Home / Post

Stung Treng Documentation Center: Oral History Project–Listen to a story of Khmer Rouge Survivors

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តស្ទឹងត្រែង ចុះជួប និងស្ដាប់សាច់រឿងប្រជាជន ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅបរិវេណអគាមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)។ ក្រុមការងារយើងបានជួប និងស្ដាប់សាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជានិគមន៍ជនសង្គមរាស្រ្តនិយម ចំនួន២នាក់។ សាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហទាំង២រូបត្រូវបានសង្ខេបដូចខាងក្រោមនេះ៖

On July 16, 2025, Stung Treng Documentation Center team met and listened to a story of Khmer Rouge survivors living in the nearby location of the Physical Legacy of Sangkum Reastr Niyum, King Father–Queen Mother (Borei O’Svay–Sen Chey). Our team interviewed two Khmer Rouge survivors. Following is a brief summary of their story:

គង់ អ៊ីន កងផលិតថ្នាំព្យាបាល ក្នុងរបបខ្មែរក្រហម
ដោយ លី ដេវីត

ខ្ញុំឈ្មោះ គង់ អ៊ីន អាយុ៦៨ឆ្នាំ កើតនិងរស់នៅភូមិបុរីអូរស្វាយ ឃុំបុរីអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុកឈ្មោះ ខាត់ បានស្លាប់ដោយសារជម្ងឺគ្រុនចាញ់ (នៅសម័យសង្គមរាស្រ្តនិយម) និងម្ដាយឈ្មោះ យ៉ា ដែលបានស្លាប់ដោយតែជម្ងឺសួត។ ខ្ញុំមានបងប្អូនប្រុសស្រីចំនួន៤នាក់ ហើយខ្ញុំគឺជាកូនទី២ក្នុងគ្រួសារ។ បងស្រីទី១ មានឈ្មោះ គង់ យ៉ាត, ទី២ គឺរូបខ្ញុំ ឈ្មោះ គង់ អ៊ីន, ប្អូនប្រុសទី៣ មានឈ្មោះ គង់ ចាន់ថន និងប្អូនប្រុសទី៤ មានឈ្មោះ គង់ ធី។ ខ្ញុំរៀបការប្ដីឈ្មោះ ម៉ាក់ សុង និងមានកូនប្រុសស្រីចំនួន៧នាក់ និងចៅសរុបចំនួន១២នាក់។ ឪពុកម្ដាយរបស់ខ្ញុំបានផ្លាស់មករស់នៅបុរីអូរស្វាយនេះ បន្ទាប់ពីសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ រៀបចំឲ្យប្រជាជនទូទាំងប្រទេសមករស់នៅទីនេះ។ នៅពេលដែលមកដល់ដំបូង សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានកសាងសមិទ្ធផលជាច្រើន និងផ្គត់ផ្គង់ប្រជាជនដែលមករស់នៅ មានដូចជា ផ្ទះឡុង, ដីស្រែចំការ, គ្រាប់ពូជ និងថវិកាឧបត្ថម្ភប្រចាំខែ។ ឪពុកម្ដាយរបស់ខ្ញុំធ្លាប់ប្រាប់ថា សម្ដេចព្រះបរមរតនកោដ្ឋ បានបញ្ចូនប្រជាជនមករស់នៅអូរស្វាយ ដែលស្ថិតនៅក្បែរព្រំដែននេះ ដើម្បីការពារបូរណភាពទឹកដី។ នៅឆ្នាំ១៩៦៨ សម្ដេចព្រះ នរោត្តម សីហុន ព្រះបរមរតនកោដ្ឋ យាងមកសម្ពោធសមិទ្ធផលដែលត្រូវបានកសាង រួមមាន មន្ទីរពេទ្យ, ផ្ទះកាឡុង, ស្ដូបអនុស្សាវរីយ៍, មន្ទីរចាត់ការ និងផ្សារសហគមន៍ ជាដើម នៅបុរីអូរស្វាយ។ នៅពេលនោះ ខ្ញុំក៏ទៅទទួល និងបានចាប់ព្រះហស្ថរបស់សម្ដេចព្រះមរតកោដ្ឋផងដែរ។

