វេទិកាស្រាវជ្រាវស្តីពី «ជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបខ្មែរក្រហម និងបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជានិគមន៍ជនសង្គមរាស្រ្តនិយម»
ដោយ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តស្ទឹងត្រែង
នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តស្ទឹងត្រែង រៀបចំវេទិកាស្រាវជ្រាវស្តីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្រោមប្រធានបទ«ជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបខ្មែរក្រហម និងបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជានិគមន៍ជនសង្គមរាស្រ្តនិយម» ដោយមានការចូលរួមរបស់សិស្សថ្នាក់ទី១០នៃវិទ្យាល័យបុរអូរស្វាយ សែនជ័យ សរុបចំនួន៣០នាក់ នៅអគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)។ វេទិកាស្រាវជ្រាវនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្តល់នូវឱកាសដល់យុវជន-យុវនារី ដែលកំពុងសិក្សា នៅ វិទ្យាល័យបុរីអូរស្វាយ សែនជ័យ បង្កើនចំណេះដឹងប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងប្រវត្តិសហគមន៍បុរីអូរស្វាយ សែនជ័យ របស់ខ្លួន ដែលជាកត្តាចូលរួមចំណែកដ៏សំខាន់ការទប់ស្កាត់អំពើប្រល័យពូជសាសន៍កុំឲ្យកើតមានឡើងនាពេលអនាគត។ កម្មវិធីនៅក្នុងវេទិកាស្រាវជ្រាវនេះ រួមបញ្ចូលការទស្សនាពិព័រណ៍ព្រះឆាយាល័ក្ខ, ការចូលអានសៀវភៅនៅបណ្ណាល័យ, ការធ្វើបទបង្ហាញស្ដីពីប្រវត្តិសាស្រ្តខ្មែរក្រហម និងការស្ដាប់រឿងរ៉ាវរបស់ស៊ឺង សាវ៉ាង ដែលជានិគមន៍ជនសង្គមរាស្រ្តនិយម និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។
នៅពេលដែលមកដល់អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ), សិស្សទាំងអស់ទទួលបានការស្វាគមន៍ និងណែនាំដោយ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តស្ទឹងត្រែង អំពីបេសកកម្ម និងការបង្កើតឡើងនូវអគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ដែលជាមជ្ឈមណ្ឌលសហគមន៍មួយរបស់ព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា។ បន្ទាប់មក សិស្សទាំងអស់បានចូលទស្សនាពិព័រណ៌ព្រះឆាយាល័ក្ខ និងអានបណ្ដុំសៀវភៅដែលជាព្រះរាជទាន និងស្ថាព្រះហស្ថរបស់ហ្លួងម៉ែ។ បន្ទាប់មកទៀត ស្រេង លីដា បន្តដឹកនាំសិស្សទាំងអស់ ទៅស្វែងយល់អំពីប្រភពធនធានដ៏សម្បូរបែបនៃបណ្ណាល័យរបស់អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ដែលសិស្សទាំងអស់អាចចំណាយពេលវេលាអានសៀវភៅ និងឯកសារជាច្រើនដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន។
