Home / Post

Takeo Documentation Center៖ SANN CHREN: Just as I took a short break from work, the unit Chief named Yen scolded me with very harsh words.

សាន់ ជ្រេន៖ គ្រាន់តែសម្រាកពីការងារបន្តិច ប្រធានកងឈ្មោះ យ៉េន ស្ដីបន្ទោសខ្ញុំនូវពាក្យអាក្រក់ៗណាស់

ខ្ញុំឈ្មោះ សាន់ ជ្រេន អាយុ ៧៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រេច សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ខ្ញុំមានប្ដីឈ្មោះ ង៉ែត ច្រឹក (ស្លាប់) និងមានកូនចំនួន ៧នាក់ (ស្រី ២នាក់ ប្រុស ៥នាក់)។ បច្ចុប្បន្នកូនខ្ញុំនៅរស់ ៥នាក់ ចំណែក ២នាក់ទៀតបានស្លាប់ (ម្នាក់ស្លាប់តាំងពីតូច និងម្នាក់ទៀតស្លាប់ដោយសារជំងឺ)។ សព្វថ្ងៃ ខ្ញុំមានជំងឺប្រចាំកាយគឺ ជំងឺលើសជាតិស្ករ លើសឈាម និងសម្ពាធទងសួត ដែលត្រូវព្យាបាលដោយការប្រើប្រាស់ថ្នាំពេទ្យជាប្រចាំ។

នៅឆ្នាំ១៩៧០ ដោយសារស្រុកភូមិកើតមានចលាចល គ្រួសារខ្ញុំបានភៀសខ្លួនទៅរស់នៅឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ប្រហែលកន្លះខែ ទើបត្រឡប់មកស្រុកកំណើតវិញ។ លុះដល់ឆ្នាំ១៩៧១ ខ្ញុំបានរៀបការជាមួយប្តីខ្ញុំឈ្មោះ ង៉ែត ច្រឹក ហើយបានផ្លាស់លំនៅទៅរស់នៅភូមិចំប៉ីព្រៃសូរិយា ខេត្តកំពត។ ថ្ងៃមួយ ពេលកំពុងឃ្វាលគោក្នុងព្រៃ ខ្ញុំបានឃើញការទម្លាក់គ្រាប់បែកយ៉ាងសន្ធឹកសន្ធាប់ ដែលគេសន្និដ្ឋានថាជាសកម្មភាពរបស់ទាហាន លន់ នល់។ ដោយសារសភាពការណ៍មិនស្រួល ខ្ញុំនិងប្ដីបានភៀសខ្លួនម្ដងទៀតទៅរស់នៅតំបន់ក្បាលទន្សោង រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដោយប្រកបរបរដាំដំណាំបន្តិចបន្តួចនៅជាប់ជើងភ្នំសែនហាន ដែលជាកន្លែងមានការទម្លាក់គ្រាប់បែកច្រើនដូចកន្លែងដែលខ្ញុំរស់នៅដែរ។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសគ្រួសារខ្ញុំទៅរស់នៅ និងធ្វើការងារនៅភូមិធម្មវិន័យ។ ខ្ញុំត្រូវបានគេឱ្យទៅជីកប្រឡាយ និងបោកស្រូវទាំងថ្ងៃទាំងយប់មិនសូវមានពេលសម្រាកទេ។ នៅរដូវវស្សា គេបំភ្លឺភ្លើងក្នុងវាលស្រែ ហើយបង្ខំឱ្យខ្ញុំដកសំណាបទល់ភ្លឺក៏មានដែរ។ អ្នកដែលធ្វើការជាមួយខ្ញុំជាប្រចាំគឺឈ្មោះ នូន។ ក្រោយមក គ្រួសារខ្ញុំត្រូវអង្គការជម្លៀសទៅភូមិទួលសាំង ដើម្បីធ្វើជាអ្នកសែងកងទ័ពរបួស។ រស់នៅទីនោះបានកន្លះខែ អង្គការក៏ជម្លៀសពួកយើងបន្តទៅភូមិរូង ក្បែរវត្តកកោះ និងស្ពានហូរឈាម ដោយតម្រូវឱ្យធ្វើស្រែរួមតាមកងដែលមានប្រធានចាំបញ្ជាពីក្រោយជានិច្ច។ កាលនោះ ខ្ញុំមានកូនម្នាក់ហើយ ប៉ុន្តែដោយសារកូននៅតូចពេក ខ្ញុំបានយកទៅផ្ញើឱ្យឪពុកម្ដាយជួយមើលថែនៅផ្ទះ។ ពេលនោះ ហូបចុកមានការខ្វះខាតខ្លាំងណាស់ គឺហូបបាយលាយជាមួយអំបិលដី (យកដីសៗមករំងាស់ធ្វើជាអំបិល)។