បន្ទាប់ពីរដ្ឋប្រហារលន់ នល់ បានកើតឡើង, ខ្ញុំ ឃើញមានវត្តមានកងទ័ពខ្មែរក្រហម។ នៅពេលនោះដែរ ការទម្លាក់គ្រាប់បែកនៅអូរស្វាយក៏ចាប់ផ្ដើម។ អ្នកភូមិរស់នៅទីនេះ មិនអាចចាកចេញពីភូមិបាននោះទេ ហើយត្រូវធ្វើការជីករណ្ដៅត្រង់សេ នៅក្បែរផ្ទះដែលខ្លួនរស់នៅ។ អូរស្វាយ ក្លាយទៅជាសមរភូមិក្ដៅ ដែលជាហេតុបណ្ដាលឲ្យមានការទម្លាក់គ្រាប់បែករបស់ទាហានលន់ នល់ និងសហរដ្ឋអាមេរិក។

ខ្ញុំ និងគ្រួសារបន្តរស់នៅអូរស្វាយ រហូតដល់ពេលដែលខ្មែរក្រហមបានវាយកាន់កាប់ទីក្រុងភ្នំពេញ និងគ្រប់គ្រងប្រទេសនៅខែមេសា ឆ្នាំ១៩៧៥។ នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានដាក់ឲ្យធ្វើការងារជាពេទ្យខ្មែរក្រហម។ នៅពេលនោះ កន្លែងធ្វើការងាររបស់ខ្ញុំ គឺដើរស្វែងរកដើមឈើ និងឬសឈើដែលប្រើការបានជាថ្នាំព្យាបាល នៅឆ្ងាយពីភូមិ។ ខ្ញុំត្រូវដើរស្វែងរកដើមឈើ និងឬសឈើ ជាថ្នាំនេះ នៅម្ដុំដុងក្រឡុ។ ក្នុងកងរបស់ខ្ញុំ មានគ្នីគ្នាចំនួន៤នាក់ រួមមាន មិត្ត ណាន, ខ្ញុំ, មិត្ត នា និងមិត្ត សារ៉ាន់។ យើងត្រូវដើរទៅរកថ្នាំ ក្នុងរយៈពេលកន្លះខែម្ដង។ បន្ទាប់រកបានដើមឈើ និងឬសឈើ, យើងបានស្ពាយយកមកដាំ ឬស្ងោរ ដើម្បីធ្វើជាថ្នាំសម្រាប់ព្យាបាល។ ខ្ញុំនៅចាំបានថា ថ្នាំផ្ដាសាយ ថ្នាំគ្រុនចាញ់ និងថ្នាំត្រជាក់ គឺមានធាតុផ្សំតែដើមឈើ និងឬសឈើតែ ៣មុខនោះទេ។ ឧទាហរណ៍ ប្រសិនបើយើងត្រូវដាក់ថ្នាំត្រជាក់សម្រាប់ព្យាលបាល យើងត្រូវមានដើមត្បាល់កិន និងដើមឈើអែម។ ចំណែកឯថ្នាំព្យាបាលជំងឺផ្ដាសាយ ប្រធានកង បានប្រាប់យើងអំពីប្រភេទដើមឈើ និងឬសឈើ ដែលត្រូវរកនិងយកមកដាំស្ងោរ។ ថ្នាំគ្រុនចាញ់ មានការរួមផ្សុំរបស់វលិ្លបណ្ដូលពេជ្រ និងសំបកស្ដៅ។ ដើមឈើ និងឬសឈើ ដែលជាថ្នាំទាំងអស់ ត្រូវបានជញ្រ្ចាំ ដើម្បីដាំ ស្ងោរ ហើយស្រង់ដើមឈើ និងឬសចេញ ដើម្បីយកទៅរំងាស់បន្តឲ្យទៅជាថ្នាំខាប់ៗ។ បន្ទាប់មក យើងយកម្សៅសំបកស្ដៅដាក់លាយជាមួយគ្នា ហើយយកគ្រាប់កន្ទុះកាំភ្លើងធ្វើពុម្ព ទៅជាថ្នាំអាចម៌ទន្សាយ។ ការផលិតថ្នាំគឺចំណាយរយៈពេលយូរ។ នៅពេលដែលជិតអស់ថ្នាំសម្រាប់ព្យាលបាល ខ្ញុំត្រូវប្រាប់ប្រធានកង ប្រើឲ្យទៅស្វែងរកដើមឈើ និងឬសឈើ ដើម្បីផលិតជាថ្នាំព្យាបាលប្រជាជន។ កងទ័ពខ្មែរក្រហមមិនធ្វើអ្វីទេ នៅពេលដែលយើងធ្វើដំណើរចុះឡើង ក្នុងការស្វែងរកថ្នាំ។ កន្លែងព្យាបាលជំងឺនៅរបបខ្មែរក្រហម គឺជាមណ្ឌលសុខភាពបច្ចុប្បន្ននេះ។ ទីកន្លែងដែលខ្ញុំយកដើមឈើ និងឬសឈើស្ងោជាថ្នាំ គឺនៅខាងក្រោយនៅគុជចំបក់។ ចំពោះរបបអាហារ ខ្ញុំមានតែបាយលាយជាមួយគល់ចេក និងដំឡូងតែបណ្ណោះ។ នៅពេលដែលមានប្រជាជនធ្លាក់ខ្លួនឈើធ្ងន់ យើងត្រូវប្រើថ្នាំអាចម៌ទន្សាយសម្រាប់ព្យាបាល ហើយនៅពេលនោះ ប្រជាជនភាគច្រើនកើតជំងឺគ្រុនចាញ់។ កងផលិតថ្នាំរបស់ខ្ញុំត្រូវបានហៅប្រជុំកន្លះខែម្ដង ដើម្បីបង្ហាញការបេ្ដជ្ញាចិត្តចំពោះអង្គការ និងកុំជឿខ្មាំងសត្រូវ។ បើទោះបីជាខ្ញុំធ្វើជាកងផលិតថ្នាំយ៉ាងណាក្ដី គ្រួសាររបស់ខ្ញុំត្រូវបានចាប់យកទៅសម្លាប់ចោល ដោយសារតែពូ និងតារបស់ខ្ញុំ ធ្វើបម្រើការងារនៅក្នុងរបបលន់ នល់។ បន្ទាប់ពីរបបខ្មែរក្រហមដួលរំលំទៅ ខ្ញុំបានរៀបការប្រពន្ធ និងបន្តរស់នៅទីនេះរហូតដល់ពេលបច្ចុប្បន្ននេះ។

