Home / Post

Veal Veng Reconciliation Center: សកម្មភាពក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានចុះទៅសួរសុខទុក្ខ និងសម្ភាសន៍ប្រជាជនភៀសសឹកដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងប្រពន្ធរបស់វីរកងទ័ពនៅវត្តប្រម៉ោយក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥

នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥  ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានចុះទៅសួរសុខទុក្ខ និងសម្ភាសន៍ប្រជាជនភៀសសឹកដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងប្រពន្ធវីរកងទ័ពនៅវត្តប្រម៉ោយក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជនភៀសសឹកទាំងនោះមានទីលំនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ដែលជាតំបន់ព្រំដែនកម្ពុជា-ថៃ និងត្រូវបានជរដ្ឋាភិបាលកម្ពុជាជម្លៀសឲ្យមកស្នាក់នៅទីកន្លែងមានសុវត្ថិភាពនៅក្នុងវត្តប្រម៉ោយនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ កាលពីថ្ងៃទី០៧ និងទី០៨ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃបានបាញ់មកលើទាហានកម្ពុជានៅតំបន់ព្រំដែនខេត្តព្រះវិហារ ខេត្តឧត្ដរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងជាមុន។ នៅព្រឹកព្រលឹមថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃបានបាញ់ប្រហារមកលើទីតាំងភូមិសាស្រ្តយោធភូមិភាគទី៥ ក្នុងឃុំថ្មដា។ បន្ទាប់មក ទាហានថៃ បានបន្តបាញ់ប្រហារដោយមិនរើសគោលដៅ និងបានបាញ់ចូលកន្លែងទីប្រជុំដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅយ៉ាងកំរោល។

ក្រុមការងារបានសួរនាំអំពីរឿងរ៉ាវទុក្ខលំបាកក្រោយការប៉ះដង្គិចប្រដាប់អាវុធដែលបង្កឡើងដោយទាហានថៃបានឈ្លានពានទឹកដីកម្ពុជា។