បន្ទាប់មក ស៊ាង ចិន្តា នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តស្ទឹងត្រែង ចាប់ផ្ដើមធ្វើបទបង្ហាញរបស់ខ្លួនទៅលើប្រវត្តិសាស្រ្តខ្មែរក្រហម ដោយផ្តោតលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ មានដូចជា៖ រដ្ឋប្រហារ លន់ នល់ នៅដើមឆ្នាំ១៩៧០, ការឡើងកាន់អំណាចរបស់ខ្មែរក្រហម, ការជម្លៀសប្រជាជនដោយបង្ខំ, ការរស់នៅប្រចាំថ្ងៃ និងការកាប់សម្លាប់ប្រជាជននៅក្នុងរបបខ្មែរក្រហម។ ស៊ាង ចិន្តា ក៏រំលេចឡើងអំពីស្ថានភាពប្រជាពលរដ្ឋរស់នៅក្នុងអូរស្វាយក្រោមរបបខ្មែរក្រហម។ មិនខុសពីប្រជាជនរស់នៅកន្លែងផ្សេងនោះទេ ប្រជាជនរស់នៅបុរីអូរស្វាយក៏ទទួលរងការលំបាក និងការផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀត, ការបង្ខំឲ្យធ្វើការងារជាទម្ងន់, ការបង្អត់អាហារ និងការចាប់យកទៅសម្លាប់។ ខ្មែរក្រហមដាក់កំណត់គោលដៅទីលើក្រុមប្រជាជនដែលត្រូវសម្លាប់ គឺប្រជាជនថ្មី ដែលត្រូវបានស្គាល់ជាទូទៅថាជា «ប្រជាជនថ្ងៃ១៧ មេសា» និងប្រជាជននិគមន៍ជន ដែលជាប្រជាជនសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានបញ្ចូនមកតាំងទីលំនៅចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០។ ប្រជាជនទាំងក្រុម២នេះ ត្រូវបានខ្មែរក្រហមដាក់គោលដៅស្វែងរក និងចាប់ខ្លួនដើម្បីយកទៅសម្លាប់។ នេះគឺជាហេតុផលដែលបណ្ដាលឲ្យមានការស្លាប់ប្រជាជនថ្មី និងប្រជាជននិគមន៍ជនជាច្រើនគ្រួសារក្នុងរបបខ្មែរក្រហម។
ដើម្បីបង្កើនការយល់ដឹងកាន់តែស៊ីជម្រៅថែមទៀត, សិស្សទាំងអស់បានចូលរួមកិច្ចសន្ទនាអន្តរជំនាន់ជាមួយស៊ឺង សាវ៉ាង ដែលជានិគមន៍ជនសង្គមរាស្រ្តនិយម និងរស់រានមានជីវិតពីរបបខ្មែរក្រហម។ អ៊ំប្រុស សាវ៉ាង នៅតែចងចាំអំពីព្រឹត្តិការណ៍នៃការមកដល់ជាលើកដំបូងទឹកដីបុរីអូរស្វាយ, ការទៅទទួលព្រះរាជដំណើរសម្ដេចព្រះ នរោត្តម សីហនុ ដែលយាងមកសម្ពោធសមិទ្ធផលនៅបុរីអូរស្វាយ, ការរស់នៅឆ្លងកាត់សង្រ្គាម និងបទពិសោធន៍ក្នុងរបបខ្មែរក្រហម។ ខាងក្រោមនេះ គឺជាការនិយាយចែករំលែកទៅកាន់សិស្សទាំងអស់អំពីប្រវត្តិ និងបទពិសោធន៍របស់អ៊ំប្រុស សាវ៉ាង៖
«ជាបឋម ខ្ញុំមានចិត្តសប្បាយរីករាយណាស់ ដែលឃើញក្មួយប្រុសក្មួយស្រីចូលរួមវេទិកាស្រាវជ្រាវនេះ និងអាចស្ដាប់អំពីប្រវត្តិសាស្រ្តសហគមន៍របស់ខ្លួន។ ខ្ញុំឈ្មោះ ស៊ឺង សាវ៉ាង មានអាយុ៧០ឆ្នាំ។ ឪពុកខ្ញុំមានឈ្មោះ សើង ឡាង និងម្ដាយឈ្មោះ យិម ភៀង។ ខ្ញុំមានទីកន្លែងកំណើតនៅខេត្តកណ្ដាល ប៉ុន្តែបច្ចុប្បន្ននេះ ខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំបានផ្លាស់ទីលំនៅមករស់នៅទីនេះជាមួយឪពុក ដែលជានាយទាហានចូលនិវត្តន៍ ចាប់តាំងពីឆ្នាំ១៩៦៣។ នៅពេលនោះ ខ្ញុំទើបតែមានអាយុ១១ឆ្នាំតែប៉ុណ្ណោះ។ នៅពេលនោះ បុរីអូរស្វាយគឺជាតំបន់ហ៊ំព័ទ្ធទៅដោយព្រៃក្រាស់នៅឡើយ ហើយមានប្រជាជនមួយចំនួនបានតាំងទីលំនៅ។ បញ្ហាប្រឈមក្នុងជីវភាពរស់នៅខ្លាំងជាងគេនោះគឺជំងឺគ្រុនចាញ់ ដែលបានធ្វើឲ្យប្រជាជនរស់នៅតំបន់បុរីអូរស្វាយនេះស្លាប់បាត់បង់ជីវិតជាច្រើននាក់។ នៅឆ្នាំ១៩៦៤ តំបន់អូរស្វាយចាប់ផ្តើមមានការអភិវឌ្ឍន៍។ លោក ម៉ៅ សង្ឃេម បានចល័តកងទ័ពប្រមាណ៥០០នាក់ ដើម្បីមកឈរជើង និងសាងសង់បន្ទាយកងទ័ព ដែលបច្ចុប្បន្ននេះស្ថិតនៅក្នុងបរិវេណវត្តអូរស្វាយ។ គោលបំណងនៃការនាំយកទាហានមកឈរជើង និងប្រជាជនមករស់នៅបុរីអូរស្វាយនេះ គឺដើម្បីកិច្ចការងារការពារបូរណភាពទឹកដី ដែលជាប់ជាមួយព្រំដែនប្រទេសជិតខាង និងធ្វើការអភិវឌ្ឍន៍នៅតំបន់នេះ។ កងទ័ព និងប្រជាជន បានពួតដៃគ្នាកសាងសមិទ្ធិផលជាច្រើន មានដូចជា ផ្សារសហគមន៍, សួនច្បារ, មន្ទីរពេទ្យ, សាលារៀន, ទីចាត់ការ និងវត្តអារាម ជាដើម។ នៅឆ្នាំ១៩៦៤-១៩៦៥ លោក ម៉ៅ សង្ឃេម ក៏បានបង្កើតវង់តន្រ្តីមួយសម្រាប់ការកំសាន្ត ដែលមានឈ្មោះថា «វង់តន្រ្តីយោធាភារម្យ» ដែលមានកងសិល្បះរបស់ទាហាន ធ្វើការសម្ដែង និងលេងភ្លេង។ សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គរាជានុញ្ញាតឲ្យប្រជាជនរបស់ព្រះអង្គ ដែលមានបំណងចង់មករស់នៅតំបន់អូរស្វាយនេះ ដោយមិនប្រកាន់និន្នាការ និងវណ្ណៈឡើយ។ សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានរៀបចំការរស់នៅរបស់ប្រជាជនដែលទើបតែមកតាំងទីលំនៅនៅបុរីអូរស្វាយ រួមមាន ផ្ទះកាឡុង, ដីស្រែចំនួន៥ហិចតា និងការឧបត្ថម្ភផ្សេងៗទៀត។ សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គយាងចុះផ្ទាល់មកកាន់បុរីអូរស្វាយ នៅឆ្នាំ១៩៦៨ ដើម្បីយាងសម្ពោធសមិទ្ធផលនានា និងបានចែកក្រណាត់សមួយដុំ ដែលមានប៉ាក់អក្សរ «សង្គមរាស្រ្តនិយម» ជូនដល់ប្រជានុរាស្រ្តដែលជាកូនចៅរបស់ព្រះអង្គ។ បន្ទាប់មក សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គបន្តយាងចុះសួរសុខទុក្ខប្រជាជនរស់នៅអូរស្វាយ និងទតផ្ទះនិគមន៍ជនអូរស្វាយ។
នៅក្នុងអំឡុងពេលសង្រ្គាម១៩៧០-១៩៧៥, បុរីអូរស្វាយត្រូវទទួលរងគ្រោះពីការទម្លាក់គ្រាប់បែក។ ប្រជាជនរស់នៅបុរីអូរស្វាយ មិនអាចរត់ភៀសខ្លួនចេញពីភូមិបាននោះទេ ដោយហេតុថាតំបន់បុរីអូរស្វាយ នៅទីដាច់ស្រយាល និងហ៊ំព័ទ្ធទៅដោយព្រៃក្រាស់។ ប្រជាជនបានជីករណ្ដៅជាទ្រង់ទ្រាយអក្សរ «អេ» សម្រាប់គេចខ្លួនពីអំបែងគ្រាប់ដែលទាហានអាមេរិកទម្លាក់មក។ សមិទ្ធិផល និងសំណង់នានានៅបុរីអូរស្វាយត្រូវទទួលរងខូចខាតយ៉ាងធ្ងន់ធ្ងរ។
នៅក្នុងរបបខ្មែរក្រហម ខ្ញុំមានអាយុប្រហែល២០ឆ្នាំ ហើយត្រូវបានចល័តទៅលើកទំបន់អូរននោង។ ខ្ញុំត្រូវធ្វើការងារជាទម្ងន់ និងទទួលបានរបបអាហារមិនគ្រប់គ្រាន់។ ដើម្បីបំពេញការស្រែកឃ្លាន, ខ្ញុំបានលួចជីកមើមពោន, មើមរកា និងមើមក្ដួចយកមកហូប។ នៅថ្ងែមួយ បងស្រីរបស់ខ្ញុំម្នាក់ឈ្មោះ ស៊ឺង ធីខេន ត្រូវបានខែ្មរក្រហមហៅទៅសម្លាប់ចោល។ បន្ថែមពីលើនេះទៀត ខ្មែរក្រហមក៏បានធ្វើប្រវត្តិស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធរបបមុន ទាំងរបបលន់ នល់ និងរបបសង្គមរាស្រ្តនិយម។ ខ្ញុំស្ទើរតែត្រូវបានចាប់យកទៅសម្លាប់ ប៉ុន្តែខ្ញុំអាចរួចផុតពីសេចក្ដីស្លាប់ នៅពេលដែលកងទ័ពរណសិរ្សសង្រ្គោះជាតិកម្ពុជាបានវាយរំដោះប្រជាជន និងប្រទេសពីខ្មែរក្រហម។ យ៉ាងណាក៏ដោយ ខ្ញុំនៅចងចាំបងស្រីរបស់ខ្ញុំ ដែលត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់។»
បន្ទាប់ពីការនិយាយចែករំលែកប្រវត្តិ និងបទពិសោធរបស់អ៊ំប្រុស សាវ៉ាង បានបញ្ចប់, សិស្សទាំងអស់បានចោទសួរសំណួរ ដូចខាងក្រោមនេះ:
សំណួរទី១៖ តើការសម្រាលទារករបស់ស្រ្តីមានផ្ទៃពោះនៅឯណា? តើអត្រាស្លាប់ទារកយ៉ាងដូចម្ដេច?
សំណួរទី២៖ តើហេតុអ្វីបានជាខ្មែរក្រហមធ្វើទុក្ខបុកម្នេញទៅលើប្រជាជន១៧មេសា?
សំណួរទី៣៖ តើក្នុងរបបខ្មែរក្រហមមានវណ្ណៈប៉ុន្មានប្រភេទ?
សំណួរទី៤៖ តើការព្យាបាលរបបខ្មែរក្រហមយ៉ាងដូចម្ដេច?
សំណួរទី៥៖ តើសម្ដេចព្រះ នរោត្តម សីហនុ គង់នៅឯណាក្នុងរបបខ្មែរក្រហម?