ខ្មែរក្រហម សម្លាប់ឪពុករបស់ខ្ញុំ ដោយសារតែជាប់ប្រវត្តិជានិគមន៍សង្គមរាស្រ្តនិយម
ដោយ ស្រេង លីដា

ខ្ញុំឈ្មោះ នៅ បូ អាយុ៧៨ឆ្នាំ មានទីកន្លែងកំណើតនៅខេត្តព្រះវិហារ ប៉ុន្តែបច្ចុប្បន្ននេះរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមានឪពុកឈ្មោះ នាង នៅ និងម្ដាយឈ្មោះ ឌៀវ អេង។ ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីទាំង៣នាក់។ ខ្ញុំបានរៀបការប្ដីនៅឈ្មោះ ឈឿន ឆន នៅឆ្នាំ១៩៦៨ និងមានកូនចំនួន៤នាក់ (ស្រី៣/ប្រុស១)។

ហេតុផលដែលគ្រួសាររបស់ខ្ញុំបានផ្លាស់មករស់នៅបុរីអូរស្វាយនេះ គឺដោយសារតែឪពុករបស់ខ្ញុំជាទាហានចូលនិវត្តន៍ ដែលធ្លាប់បានឈរជើងនៅតាមព្រំដែន។ បន្ទាប់មក សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានធ្វើការប្រកាស់ជ្រើសរើសទាហានទាំងអស់ ដែលបានចូលនិវត្តន៍ ដើម្បីមករស់នៅបុរីអូរស្វាយ។ ទាហានចូលនិវត្តន៍ និងគ្រួសារ ត្រូវបានបញ្ចូនមករស់នៅបុរីអូរស្វាយ និងទទួលបានរបបចែកអោយ ដូចជា ផ្ទះកាឡុង (ផ្ទះនិគមន៍ជន), ដីធ្លីធ្វើស្រែចំការ, គ្រាប់ពូជ និងថវិកាប្រចាំខែ ជាដើម។ ក្រោយមកទៀត មានគ្រួសារប្រជាជនក្រីក្រដែលរស់នៅតាមបណ្ដាខេត្តនានា ត្រូវបានបញ្ចូនមកសាងជីវិតរស់នៅបុរីអូរស្វាយនេះផងដែរ។ សម្ដេចព្រះ នរោត្តម សីហនុ បានកេណ្ឌប្រមូលនាយទាហានចូលនិវត្តន៍ និងគ្រួសារប្រជាជនដែលមានជីវភាពក្រីក្រមករស់នៅបុរីអូរស្វាយនេះ គឺដើម្បីបុព្វហេតុការពារទឹកដីពីការឈ្លានពានប្រទេសជិតខាងនៅគ្រានោះ។ និគមន៍ជនទាំងអស់បាន ទទួលបានការគាំទ្រឧបត្ថម្ភក្នុងការចាប់ផ្ដើមជីវភាពនៅលើទឹកដីបុរីអូរស្វាយ និងបានធ្វើការប្រមូលទិន្នផលស្រូវ និងដំណាំកសិកម្មផ្សេងៗដើម្បីដាក់លក់នៅទីផ្សារសហគមន៍។ ក្រៅពីការដាំដំណាំកសិកម្ម, បុរីអូរស្វាយក៏មានរោងចក្រផលិតស្ករអំពៅ និងរោងចក្រតម្បាញ។ យុវជន ត្រូវបានជ្រើសរើសធ្វើការងារនៅរោងចក្រផលិតស្ករអំពៅ ចំណែកឯយុវនារី អាចធ្វើការងារជាអ្នកតម្បាញ។ នៅពេលនោះ ខ្ញុំជាអ្នកតម្បាញក្នុងរោងតម្បាញក្រណាត់នេះផងដែរ។ ប្រជាជនទាំងអស់មានការងារធ្វើរៀងខ្លួនៗ និងទទួលបានប្រាក់ប្រចាំខែចំនួន៧៥០រៀលក្នុងមួយខែ។

នៅបុរីអូរស្វាយ លោក ម៉ៅ សង្ឃេម គឺជាអ្នកដែលរៀបចំនិងកសាងសមិទ្ធផលនានា ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់សម្ដេចព្រះ នរោត្តម សីហនុ។ នៅពេលនោះ ក៏មានច្បាប់មួយផងដែរថា គឺប្រជាជនទាំងអស់នៅបុរីអូរស្វាយ កុំប្រើប្រាស់ និងនិយាយភាសាឡាវ ដោយមូលហេតុថា មានការលើកឡើងថា ទីកន្លែងណាដែលមានប្រជាជននិយាយភាសាឡាវ ទីកន្លែងនោះគឺជាទឹកដីឡាវ។ ដូច្នេះហើយ ការនិយាយភាសាឡាវ និងការស្លៀកសម្លៀកបំពាក់ឡាវត្រូវបានហាមឃាត់ជាកំហិត។ ការរស់នៅបុរីអូរស្វាយ មានការលំបាកនាគ្រាដំបូង ពីព្រោះមិនមានសម្ភារៈ និងអ្វីៗប្រើប្រាស់ជាប្រចាំថ្ងៃគ្រប់គ្រាន់នោះទេ។ យ៉ាងណាក៏ដោយ ប្រជាជនបន្តរស់នៅ និងបន្តធ្វើជាខែលការពារទឹកដីពីការឈ្លានពានរបស់ប្រទេសជិតខាង។ ប្រជាជនក៏ជួបបញ្ហាជំងឺគ្រុនចាញ់ផងដែរ ដែលបណ្ដាលឲ្យមានប្រជាជនជាច្រើនបានស្លាប់បាត់បង់ជីវិតនៅពេលនោះ។ សម្ដេចព្រះ នរោត្តម សីហុន ព្រះបរមរតនកោដ្ឋ ប្រោសព្រះរាជទាននូវជំនួយបន្ទាន់ជាបន្តបន្ទាប់ ដែលរួមមាន ថ្នាំពេទ្យ សម្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ។

