ជំនួបពិភាក្សាពីវិធីសាស្ត្របង្រៀនប្រវត្តិសាស្ត្រខ្មែរក្រហម៖
ផ្លាស់ប្តូរវិធីសាស្ត្របង្រៀនប្រវត្តិសាស្ត្រ ដើម្បីគុណភាពសិក្សារបស់សិស្ស
សង្ខេប៖ បន្ទាប់ពីបានពិភាក្សារិះរកមធ្យោបាយបង្រៀនសិស្សឱ្យមានប្រសិទ្ធិភាព គ្រូបង្រៀនប្រវត្តិវិទ្យាម្នាក់ បានប្តេជ្ញាចិត្តបន្ថែមសកម្មភាពបង្រៀនមុខវិជ្ជាប្រវត្តិសាស្ត្ររបស់ខ្លួន តាមរយៈការប្រើប្រាស់វិធីសាស្ត្របង្រៀនទំនើបចំនួនពីរគឺ វិធីសាស្ត្របង្រៀនបែប «សិក្សាក្រៅថ្នាក់ ឬជាភាសាអង់គ្លេស Field Trip Method» និងវិធីសាស្ត្របង្រៀនតាមគោលការណ៍សីលធម៌ និងតម្លៃ (Value and Moral Education Method) ឬ វិធីសាស្ត្របង្រៀនបែប ការដោះស្រាយបញ្ហាជាផ្នែកមូលដ្ឋាននៃការសិក្សា (Problem-Based Learning) ដែលផ្តោតលើសីលធម៌របស់សិស្សចំពោះរឿងរ៉ាវដែលបានកើតឡើង ជាពិសេសរឿងរ៉ាវនៃឧក្រិដ្ឋកម្ម និងសង្គ្រាម។ វិធីសាស្ត្រទាំងពីរនេះផ្តោតលើ ការយល់ដឹងពិតប្រាកដអំពីអតីតកាល ការបណ្តុះស្មារតីគោរពស្រឡាញ់ប្រវត្តិសាស្ត្រ និងសិទ្ធិមនុស្ស, និងការបង្កើនសមត្ថភាពវិភាគ និងការគិតពិចារណាជ្រៅជ្រះអំពីប្រវត្តិសាស្ត្រ។
សកម្មភាព៖ កិច្ចពិភាក្សាមួយ ត្រូវបានធ្វើឡើងនៅការិយាល័យមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តតាកែវ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក សេក សូនី គ្រូបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យានៅវិទ្យាល័យ ជាស៊ីម តាកែវ និង ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តតាកែវ។ ជំនួបនេះ ពិភាក្សាពីក្តីបារម្ភចំពោះការបាត់បង់ចំណាប់អារម្មណ៍របស់ក្មេងៗលើមុខវិជ្ជាប្រវត្តិសាស្ត្រ ជាពិសេសប្រវត្តិសាស្ត្រខ្មែរក្រហម និងការចងចាំនិងថែរក្សាប្រវត្តិសាស្ត្រ។ លោក សេក សូនី ដែលជាប្រធានក្រុមបច្ចេកទេសប្រវត្តិវិទ្យា បានលើកឡើងពីបញ្ហាប្រឈមថ្មីដែលលោកជួបប្រទះ និងស្នើសុំយោបល់ដើម្បីដោះស្រាយបញ្ហាប្រឈម ដើម្បីលើកកម្ពស់មុខវិជ្ចាប្រវត្តិសាស្ត្រ និងជំរុញទឹកចិត្តសិស្សឱ្យងាកមកសិក្សា និងចាប់អារម្មណ៍លើមុខវិជ្ជាប្រវត្តិវិទ្យា។ ផេង ពង្សរ៉ាស៊ី បានបង្ហាញពីចេតនារបស់មជ្ឈមណ្ឌលឯកសារខេត្តតាកែវ ក្នុងការចូលរួមផ្សព្វផ្សាយ និងអប់រំពីប្រវត្តិសាស្ត្រខ្មែរក្រហមដល់សិស្សានុសិស្ស តាមរយៈការអប់រំមិនផ្លូវការ ដែលអាចធ្វើឡើងនៅក្នុងការិយាល័យមជ្ឈមណ្ឌលឯកសារខេត្តតាកែវជារៀងរាល់ខែ និងលើកយកវិធីសាស្ត្របង្រៀនបែបទំនើបដែលមិនបណ្តាលឱសិស្សធុញទ្រាន់ នោះគឺវិធីសាស្ត្របង្រៀនក្រៅថ្នាក់ ឬទស្សនៈកិច្ចសិក្សាទៅកាន់តំបន់ប្រវត្តិសាស្ត្រ ឬទីតាំងវាលពិឃាតដែលបន្សល់ទុកពីរបបខ្មែរក្រហម។ រ៉ាស៊ី ក៏បានលើកឡើងពីប្រវត្តិសាស្ត្រសម័យទំនើបទាក់ទងនឹងបញ្ហាសង្គ្រាមជម្លោះទឹកដីរវាងកម្ពុជា និងថៃ មកធ្វើជាប្រធានបទសម្រាប់ការពិភាក្សាដែរ ក្នុងន័យបង្ហាញពីការបញ្ជ្រាបប្រវត្តិសាស្ត្រនេះនៅក្នុងមុខវិជ្ជាប្រវត្តិសាស្ត្រ ជាពិសេសប្រវត្តិសាស្ត្រខ្មែរក្រហម តាមរយៈការប្រើប្រាស់មេរៀន «ប្រអប់សង្គ្រោះជីវិត» ដើម្បីភ្ជាប់ប្រវត្តិសាស្ត្រទាំងពីរ ដើម្បីបណ្តុះគំនិតសិស្សឱ្យគិតគូរពីតម្លៃសីលធម៌ និងជាតិនិយមដ៏ត្រឹមត្រូវ និងចេះអាណិតអាសូរដល់អ្នករងគ្រោះក្នុងព្រឹត្តិការណ៍ជម្លោះឬព្រឹត្តិការណ៍ប្រល័យពូជសាសន៍ ។
បន្ទាប់ពីជួបពិភាក្សាគ្នារួច យើងបានឯកភាពគ្នា៖ ១) សិស្សានុសិស្សនៅវិទ្យាល័យ ជាស៊ីម តាកែវ នឹងចូលរួមក្នុងវេទិកាថ្នាក់រៀននៅការិយាល័យមជ្ឈមណ្ឌលឯកសារខេត្តតាកែវ ជារៀងរាល់ខែ និង ២) វិធីសាស្ត្របង្រៀនចំនួនពីរគឺ វិធីសាស្ត្របង្រៀនបែប «សិក្សាក្រៅថ្នាក់ (Field Trip Method) និងវិធីសាស្ត្របង្រៀនតាមគោលការណ៍សីលធម៌ និងតម្លៃ (Value and Moral Education Method) ឬ វិធីសាស្ត្របង្រៀនបែប ការដោះស្រាយបញ្ហាជាផ្នែកមូលដ្ឋាននៃការសិក្សា (Problem-Based Learning)» នឹងត្រូវប្រើប្រាស់សម្រាប់ការបង្រៀនសិស្ស។ ដើម្បីជាផ្នែកសំខាន់មួយនៃការប្រើប្រាស់វិធីសាស្ត្របង្រៀនដែលបានឯកភាពគ្នា យើងបានទៅពិនិត្យទីតាំងប្រល័យពូជសាសន៍មួយកន្លែងដែលមានចម្ងាយប្រមាណ៥គីឡូពីទីរួមខេត្តតាកែវ ជាកន្លែងដែលផ្តល់ភាពងាយស្រួលដល់គ្រូ និងសិស្សសម្រាប់ការធ្វើដំណើរទៅទស្សនាសម្រាប់ការសិក្សាពីមុខវិជ្ជាប្រវត្តិសាស្ត្រខ្មែរក្រហម។ មុននឹងធ្វើដំណើរចេញទៅទីតាំងគោលដៅ រ៉ាស៊ី បានពិភាក្សាពីវិធីសាស្ត្របង្រៀនមេរៀន «ប្រអប់សង្គ្រោះជីវិត» និងបានប្រគល់កិច្ចតែងការបង្រៀនពីមេរៀននេះ ដល់លោក សេក សូនី ដើម្បីប្រើប្រាស់សម្រាប់ការបង្រៀនរបស់គាត់នាពេលអនាគត។