នៅចុងបញ្ចប់នៃវេទិកាស្រាវជ្រាវនេះ សិស្សដែលបានចូលរួមវេទិការស្រាវជ្រាវ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា៖
សុខ ស៊ីងហ័ង សិស្សថ្នាក់ទី១០ នៃវិទ្យាល័យបុរីអូរស្វាយ សែនជ័យ មានចំណាប់អារម្មណ៍ថា៖ «កម្មវិធីវេទិការស្រាវជ្រាវសម្រាប់សិស្សានុសិស្ស នៅអគារមរតកសង្គមរាស្រ្ដនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) នេះ គឺពិតជាល្អសម្រាប់យើងខ្ញុំជាសិស្សថ្នាក់វិទ្យាល័យដែលអាចទទួលបានចំណេះដឹងបន្ថែមពីប្រវត្តិសាស្រ្ដប្រទេសកម្ពុជា និងប្រវត្តិសាស្រ្តសហគមន៍។ ខ្ញុំធ្លាប់បានស្ដាប់អំពីរបបខ្មែរក្រហមពីលោកយាយរបស់ខ្ញុំ ស៊ឹម ណារី ដែលបាននិយាយប្រាប់ខ្ញុំថា នៅក្នុងរបបខ្មែរក្រហម មានការសម្លាប់មនុស្សជាច្រើន ហើយប្រជាជនធ្វើអ្វី ក៏ខុសដែរ។ លោកយាយ ណារី ក៏បាននិយាយសរសើរចំណុចល្អមួយក្នុងរបបខ្មែរក្រហម គឺសីលធម៌ ដែលប្រជាជនមិនហានប្រព្រឹត្តិអ្វីឲ្យខុសពីសីលធម៌នោះទេ។ ចំណេះដឹងថ្មី ដែលខ្ញុំទទួលបាននេះវេទិកានេះគឺមានពីរចំណុច៖ ទី១គឺប្រវត្តិការបង្កើតបុរីអូរស្វាយ ដោយសម្ដេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គបានគៀងគរ និងប្រមែប្រមូលប្រជាជនដែលជាយោធាចូលនិវត្តន៍ និងប្រជាជនដែលមានជីវភាពក្រីក្រ ដើម្បីមករស់នៅទីនេះ ដើម្បីអភិវឌ្ឍសហគមន៍ដាច់ស្រយាល និងការពារបូរណភាពទឹកដីពីការឈ្លានពានប្រទេសជិតខាង។ ទី២ គឺខាងវិស័យសុខាភិបាល ឬការព្យាបាលប្រជាជននៅមូលដ្ឋាន។ អ៊ំប្រុស សាវ៉ាង ក៏ជួយបញ្ជាក់ផងដែរថា ការព្យាបាល និងការសម្រាលកូន នៅក្នុងរបបខ្មែរក្រហម មិនមានពេទ្យដែលមានជំនាញវិជ្ជាជីវៈនោះទេ ដែលហេតុនេះហើយ ទើបការព្យាបាល និងការសម្រាលកូនរបស់ស្ដ្រីមានផ្ទៃពោះ អាចប្រឈមគ្រោះថ្នាក់ខ្ពស់។»
វី ថារី សិស្សថ្នាក់ទី១០ នៃវិទ្យាល័យបុរីអូរស្វាយ សែនជ័យ បង្ហាញការយល់ឃើញថា៖ «ខ្ញុំបានចូលរួមវេទិកាស្រាវជ្រាវ នៅអគារមរតកសង្គមរាស្រ្ដនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ហើយទទួលបានចំណេះដឹងថ្មីៗជាច្រើន។ នៅវេទិកាស្រាវជ្រាវនេះ ខ្ញុំក៏បានស្ដាប់បទបង្ហាញរបស់លោកគ្រូ ស៊ាង ចិន្ដា ស្ដីពីប្រវត្តិសាស្រ្តខ្មែរក្រហម និងស្ដាប់ការនិយាយចែករំលែកអំពីបទពិសោធន៍របស់លោកអ៊ំ សាវ៉ាង ដែលជានិគមន៍ជនសង្គមរាស្រ្ត និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ចំណេះដឹងដែលខ្ញុំទទួលបាន មានដូចជា៖ ការបង្កើតឡើងបុរីអូរស្វាយ ដែលផ្នែកមួយនៃគម្រោងអភិវឌ្ឍទីដាច់ស្រយាលរបស់សម្ដេចព្រះ នរោត្តម សីហនុ និងការការពារបូរណភាពទឹកដី, ផលលំបាកនៃសង្រ្គាមដែលប្រជាជនបុរីអូរស្វាយបានឆ្លងកាត់, ជីវិតប្រចាំថ្ងៃក្នុងរបបខ្មែរក្រហម និងការកាប់សម្លាប់ប្រជាជន។»