ពេលបន្តបន្ទាប់មក គេបានជម្លៀសខ្ញុំ និងគ្រួសារឱ្យទៅនៅវត្តតុំ (សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ) និងប្រើឱ្យទៅជីកប្រឡាយ។ ថ្ងៃមួយ ដោយសារភាពនឿយហត់ខ្លាំង ខ្ញុំបានសម្រាកបន្តិចនៅលើខ្នងប្រឡាយក្បែរការដ្ឋាន។ ភ្លាមនោះ ប្រធានកងឈ្មោះ យ៉េន បានឃើញខ្ញុំក៏ដើរសំដៅមករកខ្ញុំ។ គ្រាន់តែសម្រាកពីការងារបន្តិចសោះ ប្រធានកងនេះបានស្ដីបន្ទោសខ្ញុំនូវពាក្យអាក្រក់ៗណាស់ថា៖ «មេស្រីពីងពាង មេស្រីឬស្យា មេស្រីបាតផ្សារ និងជេរប្រមាថផ្សេងៗជាច្រើន»។ ប៉ុន្តែសំណាងល្អដែលគេមិនបានយកខ្ញុំទៅសម្លាប់។ រីឯប្រធានកងផ្សេងទៀតដូចជា ឈ្មោះ ផុន ពុធ និងក្រិល គឺស្លូតបូត ពុំដែលស្ដីបន្ទោស ឬធ្វើបាបប្រជាជនឡើយ។ នៅទីនោះដែរ ខ្ញុំធ្លាប់បានឃើញ តា ម៉ុក ដែលជាប្រធានភូមិភាគនិរតី ចុះមកត្រួតពិនិត្យការដ្ឋាន និងនិយាយថា៖ «គេទម្លាក់គ្រាប់បែកឥឡូវហើយ» រួចក៏ត្រឡប់ទៅវិញ។ ការរស់នៅពេលនោះពិបាកវេទនាណាស់ គ្មានផ្ទះសម្បែងដេកពួនត្រឹមត្រូវទេ គឺត្រូវដេកក្នុងទ្រុងមាន់ ហើយហូបចុកក្នុងមួយថ្ងៃកំណត់ឱ្យត្រឹមតែមួយពេលប៉ុណ្ណោះ។ ជាច្រើនខែក្រោយមក គេបានផ្លាស់ប្ដូរគ្រួសារខ្ញុំឱ្យទៅរស់នៅវត្តព្រៃផ្អាវ ស្រុកទ្រាំង ខេត្តតាកែវ។ នៅទីនោះ គេដាក់កិច្ចការឱ្យខ្ញុំស្ទូងស្រែទំហំមួយហិកតា ដោយកំណត់សមាជិក ១០នាក់ ក្នុងមួយក្រុមឱ្យរួចរាល់ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ។

នៅថ្ងៃទី១០ និងថ្ងៃទី២០ ដែលជាថ្ងៃដែលអង្គការបានកំណត់ឱ្យសម្រាកពីការងារ ខ្ញុំពុំបានទៅធ្វើការដូចរាល់ដង ទើបអង្គការស្ដីបន្ទោសថា៖ «នារីឯងនេះ ប្រហែសនឹងការងារខ្លាំងណាស់! គ្រាន់តែឮថ្ងៃ១០ ថ្ងៃ២០ មិនទាន់ទេ រត់សឹងតែបាក់កងាប់អស់ហើយ»។ ដោយសារខ្ញុំជាមនុស្សមិនសូវខ្លាចរអាក្នុងរឿងអយុត្តិធម៌ ខ្ញុំក៏បានតមាត់ទៅវិញថា៖ «និយាយបានតែក្រុមម្នាក់ៗ ត្រង់ក្រុម ជ្រី និងក្រុម សំបូរ អី អត់មានចេះថាឱ្យគេសោះ ថាឱ្យតែក្រុមខ្ញុំ ដូចខ្វាក់ប្រហោងភ្នែកអ៊ីចឹង!»។