ចេញដំណើរពីការិយាល័យមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តតាកែវ ខ្ញុំ និង សេក សូនី បានចាកចេញឆ្ពោះទៅកាន់គោលដៅដែលជាទីតាំងតម្កល់អដ្ឋិធាតុជនរងគ្រោះសម័យខ្មែរក្រហម ស្ថិតនៅក្នុងភូមិព្រៃផ្អាវ ឃុំរនាម ស្រុកទាំង ខេត្តតាកែវ។ យើងបានធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ២ តាមទិសដៅពីទីរួមខេត្តតាកែវ ឆ្ពោះទៅកាន់ព្រំប្រទល់វៀតណាមជាប់នឹងស្រុកគិរីវង់។ ប្រហែល៤គីឡូម៉ែត្រពីទីរួមខេត្ត យើងបត់ស្តាំតាមខ្លោងទ្វារវត្តព្រៃផ្អាវ តាមផ្លូវគ្រោះក្រហមមួយខ្សែ ដោយបានធ្វើដំណើរក្នុងចម្ងាយប្រមាណ១គីឡូទៀត ទើបទៅដល់គោលដៅ។ នៅទីនោះ យើងអាចមើលឃើញស្លាកសញ្ញាធំមួយផ្ទាំងទ្រដោយជើងសសរធ្វើស៊ីម៉ងតិ៍ចំនួនពីរ មានឆ្លាក់អក្សរថា «ស្តូបតម្កល់អដ្ឋិធាតុជនរងគ្រោះក្នុងរបប ប៉ុល ពត វត្តព្រៃផ្អាវ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ»។ ស្លាកសញ្ញានេះ ទំនងជាទើបនឹងធ្វើឡើងនៅឆ្នាំ២០០២ប៉ុណ្ណោះ ព្រោះថាយើងបានពិនិត្យឃើញកាលបរិច្ឆេទនេះឆ្លាក់ជាអក្សរពណ៌លឿងជាប់នឹងជញ្ជាំងស្តូប អមជាមួយនឹងឈ្មោះសប្បុរសជនជាច្រើនដែលបានឆ្លាក់នៅពីក្រោមកាលបរិច្ឆេទនេះ។ នៅផ្នែកខាងមុខស្តូបប្រហែល៨ម៉ែត្រ យើងពិនិត្យឃើញមានរូបមនុស្សធ្វើពីស៊ីម៉ងតិ៍ឈរនៅក្នុងគុម្ពស្មៅក្រាស់ៗ ដែលបង្ហាញពីសកម្មភាពរបស់កម្មាភិបាលខ្មែរក្រហមកំពុងបណ្តើរមនុស្សយកទៅសម្លាប់ចោល និងសកម្មភាពវាយសម្លាប់មនុស្សនឹងដំបង។ នៅពីខាងចំហៀង និងខាងក្រោយស្តូប មានព្រៃដុះស៊ុបទ្រុពដែលបង្ហាញឱ្យឃើញពីការបោះបង់ចោលស្តូបមួយនេះ។ មជ្ឈមណ្ឌលឯកសារកម្ពុជា ធ្លាប់បានចុះមកស្រាវជ្រាវនៅទីតាំងនេះរួចហើយកាលពីខែកញ្ញា ឆ្នាំ១៩៩៥ ហើយទីតាំងស្តូបនេះក៏ត្រូវបានកំណត់កូអកដោណេទីតាំងភូមិសាស្ត្រ និងបានរាប់បញ្ចូលក្នុងបញ្ជីមន្ទីរបូជនីយដ្ឋានដែលបានស្រាវជ្រាវរួចហើយដែរ។
បន្ទាប់ពីរយៈពេល៣០ឆ្នាំនៃការស្រាវជ្រាវលើកដំបូង ខ្ញុំបានមកកាន់បរិវេណនេះម្តងទៀត ក្នុងគោលបំណងផ្សព្វផ្សាយ ថែរក្សា និងអប់រំពីការប្រព្រឹត្តអំពើឃោរឃៅក្នុងសម័យខ្មែរក្រហម។ អមដំណើរជាមួយខ្ញុំ គឺលោកគ្រូ សេក សូនី។ ទៅដល់ទីតាំងដំបូង យើងបានថតរូបស្តូប ខ្លោងទ្វារ រូបតំណាងធ្វើពីស៊ីម៉ងត៍ និងបរិវេណជុំវិញ។ បន្ទាប់មក យើងបានជួបជាមួយអ្នករស់រានមានជីវិតម្នាក់ឈ្មោះ ភុន រ៉ា និងព្រះសង្ឃគង់នៅវត្តព្រៃផ្អាវព្រះនាម នៅ ភី ដើម្បីសាកសួរព័ត៌មានអំពីទីតាំងមន្ទីរបូជនីយដ្ឋាននេះ។ ឆ្អឹងលលាដ៏ក្បាលសាកសពប្រហែល២០ កំពុងស្ថិតនៅក្នុងស្តូបនៅឡើយ ហើយឆ្អឹងស្មងដៃស្មងជើងតិចតួចទៀត