រឿងរ៉ាវជនភៀសសឹក និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមានដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ លី ម៉ៅ ភេទស្រី អាយុ៥៨ឆ្នាំ និងមានមុខរបរកាប់អំបោសក្រងលក់។ ខ្ញុំ មានស្រុកកំណើតនៅក្នុងភូមិពង្រ ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ សព្វថ្ងៃ ខ្ញុំ រស់នៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឪពុកឈ្មោះ វ៉ាន់ ឌឿន (ស្លាប់) ក្នុងឆ្នាំ១៩៨៥។ ម្ដាយឈ្មោះ លី ងឹម មានអាយុ៨១ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ។ ខ្ញុំ មានបងប្អូនបង្កើតចំនួន៥នាក់ (ស្រី៣នាក់ ) ហើយខ្ញុំ ជាកូនច្បង។ ប្ដីរបស់ខ្ញុំឈ្មោះ ថា ប្រុស អាយុ៦៣ឆ្នាំ ជាអតីតទាហានការពារនៅព្រំដែនថ្មដា។ ប្ដីរបស់ខ្ញុំ មានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្ដាល។ ខ្ញុំ មានកូនចំនួន៥នាក់ (ស្រីទាំងអស់)។
នៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ៩៧៩ ខ្ញុំ មិនបានរៀនសូត្រនោះទេ ប៉ុន្តែ ខ្ញុំ ត្រូវបានខ្មែរក្រហមចាត់ឲ្យចូលនៅក្នុងកងកុមារធ្វើការងាររែកអាចម៌គោ លាយជីដាក់ក្នុងស្រែ និងលើកទំនប់ ប្រឡាយនៅអាងកំពីងពួយ ក្នុងខេត្តបាត់ដំបង។
នៅឆ្នាំ១៩៩៧ ប្ដីរបស់ខ្ញុំ ត្រូវបានបញ្ចូនចេញពីស្រុកសំឡូត ខេត្តបាត់ដំបង ទៅកាន់ព្រំដែនថ្មដា ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ ប្ដីរបស់ខ្ញុំ នៅក្នុងកងពលលេខ៧១ មានតួនាទីប្រចាំការនៅច្រក១០៤(ទីតាំងកាស៊ីណូថ្មដា)។ មិនយូរប៉ុន្មាន ប្ដីរបស់ខ្ញុំ បានដើរជាន់មីនធ្វើឲ្យរងរបួសដាច់ជើងម្ខាង។ នៅឆ្នាំ២០០០ ខ្ញុំ បានធ្វើដំណើរតាមឡានចេញពីខេត្តបន្ទាយមានជ័យ ទៅកាន់ស្រុកវាលវែង ដើម្បីទៅនៅជាមួយប្ដីនៅថ្មដា។ ខ្ញុំ និងប្រពន្ធទាហាន៣ទៅ៤នាក់ទៀត បានឈប់ឡានត្រឹមឃុំប្រម៉ោយ ព្រោះមិនមានផ្លូវឡានអាចបើកបរទៅដល់នោះទេ។ បន្ទាប់មក ខ្ញុំ និងប្រពន្ធទាហានបានចុះដើរថ្មើរជើងចេញពីឃុំប្រម៉ោយទៅកាន់ព្រំដែនថ្មដា ដោយចំណាយពេលវេលាអស់៣យប់ទើបទៅដល់។ ដំបូងខ្ញុំបានចូលទៅរស់នៅក្នុងភូមិកណ្ដាល ឃុំថ្មដាដែលមានចម្ងាយប្រហែល៣ទៅ៤គីឡូម៉ែត្រពីទីតាំងដែលប្ដីឈរជើង។ នៅភូមិកណ្ដាលមានសមាជិកគ្រួសារកងទ័ពប្រហែល៣០ទៅ៤០នាក់ និងមានផ្ទះប្រហែល២០ទៅ៣០ខ្នង។ ដំបូងខ្ញុំបានកាប់ព្រៃដាំស្រូវ និងដើរជញ្ជាត់ត្រីនៅតាមអូរដើម្បីចិញ្ចឹមជីវិត។ បន្ទាប់មក ខ្ញុំ បានប្រកបមុខរបរកាប់អំបោសក្រងយកទៅលក់នៅផ្សារណាត់ ប្រទេសថៃ។ ប្រជាជនថៃ បាននាំយកសម្ភារប្រើប្រាស់ និងគ្រឿងបរិភោគចូលមកលក់នៅទីតាំងឃុំថ្មដា។ ទីតាំងឈរជើងរបស់ប្ដីខ្ញុំ មានចម្ងាយប្រហែល២ទៅ៣គីឡូម៉ែត្រពីទីតាំងឈរជើងរបស់ទាហានថៃ។
នៅឆ្នាំ២០១៥-២០១៦ ទាហានថៃ បានរើទីតាំងឈរជើងមកកៀកជាមួយទីតាំងឈរជើងរបស់ទាហានកម្ពុជាដែលមានចម្ងាយប្រហែល៥០ម៉ែត្រ។ ខ្ញុំ គិតថាទីតាំងដែលថៃបានឈរជើងជាទឹកដីរបស់កម្ពុជា ព្រោះខ្ញុំធ្លាប់បានជិះម៉ូតូដឹកអំបោសទៅលក់នៅផ្សារណាត់ថៃ បានឃើញទាហានថៃឈរជើងនៅផ្លូវចុះចំណោទខាងក្រោមឆ្ងាយពីទាហានកម្ពុជា។ ក្រោយមក ខ្ញុំ បានប្ដូរទៅរស់នៅក្នុងភូមិឯកភាពវិញ។
កាលពីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ទាហានថៃបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកប្រហែល៤ទៅ៥គ្រឿង ហោះចូលមកកាន់ភូមិសាស្រ្តឃុំថ្មដា ធ្វើឲ្យខ្ញុំ និងប្រជាជនមានការភ័យខ្លាច និងព្រួយបារម្ភពីសុវត្តិភាពកូនចៅតូចៗ។ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ថៃបានបើកការវាយប្រហារមកលើកងកម្លាំងកម្ពុជានៅខេត្តឧត្ដរមានជ័យ និងខេត្តព្រះវិហារ សភាពការណ៍នៅព្រំដែនថ្មដាក៏តឹងតែងដូចគ្នា ទើបអាជ្ញាធរភូមិឃុំបានប្រកាសប្រាប់ឲ្យប្រជាពលរដ្ឋក្នុងឃុំថ្មដាត្រូវជម្លៀសខ្លួនមកកាន់ឃុំប្រម៉ោយជាបន្ទាន់ ដើម្បីសុវត្តិភាព។ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំ បានដឹងដំណឹងថាថៃបានផ្លោងគ្រាប់ចូលទីតាំងភ្លុកដំរី ក្នុងភូមិឯកភាព ឃុំថ្មដា។ ខ្ញុំ និងក្រុមគ្រួសារបានភៀសសឹកចេញពីភូមិឯកភាពមកកាន់វត្តប្រម៉ោយអស់រយៈពេលជាច្រើនថ្ងៃ។ បន្ទាប់ពីត្រឡប់ទៅផ្ទះវិញ សត្វចិញ្ចឹមរួមមាន៖ ឆ្កែ មាន់ ទា បានងាប់អស់ព្រោះអត់បាយ និងត្រូវសត្វព្រៃចាប់ស៊ី។ ខ្ញុំបានស្នាក់នៅផ្ទះបានរយៈពេល១យប់ ត្រូវជម្លៀសខ្លួនម្ដងទៀត។
នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ខ្ញុំ បានឮថាសភាពការណ៍នៅព្រំដែនថ្មដាមិនសូវល្អ ទើបខ្ញុំ និងក្រុមគ្រួសារបានជម្លៀសមកស្នាក់ក្នុងទីតាំងវត្តប្រម៉ោយ ដើម្បីសុវត្តិភាព។ បន្ទាប់ពីស្ងប់ស្ងាត់ ខ្ញុំ បានត្រឡប់ទៅរស់នៅក្នុងភូមិឯកភាពវិញ។
នៅវេលាម៉ោងប្រហែល៦ល្ងាច ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរភូមិឃុំបានប្រាប់ឲ្យប្រជាពលរដ្ឋក្នុងឃុំថ្មដាទាំងអស់ជម្លៀសខ្លួនមកកាន់ឃុំប្រម៉ោយជាលើកទី៣។ ខ្ញុំ បានយកកូនចៅៗតូចៗផ្ញើតាមឡានជាមួយអ្នកភូមិមកកាន់ឃុំប្រម៉ោយមុន។ រីឯខ្ញុំ បានធ្វើដំណើរតាមម៉ូតូចេញពីថ្មដាជាមួយប្រជាពលរដ្ឋដទៃទៀត។ ខ្ញុំ បានឃើញមានយន្តហោះគ្មានមនុស្សបើករបស់ថៃបានហោះនៅលើក្បាលរបស់ខ្ញុំ និងជុំវិញឃុំថ្មដា។ នៅតាមផ្លូវមានភ្លើងឡាន ភ្លើងម៉ូតូជាច្រើនគ្រឿងបើកបរបន្តគ្នាដែលធ្វើឲ្យភ្លឺចែងចាំងតាមដងផ្លូវ។ ប៉ុន្តែ ខ្ញុំ មានការលំបាកខ្លាំង ព្រោះអាកាសធាតុត្រជាក់ខ្លាំងណាស់ធ្វើឲ្យដៃជើងរបស់ខ្ញុំឡើងស្ពឹកបើកម៉ូតូមិនចង់ទៅមុខ។ ខ្ញុំ បានឈប់សម្រាកនៅស្ពានថ្ម ប៉ុន្តែក្រោយមកយន្តហោះគ្មានមនុស្សបើករបស់ថៃបានហោះមកបន្ត ទើបខ្ញុំ បានចេញដំណើរមកមុខទៀត។ ពេលខ្ញុំមកដល់យាយម៉ៅ ខ្ញុំ បានឈប់សម្រាករយៈពេល១ម៉ោង ព្រោះត្រជាក់ខ្លាំងពេក។ នៅម៉ោង១រំលងអាធ្រាត្រ ខ្ញុំ បានធ្វើដំណើរមកដល់វត្តប្រម៉ោយមានប្រជាការពារភូមិជាច្រើននៅរងចាំទទួល។ នៅពេលនេះ ខ្ញុំ មានអារម្មណ៍ភ័យ ហូបបាយមិនបាន និងគិតព្រួយបារម្ភពីសុវត្តិភាពរបស់ទាហានជួរមុខទាំងអស់ និងបងប្អូនជីដូនមួយចំនួន២ ឈ្មោះ ម៉ុក សាខន អាយុ៦៣ឆ្នាំ និង ធី មានអាយុ៥៣ឆ្នាំដែលកំពុងនៅជួរមុខទប់ទល់ជាមួយទាហានថៃ។ ខ្ញុំសូមជូនពរដល់ទាហានជួរមុខទាំងអស់ជួបប្រទះនូវសេចក្ដីសុខ កុំឲ្យលំបាកវេទនា និងជៀសវាងផុតពីគ្រោះចង្រៃទាំងអស់គ្នា។

អង្កេតការណ៍៖
• ប្រជាជនភៀសសឹកមួយចំនួនបានរៀបចំសម្ភារភៀសសឹកបានរួចជាស្រេច។
• ប្រជាជនភៀសសឹកមានចំនួនច្រើនជាងលើកមុន។
• ប្រជាជនភៀសសឹកមួយចំនួនជាកុមារតូចៗ ជនពិការ និងចាស់ជរា។
• ​​ ​​​ ​ក្រុមការងារស្រុកវាលវែងបានចុះជួយរៀបចំកន្លែងស្នាក់នៅ ប្រក់តង់ និងម្ហូបអាហារដល់ប្រជាជនភៀសសឹក។

បញ្ហាប្រឈម៖
• មានសម្លេងរំខានប៉ះពាល់ដល់ការសម្ភាសន៍។

Full report