នៅឆ្នាំ១៩៦៨ សម្ដេចព្រះ នរោត្តម សីហុន ព្រះបរមរតនកោដ្ឋ យាងមកសម្ពោធសមិទ្ធផលដែលត្រូវបានកសាង រួមមាន មន្ទីរពេទ្យ, ផ្ទះកាឡុង, ស្ដូបអនុស្សាវរីយ៍, មន្ទីរចាត់ការ និងផ្សារសហគមន៍ ជាដើម នៅបុរីអូរស្វាយ។ នៅពេលនោះ ខ្ញុំក៏ទៅទទួលព្រះរាជដំណើររបស់សម្ដេចព្រះ នរោត្តម សីហនុ ព្រះរមតនកោដ្ឋ និងទទួលបានព្រះរាជអំណោយជាក្រណាត់សមួយដុំ ដែលមានបក្សអក្សរថា «សង្គមរាស្រ្តនិយម»។

បន្ទាប់ពីលន់ នល់ ធ្វើរដ្ឋប្រហារ ទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ និងបង្កើតរបបសាធារណរដ្ឋខ្មែរ នៅខែមីនា ឆ្នាំ១៩៧០, តំបន់បុរីអូរស្វាយ បានក្លាយទៅជាសមរភូមិប្រយុទ្ធគ្នារវាងទាហានលន់ នល់ និងកងទ័ពខ្មែរក្រហម និងទទួលរងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង។ អ្នកភូមិនៅបុរីអូរស្វាយរស់នៅក្នុងស្ថានភាពពិបាកខ្លាំងណាស់ ពីព្រោះរាល់ពេលដែលមានការទម្លាក់គ្រាប់មកម្ដងៗ អ្នកភូមិទាំងអស់ត្រូវរត់ចូលរណ្ដៅត្រង់សេដើម្បីគេចពីអំបែងគ្រាប់បែក។ នៅពេលនោះ កងទ័ពវៀតណាម ក៏មានវត្តមាននៅបុរីអូរស្វាយផងដែរ។ កងទ័ពវៀតណាមដែលបានឈរជើងនៅក្នុងព្រៃ បានចូលមកសង្ងំលាក់ខ្លួននៅក្នុងផ្ទះអ្នកភូមិ ដើម្បីគេចពីការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក។ នៅពេលដែលទាហានអាមេរិកឃើញកងទ័ពវៀតណាមនៅកន្លែងណាមួយ ទាហានអាមេរិកនឹងធ្វើការទម្លាក់គ្រាប់បែកនៅទីកន្លែងនោះ។ យ៉ាងណាក៏ដោយ ការទម្លាក់គ្រាប់បែករបស់ទាហានអាមេរិកក៏បណ្ដាលឲ្យមានការខូចខាតដល់ទីតាំងផ្សេងៗនៅបុរីអូរស្វាយ។

