមួយខ្មែរក្រហមជាខ្លាំង ដែលធ្វើបាបដល់រូបខ្ញុំជាមនុស្សដែលធ្លាប់ជួយបម្រើដល់កងទ័ព»។ ប៉ុន្តែខ្ញុំត្រឡប់មកគិតម្ដងទៀត ហើយសួរខ្លួនឯងថា« តើខ្ញុំសម្លាប់ខ្លួនឯងដើម្បីអ្វី»? បើទុកឱ្យខ្លួនឯងនៅមានជីវិតរស់បន្ត អាចនឹងមានឱកាសមកជួបឪពុកម្ដាយនៅស្រុកភូមិវិញ។ ខ្ញុំក៏បញ្ឃប់គំនិតលែងចង់សម្លាប់ខ្លួនឯង ហើយសម្រេចចិត្តលួចរត់ចេញពីកងដោយមិនខ្លាចស្លាប់។ ជាសំណាងល្អរបស់ខ្ញុំ ដែលខ្មែរក្រហមចាប់ខ្ញុំមិនបាន។ ខ្ញុំបានរត់ទៅដល់ឃុំត្រាំកក់ ហើយបានមករស់នៅផ្ទះប្រជាជនមួយកន្លែងដែលម្ចាស់ផ្ទះត្រូវខ្មែរក្រហមជម្លៀសចេញតាំងពីឆ្នាំ១៩៧៥។ ពេលមកដល់ភ្លាមៗ ប្រធានឃុំត្រាំកក់ ឈ្មោះ នុន បានបង្ខំឱ្យខ្ញុំធ្វើប្រវត្តិរូបផ្ទាល់ខ្លួន។ ប្រធានឃុំបានសួរមកកាន់ខ្ញុំថា‍« បើមិត្តឯងពិតជាមានជីវិតតស៊ូពិតប្រាកដមែន សូមធ្វើរបាយការណ៍ផ្ញើមកឱ្យខ្ញុំ» ដោយសរសេររៀបរាប់ពីថ្ងៃ ខែ ឆ្នាំដែលខ្ញុំបានចូលធ្វើពេទ្យ។ ខ្ញុំបានសរសេរដោយផ្ទាល់ដៃបានចំនួន១សន្លឹក រួចប្រគល់ទៅឱ្យឈ្មោះ នុន ដែលមានតួនាទីប្រធានឃុំត្រាំកក់។ សំបុត្របានទៅដល់ដៃ ប្រធានឃុំត្រាំកក់។ ជាបុណ្យរបស់ខ្ញុំ ប្រធានឃុំមិនបានយកទោសពៃអ្វីឡើយ។ ថែមទាំងចាត់តាំង ឱ្យខ្ញុំនៅធ្វើអង្ករនៅឃុំត្រាំកក់។

នៅឆ្នាំ ១៩៧៨ ខ្ញុំបានប្ដេជ្ញា ជាមួយឈ្មោះ សែម យិល។ ក្រោយប្ដេជ្ញាប្រហែល៤ខែ ខ្មែរក្រហមបានចាត់តាំងឱ្យខ្ញុំទៅធ្វើការនៅរោងចក្រមួយកន្លែងនៅទីក្រុងភ្នំពេញ។ ខ្ញុំបានទៅធ្វើការនៅរោងចក្រព្រែកសំរោង។ តាមការចាត់តាំងពីខ្មែរក្រហមឱ្យខ្ញុំធ្វើជាប្រធាន សហករណ៍ នៅកន្លែងដាំបាយ។ ចំណែកប្ដីរបស់ខ្ញុំ ត្រូវខ្មែរក្រហមចាត់តាំងឱ្យទៅរៀនភាសាចិន។ ខ្ញុំ និងប្ដី បានរស់នៅជុំគ្នាកន្លែងតែមួយ។
អំឡុងពេលបែកឆ្នាំ១៩៧៩ ខ្ញុំ និងប្ដីបានរត់ទៅដល់ភ្នំឱរ៉ាល់។ យើងបានធ្វើដំណើរថ្មើរជើង ឆ្លងកាត់តំបន់ រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ខ្ញុំពិបាកធ្វើដំណើរណាស់ ដោយសារ ខ្ញុំកំពុងមានផ្ទៃពោះ ជិតគ្រាប់ខែផងនោះ។ ខ្ញុំមានអារម្មណ៍ថាអាណិតខ្លួនឯងណាស់ ត្រូវមកជួបរឿងបែបនេះ។ ក្រោយរបបខ្មែរក្រហមដួលរលំទៅ ខ្ញុំមានបំណងចង់ចូលធ្វើពេទ្យម្ដងទៀត ប៉ុន្តែត្រូវប្ដីហាមឃាត់មិនឱ្យធ្វើវិញ។ ប្ដីរបស់ខ្ញុំ គាត់បានឱ្យខ្ញុំយកសៀវភៅក្បូនពេទ្យទាំងអស់យកទៅបំផ្លាញចោល។
Full report