ក៏កំពុងស្ថិតនៅក្នុងស្តូបដែរ។ ព្រះអង្គ នៅ ភី បានមានសង្ឃដីកាថា ឆ្អឹងលលាក៏ក្បាលមួយចំនួន ត្រូវបាននាំយកទៅកាន់ភ្នំពេញដោយក្រុមនិស្សិត និងអ្នកស្រាវជ្រាវ។ ព្រះអង្គបានសួរនាំនិស្សិត និងអ្នកស្រាវជ្រាវនោះពីការនាំយកឆ្អឹងលលាដ៏ខ្លះចាកចេញពីកន្លែងតម្កល់។ អ្នកទាំងនោះបានបរិយាយថា គឺដើម្បីធ្វើជាអំណះអំណាងប្រាប់ទៅគ្រូ ឬប្រធានក្រុមថា ខ្លួនពិតជាបានមកដល់ទីតាំងសម្លាប់ និងកន្លែងតម្កល់ឆ្អឹងពិតប្រាកដមែន។ ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្វីត្បិតតែធ្លាប់បានទៅសិក្សាស្រាវជ្រាវនៅទីនោះពិតមែន ប៉ុន្តែយើងមិនដែលបានស្នើសុំ ឬនាំយកឆ្អឹង ឬលលាដ៏ក្បាលសាកសពមកកាន់ភ្នំពេញឡើយ។ ការស្រាវជ្រាវរបស់យើងកាលពីឆ្នាំ១៩៩៥ បានបង្ហាញថា មន្ទីរបូជនីយដ្ឋានតម្កល់អដ្ឋិធាតុនេះ មានតម្កល់ឆ្អឹងលលាដ៏ក្បាលប្រហែលជាង១០០ ព្រមទាំងឆ្អឹងស្មងដៃ និងស្មងជើងជាច្រើនទៀត។
យើងបានចំណាយពេលប្រមាណជាងកន្លះម៉ោងនៅទីនោះ។ យើងសង្កេតឃើញថា មនុស្សម្នាជាច្រើននាក់បានធ្វើដំណើរឆ្លងកាត់ទីកន្លែងតម្កល់អដ្ឋិធាតុនេះ។ អ្នកទាំងនោះពុំបានចាប់អារម្មណ៍ចំពោះបរិវេណនេះទេ។ វានៅតែស្ថិតនៅយ៉ាងស្ងៀមស្ងាត់ និងលាក់កំបាំងក្នុងព្រៃដែលដុះហ៊ុំព័ទ្ធជុំវិញ។ ព្រះអង្គ នៅ ភី បានប្រាប់ថា ក្រៅពីថ្ងៃបុណ្យទាន ចូលឆ្នាំ ឬពិធីបុណ្យភ្ជុំបិណ្ឌ ទីតាំងនេះពុំមាននរណាយកចិត្តទុកដាក់ឡើយ។
លោកគ្រូ សេក សូនី បានថតរូបជាច្រើនសន្លឹកពីមន្ទីរបូជនីយដ្ឋាន និងបរិវេណជុំវិញ ដើម្បីទុកបង្ហាញដល់សិស្សរបស់គាត់។ លោកគ្រូ បានត្អូញត្អែរដដែលៗថា សិស្សរបស់គាត់ហាក់មិនចាប់អារម្មណ៍នឹងប្រវត្តិសាស្ត្រនេះទេ។ នៅនឹងបរិវេណមន្ទីរបូជនីយដ្ឋាន សូនី បានប្តេជ្ញាចិត្តថា គាត់នឹងប្តូរវិធីសាស្ត្របង្រៀនរបស់គាត់ ដោយចាប់ផ្តើមពីការដឹកនាំក្រុមសិស្សឱ្យមកកាន់ទីតាំងដែលជាភស្តុតាងនៃការសម្លាប់មនុស្សជំនាន់ខ្មែរក្រហម និងការបង្រៀនពីរឿងរ៉ាវដែលបានកើតឡើងនៅទីតាំងនោះកាលពីជំនាន់ខ្មែរក្រហម។ លោកគ្រូបានសន្និដ្ឋានថា វិធីសាស្ត្រនេះអាចឱ្យសិស្សរបស់គាត់ចាប់អារម្មណ៍ និងអាចរៀនបានច្រើនពីប្រវត្តិសាស្ត្រ។