ការទម្លាក់គ្រាប់បែក លែងកើតមានឡើងតទៅទៀត បន្ទាប់ពីកងទ័ពខ្មែរក្រហមបានគ្រប់គ្រងទាំងស្រុងនៅបុរីអូរស្វាយ និងភូមិសាស្រ្តនានានៅខេត្តស្ទឹងត្រែង។ ប្រជាជនត្រូវបានជម្លៀសចេញពីភូមិទៅធ្វើការនៅកន្លែងឆ្ងាយ។ នៅពេលនោះ ខ្ញុំទើបតែសម្រាលកូន បានប្រហែល៣ខែ។ បើទោះបីជាខ្ញុំទើបតែសម្រាលកូនក្ដី, ខ្មែរក្រហមនៅតែបញ្ជាឲ្យខ្ញុំធ្វើការងារ ដូចជា បុក និងរែងអង្ករ ដែលជាហេតុធ្វើឲ្យកូនរបស់ខ្ញុំមិនសូវបានប៉ៅដោះគ្រប់គ្រាន់នោះទេ។ ខ្ញុំត្រូវខិតខំធ្វើការឲ្យគ្រប់ផែនការរបស់ខ្មែរក្រហម។ នៅពេលដែលកូនរបស់ខ្ញុំរៀងធំបន្តិច ខ្មែរក្រហមបានចាត់តាំងឲ្យខ្ញុំទៅធ្វើការងារនៅកងចល័តវ័យកណ្ដាលដូចមិត្តនារីៗផ្សេងទៀតដែរ។ ពេលនោះ គឺជាគ្រាដែលខ្ញុំអាណិតស្រណោះកូនរបស់ខ្ញុំជាទីបំផុត ពីព្រោះខ្ញុំជាម្ដាយត្រូវឃ្លាតឆ្ងាយពីកូនដែលត្រូវបានដាក់នៅក្នុងកងកុមារជាមួយកុមារផ្សេងទៀតប្រហែល២០នាក់។ ខ្ញុំបានធ្វើការផ្ដាំផ្ញើដល់អ្នកមើលថែកូនខ្ញុំថា៖ «បងអើយ! ឲ្យកូនរបស់ខ្ញុំប៉ៅផង។» ដើម្បីយកចិត្តអ្នក មើលថែកូនខ្ញុំ ខ្ញុំតែងតែជីកដំឡូងព្រៃស្ងោរយកមកឲ្យអ្នកមើលហូប។

ក្រោយមកទៀត ខ្មែរក្រហមបានចល័តខ្ញុំទៅធ្វើការងារនភូមិញើន ដែលជាទីកន្លែងដែលខ្ញុំត្រូវធ្វើការងារខ្លាំង មានដូចជា លើកភ្លឺស្រែ, ដកស្ទូងស្រូវ និងលើកទំនប់អូរពូក ដែលមានកម្ពស់ប្រហែល១៥ម៉ែត្រ។ ការងារនៅពេលនោះ គឺគ្មានពេលសម្រាកគ្រប់គ្រាន់នោះឡើយ និងមិនមានអាហារហូបចុកគ្រប់គ្រាន់។ ខ្ញុំហូបតែបាយលាយចេកមួយចានចង្កឹះតូចមួយចាន ដើម្បីចម្អែតក្រពះ និងបន្តរស់តទៅទៀតដើម្បីជួបមុខកូន។ ដោយសារតែអត់ឃ្លានពេក នៅពេលយប់ ខ្ញុំតែងតែលួចជីកដំឡូង និងមើមក្ដួចយកមកស្ងោរហូប។ ពេលខ្លះ ខ្ញុំក៏មានអង្គរដាំឲ្យច្អិនហូបផងដែរ ពីព្រោះប្ដីរបស់ខ្ញុំគឺជាអ្នកដឹកជញ្ចូនអង្គរ និងស្បៀង ដូច្នេះហើយគាត់បានលួចយកអង្ករខ្លះយកមកឲ្យប្រពន្ធ។