អ្នកនៅទីនោះឮហើយនាំគ្នាភ័យជំនួសខ្ញុំគ្រប់ៗគ្នា។ ពូ ចែម ដែលធ្វើការនៅកងភ្ជួរ បានប្រាប់ឈ្មោះ ជ្រឹក ទាំងបារម្ភថា៖ «យប់ហ្នឹងមិនដឹងយ៉ាងម៉េចទេ ជ្រឹក អើយ! ជ្រេន ពិតជាមិនរស់ទេ ហ៊ានស្ដីឱ្យប្រធានកងអ៊ីចឹង»។ នៅយប់នោះ ពូ ចែម មិនហ៊ានសម្រាន្ដទេ ព្រោះខ្លាចគេមករកយកខ្ញុំទៅសម្លាប់ទាំងយប់។ ប៉ុន្តែសំណាងដែរ ដែលប្រធានកងឈ្មោះ ឆោម ជាមនុស្សស្លូតបូត ទើបខ្ញុំអាចរស់រានមានជីវិតរហូតមកដល់បច្ចុប្បន្ន។ ប្រធានកងរូបនោះថែមទាំងបានប្រាប់យាយ ប្រឹម និងយាយ ស៊ុន ដែលកំពុងកាប់ដីដំបូក បែបលេងសើចថា៖ «យាយ ស៊ុន អើយ មើលនារី ជ្រេន មិញនេះ គេដើរកាត់ទឹកមករកខ្ញុំ ហើយបម្រុងនឹងរុកភ្នែកខ្ញុំឱ្យខ្វាក់ទៀតផង» រួចគាត់ក៏ដើរចេញទៅ។

ថ្ងៃមួយ ខ្ញុំបានដើរទៅលេងប្អូនជីដូនមួយឈ្មោះ សុំាង (បច្ចុប្បន្នស្លាប់) ដែលធ្វើជាចុងភៅនៅសហករណ៍។ សុំាង បានចង្អុលបង្ហាញខ្ញុំមើលគំនរប្រមាត់មនុស្សដែលគេចងព្យួរទុកក្នុងចង្ក្រានបាយ និងបានសួរខ្ញុំថាខ្លាចឬអត់? ខ្ញុំបានឆ្លើយតបវិញថា ខ្ញុំអត់ខ្លាចទេ។ ឃើញហេតុការណ៍នោះហើយ ធ្វើឱ្យខ្ញុំព្រួយបារម្ភ និងភ័យខ្លាចជាខ្លាំងថា ថ្ងៃណាមួយខ្ញុំក៏អាចនឹងត្រូវគេវះយកប្រមាត់មកព្យួរនៅទីនោះដែរ។

នៅឆ្នាំ១៩៧៩ អំឡុងពេលកងទ័ពវៀតណាមវាយចូលមកដល់ ខ្ញុំ និងគ្រួសារបានរត់ភៀសខ្លួនទៅដល់ស្រុកត្រាំកក់។ តាមផ្លូវធ្វើដំណើរ ខ្ញុំបានឃើញសាកសពមនុស្សគ្រប់វ័យទាំងអស់ស្លាប់ជាហូរហែ។ ប្រហែល ១០ថ្ងៃក្រោយមក ទើបគ្រួសារខ្ញុំអាចវិលត្រឡប់មកស្រុកកំណើតវិញ។

ក្រោយរបបខ្មែរក្រហមដួលរលំទៅ តាយ៉េន ត្រូវបានប្រជាជនចាប់ចងដៃ រួចអារកនឹងធាងត្នោតសម្លាប់ចោលទៅនឹងកន្លែងដើម្បីជាសងសឹក ព្រោះកាលពីក្នុងរបបខ្មែរក្រហមគាត់តែងតែវាយធ្វើបាបសាច់ញាតិរបស់គេ។

https://photos.app.goo.gl/om6KE2f7zBpXW7EN9