បន្តិចក្រោយមក យើងបានធ្វើដំណើរបន្តទៅមើលទីតាំងសម្លាប់មនុស្ស ដែលអ្នកភូមិហៅថា «វាលខ្មោច ឬព្រៃខ្មោច»។ នៅទីនោះ យើងបានជួបជាមួយ ភុន រ៉ា។ រ៉ា ជាអ្នកចំណូលថ្មីដែលទើបនឹងមករស់នៅក្នុងភូមិព្រៃផ្អាវបានប្រហែលជាង១០ឆ្នាំប៉ុណ្ណោះ។ រ៉ា បានបង្ហាញទីតាំងរណ្តៅដែលស្ថិតនៅក្រោយផ្ទះគាត់ និងបានប្រាប់ថា បងប្រុសគាត់ប្រាប់គាត់ថា រណ្តៅនីមួយៗមានកប់សាកសពយ៉ាងតិច២០នាក់ ហើយមានច្រើនជាង៥រណ្តៅ។ យើងមិនបានជួបជាមួយបងប្រុសរបស់ រ៉ា ដែលជាអ្នករស់នៅទីតាំងនេះតាំងពីក្រោយថ្ងៃរំដោះភ្លាមៗ ឡើយ។ បន្ទាប់មក យើងបានទៅកាន់ទីតាំងមួយទៀតដែលជាអតីតមន្ទីរសន្តិសុខខ្មែរក្រហម គឺវត្តជើងចាប។ ទីតាំងវត្តនេះ ក៏ត្រូវបានកំណត់កូអកដោណេភូមិសាស្ត្រដោយមជ្ឈមណ្ឌលឯកសារកម្ពុជារួចរាល់ហើយដែរ។ នៅក្នុងបរិវេណវត្ត យើងបានជួបជាមួយចៅអធិការវត្ត (ពុំបានសួរព្រះនាម) និងយាយជី ឡុង ឃុនគឿន អាយុ៦២ឆ្នាំ។ យាយជី បានជូនដំណើរយើងទៅកាន់អតីតបរិវេណគុក ដែលនៅសេសសល់តែខឿនថ្ម និងដែក។ នៅពីខាងមុខ និងចំហៀងអតីតគុកនេះ មានសំណង់ចេតីយ៍ជាច្រើនព័ទ្ធជុំវិញ។ ក្រៅពីយាយជី និងចៅអធិការវត្ត ពុំមានមនុស្សណាម្នាក់ដែលយើងបានជួបនិយាយជាមួយនៅក្នុងបរិវេណវត្តជើងចាប បានដឹងពីប្រវត្តិសាស្ត្រនេះទេ។
ជារួម កិច្ចពិភាក្សាដែលឈានដល់ការចុះទៅពិនិត្យទីតាំងពិឃាតខ្មែរក្រហមរបស់ខ្ញុំ និងលោកគ្រូ សេក សូនី ទាក់ទងនឹងដំណើរការបង្រៀន និងរៀនពីប្រវត្តិសាស្ត្រខ្មែរក្រហម គឺជាចំណុចចាប់ផ្តើមថ្មីដែលអាចលើកទឹកចិត្តសិស្សឱ្យចាប់អារម្មណ៍សិក្សាលើមុខវិជ្ជាប្រវត្តិសាស្ត្រច្រើនជាងមុន និងមានប្រសិទ្ធភាពជាមុន។ ថ្វីត្បិតតែជាការចាប់ផ្តើមរវាងយើងទាំងពីរនាក់ ប៉ុន្តែវាក៏ជាសារមួយដែលគ្រូបង្រៀនឯទៀតអាចពិចារណាពីការបង្រៀនសិស្សតាមរយៈការបង្កើតកម្មវិធីសិក្សាក្រៅថ្នាក់ និងការប្រើប្រាស់វិធីសាស្ត្របង្រៀនដែលអាចលើកទឹកចិត្តសិស្សឱ្យគិតគូរពីតម្លៃសីលធម៌របស់ខ្លួនចំពោះអ្នកដទៃ ជាពិសេសអ្នករងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ អំពើប្រល័យពូជសាសន៍ និងសង្គ្រាម។ ម៉្យាងទៀត ដំណើរទស្សនកិច្ចទៅកាន់ទីតាំងដែលជាអតីតវាលពិឃាត មន្ទីរសន្តិសុខ និងមន្ទីរបូជនីយដ្ឋាន គឺជាការបញ្ជាក់ពីភាពជាក់លាក់នៃទីតាំង និងប្រវត្តិរឿងរ៉ាវពីសម័យខ្មែរក្រហម សម្រាប់ការអប់រំក្មេងៗជំនាន់ក្រោយប្រកបដោយគុណភាព និងប្រសិទ្ធិភាព ហើយវាក៏ជាចំណុចចាប់ផ្តើមបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិរក្សស្តូបនេះ ក៏ដូចជាស្តូបនានាទៀតដែរ ដើម្បីការអប់រំនៅក្នុងមូលដ្ឋាន។
របាយការណ៍ និង រូបថត៖ ផេង ពង្សរ៉ាស៊ី