នៅថ្ងៃមួយ ខ្ញុំទទួលបានដំណឹងថា ឪរបស់ខ្ញុំ ត្រូវបានខ្មែរក្រហមចាប់យកទៅរៀនសូត្រ។ ម្ដាយ និងបងប្អូនផ្សេងទៀត ក៏ដឹងដំណឹងនេះ ហើយបាននាំគ្នាហូរទឹកភ្នែកអាណិតស្រណោះគាត់។ ជាសំណាងល្អ ខ្មែរក្រហមបានដោះលែងឪពុករបស់ខ្ញុំឲ្យវិលមកផ្ទះវិញ ដោយសារតែការចាប់ច្រលំមនុស្ស។ ខ្ញុំមិនដែលឃើញខ្មែរក្រហមសម្លាប់មនុស្សនោះទេ ប៉ុន្តែខ្ញុំដឹងថាអ្នកភូមិជាច្រើនត្រូវបានបាត់ខ្លួនជាបន្តបន្ទាប់។ ខ្ញុំធ្លាប់បានឃើញខ្មែរក្រហមយកទូកដឹកប្រជាជន។ ខ្ញុំមិនដឹងថាដឹកយកទៅកន្លែងណាទេ ហើយប្រហែលជាវាយសម្លាប់ចូលក្នុងទន្លេ។

ខ្ញុំក៏ធ្លាប់ចូលរួមពិធីរៀបការ ដែលមានគូទាំងអស់ប្រហែលជា២០គូ ដោយតម្រូវឲ្យខាងប្រុសអង្គុយជាជួរម្ខាង និងខាងស្រីអង្គុយជាជួរម្ខាងទៀត និងគូរៀបការទាំងអស់ត្រូវធ្វើការប្ដេជ្ញាថា «យកគ្នាជាប្ដីប្រពន្ធអស់មួយជីវិត ដើម្បីការពារបក្សរបស់យើង ប្ដេជ្ញាៗ!»។

នៅឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយផ្ដួលរលំរបបខ្មែរក្រហម និងរំដោះប្រទេសកម្ពុជា និងសង្គ្រោះប្រជាជន។ ខ្មែរក្រហមបានជម្លៀសខ្ញុំ និងប្រជាជនផ្សេងទៀតទៅជាមួយខ្លួន។ ប៉ុន្តែខ្ញុំនិងគ្រួសារ បានលួចរត់ចេញពីភូមិញើនដោយថ្មើរជើងរហូតដល់បុរីអូរស្វាយវិញ។ ដោយសារតែមានការភិតភ័យពីសុវត្ថិភាព ខ្ញុំ និងប្ដីនាំកូនទៅឆ្លងទន្លេមេគង្គទៅដល់ភូមិព្រះរំកិល និងបន្តទៅស្រុកឆែក ខេត្តព្រះវិហារ។ យើងក៏បានឡើងភ្នំដងផ្លិត។ បន្ទាប់ពីស្នាក់នៅលើភ្នំផ្លិត បានប្រហែល៤ថ្ងៃយើងបានឃើញឡានកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិ និងកងទ័ពវៀតណាម ជាច្រើនមកដល់ជើងភ្នំ និងបានស្រែកប្រកាស់ខ្លាំងៗថា៖ «បងប្អូន យើងរួចផុតអស់ហើយ! សូមបងប្អូនវិលត្រឡប់ទៅភូមិស្រុករបស់បងប្អូនវិញចុះ!» ខ្ញុំ និងគ្រួសារបាននាំគ្នាចុះពីភ្នំ និងទៅទៅរស់នៅគុជចំបក ដោយបានប្រកបរបរធ្វើស្រែចំការអស់រយៈពេលមួយឆ្នាំ ទើបសម្រេចចិត្តវិលត្រឡប់មករស់នៅបុរីអូរស្វាយវិញ និងបន្តរស់នៅរហូតដល់ពេលបច្ចុប្បន្ននេះ។ ខ្ញុំបានដឹងហើយថាមេដឹកនាំខ្មែរក្រហមត្រូវបាននាំមកកាត់ទោសចំពោះឧក្រិតកម្មដែលបានកើតឡើងនៅចន្លោះឆ្នាំ១៩៧៥-១៩៧៩។ ចំពោះបញ្ហាសុខភាពវិញ ខ្ញុំមានជំងឺប្រចាំកាយ ដូចជាក្រពះពោះវៀន ងងឹតភ្នែក និងឈឺសន្លាក់។


Oral History Project – Listen to a story of Khmer Rouge Survivors
July 17, 2025
Photo by Sreng Lyda
Documentation Center of Cambodia Archives

Full report